ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
ចុះផ្សាយដោយ កែវ ឈុន
****************************************
រឿងខ្ញុំមានទោសព្រោះអ្វី?
ដោយ ទ្រីញ វ៉ាញ
តំណាងរាស្ដ្រ ជាសមាជិកការិយាល័យរដ្ឋសភា និង
ជារដ្ឋមន្ដ្រីក្រសួងឃោសនាការ នៅសម័យសាធារណរដ្ឋខ្មែរ
រក្សាសិទ្ធិ
ព.ស ២៥០៣ គ.ស ១៩៦០
------------------------------------------------------------------------------
វគ្គទី១៥
ទុក្ខព្រួយព្រោះព្រាត់
ថ្ងៃសៅរ៍ ទី3.មេសា 2021.ម៉ោង 14:43
សភាព នៃ ចិត្ដរបស់ខ្ញុំនៅពេលឡើងយន្ដហោះ ដូចជាពិបាកអធិប្បាយឲ្យត្រូវបាន ព្រោះមានទុក្ខកង្វល់ខ្លាំងពេក។ ខ្ញុំស្រក់ទឹកភ្នែកក្នុងកាលដែលគិតថា វិនាទីនេះ ជាវិនាទីដែលខ្ញុំត្រូវព្រាត់ប្រាសនិរាសចាកប្រពន្ធជាទីស្នេហា និង កូនសំឡាញ់ដែលទើប នឹង ចេះសើចចេះវារ។
ឪពុករបស់ខ្ញុំបាននិយាយលេងជាមួយខ្ញុំ ហាក់ដូចជាគ្មានរឿងរ៉ាវអ្វីកើតឡើង។ លោកនិយាយដល់ការធ្វើដំណើរតាមផ្លូវទឹកផ្លូវគោក និង ផ្លូវអាកាស និងការដើរលេងនៅក្រុងបាងកក ដោយបានប្រើពាក្យពេចន៍ពីរោះពិសា និង មេត្ដាករុណាចំពោះខ្ញុំ ដែលនាំឲ្យខ្ញុំយល់ថា ឪពុករបស់ខ្ញុំមានជ័យជនះលើរូបខ្ញុំហើយ។
មួយសន្ទុះក្រោយមក ហូតែស្សយន្ដហោះបាននាំយកទស្សាវដ្ដី នឹងសារព៌តមានគ្រប់យ៉ាងមកចែកអ្នកដំណើរអានកំសាន្ដ ដើម្បីរំងាប់ពេលវេលា នៃ ការធ្វើដំណើរកុំឲ្យធុញទ្រាន់ ខ្ញុំបានទទួលសារព៌តមានដែលចេញព្រឹកនេះមកអានលេង។ ខ្ញុំបានចួប នឹង ហេតុការណ៍ដ៏ចំឡែកគួរឲ្យរំភើបចិត្ដ ដែលខ្ញុំត្រូវពិនិត្យហើយពិនិត្យទៀត។
សារព៌តមាននោះ ជាសារព៌តមានចេញផ្សាយរាល់ព្រឹកនៅទីក្រុងបាងកក ជាសារព៌តមាន ដែលសម នឹង ឈ្មោះថា «អរុណបាងកក» គេដាក់ចំណងជើងធំៗថា «ដំណឹងពិសេសនៅម៉ោង ៤ទៀបភ្លឺ»។ សារព៌តមាននេះបានអួតថាគេបានដំណឹងពិសេសមួយនៅម៉ោង ៤ទៀបភ្លឺ ហើយគេក៏យកមកចុះផ្សាយក្នុងទំព័រសារព៌តមានរបស់គេនៅពេលអរុណរះ។ គេនិយាយថា ដំណឹងពិសេសនេះ គឺហេតុការណ៍ដ៏សំខាន់ដែលកើតឡើងកាលពីពេលម៉ោង ៤ភ្លឺ ហើយត្រូវប្រាកដរូបឡើងនៅក្នុងទំព័រសារព៌តមានរបស់គេ ដែលអាចធ្វើឲ្យអ្នកអានបានដឹងដំណឹងនេះនៅពេលអរុណរះ។ សភាពដែលអាចស្រូបទាញក្រសែភ្នែក និង សតិអារម្មណ៍របស់ខ្ញុំយ៉ាងខ្លាំងនោះ ក៏គឺដំណឹងអំពីមរណភាពនៃរូបខ្ញុំផ្ទាល់នុ៎ះឯង។
ខ្ញុំត្រូវឈ្លីភ្នែកក្នុងខណដែលខ្ញុំបានអានដំណឹងនេះ.. ខ្ញុំសង្ស័យខ្លួនឯងថា ក្រែងភ្នែករបស់ខ្ញុំភាន់ច្រឡំ ឬ ក៏ស្មារតីរបស់ខ្ញុំពុំប្រក្រតីទេដឹង? ព្រោះប្រសិនបើខ្ញុំនៅមានសតិសម្បជញ្ញដឹងខុសត្រូវដូចមនុស្សធម្មតានោះ ខ្ញុំក៏មុខជាពុំបានឃើញដំណឹងដូច្នេះនៅលើទំព័រសារព៌តមាន ឬ ក៏មានមនោសញ្ចេតនាដូចពេលនេះឡើយ...
ដំណឹងនេះ ពុំមែនជាដំណឹងតូចតាចទេ គឺជាដំណឹងធំដុំណាស់។ គេបានសរសេរឈ្មោះខ្ញុំធំៗ ហើយយ៉ាងត្រឹមត្រូវនៅលើទំព័រសារព៌តមាន។ គេនិយាយថា ខ្ញុំបើកបររថយន្ដចូលទីក្រុងបាងកក ដើម្បីជួប នឹង ញាតិមិត្រ ដែលសំណាក់នៅសណ្ឋាគារ រតនកោស៊ីន លុះត្រឡប់មកវិញខ្ញុំបានបើករថយន្ដធ្លាក់ផ្លូវថ្នល់ ហើយជ្រុលទៅបុកដើមគគីរយ៉ាងខ្លាំង ទាល់តែបណ្ដាលឲ្យមានភ្លើងឆេះរថយន្ដ និង ម្ចាស់ខ្ទេចខ្ទីអស់ គេបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងប្រមាណជាម៉ោង ៣ ប្រហែលជាម៉ោង ៤ នាង យូរ៉េតចេញទៅតាមរកប្ដី លុះទៅដល់ត្រង់កន្លែងដែលរថយន្ដត្រូវភ្លើងឆេះនោះ នាងក៏សង្ស័យថា ជារថយន្ដរបស់ប្ដីនាង ហើយនាងក៏ចូលទៅមើលសំណាករថយន្ដនោះ ជារថយន្ដរបស់ប្ដីនាងមែន ហើយសាកសពដែលត្រូវភ្លើងឆេះរោខ្មៅដូចម នៅក្នុងរថយន្ដនោះ ក៏នាងសន្និដ្ឋានថា ជាសាកសពរបស់ខ្ញុំប្ដីនាងដែរ អ្នកនិពន្ធសារព៌តមាន បានសនិដ្ឋាននៅចុងខាងក្រោយថា ប្រហែលជាខ្ញុំស្រវឹងស្រា ហើយបើកបររថយន្ដលឿនពេក បានជាមានគ្រោះថ្នាក់គួរឲ្យស្ញប់ស្ញែងយ៉ាងនេះ។
នេះស្អីចេះ! ... (ខ្ញុំគិត) រូបខ្ញុំនៅជារូបខ្ញុំដដែលម្ដេចថាខ្ញុំស្លាប់?..ឲ្យ ឬ ថាជាបិសាចរបស់ខ្ញុំដែលស្លាប់ទៅហើយ?... បើតាមខ្ញុំធ្លាប់បានដឹងមកថា សារព៌តមាននេះ ពុំដែលចុះផ្សាយដំណឹងភូតភរកុហកផ្ដេសផ្ដាសឡើយ ហើយដំណឹងបែបនេះ ក៏ពុំងាយ នឹង មានអ្នកណាហ៊ានកុហកលេងផ្ដេសផ្ដាសបានផង ព្រោះហេតុការណ៍បានកើតឡើងនៅក្នុងក្រុងបាងកកនោះឯង ដែលកំទេចរថយន្ដ និង ស្លាកស្នាមផ្សេងៗ ក៏មុខជាមានសល់នៅកន្លែងនោះ ហើយបើជនានុជនចង់ទៅមើ ក៏អាចទៅមើលបានដោយងាយផង។
- ក្នុងខណដែលខ្ញុំកំពុងតែសង្ស័យ នឹង ខ្លួនឯងនោះ បងប្រុសរបស់ខ្ញុំសំឡឹងមើលមុខខ្ញុំហាក់ដូចចង់ដឹងនូវការពិតអ្វីម្យ៉ាងពីខ្ញុំ។
- - បង! (ខ្ញុំសួរ) ងងដឹងហើយនៅ?
- - ដឹងស្អី? (បងខ្ញុំសួរមកវិញ)
- ខ្ញុំហុចកាសែតជូនបងខ្ញុំ បងខ្ញុំក៏អានយ៉ាងពិនិត្យពិច័យ។ ខ្ញុំសងំស្ងៀមចាំទាល់តែបងខ្ញុំអានចប់ ទើបខ្ញុំសួរថា៖
- - ម៉េចអញ្ចឹងបង?
- - អើហ្ន៎! កាសែតនេះផ្សាយដំណឹងរហ័សមែន ...
- - បងដឹងឬទេ ថារឿងនេះវាយ៉ាងម៉េចខ្លះ?
- បងប្រុសរបស់ខ្ញុំ បានសំឡឹងមើលមុខខ្ញុំ ដោយក្រសែភ្នែកដែលពោរពេញទៅដាយសេចក្ដីអាណិតអាសូរ។ បងខ្ញុំអង្អែលស្មាខ្ញុំតិចៗ ថ្នមៗ ហើយក៏និយាយរឿងរ៉ាវទាំងអស់ប្រាប់ខ្ញុំ។
រឿងរ៉ាវដែលនិយាយនោះ រួមសេចក្ដីថា លោកឪពុក និង បងខ្ញុំបានទៅដល់ទីក្រុងបាងកកនេះប្រាំថ្ងៃហើយ។ ក្នុងកំឡុងពេលប្រាំថ្ងៃនេះ បងខ្ញុំបានទៅលបមើលការប្រព្រឹត្ដទៅរបស់ខ្ញុំដឹងអស់ហើយ ៗ បានឃើញនាងយូរ៉េត បានឃើញខ្ញុំ បានឃើញកូនខ្ញុំ បានឃើញការរស់នៅរបស់គ្រួសារខ្ញុំ និង អ្វីៗគ្រប់សព្វទាំងអស់។ ឪពុកបានសំរេចចិត្ដថា ត្រូវតែនាំយករូបខ្ញុំត្រឡប់ទៅស្រុកវិញឲ្យខាងតែបាន ហើយត្រូវប្រើកលឧបាយ ដោយវិធីណាមួយ ធ្វើឲ្យនាងយូរ៉េតអស់សង្ឃឹម ដើម្បីកុំឲ្យនាងតាមទៅរកខ្ញុំឯភ្នំពេញទៀត។
រឿងនេះឪពុកខ្ញុំជាអ្នកគិត បងប្រុសខ្ញុំជាអ្នកធ្វើ។ អ្នកគិតក៏ពូកែ អ្នកធ្វើក៏អង់អាចក្លាហាន បានជាធ្វើបានសំរេចយ៉ាងនេះ។ ការនេះត្រូវប្រើចិត្ដដាច់ខាត ត្រូវធ្វើដោយក្លាហានពុំខ្លាចបាប។ ពិតណាស់ហើយការពង្រាត់បង្រាសកូនប្រពន្ធរបស់អ្នកណាមួយនោះ ជាការពិបាកណាស់។ អ្នកដែលហ៊ានធ្វើ ក៏ទាល់តែជាអ្នកដែលមានកំឡាំងចិត្ដរឹងប៉ឹងមែនទែនណាស់ដែរ។ កាលបើគេមានកំឡាំងចិត្ដមុត ហ៊ានពង្រាត់បង្រាសប្រពន្ធកូនអ្នកដទៃបានយ៉ានេះហើយ គេក៏អាចធ្វើបាបកម្មដទៃទៀត មានឃាតកម្មជាដើមបានយ៉ាងស្រួល។
លុះបានស្ដាប់រឿងរ៉ាវទាំងអស់នេះហើយ ខ្ញុំក៏ព្រមទទួលសារភាពថា ឪពុក និង បងប្រុសរបស់ខ្ញុំពូកែជាងខ្ញុំមែន ព្រោះលោកទាំងពីរហ៊ានធ្វើ នូវ អំពើដែលខ្ញុំពុំហ៊ានធ្វើ។ ខ្ញុំបានលើកដៃទាំងពីរឡើងលើ ហើយសូមចុះចាញ់លោកទាំងពីរនេះហើយ។
គំនិតពង្រាត់បង្រាសនេះ ដោយពុំចង់ឲ្យនាង យូរ៉េត ទៅតាមនោះ លោកត្រូវធ្វើឲ្យនាងជឿថា ខ្ញុំស្លាប់បាត់ទៅហើយ។ ក្នុងកំឡុងពេលពីរម៉ោង ដែលបងប្រុសខ្ញុំបានចេញពីបន្ទប់សណ្ឋាគារ រតនកោស៊ីន ដើម្បីចាត់ការយកសំបុត្រ និង រថយន្ដរបស់ខ្ញុំទៅប្រគល់ឲ្យនាង យូរ៉េត នោះ បងខ្ញុំបានទៅធ្វើបាបកម្មមួយដែលមានទម្ងន់ដ៏ធ្ងន់។ បងខ្ញុំបានបើករថយន្ដរបស់ខ្ញុំ ទៅទិញប្រេងសាំងពីរប៉ោតយកទៅដាក់លើរថយន្ដ ហើយបើកសំដៅទៅផ្ទះរបស់ខ្ញុំ។ តាមផ្លូវថ្នល់ទៅផ្ទះខ្ញុំនេះ មានចង្កៀងអគ្គីសនីបំភ្លឺតែពាក់កណ្ដាលផ្លូវប៉ុណ្ណោះ ពាក់កណ្ដាលផ្លូវទៀតនោះ ងងឹតណាស់ ព្រោះឆ្ងាយពីក្រុង។ ពេលយប់តែងមានមនុស្សដើរទៅមកពុំសូវដាច់។ អ្នកបើករថយន្ដត្រូវប្រុងប្រយ័ត្នឲ្យមែនទែនទើបបាន សូម្បីតែខ្ញុំ ដែលបើកបររថយន្ដតាមផ្លូវនោះរាល់ថ្ងៃ ក៏វិះៗ មានគ្រោះថ្នាក់ច្រើនដងណាស់ហើយ។ ជាពិសេសទៅទៀត ប្រសិនបើមានរថយន្ដមកពីខាងមុខហើយបើកហ្វាផងនោះ ក៏រឹងរិតតែមានគ្រោះថ្នាក់ច្រើនឡើងទៀត ព្រោះវាចាំងភ្នែកមើលអ្នកដើរពុំឃើញ ហើយប្រសិនបើតាំងចិត្ដបុកមនុស្សអ្នកដើរផងនោះ ក៏ជាការងាយណាស់ទៅទៀត។
នេះជាអំពើ ដែលបងប្រុសរបស់ខ្ញុំបានធ្វើ ជាអំពើដ៏អាក្រក់លាមក តែបងខ្ញុំក៏ចាំបាច់ត្រូវធ្វើ ដើម្បីឲ្យបានសំរេច នូវ លទ្ធិផលសមតាមផែនការរបស់ឪពុកខ្ញុំ។ ក្នុងពេលដែលបងខ្ញុំយករថយន្ដរបស់ខ្ញុំបើកទៅនោះ ជាពេលក្រោយអធ្រាត្រ ជាពេលស្ងាត់ កាលបើបងខ្ញុំបានជួប នឹង អ្នកដំណើរណា ដែលដើរម្នាក់អែង បងខ្ញុំក៏បើករថយន្ដបុក បុកល្មមតែដួលសន្លប់កុំឲ្យមានឈាម ហើយក៏បញ្ឈប់រថយន្ដ ចុះទៅលើកយកមនុស្សអ្នករងគ្រោះនោះទៅដាក់លើរថយន្ដ ហើយបើកបរតទៅទៀត។ លុះទៅដលកន្លែងមានដើមគគីរធំ ដែលផ្លូវថ្នល់ត្រង់នោះបត់បន្ដិច បងខ្ញុំបញ្ឈប់រថយន្ដ ទាញអ្នករងគ្រោះដាក់ចំចង្កូត ហើយក៏ដាក់លេខបញ្ឆេះឲ្យរថយន្ដលឿនទៅបុកដើមគគីរនោះ រួចគូសឈើគូសដុតរថយន្ដនោះចោលទៅ។ ដោយកំឡាំងប្រេងសាំងពីរប៉ោត និង ប្រេងសាំងក្នុងធុងបំរុងនោះ ភ្លើងក៏ត្រូវឆាបឆេះឡើងភ្លាមយ៉ាងខ្លាំងសន្ធោសន្ធៅ ល្មមឆេះទាំងរថយន្ដ ទាំងមនុស្សឲ្យក្លាយទៅជាផេះបាន។
- - អូន (បងប្រុសខ្ញុំបានពោលក្នុងពេលដែលបាននិយាយរឿងរ៉ាវប្រាប់ចប់ហើយ) រឿងរ៉ាវមានត្រឹមប៉ុណ្ណឹង...
- - ត្រឹមតែប៉ុណ្ណឹង! (ខ្ញុំនិយាយផ្ទួនពាក្យ) បងនិយាយដូចជាធ្វើលេង ដូចជាថារឿងដែលបងធ្វើនោះ ជារឿងតូចតាចបន្ដិចបន្ដួច បង! ចុះបងខំធ្វើអញ្ចឹង តើដើម្បីប្រយោជន៍អ្វី?..
- - ដើម្បីប្រពន្ធរបស់ឯងជឿជាក់ថា អូនឯងពិតជាស្លាប់ ហើយវាលែងរវីរវល់ នឹក នាដល់អូនឯងទៀត...
- - ចុះប៉ាក្ដី បងក្ដី អាចទ្រាំអង្គុយចាំយាមល្បាតរូបខ្ញុំមួយជីវិត ឬ យ៉ាងណា` ព្រោះអី ខ្ញុំអាចសរសេរសំបុត្រផ្ញើទៅប្រាប់ប្រពន្ធខ្ញុំវិញថា រូបខ្ញុំនៅរស់ ហើយមនុស្សដែលស្លាប់នោះពុំមែនជារូបខ្ញុំទេ ខ្ញុំត្រឡប់ទៅបាងកកវិញ ទៅនាំយកប្រពន្ធខ្ញុំមកក៏ស្រាច់ទៅហើយ...
- - រឿងនេះបងជឿជាក់ថា អូនឯងមុខជាពុំហ៊ានធ្វើអញ្ចឹងជាដាច់ខាតណ៎ាអូន...
- - ម៉េចក៏បងគិតថា ខ្ញុំពុំហ៊ានធ្វើ?
- - ព្រោះបើអូនធ្វើអញ្វឹងទៅ ក៏ទុកដូចជាអូនឯងបើកកកាយ នូវ ការពិតប្រាប់ប៉ូលិសថា ប៉ា និង បងរួមគំនិតគ្នាធ្វើឃាតកម្មនោះ អូនឯងសុខចិត្ដ ឲ្យប៉ា និង បងជាប់គុកឬ?
- - ខ្ញុំពុំប្រាប់ដល់អ្នកណាទេ! ខ្ញុំគ្រាន់តែប្រាប់ដល់ប្រពន្ធរបស់ខ្ញុំតែម្នាក់ប៉ុណ្ណោះ!...
- - ហ្នឹងហើយ! បើអូនឯងប្រាប់រឿងនេះឲ្យវាដឹង វាក៏មុខជាខឹង នឹង ប៉ា និង បង ជាខ្លាំង ព្រោះប៉ា និង បងបានទៅពង្រាត់ប្ដីវា អូនឯងទុកចិត្ដទុកថ្លើមយ៉ាងម៉េចបាន កាលបើវាខឹងដល់ចិត្ដវាមែនទែន វាមុខជាទៅប្ដឹងប៉ូលិសពុំខាន។
ពិតណាស់ហើយ ផែនការនេះ ជាផែនការដែលលោកឪពុក និង បងប្រុសរបស់ខ្ញុំបានគិតទុកយ៉ាងហ្មត់ចត់ណាស់ ហើយទើបលោកនាំគ្នាធ្វើដោយជឿជាក់ថា ខ្ញុំមុខជាពុំធ្វើអ្វីផ្ដេសផ្ដាស ដែលជាហេតុនាំឲ្យការអាថិកំបាំងនេះលេចលឺខ្ចរខ្ចាយឡើយ ព្រោះថា បើខ្ញុំធ្វើដូច្នោះទៅ ទុកដូចជាខ្ញុំសំលាប់លោក។ ម្យ៉ាងទៀតការនេះ សូម្បីខ្ញុំបានត្រឡប់មកដល់ភ្នំពេញវិញហើយ ខ្ញុំក៏ពុំហ៊ានទាក់ទងអ្វី នឹង នាង យូរ៉េតទៀតឡើយ ឬ សូម្បីបើទុកជាខ្ញុំបានត្រឡប់ទៅក្រុងបាងកកវិញ ក៏ខ្ញុំពុំអាចទៅរកនាង ហើយនៅរួមជាមួយគ្នាបានទៀតឡើយ ព្រោះខ្លាចបែកការថា លោកឪពុក និង បងប្រុសរបស់ខ្ញុំបានធ្វើ នូវ អំពើឃាតកម្មនុ៎ះ។
វិធីនេះ ជាវិធីអាថិកំបាំងជ្រាលជ្រៅណាស់ ជ្រាលជ្រៅ ដែលពុំគួរជាឪពុក និង បងប្រុសរបស់ខ្ញុំនេះសោះ ហើយឪពុក និង បងប្រុសរបស់ខ្ញុំ ក៏ពុំគួរធ្វើឲ្យរឿងនេះ ក្លាយទៅជារឿងរ៉ាវធំដុំដល់ទៅប៉ុណ្ណោះសោះឡើយ។
- ចុះសំបុត្ររបស់ខ្ញុំ? (ខ្ញុំសួរ) សំបុត្រដែលខ្ញុំខំសរសេរផ្ញើទៅឲ្យប្រពន្ធខ្ញុំនោះ?...
- បងហែកចោលទៅហើយ! ហែកចោលអម្បាញ់មិញនេះឯង...
ការនេះក៏រឹងរិតតែអាក្រក់លាមកណាស់ទៅទៀត... ខ្ញុំខឹងខ្លាំងណាស់ កំហឹង និង សេចក្ដីទុក្ខ កាលបើវាផុះឡើងព្រមគ្នា វាក៏កើតទៅជាសភាព នៃ សេចក្ដីដ៏ចម្លែកម្យ៉ាងខុសធម្មតា ដែលខ្ញុំពុំដឹងជាអធិប្បាយថាដូចម្ដេចឲ្យបានត្រូវ.. ខ្ញុំគិតថាប្រសិនបើការពង្រាត់មកដោយស្ងៀមៗ ដោយបណ្ដោយឲ្យខ្ញុំបានប្រាប់ដំណឹងដល់នាង យូរ៉េត ដូចសេចក្ដី នៃ សំបុត្រ ដែលខ្ញុំបានសរសេរផ្ញើទៅឲ្យនាងនោះ ក៏ដូចជានៅល្អជាងការធ្វើដូច្នេះបន្ដិច... តែនេះ លោកបានធ្វើឲ្យនាងយូរ៉េត ពុំដឹងជាមានសេចក្ដីទុក្ខ សោកក្រៀមក្រំយ៉ាងណាទេ?.. ហើយសេចក្ដីទុក្ខសោកក្រៀមក្រំនោះ នឹង មានទំហំប៉ុណ្ណាទៅ?... ការដែលឪពុក និង បង ប្រុសរបស់ខ្ញុំធ្វើដូច្នេះ ក៏ទុកដូចជាលោកបានសាង នូវ ស្ពាន នៃ សេចក្ដីទុក្ខសោកក្រៀមក្រំឲ្យស្ដ្រីម្នាក់ដែលគ្មានកំហុស..ដែលខ្ញុំបានស្រឡាញ់នាង ធ្វើឲ្យនាងព្រាត់ប្រាសនិរាសចេញពីស្រុកទេស និង ញាតិសន្ដានសាច់សាលោហិត ហើយទីបំផុតប្ដីបណ្ដូលចិត្ដរបស់នាងក៏ត្រូវមានគ្រោះថ្នាក់ស្លាប់ ស្លាប់ដោយឧបទ្ធវហេតុ ដែលពុំបានជានឹកនា ស្លាប់ក្នុងពេលដែលនាងបានផ្ដែផ្ដាំឲ្យទិញរបស់សំរាប់ក្មេងលេងយកទៅផ្ញើកូនផង...
ខ្ញុំលែងនិយាយស្ដីថាអ្វីទៀត ព្រោះដូចជាណែនដើមករកនិយាយអ្វីពុំរួច... បងប្រុសរបស់ខ្ញុំ ក៏ដូចជាដឹងថា ខ្ញុំខឹងសម្បា នឹង តូចចិត្ដតូចថ្លើម នឹង លោក...
យន្ដហោះ ក៏បានមកដល់ចំណតអាកាសយាន ពោធិចិនតុង ហើយកំពុងតែបន្ទាបខ្លួនចុះ យើងក៏បានប្រុងប្រៀបរៀបចំខ្លួនប្រាណដែរ។
នៅពេលចេញពីក្នុងចំណតអាកាសយានមកខាងក្រៅ ខ្ញុំបានឃើញប្អូនៗ របស់ខ្ញុំ គេនាំកូនប្រពន្ធរបស់គេមកចាំទទួលខ្ញុំ
គ្រាន់តែបានឃើញកូនគេ (ក្មួយរបស់ខ្ញុំ) ខ្ញុំក៏ដូចជាស្លុតរន្ធត់ចិត្ដជាខ្លាំង ព្រោះនឹកដល់កូនរបស់ខ្ញុំ... បេះដូងរបស់ខ្ញុំដូចជាដើរញាប់ខុសធម្មតា... ក្បាលរបស់ខ្ញុំដូចធ្ងន់ធេងធោង... ខ្ញុំងងឹតមុខស្លុប... ក្រោយពេលដែលអ្នកខ្លះជំរាបសួរ អ្នកខ្លះអោបខ្ញុំ បន្ដិចមក ខ្ញុំក៏ខំដើរទៅរករថយន្ដជារបស់ប្អូនខ្ញុំ ដែលចតនៅខាងក្រៅ ដោយទប់ខ្លួនកុំឲ្យដួល... តែខ្ញុំនៅចាំបានថា ខ្ញុំទើបតែបើកទ្វាររថយន្ដ នៅពុំទាន់ឡើងជិះផង ខ្ញុំក៏លែងដឹងអ្វីតទៅទៀតទាំងអស់។