ព្រះរាមតាមអង្វរនាងសីតា វគ្គ១
ថ្ងៃសៅរ៍ ទី17.វិច្ឆិកា 2018.ម៉ោង 8:27

    នៅចុង​ខ្សែ​ទី​៨០ នៃ​រឿង​រាម​កេរ្ដិ៍​ នាង​សីតា​មាន​ទំនាស់ផ្លូវ​ចិត្ដ​យ៉ាង​​ខ្លាំង​ជា​មួយ​ព្រះ​រាម​ ព្រោះ​ព្រះ​អង្គ​បាន​ចូលកោដ្ឋ​បញ្ឆោត​នាង​។ ធីតា​បានរត់​ទៅ​ឋាន​បាតាល​ ក្រោមការ​ទំនុក​បំរុង​របស់​ស្ដេច​ភុជង្គ​នាគ​។ តាំង​ពី​នោះ​រៀង​រហូត​មក នាង​ក៏​រស់​នៅ​បែក​ពី​ព្រះ​រាម​រហូត​... ប៉ុន្ដែ​បើ​មាន​ខ្សែ​ទី​៨១ បន្ដ​រឿង​ទៅ​ទៀត​នោះ​ខ្ញុំ​សែន​ចង់​ឃើញ​គូ​អភ័ព្វ​ស្នេហ៍ទាំង​ពីរ ជួប​គ្នាវិញ​ណាស់​។

    ចំណង់​ធំ​ធេង​ជាប់​ជា​ជំនក់​ចិត្ដ​ដ៏​វិល​វល់​នេះ នាំ​អោយ​ខ្ញុំ​ស្រ​មៃ​ឃើញ​នាង​សីតា​ និង​ ព្រះ​រាម​ មក​ជួប​គ្នា​ស្ងាត់​ៗ​តែ​ពីរ​នាក់​ បន្ទាប់​ពី​ពេល​ដែល​នាង​បាន​ចាក​ចេញ​ពី​ឋាន​ភុ​ជង្គ​នាគ មកនៅ​ជា​មួយ​លោក​តា​ក្នុង​ព្រៃ​វិញ​ ព្រោះ​នាង​មិន​​អាច​រស់​នៅ​ឋាន​នាគ​ត​ទៅ​ទៀត​បាន​ ដោយ​ពួក​នាគ​បាន​ចាញ់​បារមី​នាង​ ហើយ​ស្លាប់រ​ង្គំរង្គាល​​។

*****************
*****

    ព្រះ​រាម​សែន​តក់​ក្រហល់​ចិត្ដ​ ងើប​ពី​ទីអង្គុយ​ ស្ទុះ​មក​ចាប់​ដៃ​នាង​សីតា​ទាំង​ពីរ​។ នាង​គ្រលៀស​ដៃ​ចេញ​យ៉ាង​រហ័ស​។ ព្រះ​រាម​ក៏​លែង​ហត្ថ​ស្រស់​ស្រី​ទៅ​វិញ​ព្រម​ទាំង​វាចា​ថា៖
   - បង​ក៏​ចាំ​ការ​ចោទ​កន្លែង​នេះ​ពី​អូន​ដែរ​ ព្រោះ​នរ​ណា​ដែល​ដឹង​រឿង​យើង​ គេ​ក៏​ចោទ​បង​បែប​នេះ​ដូច​អូន​អញ្ចឹង​។ សីតា​មាស​បង​ ពេលនេះ​បង​មិន​ចង់​និយាយ​វែង​ឆ្ងាយអ្វី​​ទេ​ ព្រោះ​នាំ​អោយ​អូន​យល់​ថា បង​ចេះ​តែ​ខំ​ដោះ​ស្រាយ​។ បងគ្រាន់តែ​ចង់​រំលឹក​ពី​ចិត្ដ​ស្នេហ៍​ ដែល​បង​មាន​ចំពោះ​អូន​ប៉ុណ្ណោះ​។ សីតា​ព្រលឹង​បង​ អូន​នឹកឃើញ​ទេ​ គ្រា​ដែលយើង​នៅ​ជួប​ជុំ​គ្នា​ យើង​ប្រលែង​គ្នា​លេង​តាមព្រឹក្សា​... បង​បាន​បេះ​ «ផ្កា​ត្រ​បែក​ព្រៃ​ពណ៌​ស្វាយ» មកសៀត​កេសា​អូន ... យើង​ប្រដេញ​គ្នា​លេង​តាម​គុម្ពោត​ព្រៃ​នេះ​ ក៏​ស្រាប់​តែ​អូន​ឃើញ​ប្រើស ហើយ​ប្រាប់​បង​អោយ​បាញ់​ជូន​អូន​។ ដោយ​ស្រលាញ់​សីតា​ពេក​ ទោះ​បី​បង​ដឹង​ជាមុន​ថា​ប្រើស​នេះជាយក្ស​កាល៉ា​ខ្លួន​ក៏​ដោយ​ ក៏​បង​នៅ​តែ​តាម​បាញ់​វា​ដើម្បី​ផ្គាប់​ចិត្ដ​អូន​ដែរ​ តើ​នេះ​មិន​គឺ​ជា​ការ​បង្ហាញ​ចិត្ដ​ស្នេហ៍​វិសាល​ចំពោះ​អូន​ទេ​រឺអី? កាល​នោះ​អូន​បាន​រិត​រួប​អោប​បង​ ហើយ​ខ្សឹប​ប្រាប់​បង​ថា អូន​ស្រសាញ់​បង.. ស្រលាញ់​បង អិត​ព្រំដែន... បង​នៅ​ចាំ​សំដី​អូន​ ចាំ​ពុំ​ភ្លេច​នូវ​មង្គល​ស្នេហ៍ ដែល​យើង​បាន​សាង​រួម​គ្នា​។ អីលូវ​ ម៉េច​ក៏​អូន​ដាច់​ចិត្ដ​ម៉្លេះ​? អូន​ភ្លេច​ពាក្យ​ទាំង​អស់​ហើយ​រឺ​?

    នា​រាត្រី​ពេញបូណ៌មី​ បង​អង្គុយ​សំលឹង​ច័ន្ទថ្លា​ ឃើញ​ហាក់​ដូច​ជា​វង់​ភក្ដ្រ​សីតា​។ បងនិយាយ​រក​ច័ន្ទ​ ហើយ​បបូរ​មាត់​ញញឹម​របស់​អូន​ក៏​ឆ្លើយ​តប​មក​បង​វិញ​ ប្រកប​ដោយ​សោ​ភ័ណ​។ ភ្នែក​ធំ​ខ្មៅ​សើម​ទឹក​ដម​ទាំង​គូ​របស់​​អូន​ សំលឹងមក​បង​ដោយ​ស្នេហ៍វិសិដ្ឋ​ ដូច​ក្នុង​អតី​តកាល​។ បង​ស្រមៃ​ហាក់​ដូច​នៅ​ថ្មីៗ ពេល​សី​តា​អង្អែល​ទ្រូង​បង​នៅ​លើ​សយនា​ រួចហត្ថ​ទាំង​គូ​ មក​ក្រសោប​កាយ​បង​យ៉ាង​រំភើប​ញាប់ញ័រ​។ បង​សែន​ «ស្រណោះ​ក្លិន​ស្រី​» ស្រណោះ​ «សំដី​ស្រ​ទន់​ពីរោះ​» ពុំ​អាច​ភ្លេច​បាន​លើយ​។ នៅ​មុខ​ដំណាក់​បង បង​បាន​បង្គាប់​អោយ​អូន​ថែ​សួន​ ដាំ​ដើម​ត្របែក​ព្រៃ​ពេញ​ឧទ្យាន​ ជា​កិច្ច​ឧទ្ទិស​ដល់​អូន​។ រាល់​រដូវ​ផ្កា​រីក​ បង​សំលឹង​មើល​ផ្កា​ពណ៌​ស្វាយ​ដោយ​ភ្នែក​កករ​ល្អក់​ និង ដោយ​វិប្បដិសារី​។ ដើម្បី​ជា​អនុស្សាវ​រីយ៍​ ដល់​អតីត​កាល​ដ៏​សោក​សៅ​នេះ បង​បាន​តែង​កំណាព្យ​តូច​មួយ​រលឹក​សីតា​ និង ផ្កា ដែល​បង​នៅ​ចាំ​ហូរ​ក្នុង​បេះ​ដូង រហូត​មក​ដល់​ថ្ងៃ​នេះ​៖

ឱ ផ្កាអើយផ្កា អ្នក​ពណ៌ស្វាយ ស្លូតមិនឆើត​ឆាយ​ គួរ​ចាប់ចិត្ដ
ស្រទន់​រមទម្យ​ អោយ​អាណិត ខ្ញុំ​អើយ​ ខ្ញុំពិតញាប់ញ័រ​ប្រាណ​។
អ្នកមានឈ្មោះថា ត្របែក​ព្រៃ ឃើញមិនគួរ​ភ័យ​ គួររាប់អាន​
ផ្ការី​ក អោយ​ខ្ញុំ​នឹកកល្យាណ មិនគួរ​ផ្កាមាន​ន័យ​ក្រៀម​ក្រំ។

    កំណាព្យ​មួយទៀត​ដែលទឹក​ភ្នែក​បង​ចេះ​តែស្រក់ចុះ​មក​អែង​ៗ ពេល​បង​នឹក​ដល់​ បង​កត់​ក្នុង​ចិត្ដ​ទុក​ជា​អនុស្សាវរីយ៍​គាប់ប្រសើរ​ចុង​ក្រោយ​​បង្អស់​ គ្រា​អូន​ព្រាត់​ចេញ​ពី​បង​ទៅ៖

ទឹក​ភ្នែកម្ដេច​ហូរ​ ពេល​មើល​ផ្កា​? ចិត្ដ​ខ្ញុំយ៉ាង​ណា​ ខ្ញុំ​លែង​យល់
ទ្រូង​តឹង​ក្រៀម​ក្រំ​ ចិត្ដ​ខ្វាយ​ខ្វល់ សង្ឃឹម​ឈោង​ដល់​ ប្រែជាអត់ ។
ពណ៌ស្វាយមាន​ន័យ ឥតសង្ឃឹម ជីវិតលិចស្រឹម ជួបតែខ្សត់
ស្រលាញ់ពណ៌ស្វាយ ពណ៌កំសត់ ស្របរឿងជូរចត់ ព្រាត់សីតា។

    សីតាមាស​បង​ បង​ស្រលាញ់​អូន​ខ្លាំង​ពេក​ហើយ​ អូន​មិន​ឃើញ​ មិន​ដឹង​ មិនយល់​ទេ​រឺ​អី​? រឺ មួយ​ក៏អូនចង់​អោយ​បង​ហែក​ទ្រូង​ដូច​ហនុមាន​ ដើម្បី​សំដែងក្ដី​​ស្នេហ៍​ស្មោះ​ជូនអូន? រឺ មួយ​អូន​ចង់​អោយ​បង​ដើរ​លុយ​ភ្លើង​ ជា​សំនង​ចិត្ដ​អូនវិញ​? ប្រាប់​បង​មក​ បង​សុខ​ចិត្ដ​ធ្វើ​ទាំង​អស់​ជូន​អូន​។

   - បាន​ហើយ​ បានហើយ​ មិន​បាច់​ព្រះ​អង្គ​ហែក​ទ្រូង​ រឺ ដើរ​លុយ​ភ្លើង​ទេ។ ព្រះ​អង្គ​អាង​រិទ្ធ​ ចេះ​តែ​ចេញ​វា​ចា​ ទោះ​ព្រះ​អង្គ​ហែក​ទ្រូង​ក្ដី​ លុយ​ភ្លើង​ក្ដី​ មច្ចុរាជ​នៅ​តែ​ប្រណី​បង​ជានិច្ច​។ នាង​សីតា​តប​វិញ​ តសំដី​ព្រះ​រាម​ ហើយ​សំលឹង ​ព្រះ​អង្គ​ចំព្រះ​ភក្ដ្រ​។
   - អញ្ចឹង​អូនចង់​អោយ​មច្ចុ​រាជ​ផ្ដាច់​ជីវិត​បង​ រឺ យ៉ាង​ម៉េច​? សីតា​អូន​ទោះ​ជា​រឿង​អោយ​អូន​លុយ​ភ្លើង​ក្ដី​ រឺ រឿង​អោយ​យក​អូនទៅ​ពិឃាត​ក្ដី ក៏​សុទ្ធ​តែ​កើត​ឡើង​ដោយ​បុព្វ​ហេតុ​ធំមួយ​គត់​ គឺ​ចិត្ដ​ស្រលាញ់​អូន​ខ្លាំង​ពេក​ប៉ុននោះ​។ពេល​អូន​ដើរ​កាត់​ភ្លើង​ បង​បារម្ភ​ បង​ភ័យ​ខ្លាច​ភ្លើង​ឆេះ​រូប​អូន ប៉ុនតែ​បង​ចេះ​តែ​នឹក​​មមៃ​ថា​ អូន​ជាប់​ចិត្ដ​នឹង​រាពណ៍។បង​ស្មាន​អិត​ត្រិះ​រិះ​បែប​នេះ​ ខុស​មែន​ហើយ​ តែ​សូម​អូន​ពិចារ​ណា​ រក​ហេតុ​ផល​ដែល​នាំ​អោយ​បង​ប្រច័ណ្ឌ​មើល​ មិន​គឺ​មក​ពី​សេចក្ដី​ស្នេហា​ខ្លាំង​ក្លា​ពេក​ចំពោះ​អូន​ទេ​រឺ​អី​?
   - ចុះរឿង​សំលាប់​ខ្ញុំ​ម្ចាស់​ បើ​លក្សណ៍​សំលាប់បាន​មែន​ ខ្ញុំ​ម្ចាស់​មិន​ក្ស័យ​ទៅ​ហើយ​?
   -- រឿងនោះ​ វា​ទាក់​ទង​ នឹង ​ចិត្ដ​សាស្ដ្រ​ណ៎ា​អូន​៖ កាល​បង​ច្បាំង​នឹង​ក្រុង​រាពណ៍​ បង​ធ្លាប់​សង្ស័យ​រួច​ម្ដង​ហើយ​ ថា​អូន​ប្រ​ហែល​មាន​ចិត្ដ​ស្រលាញ់​រាពណ៍​។ ព្រោះហេតុ​នោះហើយ​ បាន​ជាបង​អោយ​អូន​ដើរ​លុយ​ភ្លើង​។ ក្រោយ​ពី​នោះ​មក​ បង​ជឿថា​ អូន​ស្មោះ​ នឹង បង​ហើយ។ ប៉ុន​តែ​មិន​ដឹង​ជា​ចង្រៃ​អី​ បង​នៅ​តែ​នឹក​ទៀត​ថា​ យ៉ាង​ហោច​ណាស់​ អូន​ក៏​ប្រហែល​មាន​ជាប់​កូន​ចិត្ដ​អី​បន្ដិច​ នឹង រាពណ៍​ដែរ​ ព្រោះ​អូន​ធ្លាប់​នៅ​ជិត​វា​យូរ​ឆ្នាំ ហើយ​វា​ក៏​ថ្នម​ចិត្ដ​អូន​ណាស់​ដែរ​។ ដល់​ពេល​បង​ឃើញ​អូន​គូរ​រូប​វា ហើយ​ដូច​វា​បេះ​បិទ​នោះ​ ក៏​នាំអោយ​បង​នឹក​ថា​ អូន​ពិត​ជា​ស្រលាញ់​វា។ ព្រោះ​អូន​គូរ​រូប​វាដូច​ ក៏​ដោយ​សារ​តែ​អូន​ធ្លាប់​សង្កេត​មើល​មុខ​វា​ដែរ។ ហើយបើ​ធ្លាប់​មើល​មុខ​វា​ ក៏មិន​មែន​មក​ពី​ស្អប់​វា​ទាំង​ស្រុង​ឡើយ​។ ព្រោះ​ថា​បើ​អូន​ស្អប់វា​ពិត​ អូន​ប្រហែល​មិន​ខ្ចី​មើល​មុខ​វា​ទេ​ ដូច​ពាក្យ​គេ​ថា ​«ស្អប់​មិន​ខ្ចី​មើល​មុខ»។ ដោយ​គំនិត​ប្រច័ណ្ឌ​ងងឹត​ងងល់​បែប​នេះ​ហើយ​ បាន​ជាបង​បញ្ជា​អោយ​លក្សណ៍​ធ្វើ​បាប​អូន​ដូចនោះ​។ រឿង​នេះ​ទៀត​សោត​ ប្រ​សិន​បើ​អូន​មិន​ថ្លៃ​ពេក​សំរាប់​បង​ទេ​ បង​ក៏​មិន​ឈឺ​ឆ្អាល​អី​ដែរ​។ ប៉ុនតែ​ នេះ​គឺ​ការ​សង្ឃឹម​ខក​។ សង្ឃឹម​ថា សីតា​ស្មោះ​នឹង​បង ស្រាប់​តែអូន​គូរ​រូប​វា​។ អីល៉ូវ​ បងសុំ​អោយ​អូន​អត់​ទោស​អោយ​បង បង​ទទួល​ខ្លួន​ខុស​ហើយ។

បន្ដវគ្គ២