វគ្គទី១៧
ខ្ញុំ​មានទោស​
ថ្ងៃសៅរ៍ ទី17.មេសា 2021.ម៉ោង 11:55

    ចំណែក​ខាង​រឿង​ប្រពន្ធកូន​របស់​ខ្ញុំ​នោះ​ បង​ប្រុស​ខ្ញុំ​បាន​និយាយ​ប្រាប់​ខ្ញុំ​ថា លោក​ពុំ​ដែល​បានទទួល​ដំណឹង​អ្វី​សោះ​ឡើយ​។ ខ្ញុំ​ជំរាប​បង​ខ្ញុំ​ថា​ ជា​ការ​ចាំ​បាច់​ណាស់​​ ដែល​ខ្ញុំ​ត្រូវ​ទៅ​រក​។ ប៉ុន្ដែ​ខ្ញុំ​បាន​សន្យា​ជា​មួយ​បង​ខ្ញុំ​ថា​ ខ្ញុំ​ នឹង​ពុំ​បង្ហាញ​ខ្លួន​ឲ្យ​អ្នក​ណា​ឃើញ​ ឬ​ ដឹង​ថា​ ខ្ញុំ​នៅ​មាន​ជីវិត​រស់​នៅ​ឡើយ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​សើរើ​​ដល់​រឿង​ឃាដ​កម្ម​ កាល​ពី​បី​ឆ្នាំ​កន្លង​មក​ហើយ​នោះ​ សាជាថ្មី​ឡើង​ទៀត​ទេ​ ព្រោះ​រឿង​ឃាដ​កម្ម​មាន​អាយុ​ដល់​ទៅ​ម្ភៃ​(២០) ឆ្នាំ​​ទើប​រលត់​។ ខ្ញុំ​បាន​ជំរាប​បញ្ជាក់​ថា​ សូម​ឲ្យលោក​ជឿ​ខ្ញុំ​ចុះ​ ក្នុង​ការ​ដែល​ខ្ញុំ​ត្រូវ​តាម​ទៅ​រក​ប្រពន្ធ​ កូន​វិញ​នោះ​ ខ្ញុំ​ នឹង​ ត្រូវ​ធ្វើ​ដោយ​ការប្រយ័ត្ន​ប្រយែង​ជា​ទីបំផុត​ ដើម្បី​កុំ​ឲ្យ​មាន​ការ​សើរើ​រឿង​ចាស់​ឡើង​វិញ​។

    លុះ​បានទទួល​ នូវ សេច​ក្ដី​អនុញ្ញាត​ពី​បង​ប្រុស​ខ្ញុំ​រួច​ហើយ​ ខ្ញុំ​ក៏​បាន​ធ្វើ​ដំណើរ​ចេញ​ទៅ​ប្រទេស​សៀម​ម្ដង​ទៀត​ ហើយ​ទីបំផុត​ខ្ញុំ​ក៏​បាន​ទៅ​ដល់​ទីក្រុង​បាង​កក​។

    រឿង​ដែល​ខ្ញុំ​ត្រូវ​បិទ​បាំង​ពុំ​ឲ្យ​អ្នក​ណា​ដឹង​ថា​ ខ្ញុំ​នៅ​មាន​ជីវិត​រស់​នៅ​ឡើយ​នោះ​ ជា​ការ​សំខាន់​ និង ចាំ​បាច់​បំផុត​សំរាប់​រូប​ខ្ញុំ​ ព្រោះ​ប្រសិន​បើ​ខ្ញុំ​សំដែង​ខ្លួន​ឲ្យ​គេ​ឃើញ​ គេ​ក៏​អាច​ដឹង​ភ្លាម​ថា ខ្មោច​ដែល​ត្រូវ​ភ្លើង​ឆេះ​រោល​ស្លាប់​នៅ​ក្នុង​រថ​យន្ដ​នោះ​ ពុំ​មែន​ជា​រូប​ខ្ញុំ​ឡើយ​ ហើយ​រឿង​រ៉ាវ​នោះ​ នឹង​ ចូលទៅ​ក្នុង​ឃាដ​កម្ម​ ព្រោះ​ហេតុ​ការណ៍​បែប​នេះ​ ពុំ​មែន​ជា​រឿង​រ៉ាវ​ថ្មី​ដែល​ទើប​មាន​ម្ដង​ពីរ​ដង​ឡើយ​។ រឿង​រ៉ាវ​របៀប​នេះ​ ធ្លាប់​មាន​រឿង​ពិត​នៅ​អឺរ៉ុប​រួច​មក​ហើយ​។ រឿង​ពិត​នោះ​គឺ​មាន​បុរស​ម្នាក់​ បានទៅធានា​ជី​វិត​ខ្លួន​ទុក​ក្នុង​ក្រុម​ហ៊ុន​មួយ​ជា​ប្រាក់​ដ៏​ច្រើន​។ បុរស​នោះ​បាន​ប្រើ​កល​ឧបាយ​ បើក​រថ​យន្ដ​របស់​គេ​ទៅ​បុក​មនុស្ស​ស្លាប់​ ហើយ​ក៏​លើ​ខ្មោច​នោះ​ដាក់​លើ​រថ​យន្ដ​របស់​គេ​ រួច​ហើយ​ក៏​ក្លែង​ធ្វើ​ជា​បើក​រថ​យន្ដ​នោះ​ទៅ​បុក​គល់​ឈើ​។ ត​ពី​នោះ​ ក៏​គូស​ឈើ​គូស​ដុត​រថ​យន្ដ​នោះ​ចោល​ ដើម្បី​ឲ្យ​ភ្លើង​ឆេះ​​ទាំង​រថ​យន្ដ​ ទាំង​មនុស្ស​។ ឯរូប​គេ​ក៏​គេច​ខ្លួន​បាត់​ទៅ​ ដោយ​ទុក​ឲ្យ​ប្រពន្ធ​ទៅ​បើក​យក​ប្រាក់​សំណង​ពី​ក្រុម​ហ៊ុន​ធានា​ជីវិត​។ លុះ​បើក​ប្រាក់​បាន​ហើយ​ នាង​ជាប្រពន្ធ​នោះ​ ក៏​ធ្វើ​ដំណើរ​ទៅ​ជួប​ នឹង ​ប្ដី​នៅ​ត្រង់​កន្លែង​ណា​មួយ​ដែល​គេ​បាន​សន្យា​ នឹង គ្នា​ ដើម្បី​នាំ​គ្នា​រត់​ទៅ​នៅ​ឯបរ​ទេស​ ដោយ​ជឿ​​ជាក់​ថា​ប្រាក់​ដែល​ក្រុម​ហ៊ុន​ធានាជី​វិត​សង​មកនោះ​ មាន​ចំនួន​ច្រើន​ល្មម​ចិញ្ចឹម​ជីវិត​បាន​ ស្រួលនៅ​បរទេស​ តែ​ទី​បំផុត​គេ​ក៏​ចាប់​បាន​។ វិធី​ការ​ដែល​បង​ប្រុស​ខ្ញុំ​បានធ្វើ​នោះ ​មើល​ទៅ​ក៏​ប្រហែល​ជា​ចម្លង​​យកបែប​រឿង​នោះ​មក​ប្រើ​ ព្រោះ​មាន​សភាព​ដូច​គ្នា​បេះ​បិទ​។ ខ្ញុំ​បាន​ធានា​ជី​វិត​ទុក​បី​សែន​បាទ។ ឥឡូវ​នាង យ៉ូរ៉េត​ ប្រហែល​ជា​ទៅ​បើក​យក​ប្រាក់​នោះ​រួច​ទៅ​ហើយ​។ ប្រសិន​បើ​ការ​នេះ​លេច​​លឺ​ឡើង​ថា​ ខ្ញុំ​នៅ​មានជីវិត​នៅ​ឡើយ​ទេ​នោះ​ មនុស្ស​ទី​មួយ​ដែល​ប៉ូ​​លិស​ត្រូវ​ចាប់​ គឺ​រូប​ខ្ញុំ​ហ្នឹង​ឯង​ ព្រោះ​ខ្ញុំ​មុខ​ជា​ពុំ​ហ៊ាន​ឆ្លើយ​ដាក់​បង​ប្រុស​ខ្ញុំ​ឡើយ​ ហើយ​ខ្ញុំ​ក៏​ត្រូវ​ជាប់​ទោស​។ ដូច្នេះ​ការ​ធ្វើ​ដំណើរ​ក្ដី​ ការសំណាក់​នៅ​ក្រុង​បាង​កក​ក្ដី​ ខ្ញុំ​ត្រូវ​តែ​ធ្វើ​យ៉ាង​លាក់​លៀម​ជា​ទី​បំផុត​។

    ឯ​រឿង​ឆ្លង​ដែន​ពុំ​ជា​អ្វី​ទេ ព្រោះ​ខ្ញុំ​ធ្លាប់បាន​ដឹង​ដល់​កិច្ចការ​ នៃ​ ស្ថាន​ទូត​យ៉ាង​ច្បាស់​លាស់​ណាស់​ ដោយ​ខ្ញុំ​ធ្លាប់​បាន​ហែល​ម្ដង​រួច​មក​ហើយ​។ ដូច្នេះ​ខ្ញុំ​នៅ​មាន​ការ​សំខាន់​តែ​ម្យ៉ាង​ គឺត្រូវ​សម្ងំ​ខ្លួន​ពួន​អាត្មា​នៅ​ក្នុង​ទី​ស្ងាត់​ ដើម្បី​កុំ​ឲ្យ​ចួប​ នឹង មនុស្ស​ដែល​ធ្លាប់​ស្គាល់​គ្នា​។

    ខ្ញុំ​បាន​លប​ទៅ​មើល​ផ្ទះ​ ដែល​ខ្ញុំ​ធ្លាប់​នៅ​រួម​រស់​ជាមួយ​នាង​យូរ៉េត​។ ខ្ញុំ​គិត​ថា​ ខ្ញុំ​ពុំ​គួរ​ នឹង​ ចូល​ទៅបង្ហាញ​ខ្លួន​ឲ្យ​នាង​ យូរ៉េត​ឃើញ​ភ្លាម​ៗ​ទេ​ ព្រោះ​ប្រសិន​បើ​ខ្ញុំ​ធ្វើ​ដូច្នោះ​ទៅ​ នាងមុខ​ជា​ភ័យ​ភិត​ ហើយ​ទំរាំ​និយាយ​គ្នា​ស្ដាប់​បាន​ នោះ​ក៏​មុខ​ជា​លេច​​លឺ​ ដល់​អ្នក​ដទៃ​ជា​ពុំ​ខាន​។ ខ្ញុំ​គិត​ថា​ ខ្ញុំ​គួរ​ចូល​ទៅ​ចួប​នាង​នៅ​ពេល​ស្ងាត់​ ដែល​គ្មាន​អ្នក​ណា​នៅ​ជាមួយ​នាង​ ឬ ក៏​ពេល​ដែល​អ្នក​បំរើ​ដែក​លក់​។

    ដោយ​ហេតុ​ថា​ ខ្ញុំ​មាន​ការចាំបាច់​ត្រូវ​លាក់​ខ្លួន​ពួន​អាត្មា​នៅ​ក្នុង​បន្ទប់​សណ្ឋា​គារ​ ដ៏​តូច​​ក្នុង​ពេល​ថ្ងៃ​នោះ​ ខ្ញុំត្រូវ​ទៅ​លប​មើល​នាង​ យូរ៉េត​ តែក្នុង​ពេល​យប់​ៗ​។

    ខ្ញុំ​បានពួន​នៅ​ទី​កំបាំង​លប​មើល​នាង​ពី​ខាង​ក្រៅ​។ ខ្ញុំ​បានឃើញ​នាង​ យូរ៉េត​ ដែល​ខ្ញុំនៅ​ចាំ​ច្បាស់​ ឃើញ​ស្រី​ចំណាស់​ម្នាក់​ ដែល​ខ្ញុំពុំ​ធ្លាប់​ស្គាល់​ ប្រហែល​ជា​ស្រី​បំរើ​ដែល​ទើបមក​នៅ​ថ្មី​។ ខ្ញុំពុំ​អាច​ចូល​ទៅចួប​នាង​ ក្នុង​ផ្ទះ​នៅ​​ពេល​នេះ​បាន​ឡើយ​ ព្រោះ​ក្រែង​នាង​ភ័យ​ភិត​ហើយ​ស្រែក​ឡូ​ឡា​ឡើង​។ ខ្ញុំ​គិត​ថា​ គួរ​ទៅ​រក​កន្លែង​ណា​សរសរ​សំបុត្រ​សិន​ តែ​ចិត្ដ​មួយ​ទៀត​គិត​ថា​ គួរ​ចាំ​លប​មើល​បន្ដិច​ទៀត​សិន ព្រោះ​ខ្ញុំ​ដូច​ជា​នឹក​នាង​ និង កូន​យ៉ាង​ខ្លាំង​។

    មួយ​សន្ទុះ​ក្រោយ​មក​ខ្ញុំ​ឃើញ​នាង​បិទទ្វារ​ផ្ទះ​ ហើយ​ដើរ​ចេញ​មក​ខាង​ក្រៅ​។ ខ្ញុំធ្លាក់​ថ្លើម​ក្ដុក​ ក្នុង​ខណ​ដែល​បានឃើញ​នូវ​ព្រឹត្ដិ​ការណ៍​ដូច្នេះ​។ ខ្ញុំ​នឹក​ឆ្ងល់​ថា នាង​យូរ៉េត​ ទៅ​ណា​ក្នុង​ពេលយប់​ស្មើ​នេះ​? ហេតុ​អ្វី​ក៏​នាង​ទៅ​តែ​ម្នាក់​ឯង​ ពុំ​យក​កូន​ទៅ​ជាមួយ​ផង? នាងយូរ៉េត​ ប្រហែល​ជាមាន​គូ​សង្សា​រថ្មី​ហើយ​ទេ​ដឹង​ ឬ មួយ​ក៏​នាង​ដើរ​រក​ស៊ី​ក្នុង​ផ្លូវ​ពុំ​ល្អ។

    ដោយ​សារ​មាន​ការ​ងឿង​ឆ្ងល់​យ៉ាង​នេះ​ ខ្ញុំ​ក៏​ចេះ​តែ​ចាំ​លប​មើល​ប្រពន្ធ​ខ្ញុំទៅ​ទៀត​ ឬ បើ​និយាយ​ម្យ៉ាង​ទៀត​ថា​ ប្រពន្ធ​ខ្មោច​ខ្ញុំ​។

    តែ​នាង​ពុំបាន​ទៅ​ណា​ទេ​។ នាង​ដើរ​ទៅ​ជ្រុង​ខាង​ជើង​ផ្ទះ​ សំដៅ​ទៅរក​រាន​ទេព្ដា​។ រាន​ទេព្ដា​នេះ​ ខ្ញុំ​បាន​ធ្វើ​ឡើង​ដោយ​ដៃ​ខ្លួន​ឯង​ កាល​ពី​ពេល​ដែល​ខ្ញុំ​ទៅ​ជា​មួយ​នាង​។ លុះ​ទៅ​ដល់​ហើយ​ នាង​ដុត​ទៀន​ធូប​ដោត​លើ​រាន​ទេព្ដា​នោះ​ហើយ​លុត​ជង្គង់​លើក​ដៃ​ប្រណម្យ​ ហើយ​សូត្រ​ធម៌​ ឬ ក៏​ថា​អ្វី​ដែល​ខ្ញុំ​លឺ​រអ៊ូៗ​ តែ​ស្ដាប់​ពុំ​ច្បាស់​។ ពេល​នោះ​ខ្ញុំ​យល់​ដល់​កិច្ច​វត្ដ​ នៃ ប្រពន្ធ​សំឡាញ់​របស់​ខ្ញុំ​ថា នាង​មក​សូត្រ​ធម៌​បួង​សួង​ចំពោះ​គុណ​ទេព្ដា​ និង គុណ​បុណ្យ​ព្រះ​រតន​ត្រ័យ​ ដើម្បី​គោល​បំណង​អ្វី​មួយ​។ លុះ​ពិនិត្យ​ឃើញ​ថា​ ជា​ឱកាស​ល្អ​ ដោយ​គ្មាន​អ្នក​ណា​នៅ​ជិត​ ខ្ញុំ​ក៏​ដើរ​ចូលទៅ​រក​នាង​។ នាង​បែរ​មុខ​មក​មើល​ខ្ញុំ​ ក្នុង​ខណ​ដែល​បាន​លឺ​ស្នូរ​ជើង​របស់​ខ្ញុំ​ចូលទៅ​ទៅ​ជិត​។

   - យូរ៉េត​អូន! (ខ្ញុំ​ហៅ​ឈ្មោះ​នាង​តិច​ៗ​ ដើម្បី​កុំ​ឲ្យ​នាង​ខ្លាច​ ឬ ភ័យភិត​ ហើយ​ស្រែក​ឡូ​ឡា​ឡើង​) យូរ៉េត​! បង​មក​វិញ​ហើយ​ បង​ពុំ​ទាន់​ស្លាប់​ទេ​ ឥឡូវ​បង​ត្រឡប់​មក​រក​ យូរ៉េត​វិញ​ហើយ​។
    ពេល​នោះ​ជា​គ្រោះ​ល្អ​របស់​ខ្ញុំ​ នាង​យូរ៉េត​គ្រាន់​តែ​ ស្រឡាំង​កាំង​ ពុំ​បានស្រែក​ឡូឡា​ឡើង​ឡើយ​... នាង​ញ័រ​រន្ធត់​អស់​ទាំង​ខ្លួន​ប្រាណ​ តែ​ឥត​និយាយ​ស្ដី​ថា​អ្វី​...
   - បងទេតើ​ យូរ៉េត​ (ខ្ញុំ​ប្រញាប់​និយាយ​ត​ទៅ​ទៀត​) បង​ពុំ​មែន​ជា​ខ្មោច​បិសាច​អី​ទេ បង​ជា​ប្ដី​របស់​យូរ៉េត​ ឯមនុស្ស​ដែល​ស្លាប់​នៅ​ក្នុង​ឡាន​នោះ​ ពុំ​មែន​រូប​បង​ទេ​ យូរ៉េត​ កុំ​ខ្លាច​ កុំ​ភិត​ភ័យ​អី​ ចាំង​បង​និយាយ​រឿង​រ៉ាវ​ឲ្យ​ យូរ៉េត​ស្ដាប់​។
   - បង ! (នាង​ យូរ៉េត​ និយាយ​ដោយ​សំលេង​ញ័រ​ៗ ព្រោះ​រំភើប​ចិត្ដ​) បង​ទេ​ឬ?​
   - ហ្នឹង​ហើយ​ យូរ៉េត​អូន! ប្ដី​​របស់​អូន​ដែល​ធ្លាប់​បាន​ប្ដេជ្ញា​ជា​មួយ​អូន​ថា​ នឹង​ ពុំ​ព្រម​ឲ្យ​អំណាច​អ្វី​មួយ​ក្នុង​លោក​មក​ពង្រាត់​ បង្រាស​យើង​ចេញ​ពី​​គ្នា​ ក្រៅ​ពី​សេច​ក្ដី​ស្លាប់​។
    ប្រហែល​ជា​ដោយ​សារ​ការ​ដែល​ខ្ញុំ​និយាយ​ដល់​ពាក្យ​ត្រង់​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​នាង​ យូរ៉េត​ ជឿ​ជាក់​ថា​ ជា​រូប​ខ្ញុំ​ពិត​ប្រាកដ​ ព្រោះ​អ្នក​ដទៃ​ពុំ​អាច​ដឹង​ នូវ​ ពាក្យ​ប្ដេជ្ញា​នោះ​ឡើយ​។ នៅ​ពេល​ដែល​ខ្ញុំ​បាន​ពោល​ពាក្យ​នោះ​ចប់​ នាងយូរ៉េត​ ក៏​ស្ទុះ​ចូល​មក​អោប​ខ្ញុំ​ហើយ​យំខ្សឹក​ខ្សួល​។ ក្នុង​ពេល​នោះ​ ខ្ញុំ​ក៏​ក្លាយ​ខ្លួន​ទៅ​ជា​កូន​ក្មេង​ទន់​ខ្សោយ​ ព្រោះ​ខ្ញុំ​ពុំ​អាច​ទប់​ទឹក​ភ្នែក​ ពុំឲ្យ​ស្រស់​ជា​មួយ​នាង​បាន​។
    ខ្ញុំ​អោប​នាង​ ថើប​នាង​ ដោយ​ពុំ​ចាំ​បាច់​និយាយ​អ្វី​ នឹង ​គ្នា​។ នាង​យូរ៉េត​ គ្មាន​អ្វី​ផ្លាស់​ប្ដូរ​ប្រែ​ប្រួល​ សូម្បី​តែ​ក្លិន​ក្រអូប​ដោយ​ធម្មជាតិ​របស់​នាង​ក៏​នៅ​ដូច​ដើម​ ដែល​ខ្ញុំ​នៅ​ចាំ​បាន​។ យើង​អង្គុយ​និយាយ​​គ្នា​ត្រង់កន្លែង​នោះ​ និយាយ​គ្នា​នៅ​ចំពោះ​មុខ​រាន​ទេព្ដា​ដែល​នាង​ដំកល់​ថូ​ធាតុ​ខ្មោច​​ខ្ញុំ​។
    ខ្ញុំ​បាន​និយាយ​រឿង​រ៉ាវ​ទាំង​អស់​ប្រាប់​នាង ចាប់​តាំង​ពី​កាល​ដែល​ឪ​ពុក​របស់​ខ្ញុំ​ បាន​បង្ខំ​ឲ្យ​ខ្ញុំ​ឡើង​ជិះ​យន្ដ​ហោះ​ ហើយ​ខ្ញុំ​ក៏​វិកល​ខួរ​ឆ្កួត​អស់​រយ​ពេល​បី​ឆ្នាំ​។ ខ្ញុំ​បាន​អង្វរ​ករ​នាង​ថា​ សុំ​កុំ​ឲ្យ​នាង​ខឹង​សម្បា​អ្វី​ នឹង ​ឪពុក​ក្មេក​​នាង​ ព្រោះឥឡូវ​លោក​បាន​អនិច្ច​កម្ម​ទៅ​ហើយ​។ ឯរូប​​ខ្ញុំ​វិញ​នោះ​ ខ្ញុំ​សង្ឃឹម​ថា​ នាង​យូរ៉េត​មុខ​ជា​គ្មាន​ការ​សង្ស័យ​ថា​ ខ្ញុំ​បែក​ចិត្ដ​ពី​នាង​ ឬ​ ក៏​ធ្វើ​ខុស​ពាក្យ​ប្ដេជ្ញា​ឡើយ​។
- អូន​សង្ស័យ​ខ្លះ​ដែរ​ ថា​មុខ​ជា​មាន​អាថិ​កំបាំង​អី​ម្យ៉ាង​នៅ​ក្នុង​រឿង​នេះ​ជា​ពុំ​ខាន​..
- ចុះ​មាន​ហេតុ​អ្វី​ដែល​ធ្វើ​ឲ្យ​អូន​សង្ស័យ​​ថា​អញ្ចឹង​?
   - ព្រោះ​កាល​បើ​មាន​រឿង​រ៉ាវ​កើត​ឡើង​ថា​ រូប​បង​ត្រូវ​ភ្លើង​ឆេះ​រោល​ស្លាប់​នៅ​ក្នុង​រថ​យន្ដ​នោះ​ ក្នុង​ថ្ងៃ​ជា​មួយ​គ្នា​នោះ​ ក៏​មាន​មនុស្ស​បាត់​ខ្លួន​ម្នាក់​ដែរ​ គឺ​បាត់​សូន្យ​ឈឹង​​គ្មាន​លេច​លឺ​ដំណឹង​អ្វី​សោះ​។
   - ចុះ​ពួក​តម្រួត​ដែល​ហៅ​អូន​ទៅ​សាក​សួរ​ដែរ​ឬ?
   - ច៎ាស! ធ្លាប់​ហៅ​ទៅ​សួរ​បី​ដង​ដែរ​ ក្នុង​ពេល​សាក​សួរ​នោះ​ អូន​សង្កេត​ឃើញ​ថា​ តម្រួត​សង្ស័យ​ជា​ខ្លាំង​ថា​ មនុស្ស​អ្នក​រង​គ្រោះ​ស្លាប់​នោះ​ពុំ​មែន​រូប​បង​ទេ​ គេសង្ស័យ​លើ​រូប​មនុស្ស​បាត់​ខ្លួន​នោះ​ តម្រួត​បាន​សួរ​អូន​ថា ការ​នេះ​អាច​ប្រព្រឹត្ដ​ទៅ​យ៉ាង​នោះ​បាន​ឬទេ? ថាបង​បើក​ឡាន​ទៅ​បុក​មនុស្ស​នោះ​ស្លាប់ ហើយ​លើក​ខ្មោច​នោះ​ដាក់​លើ​ឡាន​យកទៅ​ដុត​ចោល​ជា​មួយ​នឹង​ឡាន​ ដើម្បី​ធ្វើ​ឲ្យ​អូន​ជឿ​ជាក់​ថា​បង​ស្លាប់​ពិត​ប្រា​កដ​មែន​ ហើយ​បង​ក៏​រត់​ចោល​អូន​ ឬ បើ​មិន​អញ្ចឹង​ទេ​ ក៏​ជា​រឿង​ដែល​ បង​ និង អូន​ រួម​គំនិត​គ្នា​ ដើម្បី​ទៅឆបោក​យក​ប្រាក់​ពី​ក្រុម​ហ៊ុន​ធានា​ជីវិត​។​
   - ចុះ​អូន​ប្រាប់​គេ​ថា​ម៉េច​?
   - អូន​ប្រកែក​ដាច់​ខាត​ថា ពុំ​មែន​អញ្ចឹង​ទេ​ ព្រោះ​បង​ស្រឡាញ់​អូន​ណាស់​ តែតម្រួត​ក៏​ឆ្លើយ​មក​វិញ​ថា រឿង​របៀប​នេះ​ធ្លាប់​មាន​ច្រើន​មកហើយ​...​
   - ចុះ​សំរាប់​យូរ៉េត​វិញ​ តើ​អូន​យល់​យ៉ាង​ម៉េច?
   - អូនជឿ​ជាក់​ថា​ បង​ស្លាប់​ពិត​ប្រាកដ​មែន​ អូន​ពុំ​ដែល​គិត​ថា បង​រត់​ចោល​អូន​សោះ​ ប្រសិន​បើ​បង​រត់​ចោល​ បង​មុខ​ជា​ពុំ​ធ្វើ​របៀប​នេះ​ទេ។
   - ខ្ញុំ​បានប្រាប់​នាង​ យូរ៉េត​ ថា​ ខ្ញុំ​បាន​សំណាក់​នៅ​ក្នុង​សណ្ឋា​គារមួយ​ ហើយ​ខ្ញុំ​មាន​លិខិត​ឆ្លង​ដែន​ថ្មី​ ប្រែ​ឈ្មោះ​ថ្មី​។ តែ​បើ​ទុក​​ជា​យ៉ាង​នេះ​ ក៏នាង​យូរ៉េត​ នៅ​តែ​យល់​ថា​ ពុំ​អាច​រួច​ខ្លួន​បាន​ ព្រោះ​មាន​គេ​ស្គាល់​ខ្ញុំ​ច្រើន​ណាស់​។ មិន​តែ​ប៉ុណ្ណោះ​ នៅ​ពេល​កើត​ហេតុនោះ​ សារព៌តមាន​បានដាក់​រូប​ភាព​របស់​ខ្ញុំ​ផ្សាយ​ផង​។ ដូច្នេះ​យើង​ត្រូវ​តែ​ចេញ​ពី​ក្រុង​បាង​កក​យ៉ាង​រួស​រាន់​ ហើយ​ក្នុង​ចន្លោះ​ពេល​ដែល​យើង​ត្រូវ​រៀប​ចំ​ចេញ​ដំណើរ​នេះ​ ខ្ញុំ​ត្រូវ​តែ​លាក់​ខ្លួន​ពួន​អាត្មា​កុំ​ឲ្យ​អ្នក​ណា​ឃើញ​
- ចុះ​រឿង​ក្រុម​ហ៊ុន ធានា​ជីវិត​នោះ​ យ៉ាង​ម៉េច​ទៅ​? គេ​បាន​សង​ប្រាក់​ដល់អូន​ឬ​ទេ?
- សង​ហើយ​! សង​គ្រប់​តាម​ចំនួន​ដែល​បង​បានធានា​ជីវិត​ទុក​
- ចុះ​កូន​យើង​យ៉ាង​ម៉េច​ខ្លះ​អូន?
- ស្រួល​បួល​ទេ​ តែ​វា​ស្អាត​គួ​ឲ្យ​ស្រឡាញ់​ណាស់​។
- ធ្វើ​ម៉េច​បាន​ចួប​មុខ​កូន​បន្ដិច​?
- កុំ​អាល​ចួប​ធ្វើ​អី​
    ជារៀង​រាល់​រាត្រី​ ខ្ញុំ​បាន​លប​ទៅ​ចួប​នាង យូរ៉េត​ ហើយ​ពិភាក្សា​គ្នា​ពី​ការ​ដែល​យើង​ត្រូវ​រត់​ចេញ​ពី​ក្រុងបាង​កក​។ នៅ​យប់​ក្រោយ​នាង​ យូរ៉េត​ បាន​ឲ្យ​ដំណឹង​ពុំ​ល្អ​ដល់​ខ្ញុំ​ថា​ មាន​មនុស្ស​ឃើញ​នាង​ និង ខ្ញុំ​អង្គុយ​និយាយ​គ្នាង​ត្រង់​កន្លែង​នេះ​។ ពិត​ណាស់​ការ​ដែល​ខ្ញុំ​លប​ទៅចួប​ នឹង នាង​ យូរ៉េត​ រាល់​យប់​នោះ​ ក៏​ជា​ការ​ពិបាក​ នឹង ​ឆ្លង​ផុត​ពី​ការសង្កេត​របស់​អ្នក​ដទៃ​ណាស់​ តែក៏​ជា​គ្រោះ​ម្យ៉ាង​ដែរ​ ព្រោះ​អ្នក​ទាំង​នោះ​យល់​ថា​ រូប​ខ្ញុំ​នេះ​ជា​ខ្មោច​បិសាច​ ហើយ​ដំណឹង​នេះ​ក៏​បាន​លេច​លឺ​ខ្ចរ​ខ្ចាយ​ទូ​ទៅ​ជា​រឿង​ប្លែក​ពី​រឿង​ធម្មតា​។
    នាង យូរ៉េត​ បាន​យក​សារ​ព៌ត​មាន​មក​បង្ហាញ​ខ្ញុំ​ ឲ្យ​ខ្ញុំ​មើល​រឿង​រ៉ាវ​របស់​ខ្ញុំ​ ឬ បើ​និយាយ​ម្យ៉ាង​ទៀត​ថា​ រឿង​បិសាច​របស់​ខ្ញុំ​ ដែល​ក្លាយ​ទៅ​ជា​រឿង​ធំ​ដុំ​ក្នុង​ទំព័រ​កាសែត​។ នាង​យូរ៉េត​បាន​ប្រាប់​ខ្ញុំ​ថា​ ពួក​កាសែត​ចេះ​តែ​មក​រុកគួន​នាង​ ដោយ​មក​សុំ​ធ្វើ​សម្ភាសន៍ សាក​សួរ​នាង​ នាង​បាន​ឲ្យ​យោ​បល់​ថា​ រឿង​នេះ​បើ​ទ្រាំ​នៅ​យូរ​បន្ដិច​ទៅ​ទៀត​ ក្រែង​បិសាច​នោះ​វា​រលត់​ទៅ​ វាមុខ​ជា​លេច​រឿង​ដ៏​ពិត​ប្រាកដ​របស់​ខ្ញុំ​វិញ​មិន​លែង​។
    ខ្ញុំ​បាន​ព្រម​ព្រៀង​ជា​មួយ​នាង​ថា​ ខ្ញុំត្រូវ​ធ្វើ​ដំណើរ​ចេញ​ទៅ​ចាំ​នាង​ឯ​អូរ​ជ្រៅ​មុន​ ដោយ​នាង​សន្យា​ថា ​នាង​ នឹង លប​ធ្វើ​ដំណើរ​ទៅ​តាម​ក្នុង​រវាង​ពីរ​បី​ថ្ងៃ​ក្រោយ​។
    លុះ​ដល់​ពេល​កំណត់​ នាង យូរ៉េត​ បាន​នាំ​កូន​មក​តាម​ខ្ញុំ​មែន។ ក្នុង​ពេល​នោះ​ ខ្ញុំ​រក​និយាយ​អ្វី​ពុំ​រួច​ ព្រោះ​ភ័យ​ផង​អរ​ផង​។ ការ​ដែល​ខ្ញុំ​ភ័យនោះ​ ក៏​ព្រោះ​ក្រែង​មាន​គេ​ឃើញ​​គេ​ដឹង​ ឯ​ការ​ដែល​ខ្ញុំ​អរ​នោះ​ ក៏​ព្រោះ​បាន​ចួប​មុខ​កូន​សំឡាញ់​។ តែ​ក្នុង​ពេល​ចួប​នោះ​ យូរ៉ា​ កូន​ប្រុស​របស់​ខ្ញុំ​សំឡឹង​មើល​មុខ​ខ្ញុំ​ឡឹង​ឡង់​ៗ​ ដោយ​ការ​ខ្លាច​ ព្រោះ​វា​ពុំ​ដែល​ស្គាល់​​​មុខ​មាត់​ វា​ស្អាត​ដូច​ម្ដាយ​វាបេះ​បិទ​។ ម្ដាយ​វា​លើក​វា​ហុច​មក​ឲ្យ​ខ្ញុំ​ ខ្ញុំ​ទទួល​យក​មក​បី​ថើប​ ហើយ​ពេល​នោះ​ ក៏​ជា​ពេល​ ដែល​យើង​ទាំង​អស់​គ្នា​ចាប់​ប្រើ​បទ​បាត​ នៃ​ការ​សម្រក់​ទឹក​ភ្នែក​។ ខ្ញុំ​ និង​ នាង​ យូរ៉េត​ ស្រក់​ទឹក​ភ្នែក​ ក៏​ព្រោះ​នឹក​ស្រ​ណោះ​ដល់​រឿង​កំសត់​ នៃ ជីវិត​ ឯយូរ៉ា​ យំនោះ ក៏​ប្រហែល​វា​មិន​ដែល​ស្គាល់​ខ្ញុំ​ ហើយ​ខ្លាច​ខ្ញុំ​។
    ខ្ញុំ​គិត​ថា ក្នុង​ការ​ដែលខ្ញុំ​ចួប​ជុំ​ប្រពន្ធ​កូន​ក្នុង​គ្រា​នេះ​ ជា​ការបិទ​ឆាក​បញ្ចប់​ នូវ រឿង​រ៉ាវ​ដ៏​កំសត់​ក្នុង​ជីវិត​របស់​ខ្ញុំ​ហើយ​...
    ខ្ញុំ​មាន​បំណង​ត​ទៅ​អនា​គត​ តែ​ម្យ៉ាង​ គឺ សូម​ឲ្យ​ខ្ញុំ​មាន​ឱកាស ​បានធ្វើ​ដំណើរ​ការ​ នៃ ជីវិត​យ៉ាង​ស្ងប់​ស្ងាត់​ ប្រាស​ចាក​ការ​រុក​គួន​ នៃ អ្នក​ដទៃ​...
    ខ្ញុំ​បាន​នាំ​ប្រពន្ធ​កូន​កំសត់​ទៅ​នៅ​ត្រង់​កន្លែង​មួយ​ស្ងាត់​ ដែល​ខ្ញុំ​យល់​ថា​ល្មម​រួច​ខ្លួន​ពី​ការ​ដែល​មាន​គេ​ស្គាល់​... តែ​ដោយ​សារ​ការ​ដែល​ខ្ញុំ​ត្រូវ​ការ​បិទ​បាំង​អាសយដ្ឋាន​របស់​ខ្ញុំ​នោះ​ បាន​ជា​ខ្ញុំ​នៅ​ពុំ​ទាន់​ជំរាប​ឲ្យដឹង​ពិត​ប្រា​កដ​ថា​ សព្វ​ថ្ងៃ​នេះ​ខ្ញុំ​ណៅ​ឯងណា​
    ខ្ញុំ​គ្រាន់​តែ​សូម​ជំរាប​ថា ខ្ញុំ​តែង​គិត​ថា រូប​ខ្ញុំ​សព្វ​ថ្ងៃ​នេះ​ជា​​អ្នក​មាន​ទោស​ឧក្រិដ្ឋ​ តែ​ខ្ញុំ​ដូច​ជា​រក​គិត​ខ្លួន​ឯង​ពុំ​យល់​ដែរ​​ថា​ ការ​ដែល​ខ្ញុំ​មាន​ទោស​នេះ​ តើ​ខ្ញុំ​មាន​ទោស​ព្រោះ​អ្វី​? បើ​អ្នក​ដទៃ​ក្រៅ​ពី​រូប​ខ្ញុំ​ តើ​គេ​ប្រព្រឹត្ដ​ទៅ​យ៉ា​ងណា​? តើ​អាច​ចៀស​វាង​នូវ​គន្លង​ ដែល​ខ្ញុំ​បាន​ត្រេច​មក​នេះ​បាន​ឬ​ទេ​?
   -

---- ចប់ ----