វគ្គទី៥
បែកគ្នាគ្រាលំបាក
ថ្ងៃសៅរ៍ ទី16.មករា 2021.ម៉ោង 17:13

    ខ្ញុំ​បាន​នាំ​នាង​យូរ៉េត​ត្រលប់​មក​ភ្នំ​ពេញ​វិញ​ នៅ​វេលា​ម៉ោង​ ៩ កន្លះ​នៃ​ថ្ងៃ​អាទិត្យ។
    ខ្ញុំ​បាន​យក​នាង​ទៅ​ផ្ញើ នឹង មីង​ម្នាក់​ ដែល​ខ្ញុំ​ធ្លាប់​ស្គាល់​នៅ​ស្ទឹង​មាន​ជ័យ​។ ខ្ញុំ​តែង​ទៅ​មើល​សុខ​ទុក្ខ​នាង​រាល់​ពេល​ល្ងាច​ ក្រោយ​ចេញពី​ធ្វើ​ការ​។

    យប់​មួយ​ ខ្ញុំ​បាន​និយាយ​ប្រាប់​នាង​ យូរ៉េត​ ពី​គោល​បំណង​របស់​ខ្ញុំ​ដែល​ចង់​ស៊ើប​សួរ​រក​ការ​ពិត​ពី​រឿង​អត្ដ​ឃាតកម្ម​ដែល​គេ​សន្និដ្ឋាន​ថា​ ខ្មោច​នោះ​ ជា​ខ្មោច​នាង​យូរ៉េត​។ ខ្ញុំ​ចង់​ដឹង​ថា​ខ្មោច​នោះ​ជា​ខ្មោច​អ្នក​ណា? ជា​ខ្មោច​ដែល​សំលាប់​ខ្លួន​អែន​មែន​ រឺ ក៏​មាន​គេ​សំលាប់​? ប៉ុន្ដែ​នាង យូរ៉េតចេះតែង​ហាម​ឃាត់​ខ្ញុំ​ ពុំ​ចង់​ឲ្យខ្ញុំ​រវី​រវល់​ នឹង រឿង​នោះ​។

   - យូរ៉េត​អូន​! (ខ្ញុំសួរ) ម៉េច​ក៏​អូន​ហាម​បង​ពុំ​ឲ្យ​ស៊ើប​សួរ​រក​ការ​ពិត​អញ្ចឹង​?
    -ព្រោះ​អូនគិត​ថា​ ក្រែង​លោ​មាន​គ្រោះ​ថ្នាក់​ដល់​បង​ ព្រោះ​គេ​ជា​អ្នក​មាន​អំណាច​ មាន​អិទ្ធិ​ពល...
    - ទេ! បង​ដូច​ជា​ពុំ​ឃើញ​ថា មាន​គ្រោះ​ថ្នាក់​អី​ទេ​ ថ្វី​បើ​គេ​មាន​អំណាច​ គេ​សំលាប់​រូប​បង​លេងៗ​ បានរឺ? ស្រុក​នេះ​ ជា​ស្រុក​មាន​ច្បាប់​ទំលាប់​ យើង​ពុំ​គួរ​ខ្លាច​អញ្ចឹង​សោះ។​

    ណ្ហើយ​ ខាត​ពេល​អិត​ប្រ​យោជន៍​ទេ​ រឿង​របស់​គេ​ស្រេច​ នឹង គេ​ចុះ​.. សុំ​បង​បណ្ដោយ​ទុក​ឲ្យ​វា​ងងឹត​​ងងល់​អញ្ចឹង​ទៅ​ចុះ​ បង​មើល៍​ ផ្ទៃ​មេឃ​ទាំង​មូល​ជា​ផ្ទៃ​មេឃ​ងងិត​ ងងិត​ជា​រឿង​ដែល​នាង​យូរ៉េត​ និយាយ​មែន​។ ពេល​នោះ​យើង​ឋិត​នៅ​ក្នុង​សភាព​ងងិត​។ នាង​យូរ៉េត​ប្រុង​ប្រៀប​ចំ​អុជ​ភ្លើង​នៅ​ពេល​ដែល​ខ្ញុំ​ទៅ​ដល់​ តែ​ខ្ញុំ​បាន​ហាម​កុំ​ឲ្យ​អុជ​ ព្រោះ​ពុំ​មែន​ជា​ការ​ចាំ​បាច់​។ ខ្ញុំ​គិត​ថា​ គ្រា​ខ្លះ​ ឱកាស​ខ្លះ​ និង ក្នុង​សភាវ​ការណ៍​ខ្លះ​ សភាព​ងងិត​បាន​ផ្ដល់​នូវ​ការ​រីក​រាយ​ដល់​យើង​ ជា​ជាង​សភាព​ភ្លឺ​។

    ផ្ទះ​របស់​មីង​នេះ​ មាន​យ៉​ខាង​មុខ​បន្ដិច​។ យ៉​នេះ​ជា​វិមាន​សួគ៌​របស់​យើង​។ ជើង​ម៉ា​លើ​យ៉​នៃ​ផ្ទះ​នោះ​ បាន​ផ្ដល់​នូវ​សេច​ក្ដី​សុខ​ឲ្យ​យើង​ ពិបាក​ នឹង បំភ្លេចចោល​បាន​ក្នុង​ជីវិត​នេះ​ ព្រោះ​មាន​នាង​យូរ៉េត​ នៅ​ជិត​ខ្ញុំ​។​

    ខ្ញុំ​ធ្លាក់​ខ្លួន​ចុះ​ក្នុង​អន្លង់​ស្នេហ៍​របស់​នាង​យ៉ាង​ពិត​ប្រាកដ​ តែ​ខ្ញុំ​យល់​ថា ​ការ​នេះ​ ពុំ​មែន​មក​ពី​សភាព​​នៃ​ទឹក​ចិត្ដ​មិន​រឹង​ប៉ឹង​របស់​ខ្ញុំ​ រឺ​ ក៏​នាង​ យូរ៉េត​ មាន​ស្នេហ៍​ រឺ​ មាន​អំណាច​អាច​ស្រូប​ទាញ​ទឹក​ចិត្ដ​បុរស​ឲ្យវង្វេង​នោះ​ឡើយ​។ យើង​នាំ​គ្នា​អង្គុយ​សំលឹង​មើល​មេឃ​។ យើង​រិត​តែ​ឃើញ​ច្បាស់​តាម​ពាក្យ​ដែល​គេ​តែង​និយាយ​ថា​ ផ្ទៃ​មេឃ​រិត​តែ​ងងិត​ ផ្កាយ​រិត​តែ​ភ្លឺ​ឡើង​មែន។ កាល​បើ​ឃើញ​សភាព​ដូច្នេះ​ ខ្ញុំ​ក៏​គិត​ថា​យើង​ នឹង ​ដឹង​ដល់​មិត្ដ​ល្អ រឺ មិត្ត​អា​ក្រក់​នោះ​ ក្នុង​ខណ​ដែល​យើង​ធ្លាក់​ខ្លួន​ទៅ​ក្នុង​សេច​ក្ដី​ទុក្ខ​លំ​បាក​ ដែល​ទុក​ដូច​ជា​សភាព​ងងិត​នេះ​។ ក្នុង​សម័យ​រុង​រឿង​ដែល​ទុក​ដូច​ជា​ពេល​ភ្លឺ​ យើង​ក៏​ពិបាក​ដឹង​ថា​ មិត្ដ​ណា​ល្អ​ មិត្ដ​ណា​អាក្រក់​។

    យើង​នាំ​គ្នា​អង្គុយ​សំលឹង​ហ្វូង​តារា​លើ​ផ្ទៃ​មេឃ​ ហើយ​យើង​សួរ​គ្នា​លេង​ថា​ ផ្កាយ​ណា​ជា​ផ្កាយ​ប្រចាំ​ជីវិត​របស់​អ្នក​​ណា​? នាង​យូរ៉េត​ ចូល​ចិត្ដ​តែ​រើ​ស​យក​ផ្កាយ​ណាដែល​ធំៗ​ ហើយ​ភ្លឺ​ថ្លា​ថា​ជា​ផ្កាយ​ប្រចាំ​ជីវិត​របស់​ខ្ញុំ​ ហើយ​នាង​រើស​យក​ផ្កាយ​ណា​ដែល​តូច​ៗ​ មាន​ពន្លឺ​ស្រ​អាប់​ៗ​ ថា​ជា​ផ្កាយ​ប្រចាំ​ជីវិត​របស់​នាង​ តែ​ផ្កាយ​ដែល​នាង​រើស​យក​ថា​ជា​ផ្កាយ​ប្រចាំ​ជីវិត​របស់​នាង​នោះ​ នាង​ក៏​រើស​យក​តែ​ផ្កាយ​តូច​ៗ​ ណា​ដែល​​​​​​​​​​​​​​​​​​ឋិត​នៅ​ជិត​ផ្កាយ​ធំៗ​ ដែល​នាង​ប្រាប់​ថា​ ជា​ផ្កាយ​ប្រចាំ​ជីវិត​របស់​ខ្ញុំ​។ យើង​បាន​សច្ចា​ប្រណិ​ធាន​​ចំពោះ​មុខ​ដួង​តារា​ទាំង​នោះ​ ដោយ​សុំ​ឲ្យ​ដួង​តារា​ទាំង​នោះ​ ជួយ​ធ្វើ​ជា​សាក្សី​ទិព្វ​របស់​យើង​ថា​ យើង​ នឹ��​ ស���មោះ​ត្រង់​រក​គ្នា​ដោយ​មិន​បោះ​បង់​គ្នា​ចោល​អស់​មួយ​ជីវិត​។

    ខ្ញុំ​ហ៊ាន​ស្បថ​ចំពោះ​វត្ថ​ស័ក្ដិ​សិទ្ធិ​ថា ខ្ញុំ​ពុំ​ដែល​ប្រព្រឹត្ដ​ល្មើស​លើស​លស់​លើ​រូប​នាង​ យូរ៉េត​ ក្រៅ​ពីការ​អោប​ថើប​ឡើយ​។ ខ្ញុំ​លើក​នាង​ទុក​ដូច​ជា​ទេព​អប្សរ​នៃ​ការ​ស្អាត​ល្អបរិសុទ្ធ​។ ខ្ញុំ​ នឹង ​ខំ​ព្យាយាម​រក្សា​ទុក​ នូវ​ គុណ​សម្ប័ទ​ទាំង​នោះ​ឲ្យបាន​យឺន​យូរ​ជា​ទី​បំផុត​ ដែល​ខ្ញុំ​អាច​រក្សា​ទុក​បាន​។ នាង យូរ៉េត​ បាន​ទុក​ចិត្ដ​ខ្ញុំ​។ ប្រសិន​បើ​ខ្ញុំ​ប្រព្រិត្ដ​សើល​លស់​លើ​នាង​ជាង​នោះ​ទៀត​ ខ្ញុំ​ជឿ​ជាក់​ថា​នាង​មុខ​ជា​បណ្ដោយ​តាម​ចិត្ដ​ខ្ញុំ​ទាំង​អស់​ តែ​ខ្ញុំ​ស្រលាញ់​នាង​ ស្រលាញ់​ដោយ​ទឹក​ចិត្ដ​បរិសុទ្ធ​។ សេច​ក្ដី​ស្នេហា​ដ៏​បរិសុទ្ធ​នេះ​ បាន​ហាម​ប្រាម​ នូវ​គំនិត​អា​ក្រក់​របស់​ខ្ញុំ​ ខ្ញុំ​ចង់​ឃើញ​នាង​ យូរ៉េត​ឋិត​នៅ​បរិសុទ្ធ​ស្អាត​ ដូច​បុប្ផា​ដែល​រីក​ឡើង​ជាប់​នៅ​ នឹង ​សណ្ដង់​ ឲ្យ​បាន​យឺន​យូរ​ជា​ទី​បំ​ផុត​ ដែល​អាច​ឋិត​នៅ​បាន​។ ខ្ញុំ​អាច​សរសើរ​ខ្លួន​អែង​បាន​ថា​ ខ្ញុំ​អាច​រក្សា​ នូវ​ ការ​បរិសុទ្ធ​របស់​ស្ដ្រី​ភេទ​ទុក​បាន​ សូម្បី​នៅ​ជា​មួយ​គ្នា​តែ​ពីរ​នាក់​អស់​ពេល​ដ៏​យូរ​ក៏​ដោយ​។

    យប់​មួយ​ នាង​ យូរ៉េត​ បាន​ថ្លែង​ នូវ​ ការ​ព្រួយ​បារម្ភ​ប្រាប់​ខ្ញុំ​ថា​ នាង​បាន​សង្កេត​ឃើញ​បុរស​ចំលែក​ពីរ​នាក់​ចេះ​តែ​នាំ​គ្នា​ដើរ​ចុះ​ឡើង​កាត់​មុខ​ផ្ទះ​នេះ។ ហើយ​ចេះ​តែ​ងាក​មើល​មក​ក្នុង​ផ្ទះ​ដោយ​ការ​សង្កេត​ពនិត្យ​។ នាង​គិត​ថា​ ក្រែង​បុរស​ចំលែក​ពីរ​នាក់​នោះ​ ជា​ដៃ​ជើង​​របស់​អនុសេនីយ​ទោ​ស៊ឺ​។

    ការ​នេះ​ បានធ្វើ​ឲ្យ​ខ្ញុំ​ព្រួយ​បារម្ភ​ដែរ​ ព្រោះ​ក្រែង​មាន​រឿង​មិន​ល្អ​កើត​ឡើង​។ នាង​យូរ៉េត​ បាន​បញ្ចេញ​យោ​បល់​ថា ប្រសិន​បើ​រឿង​នេះ​ បាន​លេច​លឺ​ដឹង​ដល់​អនុសេនីយ​ទោ​ស៊ឺ​ ពិត​មែន​ គួរ​តែ​ផ្លាស់​ទី​កន្លែង​យ៉ាង​ឆាប់​ជា​ទីបំផុត​ ដើម្បី​កុំ​ឲ្យ​មាន​ការ​អ្វី​កើត​ឡើង​បាន​។

    ការ​ធ្ងន់​ធ្ងរ​ក្នុង​ចិត្ដ​បាន​កើត​ឡើង​ដល់​ខ្ញុំ​ហើយ​ ព្រោះ​ម្យ៉ាង​ក្រែង​លោក​ស័ក្ដិ​ពីរ​ ស៊ឺ​ ដឹង​ថា​ខ្ញុំ​នាំ​នាង​ យូរ៉េត​ យក​មក​លាក់​ទុក​នៅ​កន្លែង​នេះ​ ហើយ​ម្យ៉ាង​ទៀត​ រឿង​ឪ​ពុក​ម្ដាយ​របស់​ខ្ញុំ​ ដែល​ចេះ​តែ​បង្ខំ​ខ្ញុំ​ឲ្យ​រៀប​ការ​ជា​មួយ​ នឹង នារី​ម្នាក់​ដែល​ខ្ញុំ​ពុំពេញ​ចិត្ដ​។ រឿង​នេះ​ខ្ញុំ​បាន​សារភាព​អង្វរ​ករ​លោក​ពីរ​បី​ដង​ហើយ​ថា​ ខ្ញុំ​ពុំ​អាច​រៀប​ការ​បាន​ឡើយ​ ព្រោះ​ខ្ញុំ​បាន​ស្រលាញ់​នាង យូរ៉េត​ ជ្រុល​ទៅ​ហើយ​ ប៉ុន្ដែ​លោក​ពុំ​​ព្រម​ទាល់​តែ​សោះ​។ រហូត​ដល់​ទីប​បំផុត​ លោក​បាន​និយាយ​យ៉ាង​ដាច់​អហង្ការ​ថា​ លោក​ពុំព្រម​ឲ្យ​ខ្ញុំ​យក​នាង​ យូរ៉េត​ ធ្វើ​ជា​ប្រពន្ធ​ជា​ដាច់​ខាត​។ ប្រ​សិន​បើ​ខ្ញុំ​ពុំ​ប្រតិ​បត្ដិ​តាម​លោក​ទេ​នោះ​ លោក​ នឹង កាត់កាល់​ខ្ញុំ​ចោល​។

    ខ្ញុំ​ចង់​ប្រាប់​នាង​ យូរ៉េត​ ពី​រឿង​នេះ​ពីរបី​ដង​ហើយ​ តែ​ខ្ញុំពុំ​ហ៊ាន​ប្រាប់​ ព្រោះ​គិត​ថា​ ប្រសិន​បើ​ខ្ញុំ​ប្រាប់​នាង​ទៅ​ នាង​មុខ​ជា​ខូច​ចិត្ដ​ខូច​ថ្លើម​ជា​ពុំ​ខាន​។

    ខ្ញុំដក​ដង្ហើម​ធំ​ ព្រោះ​ការពិបាក​ចិត្ដ​។ ក្នុង​ខណ​នេះ​ ខ្ញុំ​ហាក់​ដូច​ជា​មាន​ភ្នំ​សង្កត់​នៅ​លើ​ដើម​ទ្រូង​ពី​របី​ត្រួត​។ មួយ​ត្រួត​គឺ​ នារី​ជា​ទី​ស្នេហា​ មួយ​ត្រួត​ទៀត​គឺ​សត្រូវ​ ហើយ​មួយ​ត្រួត​ទៀត​​ គឺ​ឪពុក​ម្ដាយ​។

    សំរាប់​រឿង​អ្វី​ដទៃ​ ពុំ​ជា​ការ​អ្វី​ឡើយ​។ ប៉ុន្ដែ​រឿង​ឪពុក​ម្ដាយ​ និង ​នារី​ជា​ទី​ស្នេហា​នោះ​ ជា​បញ្ហា​ដែល​ខ្ញុំ​ពិបាក​ នឹង ដោះ​ស្រាយ​បាន​ ព្រោះ​តាំង​ពី​ដើម​រៀង​មក​ ខ្ញុំ​បាន​តាំង​ខ្លួន​ជា​កូន​ដ៏​ល្អ​ ជា​កូន​ដែល​ឋិត​នៅ​ក្នុង​ឱវាទ​របស់​ឪពុក​ម្ដាយ​ជា​និច្ច​។ ក្នុង​វ័យ​សិក្សា​រៀន​សូត្រ​ ខ្ញុំ​តែង​ប្រ​ព្រឹត្ដ​ខ្លួន​បាន​ល្អ​ដរាប​។ រឿង​ស្នេហា​ពុំ​ដែល​មាន​ក្នុង​ជីវ​ភាព​សិក្សា​របស់​ខ្ញុំ​ឡើយ​។ មើល​ទៅ​ប្រហែល​ជា​ដោយ​សារ​ហេតុ​យ៉ាង​នោះ​ក៏​ពុំ​ដឹង​ បាន​ជា​ឪពុក​ម្ដាយ​របស់​ខ្ញុំ​បាន​សំរេច​ចិត្ដ​រើស​ប្រពន្ធ​ឲ្យ​ខ្ញុំ​ដោយ​មិន​បាច់​សាក​សួរ​​ដល់​ការ​ពេញ​ចិត្ដ​របស់​ខ្ញុំ​ផង​នោះ​​។​

    ខ្ញុំ​ នឹង ធ្វើ​ដូចម្ដេច​ កាល​បើ​ខ្ញុំ​បាន​ស្រលាញ់​នាង​ យូរ៉េត​ ជ្រុល​ហួស​ទៅ​ហើយ​ ៗ​សេច​ក្ដី​ស្រលាញ់​នោះ​ ក៏​បាន​រីក​ខ្លួន​ឡើង​ធំ​ណាស់​ទៅ​ហើយ​? បញ្ហា​នេះ​ ធំ​ជាង​បញ្ហា​អ្វី​ដ​ទៃ​ទាំង​អស់​ ដែល​ខ្ញុំ​ធ្លាប់​បាន​ជួប​ប្រទះ​មក​ក្នុង​ជីវិត​។ ខ្ញុំ​អាច​លះ​បង់​អ្វី​ដទៃ​បាន​ទាំង​អស់​ ដើម្បី​នាង​ យូរ៉េត​ តែ​ខ្ញុំពុំ​អាច​លះ​បង់​អ្នក​មាន​គុណ​ចោល​ ដើម្បី​នាង​ យូរ៉េត​ បាន​ឡើយ​។

    ប៉ុន្ដែ​ថ្វី​បើ​មាន​ការ​ពិបាក​ចិត្ដ​ច្រើន​បែប​យ៉ាង​នេះ​ក៏​ដោយ​ ខ្ញុំ​គិត​ថា​ ពេល​នេះ​ គួរ​តែ​ដោះ​ស្រាយ​រឿង​ផ្លាស់​ទី​កន្លែង​ជា​មុន​សិន​ ដោយ​ទុក​បញ្ហា​ដ​ទៃ​ដោះ​ស្រាយ​ជា​ក្រោយ​។ ខ្ញុំ​បាន​សំរេច​ចិត្ដ​ថា ​នឹង នាំ​នាង​យូរ៉េត​ឲ្យ​ទៅ​នៅ​ជាមួយ​ នឹង មីង​ឆែម​ អែ​ភូមិ​ពោធិ​ហ្មស្រី​ ឃុំ​ចំ​ការ​សំរោង​ (បាត់​ដំបង​) ព្រោះ​ខ្ញុំ​គិត​ថា​ ទី​នោះ​ឆ្ងាយ​ពី​ក្រុង​ពុំ​ងាយ​ នឹង ​អ្នក​ណា​តាម​រក​ឃើញ​។

- ការ​នេះ​ មិន​ធ្វើ​ឲ្យ​បង​ពិបាក​ណាស់​ទៅ​ហើយ​ (នាង​យូរ៉េត​សួរ​ខ្ញុំ​) ព្រោះ​បង​ជាប់​ធ្វើ​ការ​ផង​។
- មិន​អី​ទេ​ ចាំ​បង​ចាត់​ការ​រក​ស្ដ្រី​ម្នាក់​ ដែល​បង​ទុក​ចិត្ដ​ឲ្យជូន​អូន​ទៅ​។
- ប្រែ​សេច​ក្ដី​ថា​ យើង​ពុំ​ងាយ​បាន​ជួប​គ្នា​ទៀត​ទេ?
- ពុំ​មែន​អញ្ចឹង​ទេ​ បង​ពឹង​ឲ្យ​គេ​ជូន​អូន​ទៅ​មុន​ ហើយ​បើ​យូរ​ណាស់​ដប់​ថ្ងៃ​ទៀត​ បង​ នឹង ​លៃ​លក​​រក​ពេល​ទៅ​​តាម​អូន​ហើយ​។
- អញ្ចឹង​បង​ក៏​នៅ​តែ​ពិបាក​ដែរ​ ព្រោះ​ខាត​ពេល​ទៅ​តាម​អូន​។
- មិន​ជា​ការ​អី​ទេ​សំរាប់​រូប​បង​ ព្រោះ​ដូច​បង​ធ្លាប់​បាន​និយាយ​ប្រាប់​អូន​ហើយ​ថា​ បង​អាច​លះ​បង់​ពេល​វេលា​ ដើម្បី​យូរ៉េត​ បាន​។
   យើង​បាន​កំណត់​ពេល​ថា​ ត្រូវ​រៀប​ចំ​ចាត់​ចែង​ឲ្យ​យូរ៉េត​ ធ្វើ​ដំណើរ​ទៅ​ស្រុក​ពោធិ​ហ្ម​ស្រី (បាត់ដំបង​) នៅ​ព្រឹក​ស្អែក​ តាម​អយ​ស្ម័យ​រថ​ ជា​មួយ​ នឹង​ នាង​សា មុន​ ជា​កូន​មីង​ឆែម ដែល​ខ្ញុំ​បាន​ពឹង​ពាក់​ឲ្យ​ជូន​ទៅ​។ ខ្ញុំ​បាន​លា​នាង​ត្រលប់​ទៅ​ផ្ទះ​វិញ​ ដើម្បី​ចាត់​ការ​ក្នុង​រឿង​នេះ​។
   ខណ​នោះ​នាង​យូរ៉េត​ អោប​ខ្ញុំ។ នេះ​ជា​គ្រា​ដំបូង​ដែល​នាង​អោប​ហើយ​ថើប​ខ្ញុំ​ ព្រម​ទាំង​ខ្សិប​ដាក់​ត្រចៀក​ខ្ញុំ​ថា៖
- អូន​ នឹង ​មិន​ភ្លេច​គុណ​បង​អស់មួយ​ជីវិត​។
   ខ្ញុំ​ពុំដឹង​ជា​ឆ្លើយ​ដូច​ម្ដេច​។ យើង​នាំ​គ្នា​ឈរ​នៅ​ស្ងៀម​​មួយ​សន្ទុះ​ បណ្ដោយ​​ពេល​វេលា​ឲ្យ​កន្លង​ផុត​ទៅ​ ក្នុង​ការ​អោប​ថើប​ ដោយ​មិន​បាន​និយាយ​ស្ដី​អ្វី​ឡើយ​។
   - បង! (នាង​យូរ៉េត​ និយាយ​ថែម​ទៀត​) សុំ​បង​កុំ​បោះ​បង់​ចោល​ យូរ៉េត​ណ៎ា​បង ណ៎ា!..

    ខ្ញុំ​បាន​ទទួល​ នូវ ពាក្យ​សន្យា​ ហើយ​ខ្ញុំ​ក៏​ដើរ​មក​ ដោយ​មនោសញ្ចេតនា​ដែល​ពិបាក​ នឹង អធិប្បាយ​។ ខ្ញុំ​ចុះ​ចេញ​ពី​ផ្ទះ​នោះ​មក​ទាំង​ការ​ពិបាក​ចិត្ដ​ និង សប្បាយ​ចិត្ដ​។ ការ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ដ​នោះ​ គឺ​ការ​ដែល​ខ្ញុំ​ នឹក​ទៅ​ដល់​រឿង​ឪពុក​ម្ដាយខ្ញុំ​បាន​បង្ខំ​ខ្ញុំ​ ឲ្យ​រៀប​ការ​ប្រពន្ធ​ អែ​ការ​ដែល​ធ្វើ​ឲ្យខ្ញុំ​សប្បាយ​ចិត្ដ​នោះ​ គឺ​ការ​ដែល​ខ្ញុំ​នឹក​ពេញ​ចិត្ដ​ក្នុង​ការសំរេច​របស់​ខ្ញុំ​ ... ខ្ញុំ​នឹក​​សប្បាយ​រី​ក​រាយ​ក្នុង​ចិត្ដ​ថា​ រឿង​ល្ខោន​ដ៏​វែង​របស់​ខ្ញុំ​ហៀប​ នឹង បាន​សំរេច​ទី​អវសាន​ហើយ​។

    នៅ​វេលា​ម៉ោង​ ៥ កន្លះ​ព្រឹក​ ខ្ញុំ​ក៏​បាន​នាំ​នាង​សា មុន​ទៅ​ទទួល​នាង យូរ៉េត​ អែ​ស្ទឹង​មាន​ជ័យ​យក​ទៅ​ដាក់​ស្ថានីយ​អយស្ម័យ​យាន​ដោយ​រថ​យន្ដ។ ខ្ញុំ​បាន​និយាយ​ណែ​ណាំ​អ្នក​ទាំង​ពីរ​ឲ្យ​ស្គាល់​គ្នា​ ហើយ​បាន​បញ្ជាក់​ប្រាប់​នាង​ យូរ៉េត​ថា នាង​សាមុន​នេះ​អែង​ហើយ​ ដែល​ត្រូវ​ជូន​ទៅ​នៅ​​អែ​ផ្ទះ​នាង​នៅ​ភូមិ​ពោធិហ្មស្រី​។

យើង​បាន​បែក​គ្នា​ទាំង​ក្រៀម​ក្រំ ទាំង​ក្ដី​អាល័យ​។