វគ្គទី10
ការកាត់ទោសប្រហារជីវិត
ថ្ងៃសៅរ៍ ទី20.កុម្ភៈ 2021.ម៉ោង 16:12

    យប់​នេះ​ ខ្ញុំ​ដេក​លង់​លក់​អិត​ដឹង​ខ្លួន​ប្រាណ​ ព្រោះ​ខ្ញុំ​អត់ងងុយ​ទាល់​តែ​យប់ជ្រៅ​។ ខ្ញុំ​ភ្ញាក់​ដឹង​ខ្លួន​ឡើង​នៅ​ពេល​ដែល​ស្នូរ​គោះ​ទ្វារ​ពី​ខាង​ក្រៅ​។ ខ្ញុំ​ចោល​ភ្នែក​ក្រលេក​មើល​​នាឡិកា​ ឃើញទ្រនិច​ចង្អុល​លេខ​ ៦។ ខ្ញុំ​ក្រោក​ពី​ដំណេក​ទៅ​បើក​ទ្វារ​ទាំង​ងងុយ​ដោយ​មាន​ការ​ស្ងាប​ពីរ​បី​ដង​។

    ខណ​ដែល​ខ្ញុំ​បើក​ទ្វារ​ភ្លាម​ ខ្ញុំ​បាន​ឃើញ​កង​រា​ជ​​អាវុធ​ហត្ថ​​ប្រហែល​ ១០នាក់​ ឈរ​ត្រៀប​ត្រា​នៅ​ក្រៅ​ដោយ​មាន​អនុសេនីយ​ត្រី​ម្នាក់​ជា​អ្នក​ឈរ​មុខ​គេ​។ ខ្ញុំ​ដូច​ជា​ធ្លាក់​ថ្លើម​ត្ដុក​ ព្រោះ​ពុំ​ដឹងមាន​ការ​អ្វី​?​ ក្នុង​ពេល​ដែល​ខ្ញុំ​ឈរ​ស្រឡាំង​កាំង​នៅ​មាត់​ទ្វារ​ អនុសេនីយ​ត្រី​នេះ​ក៏​គំនាប់​ខ្ញុំ​ហើយ​និយាយ​ឡើង​៖

លោក! អគ្គសេនា​ធិការ​បាន​បញ្ជា​ពួកខ្ញុំ​ឲ្យ​មក​អញ្ជើញ​លោក​ទៅ​...
   គ្រាន់តែលឺ​ពាក្យ​នេះ​ខ្ញុំ​ថ្លស់​ទឹក​មុខ​ ព្រោះ​គិត​ថា​ ការ​ដែល​គេ​ប្រើ​កំលាំង​យ៉ាង​នេះ​ ក៏​សំរាប់​តែ​មនុស្ស​ដែល​មាន​ទោស​។ ខ្ញុំ​ខំ​ទប់​ស្មារតី​ ហើយ​សួរ​ទៅ​វិញ​ថា៖
- ចុះ​បើ​គ្រាន់​តែ​មក​ហៅ​ខ្ញុំ​ទេ​ ហេតុ​អី​ក៏​ចាំ​នាំ​ទានហាន​មក​ច្រើន​ម៉្លេះ​?
- បាទ! ខ្ញុំ​កំពុំ​ដឹង​ដែរ​ តែ​ខ្ញុំ​ធ្វើ​តាម​បញ្ជា​អគ្គ​សេនាធិការ​...
- គេបញ្ជា​ថាម៉េចខ្លះ​?
- បាទ​! ឲ្យ​មក​អញ្ជើញ​លោក​ទៅ​ឲ្យខាង​តែ​បាន​ តែ​បើ​លោក​រឹង​រូស​ ត្រូវ​ប្រើ​កំលាំង​អាវុធ​,
- បើ​អញ្ចឹង​បាន​សេចក្ដី​ថា រូប​ខ្ញុំ​ជា​មនុស្ស​មាន​ទោស​?
- ការ​នេះ​ ខ្ញុំ​ក៏​ពុំ​ដឹង​ដែរ​ ស្រេច​តែ​លោក​គិត​ចុះ​។
   ក្រោយ​ពេល​បាន​លុប​មុខ​ និង ស្លៀកពាក់​ ស្រួល​បួល​ហើយ​ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ទី​បញ្ជា​ការ​អគ្គ​សេនាធិការ​ ជា​មួយ​ក្រុម​រាជ​អាវុធ​ហត្ថ​ ដោយ​រថ​យន្ដ​ដែល​ចត​ចាំ​នៅ​ខាង​មុខ​ផ្ទះ​។
    ពួក​នេះ​បាន​នាំ​ខ្ញុំ​ ចូល​ទៅ​ចួប​ នឹង ​លោក​វរសេនីយ​ត្រី​ មាស​ ស្អាត​ នាយ​ក្រុម​ប្រឆាំង​ នឹង ចារ​កម្ម​។ ខ្ញុំ​​ត្រូវ​ដើរ​ឆ្លង​កាត់​ពួក​រាជ​អាវុធ​ហត្ថ​ ដែល​ឈរ​យាម​ច្រើន​សង្កាត់​។ ខ្ញុំ​បាន​ដើរ​ចូល​ទៅ​គំនាប់​លោក​វរ​សេនីយ​ត្រី​ ដែល​កំពុង​តែ​អង្គុយ​នៅ​ក្នុង​ការិយា​ល័យ​​ទាំង​ព្រឹក​ព្រហាម​។
   - អើ! (លោក​វរសេនីយ​ត្រី​និយាយ​ហើយ​សំលឹង​មើល​ខ្ញុំ​ដោយ​ក្រសែ​ភ្នែក​ដ៏មុត​) ចូល​មក​លោក​ស័ក្ដិ​ពីរ​...
    ខ្ញុំ​សំលឹង​មើល​មុខ​លោក​វរ​សេនីយ​ត្រី​ពុំ​ដាក់​ភ្នែក​។ ខ្ញុំ​ធ្លាប់​ស្គាល់​នាយ​ទាហាន​ជាន់ខ្ពស់​រូប​នេះ​តែ​ក្នុង​កិត្ដិ​សព្ទ​ដ៏​ល្បី​ល្បាញ​តែ​ប៉ុណ្ណោះ​។ ខ្ញុំ​បាន​សង្កេត​ឃើញថា​ ទឹក​មុខ​ នឹង អាកប្បកិរិយា​ របស់​លោក​ មាន​សភាព​សម​ នឹង​ កិត្ដិ​យស​កេរ្ដិ៍​ឈ្មោះ​ ដ៏​ល្បី​ល្បាញ​របស់​លោក​មែន​។ លោក​ជា​អ្នក​ចូល​ចិត្ដ​កី​ឡា​។ រូប​រាង​របស់​លោក​ស្អាត​ស្អំ​។ ទឹក​មុខ​របស់​លោក​បាន​បង្ហាញ​ នូវ ​សភាព​ម៉ឺង​ម៉ាត់​។ ក្រសែ​ភ្នែក​របស់​លោក​ ដែល​ឆ្លុះ​ទំលាយ​ចេញ​ពី​កែវ​កញ្ចក់វ៉ែន​តាស​បាន​បញ្ចេញ​ឲ្យ​ឃើញ​លក្ខណ​វាង​វៃ​ឆ្លៀវ​ឆ្លាត​ និង ប៉ិន​ប្រសប់​ក្នុង​ការសង្កេត​។ លោក​វរ​សេនីយ​ត្រី មាស​ ស្អាត​ មិន​មែន​មាន​កិត្ដិ​យស​ល្បី​ល្បាញ​ក្នុង​ការ​ប៉ិន​ប្រសប់​ តែ​ក្នុង​មុខ​តំណែង​របស់លោក​ប៉ុណ្ណោះ​ទេ​ លោក​មាន​កិត្ដិ​សព្ទ​ល្បី​ល្បាញ​ខាង​ការ​ទាក់​ទង​ស្រី​ទៀត​ផង​។ ថ្វី​បើ​លោក​មាន​វ័យ​ចាស់​បន្ដិច​​។ ប៉ុន្ដែ​ចួន​កាល​លោក​អាច​ដណ្ដើម​យក​ជ័យ​ជំនះ​ ក្នុង​រឿង​ស្នេហា​​ពី​គូ​ប្រណាំង​ប្រជែង​កំលោះ​ៗ​ ខ្លះ​បាន​ក៏​មាន​។ ថ្វី​ដៃ​ប៉ិន​ប្រសប់​រឿង​ស្នេហា​របស់​លោក​វរ​សេនីយ​ត្រី​នេះ​ បាន​ធ្វើ​ឲ្យ​អ្នក​ដែល​ធ្លាប់​ស្គាល់​លោក​ដាក់​​ឈ្មោះ​ក្រៅ​សំរាប់​ហៅ​លេង​ថា​ «ស្អាត ជាប់​ចិត្ដ»។
   - លោក​ស័ក្ដិ​ពីរ​ (លោក​វរ​សេនីយ​ត្រី​ចាប់​និយាយ​ឡើង​) ខ្ញុំ​មាន​សេច​ក្ដី​ស្ដាយ​ណាស់​​ក្នុង​ការ​ដែល​ខ្ញុំ​បាន​ដឹង​​ថា លោក​ក្បត់​ជាតិ​ មនុស្ស​ដូច​លោក​ពុំ​គួរ​ជា​ប្រ​ព្រឹត្ដ​ នូវ​​​ អំពើ​ថោក​ទាប​យ៉ាង​នេះ​សោះ​ រង្វាន់​ធម្ម​តា​សំរាប់​មនុស្ស​ក្បត់​ជាតិ​​គឺ​ប្រហារ​ជី​វិត​ ខ្ញុំ​ត្រូវ​ទទួល​ភារ​ បញ្ជូន​ខ្លួន​លោក​ឲ្យ​តុលា​ការ​សិក​ជំនំជំរះ​ កាត់​ទោស​ ខ្ញុំ​ជឿ។ជាក់​ថា​តុលា​ការ​សិក​មុខ​ជា​កាត់​ទោស​ប្រហារ​ជិ​វិត​ពុំ​ខាន​...
   ខ្ញុំ​ភ្ញាក់​ខ្លួន​ព្រើត​ដូច​គេកន្ត្រាក់​។ ខ្ញុំ​ថ្លស់​ទឹក​មុខ​ ត្រជាក់​ខ្លួនស្រិប​ ហើយ​ព្រឺ​ព្រួច​សព្វ​សព៌ាង្គ​កាយ​។
លោក​វរ​សេនីយ​ត្រី​និយាយ​ត​ទៅ​ទៀត​ថា៖
- រឿង​នេះ​ជា​រឿង​ពិត​! លោក​ដឹង​ខ្លួន​ៗ​អែង​ស្រាប់​ហើយ​...
- បាទ! (ខ្ញុំជំទាស់​ឡើង​) រឿង​នេះ​ខ្ញុំ​ធ្វើ​តាម​បញ្ជា...
   - ឈប់​! ឈប់​និយាយ​លោក​ស័ក្ដិ​ពីរ​! (លោក​វរ​សេនីយ​ត្រី​ទះ​តុ​ហើយ​ស្រែក​គំហក​) លោក​ដឹង​ខ្លួន​ស្រាប់​ហើយ​តើ​ នៅ​ក្នុង​អគ្គ​សេនា​ធិការ​របស់​យើង​ គេ​បាន​បាត​សំ​ណុំ​រឿង​ផែន​ការ​ សំងាត់​សំរាប់វាយ​លុក​ចូល​ទៅ​ចាប់​ខ្មាំង​ ផែន​ការ​នេះ​ជា​របស់​មាន​តំលៃ​ថ្លៃ​ណាស់​ ព្រោះ​ជា​ផែន​ការ​ដែល​គេ​រៀប​ចំ​ឡើង​ សំរាប់​ការពារ​អាយុ​ជីវិត​នៃ​ប្រទេស​ជាតិ​ អី​លូវ​នេះ​ ការ​ស៊ើប​អង្កេត​បាន​ឲ្យ​ដឹង​ថា​ លោក​ជា​អ្នក​លួច​យក​ផែន​ការ​នេះ​ទៅ​លក់​ឲ្យ​បច្ចា​មិត្ដ​ ដោយ​មានភស្ដុង​តាង​គ្រប់គ្រាន់​ លោក​ដឹង​ហើយ​ថា​រង្វាន់​របស់​អ្នក​ក្បត់​​ជាតិ​នោះ​គឺ​គ្រប់​កាំ​ភ្លើង​ ១២ គ្រាប់​ បើ​ខ្ញុំ​ពុំ​រវី​រវល់​ធ្វើ​ទោស​ដល់​លោក​ដែល​ជា​មនុស្ស​ក្បត់ជាតិ​ទេ​នោះ​ ក៏​ដូច​ជា​ខ្ញុំ​ចូល​ដៃ​ជើង​ជា​មួយ​លោក​...​
    ខ្ញុំ​ស្រឡាំង​កាំង​ដូច​រូប​តុក្កតា​ រឺ​ ដូច​មនុស្ស​ដែល​គ្មាន​វិញ្ញាណ​។ ក្រសែ​ភ្នែក​របស់​ខ្ញុំ​បែក​អំពិលអំពែក​ព្រោង​។ ដំណក់​ញើស​ដ៏​ធំៗ​ បាន​ជ្រាប​ចេញ​ពី​ថ្ងាស​ដោយ​ពុំ​ដឹង​ខ្លួន​។ វិញ្ញាណ​របស់​ខ្ញុំ​ ដូច​ជា​ហោះ​ហើរ​ចេញ​ពីរាង​កាយ​បាត់​។ ខ្ញុំលែង​នឹក​ឃើញ​អ្វី​ទាំង​អស់​... លោក​វរ​សេនីយ​ត្រី​សំលឹង​មើល​មុខ​ខ្ញុំ​ដោយ​ក្រសែ​ភ្នែក​ក៏​មុត។ លោក​ប្រហែល​ជា​សង្កេត​ឃើញ​ថា ​ខ្ញុំ​មាន​សេចក្ដី​ភិត​ភ័យ​ខ្លាំង​។ ខណ​នោះ​លោក​ក៏​បញ្ជា​ឲ្យ​អនុ​សេនីយ​ត្រី​ ក្រុម​រាជ​អាវុធ​ហត្ថ​ចេញ​ទៅ​ក្រៅ​វិញ​ហើយ​លោក​ក៏​និយាយ​ នឹង ខ្ញុំ​ ដោយ​សម្លេង​ធូរ​ជា​ប្រ​ក្រតី​ថា៖
   - លោក​ស័ក្ដិ​ពីរ​ សុំ​លោក​កុំ​ភ័យ​ខ្លាំង​ពេក​ ចាំ​ខ្ញុំ​និយាយ​ប្រាប់​លោក​ ឲ្យ​បាន​ដឹង​កិច្ច​កល​ក្នុង​រឿង​នេះ​... លោក! ការ​ក្បត់​របស់​លោក​ជា​ការ​មាន​ប្រយោជន៧​ធំ​ណាស់​ ព្រោះ​អាច​ធ្វើ​ឲ្យ​យើង​​មាន​ជោគ​ជ័យ​... ហេតុ​នេះ​ការ​ក្បត់​របស់​លោក​មាន​ន័យ​​ថា​ ជាពលិ​កម្ម​ដ៏​ខ្ពង់​ខ្ពស់​​ដែល​អ្នក​ដទៃ​ពុំ​អាច​ធ្វើ​បាន​ក្នុង​ការ​បំរើ​ប្រទេស​ជាតិ​... ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​លោក​ថា ការ​ប្រហារ​ជីវិត​លើ​រូប​លោក​នោះ​ ក៏​គ្រាន់​តែ​ជា​ការ​ដែល​ត្រូវ​ធ្វើ​លើ​ភាព​ខាង​ក្រៅ​តែ​ប៉ុណ្ណោះ​ សុំលោក​កុំ​យល់​ច្រលំ​ឲ្យ​សោះ​...
   - ព្រះ​តេជ​គុណ! ភាព​ខាង​ក្រៅ​យ៉ាង​ម៉េច​ទាន​ប្រោស​?
   - លោក​ស័ក្ដិ​ពីរ​ ខ្ញុំ​និយាយ​ប៉ុណ្ណេះ​គួរ​លោក​យល់​ហើយ​ លោក​ពុំ​បាច់​សួរ​ខ្ញុំ​ឲ្យ​វែង​ឆ្ងាយ​ទៀត​ទេ​ លោក​មើល​មើល៍​! នេះ​គឺ​ជា​សំណុំ​រឿង​ដែល​ខ្ញុំ​បាន​ធ្វើ​ទុក​រួច​ស្រេច​ហើយ​ ដើម្បី​ចោទ​ប្រកាន់​លើ​រូប​លោក​ពី​ការ​ក្បត់​ជាតិ​... អីលូវ​នេះ​ខ្ញុំ​ត្រូវ​បញ្ជូន​រូប​លោក​ទៅឃុំ​ឃាំង​ទុក​ រង់​ចាំ​ពេល​ជំនុំ​ជំរះ​កាត់​ទោស​លោក​តែ​ប៉ុណ្ណោះ​។
   - បើ​អញ្ចឹង​សុំ​ព្រះ​តេជ​គុណ​ មេត្ដា​អនុញ្ញាត​ឲ្យ​ខ្ញុំ​បាទ​ជូន​ដំណឹង​នេះដល់​ឪពុក​ម្ដាយ​ខ្ញុំ​បាទ​សិន​ ទាន​ប្រោស​ ដើម្បី​កុំ​ឲ្យ​លោកព្រួយ​ចិត្ដ​...
   - ពុំ​បានទេ​លោក​ស័ក្ដិ​ពីរ​ លោក​ធ្វើ​អញ្ចឹង​ពុំ​បាន​ជា​ដាច់​ខាត​ លោក​​ត្រូវ​ដឹង​ថា​ យើង​ត្រូវ​ធ្វើការ​នេះ​ដោយ​ស្ងាត់​កំបាំង​ជា​ទី​បំផុត​ កុំ​ឲ្យ​រឿង​នេះ​បែក​ការ​ យើង​សង្ឃឹម​ថា​ ផែន​ការ​អាថិ​កំបាំង​នេះ​ អាច​ធ្វើ​ឲ្យ​យើ​ង​មាន​ជោគ​ជ័យ​ បើ​រឿង​នេះបែក​ការ​ ប្រ​ទេស​ជាតិ​ទាំង​មូល​ នឹង ត្រូវ​ទទួល​ នូវ​ សេច​ក្ដី​អន្ដរាយ​ណ៎ា​លោក​...
   - ការ​ចង្អៀត​ចង្អល់​ចិត្ដ​យ៉ាង​ខ្លាំង​បាន​កើត​ឡើង​ដល់​រូប​ខ្ញុំ​។ ខ្ញុំ​មាន​ទឹក​ចិត្ដ​ពោរ​ពេញ​ដោយ​ការ​មួរ​ហ្មង​​ ព្រោះ​ខ្ញុំ​នឹក​ដល់​វាសនា​អា​ក្រក់​របស់​ខ្ញុំ​ ដែល​កើត​មក​ខុស​គេ​។ ខ្ញុំ​នឹក​គូ​ស​វាស​ដល់​ភាព​ទុក្ខ​ព្រួយ​នៃ​ឪពុក​ម្ដាយ​បង​ប្អូន​របស់​ខ្ញុំ​ និង ពាក្យ​ជេរ​ប្រទេចផ្ដាសា​របស់​មាហា​ជន​ចំពោះ​រូប​ខ្ញុំ​ គ្រួសារ​ខ្ញុំ​ ព្រោះ​ជា​អំពើ​ដែល​គេ​ស្អប់​ខ្ពើម​។
    បួន​ថ្ងៃ​ក្រោយ​មក​ សារព៌តមាន​ទាំង​អស់​នៅ​ទីក្រុង​ភ្នំពេញ​ បានចុះ​ផ្សាយ​ដំណឹង​មួយ​ក្រោម​ចំណង​ជើង​ថា៖

«ការប្រហារជីវិត​ជន​ក្បត់ជាតិ»

    អនុសេនីយ​ទោ​ម្នាក់​ នៃ​ កង​យោធពល​ខេមរ​ភូមិន្ទ ​(គេ​ដាក់ឈ្មោះ​ខ្ញុំ​) ត្រូវ​ចាប់​បាន​ក្នុង​រឿង​ក្បត់​ជាតិ​ ហើយ​អី​លូវ​ត្រូ​វតុលា​ការ​សឹក​កាត់​ទោស​ប្រហារ​ជីវិត​...
    ការ​ប្រហារជីវិត​ជន​ក្បត់​ជាតិ​នេះ​ នឹង ត្រូវ​ធ្វើ​នៅ​ពេល​ព្រឹក​នៃ​ថ្ងៃ​ទី​ ២ កុម្ភ​ ស្អែក​នេះ​នៅ​ទួល​កី...
ដំណឹង​នេះ​ បានធ្វើ​ឲ្យ​មហា​ជន​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​...
   នៅពេលម៉ោង​ ៥​ព្រឺក​នៃ​ថ្ងៃ​ទី​ ២កុម្ភ ... អនុសេនីយ​ទោម្នាក់​នៅ​ក្នុង​ក្រុម​ប្រឆាំង​ នឹង​ ចារ​កម្ម​ បាននាំពល​បាល​ឯក​ម្នាក់​ និង ក្រុម​នាយ​ទាហាន​ប្រហារ​មួយ​ក្រុម​ មក​យក​​ខ្ញុំ​ចេញ​ពី​បន្ទប់​ឃុំ​ឃាំង​ បណ្ដើរ​ឆ្ពោះ​ទៅ​កាន់​ទី​កន្លែង​ប្រហារ​ដោយ​រថ​យន្ដ​។ ខ្ញុំ​ត្រូវ​គេ​ដាក់​ខ្នោះ​ដៃ​ជាប់​។ នោះ​ទីនោះ​គេ​បាន​ជី​រណ្ដៅ​មួយ​សំរាប់​កប់​ខ្មោច​ខ្ញុំ​។ មិន​ឆ្ងាយ​ពី​រណ្ដៅ​នោះ​ប៉ុន្មាន​ គេ​ដាំ​បង្គោល​មួយ​មានទំហំ​ធំល្មម​ ហើយ​មាន​កំពស់​ប្រហែល​ពីរ​ម៉ែត្រ​។ បង្គោល​នេះ​ហើយ​ដែល​គេ​ត្រូវ​យក​ខ្ញុំ​ទៅ​ចង​ភ្ជាប់​ហើយ​ប្រហារ​ជីវិត​?
    នៅ​ក្រោម​ពន្លឺ​ព្រិលៗ​ នៃ​អរុណ​ដែល​រះ​រៀប​ផុត​ជើង​មេឃ​ខាង​កើត​ អនុសេនីយ​ទោ​ចម​ចៅ​ ជា​សហ​ការី​របស់​លោក​វរ​សេនីយ​ត្រី​ មាស ស្អាត​ បាន​បញ្ជា​ឲ្យ​ខ្ញុំ​លុត​ជង្គង់​​ប្រប​ នឹង បង្គាល​ ហើយ​ក្រោប​មុខ​ នឹង បង្គោល​នោះ​។ នៅ​ពី​ខាង​ក្រោយ​ខ្ញុំ​ប្រហែល​ជា​ ១២ម៉ែត្រ​ ពល​ទាហាន​មួយ​ក្រុម​ចំនួន​ ១២នាក់​ បាន​ឈរ​រាយ​គ្នា​ជា​ជួរ​បែរ​មុខ​មក​រក​ខ្ញុំ​ ក្រោម​កិច្ច​បញ្ជា​របស់​​ពល​បាល​ឯក​ម្នាក់​។
   លុះ​បានរៀប​ចំស្រេច​ហើយ​ អនុសេ​នីយ​ទោ​ ចម​ ចៅ​ បាន​លើក​ដៃ​ស្ដាំ​ឡើង​ជា​សញ្ញា​។ ពល​ទាហាន​ទាំង​អស់​បានលើ​កាំ​ភ្លើង​តំរង់​មក​រក​ខ្ញុំ​។ ក្នុង​ខណ​ដែល​អនុស​សេ​នីយ​ទោ​ ចម​ ចៅ​ ទំលាក់​ដៃ​ចុះ​វិញ​ ពល​បាល​ឯក​នោះ​ក៏​ស្រែក​ឡើង​ខ្លាំង​ថា៖​
- បាញ់!
    ស្នូរ​គ្រាប់​កាំ​ភ្លើង​ ១១គ្រាប់​ ក៏​បាន​លាន់​លឺ​ឡើង​ព្រម​គ្នា​។ ខ្ញុំ​បាន​សំរុត​ខ្លួន​ចុះ​ហើយ​ផ្ទប់​មុខ​ទៅ​លើ​ស្មៅ​។ អនុ​សេនីយ​​ទោ​ចម ចៅ​ បាន​ដក​កាំ​ភ្លើង​ខ្លី​ចេញ​ពី​ចង្កេះ​ ហើយ​មក​ផ្ជង់​បាញ់​ត្រង់​ក្បាល​របស់​ខ្ញុំ​ជា​ការ​បង្ហើយ​ រួច​ហើយ​គេ​បញ្ជា​ទៅ​ពល​បាល​ឯក​ថា ​ឲ្យ​នាំ​ពល​ទាហាន​ត្រលប់​ទៅបន្ទាយ​វិញ​ចុះ​ ឯរូប​គេ​ ត្រូវ​ទទួល​បង្គាប់​ឲ្យ​នៅ​ចាំ​ប្រគល់​សព​ទៅ​ឲ្យ​ក្រុម​ញាតិ​របស់​ខ្ញុំ​ ដែល​​នឹង ត្រូវ​មក​ទទួល​យក​ក្នុង​ពេល​អី​លូវ​នេះ។
    នៅ​​ពេល​ដែល​ក្រុម​ទាហាន​ប្រហារ​ បាន​ត្រលប់​ទៅ​បន្ទាយ​វិញ​អស់​ហើយ​ លោក​អនុ​សេនីយ​ទោ​ចម ចៅ​ បាន​យក​ជើង​មក​ឆ្កើះ​គូថ​របស់​ខ្ញុំ​ ហើយ​គេនិយាយ​តិច​ៗ​ថា៖​
   - រួច​ហើយ​សំលាញ់​! រឿង​កំប្លែង​របស់​សំលាញ់​ឯង​ ត្រូវ​ចប់​សព្វ​គ្រប់​អស់​ហើយ​...
   ខ្ញុំ​ងើប​មុខ​ឡើង​ទាំង​ប្រលាញ់​ស្រមក​។ អនុសេនីយ​ទោ​ ចម ចៅ បាន​ស្រាយ​ចំណង​ដៃ​ចេញ​ ហើយ​និយាយ​ នឹង​ ខ្ញុំ​ទៀត​ថា៖​
   - ទៅ​សំលាញ់​ ឡាន​ខ្ញុំ​ចត​ចាំ​សំលាញ់​ឯង​នៅ​ខាង​នោះ​ ខ្ញុំ​ប្រាប់​សំលាញ់​ឯង​ពុំ​បាន​ថា ខ្ញុំ​ត្រូវ​នាំ​សំលាញ់​ឯង​ទៅ​ណា​ទេ​។
    យើង​នាំ​គ្នា​ដើរ​តំរង់​ទៅជិះ​រថ​យន្ដ​នោះ​។ អនុសេនីយ​ទោ​ ចម​ ចៅ​ ជា​អ្នក​កាច់​ចង្កូត​ ហើយ​បើក​ចេញ​ពីទី​នោះ​ទៅ​។
    ក្នុង​ពេល​ដែល​រថ​យន្ដ​កំពុង​តែ​លូន​លឿន​ស្លៅ​ទៅ​នោះ​ ខ្ញុំ​បាន​សាក​សួរ​ចង់​ដឹង​ដល់​រឿង​ប្រហារ​ជីវិត​​របស់​ខ្ញុំ​។ គេ​បាន​ថ្លែង​ប្រាប់​ខ្ញុំ​ថា៖
   - សំលាញ់​! សំលាញ់​ឯង​ឆ្ងល់​ធ្វើ​អ្វី​ សព្វ​បើ​រឿង​កំប្លែង​អញ្ចឹង​ ... រូប​ខ្ញុំ​ហ្នឹង​អែង​ ដែល​ជា​អ្នក​រៀប​ចំកាំ​ភ្លើង​ទាំង​ ១២ដើម​ ព្រឹក​មិញ​ខ្ញុំ​បាន​ច្រក​គ្រាប់​ក្លែង​ក្លាយ​ក្នុង​កាំ​ភ្លើង​ទាំង​នោះ​ រួច​បាន​យក​ទៅ​ឲ្យ​ពល​បាល​ឯក​ឲ្យ​ចែក​ដល់​ពួកទាហាន​ទាំង​នោះ​​ ពួក​ទាហាន​ទាំង​នោះ​ ក៏​ពុំ​បាន​ដឹង​ថា​សំលាញ់​អែង​ពុំ​ទាន់​ស្លាប់​ដែរ​... (អនុសេនីយ​ទោ​សើច​ក្អាក​ក្អាយ​រួច​និយាយ​ត​ទៅទៀត​) គ្រាន់​តែ​ ១២គ្រាប់​ចូល​ទៅ​​ក្នុង​ខ្លួន​សំលាញ់​ផង សំលាញ់​អែង​ប្រ​ហែល​ជា​បានទទួល​រង្វាន់​មិន​តិច​ទេ​មើល​ទៅ​...
   - គ្មាន​បានទទួល​វង្វាន់​អ្វី​ទេ! ... ខ្ញុំ​ឆ្លើយ​ឡើង​ ព្រោះ​ខ្ញុំ​គិត​ថា​ ស្នូរ​គ្រាប់​កំភ្លើង​ ១២ គ្រាប់​នេះ​បាន​ចាក់​ទំលុះ​នូវ​ បេះ​ដូង​ឪ​ពុក​ម្ដាយ​ និង បង​ប្អូន​របស់​ខ្ញុំ ព្រមទាំងបាន​ បំផ្លាញ​ នូវ កិត្ដិយស​របស់​ខ្ញុំ​មួយ​ជីវិត​ទៀត​ផង​...
    ដោយ​សារ​ហេតុ​អ្វី​ក៏​មិន​ដឹង​ នៅ​ពេល​នោះ​ខ្ញុំ​ចេះ​តែ​នឹក​ស្រមៃ​ដល់​នាង​យូរ៉េត​ ទៀត​ យូរ៉េត​ដែល​ខ្ញុំ​បាន​ខំអត់​ទ្រាំ​បំភ្លេច​នាង​ចោល​ច្រើន​សប្ដាហ៍​ណាស់់​មក​ហើយ​... ខ្ញុំ​នឹក​ថា​ នាង​យូរ៉េត​ នឹង​ មាន​ទុក្ខ​ទោមនស្ស​​យ៉ាង​ណា​ នៅ​ពេល​ដែល​​នាង​បានទទួល​ នូវ ដំណឹង​អកុសល​របស់​ខ្ញុំ​នេះ។​
   -ខ្ញុំ​អង្គុយ​ស្ងៀម ចោល​កន្ទុយ​ភ្នែក​សំលឹង​មើល​ទៅ​ខាង​មុខ​ដោយ​ទឹក​មុខ​សៅ​ហ្មង​។ អារម្មណ៍​របស់​ខ្ញុំ​ហាក់​ដូច​អណ្ដែត​ត្រសែត​ទៅ​រក​នាង​យូរ៉េត​...
   - សំលាញ់​! សំលាញ់​អែង​កុំ​ឆ្ងល់​ធ្វើ​អ្វី​ (អនុ​សេនីយ​ទោ​ ចម​ ចៅ​ និយាយ​ នឹង ខ្ញុំ​ ក្នុង​ខណ​ដែល​ខ្ញុំ​អង្គុយ​នៅ​ស្ងៀម​នោះ​) ខ្ញុំ​បាន​ទទួល​បង្គាប់​ពី​លោក​ស័ក្ដិ​ ៤ មាស​ ស្អាត​ថា ឲ្យខ្ញុំ​នាំ​សំលាញ់​ទៅ​ផ្ទះ​លោក​ ព្រោះ​លោក​រង់​ចាំ​យើង​នៅទី​នោះ​...
    ខ្ញុំ​ងក់​ក្បាល​ទទួល​ដឹង​ដោយ​ពុំ​ចេញ​ស្ដី​ថា​អ្វី។
   លុះ​បាន​ទៅ​ដល់​គេហដ្ឋាន​របស់​លោក​វរសេនីយ​ត្រី​ មាស ស្អាត​ ហើយ​ អនុសេនីយ​ទោ​ ចម ចៅ​ បាន​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​បន្ទប់​ដ៏​ស្អាត​មួយ​នៅ​ជាន់​ខាង​លើ​។ បន្ទប់​នេះ​ពុំ​មែន​ជាបន្ទប់​ទទួល​ភ្ញៀវ​ទេ​ គឺ​ជា​បន្ទប់​ដេក​។ ខ្ញុំ​នឹក​ឆ្ងល់​ជា​ខ្លាំង​ថា ហេតុ​អ្វី​ក៏​បាន​ជា​គេ​នាំ​ខ្ញុំ​ចូល​មក​ក្នុង​បន្ទប់​នេះ? តែ​ខ្ញុំ​ពុំ​សួរ​ថា​អ្វី​ ដោយ​ទុកចាំ​មើល​ត​ទៅ​ទៀត​។ គេ​បាន​ប្រាប់​ខ្ញុំ​ថា​ ឲ្យ​ខ្ញុំ​អង្គុយ​ចាំ​គេ​នៅ​ក្នុង​បន្ទប់​នោះ​ រូប​គេ​ នឹង ចេញ​ទៅ​ក្រៅ​បន្ដិច​។
    មួយ​សន្ទុះ​ក្រោយ​មក​ ក្នុង​ខណ​ដេល​ខ្ញុំ​អង្គុយ​ឆ្ងល់​តែ​ម្នាក់​អែង​នោះ​ លោក​វរ​សេនីយ​ត្រី​ មាស​ ស្អាត​ ក៏​ដើរ​ចូល​មក​រក​ខ្ញុំ​។ លោក​បាន​និយាយ​យ៉ាង​ខ្លី​ហើយ​ដាច់​ខាត​ថា​ ឲ្យ​ខ្ញុំ​ដេក​នៅ​ក្នុង​បន្ទប់​​ដ៏​ស្ងាត់​នេះ​ កុំ​ឲ្យ​អ្នក​ណា​ឃើញ​ឲ្យ​សោះ​ ដោយ​លោក​បាន​ចាត់​ឲ្យ​លោក​អនុ​សេនីយ​ទោ​ ចម​ ចៅ​ ជា​អ្នក​ចាត់​ចែង​រៀប​ចំ​ឲ្យ​បាន​ស្រួល​អស់​ហើយ​។ ជា​អ្នក​ត្រូវ​ទទួល​ខុស​ត្រូវ​ក្នុង​រឿង​នេះ​ទៀតផង​...
   ចាប់​តាំង​ពី​ពេល​នោះ​មក​ ខ្ញុំ​ក៏​ត្រូវ​លាក់​ខ្លួន​ពួន​អាត្មា​ នៅ​ក្នុង​បន្ទប់​ដ៏​តូច​ លើ​គេហដ្ឋាន​របស់​លោក​វរ​សេនីយ​ត្រី​ មាស ស្អាត​ យ៉ាង​ស្ងាត់​ស្ងៀម​។