វគ្គទី៨
ស្ដ្រី​ជាសត្រូវ
    ថ្ងៃសៅរ៍ ទី6.កុម្ភៈ 2021.ម៉ោង 13:47

    នាង​ឆវី​ម្ជុល​ពេជ្រ ជា​កញ្ញា​មួយ​រូប​មាន​អាយុ​ប្រមាណ​ ២០ឆ្នាំ​។ ប្រសិន​បើ​គេ​ចោល​ភ្នែក​ក្រលេក​មើល​នាង​ ដោយ​ការ​សង្កេត​ពិនិត្យ​ គេ​មុខ​ជា​ដឹង​ថា​ នាង​ជា​ស្ត្រី​កូន​កាត់​ ព្រោះ​ពណ៌​សម្បុរ​សាច់​ឈាម​របស់​នាង​មិន​ខុស​គ្នា​ពី​ស្រី​កូន​កាត់​ចិន​ខ្មែរ​ប៉ុន្មាន​។ នាង​មាន​វង្វង់​មុខ​មូល​ទ្រវែង​ដូច​រាង​ពង​មាន់​។ ខ្ទង់​ច្រមុះ​មាន​ចុង​ស្រួច​ បបូរ​មាត់​ស្ដើង​ មាន​ពណ៌​ក្រហម​ស្រស់​ ភ្នែក​ទាំង​គូ​ខ្មៅ​រលោង​ស្រិល​ដូច​និល​ ដុំ​ក្រោម​រោម​​ចញ្ចើម​ដ៏​តូច​ខ្វង់​ភ្លឺ​រលើប​ដូច​ស្លាប​កំភេម​ បាន​ធ្វើ​រង្វង់​មុខ​របស់​នាង​ ឲ្យ​មាន​សំរស់​គួរ​ជា​ទី​ចាប់​ចិត្ដ​នៃ​បុរស​ដែល​បាន​ឃើញ​។ នាង​ទុក​សក់​វែង​ធ្លាក់​ចុះ​ទៅ​បបោស​អង្អែល​ស្មា​ ដែល​មាន​ពណ៌​សទ្រលុក​ទ្រលន់​ដូច​ភ្លុក​ដំរី​។ នាង​ចូល​ចិត្ដ​ពាក់​អាវ​វាល​ក​ធំ​បញ្ចេញ​សាច់​ទ្រូង​ដ៏​សម៉ដ្ឋ​ ដែល​ធ្វើ​ឲ្យ​បុរស​មាន​ការ​សំរើប​ចិត្ដ​ជា​ខ្លាំង​​កាល​បើ​បាន​ឃើញ​រូប​នាង​ហើយ​។

    ពិត​ណាស់​នាង​ឆវី​ពុំ​មែន​ជា​នារី​ខ្មែរ​សុទ្ធសាធ​ទេ​។ ឪពុក​នាង​ជា​ខ្មែរ​សុទ្ធ​ ហើយ​ត្រូវ​ជា​បង​ប្អូន​របស់​ដាប​ឈួន​ ម្ជុល​ពេជ្រ​ អែ​ម្ដាយ​នាង​ជា​យួន​សុទ្ធ​។ នាង​បាន​រៀន​សូត្រ​ចេះ​ជ្រៅ​ជ្រះ​ណាស់​ដោយ​បញ្ញា​វៃ​ឆ្លាត​ តាំង​ពី​ឪពុក​នាង​បាន​ពាក់​ស័ក្ដិ​ពីរ​ក្នុង​កង​ទ័ព​ ដាប​ ឈួន​។

    នៅ​ពេលដែល​ខ្ញុំ​ត្រូវ​ទៅ​ប្រតិបត្ដិការ​នៅ​ខេត្ដ​សៀម​រាប តាម​បញ្ជា​ការ​របស់​អគ្គ​សេនា​ធិការ​យោធ​ពល​ខេមរ​ភូមិន្ទ​នោះ​ ខ្ញុំ​​ខ្ញុំ​បាន​ស្គាល់​នាង​ឆវី​នេះ​ ដោយ​សារ​មិត្ដ​ភ័ក្ដិ​ម្នាក់​ណែ​នាំ​ឲ្យ​ស្គាល់​។ ក្នុង​សប្ដាហ៍​ដំបូង​​ដែល​ខ្ញុំ​បានឈាន​ជើង​ចូល​ទៅ​កាន់​ដី​សៀម​រាប​នោះ​ ខ្ញុំ​បាន​ស្គាល់​នាង​ ហើយ​រាប់​អាន​ជិត​ដិត​ ស្និទ្ធ​ស្នាល​ នឹង គ្នា​ដូច​ជា​ធ្លាប់​ស្គាល់​មក​យូរ​ហើយ​។ ប៉ុន្ដែ​ការ​រាប់​អាន​ដ៏​ជិត​ស្និទ្ធ​ស្នាល​នេះ​ ពុំ​មែន​បាន​សេច​ក្ដី​ថា​ ខ្ញុំ​ស្រលាញ់​នាង​ រឺ​ ជាប់​ចិត្ដ​ជាប់​ថ្លើម​ នឹង នាង​ឡើយ​។ ខ្ញុំ​ស្រ​លាញ់ឆវី​ដូច​ម្ដេច​កើត​ បើ​ខ្ញុំ​នៅ​តែ​នឹក​ស្រមៃ​ឃើញ​នាង​យូរ៉េត​ របស់​ខ្ញុំ​នៅ​ជាប់​ នឹង ភ្នែក​ជា​និច្ច​ គ្មាន​ពេល​ភ្លេច​ ពេល​រសាយ​ដូច្នេះ​ បេះ​ដូង​របស់​ខ្ញុំ​ដែល​មាន​តែ​មួយ​នេះ​ ខ្ញុំ​បាន​ប្រគល់​ឲ្យ​នាង​យូរ៉េត​ រួច​ទៅ​ហើយ​ ខ្ញុំ​គ្មាន​បេះ​ដូង​អែ​ណា​ទៀត​សំរាប់​ប្រគល់​ឲ្យ​នាង​ឆវី​ឡើយ​ ម៉្លោះ​ហើយ​ការ​ជិត​ដិត​ស្និទ្ធ​ស្នាល​គ្នា​រវាង​ខ្ញុំ​ នឹង ​នាង​ឆវី​នោះ​ កើត​ឡើង​ពី​នាង​ឆវី​ ដែល​ចេះ​តែ​ម្ញ៉ិកម្ញ៉ក់​រក​ខ្ញុំ​តែ​ប៉ុណ្ណោះ​។

    រាត្រី​មួយ​ នៃ​ សប្ដាហ៍ទី​ពីរ​ដែល​ខ្ញុំ​នៅ​សៀម​រាប​ នៅគេហ​ដ្ឋាន​របស់​នាង​ឆវី​ មាន​ការ​រៀប​ពិធី​ជប់​លៀង​មួយ​​យ៉ាង​គគ្រឹក​គគ្រេង​​ ដោយ​ឪពុក​របស់នាង​ជា​អ្នក​ចាត់​ចែង​។ ខ្ញុំ​ក៏​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ទៅ​ចូល​រួម​សប្បាយ​ក្នុង​ពិធី​នេះ​ដែរ​។ យប់​នេះ​ដូច​ជា​គ្រោះ​អាក្រក់​បន្ដិច​សំ​រាប់​រូប​ខ្ញុំ​ ព្រោះ​ខ្ញុំ​បានត្រូវ​មិត្ដ​ភ័ក្ដិ​បង្អក​ស្រា​ជា​ច្រើន​។ មួយ​កែវ​ហើយ​មួយ​កែវ​ទៀត​តាម​សេច​ក្ដី​សុំ​ពី​មិត្ដ​ភ័ក្ដិ​នេះ​ បាន​ធ្វើ​ឲ្យ​ខ្ញុំ​លែង​ដឹង​ខ្លួន​ប្រាណ​នៅ​ពេល​យប់​ជ្រៅ​....

    ខ្ញុំ​បាន​ដឹង​ខ្លួន​ប្រាណ​ឡើង​វិញ​ នៅ​ពេល​អរុណរះ...
    នៅ​ពេល​ដឹង​ខ្លួន​នេះ​ ខ្ញុំ​បាន​ឃើញ​នាង​ ឆវី​ រួម​ដំណេក​ជា​មួយ​ខ្ញុំ​នៅ​លើ​ផ្ទះ​នាង​ ដោយក​ដាក់​ក្បាល​ផ្ទាល់​ នឹង​ ដើម​ទ្រូង​របស់​ខ្ញុំ​ ហើយ​ដៃ​ឆ្វេង​របស់​នាង​អោប​ខ្ញុំ​។ ខ្ញុំ​នឹក​ឆ្ងល់​ក្រៃ​ណា​ឆ្ងល់​ ហេតុ​អ្វី​ក៏​បាន​ជា​ខ្ញុំ​ត្រូវ​មក​រួមដំណេក​ជា​មួយ​នាង​ដូច្នេះ​? ខ្ញុំ​លើក​ដៃ​នាង​ ឆវី​ ដែល​អោប​ខ្ញុំ​ចេញ​ នាង​ភ្ញាក់​ដឹង​ខ្លួន​ហើយ​សំឡឹង​​មើល​មុខ​ខ្ញុំ​ ដោយ​ក្រ​សែ​ភ្នែក​ដែល​មាន​លេស​ មាន​ន័យ​...

- លោក​! (នាង​ ឆវី សួរ​ខ្ញុំ​មុន) លោក​ភ្ញាក់​ហើយ​រឺ?
- បាទ! (ខ្ញុំ​ឆ្លើយ​ហើយ​សួរ​ទៅនាង​វិញ​) ហេតុ​អី​ក៏បាន​ជា​ខ្ញុំ​ត្រូវ​មក​គេង​ជាមួយ​អ្នក​នាង​នៅ​ទី​នេះ​អញ្ចឹង​?
- ពី​យប់​មិញ​នេះ​ លោក​ស្រវឹង​ស្រា​ជា​ខ្លាំង​ លោក​ប៉ា​បាន​ឲ្យ​គេ​គ្រាហ៍​លោក​មក​គេង​នៅ​កន្លែង​នេះ​ ហើយ​បាន​ឲ្យ​ខ្ញុំ​នៅ​កំដរ​លោក...

    គ្រាន់តែ​និយាយ​ផុត​ពាក្យ​ប៉ុណ្ណោះ​ នាង ឆវី​ ក៏​ក្រោក​ឡើង​ហើយ​ចេញ​ទៅ​ក្រៅ​បន្ទប់​។ មួយ​សន្ទះ​ក្រោយ​មក​ នាង​ក៏​ចូល​មក​ក្នុង​បន្ទប់​វិញ​ ដោយ​មាន​ចាន​ដែក​ទឹក​ក្ដៅ​ និង កន្សែង​ពោះ​គោ​។ នាង​បានជូត​មុខ​មាត់​ និង ខ្លួន​ប្រាណ​ឲ្យ​ខ្ញុំ​។ ខ្ញុំ​ក៏​ចេះ​តែ​សម្ងំ​ឲ្យ​នាង​ជូត​ទៅ​។

    ខ្ញុំ​ក្រោក​ឡើង​ជក់​បារី​យ៉ាង​ឈ្ងុយ​ឆ្ងាញ់​ ដូច​ជា​ធ្វើ​ឲ្យ​ការ​សាំ​ញ៉ាំ​នៅ​ក្នុង​ខ្លួន​ប្រាណ​ និង ចិត្ដ​គំនិត​ ហើរ​រសាត់​បាត់​ទៅ​តាម​ផ្សែង​បារី​...​
    ខ្ញុំ​នឹក​ដូច​ជា​ចង់​បន្ទោស​ខ្លួន​អែង​ថា​ ពុំ​គួរ​បណ្ដោយ​ឲ្យ​មាន​ការ​ថ្លស់​ធ្លោយ​ដូច្នេះ​កើត​ឡើង​សោះ​ ព្រោះ​ជា​ការ​ពុំ​សម​គួរ​ដល់ឋានៈ​ នៃ​ នាយ​ទាហាន​ដូច​ជា​រូប​ខ្ញុំ​ ... អគ្គ​សេនា​ធិការ​រង់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ បាន​ចាត់​រូប​ខ្ញុំ​ឲ្យ​ទៅ​ប្រតិបត្ដិ​ការ​នៅ​សៀមរាប​ ពុំ​គួរ​ជា​ខ្ញុំ​ទៅ​មាន​រឿង​ពុំ​ល្អ​ ពុំ​គប្បីនេះឡើយ​...

   
នាង​ឆវី​បាន​ចូល​មក​ម្ដង​ទៀត​។ នាង​បាន​ប្រាប់​ខ្ញុំ​ថា​ ឪពុក​នាង​កំពង់​អង្គុយ​ចាំ​ខ្ញុំ​នៅ​បន្ទប់​ទទួល​ភ្ញៀវ។ ខ្ញុំ​ក៏​រៀប​ចំ​ខ្លួន​ចេញ​ទៅ​ជួប​ទាំង​ខ្មាស​អៀន​។
- ម៉េច​លោក​? (លោក​អនុសេនីយ​ទោ​នោះ​សួរ​ខ្ញុំ​) លោក​បាត់ស្រវឹង​ហើយរឺ?
- បាទ​! បាត់ហើយ​ .. (ខ្ញុំ​ឆ្លើយ​ដោយ​ការអៀន​ខ្មាស)
- ពី​យប់​មិញ​នេះ​ លោក​ស្រវឹង​ខ្លាំង​ណាស់​
- បាទ! ខ្ញុំ​ស្រវឹង​ទាល់​តែ​លែង​ដឹង​ខ្លួន​
    លោក​អនុសេនីយ​ទោ​ចាស់​ បាន​សំលឹង​មើល​មុខ​ខ្ញុំ​ស្ទើរ​តែ​ពុំ​ព្រិច​ភ្នែក​ដែល​មើល​ទៅ​ ហាក់​ដូច​ជា​ចង់​សង្កេត​ ពិនិត្យ​មើល​ការ​ពិត​អ្វី​ម្យ៉ាង​ពី​រូប​ខ្ញុំ​។ ខ្ញុំ​ក៏​ដាក់​មុខ​ចុះ​ ព្រោះ​ពុំ​ហ៊ាន​ប៉ះ​ក្រសែ​ភ្នែក​ នឹង លោក​ ហើយ​បរិយា​កាស​បាន​ស្ងប់​ស្ងៀម​ទៅ​មួយ​សន្ទុះ​ធំ។
- លោក​! (លោក​អនុសេនីយ​ទោ​ចាស់​បាន​ទំលាយ​នូវ​បរិយា​កាស​ស្ងប់​ស្ងៀម​នោះ​ឡើង) អី​លូវ​លោក​គិត​យ៉ាង​ម៉េច​ចំពោះ​រឿង​យប់​មិញ​?
- រឿង​យប់​មិញ​យ៉ាង​ម៉េច​លោក​? (ខ្ញុំ​សួរ​ទៅ​វិញ​ ព្រោះ​ពុំ​យល់​ដល់​សំនួរ​នោះ​)
   - ឱ! លោក​នៅ​តែ​ធ្វើ​ពើ​ដូច​មិន​ដឹង​ទៀត​ រឺ​! ឆវី​ ជា​កូន​ស្រី​របស់​ខ្ញុំ​ លោក​បាន​រួម​រ័ក​ជា​មួយ​កូន​ស្រី​របស់​ខ្ញុំ​​ អី​លូវ​ខ្ញុំ​ចង់​ដឹង​ថា​ តើ​លោក​គិត​យ៉ាង​ណា​ក្នុង​រឿង​នេះ​?
   - តាម​ពិត​ខ្ញុំ​អិត​បាន​ដឹង​អ្វី​ទាំង​អស់​ ព្រោះ​ខ្ញុំ​ស្រ​វឹង​ស្រា​។ អ្នក​ណា​គ្រាហ៍​ខ្ញុំ​ទៅ​ដាក់​ឲ្យដេក​លើ​គ្រែ​នោះ​ ហើយ​នាង​ ឆវី​ ទៅ​ដេក​ជា​មួយ​ខ្ញុំ​ពី​ពេល​ថ្មើ​ណា​នោះ​ ខ្ញុំ​ក៏អិត​បាន​ដឹង​ទាល់​តេ​សោះ​។ ខ្ញុំ​ជឿ​ជាក់​ថា ខ្ញុំ​អិត​បាន​ប្រ​ព្រិត្ដ​លើស​លស់​អ្វី​លើ​រូប​នាង​ ឆវី ដល់​តិច​តួច​សោះ​ឡើយ​ កាល​បើ​ខ្ញុំ​ស្រ​វឹង​ស្រា​ទាល់​តែ​លែង​ដឹង​ខ្លួន​ដូច្នេះ​។ ប៉ុន្ដែ​ខ្ញុំ​ក៏​គ្មាន​ហេតុផល​អ្វី​ដែល​ នឹង ត្រូវ​លើក​យក​មក​ធ្វើ​ជា​សំអាង​ដែរ​ ព្រោះ​តាម​ធម្មតា​កំលោះ​ និង ក្រមុំ​ កាល​បើ​ដេក​រួម​គ្រែ​មួយ​ជា​មួយ​គ្នា​យ៉ាង​នេះ​ ក៏​ពិបាក​ នឹង និយាយ​ឲ្យ​គេ​ជឿ​ថា​ខ្លួន​ជា​មនុស្ស​ត្រឹម​ត្រូវ​មិន​ប៉ះ​ពាល់​​គ្នា​ ក្រៅ​ពីពួកទេវតា​ដែល​មាន​ភ្នែក​ទិព្វ​ត្រចៀក​ទិព្វ​ប៉ុណ្ណោះ។
   - រឿង​នេះ​! (ខ្ញុំ​ឆ្លើយ​ទាំង​ប្រថុយ​ ព្រោះ​មិន​ដឹង​ជា​ឆ្លើយ​ថា​ដូចម្ដេច​ក្រៅ​ពី​នេះ​) ខ្ញុំ​ក៏​ក៏​ពុំ​ដឹង​​ជា​គិត​យ៉ាង​ណា​ដែរ​ សុំ​ឲ្យ​លោក​មេត្ដា​ជួយ​គិត​ខ្ញុំ​ឲ្យ​បាន​ស្រួល​ផង​ចុះ​...
   - រឿង​នេះ​ ខ្ញុំ​ក៏​មិន​ថា​អី​ដែរ​ ព្រោះ​វា​បាន​ជា​ជ្រុល​ហួស​ទៅ​ហើយ​ ខ្ញុំ​សុំ​ឲ្យលោក​កុំ​ធ្វើ​ឲ្យ​ខ្ញុំ​ខ្មាស​គេ​តែ​ប៉ុណ្ណោះ​... ខ្ញុំ​សុំ​បញ្ជាក់​ថា​ យើង​ជា​ទាហាន​ទាំង​អស់​គ្នា​ កាល​បើ​លោក​មិន​ទុក​មុខ​ទុកមាត់​ឲ្យ​ខ្ញុំ​ទេ​ ខ្ញុំ​ក៏​គ្មាន​អី​ឆ្លើយ​ទៅ​លោក​វិញ​ក្រៅ​ពី​គ្រាប់​កាំ​ភ្លើង​ទេ​... ណ្ហើយ​លោក​នៅ​ផឹក​តែ​លេង​សិន​ចុះ​ ខ្ញុំ​ទៅ​ធ្វើ​ការ​ហើយ​...។
   - លោក​អនុសេនីយ​ទោ​នេះ​ ក្រោក​ដើរ​ចេញ​ទៅ​ ក្នុង​ខណ​ដែល​និយាយ​ផុត​ពាក្យ​ ដោយ​មិន​ទុក​ពេល​ឲ្យ​ខ្ញុំ​និយាយ​ត​ទៅ​ទៀត​។ ខ្ញុំ​ចង់​ឆ្លើយ​ថា ​ខ្ញុំ​ក៏​ជា​ទាហាន​ដែរ​ ហើយ​ការ​ប្រើ​គ្រាប់​រំសេវ​ ក៏​ចេះ​ប្រើ​ដូច​គ្នា​ដែរ​ តែ​ខ្ញុំ​ទប់​ទាន់​ព្រោះ​គិត​ថា​ ខ្ញុំ​ពុំ​គួរ​ជា​ប្រើ​គ្រាប់​រំសេវ​ជា​មួយ​ នឹង ​បងប្អូន​រួម​លោហិត​ឡើយ​..
    ក្រោយ​ពេល​ដែល​ឪ​ពុក​នាង​ចុះ​ចេញ​ផុត​បន្ដិច​ទៅ​ នាង​ឆវី​ បាន​ចូល​មក​អង្គុយ​និយាយ​លេង​ពី​នេះ​ពី​នោះ​ជា​មួយ​ខ្ញុំ​។ ខ្ញុំ​ប្រើ​វិធី​ត្រ​ជាក់​ និយាយ​លេង​ជា​មួយ​នាង​ ហាក់​ដុច​ជា​គ្មាន​រឿង​រ៉ាវ​អ្វី​កើត​ឡើង​។ នៅ​ម៉ោង​ ៩ កន្លះ​ ខ្ញុំ​ក៏​បាន​លានាង​ត្រលប់​ទៅ​កន្លែង​វិញ​។
   ខ្ញុំ​អង្គុយ​គិត​ម្នាក់​អែង​ក្នុង​បន្ទប់​ ... ខ្ញុំ​គិត​ពុំ​យល់​ថា​ ហេតុ​អ្វីក៏​គេ​គ្រាហ៍​ខ្ញុំ​ ដែល​ស្រ​វឹង​ស្រា​លែង​ដឹង​ខ្លួន​ឲ្យ​ទៅ​ដេក​ជា​មួយ​នាង​ ឆវី​ ដូច្នេះ​? មាន​ខណ​ចិត្ដ​ខ្លះ​ ខ្ញុំ​ចង់​គិត​ថា​ ក្រែង​គេ​ត្រូវ​ការ​អ្វី​ពី​រូប​ខ្ញុំ​ជា​អនុសេនីយ​ទោ​ ហើយ​នៅ​ធ្វើ​ការ​ក្នុង​ក្រុម​ចារ​កម្ម​ទៀត​ផង​។ នាង​ ឆវី​ ជា​នារី​មាន​ការ​សិក្សា​ជ្រៅ​ជ្រះ​ ឪ​ពុក​នាង​ទៀត​សោត​ ក៏​មាន​ថានន្ដរ​ស័ក្ដិ​ជា​អនុសេនីយ​ទោ​ដែរ​ មិន​គួរ​ណា​ជា​​ពុំ​ដឹង​ការ​អាក្រក់​ល្អ​យ៉ាង​នេះ​ទេ​។ ពិត​ណាស់​គេ​ប្រ​ហែល​ជា​ត្រូវ​ការ​អ្វី​ម្យ៉ាង​ពី​រូប​ខ្ញុំ​ហើយ​មើល​ទៅ​... បើ​ពុំ​ដូច្នោះ​ទេ​ គេ​មុខ​ជា​ពុំ​ធ្វើ​យ៉ាង​នេះ​ឡើយ​...​
    លុះ​គិត​ដូច្នេះ​​ហើយ​ ខ្ញុំ​ក៏​សំរេច​ចិត្ដ​ថា​ ពុំ​ត្រូវ​បោះ​បង់​នាង​ ឆវី​ចោល​។ ខ្ញុំ​ត្រូវ​តែ​បំពេញ​បំណង​របស់​នាង​ឆវី​ ដែល​ចង់​បាន​រូប​ខ្ញុំ​ធ្វើ​ជា​ប្ដី​ និង បំណង​របស់​ឪពុក​នាង​ ដែល​ចង់​បាន​រូប​ខ្ញុំ​ធ្វើ​ជា​កូន​ប្រសា​ ក្រែង​លោក​បាន​ដឹង​ការណ៍​អាថិ​កំបាំង​អ្វី​ពី​អ្នក​ទាំង​នេះ​។ ខ្ញុំ​ជា​នាយ​ទាហាន​ធ្វើ​ការ​ក្នុង​ក្រុម​ចារ​កម្ម​ កាល​បើ​បាន​មកជួប​ប្រទះ​ នឹង​ ហេតុ​ការណ៍​ដូច្នេះ​ហើយ​ បោះ​បង់​ចោល​ដោយ​ដក​ខ្លួន​ថយ​នោះ​ក៏​ដូច​ឆោត​ពេក​។ ខ្ញុំ​គិត​ថា ​គួរ​តែ​ប្រថុយ​ចាំ​មើល​បន្ដិច​ត​ទៅ​ទៀត​សិន​។
    ខ្ញុំ​ពុំ​មែន​ស្រលាញ់​នាង​ឆវី​ទេ​ ប៉ុន្ដែ​ពាក្យ​ដែល​គេ​តែងនិយាយ​ថា​ បើ​មាន​ផ្កា​នៅ​ជិត​ដៃ​បេះ​ថើប​លេង​ទៅ​ នោះ​ជា​ពាក្យ​ត្រូវ​ណាស់​សំរាប់​រូប​ខ្ញុំ​។ ខ្ញុំ​បេះ​បុប្ផា​នេះ​ថើប​លេង​​ ក៏​ព្រោះ​វានៅ​ជិត​ដៃ​ ហើយ​បុប្ផា​ ដ៏ក្រ​អូប​នេះ​អាច​ហុច​ប្រយោជន៍​អ្វី​ម្យ៉ាង​ឲ្យ​ខ្ញុំ​ក្នុង​ពេល​ដ៏ឆាប់​ៗនេះ​ផង​។
    ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក​ ក្នុង​ចំណោម​មិត្ដ​ភក្ដិ​របស់​ខ្ញុំ​គេ​ដឹង​គ្រប់​គ្នា​ថា​ ខ្ញុំ​ស្រលាញ់​នាង​ ឆវី យក​ធ្វើ​ជា​ប្រពន្ទ​។ អែរូប​ខ្ញុំ​វិញ​ ក៏​ពុំ​ធ្វើ​ឲ្យ​នាង​ដឹង​ថា​ខ្ញុំ​ពុំ​ស្រ​លាញ់​នាង​ឡើយ​។
   ព្រលប់​ថ្ងៃ​មួយ​ ខ្ញុំ​ត្រូវ​ធ្វើ​ដំណើរ​ត្រលប់​ទៅ​ភ្នំពេញ​តាម​ទូរ​លេខ​បញ្ជា​ការ​ពិសេស​ ពី​លោក​វរសេនីយ​ត្រី​ ហង្ស​ ចំរើន​ នាយ​ក្រុម​ចារ​កម្ម​ ដែលត្រូវ​ជា​នាយ​ចៅ​ហ្វាយ​ផ្ទាល់របស់​ខ្ញុំ​។