វគ្គទី៩
បំពេញ​បេសកកម្មពិសេស
ថ្ងៃសៅរ៍ ទី13.កុម្ភៈ 2021.ម៉ោង 10:02

    រាត្រី​នេះ​ ជារាត្រី​មួយ​ប្រកប​ដោយ​មេឃ​ស្រឡះ​អាកាស​ស្ងប់​។ យើង​បាន​ធ្វើ​ដំណើរ​ចេញ​ផុត​ពី​ផ្សារ​កំពង់​ក្ដី​ហើយ​។ ភ្នាក់​ងារ​សំងាត់​លេខ​ ៨​ បាន​កាន់​ចង្កូត​រថ​យន្ដ​ ហើយ​បញ្ជា​ឲ្យ​លូន​ទៅ​មុខ​ ក្រោម​ស្រមោល​នៃ​រុក្ខជាតិ​នានា​។

    ការ​ស្ងាត់​ស្ងៀម​ក្នុង​ការ​ធ្វើ​ដំណើរ​នេះ​ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ជញ្ជឹង​គិត​ដល់​បេសកកម្ម​របស់​ខ្ញុំ​... ខ្ញុំ​សញ្ជឹង​គិត​​ដោយ​ការ​ងឿង​ឆ្ងល់​ជា​ខ្លាំង​ នូវ កិច្ច​ការ​ដែល​ខ្ញុំ​ទៅ​ធ្វើ​ ក្នុង​គោល​បំណង​បំភាន់​មតិ​ខ្លាំង​ ដែល​អាច​មាន​មនុស្ស​រាប់​រយ​រាប់​ពាន់​នាក់​​ ត្រូវ​ជាប់​អន្ទាក់​នេះ​...​ ​ខ្ញុំ​សំលឹង​មើល​រុក្ខ​ជាតិ​ដែល​ដុះ​រត់​ជួរ​តាម​បណ្ដោយ​ផ្លូវ​ឃើញ​ដូច​ជា​ស្រមោល​ស្ទុង​ៗ​..។ ស្រមោល​រុក្ខ​ជាតិ​ទាំង​នេះ​ ហាក់​ដូច​ជា​បាន​ខ្សិប​ដាក់​ត្រចៀក​របស់​ខ្ញុំ​ថា៖​

អាក្បត់​!!.. អាក្បត់​!!!។
    ខ្ញុំ​បាន​ចោល​កន្ទុយ​ភ្នែក​មើល​នាឡិ​ការ​បស់​ខ្ញុំ​ ឃើញ​ទ្រនិច​ខ្លី​ចង្អុល​ម៉ោង​ម្ភៃ​។ ខ្ញុំ​បាន​សួរ​ភ្នាក់​ងារ​លេខ​ ៨​ថា៖
- ជិត​ដល់ហើយ រឺ នៅ?
   - បាទ​ទាន​! ជិត​ដល់​ហើយ​ ពួក​វា​ត្រូវ​នៅ​ចាំ​យើង​ត្រង់​កន្លែង​មួយ​ជិត​ព្រំប្រទល់​ខេត្ដ​សៀម​រាប​ កំពង់​ធំ​ ដែល​មាន​ផ្លូវ​រទេះ​កាត់​ ជិត​ភូមិ​ប្រឡាយ​ ហើយ​វាឲ្យ​សញ្ញា​យើង​ ដោយ​ពន្លឺ​ភ្លើង​ពិល​...
    មន្ដិច​ក្រោយ​មក​ យើង​ក៏បានឃើញ​សញ្ញា​ពន្លឺ​ភ្លើង​ពិល​បី​ដង​។ ភ្នាក់​ងារ​លេខ​ ៨ ក៏​បញ្ឈប់​រថ​យន្ដ​តែ​ជ្រុល​ហួស​ទៅ​មុខ​ប្រ​ហែល​១០ ម៉ែត្រ​។ យើង​ត្រូវ​ថយ​រថ​យន្ដ​មក​ក្រោយ​វិញ​ ហើយ​ឈប់​ចំងាយ​ ៥ ម៉ែត្រ​ ពី​កន្លែង​ភ្លើង​សញ្ញា។ ខ្ញុំ​សង្កេត​ឃើញ​ថា ពួក​វា​ចត​រថ​យន្ដ​ចាំ​តាម​ផ្លូវ​នេះ​ ដែល​ចុះពី​ផ្លូវ​ថ្នល់​ទៅ​ប្រហែល​ជា​ ៥ម៉ែត្រ​ដែរ​។ ភ្នាក់​ងារ​លេខ​ ៨ បាន​និយាយ​ នឹង ខ្ញុំ​តិច​ៗ​ថា៖​
   - ខ្ញុំ​ត្រូវ​ឈប់រថ​យន្ដ​ ៥ម៉ែត្រ​អញ្ចឹង​ ក្រែង​លោ​មាន​ការអី​ពុំ​ស្រួល​ សុំ​លោក​រង់​ចាំ​ខ្ញុំ​មួយ​ភ្លែត​ ចាំ​ខ្ញុំ​ទៅ​​មើល​សិន​ បើ​បាន​ការ​តាម​សន្យា​ហើយ​ ចាំ​ខ្ញុំ​មក​នាំ​លោក​ទៅ​...
- ហ្នឹង​ហើយ​ទៅ​ចុះ​
   - លោក! (ភ្នាក់​ងារ​លខ​ ៨ និយាយ​បែប​ចំអក ​ក្រោយ​ពេល​ដែល​គ្រឿង​ចក្រ​រថ​យន្ដ​រលត់​) លោក​ប្រហែល​ជា​ពេញ​​ចិត្ដ​ក្នុង​ការ​ក្បត់​នេះ​ដែ​រ​មែន​ទេ​លោក​?
- ខ្ញុំពុំ​សូវ​ពេញចិត្ដ​ ប៉ុន្មាន​ទេ​ តែ​ខ្ញុំ​ពេញ​ចិត្ដ​ទៅ​ប្រយុទ្ធ​ជា​មួយ​ខ្មាំង​ជាង​។
   - លោក! មុខ​ងារ​ចារ​បុរស​ក៏​ពុំ​ខុស​គ្នា​ពី​មុខ​ងារ​ដទៃ​ដែរ​... មុខ​ងារ​នេះ​មាន​សារ​ប្រយោជន៍​សំខាន់​ណាស់​ ក្នុង​ខណ​ដែល​ខ្មាំង​នៅ​ពុំ​ទាន់​ដឹង​ខ្លួន​ តែ​នៅ​ពេល​ដែល​ខ្មាំង​វាដឹង​ខ្លួន​ហើយ​ វា​ចាប់​រូប​ចារ​បុរស​នោះ​បាន​ ក៏​គ្មាន​អ្វី​ក្រៅ​ពី​គ្រាប់​កាំ​​​​ភ្លើង​​ ១២គ្រាប់​របស់​ខ្លាំង​ជា​រង្វាន់​ទេ​លោក​... ​
    ខ្ញុំ​នៅ​ស្ងៀម​ពុំ​ឆ្លើយ​ថា​អ្វី​ ព្រោះ​ខ្ញុំ​គិត​ថា​ មុខងារ​ជា​ចារ​បុរស​ពុំ​មែន​ជា​ងារ​ស្រួល​ឡើយ​ ហើយ​ខ្ញុំ​ក៏​ដូច​ជា​ពុំ​ទើង​1លឺ​ នូវ​ ពាក្យ​ថា​ចារ​បុរស​នេះ​ផង​។
ភ្នាក់​ងារ​លខ​ ៨ ក៏និយាយ​បន្ដទៅ​ទៀ៖
   - ខ្ញុំ​ដូច​ជា​ចង់​តែ​អស់​សំណើច​ កាល​បើ​ខ្ញុំ​នឹក​ឃើញ​ដល់​រឿង​ដែល​ថា​ វាពុំ​គួរ​ជា​យក​ប្រាក់​សាម​សិប​ម៉ឺន​រៀល​មក​ទិញ​ក្រដាស​អិត​តំលៃ​នេះ​សោះ​!...
    និយាយ​ចប់​ហើយ​ភ្នាក់​ងារ​លេខ ៨ ក៏​ចុះ​ដើរ​តម្រង់​ទៅ​កន្លែង​ដែល​ខ្មាំង​រង់​ចាំ​។ សភាព​ងងិត​បាន​បិទ​បាំង​រូប​រាង​កាយ​គេ​ឲ្យ​មើល​ទៅ​ឃើញ​តែ​ស្រមោល​ស្ទុងៗ​។ ខ្ញុំ​អុច​បារី​ហើយ​ដើរ​ត្រេះ​ត្រុស​ជុំ​វិញ​រថ​យន្ដ​។
    ប្រហែល​​ជា​ដប់​នាទី​បាន​កន្លង​ផុត​ទៅ​ សេច​ក្ដី​បារម្ភ​របស់​ខ្ញុំ​បាន​ផុស​ឡើង​។ ខ្ញុំ​គិត​ថា​ ភ្នាក់​ងារ​សំងាត់​របស់​ខ្មាំង​ប្រ​ហែល​ជា​បាន​ដឹង​ នូវ​ ឧបាយ​កល​ទុច្ច​រិត​របស់​ខ្ញុំ​ តែ​ក្នុង​ពេល​ដែល​ខ្ញុំ​កំពុង​តែ​បារម្ភ​នោះ​ ខ្ញុំ​បានលឺ​សូរ​ស្បែក​ជើង​មនុស្ស​ដើរ​ចូល​មក​ជិត​ខ្ញុំ​។ ខ្ញុំ​បាន​ពិនិត្យ​ឃើញ​ស្រមោល​ខ្មៅ​ស្ទុងៗ​ ពីរ​បាន​ខិត​ចូល​មកជិត​ខ្ញុំ​។ បន្ដិច​មក​ភ្នាក់​ងារ​លេខ​ ៨ និង មនុស្ស​ម្នាក់​ទៀត​បាន​ដើរ​ចូលមក​ជួប​ នឹង ខ្ញុំ។ ភ្នាក់​ងារ​លេខ​ ៨ បាន​បញ្ចេញ​ នូវ អា​កប្បកិរិយា​គោរព​ខ្ញុំ​ប្លែក​ពី​ធម្មតា​។
   - ព្រះ​តេជ​គុណ​! (ភ្នាក់​ងារ​លេខ ៨ ណែ​នាំ​ខ្ញុំ​ ក្រោយ​ដែល​បាន​គោះ​កែង​គោរព​ខ្ញុំ​) ខ្ញុំ​បាទ​សុំ​បង្ហាញ​មនុស្សដែល​យើង​ត្រូវ​ចួប​ទាន​ប្រោស​។​
   - លោក! (ខ្ញុំ​សួរ​ដោយ​ពាក្យ​ដាច់ខាត​) លោក​មាន​ប្រាក់​គ្រប់​ចំនួន​ហើយ​រឺ?
   - បាទ! មាន​គ្រប់​ចំនួន​ហើយ​ (ចារ​បុរស​របស់​ខ្មាំង​បាន​ឆ្លើយ​ឡើង​ព្រម​ទាំង​ហុច​កញ្ចប់​ប្រាក់​មក​ឲ្យ​ខ្ញុំ​)។​
   ខ្ញុំ​ទទួល​យក​ហើយ​ ក៏​ហុច​ស្រោម​សំបុត្រ​ដែល​បង្កប់​ នូវ​ ឯក​សារ​ពិសេស​ទៅ​ឲ្យ​គេ​វិញ​។ គេ​ញញឹម​ញញែម​ដោយ​ការ​ពេញ​ចិត្ដ​ជា​ខ្លាំង​។ គេ​បានសំដែង​ នូវ អំណរគុណ​ចំពោះ​ខ្ញុំ​ រួច​ហើយ​ក៏​លា​ត្រលប់​ទៅ​វិញ​ដោយ​មាន​ភ្នាក់​ងារ​លេខ​៨​ជា​អ្នក​ជូន​ដំណើរ​ទៅ​ដល់​កន្លែង​ដើម​។
    មួយ​សន្ទុះ​ក្រោយ​មក​ ភ្នាក់​ងារ​លខ​ ៨ បាន​រាយ​ការណ៍​ប្រាប់​ខ្ញុំ​ពី​រឿង​នេះ។​ គេនិយាយ​រឿង​នេះ​ ដូច​ជា​រឿង​ត្លុក​កំប្លែង​គួរ​ឲ្យ​ចង់​សើច​ថា៖​
   - លោក! ខ្ញុំ​នយាយ​ប្រាប់​ពួក​វា​ថា​ លោក​បាន​ធ្លោយ​ក្នុង​ការ​លេង​ល្បែង​ស៊ីសង​ ដោយ​យក​ប្រាក់​រាជការ​ទៅ​លេង​ចាញ់​អស់​ជា​ច្រើន​ ហើយ​ក្នុង​ការ​រក​ប្រាក់​បង្គ្រប់​វិញ​នេះ ជា​រឿង​អាយុ​ជីវិត​របស់​លោក​ដែល​ត្រូ​វ​តែ​រក​ឲ្យ​ទាន់​នៅ​ថ្ងៃ​ខាន​ស្អែក​នេះ​..,
    តពី​នោះ​មក​ ខ្ញុំ​បាន​ដេក​លក់​នៅ​លើ​រថ​យន្ដ​។ លុះ​ភ្ញាក់ឡើង​ ក៏​ស្រាប់​តែ​ឃើញ​រថ​យន្ដ​ ឋិត​នៅ​លើ​សាឡាង​ព្រែក​ក្ដាម​ដែល​ឆ្លង​មកជិត​ដល់​ត្រើយ​ខាង​លិច​ទៅ​ហើយ​។
   ខ្ញុំ​អុជ​បារី​ជក់​ ហើយ​បណ្ដោយ​ឲ្យ​ភ្នាក់​ងារ​លេខ ៨ បើក​រថ​យន្ដ​ដោយ​ស្ងប់​ស្ងៀម​...
    រថ​យន្ដ​បាន​លូន​ចូល​ដល់​ទី​ក្រុង​ភ្នំ​ពេញ​នៅ​ម៉ោង​ ២៤អាធ្រាត្រ​។ ខ្ញុំ​ចេះ​តែ​មាន​សតិ​អារម្មណ៍​រសាប់​រសល់​ ហើយ​គិត​ការ​មួយ​ម៉ឺន​ជំពូក​។ ខ្ញុំ​ក៏​បាន​និយាយ​ទៅ​កាន់​ភ្នាក់​ងារ​លេខ​ ៨ ថា៖
- សុំនាំ​យក​ខ្ញុំទៅ​ដាក់​ឯផ្ទះ​ចុះ​...​
​- បាទ! លោក​វរ​សេនីយ​ត្រី​បាន​ផ្ដាំ​ថា បើ​បាន​សំរេច​ការ​ហើយ​ នៅ​ពេល​ដែល​ត្រលប់​មក​ដល់​រាជ​ធានី​វិញ លោក​ឲ្យ​ខ្ញុំ​ទៅ​កំសាន្ដ​ ក្នុង​រង្គ​សាល​ណា​មួយ​សិន​ ដើម្បី​ជា​ការ​ឆ្លង​ នូវ ជោគជ័យ​របស់​យើង​... ហេតុ​នេះ​យើង​គួរ​ទៅ​រក​ដាក់​ម្នាក់មួយ​​កែវ​សិន​...
   - យោ​បល់​របស់​ភ្នាក់​ងារ​លេខ ៨ និង ​បណ្ដាំ​របស់​លោកវរ​សេនីយ​ត្រី​ដូច​ជា​គួរ​ស្ដាប់​ណាស់​។ ខ្ញុំ​ក៏​យល់​ព្រម​តាម​។ ភ្នាក់​ងារ​លេខ ៨ បាន​នាំ​ខ្ញុំ​ចូល​ទៅ​រង្គ​សាល​ (ម៉ា​ឡៃ​យ៉ា) ឋិត​នៅ​ជិត​វាល​វង់​សេះ​។ យើង​បាន​អង្គុយ​ផឹក​ និង ជជែក​គ្នា​រអ៊ូ​ៗ​ ​។ នៅ​ទី​នោះ​ ភ្នាក់​ងារ​លេខ ៨​ បាន​ខ្សិប​ប្រាប់​ខ្ញុំ​ថា​ ចៅ​កែ​រង្គ​សាល​នេះ​ឈ្មោះ​យ៉ូ​យ៉ាំង​ញ៉​... វា​ត្រូវ​ក្រុម​ប្រឆាំង​ នឹង ចារ​កម្ម​របស់​យើង​សង្ស័យ​ថា​ វា​ជា​ចារ​បុរស​របស់​ពួក​ ដាប​ ឈួន​.. ការ​ដែល​យើង​ចូល​មក​កន្លែង​នេះ​ វា​មុខ​ជា​នាំ​ពត៌​មាន​នេះ​ទៅ​ប្រាប់​ចៅហ្វាយ​វា... ប្រសិន​បើ​រឿង​នេះ​ពិត​ដូច្នោះ​មែន​ ក៏​ជាការ​ប្រសើរ​ណាស់​ដែរ​ ព្រោះ​វា​អាច​នាំ​ នូវ ភាព​សក្ដិ​សិទ្ធិ​ នៃ​ រឿង​ក្បត់ជាតិ​របស់​យើង​ ឲ្យរឹង​រិត​តែ​ពិត​ប្រាកដ​ឡើងទៀត​។

1. ទើង ជា​កិរិយា​សព្ទ​ប្រែថាចង់​