វគ្គទី១២
តើចក្រព័ត្ដិ​បំបែក​ប្រទេសខ្មែរជាពីរបានឬ?
ថ្ងៃសៅរ៍ ទី6.មីនា 2021.ម៉ោង 9:49

    ខ្ញុំ​ចេះ​តែ​ខំ​ប្រឹង​សំងំ​នៅ​ស្ងៀម ដើម្បី​លាក់​ខ្លួន​ពួន​អាត្មា​ នៅ​ក្នុង​បន្ទប់​ដ៏​ស្ងាត់​លើ​គេហ​ដ្ឋាន​របស់​លោក​វរ​សេនីយ​ទោ​ មាស ស្អាត​ តទៅ​ទៀត​ ដោយ​ពុំ​ដឹង​ថា​ ថ្ងៃ​ណា​ នឹង បាន​រួច​ខ្លួន​បាន​ចេញ​មុខ​មាត់​ នឹង គេ​។ ខ្ញុំ​នឹក​រលឹក​ដល់​ឪពុក​ម្ដាយ​បង​ប្អូន​ និង នាង​យូរ៉េត ​របស់​ខ្ញុំ​ជា​ខ្លាំង​ ទាល់តែ​ពុំ​អាច​ពណ៌នា​បាន​។ ខ្ញុំ​នឹក​រហូត​ដល់​ពេលខ្លួ​ន​ ខ្ញុំ​ចង់លប​ទៅ​ចួប​ នឹង អ្នក​ទាំង​នោះ​ ស្ទើរ​តែ​ទ្រាំ​ពុំ​បាន​។

    ថ្ងៃ​មួយ​ គឺ​ថ្ងៃ​ទី​ ១៧ រាប់​ពី​ថ្ងៃ​ដែល​មាន​ចារ​កម្ម​នៅ​លើ​គេហ​ដ្ឋាន​របស់​លោក​វរ​សេនីយ​ទោ​ មាស ស្អាត​ នោះ​មក​ លោក​វរ​សេនីយ​ទោ​ ក៏​បាន​ហៅ​អោយ​ខ្ញុំ​ចេញ​ទៅ​ចួប​ នឹង ​លោក​នៅ​ខាង​ក្រៅ​តែពីរ​នាក់​។

   - លោក​ (លោក​វរ​សេនីយ​ទោ​និយាយ​) ខ្ញុំ​សុំ​សរសើរ​លោក​ដោយ​ស្មោះ​ស្ម័គ្រ​ ក្នុង​ការ​ដែល​លោក​បំពេញ​បេសកកម្ម​ពិសេស​ជូន​ចំពោះ​ជាតិ​មាតុ​ភូមិ​ ហើយ​ឯក​ឧត្ដម ទេស​រដ្ឋ​មន្ដ្រី​ក្រ​សួង​ការ​ពារ​ប្រទេស​ ក៏​បាន​ផ្ដាំ​ផ្ញើ​ខ្ញុំ​ឲ្យ​ខ្ញុំ​សំដែង​ នូវ​ អំណរ​គុណ​ចំពោះ​លោក​ផង​ដែរ​។
   - ព្រះតេជគុណ! បើ​អញ្ចឹង​បេសកកម្ម​របស់​ខ្ញុំ​បាទ​បាន​ត្រូវ​ចប់​ហើយ​ឬ? ហើយ​ខ្ញុំ​បាទ​អាច​ចេញ​មុខ​មាត់​បាន​ហើយ​ទាន​ប្រោស​។
   - ហ្នឹង​ហើយ​! លោក​អាច​ចេញ​ពី​ទីនេះ​បាន​ ប្រសិន​បើ​លោក​ចង់​ចេញ តែ​លោក​កុំ​អាល​ប្រញាប់​បង្ហាញ​មុខ​មាត់ឲ្យ​គេ​ឃើញ​ច្រើនពេក​ ព្រោះ​ក្រែងមាន​គ្រោះ​ថា្នក់​ដល់​រូប​លោក​ថ្ងៃ​ក្រោយ​។
   - បើ​អញ្ចឹង​ ខ្ញុំ​បាទ​អាច​ចេញ​ទៅ​ចួបមុខ​ឪពុក​ ម្ដាយ​ របស់ខ្ញុំ​បាទ​បាន​ ឬ ទាន​ប្រោស​?។
   - បាន! លោក​អាច​ទៅ​ចួប​ឪពុក​ម្ដាយ​លោក​បាន​ តែ​សុំ​លោក​ទៅ​ជួប​យ៉ាង​ស្ងាត់​ៗ កុំ​ឲ្យ​គេ​ឃើញ​ច្រើន​ពេក​ហើយ​ខ្ញុំ​សុំ​ផ្ដាំ​លោក​ថា​ បើ​លោក​អាច​លាក់​ខ្លួន​ពួន​អាត្មា​ឲ្យ​បាន​យូរ​ត​ទៅ​ទៀត​នោះ​ ក៏​ជាការប្រសើរ​ណាស់​ដែរ...

    ត​ពីនោះ​មក​ លោកវរសេនីយ​ទោ មាស ស្អាត​ និយាយរឿង​រ៉ាវ​ពិត​ឲ្យ​ខ្ញុំ​ស្ដាប់​ដូចតទៅ​៖
    ពួកសេ- អាតូ ដែលមាន​អាមេរិកាំង​ជា​មេក្លោង​ ចង់​សំលាប់​ប្រទេស​ខ្មែរ​យើង​ ដែល​ប្រកាន់​ នូវ មាគ៌ា​នយោ​បាយ​អព្យា​ក្រិត​ ក្រោម​ព្រះរាជ​កិច្ច​ដឹក​នាំ​ នៃ សម្ដេច​ ព្រះ​នរោ​ត្ដម សីហនុ​ ប្រធាន​ចលនា​សង្គម​រាស្ដ្រនិយម​ ពង្រួប​ពង្រួម​ជាតិ​ ហើយ​ពុំ​ព្រម​ចុះ​ចូល​ជា​មួយ នឹង ​ពួក​គេ។ គេ​បាន​ណែ​នាំ​សៀម​ និង យួន​ខាង​ត្បូង​ ឲ្យ​ពន្យុះ​ឆ្កែ​ជា​កញ្ជះ​របស់​គេ​គឺ​ ថាញ់ សារី និង ឈួន ឲ្យបង្ក​បង្កើតជា​បក្ស​ ដោយ​មាន​ពួក​គេ​ជួយ​ពី​ខាង​ក្រោយ​ នូវ គ្រឿង​អាវុធ​យុទ្ធោបករណ៍​ជា​ច្រើន​ផង​។ ក្រុម​ចារ​កម្ម​របស់​យើង​បាន​​ស៊ើប​ការ​ដឹង​ច្បាស់​ ឈួន ​ប្រុង​ក្បត់​វាយ​ដណ្ដើម​យក​ខេត្ដ​សៀម​រាប​ កំពង់​​ធំ​ និង បាត់ដំបង​ ហើយ​ប្រកាស​ធ្វើ​រដ្ឋ​ខ្មែរ​សេរី​ ដើម្បី​វាយ​ដណ្ដើម​យក​អាណា​ចក្រ​កម្ពុជា​ ទាំង​មូល​ទៅ​ទៀត​ ពួក​យើង​បាន​ស៊ើប​ដឹង​ច្បាស់​ដល់​ពេល​វេលា​ដែល​វា​បាន​កំណត់​ទុក​។ ដើម្បី​បំភាន់​គំនិត​របស់​ពួក​ ឯ.ឧ.ទេស​រដ្ឋ​មន្ដ្រី​ក្រសួង​ការ​ពារ​ប្រទេស​ លោក​ហង្ស​ ចំរើន​ និង​ រូប​ខ្ញុំ​ បាន​សំរេច​ចិត្ដ​ថា យើង​ត្រូវ​ប្រើ​កល​ល្បិច​ក្នុង​រឿង​នេះ​ គឺ​ត្រូវ​រៀប​ចំ​ផែន​ការ​សំងាត់​មួយ​ ដើម្បី​វាយ​ត​ទប់​ នឹង ពួក​វា​ រួច​ហើយ​យើង​ត្រូវ​រក​វិ​ធី​ធ្វើ​ឲ្យ​វា​ដឹង​ថា​ យើង​ប្រើ​វិ​ធី​នេះ​ តែ​លឿន​ពេល​ជាង​ពួក​វា​មួយ​ថ្ងៃ​ ដើម្បី​ពួក​វា​គ្រាក​ចិត្ដ​ ត្បិត​វា​យល់​ថា​ ផែន​ការ​របស់​វា​បាន​ត្រូវ​ពួក​យើង​ដឹង​ ហើយ​ពួក​យើង​ ក៏មាន​ផែន​ការ​ទប់​ទល់​ កាល​បើ​ពួក​វា​បាន​ដឹង​ដូច្នេះ​ហើយ​ ពួក​វា​មុខ​ជា​ប្ដូរ​ផែន​ការ​ថ្មី​យក​មក​ប្រើទៀត​ ដើម្បី​កុំ​ឲ្យ​ពួក​យើង​យក​ផែន​ការ​តទល់​របស់​យើង​នោះ​ទៅ​ប្រើ​កើត​។ ប៉ុន្ដែ​តាមពិត​ ពួក​យើង​ធ្វើ​ដូច្នេះ​ ក៏​គ្រាន់​តែជា​ការ​បង្វែង​ដាន​វា​តែ​ប៉ុណ្ណោះ​ ព្រោះ​យើង​ធ្វើ​ឲ្យ​ពួក​វា​ដឹង​ទៀត​​ថា​ ផែន​ការ​តទប់​របស់​ពួក​យើង​នោះ​ បាន​ត្រូវ​ពួក​វា​ដឹង​ហើយ​ៗ ពួក​យើង​ នឹង ពុំ​ប្រើ​ផែន​ការ​នោះ​ដែរ​។ ដូច្នេះ​ហើយ​ បាន​ជាអគ្គ​សេនា​ធិការ​ នៃ កង​យោ​ធ​ពល​ខេមរ​ភូមិន្ទ​របស់​យើង​ ត្រូវ​ការ​រូប​លោក​ ឲ្យ​ដើរ​តួ​ជា​អ្នក​ក្បត់​ជាតិ​ លួច​យក​ផែន​ការ​សំងាត់​របស់​យើង​នោះ​ទៅ​លក់​ឲ្យ​ពួក​វា​ ដើម្បី​ធ្វើ​ឲ្យពួក​វា​បាន​ដឹង​ នូវ​ ផែន​ការ​នោះ​។ តែ​ក្រោយ​មក​យើង​ធ្វើ​ជា​ចាប់​លោក​ទៅ​ប្រហារ​ជីវិត​ ថា​លោក​ក្បត់​ជាតិ​ ដោយ​លួច​យក​ផែន​ការ​សំងាត់​របស់​ពួកយើង​ទៅ​លក់​ឲ្យ​ពួក​វា​ ដើម្បី​បង្វែង​ដាន​ពួក​វាថា​ ផែន​​ការ​សំងាត់​របស់​ពួក​យើង​ ត្រូវ​បាន​ដឹង​ទៅ​ដល់ពួក​វា​ហើយ​ៗ​ យើង​ នឹង ​លែង​ប្រើ​ផែន​ការ​នោះ​។ តែ​តាម​ពិត​យើង​យក​ផែន​ការ​នោះ​ទៅ​ប្រើ​ដដែល​ គ្រាន់​តែ​ប្រើ​មុន​ពេល​កំណត់​ថ្ងៃ​ប៉ុណ្ណោះ​។ ដោយ​សារ​ការ​ដែល​ពួក​យើង​ធ្វើ​ដូច្នេះ​ ពួក​យើង​ក៏​បានទទួល​ នូវ ​ជោគ​ជ័យ​​ជាទីពេញ​ចិត្ដ។

    ខ្ញុំ​បានសួ​រ​លោកវរ​សេនីយ​ទោ​ ពី​រឿង​នាង​ឆវី​ និង យ៉ូ​ យ៉ាំង​ញ៉​ លោក​មាន​ប្រសាសន៍​ថា៖
    រូប​លោក​ទទួល​ការ​ត្រូវ​ចាត់​ចែង​ រៀប​ចំ​ នូវ​ អក្សរ​កូន​សោរ​សំងាត់​ សំរាប់​ប្រើ​ប្រាស់​ក្នុង​កង​ទ័ព​ជាតិ​យើង​ ពួក​វា​ដឹង​ដូច្នេះ​ ក៏​បញ្ជូន​អ្នកទាំង​ពីរ​នេះ​ឲ្យ​មក​ធ្វើ​ល្បិច​កល​លួច​យក​អក្សរ​កូន​សោ​សំងាត់​នោះ​។ ទៅ​ពិនិត្យ​មើល​មួយ​ជាន់​ទៀត​។

    ទីបំផុត​លោក​បាន​និយាយ​រៀប​រាប់​ពីជោគ​ជ័យ​ នៃ​ល្បិច​កិច្ច​កល​របស់​កង​ទ័ព​យើង​ថា៖
    កង​ទ័ព​របស់​យើង​បាន​វាយ​ប្រហារ​ខ្មាំង​បាន​ជ័យជំនះ​យ៉ាង​ស្រួល​ ព្រោះ​វា​មិន​ដឹង​ខ្លួន​។ លោក​បាន​បញ្ជាក់​ថា​ ទាហាន​យើង​បាន​ព័ទ្ធចាប់​បាន ប៉ុស្ដ​វិទ្យុ​ និង អ្នក​បច្ចេក​ទេស​យួន​ពីរ​នាក់​ដែល​ ង៉ោ ត្រុង​ ហីវ​ អ្នក​តំណាង​យួន​ខាង​ត្បូង​បាន​នាំ​មក​ ដោយ​បន្លំ​ឈ្មោះ​ជា​​ចិន​ កំពុង​តែ​ប្រតិបត្ដិការ​ក្បត់ជា​មួយ​ សរិយា ឈប់ឈិត​ ជា​ប្អូន​បង្កើត​របស់​ឈួន​ ព្រម​ទាំង​មាស​ចំនួន​ជាង​ ២០០គីឡូ​ផង​​។ ចំណែក​ ដាប ឈួន​ វា​បានរត់​ចេញទៅ​តែ​ខោ​មួយ​ចង្កេះ​ ហើយ​ក៏​ត្រូវ​ពួកទាហាន​យើង​ដេញ​ទាន់ សំលាប់​បាន​នៅ​ស្រែ​ណូយ​ទៅ​។

    លោក​បាន​បញ្ជាក់​ថា​ ដាប ឈួន​, សម សារី ហ៊ាន​ធ្វើន​ដូច្នេះ​ មក​ពី​សំអាង​ដល់​ការ​ធានា​គាំ​ទ្រ​នៃ​ឧត្ដម​នាវី​អាមេរិក​កាំង​នាម​ ហ្វិល្ដ​ (Amiral Felt) នៃ​ឧត្ដម​សេនីយ​ ឡាវសុន កុលឡាំង (Général Lawson - Collins) នៃ​វរ​សេនីយ​ឯក​ ឡង់​ស្ដាល (Colonel Landsdale) នៃ​ឧត្ដម​នាវី​ ហុបវុត (Amiral Hopwood) និង នៃ​ លិខិត​របស់​លោក​ប្រធានា​ធិបតី​ អាយ ស៊ីន​ហ្វវ័រ (Eisenhower) ដែល​អះអាង​នូវ​គំរោង​ក្បត់​កំចាត់​សម្ដេច​ ព្រះ​នរោត្ដម​ សីហ​នុ និង អព្យា​ក្រិតភាព​ខ្មែរ​ ធ្វើ​ជាសាធារណ​រដ្ឋ​កម្ពុជា​សេរីមួយ​ថ្មី។

    ខ្ញុំ​បាន​ជំរាប​លា​លោក​វរសេនីយ​ទោ​មាស ស្អាត​ ទៅ​រក​ឪពុក​ម្ដាយ​ខ្ញុំ​ ក្រោយ​ដែល​លោក​បាន​និយាយ​រឿង​រ៉ាវ​ចប់​​សព្វ​គ្រប់​ហើយ​។
    - សូម​អោយ​បាន​សុខ​ចំរើន​ (លោក​ឲ្យពរ​សព្ទ​សាធុការ​ដល់​ខ្ញុំ​ ព្រម​ទាំង​ហុច​កញ្ចប់​មួយ​ឲ្យ​ខ្ញុំ​) នេះ​ជា​ប្រាក់​មួយ​សែន​រៀល​ ដែល​អគ្គ​សេនា​ធិការ​របស់​យើង​ បាន​ឲ្យ​ជា​រង្វាន់​ដល់​លោក​ សុំ​លោក​យក​ទៅ​ចាត់​ចែង​ ចាយ​វាយ​តាម​ត្រូវ​ការ​ ហើយ​លោក​ នឹង ​ត្រូវ​បាន​ឡើង​សក្ដិ​ជា​អនុសេនីយឯក​ ប៉ុន្ដែ​លោក​អាច​ឈប់​សំរាក​ ៦ខែ​ ឬ ១ឆ្នាំ​សិន​ចុះ​ ទំរាំ​ពេល​ណា​ដែល​អគ្ក​សេនាធិ​ការ​ត្រូវ​ការ​រូប​លោក​ សុំ​គេ​ហៅ​មក...
    ខ្ញុំ​បានទទួល​យក​កញ្ចប់​ប្រាក់​ពី​ដៃ​លោក​ ហើយ​ក៏​លា​លោក​ម្ដង​ទៀត​។
    ខ្ញុំ​បាន​ជិះ​ត្រីចក្រ​យាន​សំដៅ​ទៅ​ផ្ទះ​ខ្ញុំ​។ ខ្ញុំ​មើល​នាឡិកាដៃ​ឃើញ​ម៉ោង ២២ ហើយ​ ខ្ញុំ​នឹក​អរ​ព្រួច​ ព្រោះ​ពេល​ថ្មើរ​នេះ​ជា​ពេលស្ងាត់​ ដែល​ខ្ញុំ​អាច​លប​ទៅ​ជួប​ឪពុក​ម្ដាយ​របស់​ខ្ញុំ​បាន​ដោយ​ស្រួល​ ព្រោះ​បង​ប្អូន​ និង ក្មួយ​ៗ​ គេ​ដេក​លក់​អស់​ហើយ​។

    ខ្ញុំ​បាន​ចូលទៅ​ជួប​ នឹង ម្ដាយ​របស់​ខ្ញុំ​ ដែល​កំពុង​តែ​អង្គុយ​សូត្រ​ធម៌​ក្នុង​ងងឹត​តែ​ម្នាក់​អែង​។ ម្ដាយ​ខ្ញុំ​ភ្ញាក់​ព្រើត​រៀប​ នឹង ស្រែក​ឡូ​ឡា​ឡើង​ ដោយ​ការ​ភិត​ភ័យ​ ព្រោះ​លោក​គិត​ថា​ជា​ខ្មោច​បិសាច​របស់​ខ្ញុំ​ទៅ​លង​លោក​ តែ​ខ្ញុំ​និយាយ​កាត់​ទាន់​។
- ម៉ែ! សុំ​ម៉ែ​កុំ​ភិត​ភ័យ​... ខ្ញុំ​មក​វិញ​ហើយ​!
- កូន! កូនឬ?​.. (ម្ដាយ​របស់​ខ្ញុំ​ និយាយ​តែ​ប៉ុណ្ណោះ​ ហើយ​ក៏​អោបខ្ញុំ​ជាប់​)
- បាទ​ខ្ញុំ! ... ខ្ញុំ​មក​វិញ​ហើយ...
- ចុះ​ក្រែង​កូន​ស្លាប់​ហើយ​...?
- ទេម៉ែ​! កូន​នៅ​ពុំ​ទាន់​ស្លាប់​ទេ​.. ចុះ​ប៉ា​នៅ​ឯណា​?
- នុ៎ះ! ... នៅ​ឯក្នុង​ឯណោះ​។

    ម្ដាយ​ខ្ញុំ​គិត​ក្រោក​ទៅ​បើក​ភ្លើង​អគ្គិស​នី​បំភ្លឺ​ តែ​ខ្ញុំ​បាន​សុំ​កុំ​ឲ្យ​បើក​ ព្រោះ​ក្រែង​ពួក​ក្មេងៗ​វាដឹង​ ជា​ហេតុ​នាំ​ឲ្យ​បែក​ការ​។ ម្ដាយ​ខ្ញុំ​ដឹក​ដៃ​ខ្ញុំ​ទាំង​ទឹក​ភ្នែក​ទៅ​រក​ឪពុក​ខ្ញុំ​នៅ​ក្នុង​បន្ទប់​។

    ខ្ញុំ​ពុំ​អាច​ នឹក​រកពាក្យ​ណា​ យក​មក​សរសេរ​ឲ្យ​សម​តាម​សេច​ក្ដី​ត្រេក​អរ​ នៃ ឪពុក​ម្ដាយ​របស់​ខ្ញុំ​ នៅ​ពេល​ដែល​លោក​បាន​ចួប​មុខ​ខ្ញុំ​វិញ​ ព្រោះ​លោក​បាន​គិត​ថា​ គ្មាន​សង្ឃឹម​ នឹង បាន​ជួប​នោះ​ឡើយ​។ ខ្ញុំ​សង្កេត​ឃើញ​លោក​ទាំង​ពីរ​និយាយ​មក​រក​ខ្ញុំ​ ដោយ​ការ​ប្រោសប្រណី​ ដែល​មាន​ទឹក​ភ្នែក​ជា​សក្ដី​ភាព​ នៃ សេចក្ដី​មេត្ដា​ករុណា​។

    យប់​នេះ​ យើង​ស្ទើរ​តែ​ពុំ​បាន​ដេក​ ព្រោះ​រវល់​តែ​សំណេះ​សំណាល​រឿង​ផ្សេងៗ ក្នុងជីវិត​ ដែល​មើល​ទៅ​ម្ដាយ​ខ្ញុំ​ដូច​ជា​និយាយ​ច្រើន​ជាង​គេ ព្រោះ​លោក​ចេះ​តែ​ចង់​ដឹង​ពុំ​ចេះ​អស់​ពុំ​ចេះ​ហើយ​។

    នៅ​យប់ទីពីរ​ ខ្ញុំ​បាន​លប​ទៅ​ជួប​ នឹង សុខ​ សម្បូរ​ ដែល​ជា​មិត្ដ​សំលាញ់​ស្មើ​ដោយេជីវិត​របស់​ខ្ញុំ​ ដើម្បី​សាក​សួរ​ដំណឹង​ពីនាង​យូរ៉េត នារី​ជា​ទី​ស្នេហា​របស់​ខ្ញុំ​។

    ខ្ញុំ​ស្រងាក​ចិត្ដ​ នៅ​ពេល​ដែល​បាន​លឺ​សុខ​ សម្បូរ​ និយាយ​ប្រាប់​ថា​ គេ​បានទទួល​សំបុត្រ​មួយ​ច្បាប់​ពី​នាង​យូរ៉េត​ ក្រោយពេល​ដែល​ខ្ញុំ​ត្រូវ​គេ​យក​ទៅ​ប្រហាជីវិត ប្រហែល​ជា​ប្រាំ​ពីរ​ប្រាំ​បី​ថ្ងៃ​។ ក្នុងសំបុត្រ​នោះ​ នាង​បាន​សរសេរ​រៀប​រាប់​យ៉ាង​វែង​ឆ្ងាយ​ពី​ជីវិត​ អភ័ព្វ​របស់​នាង​ ដែល​គ្មាន​ទី​ពឹង​ទីសង្ឃឹម​។ នាង​បាន​សុំ​លា​គេ​ដោយ​គ្មាន​ថ្ងៃ​សង្ឃឹម​ថា នឹង បាន​ឃើញ​មុខ​គ្នា​ទៀត​ ដោយ​នាង​ត្រូវ​ដើរ​ផ្សង​ព្រេ​ងទៅ​រក​កន្លែង​ថ្មី​ ហើយ​នាង​បាន​បួង​សួង​ឲ្យវិញ្ញាណ​ក្ខន្ធ​របស់​ខ្ញុំ​ ដែល​នាង​ជឿជាក់​ថា​ ខ្ញុំ​ស្លាប់​មែននោះ​ ទៅ​នៅ​រង់​ចាំ​នាង​ នាជាតិ​ខាង​​មុខ។​

    សុខ សម្បូរ​ បាន​ខំបើក​កកាយ​រកសំបុត្រ​របស់​នាង​យូរ៉េត​ នោះ​មក​ឲ្យ​ខ្ញុំ​អាន​ដែរ​ តែ​រក​ពុំ​ឃើញ​សោះ​ ព្រោះ​ពុំ​ដឹង​ជា​គេ​ច្រឡំ​ដៃ​ទុក​នៅ​ត្រង់ណា​។
    សុខសម្បូរ​ ក៏​ដូច​ជា​ខ្ញុំ​ដែរ​ យើង​បាន​សន្និ​ដ្ឋាន​ថា នាង​យូរ៉េត​ ពេល​នេះ​មុខ​ជា​ចេញ​ផុត​ពី​ភូមិ​ ពោធិ​ហ្មស្ដ្រី​ ទៅ​ហើយ​ តែ​ថា​នាង​ទៅ​នៅ​ឯណា​នោះ​ ក៏​ជាការ​ពិបាក​ នឹង ​ដឹង​ដល់​ដែរ​។
    សេច​ក្ដី​ទុក្ខ​ក្រៀម​ក្រំ​បាន​គ្រប់សង្កត់​លើ​បេះ​ដូង​របស់​ខ្ញុំ​យ៉ាង​ធ្ងន់​។ ខ្ញុំ​គិត​ថា​ ការ​ដែល​នាង​យូរ៉េត​ ដើរ​ចេញ​លែង​នៅ​ស្រុក​ ពោធិ​ហ្មស្ដ្រី​ នោះ​ ព្រោះ​នាង​ជឿ​ជាក់​ថា​ ខ្ញុំ​ស្លាប់​ពិតប្រា​កដ​មែន​នុ៎ះអែង។

    ខ្ញុំ​បានលា​សុខ​ សម្បូរ​ ត្រឡប់​ទៅ​ផ្ទះ​វិញ​ទាំង​ក្រៀម​ក្រំ​។ នៅ​តាម​ផ្លូវ​ ខ្ញុំ​ចេះ​តែ​នឹក​ស្រមៃ​ដល់​នាង​ យូរ៉េត​។ ខ្ញុំ​នឹក​នាង​ជា​ខ្លាំង​ ខ្លាំង​ទាល់​តែ​ខ្ញុំ​សំរេច​ចិត្ដ​ថា​ ខ្ញុំត្រូវ​តែ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ពោ​ធិ​ហ្មស្ដ្រី ថ្ងៃ​ស្អែក​នេះ ទោះ​បី​ចួប​នាង​ក៏ដោយ​ពុំ​ចួប​នាង​ក៏ដោយ ឲ្យ​តែ​បានទៅ​ដល់​ទី​កន្លែង​ដែល​នាង​ធ្លាប់​នៅ​នោះ​ ខ្ញុំ​ នឹង​ បាន​ធូរ​ស្បើយ​​រំហើយ​ទុក្ខ​ខ្លះ​ៗ​ ជាពុំ​ខាន​។

    យប់​នេះ​ ខ្ញុំ​បានចូលទៅជំរាប​ឪពុក​ម្ដាយ​របស់​ខ្ញុំ​។ ដំបូង​លោកពុំ​ចង់​ឲ្យ​ខ្ញុំ​ទៅ​ណា​ឆ្ងាយ​ពី​លោក​ឡើយ​។ ខ្ញុំ​ព្យាយាម​អធិប្បាយ​ជំរាប​លោកថា​ ពេល​នេះ​ ខ្ញុំ​ក៏​នៅ​ពុំ​ទាន់​ចេញ​មុខ​មាត់​បាន​ បើ​ទុកជា​នៅ​ទី​នេះ​ក៏​គ្មាន​ប្រ​យោជន៍​អ្វី​ដែរ​ ហើយ​សព្វ​ថ្ងៃ​នេះ​ ខ្ញុំ​មានការ​ធុញ​ទ្រាន់​ នឹង ជីវិត​ក្នុង​ទីក្រុង​ជា​ខ្លាំង​ ខ្ញុំ​មាន​បំណង​ចង់​ចេញ​ទៅ​សំរាក​កាយ​សំរាក​ចិត្ដ​ នៅ​ឯ​ស្រុក​ស្រែ​ចំការ​ ហើយ​ស្រុក​ស្រែ​ចំការ​ដែល​ខ្ញុំ​ជ្រើស​រើស​នោះ​គឺ​ស្រុក​ពោធិ​ហ្ម​ស្ដ្រី​ ព្រោះ​ស្រុក​នោះ​ខ្ញុំ​មាន​មិត្ដ​ភ័ក្ដិ​រាប់​អាន​ស្គាល់​គេ​ច្រើ​ផង​។ កាល​បើ​ខ្ញុំ​ចង្អុល​ហេតុ​ផល​យ៉ាង​នេះ​ លោក​ក៏​ព្រម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​។

   - សុំ​រក្សា​ខ្លួន​ប្រាណ​ណា​កូន​! (ម្ដាយ​របស់​ខ្ញុំ​បាន​ផ្ដែ​ផ្ដាំ​) ម៉ែ​សង្ឃឹម​ថា​ កូន​អាច​មក​រក​ម៉ែវិញ​ ឲ្យម៉ែបាន​ចួប​មុខ​កូនទៀត​ជាពុំ​ខាន​
- កូន! (ឪពុក​របស់​ខ្ញុំ​សួរ​) កូន​ឯង​ទៅ​ប៉ុន្មាន​ថ្ងៃ​?
- ពុំ​កំណត់​ទេ​ប៉ា! បើ​ទី​នោះ​ស្រួល​ខ្ញុំ​ក៏​ចេះ​តែ​នៅ​ឯណោះ​ ព្រោះ​ពុំ​ចង់​ឲ្យ​អ្នក​ណាឃើញ​មុខ​មាត់​ តែ​យូរ​ៗ​ ខ្ញុំ​គង់​ នឹង ​មក​លេង​ម្ដង​
- កូន​! (ម្ដាយ​របស់​ខ្ញុំ​ឆ្លើយ​ឡើង​) សុំ​កូន​កុំ​ទៅ​យូរ​ពេក​ណ៎ា​ ឆាប់​មក​វិញ​...

    ព្រឹក​ស្អែក​ឡើង​ ខ្ញុំ​ក៏​សំពះ​លា​ឪពុក​ម្ដាយ​ធ្វើ​ដំណើរ​ទៅ​បាត់​ដំបង​ តាម​រថ​ភ្លើង​ ដើម្បី​ទៅ​កាន់​ស្រុក​ពោ​ធិ​ហ្មស្ដ្រី​។
    ខ្ញុំ​ទ្រាំ​នៅ​ភូមិ​ ពោធិ​ហ្មស្ដ្រី​នេះ​ ទាំង​ទុក្ខ​ក្រៀម​ក្រំ​ ព្រោះ​ពុំ​បាន​ចួប​ នឹង នាង​ យូរ៉េត​របស់​ខ្ញុំ​។
    មីង​ឆែម​ សាម៉ុន​ ជា​ម្ចាស់​ផ្ទះ​ ដែល​ នាង យូរ៉េត​សំណាក់​​នៅ​ បាន​និយាយ​ប្រាប់​ខ្ញុំ​ពី​រឿង​ នាងយូរ៉េត​ យ៉ាង​ល្អិត​ល្អន់​... និយាយ​ពី​រឿង​ដែល​នាង​មាន​សេចក្ដី​ទុក្ខ​សោក​... អស់​សង្ឃឹម​នៅ​ពេល​ដែល​នាង​បាន​ដឹង​តាម​សារព៌តមាន​ និង វិទ្យុ​ថា ខ្ញុំ​ត្រូវប្រហារ​ជីវិត​ព្រោះ​រឿង​ក្បត់​ជាតិ​... និយាយ​ពី​ការ​ដែល​នាង​បាន​ចាក​ចេញពី​ស្រុក​ពោធិហ្ម​ស្ដ្រី​ នេះ​ដោយ​ឥត​បាន​ប្រាប់​គេ​ថា​ នាង​ទៅ​នៅ​ទី​ណា​ពិត​ប្រា​កដ​ តែ​នាង​បញ្ចេញ​ចេតនា​យ៉ាង​ខ្លាំង​ថា នាង​ចង់​ទៅ​ប្រទេស​សៀម​ ប្រសិន​បើ​នាង​អាច​ទៅ​បាន​ ព្រោះ​នាង​មាន​បង​ប្អូន​ម្នាក់​នៅ​ក្រុង​បាង​កក...។