វគ្គទី១១
ចារកម្ម
ថ្ងៃសៅរ៍ ទី27.កុម្ភៈ 2021.ម៉ោង 18:10

    ប្រាំ​មួយ​ថ្ងៃ​នៅ​ក្នុង​បន្ទប់​ដ៏​ស្អាត​ លើ​គេ​ហដ្ឋាន​របស់​លោក​វរ​សេនីយ​ត្រី​ មាស ស្អាត​ ដែល​ខ្ញុំ​ត្រូវ​លាក់​ខ្លួន​ពួន​អាត្មា​នោះ​ ជា​ពេលវេ​លា​ដ៏​យូរ​ យូរ​ដូច​ជាពេល​ប្រាំ​មួយ​ឆ្នាំ​សំរាប់​រូប​ខ្ញុំ​ដែល​នៅ​ទំនេរ​គ្មាន​ការ​អ្វី​។ ប៉ុន្ដែ​នៅ​ពេលល្ងាច​នេះ​ សភាព​គគ្រឹក​គគ្រេង​បាន​កើត​ឡើង​​នៅ​គេហ​ដ្ឋាន​នេះ​។ ខ្ញុំ​បាន​ដឹង​ដោយ​សារ​ការ​លប​សួរ​​អនុសេនីយ​ទោ​ ចម​ ចៅ​ ថា​លោក​វរ​សេនីយ​ត្រី​ មាស ស្អាត​ រៀប​ចំ​ចាត់​ចែង​ពិធី​ជប់​លៀង​ ដើម្បី​ជា​ការ​ឆ្លង​ នូវ​ ជោគ​ជ័យ​ ក្នុង​ការ​ដែល​លោក​ត្រូវ​បាន​ឡើង​ថានន្ដរ​ស័ក្ដិ​ពិសេស​ជា​វរ​សេនីយ​ទោ​។ ខ្ញុំ​ក៏​បាន​លប​សំដែង​ នូវ​ សេច​ក្ដី​ត្រេក​អរ​ចំពោះ​លោក​វរ​សេនីយ​ទោ​ថ្មី​នេះ​ដែរ​។

    វេលា​ម៉ោង​ ១៩​ ខ្ញុំ​បាន​លប​មើល​ឃើញ​ភ្ញៀវ​ទាំង​ឡាយ​ជា​ច្រើន​បាន​មក​ជួប​ជុំ​។ ខ្ញុំ​បាន​ឃើញ​ យ៉ូ យ៉ាំង​ញ៉ា​ ម្ចាស់​រង្គសាល​ «ម៉ាឡៃ​យ៉ា» មក​ដើរ​លាយ​លំ​ជា​មួយ​នឹង​គេ​ដែរ​។ ខ្ញុំ​នឹក​ឆ្ងល់​ជា​ខ្លាំង​ថា យូ យ៉ាំង​ញ៉ា​ ជា​បុរស​សំខាន់​អ្វី​ដែរ​ បាន​ជា​លោក​ មាស ស្អាត​ អញ្ជើញ​វា​មក​។ តែ​មួយ​សន្ទុះ​ក្រោយ​មក​ ខ្ញុំ​បាន​យល់​ច្បាស់​ដោយ​ការ​សង្កេត​ឃើញ​ វាជា​អ្នក​ចាត់​ចែង​បញ្ជា​ពួក​អ្នក​បំរើ​ឲ្យ​យក​ម្ហូប​អាហារ​ និង ភេសជ្ជ។ ពិត​ណាស់ ​(ខ្ញុំ​គិត) យ៉ូ​ យ៉ាំង​ញ៉ា​ នេះ​​ជា​អ្នក​ទទួល​ម៉ៅ​ ធ្វើ​ម្ហូប​អាហារ​ និង ភេសជ្ជ​ ក្នុង​ពិធី​ជប់​លៀង​នេះ​។ ខ្ញុំ​ចេះ​តែ​លប​មើល​ត​ទៅ​ទៀត​ ខ្ញុំ​ភ្ញាក់​ព្រើត​ ក្នុង​ខណ​ដែល​ខ្ញុំ​បាន​ឃើញ​ នូវ​ សភាព​ស្ត្រី​ម្នាក់​។ ខ្ញុំ​ឈ្លី​​ភ្នែក​ហើយ​ខំពិនិត្យ​មើល​ម្ដង​ទៀត​ ព្រោះ​ដូច​ជា​ពុំ​ទុកចិត្ដ​ភ្នែក​ខ្លួន​អែង​។ ពិត​ណាស់​ហើយ​ គឺ​ពិត​ជា​នាង​ ឆវី​ នាង​ ឆវី​ ដែល​ធ្លាប់​រួម​រ័ក​ជា​មួយ​ខ្ញុំ​។ ប្រសិន​បើ​ការ​ស្មាន​របស់​ខ្ញុំ​ពុំ​ខុស​ទេ​នោះ​ ខ្ញុំ​យល់​ថា​ លោក​ មាស​ ស្អាត​ និង នាង​ ឆវី ជា​មនុស្ស​ស្រ​លាញ់​គ្នា​ ព្រោះ​ខ្ញុំ​សង្កេត​ឃើញ​​ អាកប្ប​កិរិយា​របស់​នាង​ ឆវី​ ពេល​នោះ​ដូច​ជា​តាំង​ខ្លួន​ជា​ម្ចាស់​នៃ​ផ្ទះ​នេះ​។ ខ្ញុំ​លប​មើល​ដោយ​ការ​រសាប់​រសល់​ក្នុង​ចិត្ដ​ ព្រោះ​ចង់​ដឹង​ការ​ត​ទៅ​ទៀត​ថា​ តើ​អ្នក​ទាំង​ពីរ​នាក់​ គឺ​លោក​ មាស ស្អាត​ និង នាង ឆវី​ បាន​គ្នា​ជា​ប្ដី​ប្រពន្ធ​ រឺ​ គ្រាន់​តែលប​ស្រ​លាញ់​គ្នា​ទេ?

    នៅ​វេលា​ម៉ោង​ ២១ ភ្ញៀវ​ទាំង​ឡាយ​បាន​លា​ត្រលប់​ទៅ​វិញ​អស់​ នៅ​សល់​តែ​លោក​វរ​សេនីយ​ត្រី​ ហង្ស​ ចំរើន​ម្នាក់​ ដែល​ត្រូវ​ជា​មិត្ដ​ភក្ដិ​ដ៏​ជិត​ស្និទ្ធរបស់​លោក​វរ​សេនីយ​ទោ​ មាស ស្អាត​ និង នាង​ឆវី​។ ខ្ញុំ​បាន​សង្កេត​ឃើញ​លោក​ទាំង​ពីរ​សប្បាយ​រីក​រាយ​ជា​ខ្លាំង​ ដោយ​បាន​នាង​ឆវី​ជា​អ្នក​ចាក់​ស្រាថែម​។ លោក​ដូច​ជា​ស្រវឹង​ជ្រុល​បន្ដិច​ទៅ​ហើយ​ ព្រោះ​ត្រូវ​នាង​ឆវី​ ថែម​ស្រា​ញឹក​ពេក​។

    ខ្ញុំ​ធ្លាក់​ថ្លើម​ក្ដុក​ក្នុង​ខណ​ដែល​ខ្ញុំ​បាន​លឺ​លោក​វរ​សេនីយ​ទោ​ មាស​ ស្អាត​ និយាយ​ទៅ​កាន់​នាង​ឆវី​ថា ចាក់​ស្រា​ឲ្យបង​អូន​សំលាញ់​! ហើយ​ឃើញ​លោក​អោប​ថើប​នាង​បង្អួត​លោក​វរ​សេនីយ​ត្រី​ ហង្ស​ ចំរើន​ ក្រោយ​ពេល​ដែល​បាន​ចាក់​ស្រា​ជូន​លោក​រួច​ហើយ​។

    ពិត​ណាស់​ក្នុង​លោក​នេះ​ គ្មាន​បុរស​ណា​មួយ​អាច​ឈរ​មើល​សភាព​នារី​ដែល​ខ្លួន​ធ្លាប់​បាន​រួម​រ័ក​ពី​មុន​មក​ ហើយ​អីលូវ​នាង​ទៅ​រួម​រ័ក​ជា​មួយ​ នឹង ​បុរស​ដទៃ​ទៀត​។ ក្នុង​ទី​ចំពោះ​មុខ​ដូច្នេះ​បាន​ឡើយ​។ ខ្ញុំ​ខំទ្រាំ​លប​មើល​ដោយ​ការ​អន្ទះ​អន្ទែង​ចិត្ដ​ ដែល​ជា​ការ​ពិបាក​សរសេរ​ពណ៌នា​​ អំពី​សភាព​នៃចិត្ដ​របស់​ខ្ញុំ ក្នុង​ខណ​នោះ​បាន​។ មាន​ខណ​ចិត្ដ​ខ្លះឲ្យ ខ្ញុំ​ចង់​ឈប់​ទ្រាំ​លប​មើល​ ព្រោះ​ក្រែង​ទប់​ចិត្ដ​ពុំ​បាន​ តែ​ចិត្ដ​មួយ​ទៀត​ ចេះ​តែ​ជំរុញ​ឲ្យលប​មើល​ទាំង​ញ័រ​ជើង​ដៃ​ត​ទៅ​ទៀត​ ព្រោះ​ការ​ចង់​ដឹង​...

    ប្រហែលកន្លះ​ម៉ោង​ក្រោយ​មក​ លោក​វរសេនីយ​ត្រី​ ហង្ស​ ចំរើន​ ក៏​បាន​លា​លោក​វរ​សេនីយ​ទោ​ មាស ស្អាត​ ត្រលប់​ទៅ​គេហ​ដ្ឋាន​លោក​វិញ​។ លោក​មាស​ ស្អាត​ បាន​ជូន​មិត្ដ​សំលាញ់​របស់​លោក​ ចុះ​ពី​លើ​ផ្ទះ​។ ខណ​នោះ​ខ្ញុំ​អរ​ព្រួច​ ព្រោះ​នឹក​ថា​ លែង​បាន​ឃើញ​ល្ខោន​ដ៏​អាក្រក់​សំរាប់​ក្រ​សែ​ភ្នែក​របស់​​ខ្ញុំ​ទៀត​ហើយ​។ ប៉ុន្ដែ​ខ្ញុំ​នៅ​ពុំ​ទាន់​អស់​ចិត្ដ​ នឹង ​នាង​ឆវី​ ខ្ញុំ​នឹក​ឆ្ងល់​ថា​ ហេតុ​អ្វី​ក៏​នាង​ឆវី​ ពុំ​សំដែង​ការ​គួរ​សម​ជូន​ដំណើរ​ភ្ញៀវ​ពិសេស​នេះ​ ដូច​ភ្ញៀវ​ដ​ទៃ​ផង​... ខ្ញុំ​លប​មើល​ត​ទៅ​ទៀត​។​

    ខ្ញុំ​រំភើប​ចិត្ដ​ដោយ​ការ​ឆ្ងល់​ជា​ខ្លាំង​។ នៅ​ពេល​ដែល​លោក​វរ​សេនីយ​ទោ​ មាស​ ស្អាត​ ជូន​ដំណើរ​ភ្ញៀវ​ចេញ​ផុត​ពី​កន្លែង​នោះ​បន្ដិច​ទៅ​ ខ្ញុំ​បាន​ឃើញ​នាង​ ឆវី ស្ទុះ​ភ្លែត​ទៅ​ចាក់​សោ​ទូ​ដែក​ដែល​ផ្អែក​នៅ​ នឹង ជញ្ជាំង​ខាង​កើត​។ ក្នុង​ខណ​ជា​បន្ទាន់​នេះ​ នាង​បាន​ដក​យក​កញ្ចប់​ត្រដាស​មួយ​កញ្ចប់​ ហើយបិទ​សោ​ទៅ​វិញ​ភ្លាម​ រួច​ហើយ​នាង​បោះ​កញ្ចប់​នេះ​ឲ្យ​ទៅ​ យ៉ូ​ យ៉ាំងញ៉​ ដែល​កំពុង​ដើរ​ប្រមូល​កែវ​ទុកដាក់​។

    ខ្ញុំ​ដណ្ដឹង​សួរ​ខ្លួន​អែង​ថា​ នាង​ ឆវី​លួច​អ្វី​?​ នឹង​ថា​ប្រាក់​ក៏​ដូច​ជា​ពុំ​សម​ ព្រោះ​មើល​ទៅ​ដូច​ជា​មិន​ច្រើន​ជាប៉ុន្មាន​ ល្មម​ឲ្យ​នាង​ជាប់​ចិត្ដ​លួច​? របស់​អ្វី​? មាស​ពេជ្រ​ក៏​ដូច​ជា​ពុំ​ទំនង​ព្រោះ​កញ្ចប់​នោះ​មាន​សភាព​ទន់ៗ? ក្រែង​មាន​កិច្ច​កល​អ្វី​ទេ​ដឹង​? ឬ​ មួយ​នាង​ជា​ចារ​នារី​ចាំ​លប​លួច​អ្វី​ពី​លោក​វរ​សេនីយ​ទោ​ មាស​ ស្អាត​? ខ្ញុំ​នឹក​ព្រួច​ដល់​ការ​ម្យ៉ាង​ដែល​ខ្ញុំ​ធ្លាប់​ដឹង​។ ខ្ញុំសង្ស័យ​ថា កញ្ចប់​ក្រដាស​នោះ​ប្រហែល​ជា​កញ្ចប់ក្រដាស​ពិសេស​អ្វី​ម្យ៉ាង​ ឬ​ កិច្ច​ការ​សំងាត់​ក្នុង​កង​ទ័ព​ ឬ​ ក៏​ជា​អក្សរ​កូន​សោ​សំងាត់​​សំរាប់​ប្រើ​ប្រាស់​ក្នុង​កង​ទ័ព​ជា​ពុំ​ខាន​ ព្រោះ​លោក​វរ​សេនីយ មាស​ ស្អាត​ ត្រូវ​បាន​ទទួល​ភារ​ជា​អ្នក​តែង​អក្សរ​កូនសោ​ និង កាន់​ការ​សំងាត់​ក្នុង​កង​ទ័ព​។ ក្នុង​ខណ​ដែល​ខ្ញុំ​គិត​ដូច្នេះ​ ខ្ញុំ​ចង់​បើក​ទ្វារ​ចេញ​ទៅ​ឆែក​មើល​ តែ​ចិត្ដ​មួយ​ទៀត​គិត​ថា​ ប្រសិន​បើ​កញ្ចប់​ក្រដាស​នោះ​មាន​តំលៃ​ដូច្នោះ​មែន​នោះ​ នាង​ ឆវី​ ក៏​ត្រូវ​ស្លាប់​។ ខ្ញុំ​ដាច់​ចិត្ដ​សំលាប់​នាង​កើត​រឺ​ កាល​បើ​នាង​ជា​នារី​ធ្លាប់​បាន​លះ​បង់​អ្វី​គ្រប់បែប​យ៉ាង​បូជា​ខ្ញុំ​ ធ្លាប់​រួមរស់​ជា​មួយ​ខ្ញុំ​។ តែ​ចិត្ដ​មួយ​ទៀត​គិត​ទៅ​ដល់​អាយុ​ជីវិត​នៃ​ប្រ​ទេស​ជាតិ​... គិត​ដូច្នេះ​ហើយ​ ខ្ញុំ​ក៏​ដាច់​ចិត្ដ​បើក​ទ្វារ​ចេញ​ទៅ​ជួប​នាង ឆវី​...

   - បង! (នាង​ឆវី​ ហៅ​ខ្ញុំ​ដោយ​ការ​ភ្ញាក់​ ព្រម​ទាំង​ឈរ​ស្រឡាំង​កាំង​) បង​ឬ​? (នាង​ហៅ​ទៀត​ ហើយ​ក៏​ស្ទុះ​ចូល​មក​អោប​ខ្ញុំ​)​។
- ហ្នឹង​ហើយ​ បង​ណ៎ា​ ឆវី​... (ខ្ញុំនិយាយ​)
- ចុះ​ក្រែង​បង​ស្លាប់​បាត់​បាត់​ទៅ​ហើយ​?
- ស្លាប់​ក៏​ដូច​ពុំ​ស្លាប់​ដែរ​។
    យ៉ូ យ៉ាំង​ញ៉ ឈរ​ស្រឡាំង​កាំង​ សំលឹង​មើល​មក​យើង​ទាំង​ពីរ​នាក់​ដោយ​ការ​ងឿង​ឆ្ងល់​។ ក្រោយ​នោះ​ភ្លាមមួយ​រំពេច​ លោក​វរ​សេនីយ​ទោ មាស​ ស្អាត​ ក៏​មក​ដល់​ដែរ​។ លោក​​ឈរ​ស្រឡាំង​កាំង​ ព្រោះ​ឃើញ​ខ្ញុំ​អោប​នាង​ ឆវី​។ លោក​ស្ទុះ​ចូល​មក​រក​ខ្ញុំ​ ដោយ​បំណង​ចង់​ប្រទូស​រ៉ាយ​។ ខ្ញុំ​រុញ​នាង​ ឆវី​ដាក់​ចំពី​ខាង​មុខ​។ ពេល​នេះ​ខ្ញុំ​មាន​ចិត្ដ​មួយ​ម៉ឺន​មួយ​សែន​ចំពូក​។ ខ្ញុំ​គិត​ថា​ ប្រសិន​បើ​ខ្ញុំ​ជំរាប​ការ​ពិត​ដល់​លោក​ នាង​ ឆវី​ មុខ​ជា​ត្រូវ​ស្លាប់​ តែ​ប្រសិន​បើ​ខ្ញុំ​ពុំ​ជំរាប​ការ​ពិត​ដល់​លោក​ទេ​នោះ​ ប្រទេស​ជាតិ​ក៏​ត្រូវ​ស្លាប់​ដែរ។ ក្នុង​ការ​ដែល​នាង​ ឆវី​ នារី​ដែល​ខ្ញុំ​ធ្លាប់​រួម​រ័ក​ត្រូវ​ស្លាប់​ និង ការ​ដែល​ប្រទេស​ជាតិ​ត្រូវ​ស្លាប់​នោះ​ តើ​ខ្ញុំ​ត្រូវ​រើស​យក​ខាង​ណា​ ខ្ញុំ​ដូច​ជា​ពិបាក​យ៉ាង​ខ្លាំង​ ... តែ​ទីបំផុត​ ខ្ញុំ​ក៏​ដាច់​ចិត្ដ​ថា​ ស៊ូ​ឲ្យ​ប្រទេស​ជាតិ​មាន​ជីវិត​រស់​នៅ​ចុះ​ ប្រសើរ​ជាង​... ខ្ញុំ​បាទ​ក៏​ជំរាប​លោក​វរ​សេនីយ​ទោ​ មាស​ ស្អាត យ៉ាង​សុភាព​ ក្នុង​ពេល​ដែល​នាង​ ឆវី​ កំពុង​សំរាក់​ទឹក​ភ្នែក​ដាក់​ដើម​ទ្រូង​របស់​ខ្ញុំ​ ជា​សក្ខី​ភាព​ នៃ ការ​សំដែង​ឲ្យ​ដឹង​ថា​ នាង​បាន​ផ្ញើ​អាយុ​ជីវិត​លើ​រូប​ខ្ញុំ​។
   - ព្រះ​តេជ​ ​- គុណ​​ សុំ​ព្រះ​តេជ​គុណ​មេត្ដ​ឈប់​សិន​ កុំ​អាល​ខឹង​ នឹង​ ខ្ញុំ​បាទ​ សុំមេត្តា​ឆែក​បុរស​មើល​សិន​ ដើម្បី​ឲ្យ​ដឹង​ថា តើ​វា​មាន​ស្អី​ក្នុង​ខ្លួន​វា​?
   - អញ​បញ្ជា​អោយ​អែង​ដេក​សំងំនៅ​អោយ​ស្ងៀម​ ក្នុង​បន្ទប់​ហេតុ​អី​ក៏​អែង​ចេញ​មក​? ហើយ​អែង​ហ៊ាន​អោប​ ឆវី​ ទៀត​ផង​...
   - ឆវី​ធ្លាប់​ជា​ប្រពន្ធ​​ខ្ញុំ​បាទ​ទាន​ប្រោស​ តែ​ឆវី​ (គ្រាន់​តែ​ខ្ញុំ​និយាយ​បាន​ប៉ុណ្ណេះ​ នាង​ ឆវី​ ក៏​អោប​យ៉ាង​ណែន​ ហើយ​រុញ​ច្រាន​​ទៅ​ខាង​ក្រោយ​ ហាក់​ដូច​ជា​ចង់​បិទ​មាត់​ខ្ញុំ​ ពុំ​ឲ្យ​និយាយ​ អែ​លោក​វរ​សេនីយ​ទោ​ មាស ស្អាត​ ក៏​បើក​ភ្នែក​ធំៗ​ សំលឹង​មើល​ខ្ញុំ​ ហាក់​ដូច​ជា​ចង់​ដឹង​នូវ​ការ​អ្វី​ម្យ៉ាង​។​)
   - ព្រះ​តេជ​គុណ​! សុំ​ព្រះ​តែជ​គុណ​ ឆាប់​ឆែក​យួន​នោះ​មើល​​ទៅ​ទាន​ប្រោស​...
   - ឆែក​វា​ធ្វើ​អ្វី?
   - ផែន​ការ​សំងាត់​ (ខ្ញុំនិយាយ​ទាំង​ប្រថុយ​ ព្រោះ​ពុំ​ដឹង​ជា​កញ្ចប់​នោះ​ជាកញ្ចប់​អ្វី​ផង​​) ផែន​ការ​សំងាត់​ត្រូវ​គេ​លួច​យក​ហើយ​...

    គ្រាន់​តែ​លឺ​ពាក្យ​ថា ផែន​ការ​សំងាត់​ លោក​វរ​សេនីយ​ទោ​ ក៏​ស្ទុះ​ចូលទៅ​រក​ យ៉ូ យ៉ាំង​ញ៉​ ភ្លាម​ដោយ​ពុំ​បាន​ប្រុង​ប្រយ័ត្ន​។ យ៉ូ យ៉ាំង​ញ៉​ បាន​ដាល់​លោក​មាស​ ស្អាត​មួយ​ដៃ​ចំ​ធ្គាម​យ៉ាង​ដំណំ​ ធ្វើ​អោយ​លោក​ដួល​ប្រូស​ទៅ​លើ​អិដ្ឋ​ ហើយ​ស្ទុះ​រត់​ទៅ​តាម​​ជណ្ដើរ​។ ខ្ញុំ​រលាស់​នាង ឆវី​ ចេញ​ ហើយ​ស្ទុះ​រត់​ចុះ​ទៅ​ធាក់វា​មួយ​ជើង​ចំ​កញ្ចឹង​ក​ ធ្វើ​អោយ​ដួល​បោក​ក្បាល​ទៅ​ នឹង ជញ្ជាំង​ផ្ទះ​ ហើយ​ផ្ងាមកវិញ​ដួល​រមៀល​​ត​ទៅ​ទៀត​។ លោក​វរ​សេនីយ​ទោ​ក៏​ក្រោក​រត់​មក​ជួយ​ទាន់​ដែរ​ តែ​ខណ​ជា​មួយ​គ្នា​នេះ​ ដប​ស្រា​មួយ​បាន​ហោះ​ពី​ខាង​លើ​ដំរង់​មក​ចំ​ក្បាល​លោក​វរ​សេនីយ​ទោ​ មាស ស្អាត​។ ខ្ញុំ​បាន​ច្រាន​លោក​ចេញ​អោយ​ទ្រេត​ទៅ​ខាង​ស្ដាំបង្កាន់​ដៃ​ជណ្ដើរ​។ អែ​ដប​ស្រា​នោះ​ក៏​ហោះ​ទៅ​ប៉ះ​ នឹង​ ជញ្ជាំង​បែ​កខ្ខាយ​។ លោក​វរ​សេនីយ​ទោ​ ត្រូវ​រត់​ឡើង​ទៅ​ចាប់​នាង​ឆវី​ នៅ​ខាង​លើ​វិញ​។ ខ្ញុំ​ក៏​ចាប់​អូស​ យ៉ូ​ យ៉ាំង​ញ៉​ យក​ទៅ​ខាង​លើ​វិញ​ដែរ​។ នៅ​ចំពោះ​មុខ​លោក​វរ​សេនីយ​ទោ​មាស​ស្អាត​ ខ្ញុំ​បាន​ដក​​យក​កញ្ចប់​​ក្រដាស​មួយ​ពី​ហោ​ប៉ៅ​អាវ​ យ៉ូ​ យ៉ាំង​ញ៉​ ជូន​ទៅ​លោក​។ ខ្ញុំ​បាន​រាយ​ការណ៍​ទាំង​អស់​ជូន​លោកស្ដាប់​។ លោក​បាន​បង្កាប់​អោយ​ពួក​ទា​ហាន​ដែល​នៅ​ខាង​ក្រោយ​ផ្ទះ​ចាប់​ យ៉ូ​ យ៉ាំង​ញ៉​ និង នាង​ ឆវី​ ចង​ ហើយ​ឲ្យ​នាំ​យក​ចេញ​ពី​ទី​នោះ​ទៅ​ ព្រម​ទាំង​បញ្ជា​អោយ​ខ្ញុំ​លក់​ខ្លួន​ពួន​អាត្មា​នៅ​ក្នុង​បន្ទប់​ដើម​វិញ​។