វគ្គទី៦
លាហើយ​ស្នេហា
ថ្ងៃសៅរ៍ ទី23.មករា 2021.ម៉ោង 8:52

    មួយ​សប្ដាហ៍​ក្រោយ​មក​ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​តាម​នាង​ យូរ៉េត​ អែ​ស្រុក​ពោធហ្មស្រី​ ជា​មួយនឹង​ សុខ​ សម្បូរ​ជា​​មិត្ដ​ចិត្ដ​មួយ​របស់​ខ្ញុំ។
    នៅ​ពោធិ​ហ្មស្រី​ គ្មាន​ហេតុ​ការណ៍​អ្វី​ នឹង ពោល​ក្រៅ​ពី​ការ​សប្បាយ​រីក​រាយ​ ដែល​ខ្ញុំ​បានជួប​នាង​ យូរ៉េត​ ឡើយ​។
    ទេសភាព​ នៃ វាល​ស្រែ​ដ៏​ធំ​ល្វឹង​ល្វើយ​ បានធ្វើ​ឲ្យ​ខ្ញុំ​ចាំ​ពុំ​ភ្លេច​... យើង​តែង​នាំ​គ្នា​ដើរ​លេង​នៅ​ពេល​ល្ងាច​ ដើម្បី​ស្រូប​យក​អាកាស​ត្រជាក់​ ដ៏​ល្អ​បរិសុទ្ធ​នៅ​​វាល​ស្រែ​...

    នៅ​ថ្ងៃទី​ ៣ ថ្ងៃ​ដដែល​ខ្ញុំ​គិត​ថា​ ជា​ថ្ងៃ​អាក្រក់​សំរាប់​រូប​ខ្ញុំ​ ខ្ញុំ​នឹក​ដល់​រឿង​ឪពុក​ម្ដាយ​របស់​ខ្ញុំ​ ដែល​បង្ខំ​ខ្ញុំ​ឲ្យ​រៀប​មង្គល​ការ​... នឹក​ដល់​រឿង​នេះ​កាល​ណា​ ខ្ញុំ​ព្រួយ​ចិត្ដ​ពេល​នោះ​ ព្រោះ​ខ្ញុំ​ដោះ​ស្រាយ​បញ្ហា​នោះ​ពុំ​រួច​... ខ្ញុំបាន​និយាយ​រឿង​នេះ​ប្រាប់សុខ សម្បូរ​ ដោយ​ល្អិន​ល្អន់​... ទីបំផុត​ គេ​ក៏​បាន​សួរ​មក​ខ្ញុំ​វិញ​ថា៖

- បើ​អញ្ចឹង​អែង​គិត​យ៉ាង​ម៉េច​?
- ទេ​! គ្នាពុំ​ដឹង​គិត​យ៉ាង​ម៉េច​ទេ! គ្នា​សុំ​ឲ្យ​អែង​ជួយ​គិត​ផង​ទៅ​ចុះ​។​
- អែង​ នឹង​​ ឲ្យ​គ្នា​ធ្វើ​យ៉ាង​ម៉េច​បាន​ ព្រោះ​រឿង​នេះ​ពុំ​មែន​ជា​រឿង​របស់​គ្នា​។
- ចុះ​បើ​ឧបមា​ថា​ រឿង​នេះ​ជា​រឿង​របស់​អែង​វិញ​? អែង​ នឹង សំរេច​យ៉ាង​ណា​?
- ចុះ​ខាង​ណា​ល្អ​ជាង​!
- ចាញ់​យូរ៉េត​ ឆ្ងាយ​ណាស់​​។
- ចុះ​និស្ស័យ​ចិត្ដ​ថ្លើម​ ខាង​ណា​ស្រួលជាង​?
   - រឿង​នេះ​គ្នា​ពុំ​ដឹង​ទេ​ ព្រោះ​គ្នា​ពុំ​ដែល​បាន​ស្គាល់​គំនិត​ ជិត​ស្និត​ស្នាល​ នឹង នាង​ខាង​ណោះ​ តែ​សំរាប់​នាង​យូរ៉េត​ វិញ​នោះ​ គ្នា​ពេញ​ចិត្ដ​គ្រប់​យ៉ាង​ គ្នា​ពុំ​ជឿ​ថា នឹង រក​គូ​ជីវិត​អែ​ណា​ឲ្យ​វិសេស​ជាង​យូរ៉េត​ បាន​ឡើយ​។
   - នេះ​ជា​បញ្ហា​ នៃ​ ការ​​ជ្រើស​រើស​ ស្រេច​ហើយ​ តែ​អែង​ជ្រើស​រើស​យក​ខាង​ណា​ដែល​អែង​យល់​ថា​គួរ​ទៅ​ចុះ​។
   - យើង​ជ្រើស​រើស​ស្ដ្រី​ រឺ ជ្រើស​រើស​ប្រពន្ធ​នោះ​ មិន​ងាយ​ឡើយ​ មិន​ថា​អញ្ចឹង​?
   - ចុះ​បើ​អែង​ជំរាប​លោក​តាម​ត្រង់​ ហើយ​សុំ​អង្វរ​ករ​លោក​ទៅ​មិន​បាន​ រឺ?
   - គ្នា​បាន​ប្រើ​វិធី​នេះ​រួច​ហើយ​ តែលលោក​ពុំ​ព្រម​ជា​ដាច់​ខាត​។
   - បើអែង​ជំរាប​លោក​តាម​ត្រង់​ ហើយ​បណ្ដោយ​ឲ្យ​លោក​ខឹង​បន្ដិច​ទៅ​ ក៏​វាអស់​រឿង​ទៅ​ហើយ​។
   - សំរាប់​អ្នក​ដទៃ​ឃើញ​ថា​ធ្វើ​បាន​ តែ​សំរាប់​ឪពុកម្ដាយ​គ្នា​ មើល​ទៅ​ដូច​ជា​ធ្វើ​ពុំ​បាន​ទេ​ ហើយ​ចំពោះ​ឪពុក​គ្នា​មើល​ទៅ​ពុំ​សូវ​ជា​អី​ទេ​ លោក​គង់​យល់​ចិត្ដ​ថ្លើម​គ្នា​ខ្លះៗ​ ដែរ​ តែ​ចំពោះ​ម្ដាយ​របស់​គ្នា​វិញ​ ពុំ​បាន​ជា​ដាច់​ខាត​។
- ចុះ​បើ​អញ្ចឹង​ តើ​អែង​គិត​ធ្វើ​យ៉ាង​ម៉េច​?​
- ពុំ​ដឹង​ទេ។
- ចុះ​បើ​អញ្ចឹង​ គួរ​ប្រាប់​រឿង​នេះ​ឲ្យ​នាង​ យូរ៉េត​ បាន​ដឹង​ផង​ដែរ​ រឺ​ ទេ?
- ក៏​គួរ​តែ​ប្រាប់​ឲ្យ​គ្នា​​ដឹងដែរ​
- ចុះ​គួរ​ នឹង ប្រាប់​ដោយ​វិធី​ណា​?
- ហ្នឹង​ គ្នា​ពុំ​ដឹង​ទៀត​។
- ប្រែ​សេចក្ដី​ថា អែង​ពុំ​ដឹង​ស្អី​ទាំង​អស់​មែ​នរឺទេ?
- ព្រោះ​បញ្ហា​នេះ​ធំ​ ហើយ​ពិបាក​ដោះ​ស្រាយ​ជាង​បញ្ហា​អី​ទាំង​អស់​​ គ្នា​អាច​លះ​បង់​ស្អី​​គ្រប់​យ៉ាង​ ដើម្បី​យូរ៉េត​បាន​ទាំង​អស់​ តែ​គ្នា​​ពុំ​អាច​លះ​បង់​ឪពុក​ម្ដាយ​ចោល​ ដើម្បី​ យូរ៉េត​ឡើយ​។
- បើ​អញ្ចឹង​ អែង​ដាច់​ចិត្ដ​តាម​ឪពុក​ម្ដាយ​អែង​?
- ត្រង់ហ្នឹង​ គ្នា​ពុំ​ដឹង​ដែរ​។
- ចុះ​បើ​អែង​ពុំ​ដឹង​អី​ទាំង​អស់​អញ្ចឹង​ ឲ្យ​គ្នា​ធ្វើ​ម៉េច​?
- អែង​ជួយ​គ្នា​បន្ដិច​បាន​ រឺទេ?
- អែង​ចង់​ឲ្យគ្នា​ធ្វើ​អី​ គ្នា​ នឹង ​ធ្វើ​ទាំង​អស់​។
- គ្នា​សុំ​ពឹង​អែង​ឲ្យ​និយាយ​រឿង​នេះ​ប្រាប់​ដល់​នាង យូរ៉េត​។
- ចុះ​ម៉េច​ក៏​អែង​ពុំ​ប្រាប់​ខ្លួ​អែង​?
- គ្នា​ដូច​ជា​រក​ហាមាត់​ពុំ​រួច​។
- គ្នា​ពុំ​ដែល​នឹក​នា​ថា​ អែង​ខ្លាច​ដល់​ម្លឹង​សោះ​។
- គ្នា​ពុំ​ដែល​ខ្លាច​អញ្ចឹង​មែន​ តែពេល​នេះ​ គ្នាបាន​ក្លាយ​ខ្លួន​ទៅ​ជាមនុស្ស​កំលាច​កំសាក​ញី​ទៅ​ហើយ។

    សុខ សម្បូរ​ បាន​ទទួល​នាទី​ ជា​អ្នក​នាំ​រឿង​នេះ​ទៅ​ប្រាប់​នាង​យូរ៉េត​។ ខ្ញុំ​សង្កេត​ឃើញ​ថា​ គេត្រូវ​ប្រើ​ពេល​វេលា​គិត​ច្រើន​ណាស់​ដែរ​ ថា​ នឹង​ ទៅ​ប្រាប់នាង​ដូច​ម្ដេច? ប្រហែល​ជាង​មួយ​ម៉ោង​ បាន​គេដាច់​ចិត្ដ​ទៅ​ប្រាប់​។

    គេបាន​ត្រលប់​មក​ប្រាប់​ខ្ញុំ​វិញ​ថា​ នាង​យូរ៉េត​ បាន​ដេញ​ដោល​សាក​សួរ​ជា​ច្រើន​។ ទីបំផុត​នាង​កាត់​ចិត្ដ​ថា​ ខ្ញុំ​ត្រូវ​តែ​ចូល​ខ្លួន​ទៅ​រៀប​​មង្គល​ការ​តាម​បំណង​របស់​ឪពុក​ម្ដាយ​ តែ​នាង​ត្រូវ​ការ​ចួប​ នឹង ខ្ញុំ​ ដើម្បី​ពិភាក្សា​ក្នុង​រឿង​នេះ​ នៅ​ពេល​អី​លូវ​នេះ​អែង​។

    ខ្ញុំ​ទទួល​ខ្លួន​ថា​ ក្នុង​ការ​ចូល​ទៅចួប​ នឹង នាង​ យូរ៉េត​គ្នុង​គ្រា​នេះ​ ខ្ញុំ​ខ្លាច​ជាង​​ការ​ចូល​ទៅ​ក្រាប​បង្គំគាល់​ម្ចាស់​ផែន​ដី​​ រឺ​ ខ្លាច​ជាង​ការ​ចូល​ទៅចួប​មុខ​សត្រូវ​ ដែលត្រូវ​តែ​តស៊ូ​ប្ដូរ​ជីវិត​គ្នា​ទៅ​ទៀត​។ ខ្ញុំ​ធ្លាក់​ថ្លើម​ក្ដុក​ ក្នុង​ខណ​ឃើញ​នាង​យូរ៉េត​។ ខ្ញុំ​រកនិយាយ​ស្ដីអ្វី​ពុំរួច។

    បង​! លោក​សម្បូរ​បាន​និយាយ​ប្រាប់​ខ្ញុំ​ពី​រឿង​បង​អស់​ហើយ​ បងគួរ​តែ​បំពេញ​តាម​បំណង​លោក​អ្នក​មាន​គុណ​ទៅ​មិន​ថា​អញ្ចឹង?
    ខ្ញុំ​ពុំ​ឆ្លើយ​ថា​អ្វី​ ព្រោះ​ដូច​ជា​ណែន​បំពង់​ក​រក​និយាយ​ស្ដី​ថា​អ្វី​ពុំរួច។

   - សំរាប់​អូន (នាង យូរ៉េត​ និយាយ​ឡើង​ទៀត​) អូន​បាន​ប្ដេជ្ញា​ចិត្ដ​រួច​ស្រេច​ហើយ​ថា អូន​ស្រលាញ់​តែ​បង​ម្នាក់​ក្នុង​ជីវិត​ អូន​ប្រគល់​ជីវិត​ជូន​បង​ តែ​បើ​ដូច្នេះ​ សុំ​បង​បំពេញ​តាម​បំណង​របស់​លោក​ឪពុក​អ្នក​ម្ដាយ​ទៅ​ចុះ​ អូន​បាន​ប្ដេជ្ញា​ទៀត​ថា​ អូន​ពុំ​បូជា​ជីវិត​ស្នេហា​នេះ​ ឲ្យបុរស​ដទៃ​ក្រៅ​ពី​រូប​បង​ឡើយ​ ថ្វី​បើ​យើង​ពុំ​បាន​ចួប​នៅ​រួម​រ័ក​ជា​មួយ​គ្នា​ក៏​ដោយ​... ​
   ខ្ញុំ​ពុំ​អាច​និយាយ​ឆ្លើយ​ឆ្លង​ នឹង​ ពាក្យ​សំដី​របស់​នាង​យូរ៉េត​បាន​ឡើយ​​។

    ការ​នេះ​ពុំ​មែន​ជា​កំហុស​របស់​ឪពុក​ម្ដាយ​ទេ​ (នាង​យូរ៉េត​ និយាយ​) ព្រោះ​ឪពុក​ម្ដាយ​គ្រប់​រូប​សុទ្ធ​តែ​ចង់​សាង​អនាគត​ដ៏​ល្អ​ប្រសើរ​ឲ្យ​កូន​ទៅ​តាម​ផ្លូវ​ដែល​លោក​យល់​ឃើញ​ថា​ល្អ​ យើង​ត្រូវ​តែស្ដាប់។​

- ចុះ​ យូរ៉េត? (ខ្ញុំ​សួរ​)
   - អូន​ចេះ​តែ​នៅ​ទ្រាំ​តាម​កម្ម​របស់​អូន​អញ្ចឹង​ទៅ​ អូន​អិតត្រូវ​ការ​រៀប​ការ​ជា​មួយ​អ្នក​ណា​ជា​ដាច់​ខាត​ អូន​បូជា​ចំពោះ​តែ​បង​ម្នាក់​ប៉ុណ្ណោះ​ បង​ក៏​គួរ​ទុក​ចិត្ដ​ចំពោះ​រូប​អូន​ក្នុង​រឿង​នេះ​បាន​ដែរថា​ អូន​ នឹង ​ពុំ​ប្រគល់​ខ្លួន​ឲ្យ​បុរស​ណា​ដទៃ​ទៀត​ក្រៅ​ពី​រូប​បង​ឡើយ​។
    សំដី​នេះ​ ជា​សំដី​ដែល​មាន​អានុភាព​អាច​ចូល​ទៅ​កាត់​ទង​បេះ​ដូង​របស់​ខ្ញុំ​... ខ្ញុំ​ពុំ​ដឹង​ជា​ នឹង ​និយាយ​ជា​មួយ​ដូច​ម្ដេចត​ទៅ​​ទៀត​...
   - ចុះ​បង​កំណត់​ពេល​ ត្រលប់​ទៅ​ភ្នំ​ពេញ​វិញ​នៅ​ថ្ងៃ​ណា?
   - ត្រូវ​ទៅ​ស្អែក​ ព្រោះ​សុំ​ច្បាប់​បាន​តែ​ប្រាំ​ថ្ងៃ​។
   - អូនត្រូវ​ជូន​បង​ទៅ​ដល់​បាត់​ដំបង​។

   សភាព​របស់​ខ្ញុំ​ក្នុង​វេលា​នេះ​ ដូច​ក្មេង​ដែលឆោត​ល្ងង់​ខ្លៅ​ គ្មាន​ដឹង​ការ​អ្វី​ ក្រៅ​ពី​ការ​ចាំ​ស្ដាប់​ និង ប្រតិ​បត្ដិ​តាម​ពាក្យ​សំដី​របស់​ឪពុក​ម្ដាយ​ ពាក្យ​សំដី​របស់​មិត្ដ​ភ័ក្ដិ​ ពាក្យ​សំដី​របស់​នារី​ជា​ទី​ស្នេហា​ ហើយ​លុះ​ត្រលប់​ទៅ​ដល់​ភ្នំពេញ​វិញ​ ក៏​ប្រុង​ប្រៀប​ខ្លួន​ចូល​ទៅ​កាន់​ពិធី​មង្គល​ការ​តាម​បំណង​ដ៏​ធំរបស់​ឪពុក​ម្ដាយ​ ហើយ​ក្រោយ​ពិធី​មង្គល​ការ​នោះ​ទៅ​ ខ្ញុំ​ក៏​ នឹង​ ត្រូវ​នៅ​​ជាមួយ​នារី​ម្នាក់​ដែល​ខ្ញុំ​ពុំ​ដែល​ស្រលាញ់​ ព្រម​ទាំង​ត្រូវប្រតិ​បត្ដិ​តាម​ពាក្យ​សំដី​របស់​គេ​ទៀត​ ព្រោះ​គេ នឹង ត្រូវ​ជា​ប្រពន្ធ​។ ក្នុង​វេលា​នេះ​ ខ្ញុំ​លែង​គិត​អ្វី​ឃើញ​ទាំង​អស់​​ក្រៅ​ពីការ​ដែល​ត្រូវ​នាំ​ខ្លួន​ចូល​ទៅ​ក្នុង​ទ្រុង​ដែក​ ក្នុង​អនាគត​ដ៏​ឆាប់​របស់​នារី​ដែល​ឪពុក​ម្ដាយ​រក​ឲ្យ​​ ដោយ​ខ្ញុំ​ត្រូវ​ជឿ​តាម​ថា ជាមនុស្ស​ល្អ​ត្រឹម​ត្រូវ​ ព្រោះ​ឪពុក​ម្ដាយ​ នឹង​ ពុំ​សាង​អនាគត​ដ៏​ខ្មៅ​ងងិត​ឲ្យ​កូន​ឡើយ​។

    មុន​ពេល​ធ្វើ​ដំណើរ​ចេញ​ពី​ស្រុក​ពោធិហ្មស្រី​ យើង​បាន​ទៅ​ជំរាប​លា​មី​ឆែម គាត់​បាន​ឲ្យ​ពរ​សព្ទ​សាធុការ​ដល់​ខ្ញុំ​ និង សុខ សម្បូរ​ ឲ្យ​បាន​ប្រកប​ នូវ សេចក្ដី​សុខ​សួស្ដី​ ហើយ​ គាត់​សង្ឃឹម​ថា នឹង បាន​ឃើញ​ខ្ញុំ​ត្រលប់ទៅ​លេង​ស្រុក​ពោធិហ្មស្រី​នេះ​ទៀត​ជា​ពុំខាន​។

   ខ្ញុំ​ក៏​ឆ្លើយ​ថា​ ខ្ញុំ​ក៏​មាន​សង្ឃឹម​ដូច្នោះ​ជា​និច្ច​ដែរ​ តែតាម​ពិត​ ខ្ញុំ​គ្មាន​សង្ឃឹម​អ្វី​បន្ដិច​បន្តួច​សោះ​ ព្រោះ​អនា​គត​ដ៏​ឆាប់​នេះ​ ខ្ញុំ​ នឹង ត្រូវ​ចូល​ទ្រុង​ដែក​ ដែល​គ្មាន​សង្ឃឹម​ថា នឹង មាន​ថ្ងៃ​ណា​បាន​រួច​ខ្លួន​ចេញ​មក​នៅ​ខាង​ក្រៅ​សោះ​ឡើយ​។

   - យើង​បាន​នាំ​គ្នា​ចេញ​ពី​ភូមិ​ពោធិ​ហ្មស្រី​នៅ​វេលា​ម៉ោង​៤ រសៀល​។ មីងឆែម​នាង​សាមុន​ និង នាង​យូរ៉េត​ក៏​បាន​ជូន​ដំណើរ​យើង​មក​ដែរ​។ យើង​បាន​ដើរ​តាម​ផ្លូវ​លំ​មាត់​អូរ​បត់​ខ្វាត់​ខ្វែង​អស់​ពេល​ពីរ​ម៉ោង​ ទើប​បាន​មក​ដល់​ផ្សារ​បាត់​ដំបង​ ដែល​យើង​ប្រមាណ​មើល​ផ្លូវ​នេះ​ មាន​ចំងាយ​ប្រហែល​ជាង​ប្រាំ​បី​គី​ឡូ​ម៉ែត្រ​។

    នៅ​បាត់​ដំបង​ យើង​បាន​សំណាក់​នៅ​សណ្ឋា​គារ​មួយ​នៅ​ក្បែរ​ផ្សារ។
    អ្នក​ទាំង​អស់​គ្នា​ដែល​មក​ជាមួយ​ សុទ្ធតែ​បាន​ដឹង​ថា នាងយូរ៉េត​ និង ខ្ញុំ​ជា​អ្វី​នឹង​គ្នា​។ គេ​បាន​បណ្ដោយ​ពេល​ទុក​ឲ្យ​យើង​នៅ​តែ​ពីរ​នាក់​ ដេក​តែ​ពីរ​នាក់​នៅ​ក្នុង​បន្ទប់​មួយ។

   ខ្ញុំ​ចេះ​តែ​ខំរាប់​នាទី​ជាទី​អវសាន​នៃ​សេច​ក្ដី​សុខ​ ដែល​ចេះ​តែ​ខិត​ចូល​សន្សឹម​ៗ​មក​ជា​និច្ច​។ ខ្ញុំ​មានពេល​ត្រឹម​តែ​មួយ​យប់​ប៉ុណ្ណោះ​ ខ្ញុំ​ដែល​ត្រូវ​បាន​នែប​និត្យ​ជិត​នាង​ យូរ៉េត​ ជា​ទីស្នេហា​របស់​​ខ្ញុំ​។ រាត្រី​កាល​របស់​យើង​បាន​កន្លង​ទៅ​ជាប់​ដោយ​សេច​ក្ដី​លសោក​សៅ​ ច្រើន​ជាង​រីក​រាយ។​

    នាង​យូរ៉េត​ បាន​ខំព្យា​យាម​រក្សា​ នូវ​ កំលាំង​ចិត្ដ​របស់​ខ្ញុំ​ ដោយ​ពុំ​និយាយ​អ្វី​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ដ​ឡើយ​ តែ​ពាក្យ​មួយ​មាត់​ដែល​នាង​ប្រកាន់​ខ្ជាប់​នោះ​ គឺ​នាង​និយាយ​ថា នាង​ពុំ​ព្រម​យក​ប្ដី​អស់​មួយ​ជីវិត​។ នាង​បាន​ប្ដេជ្ញា​ចំពោះ​វត្ថុ​សក្ដិ​សិទ្ធ​ទាំង​ឡាយ​ថា​ នាង​ នឹង ​រក្សា​ខ្លួន​ទុក​ជា​សម្បត្ដិ​របស់​ខ្ញុំ​ តែ​ម្នាក់​ក្នុង​ជាតិ​នេះ និង ជាតិ​មុខ​។

    នាង​យូរ៉េត​ បាន​ជួយ​ចង្អុល​ហេតុ​ផល​ដល់​ខ្ញុំ​ថា ឪ​ពុក​ម្ដាយ​តែង​ធ្វើ​ការ​គ្រប់​យ៉ាង​ជា​ផ្លូវ​ល្អ​ចំពោះ​កូន​។ ដូច្នេះ​ កូន​គួរ​តែ​ប្រតិ​បត្ដិ​តាម​ឪពុក​ម្ដាយ​។ នាង​បាន​រំលឹក​ដល់​សេច​ក្ដី​ល្អ​ដែល​ខ្ញុំ​បាន​ធ្វើ​ចំពោះ​នាង​ ហើយ​ដោយ​សារ​សេច​ក្ដី​ល្អ​នេះ​នាង​សុខ​ចិត្ដ​លះ​បង់​ជីវិត​ទាំង​មូល​ដើម្បី​បូជា​ខ្ញុំ​។ អែរូប​នាង​វិញ​នោះ​ នាង​គ្មាន​បាន​ធ្វើ​គុណ​ប្រ​យោជន៍​អ្វី​ដល់​ខ្ញុំ​សោះ​។ ដោយ​សារ​ការ​យល់​យ៉ាង​នេះ​ ទើប​នាង​ពុំ​ត្រូវ​ការ​ឲ្យ​ខ្ញុំ​លះ​បង់​អ្វី​ច្រើន​ជាង​ការ​ដែល​ខ្ញុំ​បាន​ធ្វើ​រួច​មក​ហើយ​នោះ​ឡើយ​។

   នាង​យូរ៉េត​ និយាយ​ច្រើន​ជាង​ខ្ញុំ​ ព្រោះ​ខ្ញុំ​ដូច​ជា​ទាល់​ប្រាជ្ញរក​និយាយ​ស្ដី​ពុំ​រួច​។ ការ​ប្រព្រឹត្ដ​ទៅ​នៃ​ជីវិត​ប្រែ​ប្រួល​បាន​បិទ​មាត់​ខ្ញុំ​ពុំ​ឲ្យ​និយាយ​ស្ដី​អ្វី​រួច​។ អែ​ការ​ដែល​នាង​ជូន​ដំណើរ​ខ្ញុំ​មក​ដល់​ពាក់​កណ្ដាល​ផ្លូវ​ដូច្នេះ​ ក៏​ដូច​ជា​ដាក់​ទោស​យ៉ាង​ធ្ងន់​មក​លើ​រូប​ខ្ញុំ​ ព្រោះ​ធ្វើ​ឲ្យ​ទឹក​ចិត្ដ​របស់​ខ្ញុំ​រសាប់​រសល់​វិល​វល់​យ៉ាង​ខ្លាំង​។ នាង​រឹង​រិត​តែ​សា​ច​ជះ​ នូវ​ សេច​ក្ដី​ស្នេហា​មក​លើ​រូប​ខ្ញុំ​ ខ្ញុំ​រឹងរិត​តែ​មាន​ចិត្ដ​ចង្អៀត​ចង្អល់​ខ្លាំង​ឡើង​ៗ​ នៅ​ពេល​ជិត​បែក​គ្នា​។

    រាត្រី​នេះ​ ជារាត្រី​ទី​បំផុត​នៃ​សេចក្ដី​សុខ​របស់​យើង​ ព្រោះ​នាង​ជូន​ដំណើរ​ខ្ញុំ​មក​ត្រឹម​នេះ​ ហើយ​ព្រឹក​ឡើង​យើង​ត្រូវ​បែក​គ្នា​ ដោយ​ខ្ញុំ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ភ្នំ​ពេញ​ នាង​យូរ៉េត​ត្រូវ​ធ្វើ​ដំណើរ​ត្រលប់​ទៅ​ស្រុក​ពោធិ​ហ្មស្រី​វិញ​។

    នៅ​ពេល​យប់​ជ្រៅ​នាង​ យូរ៉េត​អង្គុយ​សំរក់​ទឹក​ភ្នែក​។ ខ្ញុំ​គិត​ថា​ នាង​យូរ៉េត​ ប្រ​ហែល​ជា​លួច​សំរក់​ទឹកភ្នែក​​ជា​ច្រើន​មក​ពី​ថ្ងៃ​មុន​ហើយ​ ហើយ​នាង​ខំ​លាក់​ពុំ​ឲ្យ​ខ្ញុំ​ឃើញ​ តែ​យប់​នេះ​នាង​រក​លាក់ពុំ​កើត​។ ទឹក​ភ្នែក​របស់​នាង​បាន​ធ្វើ​ឲ្យ​ខ្ញុំ​តឹង​ចិត្ដ​ និង​ ពិបាក​ចិត្ដ​យ៉ាង​ខ្លាំង​។ ខ្ញុំ​បានឲ្យ​ឈ្មោះ​រាត្រី​នោះ​ថា​ ជា​រាត្រី​អវសាន​ស្នេហា​ ដែល​ខ្ញុំ​ពុំ​អាច​បំភ្លេច​បាន​ក្នុង​ជីវិត​នេះ។

    យូរ​ៗ​ យើង​លឺ​សូរ​មាន់​រងាវ​ម្ដង​។ មាត់​មាន់​រងាវ​នេះ​ ពុំ​មែន​រងាវ​តាម​ពេល​វេលា​ទេ​ តែ​មក​ពី​យើង​ដេក​ពុំ​លក់​រហូត​ដល់​យប់​ជ្រៅ​ ទឹក​សន្សើម​ធ្លាក់​ត្រ​ជាក់​សព៌ាង្គ​កាយ​​។ នាង​យូរ៉េត​ ពុំ​បាន​ឃ្លាត​ចេញ​ពី​ដើម​ទ្រូង​របស់​ខ្ញុំ​ឡើយ​ដែល​មើល​ទៅ​ហាក់​ដូច​ជា​ រាង​កាយ​ទាំង​ពីរ​រលាយ​ចូល​គ្នា​តែ​មួយ​។ ខ្យល់​បក់​ វឺ​ៗ​ ចូល​តាម​បង្អួច​ ជាប់​ដោយ​អាកាស​ត្រជាក់​មក​ជា​មួយ​ផង​ បាន​ជំរុញ​យើង​ទាំង​ពីរ​នាក់​ឲ្យ​រឹង​រិត​តែ​ខិត​ចូល​ជិត​គ្នា​ថែម​ទៀត​។

- អូន​នៅ​មាន​សង្ឃឹម​ម្យ៉ាង ជា​សេច​ក្ដី​សង្ឃឹម​ក្នុង​ជី​វិត​របស់​អូន​ (នាង យូរ៉េត​ និយាយ​)
- អូន​យូរ៉េត​សង្ឃឹម​អ្វី​?
   - អូន​សង្ឃឹម​ថា សេចក្ដី​ស្នេហា​បរិសុទ្ធ​របស់​យើង​នេះ​ អាច​បណ្ដាល​ឲ្យ​អូន​មាន​កូន​ជា​មិន​ខាន​ ប្រសិនបើ​បាន​កូន​មែន​នោះ​ ការ​ធ្ងន់​ធ្ងរ​​ក្នុង​ជីវិត​ក៏​ នឹង ​បាន​ធូរ​ស្រាល​ឡើង​ ព្រោះ​ជីវិត​របស់​អូន​ នឹង ​មិន​ស្ងាត់​ស្ងៀម​ក្រៀម​ក្រំ​តែ​អែក​អែង​ អូន​ នឹង ​ បាន​កូន​គ្រាន់​បាន​ជា​គ្នា​ ហើយ​មុខ​ជា​ នឹង ​ធូរ​ទ្រូង​ខ្លះ​ បង​បាន​ទុក​កូន​ឲ្យ​អូន​ក្នុង​ពេល​អរុណ​ជិត​រះ​ ដែល​មាន់​រងាវ​ឆ្លើយ​ឆ្លង​គ្នា​ដង្ហោយ​ហៅ​ឲ្យព្រះ​អាទិត្យ​ប្រញាប់​រះ​ឡើង​ ជួយ​បំភ្លឺ​ផ្លូវ​ឲ្យ​កូន​យើង​ អូន​សុំ​ឲ្យ​កូន​នេះ​ល្អ​ដូច​ជា​រស្មី​​នៃ​ព្រះ​អរុណ​។
   ទីបំផុត​ ពេល​ព្រះ​អរុណ​រះ​​ក៏​មក​ដល់​ អរុណ​នៃការ​កំណាច​សាហាវ​ អរុណ​ដែល​រះ​ឡើង​ដូច​បំបែក​យើង​ទាំង​ពីរ​ឲ្យ​បែក​ឆ្ងាយ​ពី​គ្នា​។

    ខ្ញុំ​គិត​ថា​ ខ្ញុំ​ពុំ​អាច​ត្រលប់​មក​ជួប​នាង​យូរ៉េត​វិញ​បាន​ឡើយ​ ព្រោះ​កាល​បើ​ខ្ញុំ​ទៅ​ដល់​ភ្នំពេញ​ហើយ​ ច្រវាក់​អាពាហ៍​ពិពាហ៍​ក៏​មុខ​ជា​វ័ណ្ឌ​ក​ខ្ញុំ​ជាប់​។ ខ្ញុំ​ត្រូវ​ឋិត​នៅ​ក្រោម​ការ​ត្រួត​ត្រា​នៃ​ស្ត្រី​ ដែល​ខ្ញុំ​ពុំ​ដែល​មាន​មេត្រី​ចិត្ដ​ មិន​ដែល​ស្គាល់​និស្ស័យ​ចិត្ដ​ថ្លើម​​។ កាល​បើ​ពិធី​មង្គល​ការ​បាន​ឆ្លង​ផុត​ទៅ​ សេរី​ភាព​ជា​ទី​ស្នេហា​របស់​ខ្ញុំ​ ក៏ នឹង ​អស់​អាយុ​ជីវិត​តាំង​ពី​ពេល​នោះ​ទៅ​ដែរ​។​

    យើង​លា​បែក​គ្នា​ទៅ​ ពេល​អូតូ​រ៉ៃ​ចេញ​។ ខ្ញុំ​ក្រលេក​មើល​ទៅ​ក្រោយ​វិញ​ទាំង​អា​ល័យ​។ ខ្ញុំ​បាន​ឃើញ​នាង​យូរ៉េត​ និង អ្នក​ដែល​ជូន​មក​ជា​មួយ​ ឈរ​នៅ​ត្រង់​កន្លែង​ដដែល​ លើក​ដៃ​ឡើង​សញ្ញា​នៃ​ការ​លា​គ្នា​។ ខ្ញុំ​ខំ​សំលឹង​មើល​ទាល់​តែ​ស្រវាំង​ភ្នែក​ ក្លាយ​ទៅ​ជា​សមុទ្រ​ផុត​កន្ទុយ​ភ្នែក​... ខ្ញុំ​ងាក​មុខ​មក​វិញ​ ក្នុង​ខណ​ដែល​បេះ​ដូង​​បាន​ស្រែក​ទាំងក្ដី​អាល័យ​ថា៖

«លាហើយ​ស្នេហា»