វគ្គទី១៤
កិច្ចកលពិសេស
ថ្ងៃសៅរ៍ ទី27.មីនា 2021.ម៉ោង 12:48

    ខ្ញុំ​ចេះ​តែ​នៅ​ត្រង់​កន្លែង​នោះ​រហូត​មក​ ព្រោះ​ខ្ញុំ​គិត​ថា ដូច​ជា​គ្មាន​ហេតុ​ការណ៍​អ្វី​ ដែល​នឹង ត្រូវ​ផ្លាស់​ប្ដូរ​ទី​កន្លែង​ឡើយ​។
    ថ្ងៃ​មួយ​ ខ្ញុំ​បាន​ទទួល​សំបុត្រ​មួយ​ច្បាប់​ ពី​អ្នក​បំរើ​សណ្ឋា​គារ​ រនកោ​ស៊ីន​ នៅ​ក្រុង​បាង​កក​។ នៅ​ពេល​ដែល​ខ្ញុំ​អាន​សេចក្ដី​ នៃ សំបុត្រ​នោះ​ ខ្លួន​របស់​ខ្ញុំ​ត្រជាក់​ស្រិប​ ដៃ​ទាំង​ពីរ​ញាប់​ញ័រ។

    ឪពុក​របស់​ខ្ញុំ​ បាន​អញ្ជើញ​មក​ដល់​ក្រុង​បាង​កក​ហើយ​ លោក​បាន​សំណាក់​នៅ​សណ្ឋា​គារ​នោះ​ ក្នុង​សំបុត្រ​លោក​បាន​ប្រាប់​ឲ្យ​ខ្ញុំ​ចូល​ទៅ​ចួប​ នឹង ​លោក​ជា​ប្រញាប់​។
    ពេល​នោះ​ជា​ពេល​យប់​ នាងយូរ៉េត​ កំពុង​តែ​ប្រឡែង​លេង​ជាមួយ​កូន​នៅ​ក្នុង​បន្ទប់​ដេក​។ ខ្ញុំ​បាន​ប្រាប់​នាង​ថា ខ្ញុំ​ត្រូវ​ទៅ​ទី​ក្រុង​បន្ដិច​ ព្រោះ​មានធុរៈ​សំខាន់​ផ្ទាល់​ខ្លួន​។ នាង​បាន​ផ្ដាំ​ខ្ញុំ​ថា​ បើ​ហាង​លក់​អី​វ៉ាន់​នៅ​ពុំ​ទាន់​បិទ​ទ្វារ​ទេ​ សូមទិញ​របស់​សំរាប់​ក្មេង​លេង​យក​មក​ផ្ញើ​កូន​ផង​។ ខ្ញុំ​នឹក​តែ​ក្នុង​ចិត្ដថា​ ការ​នេះ​ស្រួល​ដែរ​ ព្រឹក​ស្អែក​ខ្ញុំ​ នឹង ​នាំ​កូន​យក​ទៅ​បង្ហាញ​ជីតា​វា​។ ខ្ញុំ​គិត​ទៀត​ថា​ បើ​ទុក​ជា​ជីតា​វា​មាន​ចិត្ដ​រឹង​យ៉ាង​ណា​ ក៏​គង់​តែ​អាណិត​អាសូរ​ចៅ​ខ្លះ​ៗ​ ជា​ពុំ​ខាន​។ កាល​បើ​ជីតា​បាន​ជួប​មុខ​ចៅ​ក្នុង​ពេល​ដែល​ចៅ​ចេះ​សើច​ចេះ​វារ​យ៉ាង​នេះ​ ក៏​មុខ​ជា​ស្រឡាញ់​ហើយ​ចង​ដៃ​របស់​អ្វី​មួយ​ដ៏​មាន​តំលៃ​ឲ្យ​ចៅ​ពុំ​លែង​។

    ខ្ញុំពុំ​បាន​នឹក​នា​ថា​ ឪពុក​របស់​ខ្ញុំ​ មក​តាម​ខ្ញុំ​ដល់​ក្រុង​បាង​កក​ដូច្នេះ​សោះ​។ ខ្ញុំ​ក៏​ដូច​ជា​នៅ​ពុំ​ទាន់​ជឿ​ថា​ ឪពុក​របស់​ខ្ញុំ​មក​តាម​ខ្ញុំ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ​ ប៉ុន្ដែ​ដើម្បី​បញ្ជាក់​ឲ្យ​ដឹង​ពិត​ប្រាកដ​ ខ្ញុំ​បាន​ទៅ​សុំ​បើក​បញ្ជី​ នៃ ​អ្នក​សំណាក់​សណ្ឋា​គារ​មើល​។ ខ្ញុំ​ឃើញ​មាន​ឈ្មោះ​ឪពុក​របស់​ខ្ញុំ​មែន​។ លោក​ពុំ​មែន​អញ្ជើញ​មក​ម្នាក់​ឯង​ទេ​ មានទាំង​បង​ប្រុស​របស់​ខ្ញុំ​មក​ជា​មួយ​ផង​។

    ការ​ម្យ៉ាង​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ប្លែក​ក្នុង​ចិត្ដ​នោះ​ គឺ​ក្នុង​បញ្ជី​ នៃ អ្នក​សំណាក់​នោះ​ ឪពុក​ខ្ញុំ​ និង បង​ប្រុស​ខ្ញុំ​ បាន​ចូល​មក​តាំង​ពី​ប្រាំ​ថ្ងៃ​មក​ហើយ​ ពុំ​មែន​ទើប​មក​ដល់​ទេ​។ ខ្ញុំ​មាន​សេចក្ដី​សង្ស័យ​​ជា​ខ្លាំង​ ព្រោះ​ថា​ លោក​ត្រូវ​​ប្រើ​ពេល​វេលា​ស៊ើប​សួរ​រក​ខ្ញុំ​នោះ​ ក៏​ដូច​ជា​ពុំ​មែន​ដែរ​ ព្រោះ​ខ្ញុំ​បាន​ជំរាប​អាសយដ្ឋាន​ ដល់​លោក​តាម​ផ្លូវ​លិខិត​យ៉ាង​ច្បាស់​លាស់​ណាស់​។ លោក​ធ្លាប់​បាន​កា​ខ្នង​សំបុត្រ​ផ្ញើ​មក​ខ្ញុំ​យ៉ាង​ត្រឹម​ត្រូវ​ ចុះ​ហេតុ​អ្វី​ក៏​បាន​ជា​លោក​ទើប​ នឹង ​ប្រើ​គេ​យក​សំបុត្រ​ទៅ​ឲ្យ​ខ្ញុំ​? រឿង​នេះ​ក៏​ដូច​ជា​រឿង​ដែល​មាន​អាថិ​កំបាំង​បិទ​មុខ​ គួរ​ឲ្យ​ពិចារ​ណា​ នឹង ថា​ពុំ​មែន​ឪ​ពុក​ខ្ញុំ​ក៏​ថា​ពុំ​បាន​ ព្រោះ​ក្នុង​ប័ណ្ណ​ចុះ​​ឈ្មោះ​សំណាស់​នៅ​សណ្ឋា​គារ​ ខ្ញុំ​ស្គាល់​ច្បាស់​ថា​ ជា​ហត្ថ​លេខា​របស់​លោក​ប្រាកដ​ណាស់​ ហើយ​ហត្ថ​លេខា​មួយ​ទៀត​ ក៏​ពិត​ជា​ហត្ថ​លេខា​របស់​បង​ប្រុស​ខ្ញុំ​ដែរ​​។

    ខ្ញុំ​មើល​លេខ​បន្ទប់​ហើយ​ក៏​ឡើង​ទៅ​រក​លោក​។ ខ្ញុំ​បាន​ចួប​ នឹង ​ឪពុក​របស់​ខ្ញុំ​ និង បង​ប្រុស​របស់​ខ្ញុំ​មែន​។ ខ្ញុំ​បាន​ធ្វើ​គារ​វកិច្ច​ចំពោះ​លោក​ ហើយ​ក៏​ស្ទុះ​ទៅ​អោប​បង​ប្រុស​របស់​ខ្ញុំ​។ បង​ប្រុស​របស់​ខ្ញុំ​បាន​ស្ទាប​អង្អែល​ខ្នង​ខ្ញុំ​យ៉ាង​ថ្នាក់​ថ្នម​ ជា​ទី​បំផុត​ ខ្ញុំ​បាន​អង្គុយ​ចុះ​ទៅ​លើ​កៅ​អី​មួយ​ ហើយ​ក៏​ចាប់​ផ្ដើម​សួរ​ឪពុក​ខ្ញុំថា​៖

- ប៉ា! ប៉ា​មក​សំណាក់​នៅ​ហូតែល​នេះ​ប្រាំ​ថ្ងៃ​​ហើយ​ឬ?
- ម៉េច​ក៏​ឯង​ដឹង​?
- ខ្ញុំ​បាទ​បើក​បញ្ជី​ហូតែល​មើល​នៅ​ខាង​ក្រោម​អម្បាញ់​មិញ​ហ្នឹង​ឯង​
- ហ្នឹង​ហើយ​! ប៉ា​មក​សំណាក់​នៅ​កន្លែង​នេះ​ប្រាំ​ថ្ងៃ​ហើយ​
- ចុះ​ម៉េច​ក៏​ប៉ា​ ទើប​តែ​ឲ្យ​ដំណឹង​ទៅ​ខ្ញុំ​បាទ​ក្នុង​ថ្ងៃ​នេះ​អញ្ចឹង​?
- ព្រោះ​ប៉ា​ដឹង​ថា​ កូន​ឯង​ពុំ​ចង់ចួប​ នឹង ប៉ា​ ប៉ា​ចេះ​​តែ​នៅ​ស្ទាក់​ស្ទើរ​រេ​រា​ចិត្ដ​ ទី​បំផុត​ក៏​ដាច់​ចិត្ដ​ឲ្យ​គេ​ទៅ​តាម​កូន​ឯង​មក​
- ម៉េច​ក៏​ប៉ា​ ជ្រាប​ថា​ ខ្ញុំ​បាទ​ពុំ​ចង់​ចួប​ប៉ា?
- ចុះ​បើ​កូន​ឯង​ចង់​ចួប​ នឹង ប៉ា​មែន​ ម៉េច​ក៏​ពុំ​ត្រឡប់​ទៅ​ស្រុក​វិញ​?
- ខ្ញុំ​បាទ​ ចង់​ត្រឡប់​ទៅ​ស្រុកវិញ​ណាស់​! ខ្ញុំ​បាទ​ នឹង​ ត្រឡប់​ទៅ​វិញ​ភ្លាម​ បើ​ប៉ា​មេត្ដា​អនុញ្ញាត​​ឲ្យ​ខ្ញុំ​បាទ​ នាំ​យក​ប្រពន្ធ​កូន​ទៅ​ជាមួយ​ផង​
- ចុះ​បើ​ប៉ា​ពុំ​ព្រម​អនុញ្ញាត​ កូន​ឯង​ពុំ​ព្រម​ត្រឡប់​ទៅ​វិញ​ដែរ​ - អញ្ចឹង​ឬ?
- ប៉ា​? រឿង​នេះ​ខ្ញុំ​បាទ​ ក៏​ពុំ​ដឹង​ជា​ធ្វើ​យ៉ាង​ម៉េច​ទេ​ ព្រោះ​អី​ យូរ៉េត​ ក៏​បាន​ជា​ជ្រុល​ខ្លួន​ជា​ប្រពន្ធ​ខ្ញុំ​បាទ​ ហួស​ទៅ​ហើយ​ ៗ ឥឡូវ​ជ្រុល​ទៅ​មាន​កូន​ទៀត​ផង​។
- បើអញ្ចឹង​កូន​ឯង​ស្រឡាញ់​ មី​យូរ៉េត​ ជាង​ស្រឡាញ់​ឪពុក​ឯង​ មែន​ទេ?
- ខ្ញុំ​បាទ​ នឹង​ ទៅ​នាំ​យក​ប្រពន្ធ​ខ្ញុំ​បាទ​ ឲ្យ​មក​ជំរាប​សួរ​ប៉ា...
- កុំ! កុំ​! មិន​បាន​ទេ​ ប៉ា​មិន​ត្រូវ​ការ​ចួប​ នឹង ​វា​ទេ​
- ប៉ា (ខ្ញុំ​និយាយ​បន្លប់​) ស្អែក​ខ្ញុំ​បាទ​ នឹង នាំកូន​ខ្ញុំបាទ​ ឲ្យ​មក​ជំរាប​សួរ​ជីតា​វា​...​
- ទេ! ទេ! កុំ​នាំ​វា​មក​ វាពុំ​មែន​ជា​ចៅ​អញ​ទេ​
- ប៉ា​! កូន​របស់​ខ្ញុំ​បាទ​ ម្ដេច​ក៏​ពុំ​ត្រូវ​ជា​ចៅ​របស់​ប៉ា​?
- មិន​មែន​ចៅ​អញ​ទេ​ ព្រោះ​វា​មិន​មែន​ជា​កូន​ដែល​កើត​មក​ពី​មនុស្ស​ ដែល​អញ​ត្រូវ​ការឲ្យកើត​ អញ​មិនទទួល​ស្គាល់​វា ថា​ជា​ចៅ​អញ​ទេ
- ប៉ា​ ចុះ​ម៉េច​ក៏​ប៉ា​មាន​ប្រសាសន៍​អញ្ចឹង​!
- ព្រោះ​អញ​ដណ្ដឹង​កូន​គេ​ម្នាក់​ ទុក​ឲ្យ​ឯង​រួច​ទៅ​ហើយ​។ គេ​ជា​មនុស្ស​ដែល​មាន​ចរិយា​ សណ្ដាប់​ធ្នាប់​ល្អ​គ្រប់​បែប​យ៉ាង​ ឯង​ចង់​ដឹង​ថា​ នាង​នោះ​ជា​នរ​ណាទេ?
- ទេ​ ណ្ហើយ​ចុះ​ប៉ា​ កុំ​ប្រាប់​ខ្ញុំ​បាទ​​ធ្វើ​អ្វី​ ខ្ញុំបាទ​ឥត​ចង់​ដឹង​ទេ​
- តែ​កូន​ឯង​ត្រូវ​តែ​ត្រឡប់ទៅ​ស្រុកវិញ​
- បាទ​ ប៉ា ខ្ញុំបាទ​ នឹង​ត្រឡប់​ទៅវិញ​ជា​មួយ​ប៉ា
- តែ​ឯង​ត្រូវ​ទៅ​តែម្នាក់​ឯង​ ប្រពន្ធ​កូន​យក​ទៅ​មិន​បាន​ទេ
   - ចុះ​ប៉ា​ឲ្យ​ខ្ញុំ​បាទ​ ចោល​ប្រពន្ធ​កូន​របស់​ខ្ញុំ​បាទ​ យ៉ាង​ដូច​ម្ដេច​កើត​ សូម្បី​តែ​ប៉ា​ក៏​នៅ​តែ​ចោល​ខ្ញុំបាទ​ពុំ​កើត​ ប៉ា​ស៊ូពិបាក​អញ្ជើញ​មក​តាម​ខ្ញុំ​បាទ​ដល់​បាង​កក​នេះ​ ក៏​ព្រោះ​ខ្ញុំ​បាទ​ ជា​កូនប៉ា​ បើ​អញ្ចឹង​ម៉េច​ក៏ប៉ា​ឲ្យ​ខ្ញុំ​បាទ​ ចោល​ប្រពន្ធ​កូន​របស់​ខ្ញុំ​ទៅ​វិញ​?
   
- តែ​ក្នុង​ពេល​នេះ អញ​ត្រូវ​តែ​នាំ​ឯង​ទៅ​វិញ​ ក៏ត្រូវ​ប្រើ​អំណាច​ បើ​និយាយ​វែង​ទៅ​ ឯង​ចេះ​តែ​មាន​វោ​ហារ​ដោះ​សារ​ជានិច្ច​ ឯង​មាន​ហេតុ​ផល​របស់​ឯង​ អញ​ក៏​មាន​ហេតុ​ផលរបស់​អញ​ដែរ​ ដរាប​ណា​អញ​នៅ​មានជីវិត​ ដរាប​នោះ​អញ​ក៏​នៅ​ជា​ឪពុក​របស់​ឯង​ដែរ​ តែ​បើ​មាន​ការ​ចាំ​បាច់​ត្រូវ​អញ​ប្រើ​អំណាច​ក៏​ប្រើដែរ​...
- ប៉ា ឲ្យខ្ញុំ​បាទ​ធ្វើម៉េច​?
- ត្រួវ​ទៅ​ជិះ​យន្ដ​ហោះ​ត្រឡប់​ទៅ​ស្រុក​វិញ​ជា​មួយ​អញ​ នៅ​ពេល​ព្រឹក​ស្អែក​នេះ​
- ប៉ា​ ទិញ​សំបុត្រ​រួច​ហើយ​ឬ?
- អញ​ចាត់​ចែង​ទិញ​រួច​ស្រេច​អស់​ហើយ​
- ចុះ​លិខិត​ឆ្លង​ដែន​?
- អញ​ធ្វើ​រួច​ហើយ​
- បើ​អញ្ចឹង​ ខ្ញុំបាទ​សូមទៅ​ប្រាប់​ប្រពន្ធ​កូន​សិន
- មិនបាន​ទេ​! ឯង នឹង ​ចេញ​ពី​បន្ទប់​នេះ​មិន​បាន​ជា​ដាច់​ខាត​ មុនពេល​ឡើង​យន្ដ​ហោះ​
- បើ​អញ្ចឹង​ ខ្ញុំ​បាទ​សុំ​ឲ្យ​អ្នក​បំរើ​ហូតែល​ទៅ​ហៅ​​ប្រពន្ធ​កូន​ខ្ញុំ​បាទ​មក​កន្លែង​នេះ​
- មិនបាន​! មិន​បាច់​ចួប​គ្នា​ ហើយ​លា​គ្នា​ទេ ទៅ​ឡើង​យន្ដ​ស្ងៀមៗ​តែ​ម្ដង​ទៅ
- ប៉ា​ ម៉េច​ក៏​ប៉ា​ធ្វើអញ្ចឹង​!
   - ព្រោះ​គ្មាន​ផ្លូវ​អី​ក្រៅ​ពី​នេះ​ អញ​និយាយ​ស្រួល​មក​យូរ​ហើយ​ គ្មាន​បាន​ផល​ប្រយោជន៍​សោះ​ ពេល​នេះ​អញ​ត្រូវ​ធ្វើ​ដូច្នេះ​ អាសាច់​មួយ​ដុំ​ បើ​ នឹង បោះ​ចោល​ឲ្យ​ឆ្កែ​វា​ស៊ី​ទៅ​ក៏​ដូច​ជា​នៅ​ស្ដាយ​ បំណាច់​អញ​ខំ​មក​តាម​ប៉ុណ្ណេះ​ហើយ​អញ​ត្រូវតែ​នាំ​ឯង​ទៅ​វិញ​ឲ្យទាស់ល់​តែ​បាន​ អញ​មក​ម្នាក់​ឯង​ក្រែង​ចាប់​ឯង​ពុំ​ឈ្នះ បានជា​អញ​នាំ​បង​ប្រុស​ឯង​មក​ជាមួយ​ផង បើឯង​មិនព្រម​ឡើង​យន្ដហោះ​ទេ អញ​ នឹង បង​ឯង​ក៏​ត្រូវ​តែ​ចាប់​ឯង​ម្នាក់​ម្ខាង​អូស​ទៅ​ឲ្យ​ខាង​តែ​បាន​ បើ​ឯង​ហ៊ាន​តដៃ​ និង អញ​ជា​ឪពុក​ឯង​ក៏​តាម​ចិត្ដ​ឯង​ទៅ​ចុះ​ ឬ បើ​ឯង​ហ៊ាន​ស្រែក​ឡូឡា​ឲ្យតម្រួត​ចាប់​អញ​ និង បង​ឯង​នោះ​ ក៏​ស្រេច​តែ​ចិត្ដ​ឯង​ទៅ​ចុះ​ តែ​ពាក្យ​ដាច់​ខាត​របស់​អញ​ គឺ​ មិន​ព្រម​ឲ្យ​ឯង​ចេញ​ពី​បន្ទប់​ហូតែល​​នេះ​ មុន​​ពេល​ឡើង​យន្ដ​ហោះ​
   - ចុះ​ម៉េច​ នឹង ឲ្យ​ប្រពន្ធ​កូន​របស់​ខ្ញុំ​បាទ​ បាន​ដឹង​ផង​ប៉ា?
   - ឯង​សរសេរ​សំបុត្រ​ឲ្យ​ដំណឹង​ទៅ​វា​ទៅ​ អញ​ឲ្យ​អ្នក​បំរើ​ហូតែល​យក​ទៅ​ឲ្យ​វា​ ទាំងសំបុត្រ​ទាំង​ឡាន​។

    ឪពុក​របស់​ខ្ញុំ​ បាន​បង្គាប់​បង​ប្រុស​របស់​ខ្ញុំ​ឲ្យ​ចាត់​ចែង​រៀប​ចំអី​វ៉ាន់​។ ខណនោះ​ បង​ប្រុស​របស់​ខ្ញុំ​ក៏​ដើរ​ចេញទៅ​ក្រៅ​បាត់ទៅ​។ ឪពុក​របស់​ខ្ញុំ​ ក៏​ក្រោក​ដើរ​ទៅ​ចាក់​សោ​បន្ទប់​ ហើយ​ក៏​ដក​កូន​សោ​យក​ទៅដាក់​ក្នុង​ហោ​ប៉ៅ​អាវ​របស់​លោក​។​

    - កូន! (ឪពុករបស់​ខ្ញុំនិយាយ​) បើ​កូន​ឯង​ចង់​ដណ្ដើម​កូន​សោ​ពី​ប៉ា​ ហើយ​ចាក់​សោ​បើក​ទ្វារ​រត់​ចេញ​ទៅ​ក៏​បាន​ តែ​ប៉ា​សំរេច​ចិត្ដ​ថា​ បើ​ប៉ា​នៅ​ពុំ​ទាន់​ស្លាប់​ទេ​នេះ​ កូន​ឯង​ នឹង ដណ្ដើម​យក​កូន​សោ​នេះ​ ពុំ​បាន​ជា​ដាច់​ខាត..

   - ពិត​ណាស់​ហើយ​ ខ្ញុំ​មុខ​ជា​ពុំ​ហ៊ាន​ដណ្ដើម​យក​កូន​សោ​នោះ​ឡើយ​។ ខណ​នោះ​ខ្ញុំ​គិត​ថា បើ​ទុក​ជា​ខ្ញុំ​ខំនិយាយ​អង្វរ​ករ​ឪពុក​ខ្ញុំ​យ៉ាង​ណា​ ក៏​ពុំ​មាន​បាន​ផល​អ្វី​ដែរ​ ព្រោះ​ខ្ញុំ​ធ្លាប់​បាន​ដឹង​ និស្ស័យ​​ចិត្ដ​ថ្លើម​របស់​លោក​ បើ​លោក​តាំង​ចិត្ដ​ធ្វើ​ហើយ​ ក៏​គ្មាន​អ្វី​ទៅជំទាស់​លោក​បាន​ឡើយ​។

    ការ​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ពេល​នេះ​ ក៏​មាន​តែ​ម្យ៉ាង​គឺ ត្រូវ​សរសេរ​សំបុត្រ​ឲ្យ​ដំណឹង​ទៅ​នាង យូរ៉េត​ តាម​សេចក្ដី​អនុញ្ញាត​ពីឪពុក​របស់​ខ្ញុំ​។ ខ្ញុំ​ក្រោក​ដើរ​ទៅ​រកតុ​ ហើយ​ក៏​អង្គុយ​សរសេរ​សំបុត្រ​ដោយ​ពុំ​និយាយ​ស្ដី​អ្វី​ជា​មួយ នឹង ឪពុក​របស់​ខ្ញុំ​ទៀត​។

    ខ្ញុំ​ពុំ​បាច់​និយាយ​ថា ខ្ញុំ​សរសេរ​សំបុត្រ​ទៅ​ប្រាប់​នាង​ យូរ៉េត​ ថាដូម្ដេ​ច​ខ្លះ​ឡើយ​ ... ខ្ញុំបាន​សរសេ​រការ​ពិត​ គ្រប់​បែប​យ៉ាង​ប្រាប់​នាង​... ការ​ដែល​ខ្ញុំ​ស្លុត​រន្ធត់ចិត្ដ​ជា​ខ្លាំង​នោះ ក៏​គឺ​ខ្ញុំ​ត្រូវ​ព្រាត់​ប្រាសគ្នា​ដោយ​ពុំ​បាន​ឃើញ​មុខ... ខ្ញុំបាន​ប្រាប់នាង​ថា ​ខ្ញុំ​ពុំ​អាច​ទិញ​របស់​លេង​យក​ទៅ​ផ្ញើ​កូន​លេង​តាម​ពាក្យ​ដែល​នាង​បាន​ផ្ដាំ​នោះ​បាន​ឡើយ​... ខ្ញុំ​បាន​អង្វរករ​នាង​ថា​ សុំ​កុំ​ឲ្យ​នាង​ខឹង​ សម្បាអ្វី​ នឹង ​ឪពុក​របស់​ខ្ញុំ​ ព្រោះ​ការ​ដែល​លោក​ធ្វើ​ដូច្នេះ​ ក៏​ដោយ​សារ​តែ​លោក​ស្រ​ឡាញ់​រូប​ខ្ញុំ​ដែល​ជា​កូន​នោះ​ឯង​...​

    ខ្ញុំ​ត្រូវ​សរសេរ​សំបុត្រ​នោះ​វែង​ណាស់​ គឺ​ត្រូវ​សរសេរ​រៀប​រាប់​មក​តាំង​ពីដើម​ ព្រោះ​ខ្ញុំ​ធ្លាប់់​បាន​ប្រាប់​នាង​ យូរ៉េត​ ថា​ សំរាប់​ឪពុក​របស់​ខ្ញុំ​នោះ​ មិនជា​អ្វី​ប៉ុន្មាន​ទេ​។ ខ្ញុំ​ត្រូវ​លើក​យក​រឿង​ចាស់​មក​និយាយ​សារ​ជា​ថ្មី​ទៀត​។ ខ្ញុំ​បាន​ប្រាប់​​នាង​ថា​ សុំ​ឲ្យ​នាង​ត្រឡប់​ទៅ​ភ្នំ​ពេញ​វិញ​ ហើយ​ទៅ​នៅ​ជា​មួយ​មិត្ដ​ភ័ក្ដិ​របស់​ខ្ញុំ​ដោយ​កុំ​ឲ្យ​អ្នក​ណា​ដឹង​ ហើយ​ពឹង​ពាក់​មិត្ដ​ភ័ក្ដិ​នោះ​ ឲ្យ​ទៅ​ខ្សិប​ប្រាប់​ខ្ញុំ​។

    ខ្ញុំ​អង្គុយ​សរសេរ​សំបុត្រ​នោះ​អស់​រយ​ពេល​ពីរ​ម៉ោង​ទើប​ចប់​។ ខណ​នោះ​ បង​ប្រុស​របស់​ខ្ញុំ​ក៏​ត្រឡប់​មក​វិញ​ជា​មួយ​ នឹង អី​វ៉ាន់​ជា​ច្រើន​។ ខ្ញុំ​មើល​នាឡិកា​ឃើញ​ម៉ោង​មួយ​កន្លះ​ហើយ​។ បង​ប្រុស​របស់​ខ្ញុំ បាន​និយាយ​ការ​អ្វី​ដែល​ខ្ញុំ​ស្ដាប់​ពុំ​បាន​ រអ៊ូ​ៗ​ជា​មួយ​ នឹង ឪពុក​របស់​ខ្ញុំ​។ មួយ​សន្ទុះ​ក្រោយ​មក​ឪ​ពុក​របស់​​ខ្ញុំ​ ក៏​ទារ​យក​សំបុត្រ​ដែល​ខ្ញុំ​សរសេរ​ និង កូនសោ​រថ​យន្ដ​ពី​ខ្ញុំ​ ដោយ​ប្រាប់​ថា​ ឲ្យ​បង​ប្រុស​របស់​ខ្ញុំ​យក​របស់​ទាំង​នោះ​ទៅ​ពឹង​ពាក់​អ្នក​បំរើ​ហូតែល​ឲ្យ​យក​ទៅ​ឲ្យ​នាង​ យូរ៉េត​។ ខ្ញុំ​ក៏​បាន​​ប្រគល់​សំបុត្រ​ និង កូន​សោ​រថ​យន្ដ​ឲ្យ​ទៅ​បង​ប្រុស​របស់​ខ្ញុំ​។ បង​ប្រុស​របស់​ខ្ញុំ​ក៏​បាន​ចេញ​ពី​បន្ទប់​នោះ​ម្ដង​ទៀត​។ ឪពុក​របស់​ខ្ញុំ​បង្គាប់​ឲ្យ​ខ្ញុំ​បិទ​ភ្លើង​អគ្គិសនី​ក្នុង​បន្ទប់​ ហើយ​ ក៏​ សម្ងំ​ដេក​ស្ងៀមរៀង​ខ្លួន​។​

    ប្រហែលជា​ពីរ​ម៉ោង​ក្រោយ​មក​ បង​ប្រុស​របស់​ខ្ញុំ​ ក៏​ត្រឡប់​មក​វិញ​ ហើយ​ខ្សិប​ជំរាប​ឪពុក​របស់​ខ្ញុំ​ថា កិច្ច​ការ​ទាំង​អស់​បាន​សំរេច​រៀប​រយ​ហើយ​។

    យប់​នេះ​ខ្ញុំ​ដេក​ពុំ​លក់​សោះ​។ ការ​គិត​ មួយ​ម៉ឺន​មួយ​សែន​ចំ​ពូក​បាន​ផុស​ចេញ​ពី​ចិត្ដ​របស់​ខ្ញុំ​ តែ​ជាការ​ដែល​គ្មាន​បាន​ការ​អ្វី​។ តាម​ពិត​ក្នុង​យប់​នោះ​ ខ្ញុំ​គិត​អ្វី​ពុំ​ធ្លុះ​ធ្លាយ​សោះ​ឡើយ​។ ខ្ញុំ​ដូច​ជា​គ្មាន​កំលាំង​​ចិត្ដ​នៅ​ក្នុង​ខ្លួន​សោះ​។ ខ្ញុំ​មាន​សង្ឃឹម​តែ​ម្យ៉ាង​ថា​ នាង​ យូរ៉េត​ នឹង ទៅ​តាម​ខ្ញុំ​ឯ​ភ្នំ​ពេញ​ តែ​ក៏​ជា​សេច​ក្ដី​​សង្ឃឹម​​ដែល​ពុំ​ពិត​ប្រាកដ​។ ខ្ញុំ​គិត​ម្យ៉ាង​ទៀត​ថា​ ប្រ​សិន​បើ​នាង​ យូរ៉េត​ បាន​ដឹង​រឿង​រ៉ាវ​ដូច្នេះ​ ប្រ​ហែល​ជា​នាង​ពុំ​ទៅ​តាម​ខ្ញុំ​ទេ។​ ខ្ញុំ​ដូច​ជា​រក​ថា​ពុំ​បាន​ស្មាន​ពុំ​ត្រូវ​ នូវ ​ការ​ពិបាក​ចិត្ដ​របស់​ខ្ញុំ​។ ខ្ញុំ​ព្រម​ទទួល​ចុះ​ចាញ់​ចំពោះ​កំលាំង​ចិត្ដ​របស់​ខ្ញុំ​។ ខ្ញុំ​ពុំ​ទទឹង​រឹង​រូស​ ឬ គេច​រវៀស​អ្វី​ នឹង លោក​ឡើយ​។

    ខ្ញុំ​នឹក​អាណិត​នាង​ យូរ៉េត​ និង យូរ៉ា​ ស្ទើរ​តែ​ដាច់​ខ្យល់​ស្លាប់​។ ខ្ញុំ​នឹក​ថា​ នាង​ យូរ៉េត​ មុខ​ជា​ចាំ​មើល​ផ្លូវ​ប្ដី​ទាល់​តែ​យប់​ជ្រៅ​ជាពុំ​ខាន​ ព្រោះ​ខ្ញុំ​ពុំ​បាន​ប្រាប់នាង​ថា ​ខ្ញុំ​ទៅ​ណាផង​។ ខ្ញុំ​នឹក​គូស​វាសស​ភាពនាង​ថា​ កាល​បើ​នាង​ចាំ​មើល​ផ្លូវ​ខ្ញុំ​ ទាល់​តែ​យប់​ជ្រៅ​ ហើយ​ពុំ​ឃើញ​ខ្ញុំ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទេនោះ​ នាង​មុខ​ជា​អន្ទះ​អន្ទែង​ កង្វល់ចិត្ដ​យ៉ាង​ខ្លាំង​ពុំ​ខាន​។​

    តែ​ពុំ​ដឹង​ជា​ហេតុ​អ្វី​ ពេល​នេះ​ទឹក​ចិត្ដ​របស់​ខ្ញុំ​ចេះ​តែ​នឹក​ដល់​ដើម​គគី​រ​មួយ​ដើម​ធំ​ ដែល​ដុះ​តាម​ផ្លូវ​ជិត​ដល់​ផ្ទះ​របស់​ខ្ញុំ​។ ខ្ញុំ​ធ្លាប់​ឃើញ​ដើម​គគីរ​នោះ​រាល់​ថ្ងៃ​ តែ​ពុំ​ដែល​បាន​នឹក​នា​ថា​ ជា​ដើម​ឈើ​សំខាន់​អ្វី​សោះ​ឡើយ​ ចុះ​ពេល​នេះ​ ពុំ​ដឹង​ជា​មាន​ហេតុ​អ្វី​មក​ជំរុញ​ចិត្ដ​របស់​ខ្ញុំ​ឲ្យ​ចេះ​តែ​នឹក​ដល់​ដើម​គគីរ​នោះ​...

    លុះ​ដល់​ពេល​វលីវៗ​ ជិត​ នឹង លក់​ ខ្ញុំ​ស្រ​មៃ​ឃើញ​ដើម​គគីរ​នោះ​ម្ដង​ទៀត​ ហើយ​ហាក់​ដូច​ជា​​មានសំលេង​អ្វី​មួយ​មក​ខ្សិប​ដាក់ត្រ​ចៀក​ខ្ញុំ​ថា​ «ដើមគគីរ​ធំ​» ហេតុ​អ្វី​ក៏​ដូច្នេះ​? អ្វី​ជា​ហេតុ​បណ្ដាល​ឲ្យ​មនោ​គតិ​របស់​ខ្ញុំ​គួច​នឹក​ទៅ​ដល់​ដើម​​គគី​នោះ​? អ្វី​មក​ខ្សិប​ដាក់​ត្រចៀក​របស់​ខ្ញុំ​នេះ? ខ្ញុំ​ពុំដឹង​ពុំ​យល់​ពុំ​ចូល​ចិត្ដ​ទាល់​តែ​សោះ​។

    ម៉ោង​ ៦គត់​... ។ ឪពុក​របស់​ខ្ញុំ​ និង បង​ប្រុស​របស់​ខ្ញុំ​ បាន​នាំ​ខ្ញុំ​ចុះ​ពី​សណ្ឋាគារ រតនកោ​ស៊ិន​ ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ចំណត​អា​កាស​យាន​ ដនមឿង​ ដែល​ នឹង ត្រូវ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ភ្នំពេញ​វិញ​នៅ​វេលា​ម៉ោង​ប្រាំពីរ​កន្លះ​។ ខ្ញុំ​វិលមុខ​ស្ទើរ​តែ​ទប់​ខ្លួន​ពុំជាប់​។ ខ្ញុំ​គិត​ថា​ ប្រសិន​បើ​អ្នក​ដទៃ​ ក្រៅ​ពី​ឪពុក​ខ្ញុំ​ ហ៊ាន​ធ្វើ​ដូច្នេះ​ មុខ​ជា​មាន​ការ​កាប់​សំលាប់​គ្នា​ជា​ពុំ​ខាន​។ តែ​នេះ​ វា​ទាស់​តែ​ជា​ឪពុក​ ហើយ​ការ​ដែល​លោក​ហ៊ាន​ធ្វើ​យ៉ាង​នេះ​ ក៏​មក​តែ​ពី​លោក​ស្រឡាញ់​ខ្ញុំ​ជា​កូន​។ លុះ​គិត​ដូច្នេះ​ហើយ​ ខ្ញុំ​ក៏​ត្រូវ​តែ​យល់​ដល់​ចិត្ដ​ថ្លើម​ និង ហេតុ​ផល​របស់​លោក​ សូម្បី​ហេតុ​ផល​នោះ​ពុំ​ត្រូវ​គ្នា​ ពុំ​ស្រប​គ្នា​ នឹង ហេតុ​ផល​របស់​ខ្ញុំ​ក៏​ដោយ។

    ឪពុក​ខ្ញុំ​យល់​ថា​ធ្វើ​ដូច្នេះ​ ជា​អត្ថ​ប្រយោជន៍​ដល់​ខ្ញុំ​ជា​​កូន​ តែ​ចំពោះ​រូប​ខ្ញុំ​វិញ​ ខ្ញុំ​យល់​ថា​ ការ​ធ្វើ​បែប​នេះ​ជា​អំពើ​ទារុណ​កម្ម​យ៉ាង​ខ្លាំង​ក្រៃ​ណា​ខ្ឡាំង​។ មនុស្ស​ដែល​អាច​ធ្វើ​បែប​នេះ​ជា​មួយ​ខ្ញុំ​បាន​ ក៏​មាន​តែ​ម្នាក់​ប៉ុណ្ណោះ គឺ ឪពុក​របស់​ខ្ញុំ​ ឯអ្នក​ដទៃ​វិញ​ធ្វើ​ពុំ​បាន​ជា​ដាច់​ខាត​។

    ខណខ្លះ​ ខ្ញុំ​ដូច​ជា​មួម៉ៅ​ក្ដៅ​ក្រហាយ​​ចិត្ដ​ជា​ខ្លាំង​ ចំពោះ​វាសនា​អាក្រក់​របស់​ខ្ញុំ ព្រោះជីវិត​ខ្ញុំ​ចេះ​តែ​ជួប​ប្រទះ​ នូវ​ រឿង​រ៉ាវ​ប្លែក​ៗ​ពុំ​ដូច​គេ​សោះ​។ អ្នក​ដទៃ​ធ្លាប់​តែ​មាន​រឿងរ៉ាវ​ថា​ កូន​ក្រមុំ​រត់​តាម​កូន​កំឡោះ​ ហើយ​ឪពុកម្ដាយ​ខាង​ស្ដ្រី​ទៅ​តាម​យក​កូន​ក្រមុំ​មក​វិញ​ តែ​រឿង​រ៉ាវ​របស់​ខ្ញុំ​ ជា​រឿង​រ៉ាវ​ដែល​កូន​កំឡោះ​រត់​តាម​កូន​ក្រមុំ​ ហើយ​​ឪពុក​មក​ចាប់​អូរ​យក​កូន​កំឡោះ​ទៅ​វិញ​។ ការដែល​ខ្ញុំ​ត្រូវ​ប្រើ​ពាក្យ​ថា​ «ចាប់អូស» ក៏​ព្រោះ​នៅ​ពេល​ចេញ​ពីសណ្ឋាគារ​ទៅ​ឡើង​យន្ដ​ហោះ​នោះ​ ឪពុក​របស់​ខ្ញុំ​បាន​កាន់​ដៃ​ខ្ញុំ​ជាប់​ ពុំ​ព្រមលែង​​សោះ​ឡើយ​។ ក្នុង​ពេល​នោះ​រូប​ខ្ញុំ​ដូច​កូន​ក្មេង​ដែល​រត់​គេច​ខ្លួន​ពី​ផ្ទះ​ លុះ​ឪពុក​ម្ដាយ​​ដើរ​រក​ឃើញ​ ក៏​អូស​ដៃ​យក​ទៅ​ផ្ទះ​វិញ​ដូច្នោះ​ដែរ​។ ក្នុង​ពេល​នោះ​ប្រសិន​បើ​ខ្ញុំ​ស្រែក​ឡូ​ឡា​ឡើង​​ រឿង​រ៉ាវ​របស់​ខ្ញុំ​មុខ​ជា​ក្លាយ​ទៅជា​អាហារ ​របស់​តំរួត​​ឬ​របស់​អ្នក​សារ​ព៌ត​មាន​ទៅ​ហើយ​។

    ការ​ចំលែក​ម្យ៉ាង​ ដែល​ខ្ញុំ​រក​គិត​ពុំ​យល់​ គឺ លិខិត​ឆ្លង​ដែន​។ នៅ​ពេល​ទៅ​ដល់​ស្ថានីយ៍​អាកាស​យាន​ ដន​មឿង​ ឪពុក​របស់​ខ្ញុំ​បាន​យក​លិខិត​ឆ្លង​ដែន​បី​ទៅ​ចុះ​ទិដ្ឋា​ការ​។ លិខិត​ឆ្លង​ដែន​មួយ​ជាបស់​ឪពុក​ខ្ញុំ​ មួយទៀត​ជា​របស់​បង​ប្រុស​ខ្ញុំ​ ហើយ​លិខិត​ទីបី​ជា​របស់​ខ្ញុំ​រូប​ថត​របស់​ខ្ញុំ​ តែ​ឈ្មោះ​វិញ​ពុំ​មែន​ឈ្មោះ​របស់​ខ្ញុំ​ឡើយ​។ ប៉ុន្ដែ​ខ្ញុំ​ត្រូវ​បិទ​មាត់​ពុំស្ដី​អ្វី​ ពុំ​សាក​សួរ​អ្វី​ ចេះ​តែ​បណ្ដោយ​ទុក​ឲ្យ​រឿង​រ៉ាវ​នោះ​ នៅជា​រឿង​រ៉ាវ​អាថិ​កំបាំង​ ដែល​ខ្ញុំ​ក៏​ពុំ​បាន​ដឹង​ថា​ជា​យ៉ាង​ដូច​ម្ដេច​ដែរ​។