ចំពូកទី៣
វគ្គទី13
តើឪពុក​បំបែក​កូន​ពី​គូស្នេហាបានឬ?
ថ្ងៃសៅរ៍ ទី20.មីនា 2021.ម៉ោង 11:45

    ខ្ញុំ​បាន​កំណត់ពេលទុក​ថា បី​ថ្ងៃ​ទៀត​ នឹង ត្រឡប់​ទៅ​ភ្នំពេញវិញ...
    ប៉ុន្ដែ​ថ្ងៃ​ទី​២ នៃ ថ្ងៃ​កំណត់​នេះ​ ខ្ញុំ​បាន​ទទួល​ដំណឹង​ថ្មី​មួយ​តាមទូរលេខ​ពីឪពុក​របស់​ខ្ញុំ​... ដំណឹង​នេះ​ជា​ដំណឹង​ កាច​សា​ហាវ​ ជា​ដំណឹង​ដែល​ដូច​ជា​មានអានុភាព​អាច​ចូល​ទៅ​កាត់ផ្ដាច់ នូវ​ ទង​បេះ​ដូង​របស់​ខ្ញុំ​... គឺ​ដំណឹង​អំពី​ការ​អនិច្ច​កម្ម​ នៃ ម្ដាយ​របស់​ខ្ញុំ​... ឪពុក​របស់​ខ្ញុំ​បាន​ប្រាប់​ថា​ ម្ដាយ​របស់​ខ្ញុំ​បាន​ស្លាប់​តាំង​ពី​ម្សិល​មិញ​ ដោយ​រោគ​ដាច់​សរសៃ​ឈាម​...

    សេច​ក្ដី​ទុក្ខ​សោក​របស់​ខ្ញុំ​ក្នុង​ពេល​នេះ​ ដូច​ជា​មាន​ទំហំធំ​ហួស​វិស័យ​ នឹង ពណ៌នា​ដូច​ម្ដេច​បាន​... ខ្ញុំ​ត្រូវ​សម្ងំ​នៅ​ស្ងៀម ស្ងាត់​បណ្ដោយ​ពេល​វេ​លា​ឲ្យ​កន្លង​ផុត​ទៅ​អំពី​ចិត្ដ​ នៃ ​អារម្មណ៍​ដែល​ពោរ​ពេញ​ដោយ​សេចក្ដី​ទុក្ខ​សោក​នោះ​...

    លុះ​ដល់ថ្ងៃ​ត្រឡប់​ទៅ​ភ្នំពេញ​វិញ ខ្ញុំ​ក៏​ប្រែ​ចិត្ដ​ គិត​ថា​ប្រ​សិន​បើ​ម្ដាយ​របស់​ខ្ញុំ​គ្រាន់​តែ​មាន​ជំងឺ​ធ្ងន់​ នៅ​ពុំ​ទាន់​ស្លាប់​ទេ​នោះ​ ខ្ញុំ​គួរ​តែ​ប្រញាប់​ប្រញាល់​ត្រឡប់​ទៅ​ឲ្យ​ទាន់​ដង្ហើម​ តែ​នេះ​លោក​ស្លាប់​ផុត​ទៅ​ហើយ​ បើ​ទុក​ជា​ខ្ញុំ​ត្រឡប់​ទៅ​វិញ​ក៏​គ្មាន​ប្រយោជន៍​អ្វី​ ក្រៅ​ពី​ការ​រឹង​រិត​តែ​នាំ​ឲ្យ​មាន​ទុក្ខ​សោក​ធ្ងន់​ទៀត​ឡើយ​។ លុះ​គិត​ដូច្នេះ​ហើយ​ ខ្ញុំ​ក៏​សំរេច​ចិត្ដ​ថា​ ត្រូវ​តែ​សម្ងំ​នៅ​ទី​នេះ​បន្ដិច​ទៀត​សិន​ ដើម្បី​ឲ្យ​បាន​ធូរ​ស្រាល​ នូវ សេច​ក្ដី​ទុក្ខ​ក្រៀម​ក្រំ។

    ប្រាំ​ថ្ងៃ​ក្រោយ​បាន​ទទួល​ដំណឹង​មរណ​ភាព​ នៃ ម្ដាយ​របស់​ខ្ញុំ​ នៅ​ភូមិ​ពោធិហ្មស្ដ្រី​ បាន​កន្លង​ផុត​ទៅ​ជាប់​ដោយ​សេចក្ដី​ទុក្ខ​សោក​​ក្រៀម​ក្រំ​សំរាប់​រូប​ខ្ញុំ​ ខ្ញុំ​ក៏​មាន​គំនិត​ថ្មី​មួយ​ផុស​ឡើង​ថា​ កាល​ម្ដាយ​របស់​ខ្ញុំ​មាន​ជីវិត​រស់​នៅ​ឡើយ​ រឿង​ប្រពន្ធ​កូន​របស់​ខ្ញុំ​នោះ​ ក៏​ស្រេច​នៅ​លើ​លោក​ជា​អ្នក​ចាត់​ចែង​ គឺ​ថា​លោក​ពេញ​ចិត្ដ​នារី​ណា​ ខ្ញុំ​ត្រូវ​ចូល​ចិត្ដ​តាម​ខាន​ពុំ​បាន​។ ការ​ដែល​ធ្វើ​យ៉ាង​នេះ​ ខ្ញុំ​ក៏​ឥត​មាន​អាក់​អន់​ចិត្ដ​អ្វី​ នឹង ​លោក​ដែរ​ ព្រោះ​ម្ដាយ​ខ្ញុំ​នៅ​កាន់​ទម្លាប់​បូរាណ​ ដែល​​ពុំ​បាន​បើក​សិទ្ធិ​ឲ្យ​បុត្រ​រើស​គូ​តាម​ចិត្ដ​របស់​ខ្លួន​ឡើយ​។ ឯ​ឪពុក​របស់​ខ្ញុំ​វិញ​មិន​ជា​ការ​អ្វី​ទេ​ លោក​មុខ​ជា​យល់​ដល់​ចិត្ដ​ថ្លើម​របស់​ខ្ញុំ​ខ្លះ​ជា​ពុំ​ខាន​ ព្រោះ​លោក​ក៏​ជា​ប្រុស​ដូច​ខ្ញុំ​ដែរ​ ហើយ​មាន​ការ​សិក្សា​ចេះ​ដឹង​គួរ​សមផង​។ ខ្ញុំ​គិត​ថា បើ​ទុក​ជា​យ៉ាង​ណា​ ក៏​ខ្ញុំ​អាច​អង្វរ​ករ​លោក​បាន​។ លុះ​គិត​ដូច្នេះ​ហើយ​ ខ្ញុំ​ក៏​សំរេច​ខ្លួន​ឯង​ថា និង ធ្វើ​ដំណើរ​ទៅ​តាមនាង​ យូរ៉េត​ របស់​ខ្ញុំ​។

    ខ្ញុំ​សាក​សួរ​មីង​ឆែម និង នាង​សា ម៉ុន​ ពី​អាសយដ្ឋាន​របស់​នាង​ យូរ៉េត​ នៅ​ទី​ក្រុង​បាង​កក​។ គេឆ្លើយ​ថា​ គេ​ពុំ​បានដឹង​ដែរ​ ដោយ​ដឹង​ត្រឹម​តែ​ថា​ នាង​មាន​ឪពុកមា​ធ្វើ​ការ​នៅ​ក្នុង​ក្រ​សួង​ការ​បរ​ទេស​នៃ​ប្រទេស​ថៃ​។ គេ​បាន​បញ្ជាក់ថា​ ប្រសិន​បើ​ នាងយូរ៉េត ទៅ​បាង​កក​មែន​នោះ​នាង​មុខ​ជា​ទៅ​នៅ​ជា​មួយ​ នឹង ​ឪពុក​មា​ដែល​ឈ្មោះ​ ឌីរ៉ង​ នោះ​។​

    មួយ​សប្ដាហ៍​ក្រោយ​មក​ ខ្ញុំ​ប្រថុយ​ធ្វើ​ដំណើរ​ទៅ​ក្រុង​បាង​កក​តែ​ម្នាក់​អែង​ ដោយ​ពុំ​បាន​ប្រាប់​ឲ្យ​អ្នក​ណា​ដឹង​សោះ​ឡើយ​ សូម្បី​មី​ឆែម​ ជា​ម្ចាស់​ផ្ទះ​នេះ​ ក៏​ខ្ញុំ​ពុំ​បាន​ជំរាប​ឲ្យ​ដឹង​ដែរ​។

    លុះ​ទៅ​ដល់​ក្រុង​បាង​កក​ ខ្ញុំ​ក៏​បាន​ទៅ​សំណាក់​​នៅ​សណ្ឋា​គារ​ដ៏​តូច​ ហើយ​ស្ងាត់នៅ​សួនលំ នៅ​ជិត​ស្ថាន​ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​ក្រុង​បាង​កក​។ ខ្ញុំ​ពុំ​បាន​បណ្ដោយ​ពេល​វេលា​ឲ្យ​កន្លង​ផុត​ទៅ​ដោយ​ឥត​ប្រយោជន៍​ ក្នុង​ការ​ស៊ើប​សួរ​រក​នាង​យូរ៉េត​ របស់​ខ្ញុំ​ឡើយ​។ បី​ថ្ងៃ​នៅ​ក្រុង​បាង​កក​ ខ្ញុំ​បាន​ទៅ​រក​ផ្ទះលោក​ ឌីរ៉ង ឃើញ​ ហើយ​ខ្ញុំ​បាន​ជួប​នាង​ យូរ៉េត​របស់​ខ្ញុំនៅទី​នោះ​។​

    ខ្ញុំ​ពុំ​អាច​អធិប្បាយ​ដល់​ទឹក​ចិត្ដ​របស់​ខ្ញុំ​ នឹង នាង​យូរ៉េត​ ក្នុង​ពេល​នោះ​បាន​ឡើយ​... ក្នុង​ពេលដែល​ប្រាប់​នាង​ថា​ មាន​មនុស្ស​មក​រក​នាង​នោះ​ នាង​ក៏​ដូច​ជា​ឆ្ងល់​ តែ​លុះ​នាង​ចេញ​​ដើរ​មក​ជិត​ខ្ញុំ​ នាង​ក៏​ឈរ​សំឡឹង​មើល​មុខ​ខ្ញុំ​ស្រឡាំង​កាំង​ ដោយ​ឥត​មាន​និយាយ​ស្ដី​ថា​អ្វី​... បើ​តាម​ខ្ញុំ​ស្មានថា​ដោយ​សារ​ការ​ត្រេក​អរ​ខ្លាំង​ពេក​ នាង​ពុំ​អាច​ហា​និយាយ​ស្ដី​អ្វី​រួច​... ខ្ញុំ​ក៏ចាប់​ផ្ដើម​សួរ​នាង​មុន​ថា៖

- យូរ៉េត​អូន​! អូនសុខ​សប្បាយ​ជា​ទេ?
- ច៎ា​ស! ពុំសូវ​ជា​សុខប្បាយប៉ុន្មានទេ...
- ម៉េច​អញ្ចឹង​?
   - ប៉ុន្មាន​ថ្ងៃ​មក​ហើយ​ ខ្ញុំ​ដូច​ជា​បានធូ​ទ្រូង​សប្បាយ​រីក​រាយ​បន្ដិច​ទៅ​ហើយ​ តែលុះ​មក​ឃើញ​មុខ​បង​ ចិត្ដ​ក៏​ដូច​ជា​លែង​សប្បាយ​រីករាយ​ដូច​ថ្ងៃ​មុន ប្រែ​ទៅ​ជាក្រៀមក្រំ​ទៅវិញ​។
- ម៉េច​ ក៏យូរ៉េត​និយាយ​អញ្ចឹង​?
   - ក៏​ព្រោះ​ខ្ញុំ​បានចួប​មុខ​មនុស្ស​ដែលខ្ញុំ​ស្រលាញ់​ ដែល​ខ្ញុំ​ពុំបាន​នឹក​នាសោះ​ថា​ នឹង ​បាន​ចួប​ មនុស្ស​ដែល​ខ្ញុំ​ស្រលាញ់​នោះ​ បានធ្វើ​គុណ​ប្រយោជន៍​ដល់​រូប​ខ្ញុំ​ជា​ច្រើន​ ដែល​ខ្ញុំ​បាន​ចង​ចាំ​ទុក​ក្នុង​ចិត្ដ​ជា​និច្ច​ថា ខ្ញុំ​ពុំ​អាច​បំភ្លេច​គុណ​គេ​ចោល​បាន​ក្នុង​មួយ​ជីវិត​នេះ​ ខ្ញុំ​បាន​លះ​បង់​អ្វី​គ្រប់​យ៉ាង​ ដើម្បី​បូជា​គុណ​បំណាច់​មនុស្ស​នោះ​ ទីបំផុត​ខ្ញុំ​សុខ​ចិត្ដ​លះ​បង់​សេចក្ដី​ស្នេហា​ដ៏​ធំរបស់​ខ្ញុំ​ ចំពោះ​មនុស្ស​នោះ​ ដើម្បី​អនាគត​របស់​គេ​ ហើយ​ត​មក​ខ្ញុំ​បាន​លឺ​ដំណឹង​យ៉ាង​ក្រៀម​ក្រំ​ថា មនុស្ស​ដែល​ខ្ញុំ​ស្រ​ឡាញ់​ស្មើ​ដោយ​ជីវិត​នោះ​ ត្រូវ​ស្លាប់​បាត់​បង់​ជីវិត​ទៅ​ហើយ​ ដែល​ជា​ការ​រឹង​រិត​តែ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ជីវិត​រស់​ពោរ​ពេញ​ដោយ​ការ​ទុក្ខ​សោក​ នឹង អស់​សង្ឃឹម...​
    ខ្ញុំ​បាន​អធិប្បាយ​រឿង​រ៉ាវ​ទាំង​អស់​ប្រាប់​នាង យូរ៉េត​រហូត​ដល់​រឿង​មរណ​ភាព​ម្ដាយ​របស់​ខ្ញុំ... ខ្ញុំ​បាន​ប្រាប់​នាង​ថា ខ្ញុំ​មាន​សង្ឃឹម​ថា ​ឪពុក​របស់​ខ្ញុំ​មុខ​ជា​បណ្ដោយ​តាម​ចិត្ដ​ របស់​ខ្ញុំ​ក្នុង​រឿង​នេះ​ជា​​ពុំ​ខាន​... ទីបំផុត​ ខ្ញុំបាន​ប្រាប់​នាង​ថា​៖
   - គ្នាន​អំណាច​អ្វី​ក្នុង​លោក​នេះ​ ក្រៅ​ពី​សេចក្ដី​ស្លាប់​អាច​មក​ពង្រាត់បង្រាសយើង​ទាំង​ពីរ​ ឲ្យ​ព្រាត់​ប្រាសនិរាស​ចាក​ចេញ​ពី​គ្នា​បាន​ឡើយ​...​
    នាង​ យូរ៉េត​ ក៏​ពុំ​និយាយ​ស្ដី​អ្វី​... នាង​អង្គុយ​សម្រក់ទឹក​ភ្នែក​នៅ​ចំពោះ​មុខ​ខ្ញុំ​...
    តពីនោះ​មក​ប្រាំ​ថ្ងៃ​ ខ្ញុំ​ក៏​លេង​សំណាក់​នៅ​លើ​សណ្ឋាគារ​សួនលំ​។ ខ្ញុំ​បានទៅ​ជួល​ផ្ទះ​នៅ​ ហើយ​បាន​នាំ​នាង​យូរ៉េត​ទៅ​ជាមួយ​។
    ខ្ញុំ​បាន​ផ្ញើ​សំបុត្រ​ទៅជំរាប​ឪពុក​របស់​ខ្ញុំ​ នូវ ហេតុ​ការណ៍​ទាំង​អស់​។ ជា​ពិសេស​ខ្ញុំ​បាន​ជំរាប​អំពី​រឿង​នាង យូរ៉េត​ និង ខ្លួន​ខ្ញុំ​យ៉ាង​ល្អិត​ល្អន់​។ ខ្ញុំ​បាន​សុំ​អង្វរ​ករ​លោក​ឲ្យ​លោក​មេត្ដា​យល់​ព្រម​តាម​ខ្ញុំ​ គឺ​សុំ​ឲ្យ​លោក​ព្រមទទួល​យក​នាង​យូរ៉េត​ ធ្វើ​ជា​កូន​ប្រសា ដែល​ក្នុង​ពេល​ពុំ​យូរ​ប៉ុន្មាន​ ខ្ញុំ​ នឹង ត្រូវ​នាំ​នាង​ត្រឡប់​ទៅ​ស្រុក​ខ្មែរ​វិញ​។​
    ចាប់​តាំង​ពី​ពេល​នោះ​មក​ ខ្ញុំ​ក៏​បាន​ប្រកប​ការ​ងារ​ចិញ្ចឹម​ជីវិត​គ្រប់​បែប​យ៉ាង​ ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ ហើយ​យើង​ក៏​មាន​ជីវភាព​យ៉ាង​បង្គួរ​។
    ប្រហែល​បី​ខែ​ក្រោយ​មក​ ខ្ញុំ​បាន​ទទួល​ដំណឹង​តាម​សំបុត្រ​ពី​ឪពុក​របស់​ខ្ញុំមួយ​ច្បាប់​។ ដំណឹង​នេះ​ជា​ដំណឹង​អាក្រក់​​សំរាប់​រូប​ខ្ញុំ​ ឬ បើ​យ៉ាង​ហោច​ណាស់​ ក៏​ជា​ដំណឹង​ ដ៏​អាក្រក់សំរាប់​ឪពុក​ដែល​ផ្ញើ​មក​កូន​ដែរ​ ព្រោះ លោក​បានសរសេរ​ផ្ញើ​មក​ទាំង​សេច​ក្ដី​ទោ​មនស្ស​​ជា​ខ្លាំង​ចំពោះ​រូប​ខ្ញុំ​ ដែល​ហ៊ាន​តាម​ស្ដ្រី​ដល់​ក្រុង​បាង​កក​។ លោក​បាន​បញ្ជាក់​ត្រង់​ចំណុច​ខាង​ចុង​ថា ​លោក​នឹង​ពុំ​ព្រម​ឲ្យ​ខ្ញុំ​យក​នាង​យូរ៉េត​ធ្វើ​ជា​ប្រពន្ធ​ជា​ដាច់ខាត​។ មិន​តែ​ប៉ុណ្ណោះ​ លោក​បាន​និយាយ​យ៉ាង​ដាច់​ខាត​ទៀត​ថា​ ឲ្យ​ខ្ញុំ​ត្រឡប់​ទៅ​ស្រុក​វិញ​យ៉ាង​ឆាប់​ ហើយ​ត្រឡប់​ទៅ​តែ​ម្នាក់​ឯង​ ដើម្បី​រៀប​ខ្លួន​ប្រាណ​រៀប​មង្គល​ការ​តាម​បណ្ដាំ​ម្ដាយ​របស់​ខ្ញុំ​។ នាង​យូរ៉េត​នោះ​ត្រូវ​តែ​លែង​លះ​គ្នា​ឲ្យជ្រះ​ស្រឡះ​ទៅ​។
    បញ្ហា​នេះ​ជា​បញ្ហា​ដ៏​សំខាន់​សំរាប់​រូប​ខ្ញុំ​ ជា​បញ្ហា​ដែល​ខ្ញុំ​ពុំ​ហ៊ាន​ប្រាប់​ឲ្យ​នាង​យូរ៉េត​ឲ្យ​ដឹង​ឡើយ​ ព្រោះ​កាល​​ដើម​ ខ្ញុំ​បាន​ប្រាប់​នាង​ថា សំរាប់​ឪពុក​របស់​ខ្ញុំ​នោះ​ ពុំ​ជា​អ្វី​ប៉ុន្មាន​ទេ​ បើ​អង្វរ​ករ​លោក​យូរ​ៗទៅ​ លោក​មុខ​ជា​យល់​ព្រម​តាម​ជា​ពុំ​ខាន​... ហើយ​ខ្ញុំ​បាន​ទាំង​​បញ្ជាក់​ប្រាប់​នាង​ថា​ នៅ​សង្ឃឹម នឹង អង្វរ​ករ​ឪ​ពុក​របស់​ខ្ញុំ​បាន​ទៀត​ផង​ តែឥឡូវ​ដល់​រឿង​រ៉ាវ​ប្រែ​ដូច្នេះ​ ខ្ញុំ​ក៏​ពុំ​ហ៊ាន​ប្រាប់​នាង​ឲ្យ​ដឹង​ឡើយ...
    ពេល​នេះ​ សំរាប់​រូប​ខ្ញុំ​វិញ​ ខ្ញុំ​ក៏​​ពុំ​អាច​លះ​បង់​នាង​ យូរ៉េត​ចោល​ ហើយ​ត្រឡប់​ទៅ​ស្រុក​វិញ​តែ​ម្នាក់​ឯង​បាន​ឡើយ​... សូម្បី​តែ​ត្រូវ​បែក​គ្នា​មួយ​ពេល​មួយ​គ្រា​សិន​ក៏​ដោយ​ ក៏​ខ្ញុំ​ដូច​ជា​ធ្វើ​ពុំ​កើត​ដែរ​... ការ​នេះ​ប្រែ​សេចក្ដី​ថា​ ខ្ញុំ​ពុំ​អាច​ត្រឡប់​ទៅ​ស្រុក​វិញ​តែ​ម្នាក់​ឯង​បាន​ទេ​ ប្រ​សិន​បើ​ឪពុក​របស់​ខ្ញុំ​ពុំ​យល់​ព្រម​តាម​ពាក្យ​អង្វរ​របស់​ខ្ញុំ​...
    ខ្ញុំ​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ជូន​​ឪ​ពុក​របស់​ខ្ញុំ​វិញ​ ដោយ​បាន​និយាយ​​ចង្អុល​ហេតុ​ផល​គ្រប់​យ៉ាង​ជូន​លោក​ស្ដាប់​។ ខ្ញុំ​យល់​ថា​ ការ​ឆ្លើ​យ​ឆ្លង​គ្នា​តាម​សំបុត្រ​រវាង​ខ្ញុំ​ និង ឪពុក​របស់​ខ្ញុំ​នោះ​ត្រូវ​ប្រើ​ពេល​យូរ​បន្ដិច​។
   យើង​នៅ​រួម​រស់​ជាមួយ​គ្នា​ដោយសេចក្ដីសុខ​ តែ​សេចក្ដី​សុខ​នេះ​ជា​សេចក្ដី​សុខ​ដែល​ខ្ញុំ​ពុំ​អាច​ដឹង​ថា​ នឹង អាច​ឋិត​ថេរ​ចីរកាល​យឺន​យូរ​ទៅ​បានអស់​ពេលត្រឹមណា...
   ឪពុក​របស់​ខ្ញុំ​ ពុំ​បាន​សរសេរ​សំបុត្រ​ឆ្លើយ​​មក​ខ្ញុំ​វិញ​ភ្លាម​ទេ​...
    ការ​ដែល​លោក​ពុំ​ឆ្លើយ​ភ្លាម​ដូច្នេះ​ ក៏​ប្រហែល​ជា​លោក​ខឹង​សម្បា​ នឹង ​ខ្ញុំ​ខ្លាំង​ណាស់​ ហើយ​ចង់​កាត់​កាល់​ខ្ញុំ​ចោល​ក៏​ពុំ​ដឹង​ តែ​សំរាប់​រូប​ខ្ញុំ​វិញ​ ខ្ញុំ​ក៏​គ្មាន​​ខឹង​ សម្បា​អ្វី​ នឹង លោក​ឡើយ​... ខ្ញុំ​គិត​ថា​ប្រសិន​បើ​លោក​ខឹង​ នឹង​ ខ្ញុំ​នោះ​ ក៏​គួរ ​នឹង ហេតុ​មែន​ ព្រោះ​បើ​ឧបមា​ថា​រូប​ខ្ញុំ​ជា​ឪពុក​ហើយ​មាន​កូន​ដែល​ខ្លួន​ខ្ញុំ​បានថ្នាក់​ថ្នម​ ចិញ្ចឹម​បី​បាច់​ថែ​រក្សា​ តាំង​ពី​តូច​រហូត​ធំ​ ដោយ​បាន​ទំនុក​បំរុង​ឲ្យ​រៀន​សូត្រ​ទាល់​តែ​បាន​ចេះ​ដឹង​ប៉ុណ្ណេះ​ ហើយ​ទីបំផុត​​កូន​នោះ​ពុំ​ស្ដាប់​បង្គាប់​ខ្ញុំ​ជា​ឪពុក​នោះ​ ក៏​គួរ​ឲ្យ​ខ្ញុំ​ខឹង​នឹង​វា​ដែរ​... តែ​យ៉ាង​ណា​ក៏​ដោយ​ចុះ​ ខ្ញុំ​ក៏​នៅ​តែ​មានសង្ឃឹម​ថា​ ឳពុក​របស់​ខ្ញុំ​ក៏​មុខ​ជា​យល់​ព្រម​តាម​ពាក្យ​អង្វរ​ករ​របស់​ខ្ញុំ​ជា​ពុំ​ខាន​...

    ក្រោយ​ពី​ពេល​នេះ​បន្ដិច​មក​នាង​ យូរ៉េត​ បាន​ប្រាប់​ខ្ញុំ​ថា​ នាង​មាន​ផ្ទៃ​ពោះ​ជាង​ពីរ​ខែ​មក​ហើយ​។ ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​រឹង​រិត​តែ​ធ្ងន់​ចិត្ដ​ឡើង​ទៀត​។
    ពិត​ណាស់​ហើយ​ កូន​ដែល​ នឹង ​ត្រូវ​កើត​មក​នោះ​ វា​មុខ​ជា​នឹង​ក្លាយ​ទៅ​ជា​ចំណង​សំរាប់​ចង​ក​ខ្ញុំ​ ឲ្យ​រឹង​រិត​តែ​តឹង​ឡើង​ទៀត​ លឺពាក្យ​ប្ដេជ្ញា​ដែល​យើង​បាន​សន្យា​ចំពោះ​មុខ​គ្នា​ថា​ នឹង ពុំ​ព្រម​ឲ្យ​អំណាច​អ្វី​មួយ​ក្នុង​លោក​មក​ពង្រាត់​បង្រាស​យើង​បាន​ក្រៅ​ពី​សេចក្ដី​ស្លាប់​នោះ​ឡើយ​... ប៉ុន្ដែ​ជួន​កាល​កូន​ដែល​ នឹង ត្រូវ​កើត​មក​នេះ​ ក៏​អាច​ជា​ប្រយោជន៍ដល់​យើង​ខ្លះដែរ​ ព្រោះ​ប្រសិន​បើ​ឪពុក​របស់​ខ្ញុំ​បាន​ជ្រាប​ថា​ ឥឡូវ​នេះ​នាង​ យូរ៉េត​ មាន​ផ្ទៃ​ពោះ​ហើយ​នោះ​ លោក​មុខ​ជា​មាន​ចិត្ដ​ទោរ​ទន់​អាណិត​អា​សូរ​ខ្លះ​ៗ​ជា​ពុំ​ខាន​... ខ្ញុំ​បាន​សរសេរ​សំបុត្រ​ទៅ​ជំរាប​លោក​ថា​ ពេល​នេះ​លោកឪពុក​កំពុង​តែ​ក្លាយ​ខ្លួន​ទៅ​ជា​ជីតា​របស់​ទារក​ម្នាក់​ដែល​កើត​ពី​នាង​យូរ៉េត​ ព្រោះ​សព្វ​ថ្ងៃ​នេះ​ នាង​កំពុង​តែ​មានផ្ទៃ​ពោះ​... ខ្ញុំ​បាន​អង្វរករ​លោក​ថា​ ប្រសិន​បើ​លោក​ឪពុក​ពុំអាណិត​អាសូរ​នាង​យូរ​រ៉េត​ទេនោះ​ ក៏​សូម​ឲ្យ​អាណិត​តែ​ទារក​ដែល​កំពុង​តែ​ប្រុង​ប្រៀប​ខ្លួន​ចេញ​មក​បើក​ភ្នែក​មើល​ពិភព​លោក​ ហើយ​ដែល​វាជា​សាច់​ឈាម​របស់​លោក​ឪពុក​ដោយ​ពិត​ៗ​ នោះ​ផង​ទៅ​ចុះ​...

    ក្នុង​ពេល​នោះ​ ខ្ញុំ​ថ្នាក់​ថ្នម​នាង​ យូរ៉េត​ ដូច​កែវ​ភ្នែក​ ឬ​ ដូច​កែវ​នៃ​ជីវិត​.. ខ្ញុំ​ជឿជាក់​ថា​កូន​ដែល​ នឹង ​ត្រូវ​កើត​មក​នេះ​ មុខ​តែ​ពុំ​មែន​ជា​កូន​ដែល​មាន​សភាព​ទន់​ខ្សោយ​ ឬ ល្ងង់​ខ្លៅ​ឡើយ​... ឯនាង យូរ៉េត​វិញ​ ក៏​បាន​ប្រព្រឹត្ដ​ខ្លួន​ជា​ប្រពន្ធ​ដ៏​ល្អ​ជា​ទី​បំផុត​... ខ្ញុំ​ពុំ​ដែល​មាន​ប្រពន្ធ​ ខ្ញុំ​ពុំ​អាច​លើក​យក​នាង​ទៅ​ប្រៀប​ធៀប​ នឹង អ្នក​ណា​ឲ្យ​សម​ឡើយ​ តែ​ប្រសិន​បើ​រំពឹង​គិត​ថា​ នៅ​មាន​អ្វី​ខ្លះ​ទៀត​ដែល​ខ្ញុំ​ត្រូវ​ការ​ពឹង​នាង​ យូរ៉េត​ ហើយនៅ​ពុំ​ទាន់​បាន​នោះ ខ្ញុំ​ក៏​ដូច​ជា​រក​នឹក​ពុំ​ឃើញ​ ព្រោះ​សព្វ​ថ្ងៃ​ ខ្ញុំ​មាន​អ្វី​គ្រប់​បែប​គ្រប់​យ៉ាង​ ត្រូវ​តាម​សេច​ក្ដី​ប្រា​ថ្នា​ទាំង​អស់​... រូប​ខ្ញុំ​ក្នុង​ពេល​នេះ​ដូច​ជា​ត្រូវ​តាម​ពុទ្ធ​ដីការបស់​ព្រះ​សង្ឃ​ដែល​តែង​ប្រ​ទាន​ពរ​ថា «សូម​សេចក្ដី​ប្រា​ថ្នា​ទាំង​ឡាយ​ទាំង​ពួង​បាន​សំរេច​ដល់​អ្នក​»។

    មាន​ពេល​ច្រើន​ដង​ណាស់​ ដែល​នាង​យូរ៉េត​ សួរ​ខ្ញុំ​ កាល​ណា​យើង​ត្រឡប់​ទៅ​ស្រុក​វិញ​? សំនួរ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ដ​ខ្លាំង​ ព្រោះ​ខ្ញុំពុំ​ដឹង​ជា​ឆ្លើយ​ប្រាប់​នាង​វិញ​ថា​ដូចម្ដេច​... ខ្ញុំ​ពុំ​អាច​ឆ្លើយ​ប្រាប់​នាង​វិញ​ថា​ ឪពុក​របស់​ខ្ញុំ​ពុំ​ព្រម​ទទួល​យក​នាង​ធ្វើ​ជា​កូន​ប្រសា​ ឬ​ ក៏​ខ្ញុំ​បាន​ទទួល​សំបុត្រ​របស់​ឪពុក​ខ្ញុំ​ ដែល​មាន​ពាក្យ​បង្គាប់​ថា​ ឲ្យ​ខ្ញុំ​ត្រឡប់​ទៅ​ស្រុកវិញ​តែ​ម្នាក់​ឯង​ ឬ ក៏​អ្វី​ៗ​ ដែល​ជាពុំ​មែន​ជា​ដំណឹង​ល្អ សំរាប់​រូប​នាង​នោះ​បាន​ឡើយ​... ខ្ញុំ​គិត​ថា ខណ​នេះ​នាង​កំពុង​តែ​មាន​ផ្ទៃ​ពោះ​ កូន​ដែល​ឋិត​នៅ​ក្នុង​ពោះ​របស់​នាង​នោះ​ ជាជីវិត​ទី​ពីរ​របស់​ខ្ញុំ​... កូន​នេះ​ នឹង អាក្រក់​ ឬ​ ល្អ ក៏​ស្រេច​ទៅ​លើ​សភាព​ដួង​ចិត្ដ​របស់​ម្ដាយ​ ក្នុង​ពេល​មានទម្ងន់​ ព្រោះ​រឿង​នេះ​ វា​មាន​ការ​ទាក់​ទង​គ្នា​សំខាន់​ណាស់​...

    ប៉ុន្ដែ​កាល​បើ​នាង​ចេះ​តែ​សួរ​រឿយ​ៗ​ ខ្ញុំ​ត្រូវ​រក​ពាក្យ​ដោះ​សារ​ផ្សេង​ៗ​ដែរ​.. ខ្ញុំ​បាន​ប្រាប់​នាង​ថា​ ខ្ញុំ​ដូច​ជា​លែង​ចង់​ត្រឡប់​ទៅ​ស្រុក​វិញ​ហើយ​ ព្រោះ​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត​សព្វ​ថ្ងៃ​នេះ​ ក៏​ដូច​ជា​បាន​ចំ​រើន​គួរ​សម​ដែរ...។
- បើ​អញ្ចឹង​ (នាង​យូរ៉េត​និយាយ​) ក៏​ប្រែ​សេច​ក្ដី​ថា​ រូប​អូន​ជា​អ្នក​តម្លាយ​​ នូវ អនាគត​របស់​បង​...​
- សុំ​អូន​កុំ​និយាយ​អញ្ចឹង​ យើង​អាច​គិត​ថា​ នេះ​ជា​ការ​ប្រែប្រួល​ នៃ ជីវិត​ទៅ​ចុះ​...

    បួន​ខែ​កន្លង​ផុត​ទៅ​ទៀត​ ប្រសិន​បើ​រាប់​ពី​ពេល​ដែល​ខ្ញុំ​បាន​សរសេរ​សំបុត្រ​ទៅ​ជំរាប​​ឪ​ពុក​របស់​ខ្ញុំ​ថា នាង​យូរ៉េត​មាន​ផ្ទៃពោះ​នោះ​ ខ្ញុំ​ក៏​បាន​ទទួល​នូវ​សំបុត្រ​របស់​ឪពុកខ្ញុំ​មួយ​ច្បាប់​ទៀត​។ សំបុត្រ​នោះ​ក៏​ពុំ​បានធ្វើ​ឲ្យ​សភាព​ការណ៍​ផ្លាស់​ប្ដូរ​ប្រែប្រួល​ទៅ​ជា​យ៉ាង​ណា​ឡើយ​ ព្រោះ​ឪពុក​របស់​ខ្ញុំ​នៅ​តែ​ប្រ​កាន់​យ៉ាង​ម៉ឺង​មាត់​ថា​ លោក​នៅ​តែ​ពុំ​ព្រម​ទទួល​នាង​ យូរ៉េត​ ធ្វើ​ជា​កូនប្រសា​ដដែល​ សូម្បី​នាង​មាន​កូន​ប៉ុន្មាន​នាក់​ហើយ​ក៏​ដោយ​។ ក្រៅ​ពី​នោះ​លោក​នៅ​តែ​ប្រាថ្នា​ឲ្យ​ខ្ញុំ​ត្រឡប់​ទៅ​ស្រុក​វិញ​ ដើម្បី​រៀប​ការ​ជា​មួយ​នារី​ម្នាក់​ដែល​លោក​បាន​ដណ្ដឹង​ទុក​ឲ្យ​តាម​បណ្ដាំ​ម្ដាយ​របស់​ខ្ញុំ​ ហើយ​លោក​ឲ្យ​ត្រឡប់​ទៅ​វិញ​តែ​ម្នាក់​ឯង​ ពុំ​ព្រម​ឲ្យ​យក​នាង​ យូរ៉េត​ ឬ​ កូន​ទៅ​ជា​មួយ​ផង​ឡើយ​។

    តាម​ពិត​ ឪពុក​របស់​ខ្ញុំ​ក៏​ពុំ​អាច​រា​រាំង​ ឬ ហាម​ឃាត់​ពុំ​ឲ្យ​យក​នាង​ យូរ៉េត​ ទៅ​ជា​មួយ​ផង​នោះ​បានឡើយ​ ខ្ញុំ​អាច​នាំ​យក​នាង​ទៅ​លាក់​ទុក​នៅ​កន្លែង​ណា​មួយ​ក៏​បាន​ ដោយ​ពុំ​ជូន​លោក​ជ្រាប​ តែ​ប្រសិន​បើ​ខ្ញុំ​ធ្វើ​ដូច្នេះ​ទៅ​ ផល​អាក្រក់​ នឹង កើត​ឡើង​ដល់​នាង​យ៉ាង​ណា! ខ្ញុំ​គិត​ថា​ ថ្ងៃ​ណា​មួយ​នាង​មុខ​ជា​ដឹង​ថា​ ឪពុក​ក្មេក​នាង​ពុំ​ព្រម​ទទួល​នាង​ឲ្យ​ចូល​ជា​សមាជិក​គ្រួសារ​ ហើយ​ពេល​នោះ​នាង​មុខ​ជា​មាន​សេចក្ដី​ទុក្ខ​ទោមនស្ស​យ៉ាង​ខ្លាំង​។ ពិសេស​ជាង​នោះ​ទៅ​ទៀត​​ ប្រសិន​បើ​ខ្ញុំ​ត្រូវ​រៀប​ការ​ជា​មួយ​ នឹង នារី​ណា​ម្នាក់​ទៀត​នោះ​ ផល​អាក្រក់​យ៉ាង​ខ្លាំង​ក៏​មុខ​ជា​កើត​ឡើង​ដល់​នាង យូរ៉េត​ យ៉ាង​ពិត​ប្រាកដ​ គិត​ដូច្នេះ​ហើយ​ ខ្ញុំ​ក៏​បាន​សរសេរ​សំបុត្រ​ដោះ​សារ​ផ្ញើ​ទៅ​ជូន​លោក​ឪពុក​ខ្ញុំ​ទៀត​ ក្នុង​ការ​ដែល​ខ្ញុំ​នៅ​ពុំ​ទាន់​បាន​ត្រឡប់​ទៅ​ស្រុក​វិញ​នោះ​ថា​ ដោយ​សារ​តែ​ពេល​នេះ​ នាង​ យូរ៉េត​ កំពុង​តែមាន​ផ្ទៃ​ពោះ​នោះ​ បាន​ជា​ខ្ញុំ​ពុំ​អាច​​លះបង់​នាង​ចោល​។ ខ្ញុំ​បានអង្វរ​ករ​លោក​ថា​ សូម​ឲ្យ​ខ្ញុំ​បាន​នៅ​ជា​មួយ​នាង​ ទាល់​តែ​ដល់​ពេល​ដែល​នាង​បាន​សម្រាល​កូន​រួច​សិន​ ឬ​ ក៏​ទុក​ពេល​ឲ្យ​ខ្ញុំ​ចាត់​ការ​រៀប​ចំ​ឲ្យ​នាង​ យូរ៉េត​ មាន​មុខ​របរ​រក​ស៊ី​ចញ្ចឹម​ជី​វិត​ឲ្យ​បាន​ស្រួល​បួល​ដល់​អត្ដ​ភាព​សិន​នោះ​ ខ្ញុំ​ នឹង ​ត្រឡប់​ទៅ​ស្រុក​វិញ​ភ្លាម​។

    ចាប់​តាំងពី​ពេល​នោះ​មក​ ខ្ញុំ​ក៏​លែង​បានទទួលសំ​បុត្រ​ ឬ ដំណឹង​អ្វី​ពី​ឪពុក​របស់​ខ្ញុំ​ទៀត​សោះ​។
    ឥឡូវ​នាង​យូរ៉េត​ បាន​សំរាល​កូន​ហើយ​ ៗ​ ជា​កូន​ប្រុស​ផង​។ ខ្ញុំ​ពុំ​អាច​អធិប្បាយ​​អំពី​មនោ​សញ្ចេត​នា​របស់​ខ្ញុំ​ឲ្យ​ច្បាស់​លាស់​ជា​លាយ​លក្ខ​អក្សរ​បាន​ឡើយ​... សភាព​ នៃ​ ទឹកចិត្ដ​ដែល​ដឹង​ខ្លួន​ថា​ជា​ឪពុក ឪពុក​ដែល​មាន​កូន​កើត​មក​ដោយ​ឈាម​មួយ​ដុំ​របស់​ខ្លួន​នោះ​ បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​សេច​ក្ដី​ត្រេក​អរ​រីក​រាយ​យ៉ាង​លើ​ស​លប់​រក​អ្វី​ប្រៀប​គ្មាន​... ជា​សេច​ក្ដី​ស្នេហា​ដែល​ខ្ញុំពុំ​ធ្លាប់​មាន​​ពុំ​ធ្លាប់​ដឹង​មក​ពី​ពេល​មុន​ឡើយ​... ការ​បាន​មាស​ប្រាក់​ ការ​ប្រឡង​ជាប់​ជាដើម​ ទាំង​នេះ​ ក៏​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ត្រេក​អរ​រីក​រាយ​សប្បាយ​ចិត្ដ​ជា​ខ្លាំង​ ឬ ការ​បានចួប​ នឹង នាង​យូរ៉េត​ វិញ​នោះ​ ក៏បាន​ធ្វើ​ឲ្យ​ខ្ញុំ​ត្រេក​អរ​ ឬ រីក​រាយ​សប្បាយ​ចិត្ដ​ខ្លាំង​ណាស់​ដែរ​ តែ​ការ​ត្រេក​អរ​ ឬ​ រីក​រាយ​សប្បាយ​ចិត្ដ​ទាំង​នោះ​ ក៏​នៅ​តែ​ពុំ​ទាន់​ដែល​ជ្រួត​ជ្រាប​ដូច​ការ​ត្រេក​អរ​ និង រីក​រាយ​សប្បាយ​ចិត្ដ​ ក្នុង​ពេល​ដែល​ខ្ញុំបាន​កូន​ប្រុស​មួយ​នេះ​ដែរ​ សូម្បី​រូប​ខ្ញុំ​ជា​អ្នក​សរសេរ​រឿង​ ក៏​ ខ្ញុំ​ពុំ​អាច​បរិយាយ​ឲ្យ​បាន​ច្បាស់​លាស់​ ថា​ការ​ត្រេក​អរ​ និង សេច​ក្ដី​រីក​រាយសប្បាយ​ចិត្ដ​នោះ​ មាន​សភាព​យ៉ាង​ណា​ឡើយ​...

    ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ ខ្ញុំ​បាន​នឹក​ទៅ​ដល់​ឪពុក​របស់​ខ្ញុំ​ ថា​លោក​ប្រ​ហែល​ជា​ត្រេក​អរ​រីក​រាយ​សប្បាយ​​ស្រឡាញ់​ខ្ញុំ​ ដូច​ខ្ញុំ​ស្រឡាញ់​កូន​ខ្ញុំ​ដែរ​ នៅ​ពេល​ដែល​ខ្ញុំ​កើត​... បើ​ដូច្នេះ​ជា​ការ​សម​គួរ​ ឬ ដែល​ខ្ញុំ​រឹង​ទទឹង​ នឹង​ លោក​ ជំទាស់​ នឹង​ លោក​ ក្នុង​ការ​ដែល​លោក​បាន​សំដែង​ នូវ ​សេច​ក្ដី​ប្រា​ថ្នា​ យ៉ាង​ខ្លាំង​ក្លា​ថា​ ឲ្យ​ខ្ញុំ​បោះ​បង់​ចោល​នាង​យូរ៉េត​ បោះ​បង់​ចោល​កូន​ ហើយ​ត្រឡប់​ទៅ​ស្រុក​វិញ​តែ​ម្នាក់​ឯង​?... ឧបមា​ថា ​ កូន​របស់​ខ្ញុំដែល​ទើប​ នឹង ​កើត​នេះ កាល​បើ​វា​ធំឡើង​វា​រឹង​ទទឹង​​ជំទាស់​ នឹង បំណង​ល្អ​របស់​ខ្ញុំ​ វា​ហ៊ាន​ទៅ​យក​ប្រពន្ធ​តាម​ទំនើង​វា​វិញ​នោះ​ តើ​ខ្ញុំ​ នឹង ធ្វើ​យ៉ាង​ណា?...

    ខ្ញុំ​ពិបាក​ចិត្ដ​ជា​ខ្លាំង​... ខ្ញុំ​គិត​ថា​ រូប​ខ្ញុំ​ហាក់​ដូច​ជា​ត្រូវ​​ឋិត​នៅ​ក្នុង​ចន្លោះ​ថ្ម​ដា​ដ៏​ធំពីរ​ដុំ​ ដែល​កំពុង​តែ​រមៀល​​ខិត​ចូល​ជិត​គ្នា​មក​សន្ធប់​ខ្ញុំ​... ម្ខាង​ឪពុក​ ម្ខាង​ទៀត​​កូន​!.. ខ្ញុំ​ពុំ​ដឹង​ជា​គេច​ទៅ​ខាង​ណា​ឡើយ​... ក្នុង​មួយ​ជីវិត​របស់​ខ្ញុំ​​នេះ​ ខ្ញុំ​ពុំ​ដែល​មាន​ពេល​ណា​ទាល់​ប្រាជ្ញ​ដូច​ជា​ពេល​នេះ​សោះ​ឡើយ​...

    ខ្ញុំ​បាន​សរសរ​សំបុត្រ​ជំរាប​ឪពុក​របស់​ខ្ញុំ​មួយ​ច្បាប់​ទៀត​ថា​ ឥឡូវ​នេះ​ នាង យូរ៉េត​ បានសំរាល​កូន​ហើយ​ៗ កូន​នេះ​ជា​ប្រុស​ទៀត​ផង​។ ខ្ញុំ​បាន​ជំរាប​លោក​ថា ខ្ញុំ​ពុំ​ចាំ​បាច់​អធិប្បាយ​ដល់​មនោ​សញ្ចេត​នា​របស់​ខ្ញុំ​ថា​ យ៉ាង​ណាឡើយ​ ព្រោះ​ខ្ញុំ​ជឿ​ជាក់​ថា​ នៅ​ពេល​ខ្ញុំ​កើត​នោះ​ លោក​ឪពុក​ក៏​ត្រេក​អរ​រីក​រាយ​សប្បាយ​ចិត្ដ​ ហើយ​ស្រឡាញ់​កូន​រក​អ្វី​ប្រៀប​ស្មើ​ពុំ​បាន​ដែរ​ ហើយ​ប្រសិន​បើ​ពេល​នោះ​មាន​អំណាច​អ្វី​ ទៅ​ពង្រាត់​​បង្រាស់លោក​ឪពុក​ពី​កូន ​ឲ្យ​ព្រាត់​ប្រាស់​បែក​ខ្ញែក​ចេញ​ពី​គ្នាង​នោះ​ លោក​ឪពុក​ក៏​មុខ​ជា​ទុក្ខ​ទោ​មនស្ស​ជា​ខ្លាំង​ដែរ​។ ខ្ញុំ​ជឿ​ជាក់​ថា​លោក​ឪពុក​មុខ​ជា​ហ៊ាន​ប្រ​ថុយ​ស្លាប់​ ដោយ​ពុំ​ព្រម​ព្រាត់​ពី​កូន​ឡើយ​ ឯ​ឋានរបស់​ខ្ញុំ​ក្នុង​ពេល​នេះ​ ក៏​ដូច​គ្នា​ នឹង ​លោក​ឪពុក​ដែរ​ គឺ​ខ្ញុំ​ពុំ​អាច​បែក​ចេញ​ពី​កូន​ខ្ញុំ​បាន​ទេ​ សូម្បី​ខ្ញុំ​បាន​សន្យា​ នឹង លោក​ឪពុក​ថា​ កាល​បើ​នាង​ យូរ៉េត​សំរាល​កូន​រួច​រាល់​ហើយ​នោះ​ ខ្ញុំ​ក៏​នឹង​បោះ​បង់​នាង​ចោល​ តែ​ឥឡូវ​នេះ ខ្ញុំ​នៅ​ពុំ​ទាន់​ដាច់​ចិត្ដ​​បោះ​បង់​នាង​ចោល​បាន​ឡើយ​ ព្រោះ​ពី​មុន​​ខ្ញុំ​មាន​ត្រឹម​តែ​ចំណង​ដៃ​ តែ​ឥឡូវ​ ខ្ញុំ​មានចំណង​ក​បន្ថែម​មក​មួយ​ជាន់​ទៀត​។ ដោយ​សារ​ចំណង​ទាំង​ពីរ​នេះ​តឹង​ណែន​ជាប់​ពេក​ ខ្ញុំ​ក៏​ពុំ​ដឹង​ នឹង ​ស្រាយ​ដូច​ម្ដេច​បាន​ ដើម្បី​ឲ្យ​បាន​វិល​ត្រឡប់​ទៅ​ស្រុក​វិញ​។

    រឿង​រ៉ាវ​ទាំង​អស់​នេះ​ បានធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ដ​ជា​ខ្លាំង​ ព្រោះ​​ខ្ញុំ​ត្រូវ​គិត​តែ​ម្នាក់ឯង​ ដោយ​ខ្ញុំ​ពុំ​អាច​និយាយ​ប្រាប់​ឲ្យ​នាង​ យូរ៉េត​ ដឹង​បានឡើយ​​ ព្រោះ​នាង​ទើប​នឹង​សំរាល​កូន​ថ្មី​ៗ​ សរសៃ​នៅ​ខ្ចី​ នាង​នៅ​ត្រូវ​ការ​រក្សា​ខ្លួន​ក្នុង​ដំណេក​នៅ​ឡើយ​ ម៉្លោះ​ហើយ​ខ្ញុំ​ត្រូវ​តែ​ប្រ​យ័ត្ន​ប្រយែង​ជា​ទី​បំផុត​ ដើម្បី​កុំ​ឲ្យ​មាន​រឿង​រ៉ាវ​អ្វី​ពុំ​ល្អ​ប៉ះ​ទង្គិច​ដល់​ទឹក​ចិត្ដ​នាង​ជា​ដាច់​ខាត​។

    ខ្ញុំ​ស្រឡាញ់​កូនប្រុស​របស់​ខ្ញុំ​យ៉ាង​ពេញ​ចិត្ដ​ជា​ខ្លាំង​។ វាជា​ក្មេង​ស្អាត​បាត​ពុំ​ដូច​ខ្ញុំ​ទេ​ តែ​វា​ដូច​ម្ដាយ​របស់​វា​។ កាល​បើ​ថ្ងៃ​ និង យប់​ចេះ​តែ​កន្លង​ទៅ​ វា​ក៏​ចេះ​តែ​ចំរើន​ធំឡើង​គ្រប់​ខណដែរ​។ ខ្ញុំ​បាន​ដាក់​ឈ្មោះ​វាថា​ យូរ៉ា ដោយ​យក​ឈ្មោះ​ម្ដាយ​ នឹង ឪពុក​មក​ផ្សំ​គ្នា​ ព្រោះ​វា​ជា​ដុំ​ឈាម​ ​ជា​ដួង​កែវ​ជីវិត​ និង ជា​ដួង​ចិត្ដ​របស់​យើង​ទាំង​ពីរ​នាក់​។

    ដោយ​សារ​ការ​នឹក​ដល់​សភាព​ពុំ​ទៀង​ទាត់​ នៃ សង្ខារ​ និង ដោយ​សារ​ការ​យល់​ព្រមពី​នាង​ យូរ៉េត​ ផង​នោះ​ ខ្ញុំ​ក៏​បាន​ទៅ​ធានា​ជីវិត​របស់​ខ្ញុំ​ទុក​ជា​ប្រាក់ចំនួន​បី​សែន​បាត​ (ប្រហែល​ជា​ប្រាំ​សែន​រៀល​ នៃ​ ប្រាក់ខ្មែរ​​)។ ក្នុង​ការធានា​នេះ​ មាន​កិច្ច​សន្យា​ថា​ ប្រសិន​បើ​ខ្ញុំ​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ ក្រុម​ហ៊ុន​ដែល​ទទួល​ធានា​រ៉ាប់​រង​ នឹង ត្រូវ​សង​ប្រាក់​បី​សែន​បាត​នេះ​ដល់​នាង​ យូរ៉េត​ ឬ​ដល់ យូរ៉ា ជា​កូន​របស់​ខ្ញុំ​។

    ប្រាំបី​ខែ​កន្លង​ផុត​ទៅ​ យូរ៉ា កូន​ប្រុស​ខ្ញុំ​ក៏​មាន​អាយុ​ប្រាំ​បី​ខែ​ដែរ​។ ស្ថាន​ការណ៍​ក៏​គ្មាន​អ្វី​ផ្លាស់​ប្ដូរ​ប្រែ​ប្រួល​ដែរ​។ ជីវិត​ក្នុង​គ្រួសារ​របស់​យើង​ក៏​បាន​ប្រព្រឹត្ដ​ទៅ​​ដូច​ជា​ធម្មតា​។ ដូច​ដែល​យើង​និយាយ​ថា​ ល្មម​ប្រព្រឹត្ដ​ទៅ​បាន​ ព្រោះ​មុខ​របរ​រកស៊ី​ចិញ្ចឹម​ជីវិត​របស់​យើង​ ក៏​បានចំរើន​គួរ​សម​ដែរ​ រហូត​ដល់​មាន​​ប្រាក់​កាស​យក​ទៅធានា​ជីវិត​។

    នាង​យូរ៉េត​ បានធ្វើ​ខ្លួន​ជា​ប្រពន្ធ​ដ៏​ល្អ​ជាទី​ស្រឡាញ់​ពេញ​ចិត្ដ​របស់​ខ្ញុំ​រហូត​មក។ យើង​ពុំ​ដែល​ទាស់​ទែង​ខ្វែង​គំនិត​គ្នា​ ឬ ឈ្លោះ​ប្រកែក​គ្នា​សោះ​ឡើយ​។ យើង​តែង​ស្រុះ​ស្រួល​ជា​មួយ​គ្នា​ជា​និច្ច​ ហាក់​ដូច​ជា​ បេះ​ដូង​ពីរ​ត្រូវ​យក​មក​ផ្គុំ​គ្នា​ក្នុង​ដើមទ្រូង​តែ​មួយ។
    តាំង​ពី​នោះ​មក​ ខ្ញុំបាន​ទិញ​រថ​យន្ដ​មួយ​។ ការទិញ​រថ​យន្ដ​នេះ​ពុំ​មែន​ដើម្បី​ហ៊ឺ​ហា​ទេ​ តែ​ដើម្បី​ទុក​សំរាប់​ប្រើ​ការ​ចាំ​បាច់​ ព្រោះ​ខ្ញុំ​នៅ​ជាយ​ក្រុង ប្រសិន​បើ​ប្រពន្ធ​កូន​ឈឺ​ថ្កាត់​ ខ្ញុំ​អាច​ទៅតាម​គ្រូ​ពេទ្យ​បាន​ឆាប់​រហ័ស​។ រថ​យន្ដ​ដែល​ខ្ញុំ​ទិញ​នេះ​ ជា​រថយន្ដ​តូច​ជំនំ ដែល​មាន​តំលៃ​យ៉ាង​ថោក​គួរ​សម​។
    វេលានេះ​ ខ្ញុំ​ពុំដែល​ទទួលសំបុត្រ​ ឬ​ ដំណឹង​អ្វី​ពី​ឪពុក​ខ្ញុំ​ទេ​។ ខ្ញុំ​ចេះ​តែ​នឹក​ព្រួយ​ថា​ ក្រែង​លោលោក​មាន​ជម្ងឺ​ដំកាត់​ ឬ​ អន្ដរាយ​អ្វី​បាន​ជា​បាត់​ដំណឹង​យ៉ាង​នេះ​។
    ខ្ញុំ​គិត​ម្យ៉ាង​ទៀត​ថា​ បើ​ពុំ​ដូច្នេះ​ទេ​ ក៏ប្រហែល​លោក​កាត់​កាល់​ខ្ញុំ​ចោល លែង​នឹក​នា​ខ្ញុំ​ថា​ជា​កូន​ទៀត​ ព្រោះ​ឪពុក​របស់​ខ្ញុំ​ពុំ​មែន​មានកូន​តែ​រូប​ខ្ញុំ​ម្នាក់​ឯង​ទេ​ នៅ​មានបង​ប្រុស​របស់​ខ្ញុំ​ម្នាក់​ និង ប្អូន​ស្រី​ ប្រុសរបស់​ខ្ញុំ​ពីរ​នាក់​ទៀត។