វគ្គទី៤
អត្ដឃាតកម្ម
ថ្ងៃសៅរ៍ ទី9.មករា 2021.ម៉ោង 12:06

    បួន​ថ្ងៃ​កន្លង​ផុត​ទៅ​យ៉ាង​ស្ងប់​ស្ងៀម ដោយ​គ្មាន​អ្វី​ នឹង ពោល​ ក្រៅ​ពី​ការ​ដែល​ខ្ញុំ​បាន​នឹក​ដល់​នាង យូរ៉េត​...
    លុះ​ដល់​ថ្ងៃ​ទី​៥ ហេតុការណ៍​ដែល​ខ្ញុំ​ពុំ​ជា​គិត ​រឺ​ នឹក​នា​ក៏​កើត​ឡើង​...

    ខ្ញុំ​ស្រឡាំង​កាំង​ ក្នុង​ខណ​ដែល​សុខ​ សម្បូរ​ មិត្ដ​សំលាញ់​ស្មើ​ជី​វិត​របស់​ខ្ញុំ ​ប្រាប់​ខ្ញុំ​ថា​ ក្រុមប៉ូលិស​បាន​ឃើញ​ខ្មោច​នាង​យូរ៉េត​ ហើម​អណ្ដែត​ឡើង​នៅ​ទន្លេ​បាសាក់​ ត្រង់​ខាង​មុខ​វត្ដ​កែវ​ព្រះ​ភ្លើង​ ហើយ​គេសន្និដ្ឋាន​ថា​ នាង យូរ៉េត​ប្រហែល​ធ្វើ​អត្ដឃាត​កម្ម​ ដោយ​ការ​លោត​ទឹក​សំលាប់​ខ្លួន​អែង​។

   ខ្ញុំ​ដូច​ជា​ស្លុត​រន្ធត់​ចិត្ដ​ជា​ខ្លាំង​ ដូច​ជា​ថា​តាំង​ពី​កើត​មក​នៅ​ពុំ​ដែល​មាន​ពេល​ណា​ស្លុត​រន្ធត់​ចិត្ដ​ឲ្យ​ខ្លាំង​ដូច​ពេល​នេះ​ឡើយ​។
- ពិត​មែន​រឺ? (ខ្ញុំ​សួរ​មិត្ដ​របស់​ខ្ញុំ​) ខ្មោច​នោះ​ពិ​ជា​ខ្មោច​នាង​ យូរ៉េត​ មែន​រឺ?
- ហ្នឹង​ហើយ​! ក្រុម​ប៉ូ​លិស​គេ​បាន​ពិនិត្យ​មើល​ឃើញ​ថា​អញ្ចឹង​។
- ជា​ខ្មោច​ដែល​ហើម​ហើយ​អណ្ដែត​ឡើង​មែន​រឺ?
- ហ្នឹង​ហើយ​!
ដំណឹង​នេះ​ជា​ដំណឹង​អាក្រក់​សំរាប់​ខ្ញុំ​...

    ខ្ញុំ​គិត​ថា​ បើ​ទុក​ណា​ជា​នាង​ យូរ៉េត​ នៅ​ពុំ​ទាន់​បាន​មក​ជា​គូសង្សា​របស់​ខ្ញុំ​ ដោយ​នាង​ពុំ​ទាន់​ទទួល​ស្នេហា​ពី​ខ្ញុំ​ ហើយ​ខ្ញុំ​ក៏​នៅ​ពុំ​ទាន់​បាន​និយាយ​ប្រាប់​នាង​ថា ខ្ញុំ​ស្រលាញ់​នាង​ក៏​ដោយ​ ដល់​បាន​ដឹង​ថា​នាង​ យូរ៉េត ​ស្លាប់​ ខ្ញុំ​ស្លុត​រន្ធត់​ចិត្ដ​ឥត​ឧបមា...

    ហេតុ​អ្វី​បាន​ជា​នាង​យូរ៉េត​ ធ្វើ​អត្ដ​ឃាត​កម្ម​? ការ​នេះ​ផុត​វិស័យ​ដែល​ខ្ញុំ​គិត​ដល់​... ប៉ុន្ដែ​មាន​ខណ​ខ្លះ​ មិត្ដ​ខ្ញុំ​ដូច​ជា​ពុំជឿ...

    នៅ​មាន​ខណ​ខ្លះ​ទៀត​ ចិត្ដ​ខ្ញុំ​សង្ស័យ​ រឺ សង្ឃឹម​ថា​ នាង​យូរ៉េត​ នៅ​ពុំ​ទាន់​ស្លាប់​.. ខ្ញុំ​គ្មាន​ហេតុ​ផល​អ្វី​មួយ​សំរាប់​ជួយ​វិនិច្ឆ័យ​ នូវ​ សេចក្ដី​សង្ស័យ​នោះ​ ក្រៅ​ពី​បំណង​ល្អរបស់​ខ្ញុំ​ចំពោះ​នាង​ឡើយ​ ព្រោះ​ខ្ញុំ​ពុំ​ចង់​ឲ្យ​នាង​ស្លាប់​...

    យើង​បាន​នាំ​គ្នា​ទៅ​ផ្ទះ​ ដែល​នាង​យូរ៉េត​សំណាក់​ហើយ​បាន​ជួប​នឹង​ស្ដ្រី​ចំណាស់​ ដែល​បាន​ជូន​នាង​យូរ៉េត​ដើរ​លេង​ជា​មួយ​ខ្ញុំ​កាល​ពី​ថ្ងៃ​មុន​។ យើង​បាន​សាក​សួរ​ដឹង​ការណ៍​ថា​ គាត់​ជា​​ម្ចាស់​ផ្ទះ​នេះ​។ កាល​ដែល​នាង​ យូរ៉េត​ មក​សំណាក់​នៅ​ផ្ទះ​នេះ​ ក៏​ព្រោះ​លោក​ស័ក្ដិ​ពី​ ស៊ឺ​ នាំ​មក​ផ្ញើ​ជាបណ្ដោះ​អាសន្ន​។ គាត់​ធ្លាប់​បាន​ស្គាល់​លោក​ស័ក្ដិ​ពីរ​នេះ​បី​បួន​ខែ​មក​ហើយ​ ដោយ​សារ​លោក​នេះ​ស្គាល់​រាប់​អាន​គ្នា​ នឹង​ ក្មួយ​ប្រុស​របស់​គាត់​ម្នាក់​ ដែល​ធ្វើ​ការ​នៅ​សៀម​រាប​។ គាត់​បានបញ្ជាក់​ប្រាប់​យើង​ថា លោក​អនុសេនី​ទោ​នេះ​ជា​សេនា​សំណប់​របស់​ ដាប​ឈួន​។ អែរូប​នាង​យូរ៉េត​ គឺ​លោក​ស័ក្ដិ​ពីរ​បាន​ចាប់​មក​ពី​ស្រុក​ពួក​ តាម​បញ្ជា​ពី​ ដាបឈួន​ ដើម្បី​យក​មក​ធ្វើ​ជា​ប្រពន្ធ​ចុង​។ ប៉ុន្ដែ​គាប់​ជួន​ជា​ពេល​នេះ​ ដាប​ឈួន​ មានជំងឺ​ត្រូវ​ចូលទៅ​ព្យាបាល​រោគ​នៅ​មន្ទីរ​ពេទ្យ​ ទើប​គេ​នាំ​នាង​យក​មក​ផ្ញើ​ឲ្យ​នៅ​សំណាក់​នៅ​ផ្ទះ​គាត់​សិន​។ ស្ដ្រី​ម្ចាស់​ផ្ទះ​នេះ​ បាន​និយាយ​ប្រាប់​យើង​ថា​ ល្ងាច​មួយ​គាត់​បាន​ឃើញ​លោក​ស័ក្ដិ​ពីរ​ ស៊ឺ​ បើក​រថ​យន្ដ​មក​ទទួល​នាង​ យូរ៉េត​ ទៅ​ជាមួយ​នឹង​ស្ដ្រី​ចំណាស់​ម្នាក់​ទៀត​ (ស្ដ្រី​ចំណាស់​ដែល​ខ្ញុំ​បាន​ឃើញ​អែអង្គ​តាសោម​ ជាមួយ​នាង​យូរ៉េត) ដែល​មក​ពី​សៀម​រាប​ជា​មួយ​គ្នា​ ដោយ​បាន​យក​អី​វ៉ាន់​ទាំង​អស់​ទៅ​ជា​មួយ​ផង​។ គាត់​បាន​សួរ​គេ​ៗ​ប្រាប់​ថា នាំ​នាង​យូរ៉េត​ ទៅ​ជូន​លោក​មេ​ទ័ព​ ដាប​ ឈួន​ ហើយ​គេ​នឹង​ពុំ​ត្រលប់​មក​វិញ​ទេ​ ព្រោះ​លោក​មេទ័ព​​បាន​ចាត់​ការ​ឲ្យ​នាង​ យូរ៉េត​ ទៅ​នៅ​អែ​ផ្សារ​កាប់​គោ​។

    យើង​បាន​នាំ​គ្នា​ត្រលប់​ទៅ​ផ្ទះ​វិញ ដោយ​ការ​អស់​សង្ឃឹម​...
    ក្នុង​រយពេល​ពីរ​បី​ថ្ងៃ​កន្លង​ទៅ​នេះ​ ខ្ញុំ​ខំ​ទប់​ចិត្ដ​កុំ​ឲ្យ​នឹក​ដល់​នាង​ យូរ៉េត​ទៀត ខំបំភ្លេច​នាង​ចោល​ តែ​ទប់​ពុំ​បាន​ បំភ្លេច​ពុំ​កើត​.. ខ្ញុំ​ចេះតែ​ស្រមៃ​ឃើញ​នាង​នៅ​ជាប់​នឹង​ភ្នែក​..
    មាន​យប់​ខ្លះ​ ខ្ញុំ​បាន​យល់​សប្ដិ​ឃើញ​នាង​ យូរ៉េត​ ប៉ុន្ដែ​ដោយ​ជំនឿ​របស់​ខ្ញុំ​ធ្ងន់​ទៅ​ក្នុង​ផ្លូវ​ថា​ នាង យូរ៉េត​ បាន​ស្លាប់​បាត់​បង់​ជីវិត​ទៅ​ហើយ​នោះ​ មាន​យប់​ខ្លះ​ ខ្ញុំ​បាន​បន់​ស្រន់​សូប​ឲ្យ​វិញ្ញាណ​ក្ខន្ធរបស់​នាង​ទៅ​កើត​ក្នុង​ទីបរម​សុខ​ ហើយ​សូម​ឲ្យ​នាង​រង់​ចាំ​ចួប​ នឹង ​ខ្ញុំ​នៅ​ទី​នោះ​... ខ្ញុំ​បាន​បន់​ស្រន់​ សូម​ឲ្យ​វិញ្ញាណក្ខន្ធ​របស់​នាង​មក​ពន្យល់​ប្រាប់​ខ្ញុំ​ថា ហេតុ​អ្វី​ក៏​បាន​ជា​នាង​សំលាប់​ខ្លួន​អែង​ដូច្នេះ​?... តែ​ខ្ញុំ​ពុំ​ដែល​យល់​សប្ដិ​ឃើញ​ដូច្នេះ​សោះ​... ខ្ញុំ​ច្រើន​តែ​យល់​សប្ដិ​ឃើញ​នាង​យូរ៉េត​ នៅ​ពុំ​ទាន់​ស្លាប់​... សព្វ​ថ្ងៃ​នាង​កំពុង​ធ្លាក់​ខ្លួន​ចុះ​​ក្នុង​សេចក្ដី​ទុក្ខ​លំបាក​ ហើយ​នាង​ស្រែក​អំពាវ​នាវ​សុំ​ឲ្យ​ខ្ញុំ​ជួយ​នាង​... ខ្ញុំពុំ​សូវ​ជឿ​ថា នាង យូរ៉េត​ នៅ​មាន​ជី​វិត​រស់​នៅ​ឡើយ​ ហើយ​សុំ​ឲ្យ​ខ្ញុំ​ជួយ​ដោះ​ទុក្ខ​នាង​នោះ​ទេ... ការ​ដែល​ខ្ញុំ​យល់​សប្ដិ​ឃើញ​បែប​នេះ​ ក៏​ដោយ​សារ​តែ​ពី​ចិត្ដ​របស់​ខ្ញុំ​រវើ​រវាយ​ប៉ុណ្ណោះ​... ហើយ ទីបំផុត​ ខ្ញុំ​ក៏​គិត​ថា​បើ​ទុក​ជា​ខ្ញុំ​ខំ​គិត​យ៉ាង​ណា​ ក៏​គ្មាន​ប្រយោជន៍​អ្វី​ដែរ...

    ព្រឹក​ថ្ងៃ​សុក្រ​មួយ​ ក្នុង​ពេល​ដែល​ខ្ញុំ​កំពុង​អង្គុយ​ធ្វើ​ការ​ លេខហា​រី​បាន​ចូល​មក​ប្រាប់​ខ្ញុំ​ថា​ មាន​ស្ដ្រី​ម្នាក់​ត្រូវ​ការ​ចួប​ នឹង ខ្ញុំ​។ ខ្ញុំ​ដូច​ជា​រក​នឹក​ពុំ​ឃើញ​ថា ​អ្នក​ណា​ត្រូវ​ការ​ជួប​ នឹង ខ្ញុំ​ ហើយ​ខ្ញុំ​មាន​ការ​អ្វី​ជាមួយ​គេ?

    ខ្ញុំ​បាន​អនុញ្ញាត​ឲ្យ​ស្ដ្រី​នោះ​ចូល​មក​ ទាំង​ងឿង​ឆ្ងល់​។
    ស្ដ្រី​ចំណាស់​នេះ​ ខ្ញុំពុំ​ដែល​បាន​ឃើញ​មុខ​ ពុំ​ដែល​ស្គាល់​មែន​។ គាត់​បាន​ចូល​មកជួប​ នឹង ខ្ញុំ​ដោយ​អាការ​សុភាព​រាបសារ​។

- អ្នក​មីង​មាន​ធុរៈអ្វី​ឬ? (ខ្ញុំ​សួរ​ពេល​ដែល​គាត់​បានជំរាប​សួរ​ខ្ញុំ​ រួច​ហើយ​ខ្ញុំ​បាន​អញ្ជើញ​គាត់​អង្គុយ​ដោយ​ស្រួលបួល​)។
- ច៎ាសលោក​! ខ្ញុំ​យក​សំបុត្រ​មក​ជួន​លោក​ (ស្ដី​នោះ​និយាយ​ ហើយ​ហុច​សំបុត្រ​មក​ខ្ញុំ​)។
- សំបុត្រ​អ្នក​ណា​មីង​?
- ស្ដ្រី​ម្នាក់​ពឹង​ខ្ញុំ​ឲ្យ​យក​មក​ជូន​លោក​។
- ស្ដ្រី​ណា? ឈ្មោះ​អ្វី​?
- ច៎ាស! ខ្ញុំ​ក៏​មិនស្គាល់​ឈ្មោះ​គេដែរ​លោក។
- ចុះ​គេនៅ​អែណា?
- ច៎ាសគេ​នៅ​កំពត​។
   ខ្ញុំ​ហែក​សំបុត្រមើល​ដោយ​ងឿង​ឆ្ងល់ ព្រោះ​តួអក្សរ​នៅ​លើ​ស្រោម​ ដែល​ដាក់​ឈ្មោះ​របស់​ខ្ញុំ​យ៉ាង​ត្រឹម​ត្រូវ​នោះ​ ខ្ញុំពុំ​ដែល​ស្គាល់​សោះ​ឡើយ​។
   សេច​ក្ដី​សបុត្រ​នោះ​មាន​ត្រឹម​តែ​ពីរ​បី​បន្ទាត់​ថា៖
លោកជា​ទី​គោរព,
    សព្វ​ថ្ងៃ​នេះ​ ខ្ញុំ​កំពុង​ឋិត​នៅ​ក្នុង​សេច​ក្ដី​អន្ដរាយ​ សូម​លោក​មេត្ដា​ជួ​យ​ដោះ​ទុក្ខ​ខ្ញុំ​ផង អ្នក​ដែល​កាន់​សំបុត្រ​មក​ជូន​លោក​នេះ​ អាច​នាំ​ផ្លូវ​លោក​ទៅ​ជួប​នឹង​ខ្ញុំ។
    ខ្ញុំ​សង្ឃឹម​ថា​ មាន​តែ​លោក​ម្នាក់​ប៉ុណ្ណោះ​ ដែល​អាច​ជួយ​ដោះ​ទុក្ខ​ខ្ញុំ​បាន។

ហត្ថលេខា យូរ៉េត

    ខ្ញុំ​បាន​សាក​សួរ​ស្រី​ចំណាស់​នោះ​ ដល់​ស្រុក​ទេស​ទី​កន្លែង​របស់​គាត់​។ គាត់​បាន​ប្រាប់​ថា គាត់​នៅ​ស្រុក​កូន​សត្វ​ (កំពត) ជិត​ផ្ទះ​ដែល​អ្នក​ម្ចាស់​សំបុត្រ​នោះ​នៅ​ដែរ​។
- អ្នក​មីង! ម្ចាស់​សំបុត្រ​នេះ​ គេទៅ​នៅ​ស្រុក​នោះ​យូរ​ហើយ​ឬ? (ខ្ញុំ​សួរ)
- ច៎ាស! ទើប​ នឹង ​ទៅ​នៅ​ប្រ​ហែលមួយ​អាទិត្យ​ប៉ុណ្ណោះ​។
- ម្ចាស់​ផ្ទះ​នោះ​ ជា​បង​ប្អូន​ នឹង ​ម្ចាស់​សំ​បុត្រ​នេះ​ឬ?
- មើល​ទៅ​ដូច​ជា​ពុំ​មែន​បង​ប្អូន​ទេ ព្រោះ​ម្ចាស់​ផ្ទះ​ជា​អ្នក​ស្រុក​នោះ​ ខ្ញុំ​ធ្លាប់​ស្គាល់​យូរ​ណាស់​មក​ហើយ​ ស្គាល់​តាំង​ពី​ពូជ​អម្បូរ​ទៀត​ផង​ ពុំ​ដែល​ស្គាល់​តែ​ម្ចាស់​សំបុត្រ​ប៉ុណ្ណោះ​។
- កាល​ដែល​ម្ចាស់​សំបុត្រ​នេះ​ ទៅ​នៅ​ស្រុក​នោះ​ គេ​ទៅ​តែ​ម្នាក់​អែង​ទេ​ឬ?
- ច៎ាស​ទៅ​ជាមួយ​ នឹង ស្ដ្រី​ម្នាក់​ និង ប្រុស​ម្នាក់​ទៀត​។
- ចុះ​មីង​មាន​សង្កេត​ឃើញ​អ្នក​ទាំង​នោះ​ យ៉ាង​ម៉េច​ខ្លះ​?
- មើល​ទៅ​អ្នកទាំង​ពីរ​នាក់​នោះ​ ព្រម​ទាំង​ម្ចាស់​ផ្ទះ​ដូច​ជាកោត​ក្រែង​ម្ចាស់សំបុត្រ​នេះ​ណាស់​។
- ចុះ​គេ​មាន​ផ្ដាំ​មក​ខ្ញុំ​ថា​ម៉េច​ខ្លះ​ទៀត​ដែរ​ឬទេ?
- ច៎ាសគេ​គ្រាន់​តែ​ប្រាប់​ថា ឲ្យ​ខ្ញុំ​នាំ​ផ្លូវ​លោក​ទៅ​តែ​ប៉ុណ្ណោះ​។

    ខ្ញុំ​បាន​សាក​សួរ​ស្ដ្រី​នោះ​ដល់​ទី​កន្លែង​ដែល​គាត់​សំណាក់​នៅ​ក្រុង​ភ្នំ​ពេញ​។ គាត់​បាន​ប្រាប់​ថា គាត់​សំណាក់​នៅ​ នឹង​ ផ្ទះ​លោក​កុម្មីស្សែរ​ផេង​ នៅ​ផ្សារ​សួន​ចាស់​មាត់​ទន្លេ​ ដែល​ខ្ញុំ​អាច​ទៅ​រក​ឃើញ​បាន​ដោយ​ងាយ​ហើយ​។ ខ្ញុំ​បាន​សន្យា​ នឹង គាត់​ថា​ ស្អែក​នេះ​ថ្ងៃ​សៅរ៍​ម៉ោង​១២ ខ្ញុំ​ នឹង ​ទៅ​ទទួល​គាត់​នៅ​ដើម​ពោធិ៍​មុខ​ផ្ទះ​លោក​ផេង​ ដើម្បី​ធ្វើ​ដំណើរ​ទៅ​កំពត​ជា​មួយ​គ្នា​។

    ខ្ញុំ​នឹក​គិត​ដល់​ការ​យល់​សប្ដិ​របស់​ខ្ញុំ​ពី​ថ្ងៃ​មុន​ ដែល​ធ្លាប់​ស្រមៃ​ឃើញ​ថា នាង យូរ៉េត​ កំពុង​ឋិត​នៅ​ក្នុង​សេច​ក្ដី​អន្ដរាយ​ ហើយ​ស្រែក​ហៅ​ឲ្យ​ខ្ញុំ​ជួយ​នាង​។ ការ​យល់​សប្ដិ​បែប​នេះ​ អាច​ជា​និមិត្ដ​រូប​នៃ​ការ​ស្មាន​របស់​ខ្ញុំ​ថា​ នាង​យូរ៉េត​នៅ​មាន​ជី​វិត​រស់​ នៅ​ឡើយ​ ក៏ថា​បាន​។

    សំបុត្រ​នេះ​ ខ្ញុំ​ជឿ​ខ្លះ​ពុំ​ជឿ​ខ្លះ​។ ការ​ដែល​ខ្ញុំ​បាន​សន្យា​ជា​​មួយ​ស្ដ្រី​ចំណាស់​នោះ​ ក៏​សន្យា​ដោយ​អិត​គិត​វែង​ឆ្ងាយ​។ ខ្ញុំ​ត្រូវ​ប្រើ​គំនិត​យ៉ាង​ខ្លាំង​។ ខ្ញុំ​គិត​ថា នាង​យូរ៉េត​បាន​ធ្វើ​អត្ដ​ឃាត​កម្ម​ស្លាប់​បាត់​បង់​ជីវិត​ទៅ​ហើយ អី​លូវ​នាង​បែរ​ជា​មាន​ជី​វិត​រស់​នៅ​ឡើង​វិញ​ហើយ​។ រឿង​នេះ​យ៉ាង​ណា​ទៅ​វិញ​?​ ក្រែង​លោ​នរណា​ត្រូវ​ការ​បោក​បញ្ឆោត​ខ្ញុំ​លេង​ទេ​ដឹង​ ព្រោះ​គេ​ដឹង​ថា​ ខ្ញុំ​ស្រលាញ់​នាង​យូរ៉េត​? ឬ​ក៏​មានគេ​ត្រូវ​ការ​ជីវិត​ខ្ញុំ​? ប្រសិន​បើ​អ្នក​ណា​ត្រូវ​ការ​ជីវិត​ខ្ញុំ​មែន​នោះ​ អ្នក​នោះ​គឺ​អនុសេនីយ​ ស៊ឺ​ សេនា​សំណប់​ ដាប ឈួន​ ព្រោះ​គេ​គិត​ថា​ ខ្ញុំ​មានការ​ទាក់​ទង​ នឹង ​នាង​យូរ៉េត​ ឬ​ក៏​គេ​សង្ស័យ​ថា​ នាង​យូរ៉េត​ ស្រលាញ់​ខ្ញុំ​ ហើយ​គេ​ក៏​ស្អប់​ខ្ញុំ​ ចង់​សំលាប់​ខ្ញុំ​ចោល​ក៏​ពុំ​ដឹង​?​

    មួយ​អន្លើ​ ខ្ញុំ​ចង់​យក​រឿង​នេះ​ទៅ​ប្រាប់​មិត្ដ​ សុខ សម្បូរ​ តែ​មួយ​អន្លើ​ ខ្ញុំ​គិត​ថា​ កុំ​នាំ​ឲ្យ​រវល់ នឹង រឿង​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​។ រឿង​នេះ​ ក្លាយ​ទៅ​ជា​បញ្ហា​ដ៏​ស្មុគ្រ​ស្មាញ​សំរាប់​ខ្ញុំ​ ក្នុង​ថ្ងៃ​នេះ​ព្រោះ​ត្រូវ​ខ្ញុំ​គិត​តែ​ម្នាក់​អែង។

    តើ​ខ្ញុំ​គួរ​ទៅ​ ឬ​ពុំ​គួរ​ទៅ​កំពត?
    ទីបំផុត​ ខ្ញុំ​បាន​សំរេច​ចិត្ដ​ថា ត្រូវ​តែ​ទៅ​ ទៅ​តែ​ម្នាក់​អែង​ ទៅ​រក​នាង​យូរ៉េត​ បើ​ទុក​ជា​ការ​នេះ​ ត្រូវ​គេ​បញ្ឆោត​យក​ខ្ញុំ​ទៅ​សំលាប់​ចោល​ក៏​ដោយ​។

    លុះ​ដល់​កំណត់​ពេល​ ខ្ញុំ​ក៏​បាន​ទៅ​ទទួល​យក​ស្ដ្រី​ចំណាស់​នោះ​ពី​ផ្សារសួន​ចាស់​ ហើយ​ធ្វើ​ដំណើរ​ទៅ​កំពត​ដោយ​រថ​យន្ដ​ហ្សីប​ដែល​ខ្ញុំ​បាន​ខ្ចី​ពី​មិត្ដ​ភក្ដិ។ យើង​បាន​ទៅ​ដល់​ក្បាល​រមាស​នៅ​ម៉ោង​ ១៥។ តែ​ពេល​នោះ​ស្ដ្រី​ចំណាស់​អ្នក​នាំ​ផ្លូវ​បាន​ឲ្យ​យោ​បល់​ដល់​ខ្ញុំ​ថា គាត់​ពុំ​គួរ​នៅ​ជិះ​ឡាន​ជា​មួយ​ នឹង ខ្ញុំ​ទៅ​ដល់​ទី​កន្លែង​ដែល​នាង​ យូរ៉េត​ នៅ​ឡើយ​ ព្រោះ​ក្រែងមានរឿង​រ៉ាវ​ពុំ​ស្រួល​ដល់​គាត់​។ គាត់​បាន​ឲ្យខ្ញុំ​បើក​ឡាន​ទៅ​មុន​គាត់​ ហើយ​គាត់​ជិះ​រ៉ឺ​ម៉ក​ទៅ​តាម​ក្រោយ​ ដោយ​គាត់​បាន​ប្រាប់​ឲ្យ​ខ្ញុំ​ទៅ​រក​ផ្ទះ​ ដែល​នាង​យូរ៉េត​ នៅ​នោះ​ យ៉ាង​ល្អិត​ល្អន់។ ខ្ញុំ​ក៏​យល់​ព្រម​តាម​។

    ខ្ញុំ​ក៏​ចាប់​ផ្ដើម​សង្ស័យ​ដល់​រឿង​ពុំ​ល្អដូច​មុន​ទៀត​ គឺ​សង្ស័យ​ថា ក្រែង​គេ​បញ្ឆោត​យក​ខ្ញុំ​ទៅ​សំលាប់​ចោល​ ព្រោះ​ស្រុក​កូន​សត្វ​ជា​ស្រុក​ព្រៃ​ នៅ​ឆ្ងាយ​ពី​ទី​រួម​ខេត្ដ​ ឆ្ងាយ​ពី​ប៉ូលិស​ទាហាន​។ តែ​ចិត្ដ​មួយ​គិត​ថា​ បំណាច់​ជា​ជ្រុល​មក​ប៉ុណ្ណេះ​ហើយ​ ត្រូវ​តែ​ទៅ​​ឲ្យ​ដល់​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​។ បើ​ទុកជា​គេបញ្ឆោត​ខ្ញុំ​ យក​ទៅ​សំលាប់​ចោល​មែន​នោះ​ ក៏​មើល​ទៅ​ដូច​ជា​ពុំ​ងាយ​ នឹង សំលាប់​លេង​ដោយ​ៗ​ទេ​ ព្រោះ​ខ្ញុំ​ដឹង​ខ្លួន​មុន​ ខ្ញុំពុំ​​ប្រមាទ​ ខ្ញុំ​មាន​កាំ​ភ្លើង​ ការ​សំលាប់​មនុស្ស​ដែល​ដឹង​ខ្លួន​មុន​ហើយ​ ដែល​បាន​ប្រុង​ខ្លួន​មុន​ដូច​ខ្ញុំ​នេះ​ ក៏​ជា​ការ​ពុំ​ងាយ​ប៉ុន្មាន​ឡើយ​។

    ខ្ញុំ​បានទៅ​រក​ផ្ទះ​ ដែល​នាង​យូរ៉េត​ នៅ​នោះ​ឃើញ​។ ខ្ញុំ​បាន​ជួប​នាង​ យូរ៉េត​ របស់​ខ្ញុំ​ ដូច​ពាក្យ​ណែ​នាំ​របស់​ស្ដ្រី​អ្នក​នាំ​ផ្លូវ​នោះ​មែន​។ ខ្ញុំ​បាន​សង្កេត​ឃើញ​អ្នក​នៅ​ជាមួយ​នាង​ទាំង​អស់​សង្ស័យ​លើ​រូប​ខ្ញុំ​។ ពេល​នោះ​ខ្ញុំ​គិត​ថា​ ខ្ញុំ​ត្រូវ​ប្រើ​ឧបាយ​កល​ «អូស​ទូក​កុំ​ឲ្យ​ល្អាន​ ចាប់​ត្រី​បាន​កុំ​ឲ្យ​ល្អក់​ទឹក​»។ ខ្ញុំ​បាន​សំដែង​អាការ​ទាក់ទាក់​ ជា​មួយ​អ្នក​ម្ចាស់​ផ្ទះ​ព្រម​ទាំង​មនុស្ស​អ្នក​នៅ​កំដរ​នាង​ យូរ៉េត​ យ៉ាង​ស្រួល​។ ខ្ញុំ​និយាយ​ស្ដី​ជា​មួយ​នាង​យូរ៉េត​ ដោយ​ការ​គោរព​ល្មម​តែ​សំដែង​ឲ្យ​អ្នក​ទាំង​នោះ​យល់​ថា​ រូប​ខ្ញុំ​ជា​​អ្នក​បំរើ​របស់​អ្នក​ណា​មួយ​។ អែ​នាង​យូរ៉េត​ វិញ​ក៏​ហាក់​ដូច​ជា​ដឹង​ចិត្ដ​ខ្ញុំ​ ព្រោះ​នាង​បាន​និយាយ​ស្ដី​ជា​មួយ​ខ្ញុំ​ តាម​ទំនង​នាយ​ចៅ​ហ្វាយ​និយាយ​ទៅ​កាន់​អ្នក​បំរើ​។ ខ្ញុំ​និយាយ​ប្រាប់​នាង​ ព្រម​ទាំង​អ្នក​ទាំង​អស់​នោះ​ថា​ លោក​បាន​ប្រើ​ឲ្យ​ខ្ញុំ​បាទ​មកទទួល​យក​នាង​ទៅ​ភ្នំពេញ​ តែ​យក​ទៅ​តែ​ម្នាក់​អែង​ ដោយ​ពុំ​ចាំ​បាច់​ឲ្យ​អ្នក​ដែល​នៅ​កំដរ​ទៅ​ជា​មួយ​ផង​ឡើយ​ ព្រោះ​នាង​យូរ៉េត​ នឹង ត្រូវ​ត្រលប់​មក​ទី​នេះ​ នៅ​ថ្ងៃ​ខាន​ស្អែក​។ ការ​ដែល​ខ្ញុំ​ធ្វើ​ជា​និយាយ​ថា លោក​បាន​ប្រើ​ឲ្យ​ខ្ញុំ​បាទ​មកទទួល​យក​នាង​ទៅ​ភ្នំពេញ​នោះ​ ក៏​ព្រោះ​ខ្ញុំ​គិត​ថា អ្នក​ទាំង​អស់​នោះ​មុខ​ជាថា​ពាក្យ«លោក» ដែល​ខ្ញុំ​ហៅ​នោះ​​ ក៏​គឺ​លោក​យក​នាង​ យូរ៉េត​មក​លាក់​ទុក​នៅ​ទី​នេះ​នុ៎ះ​​អែង។

    ការ​នេះ​ពិត​ដូច​ខ្ញុំ​ស្មាន​មែន។ អ្នក​ទាំង​នោះ​ គ្មាន​សាក​សួរ​ដេញ​ដោល​អ្វី​ច្រើន​ឡើយ​។ ពួក​គេ​បាន​នាំ​គ្នា​ជួយ​រៀប​ចំ​សំពត់​អាវ​ នាង យូរ៉េត​ទៀត​ផង​។ ខ្ញុំ​ពេញ​ចិត្ដ​ចំពោះ​គំនិត​របស់​ខ្ញុំ​ដនេះ​ជា​ខ្លាំង​។

    ខ្ញុំ​បាន​នាំ​នាង​យូរ៉េត​ ចេញពី​ទីនោះ​ នៅ​ម៉ោង​ ១៦កន្លះ​។ ខ្ញុំ​បាន​សាក​សួរ​នាង​ដល់​រឿង​រ៉ាវ​ផ្សេងៗ​ ដែល​នាង​ត្រូវ​ទៅ​ស្រុកកូន​សត្វ​នេះ។​ ខ្ញុំ​បាន​និយាយ​ប្រាប់​នាង​អំពី​រឿង​ខ្មោច​ដែល​គេ​រក​ឃើញ​នៅ​មុខ​វត្ដ​កែវ​ព្រះ​ភ្លើង​ ហើយ​គេ​បាន​សន្និ​ដ្ឋាន​ថា ជា​ខ្មោច​នាង​ដែល​ធ្វើ​អត្ដ​ឃាត​កម្ម​ ហើយ​ខ្ញុំ​ក៏​ជឿ​ថា​ដូច្នោះ​ដែរ​។

    នាង​ដូច​ភ្ញាក់​ខ្លួន​ព្រើត​ ហើយ​នាង​បាន​និយាយ​រឿង​រ៉ាវ​ប្រាប់​ខ្ញុំ​ថា ការ​ដែល​នាង​ត្រូវ​ទៅ​ស្រុក​កូន​សត្វ​នេះ​ គឺ​លោក​អនុសេនី​ទោ ស៊ឺ​ ជា​អ្នក​នាំ​នាង​ទៅ​ ដោយ​ការ​បង្ខិត​បង្ខំ​ ហើយ​បាន​ចាត់​មនុស្ស​ពី​រនាក់​ទៀត​ គឺ​ប្រុស​ម្នាក់​ស្ដ្រី​ម្នាក់​ឲ្យទៅ​នៅ​ចាំ​យាម​នាង​ កុំ​ឲ្យ​នាង​ទៅ​ណា​ ដែល​មើល​ទៅ​ដូច​ជា​គេ​យក​នាង​ទៅឃុំ​ឃាំង​ទុក​។

    លុះ​ខ្ញុំ​បាន​ស្ដាប់​ពាក្យ​សំដី​នាងយូរ៉េត​ដូច្នេះ​ ខ្ញុំ​ក៏​ចាប់​ផ្ដើម​សង្ស័យ​ឡើង​ថា រឿង​នេះ​ប្រហែល​កល​ឧបាយ​របស់​អនុសេនី​ទោ​ ស៊ឺ​ទេ​ ព្រោះ​ថា ​ដំបូង​ ដាប ឈួន​ បាន​បង្គាប់ឲ្យ​ចាប់​យក​នាង​ យូរ៉េត​ មក​ឲ្យវា​ អនុសេនីទោ​ស៊ឺ​ ក៏​ប្រតិបត្ដិ​តាម​ តែ​លុះ​យក​បាន​មក​ហើយ​ អនុសេនីយ​ទោ​ ស៊ឺ​ ក៏​ប្រហែល​ស្រលាញ់​នាង​ដែរ​ ដើម្បី​បំបាត់​ដាន​នេះ​ (បើ​តាម​ខ្ញុំ​គិត) អនុសេនីយ​ទោ​នេះ​ ត្រូវ​នាំ​នាង​យូរ៉េត​ យក​​ទៅ​លាក់​ពួន​ទុក​នៅ​ស្រុក​កូន​សត្វ​ គេយក​ស្ដ្រី​ណា​ម្នាក់​ផ្សេង​ទៀត​យក​ទៅ​សំលាប់​ ហើយ​បោះ​ចោល​ទៅ​ក្នុង​ទន្លេ​ដោយ​យក​សំលៀក​បំពាក់​ និង ចញ្ជៀន​របស់នាងយូរ៉េត​ ទៅ​បំពាក់​ នឹង រូប​ស្ដ្រី​ដែល​គេ​សំលាប់​នោះ​ ព្រោះ​ថា​នៅ​ពេល​ដែល​ប៉ូលិស​ឃើញ​ខ្មោច​ ហើយ​ផ្សាយ​ដំណឹង​ថា ជា​ខ្មោច​នាង​យូរ៉េត​នោះ​ ក៏​ផ្សាយ​តាម​ការ​អះ​អាង​ក្នុង​ការ​ស្ដាប់​របស់​អនុសេនី​ទោ​នោះ​ ដែល​បាន​ឲ្យ​ការ​ប៉ូលិស​ថា វា​ស្គាល់​ដោយ​សារ​សំលៀក​បំពាក់​ និង ចញ្ជៀន​របស់​នាង​ដែរ។​

    ខ្ញុំ​បាន​និយាយ​ពីការ​សង្ស័យ​របស់​ខ្ញុំ​ ដូច​ខាង​លើ​ឲ្យ​នាង​យូរ៉េត​ស្ដាប់​។ នាង​ជឿខ្លះ​ពុំ​ជឿខ្លះ​​។ នាង​និយាយ​ថា ដូច​ជា​ពុំ​គួរ​គិត​ដូច្នោះ​សោះ​ ព្រោះ​អនុសេនីយ​ទោ​នេះ​ ខ្លាច​លោក​មេទ័ព​សៀម​រាប​ណាស់​ ហើយ​ខ្លួន​គេ​ជា​សេនា​សំ​ណប់​របស់​មេ​ទ័ព​នោះ​ផង តែ​មានការ​គួរ​ឲ្យ​គិត​យ៉ាង​នោះ​ខ្លះ​ៗ​ដែរ​ គឺ​មាន​ពេល​ច្រើន​ដង​​ដែល​អនុសេនីយ​នោះ​ បាន​ប្រើ​ពាក្យ​សំដី​​ប្រលោម​លួង​លោម​ក្នុង​ផ្លូវ​ស្នេហា​រក​នាង​ ហើយ​នាង​ក៏​បាន​បាត់​របស់​ដូច​ជាគេ​រក​ឃើញ​ជាប់​ នឹង​ ខ្លួន​ខ្មោច​ នោះ​មែន​ដែរ​។

    ខ្ញុំ​បាន​និយាយ​ប្រាប់​នាង​វិញ​ថា ប្រ​សិន​បើការ​ស្មាន​របស់​ខ្ញុំ​ពុំ​ខុស​ទេ​នោះ​ ខ្ញុំ​គិត​ថា ធម្មតា​ចោរ​ពុំ​ដែល​មាន​ចិត្ដ​ស្មោះ​ត្រង់​ នឹង គ្នា​ទេ​ ហើយ​យើង​ក៏​ពុំ​គួរ​ជា​គិត​ថា​ ចោរ​ នឹង ពុំ​លួច​ចោរ​ រឺ ក៏​ចោរ​ នឹង មិន​ប្លន់​ដណ្ដើម​ពី​ចោរ​គ្នា​វា​នោះ​សោះ​ឡើយ​។

    អី​លូវ​ខ្ញុំ​ជឿ​ជាក់​ថា​ ខ្មោច​ស្ដ្រី​ដែល​គេ​រក​ឃើញ​ថា ​ធ្វើ​អត្ដ​ឃាត​កម្ម​នោះ​ ប្រាកដ​ជា​ពុំ​មែន​ដូច្នោះ​ទេ។ ខ្មោច​នោះ​ គឺប្រាកដ​ជា​អនុសេ​នីយ​ទោ​នោះ​ នាំស្ដ្រី​ណា​ម្នាក់​យក​ទៅ​ច្របាច់​កសំលាប់​ចោល​ ហើយ​ក៏​យក​សំពត់​អាវ​ និង ចញ្ជៀន​នាង​យូរ៉េត​ ទៅបំពាក់​ឲ្យ​ ហើយ​បោះ​ចោល​ទៅ​ក្នុងទន្លេចតុមុខ។

    តែ​ស្ដ្រី​នោះ​ជា​អ្នក​ណា​? កូន​ចៅ​អ្នក​ណា​?​ ខ្ញុំ​ក៏​ពុំ​អាច​ដឹង​បាន​ដែរ​។
    ដំបូង​ខ្ញុំ​គិត​ថា​ នឹង​នាំ​នាង​យូរ៉េត​ ត្រលប់​មក​ភ្នំ​ពេញ​វិញ​ តែ​លុះ​ទៅ​ដល់​ក្បាល​រមាស​ ខ្ញុំ​ក៏​ហួស​ទៅ​លេង​កែប​សិន​។ ខ្ញុំ​ក៏​បាន​បញ្ជា​រថ​យន្ដ​ឲ្យ​លូន​ឆ្ពោះ​ទៅ​រក​កែប​។

   - ខ្ញុំ​គិត​ថា (ខ្ញុំ​និយាយ​ក្នុង​ខណ​ដែល​រថ​យន្ដ​លូន​សន្សឹមៗ​តាម​ផ្លូវ​ថ្នល់​) យើង​គួរ​ស៊ើប​សួរ​ ដើម្បី​ឲ្យ​បាន​ដឹង​ច្បាស់​ក្នុង​រឿង​ខ្មោច​នេះ។
   - ណ្ហើយ​វា​នាំ​ឲ្យ​ខូច​ពេល​វេលា​អិត​អំពើទេ។
   - ចុះ​មានទៅ​ខូច​ខាត​អី​ បើ​យើង​គ្រាន់​តែ​ស៊ើប​សួរ​ឲ្យ​ដឹង​ការ​ពិត​ប៉ុណ្ណោះ​។
   - ខ្ញុំ​មើល​ទៅ​ដូច​ជា​គ្មាន​ប្រយោជន៍​អ្វី​ទេ​ វា​មាន​តែ​ពី​ត្រូវ​រង​ទុក្ខ​ទោស​ទៀត​ផង​ ព្រោះ​គេ​មាន​អំណាច​ អាច​ធ្វើ​អី​យើង​បាន​តាម​ចិត្ដ​ យើង​កុំ​ទៅ​រវល់​ នឹង រឿង​នោះ​ធ្វើ​អី​ យើង​គិត​តែ​ពីរិះ​រក​ផ្លូវ​ ដើម្បី​ចាប់​ផ្ដើម​តាំង​ជីវិត​សា​ជា​ថ្មី​វិញទៅ​ល្អជាង។
   - ខ្ញុំ​ជឿ​ជាក់​ថា​ ខ្មោច​នោះ​គឺ​ស័ក្ដិ​ពីរ​ ស៊ឺ​នុ៎ះ​អែង​ ជា​អ្នកសំលាប់​ សំលាប់​ដើម្បី​បំបាត់​ដាន​ ព្រោះ​វា​ចង់​បាន​អ្នក​នាង។

    នាង​យូរ៉េត​ពុំ​ឆ្លើយ​ថា​អ្វី​។ ខ្ញុំ​ដឹង​ថា​ នាង​ពុំ​ចង់​ដឹង​ពុំ​ចង់​លឺ​ នូវ​ រឿង​នោះ​។ ខ្ញុំ​បាន​និយាយ​បំបែរ​ទៅ​រឿង​ថ្មី​។ ខ្ញុំ​ប្រាប់​នាង​ថា យប់​នេះ​ចង់​ទៅ​សំរាក​កាយ​អែ​កែប​។ នាង​យូរ៉េត​បាន​ព្រម​ព្រៀង​តាម​ខ្ញុំ​។

    លុះ​ហួស​ផ្លូវ​បំបែក​ទៅ​ដំណាក់​ចង្អើរ​បន្ដិច​ ខ្ញុំ​បាន​បញ្ឈប់​រថ​យន្ដ​។ យើង​បាន​នាំ​គ្នា​ចុះ​ពី​រថ​យន្ដ​ ហើយ​ទៅ​ឈរ​មើល​ទេស​ភាព​នានា​ មើល​ព្រះ​អាទិត្យ​ដែល​បញ្ចេញ​រស្មី​នៅ​ពេល​ជិត​ព្រលប់។

    ចាប់​តាំង​ពី​ពេល​ដែល​ខ្ញុំ​បាន​ជួប​ស្គាល់​នាង​ យូរ៉េត​មក ​ខ្ញុំ​ នឹង​ នាង​ ពុំ​ដែល​បាន​និយាយ​គ្នា​ពី​រឿង​ស្នេហា​ម្ដង​សោះ​។ អី​លូវ​ខ្ញុំ​ព្រម​ទទួល​ខ្លួន​ថា​ ខ្ញុំ​ស្រលាញ់​នាង ​យូរ៉េត​ ហើយ​ តែ​ខ្ញុំ​នៅ​ពុំ​ទាន់​ដឹង​ថា​ តើ​នាង​យូរ៉េត​ស្រលាញ់​ខ្ញុំ​ ដូច​ខ្ញុំ​ស្រលាញ់​នាង​ដេររឺទេ? ខ្ញុំ​រក​ស្មាន​ពុំ​ត្រូវ​ថា​ តើ​នាង​ នឹង ថា​ដូច​ម្ដេច​ ប្រសិន​បើ​ខ្ញុំ​បញ្ចេញ​ នូវ​ ពាក្យ​ប្រាប់​នាង​ថា​ ខ្ញុំ​ស្រលាញ់​នាង​នោះ​។​

    ប៉ុន្តែ​ ទោះ​បី​យ៉ាង​ណា​ក៏​ដោយ​ ការ​ធ្វើ​ដំណើរ​ពីរ​នាក់​កាត់​ទេស​ភាព​ដ៏​ល្អ​ពី​ធម្មជាតិ​យ៉ាង​នេះ​ មើល​ទៅ​ក៏​ហាក់​ដូច​ជា​មាន​អ្វី​មក​ជុំ​រុញ​ចិត្ដ​យើង​ឲ្យ​ធ្ងន់​ក្នុង​ផ្លូវ​ស្នេហា​ខ្លាំងឡើង​ៗ​។ យើង​ឃើញ​បក្សី​ហើរ​ឆ្វៀល​ឆ្វាត់​កាត់​រក​អាហារ​ ហើយ​ប្រុង​ប្រៀប​ខ្លួន​ប្រាណ​ហើរ​ត្រឡប់​ទៅ​រកសំបុក​វិញ​ ចំណែក​ខាង​យើង​ទាំង​ពីរ​នាក់​អែ​ណេះ​ យើង​ពុំ​ទាន់​ដឹង​ថា តើ​សំបុក​របស់​យើង​នៅ​អែ​ណា​ឡើយ​?​

    ពន្លឺ​ព្រះ​អាទិត្យ​ក៏​ចេះ​តែ​បន្ទាន់​រស្មី​ម្ដង​បន្ដិច​ៗ​។ ភូមិ​ភាគ​ដែល​មាន​ផ្ទៃ​ដី​ដ៏​ធំ​ល្វឹង​ល្វើយ​វែង​ឆ្ងាយ​ ដាច់​កន្ទុយ​ភ្នែក​ដូច្នេះ​យើង​គិត​ថា​ កាល​បើ​អស់​រស្មី​ព្រះ​អាទិត្យ​ទៅ​ហើយ​ ក៏​មុខ​ជា​ងងិត​ស្ងាត់​ឈឹង​គួរ​ឲ្យ​ខ្លាច​។

   ពុំ​យូរ​ប៉ុន្មាន​ ព្រះ​អាទិត្យ​ក៏​បាំង​ខ្លួន​បាត់​ទៅ​ នឹង ភ្នំ​ខាង​លិច​ ហើយ​សភាព​ងងឹត​ក៏​គ្រប​ដណ្ដប់​ជុំ​វិញ​ខ្លួន​យើង​។
   - លោក​(នាង​យូរ៉េត​ចាប់​ផ្ដើម​និយាយ​ឡើង​) ខ្ញុំ​គិត​ថា​ លោក​កំពុង​តែ​គិត​រឿង​អី​ម្យ៉ាង​ យ៉ាង​ជ្រាល​ជ្រៅ​។
   - ទេ! ខ្ញុំ​គ្មាន​គិត​អ្វី​ទេ​ ខ្ញុំ​កំពុង​តែ​ប្រាថ្នា​ថា​ សូម​ឲ្យ​គ្រោះ​កាច​ចង្រៃ​ទាំង​អស់​របស់​អ្នក​នាង​អន្ដរ​ធាន​បាត់​ទៅ​ ដូច​រស្មី​នៃ​ ព្រះ​អាទិត្យ​ដែល​ នឹង លិច​អម្បាញ់​មិញ​នេះ​។
   - តែ​ខ្ញុំ​ពុំ​ចង់​ឈាន​ចូល​ទៅ​ក្នុង​ភាព​ងងឹត​ អញ្ចឹង​ទេ​លោក​។
   - ពុំ​ងងិត​ទេ! ព្រះ​អាទិត្យ​លិច​បាត់​ទៅ​ទិស​ខាង​លិច​មែន​ តែ​ព្រះ​ច័ន្ទ​ នឹង រះ​ឡើង​ពី​ទិស​ខាង​កើត​មក​ជំនួស​វិញ​។
   - តេ​ទំរាំ​យើង​បាន​ឃើញពន្លឺ​ព្រះ​ចន្ទ​ យើង​ក៏​ងងិត​អស់​ពេល​ច្រើន​ម៉ោង​ទៅ​ដែរ។
   - ក៏​ប៉ុន្ដែ​ កាល​បើ​មាន​អ្នក​នាង​នៅ​ជា​មួយ​ (ខ្ញុំ​បាន​និយាយ ធ្វើ​ដូច​ជា​ពុំ​ដែល​ធ្លាប់​និយាយ​ជា​មួយ​នាង​យូរ៉េត​សោះ​​) ខ្ញុំ​ក៏​ភ្លឺ​ជា​និច្ច​ រូប​អ្នក​នាង​ជា​ពន្លឺ​នៃ​ដួង​ចិត្ដ​របស់​ខ្ញុំ​ គ្រប់​ពេល​វេលា​។
   - នាង​យូរ៉េត បែរ​មុខ​មក​សំលឹង​មើល​ខ្ញុំ​... នាង​សំលឹង​មើល​ដោយ​ក្រសែ​ភ្នែក​ដ៏​មុត​... ក្រសែ​ភ្នែក​ដែល​អាច​ចាក់​បេះ​ដូង​របស់​ខ្ញុំ​ឲ្យ​មុត​ធ្លុះ​ធ្លាយ​...
   - ខ្ញុំ​ស្រលាញ់អ្នក​នាង​...! (ខ្ញុំ​ពោល​នៅ​ពេល​ដែល​ក្រសែ​ភ្នែក​ដ៏​មុត​របស់​នាង​ សំលឹង​ចំ​មកភ្នែក​របស់​ខ្ញុំ​ ហើយ​ក្រសែ​ភ្នែក​នោះ​ ក៏​មិន​ផ្លាស់​កន្លែង​ទៅ​ណា​ទៀត​ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ក្រែង​ថា ពាក្យ​សំដី​យ៉ាង​នេះ​ នឹង ធ្វើ​ឲ្យ​នាង​ពុំ​សប្បាយ​ចិត្ដ​)។ តែ​បន្ដិច​មក​ ខ្ញុំ​ឃើញ​នាង​ញញឹម​បន្ដិច​ៗ​ ដែល​ធ្វើ​ឲ្យ​ការ​ក្រែង​របស់​ខ្ញុំ​សន្សឹម​បាត់​ទៅ​ម្ដង​បន្តិច​ៗ។
   - លោក (នាង​យូរ៉េត​និយាយ​ដោយ​សំលេង​ញ័រ​ៗ) ខ្ញុំពុំ​ដឹង​ជា​ឆ្លើយ​ជំរាប​លោក​វិញ​ថា​យ៉ាង​ម៉េច​ទេ...
   - ពិបាក​ណាស់​ទៅ​រឺ​អ្នក​នាង​? ពិបាក​ណាស់​រឺ​ ដែល​អ្នក​នាង​ នឹង ឆ្លើយ​ប្រាប់​ខ្ញុំ​ ឲ្យ​បាន​ដឹង​ផង​នោះ​?
   - ចុះ​បើ​ខ្ញុំ​ឆ្លើយ​ជំរាប​លោក​ថា ខ្ញុំ​ស្រលាញ់​លោក​ដែរ​នោះ​ តើ​ផល​យ៉ាង​ណា​ទៅ​?
   - ផល​គឺ​ ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​តែ​ប៉ុណ្ណោះ​។ តែ​ចួន​កាល​ វាបាន​ផល​ផ្ទុយ​ទៅ​វិញ​ក៏​មិន​ដឹង​។
   - ផ្ទុយ​? ផ្ទុយ​យ៉ាង​ម៉េច​ទៅ​?
   - ព្រោះ​ខ្ញុំ​គិត​ថា​ ចាប់​តាំង​ពី​ពេល​ដែល​យើង​បាន​ស្គាល់​គ្នា​មក​ រឿង​រ៉ាវ​របស់​ខ្ញុំ​ បានធ្វើ​ឲ្យលោក​ពិបាក​ច្រើន​ណាស់​ទៅ​ហើយ​​ ៗ​​ប្រសិន​បើ​ខ្ញុំ​ឆ្លើយ​ថា ខ្ញុំ​ស្រលាញ់​លោក​ទៀត​នោះ​ ខ្ញុំ​គិត​ក្រែង​លោរិត​តែ​ធ្វើ​ឲ្យ​លោក​ពិបាក​ថែម​ទៀត​ទេ​ដឹង​។
   - នុ៎ះ​ជា​រឿង​ផ្សេង​ដោយ​លែក​ពីគ្នា​ រឿង​ស្រលាញ់​ រឺ ពុំ​ស្រលាញ់​នោះ​ ជា​បញ្ហា​នៅ​ក្នុង​ផ្លូវ​ចិត្ត​ អែ​ពិបាក​ រឺ ពុំ​ពិបាក​នោះ​ ជាបញ្ហា​ទាក់​ទង​ នឹង ហេតុ​ការណ៍​ យើង​គួរ​ចែក​ឲ្យ​ដាច់​ដោយ​លែក​ពីគ្នា​។
   - លោក​មាន​គុណ​លើ​រូប​ខ្ញុំ​ច្រើន​ណាស់​។
   - តែ​ពាក្យសំដី​អ្នក​នាង​ទាំង​អស់​ នៅ​ពុំ​ទាន់​បាន​បញ្ជាក់​ប្រាប់​ខ្ញុំ​ថា អ្នក​នាង​ស្រ​លាញ់​ខ្ញុំ​ រឺ ក៍​ពុំ​ស្រលាញ់​នៅ​ឡើយ​ទេ។

    ខ្ញុំ​ជា​មនុស្ស​ខ្សត់​ស្នេហា​ ខ្ញុំពុំ​ដែល​ដឹង​សោះ​ឡើយ​ថា​សេចក្ដី​ស្នេហា​នោះ​ មាន​រស​ជាតិ​យ៉ាង​ណា​? ប្រសិន​បើ​ខ្ញុំ​និយាយ​ថា ​ខ្ញុំ​ចាប់​ផ្ដើម​ស្គាល់​ នូវ សេច​ក្ដី​ស្នេហា​នោះ​ ក៏​គឺ​ខ្ញុំ​ទើប​ នឹង បាន​ស្គាល់​ក្នុង​កាល​ដែល​ខ្ញុំ​បាន​ជួប នឹង លោក​នេះ​អែង​។

    ខ្ញុំ​យល់​ថា​ នុ៎ះ​អែង​ហើយ​ ជា​ចំលើយ​របស់​នាង​យូរ៉េត​ថា នាង​ស្រលាញ់​ខ្ញុំ​ដែរ​ ព្រោះ​ខ្ញុំ​គិត​ថា​ ខ្ញុំ​ពុំ​អាច​សង្ស័យ​ នូវ​ ពាក្យ​ពេចន៍​អ្វី​ច្បាស់​លាស់​ជាង​នេះ​បាន​ឡើយ​។ បើ​តាម​ក្បួន​តំរា​ចិត្ដ​វិជ្ជា​ ដែល ខ្ញុំ​ធ្លាប់​បាន​អាន​ថា ស្ត្រី​ប្រៀប​ដូច​ជា​ឆ្មាំ​ទ្វារ​ នៃ​ អាណាចក្រ​អាថិ​កំបាំង​ ស្ត្រី​ពុំ​ងាយ​ នឹង ប្រាប់​ នូវ​ ទឹក​ចិត្ត​របស់​នាង​ដល់​បុរស​ឡើយ​ ព្រោះ​ចួន​កាល​សម្បី​តែ​ខ្លួន​អែង​ ក៏​ពុំ​ដឹង​ដែរ​ថា ទឹក​ចិត្ដ​របស់​នាង​នោះ​មាន​សភាព​យ៉ាង​ណាឡើយ​។ ដូច្នេះ​ ការ​ដែល​ខ្ញុំ​បាន​ទទួល​ នូវ​ ចំលើយ​ពីយូរ៉េត​ ត្រឹម​តែ​ប៉ុណ្ណេះ​ ខ្ញុំ​ក៏​ពេញ​ចិត្ដ​ណាស់​ទៅ​ហើយ​។​

    ខ្ញុំ​បាន​ចាប់​ដៃ​នាង... ខ្ញុំ​ដឹង​ថា​ដៃ​នាង​ញ័រ​ៗ​ សម​ នឹង​ ពាក្យ​ដែល​នាង​និយាយ​ថា​ នាង​ពុំ​ធ្លាប់​ស្គាល់​ នូវ​ សេច​ក្ដី​ស្នេហា​នោះ​មែន​... នាង​ពុំ​បាន​ហាម​ឃាត់​ រឺ​ បំរះ​ទាញ​ដៃ​ចេញ​ទៅ​វិញ​ឡើយ​... ខ្ញុំ​លើក​ដៃ​នាង​យក​មក​ថើប​.. នាង​ភិត​ភ័យ​ញាប់​ញ័រ​ជា​ខ្លាំង​...

   - ខ្ញុំ​ស្រលាញ់នាង​ណាស់​ (ខ្ញុំ​និយាយ​ដើម្បី​រំងាប់​ នូវ ​ការ​ភិត​ភ័យ​របស់​នាង​) ហើយ​សេច​ក្ដី​ស្រលាញ់​នេះ​រាប់​ថា​ ជា​សេច​ក្ដី​ស្នេហា​គ្រា​ដំបូង​ក្នុង​ជីវិត​ខ្ញុំ​ ហើយ​នាង​ ក៏​ជា​ស្ត្រី​ទី​មួយ​ដែល​ខ្ញុំ​ស្រលាញ់​ដែរ​...

   - លោក​ក៏​ជា​បុរស​ទីមួយ​ក្នុង​សេចក្ដី​ស្នេហា​របស់​ខ្ញុំ​ដែរ​។
    ម៉ោង​ ១៩ ហើយ​ យើង​នាំ​គ្នា​ទៅ​ទទួល​ទាន​អាហារ​ និង ​ សំណាក់​នៅ​សណ្ឋា​គារ​ដា​ហ្សៀរ​។

    ពេល​វេលា​ចេះ​តែ​កន្លង​ផុត​ទៅ​ជានិច្ច​។ សភាព​ស្ងប់​ស្ងាត់​នៃ​រា​ត្រីកាល​ ក្រៅ​ពី​សំលេង​ខ្យល់​បោក​បក់​មក​ប៉ះ​ នឹង ស្លឹក​ឈើ​ និង សំលេង ​នៃ​ រលក​ទឹក​ ដែល​បោក​មក​ប៉ះ​ នឹង ​ច្រាំង​នោះ​ បាន​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ថា​ ក្នុង​លោក​នេះ​ដូច​ជា​គ្មាន​អ្នក​ណា​ក្រៅ​ពី​រូប​ខ្ញុំ​ និង នាង​យូរ៉េត​ឡើយ​។ នេះ​ក៏​ជា​ការ​ល្អ​ណាស់​ហើយ​ ព្រោះ​ខ្ញុំ​គ្មាន​ត្រូវ​ការ​អ្វី​ទៀត​សោះ​ សូម្បី​រូប​ខ្ញុំ​នៅ​កំលោះ​ ហើយ​មាន​អនា​គត​វែង​ឆ្ងាយ​ ក៏​មើល​ទៅ​ដូច​ជា​ថា​ ខ្ញុំ​គ្មាន​ប្រាថ្នា​អ្វី​ក្រៅ​ពី​ការ​មាន​ជីវិត​រស់​នៅ​ជា​មួយ​នាង​យូរ៉េត​នោះ​ដែរ​។

- អ្នក​នាង! អ្នក​នាង​ជឿ​រឺ​ទេ?
- ខ្ញុំ​ជឿ! (នាង​យូរ៉េត​ឆ្លើយ​កាត់​ឡើង​ ក្នុង​ខណ​ដែល​ខ្ញុំ​និយាយ​ពុំ​ទាន់​ផុត​ពាក្យ​) បើ​លោក​និយាយ​យ៉ាង​ណា​ខ្ញុំ​ជឿង​ទាំង​អស់​។
- ខ្ញុំ​នឹក​ដល់​អ្នក​នាង​គ្រប់​ៗ​ វិនាទី!
- ច៎ាស! ខ្ញុំ​ជឿ!
- ម៉េច​បាន​អ្នក​នាង​ជឿ​?
- ព្រោះ​... ខ្ញុំ​រក​អធិប្បាយ​ជំរាប​ពុំ​បាន​...
- បើ​អញ្ចឹង​ ប្រែ​ថា​ អ្នក​នាង​ក៏​នឹក​ខ្ញុំ​ដែរ​មែន​ទេ?
   - ខ្ញុំ​ពុំ​អាច​បដិ​សេធ​បាន​ទេ​ ព្រោះ​លោក​ជា​សុភាព​បុរស​មាន​គុណសម្បត្ដិ​ដ៏​ល្អ ល្មម​ធ្វើ​ឲ្យ​ខ្ញុំ​និយាយ​ពាក្យ​ពិត​ជំរាប​លោក​ ខ្ញុំ​នឹក​ដល់​លោក​... នឹក​ទាល់​តែ​ពិ​បាក​ នឹង ​និយាយ​។

    ខ្ញុំ​អោប​រិត​រាង​កាយ​របស់​​នាង យូរ៉េត ​ផ្ទប់​ នឹង​ ដើម​ទ្រូង​របស់​ខ្ញុំ​។ ការ​ញាប់​ញ័រ​ នៃ ​រាង​កាយ​របស់​នាង​ បាន​ប្រកដ​ឡើង​ដូច​ពេល​ដែល​ខ្ញុំ​បាន​ថើប​ដៃ​នាង​​នៅ​ពេល​មុន​នោះ​ដែរ​។ ព្រោះ​ពាយ​បោក​បក់​រំភើយ​ៗ ​ លាយ​ដោយ​ធាតុ​ត្រជាក់​មក​ប៉ះ​ នឹង រាង​កាយ​របស់​យើង​​ ដែល​មើល​ទៅ​ហាក់​ដូច​ជា​ជួយ​សំរើប​ចិត្ដ​ខ្ញុំ​ និង នាង​យូរ៉េត​ឲ្យ​រិត​តែ​ខ្លាំង​ឡើង​ទៀត​។ រស្មី​ព្រះ​ចន្ទ​ បាន​សាច​ជះ​តាម​បង្អួច​មក​ត្រូវ​រង្វង់​ភក្ដ្រ​របស់​នាង​យូរ៉េត មើល​ទៅ​ឃើញ​ នូវ លំ​អរបស់​នាង​ ពិបាក​រក​គូ​ប្រៀប​ផ្ទឹម​បាន។

    ពេល​នោះ​ដូច​ជា​ពិបាក​អធិប្បាយ​ដល់​សភាព​ នៃ ទឹក​ចិត្ដ​របស់​ខ្ញុំ​ ព្រោះ​ខ្ញុំ​ដូច​ជា​លែង​គិត​អ្វី​ទាំង​អស់​ សូម្បី​អនាគត​យ៉ាង​ណា​ ក៏​អិត​អង្គឺ​មាន​។ យើង​ នឹង ត្រូវ​ចួប​ប្រទះ​ នឹង ​ជោគ​ជ័យ​ រឺ ​ឧបសគ្គ​យ៉ាង​ណា​នោះ​ ខ្ញុំ​ក៏​ពុំ​ដឹង​? ខ្ញុំ​ដឹង​តែ​ម្យ៉ាង​ គឺ​ ខ្ញុំ​ចង់​បាន​នាង​យូរ៉េត​ យក​មក​ធ្វើ​ជា​គូ​ប្រចាំ​ជីវិត​របស់​ខ្ញុំ​តែ​ប៉ុណ្ណោះ​។

    យប់​កាន់​តែជ្រៅ​ណាស់​ហើយ​។ យើង​បាន​លា​គ្នា​ចូល​ដំនេក​រៀង​ខ្លួន។ នៅ​ពេល​មុន​លក់​ ខ្ញុំ​ចេះ​តែ​គិត​បន់​ស្រន់​ភាវនា​ សុំ​ឲ្យ​ខ្ញុំ​ស្រ​មៃ​ រឺ​ យល់​សប្ដិ​ឃើញ​ខ្ញុំ​វិញ​ដែរ​ ក្នុង​សភាព​រីក​រាយ​ ដូច​ទើប​កន្លង​ទៅ​អម្បាញ់មិញ​នេះ​។

   ខ្ញុំ​ភ្ញាក់​ដឹង​ខ្លួន​ឡើង​នៅ​ពេល​អរុណ​រះ​។ តែ​ខ្ញុំ​ឃើញ​នាង​ យូរ៉េត​ក្រោក​មុន​ខ្ញុំ​។
- លោក​! លោក​ប្រហែល​ជា​គេង​លក់​ស្រួល​ណាស់​មើល​ទៅ​?
- ខ្ញុំ​ស្រមៃ​ឃើញ​អ្នក​នាង​ជានិច្ច។
    នាង​យូរ៉េត​ពុំ​ឆ្លើយ​អ្វី​។ នាង​សំលឹង​មើល​ខ្ញុំ​ ដោយ​ក្រសែ​ភ្នែក​ដ៏​មុត​ ចាក់ជ្រែក​ចូល​ទៅ​ក្នុង​បេះ​ដូង​របស់​ខ្ញុំ​ ក្រ​សែ​ភ្នែក​ ដែល​សំ​ដែង​ចេញ​​មក​ នូវ​ សេចក្ដី​ស្នេហា​ស្មោះ​ស្ម័គ្រ​​។
    ខ្ញុំ​ខំអត់​សង្កត់​ចិត្ដ​ពុំ​ប្រ​ព្រិត្ដ​ល្មើស​លើស​លស់​លើ​រូប​នាង​យូរ៉េត​។ អែ​នាង​វិញ​ ក៏​ពុំ​បាន​សំដែង​អាការ​ឲ្យ​ខ្ញុំ​ឃើញ​ថា​ ប្រ​សិន​បើ​ខ្ញុំ​ប្រព្រិត្ដ​ល្មើស​លើស​លស់​លើ​រូប​នាង​នោះ​ នាង​ នឹង​ មិន​យក​ចិត្ដ​ទុក​ដាក់​អ្វី​ឡើយ​។
   - យូរ៉េ​! បង.. (ខ្ញុំ​ចាប់​ផ្ដើម​និយាយ​ឡើង​ទៀត​ដោយ​ហៅ​ឈ្មោះ​នាង​ចំ និង ថា បង​ ព្រោះ​តាំង​ពីដើម​មក​ ខ្ញុំ​ពុំ​ដែល​ហ៊ាន​ហៅ​ឈ្មោះ​នាង​ និង ថា បង​ដូច្នេះ​សោះ​) បង​បាន​ពិចារណា​រួច​អស់​ហើយ​ថា​ ខ្លួន​បង​ត្រូវ​តែ​រក​ផ្លូវ​សំរាប់សាង​អនា​គត​ បង​សំលឹង​មើល​ទៅ​ឃើញ​ នូវ ភារ​ដ៏​ធ្ងន់​ធ្ងរ​នៅ​ខាង​មុខ​បង​ តែ​បង​យល់​ថា បង​អាច​ នឹង ​ធ្វើ​បាន​ ប្រសិន​បើ​មាន​គូ​ជីវិត​ដ៏​ល្អ​ ហើយ​​គូជីវិត​នោះ​ បង​ពុំ​អាច​រក​អ្នក​ណា​ឲ្យ​បាន​ល្អ​ដូច​យូរ៉េត​ បាន​ដែរ​...។
- ចុះ​បង​បាន​រក​អស់​ហើយ​រឺ? (នាងយូរ៉េត​ ក៏​ចាប់​ផ្ដើម​ហៅ​ខ្ញុំ​ថា​បង​វិញ​ដែរ​)
- នៅ​! បង​នៅ​ពុំ​ទាន់​បាន​រក​នៅ​ឡើយ​ទេ។
- ចុះ​បង​ នឹង ដឹង​យ៉ាង​ម៉េច​បាន​ថា​ បង​ នឹង​ រក​ស្ត្រី​ល្អ​ជាង​អូន​ពុំ​បាន​?
- ទឹក​ចិត្ដ​បង​បាន​ប្រាប់​បង​ថា ​បង​ពុំ​អាច​រក​គូ​ជីវិត​ដែល​ល្អ​ដូច​អូន​យូរ៉េត​បាន​ទេ​ បង​ត្រូវ​លើក​ដំកើង​អូន​ទុក​ជា​ដួង​កែវ​ជីវិត​របស់​បង​ បង​សុំ​ប្រគល់​ជីវិត​របស់​បង​ឲ្យ​យូរ៉េត​ទាំង​ស្រុង​។

    នាង​យូរ៉េត​ លែង​និយាយ​អ្វី​ទៅ​ទៀត​។ នាង​សំលឹង​មើល​មុខ​ខ្ញុំ​ ដោយ​នេត្រា​ដែល​​មាន​ទឹក​ដក់​ជាប់​នៅ​ក្នុង​ត្របក​។ ប៉ុន្ដែ​ទឹក​ភ្នែក​នេះ​ មាន​ន័យ​ដូចម្ដេច​ ក៏​ពិបាក​ នឹង ​ដឹង​បាន​ដែរ​ ព្រោះ​ទឹក​ភ្នែក​ នៃ ស្ត្រី​ភេទ​ អាច​ប្រែ​សេច​ក្ដី​បាន​ច្រើន​យ៉ាង​ សូម្បី​ខ្លួន​នាង​ដែល​ជា​ឆ្មាំ​ទ្វារ​ស្រាប់​ ក៏​ពុំ​អាច​ដឹង​ដែរ​ ថា​ នៅ​ក្នុង​អាណាចក្រ​នោះ​មាន​អ្វី​ខ្លះ​ផង​? អ្នកណា​ជា​ម្ចាស់​ នៃ អាណាចក្រ​នោះ​?