វគ្គទី៣
ចួនជាជួប
ថ្ងៃសៅរ៍ ទី19ធ្នូ 2020.ម៉ោង 21:40

    យប់​នេះ​ខ្ញុំទទួលទាន​​ដំនេក​ពុំលក់​សោះ​ បើទុកជា​ខ្ញុំ​ខំ​ធ្មេច​ភ្នែក​យ៉ាង​ណា​ក៏​ដោយ​។ ខ្ញុំ​ចេះ​តែ​ស្រ​មៃ​ឃើញ​វង់​ភ័ក្ដ្រ​របស់​សុភាព​ស្ដ្រី​ ដែល​ខ្ញុំ​បានជួប​នៅ​អែ​អង្គ​តាសោម​កាល​ពី​ថ្ងៃ​ដែល​ហាក់​ដូច​ជា​មាន​អ្វី​មក​ជំរុញ​ចិត្ដ​ខ្ញុំ​អោយ​គិត​ថា នាង​ប្រហែល​ជា​មាន​ការ​អាថិ​កំបាំង​អ្វី​មួយ​នៅ​ក្នុង​ខ្លួន​... ខ្ញុំ​បាន​នឹក​ឃើញ​ជំលោះ​កាល​ពី​ថ្ងៃ ... ខ្ញុំ​ដណ្ដឹង​សួរ​ខ្លួន​អែង​ថា​ ខ្ញុំ​ជាប់​ចិត្ដ​ ជាប់​ថ្លើម​ស្រលាញ់​នាង​ឬ?​ ខ្ញុំ​ពុំ​អាច​ឆ្លើយ​ខ្លួន​អែង​បាន​ឡើយ​ ប្រ​សិន​បើ​ខ្ញុំ​ឆ្លើយ​ថា​ ខ្ញុំ​ស្រលាញ់​នាង​ ក៏​ដូច​ជា​ពុំ​សម​ ព្រោះ​ខ្ញុំ​គ្រាន់​តែ​បាន​ឃើញ​មុខ​នាង​ម្ដង​ប៉ុណ្ណោះ​ ពុំ​ទាន់​បាន​និយាយ​ស្ដី​ជា​មួយ​គ្នា​ផង​ តែ​បើ​ឆ្លើយ​ថា​ពុំ​ស្រលាញ់​ ក៏​ដូច​ជា​ពុំ​សម​ដែរ​ ព្រោះ​ខ្ញុំ​ចេះ​តែ​ស្រមៃ​ឃើញ​នាង​នៅ​ជាប់​ នឹង ភ្នែក​ជា​និច្ច​...

    ខ្ញុំ​ភ្ញាក់ពី​ដំណេក​ នៅ​ពេល​ដែល​ខ្ញុំ​បាន​លឺ​សំលេង​នាឡិ​កាភ្លេង​វាយ​ម៉ោង​ ៧។ ខ្ញុំ​គិត​ថា​ ខ្ញុំ​ទើប​តែ​ នឹង ​ធ្មេច​ភ្នែកលក់​តែ​មួយ​ស្រឡេត​ប៉ុណ្ណោះ​ ក៏​ស្រាប់​តែដល់​ពេល​ថ្ងៃ​រះ​ខ្ពស់​ណាស់​ទៅ​ហើយ​... ខ្ញុំ​ចាំ​បាច់​ត្រូវ​ស្ទុះ​ក្រោក​ឡើង​ពី​ដំណេក​យ៉ាង​ឆាប់​រហ័ស​ ដើម្បី​រៀប​ចំ​ខ្លួន​ប្រាណ​ទៅ​ធ្វើ​ការ​ ព្រោះ​ថ្ងៃ​នេះ​យឺត​ពេល​បន្ដិច​ទៅហើយ​...

    ក្នុង​ខណដែល​រថ​យន្ដហ្សីប​របស់​ខ្ញុំ​កំពុង​តែលូន​យ៉ាង​លឿន​តាម​រុក្ខ​វិថី​ព្រះ​សីហនុ​ ខ្ញុំ​ក៏​ដូច​ជា​នឹក​ស្រ​មៃ​ដល់​សុភាព​ស្ដ្រី​កាល​ពី​ម្សិល​មិញ​នោះ​ទៀត​។ ខ្ញុំ​ហាក់​ដូច​ជា​ភាំង​ស្មា​រតី​មួយ​ភ្លែត​ៗ​ ព្រោះ​តែ​នឹក​ស្រមៃ​នោះ​។

    នៅ​ពេល​ដែលរថ​យន្ដ​ឆ្លង​ផុត​មហា​វិថី​ព្រះ​មុនី​វង្ស​ ហើយ​សំដៅ​ទៅ​ទិស​ខាង​កើត​ តាម​ដង​វិថី​ព្រះ​សីហនុ​ដដែល​នោះ​ ខ្ញុំ​ហាក់​ដូច​ជា​ធ្លាក់​ថ្លើម​ក្ដុក​ ដោយ​រំភើប​ចិត្ដ​ ក្នុង​ពេល​ដែល​ខ្ញុំ​ចោល​ភ្នែក​ក្រ​លេក​មើល​តាម​ផ្លូវ​ខាង​ត្បូង​... ខ្ញុំ​បាន​ជួប​ប្រទះ​ នឹង នារី​ដែល​ខ្ញុំ​ស្រមៃ​ឃើញ​ ហើយ​ដែល​ខ្ញុំ​ពុំ​បាន​នឹក​នា​ថា​ នឹង ​បាន​ជួប​!... ខ្ញុំ​បាន​ឃើញ​នាង​ឈរ​នៅ​ត្រង់​ហោ​ណាំង​ផ្ទះ​ខាង​មុខ​ សំលឹង​មក​ខាង​ផ្លូវ​... ខ្ញុំ​ដូច​ជា​ពុំ​ចង់​ជឿ​ភ្នែក​ខ្លួន​អែង​... ខ្ញុំ​គិត​ថា​ក្រែង​ច្រលំទេ​ពុំ​ដឹង​ ព្រោះ​មនុស្ស​មាន​មុខ​មាត់​ស្រដៀង​ៗ​គ្នា​នោះ​ច្រើន​ណាស់​។ ខ្ញុំ​ពុំ​ច្រលំ​ទេ​ ព្រោះ​ភ្នែក​របស់​ខ្ញុំ​នៅ​ភ្លឺ​ល្មម​តែ​ស្គាល់​ច្បាស់​ មិន​តែ​ប៉ុណ្ណោះ​សោត​ រង្វង់​មុខ​ និង រាង​រៅ​របស់​នាង​ ខ្ញុំ​នៅ​ចាំ​បាន​ពិត​ប្រា​កដ​ណាស់​ ព្រោះ​តាំង​ពី​បាន​ឃើញ​នៅ​អង្គ​តាសោម​មក​នោះ​ ខ្ញុំ​ចេះ​តែ​ស្រ​មៃ​ឃើញ​នាង​ជាប់​ នឹង ​ភ្នែក​ជា​និច្ច​ ដែល​ជា​ហេតុ​ល្មម​តែ​ធ្វើ​អោយ​ខ្ញុំ​ច្រលំ​ពុំ​កើត​...

    ខ្ញុំ​ខំ​ចំណាំ​ផ្ទះ​របស់​នាង​ទុក​... ខ្ញុំ​ជឿ​ជាក់ថា​ ខ្ញុំ​អាច​ត្រលប់​មក​រក​ផ្ទះ​នាង​នេះ​ឃើ​ញ​ដោយ​អិត​ពិបាក​...
    ថ្ងៃ​នេះ​ពេញ​មួយ​ថ្ងៃ​ ខ្ញុំ​អង្គុយ​ធ្វើ​ការ​អន្ទះ​សា​ក្នុង​ចិត្ដ​។ ខ្ញុំ​ចេះ​តែ​ស្រមៃ​ឃើញ​នាង​ ហើយ​ចេះ​តែ​ចង់​ទៅ​រក​នាង​ ចង់​ទៅ​រក​នាង​ធ្វើ​អ្វី​? មាន​ការ​អ្វី? ខ្ញុំពុំអាច​ឆ្លើយ នឹង ខ្លួន​អែង​រួច​។ ទី​បំផុត​ ខ្ញុំ​បាន​សំរេច​ចិត្ដ​ថា​ ត្រូវ​តែ​ទៅ​រក​នាង​ ទៅ​រក​ដើម្បី​សុំ​ទោស​សុំ​ពៃរ៍​នាង​ចំពោះ​ហេតុ​ការណ៍​ដែល​កើត​ឡើង​កាល​ពី​ម្សិល​មិញ​។ ខ្ញុំ​គិត​ថា ​ការ​ដែល​ខ្ញុំ​ទៅ​សំ​ទោស​នាង​ដូច្នេះ​ ពុំ​មែន​ប្រែ​សេច​ក្ដី​ថា​ ខ្ញុំ​ រឺ​ មិត្រ​របស់​ខ្ញុំ​ មាន​កំហុស​អ្វី​ឡើយ​ តែ​ខ្ញុំ​គ្រាន់​តែ​ចង់​ទៅ​សុំ​ទោស​នាង​ថា​ ពុំ​គួរ​ជា​មាន​ការ​ឈ្លោះ​ទាស់​ទែង​គ្នា​របៀប​នេះ​កើត​ឡើង​សោះ​ ព្រោះ​ជា​ការ​គួរ​ខ្មាស​គេ​ជា​ទីបំផុត​។

    នៅ​ពេល​ដែល​ខ្ញុំ​កំពុង​អង្គុយ​ធ្វើការ​ដោយ​ចិត្ដ​អណ្ដែត​អណ្ដូង​នោះ​ ខ្ញុំ​ទទួល​ដំណឹង​ពិសេស​មួយ​ពី​សុខ សម្បូរ មិត្រ​សំលាញ់​របស់​ខ្ញុំ​ ដែល​ពុំ​ដឹង​ជា​គេ​ទៅ​ស៊ើប​សួរ​ដឹង​ពី​ណា​មក​។ គេ​បាន​និយាយ​ទូរ​ស័ព្ទ​មក​ប្រាប់​ខ្ញុំ​ថា ​បុរស​ដែល​មាន​រឿង​ឈ្លោះ​ទាស់​ទែង​គ្នា​ ជាមួយ​ នឹង គេ​កាល​ពី​ម្សិល​មិញ​នោះ​ ឈ្មោះ​ ស៊ឺ ជា​អនុសេនីទោ​ ហើយ​ជា​សេនា​ជំនិត​របស់​ ដាប ឈួន មែន អែសុភាព​ស្ដ្រី​នោះ​ឈ្មោះ​យូរ៉េត​ ជា​កូន​ចៅ​របស់​អ្នក​ស្រុក​ពួក​ ដែល​​ដាប​ ឈួន​ បាន​បញ្ជា​អោយ​ស៊ឺ ចាប់​ទាំង​អំណាច​យក​មក​ធ្វើ​ប្រពន្ធ​ចុង​ តែ​គាប់​ចួន​ជា​ពេល​នោះ​ ដាប ឈួន​ មាន​ជំងឺ​ជា​ទំងន់​ ត្រូវ​ដេក​ព្យា​បាល​រោគ​អែ​មន្ទីរ​ពេទ្យ​ (ពេល​នោះ​ ដាប​ ឈួន​ ធ្វើ​ជា​រដ្ឋ​មន្ដ្រី​ក្រសួង​សន្ដិ​សុខ​ជាតិ​) បាន​ជា ​ស៊ឺ​ នាំ​នាងយូរ៉េត​មក​រង់​ចាំង​ ដាប ​ឈួន ចេញ​ពី​មន្ទីរ​ពេទ្យ។

    កាល​បើ​បានទទួល​ដំណឹង​ដូច្នេះ​ហើយ​ ខ្ញុំ​ក៏​ចេះ​តែ​គិត​ដល់​សុភាព​នារី​នោះ​ខ្លាំង​ឡើង​ៗ...
    ខ្ញុំ​គិត​ថា​ ខ្ញុំ​ នឹង ​ទៅ​រក​នាង​ដោយ​ពុំ​ប្រាប់​អោយ​មិត្ដ​របស់​ខ្ញុំ​ដឹង​ ព្រោះ​ប្រសិន​បើ​ខ្ញុំ​ប្រាប់​ គេ​មុខ​ជា​សុំ​ទៅ​ជា​មួយ​ដែរ​ ហើយ​នាង​ក៏​ នឹង ​ពុំ​ពេញ​ចិត្ដ​ នឹង ​ជួប​បុរស​ដែល​ឈ្លោះ​ទាស់​ទែង​គ្នា​ នឹង បុរស​ដែល​នាង​ដើរ​ជា​មួយ​ ខ្ញុំ​ពុំ​ច្បាស់​ថា​ នាង​ត្រូវ​ជា​អ្វី​ នឹង ស័ក្ដិ​ពីរ​ ស៊ឺ​ នោះ​ដែរ​។ ខ្ញុំ​ជឿ​ជាក់​ថា​ ខ្ញុំ​អាច​ទៅជួប​ នឹង នាង​បាន​យ៉ាង​ងាយ​ ដោយ​ធ្វើ​អោយ​ហេតុ​ការណ៍​ទាំង​អស់​ប្រព្រឹត្ដ​ទៅ​ដោយ​សុវត្ថិ​ភាព​។​

    ល្ងាច​ថ្ងៃ​នោះ​ខ្ញុំ​បានជិះ​ត្រី​ចក្រយាន​ទៅ​ផ្ទះ​ដែល​នាង​ យូរ៉េត​ សំណាក់​នៅ​។ ស្រី​បំរើ​ម្នាក់​បាន​ចេញ​មក​អញ្ជើញ​ខ្ញុំ​អោយ​ចូល​ទៅ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​ ដែល​ជាបន្ទប់​តូច​តែ​ស្អាតស្អំ។ មួយ​ស្របក់​ក្រោយ​មក​ស្ដ្រី​ចាស់​ម្នាក់​ បែប​​ភាព​ជា​មនុស្ស​មាន​អធ្យា​ស្រ័យ​ល្អ​ចេញ​មក​ តែ​ពុំ​មែន​ជា​ស្ដ្រី​ចំណាស់​ ដែល​ខ្ញុំ​បាន​ឃើញ​អែ​អង្គ​តាសោម​ កាល​ពី​ម្សិល​មិញ​នោះ​ទេ។ ស្ដ្រី​នេះ​បាន​និយាយ​រាក់​ទាក់​មក​ខ្ញុំ​ ហាក់​ដូច​ជា​ធ្លាប់​បាន​ស្គាល់​គ្នា​មក​ជាយូរ​ហើយ​។​

- លោក​អញ្ជើញ​មក​មានការ​អី​?
- បាទ! ខ្ញុំ​មក​រក​នាង​យូរ៉េត​
- យូរ៉េត​ បាន​សន្យា​ឲ្យ​លោក​មកឬ?
- បាទ​ទេ! ពុំ​បាន​សន្យា​អី​ទេ​ គឺ​ខ្ញុំ​មក​ដោយ​ខ្លួន​អែង​ ព្រោះ​មាន​ការ​ចង់​ជួប​បន្ដិច​​
- លោក​ធ្លាប់​ស្គាល់​គ្នា​យូរ​ហើយ​ឬ?
- បាទ​ពុំ​ដែល​ស្គាល់​គ្នា​ទេ​ គឺ​ខ្ញុំ​ទើប​តែ​បាន​ឃើញ​នាង​ប៉ុណ្ណោះ​
- សុំ​ទោស​លោក​ យូរ៉េត​ នៅ​ខាង​ក្នុង​ សុំ​លោក​រង់​ចាំ​បន្ដិច​ ចាំ​ខ្ញុំ​ចូលទៅ​ហៅ​..
   (ស្ដ្រីចំណាស់​បែប​ ងឿង​ឆ្ងល់​ ក្រោយ​ដែល​បាន​លឺ​ខ្ញុំ​ថា ទើប​តែ​បាន​ឃើញ​តែ​ម្ដង​ប៉ុណ្ណោះ)

    និយាយ​ផុត​ពាក្យ​ ក៏​ក្រោក​ដើរ​ចូល​ទៅ​ខាង​ក្នុង​ផ្ទះ​។ ខ្ញុំ​អង្គុយ​ចាំ​ពុំ​យូរ​ប៉ុន្មាន​ នាង យូរ៉េត​ ក៏​ដើរ​ចេញ​មក​ជាមួយ​ នឹង ស្ដ្រី​ចំណាស់​អម្បាញ់​មិញ​នេះ​។ នាង​ដូច​ជា​ភ្ញាក់​ព្រើត​ ក្នុង​ពេល​ដែល​បាន​ក្រលេក​មើល​មក​ឃើញ​ខ្ញុំ​។ ខ្ញុំ​ក្រោក​ឡើង​ពី​កៅ​អី​ សំដែង​ការ​គោរព​ចំពោះ​នាង​។ នាង​។លើក​ដៃ​សំពះ​ខ្ញុំ​ ខ្ញុំ​ក៏​លើក​​ដៃ​សំពះ​តប​ទៅ​វិញ​។ នាង​ញញឹម​ញញែម​ដោយ​ទឹក​មុខ​ស្រស់បស់​។ ខ្ញុំ​ពុំ​បាន​បង្អង់​យូរ​ឲ្យ​ ខាត​ពេល​​ ពុំ​ចង់​ឲ្យ​នាង​ពិបាក​សាក​សួរ​ខ្ញុំ​មុន​ ខ្ញុំ​ក៏​ចាប់​ផ្ដើម​និយាយ​ឡើង​ប្រាប់​នាង​ភ្លាម​ថា ​ ខ្ញុំ​មក​សូម​អភ័យ​ទោស​ចំពោះ​រឿង​ហេតុ​ដែល​កើត​ឡើង​កាលពី​ម្សិល​មិញ​នោះ​។

- រឿង​នេះ​ជា​កំហុស​របស់​ពួក​នាង​ខ្ញុំ​ទេ (នាងនិយាយ​យ៉ាង​សុភាព​) ខ្ញុំ​ក៏​ពុំពេញចិត្ដ​ នឹង មាយាទ​អាក្រក់​របស់​លោក​ស័ក្ដិ​ពីរ​ហ្នឹង​ដែរ​។
- លោក​ស័ក្ដិ​ពីរ​នោះ​ត្រូវ​ជា​យ៉ាង​ម៉េច​ នឹង នាង​?
- ច៎ាស! អិត​ត្រូវ​ជា​យ៉ាង​ម៉េច​ នឹង ​នាង​ខ្ញុំ​ទេ​ គ្រាន់​តែ​ជា​​អ្នក​ជូន​ខ្ញុំ​ទៅ​លេង​កែប​ប៉ុណ្ណោះ​។
- ខ្ញុំ​ដឹង​ថា​ អ្នក​នាង​នៅ​សៀមរាប​ តែ​ពុំ​ដឹង​ជា​ពិត​ រឺ ពុំ​ពិត​ទេ​
- ច៎ាស​លោក! ខ្ញុំ​នៅ​សៀម​រាប​មែន​ សៀម​រាប​ដែល​ពោរ​ពេញដោយ​ការ​អាភ័ព្វ​
   - អត់​ទោស​អ្នក​នាង​! (ខ្ញុំ​សួរ​ដោយ​ប្លែក​ក្នុង​ចិត្ដ​ ខណ​ដែល​បាន​លឺ​ពាក្យ​សំដី​ និង អាការ​របស់​នាង​ដែល​សំដែង​ថា​ នាង​ពេញ​ចិត្ដ​និយាយ​ជា​មួយ​ខ្ញុំ​) អ្នក​ស្រុក​សៀម​រាប​អាភ័ព្វ​យ៉ាង​ម៉េច​ទៅ​?
   - លោក​គិត​មើល​ចុះ​ សម័យ​ដែល​ប្រ​ទេស​ខ្មែរ​បាន​ឯក​រាជ្យ​ដោយ​សារ​ព្រះ​បាទ​សម្ដេច​ព្រះនរោ​ត្ដមសីហ​នុ​ប្រ​ជា​រាស្ដ្រ​ខ្មែរ​ទួ​ទាំង​ប្រទេស​ គេ​មានសិទ្ធិ​សេរី​ភាព​គ្រប់​ៗ​គ្នា​នោះ​ អ្នក​ស្រុក​សៀម​រាប​ គ្មាន​សិទ្ធិ​សេរី​ភាព​អ្វី​ទាល់​តែ​សោះ​ អ្នក​ទាំង​អស់​គ្នា​សុទ្ធ​តែ​ត្រូវ​ដាំ​ដើម​គ។
    សូម្បី​ការ​សន្ទនា​គ្នា​យ៉ាង​សោះ​អង្គើយ​ ហើយ​គ្មាន​ខ្លឹម​សារ​អ្វី​ក៏​ដោយ​ ក៏​ខ្ញុំ​ពេញ​ចិត្ដ​ណាស់​ ព្រោះ​ខ្ញុំ​បាន​ទទួល​ នូវ ​បដិ​សណ្ឋារ​យ៉ាង​ប្រ​ពៃ​ ពី​នាង ​យូរ៉េត​ ។ ខ្ញុំ​បាន​សុំ​អភ័យ​ទោស​នាង​អំពី​រឿង​ហេតុ​កាល​ពី​ម្សិល​មិញ​ម្ដង​ទៀត​ តែ​នាង​ឆ្លើយ​ថា​ នាង​គ្មាន​គិត​អ្វី​វែង​ឆ្ងាយ​ដល់​រឿង​នោះ​ឡើយ​។
- អ្នក​នាង​ប្រហែល​ជា​នៅ​លេង​ភ្នំពេញ​យូរ​ទៅ​ទៀត​? (ខ្ញុំ​សួរ​)
- ច៎ាសលោក! ខ្ញុំ​ជិត​ត្រលប់​ទៅ​ស្រុក​វិញ​ហើយ​​
- ទេស​ភាព​សៀម​រាប​ អីលូវ​ប្រហែល​ល្អណាស់​មើល​​ទៅ​?
    នាង​សើច​ពុំ​ឆ្លើយ​ថាអ្វី​។ ខ្ញុំ​ប្រែ​សេចក្ដី​នៃ​សំណើច​របស់​នាង​ថា​ ប្រហែល​ជា​នាង​ពុំ​ចង់​និយាយ​ច្រើន​ពេក​ទេ​មើល​ទៅ​,
   - ខ្ញុំ​ខាន​បាន​ឃើញ​សៀមរាប​ពីរ​ឆ្នាំ​មក​ហើយ​ (ខ្ញុំ​និយាយ​ត​ទៅ​ទៀត​ ដោយ​សង្ឃឹម​ថា នឹង​ ធ្វើ​ឲ្យ​ការ​សន្ទនា​គ្នា​បាន​វែង​ត​ទៅ​ទៀត​)។
- ច៎ាស! អីលូវ​នេះ​មានការ​ប្លែក​ជាង​ពីរ​ដើម​ខ្លះ​ដែរ​
- ខ្ញុំ​ចង់​ទៅលេង​សៀម​រាប​ណាស់​ដែរ​ឆ្នាំ​នេះ​ ហើយ​ បើ​មាន​វាសនា ខ្ញុំ​មុខ​ជា​បាន​ជួប​ នឹង អ្នក​នាង​ទៀត​ពុំ​ខាន។
    នាង​សើច​ម្ដង​ទៀត​ ហើយ​ពុំ​ឆ្លើយ​ថា​អ្វី​។ សំណើច​ និង ​ការ​គ្មាន​ឆ្លើយ​អ្វី​នេះ​ បាន​សេចក្ដី​យ៉ាង​ណា​នោះ​ ខ្ញុំ​ក៏​ពិបាក​ នឹង យល់​បាន​។ ប៉ុន្ដែ​យ៉ាង​ណា​ក៏​ដោយ​ចុះ​ ខ្ញុំ​បាន​ពិនិត្យ​មើល​នាង​ តាំង​ពី​ដើម​មក​ហើយ​ គឺ​តាំង​ពី​ឃើញ​នាង​នាង​នៅ​អង្គ​តាសោម​ ឃើញ​ថា​នាង​មាន​អាថិ​កំបាំង​អ្វី​ម្យ៉ាង​នៅ​ក្នុង​ខ្លួន​ជា​ពុំ​ខាន​...
- អ្នក​នាង​ នឹង ត្រលប់​ទៅ​សៀមរាប​វិញ​ថ្ងៃ​ណា?
- ច៎ាស ប្រហែលពីរ​អាទិត្យ​ទៀត​
   - អ្នក​នាង​! ប្រសិន​បើ​ខ្ញុំ​មក​ជួប​ នឹង អ្នក​នាង​ម្ដង​ទៀត​ មុន​ពេល​ដែល​នាង​ត្រលប់​ទៅ​ស្រុក​វិញ​ តើ​មេត្ដា​បាន​ឬ​ទេ?

    នាង​សើច​ទៀត​ ហើយ​ពុំ​ឆ្លើយ​ថា​អ្វី​ដូច​មុន​។ ខ្ញុំ​គិត​ថា​ កិច្ច​ការ​របស់​ខ្ញុំ​ក្នុង​ថ្ងៃ​នេះ មុខ​ជា​ពុំ​បាន​សំរេច​លទ្ធ​ផល​អ្វី​ឡើយ​។ ប៉ុន្ដែ​ទោះ​បី​យ៉ាង​ណា​ក៏​ដោយ​ ខ្ញុំ​ក៏​គួរ​អរ​គុណ​ នឹង នាង​ ក្នុង​ការ​ដែល​ខ្ញុំ​បាន​មក​រក​នាង​ ហើយ​បានទទួល​ នូវ ការ​រាក់​ទាក់​ពី​នាង។ ខ្ញុំ​គិត​ថា​ ជា​ការ​ធម្មតា​ដែល​ខ្ញុំ​ពុំ​គួរ​ នឹង ​សង្ឃឹម​អ្វី​ឲ្យ​ជ្រុលពេក​ទេ​ក្នុង​គ្រា​ដំបូង​នេះ​។ ខ្ញុំ​បាន​លា​នាង​ត្រលប់​ទៅ​ផ្ទះ​វិញ​។ ក្នុង​ពេល​នោះ​ ស្រាប់​តែ​រថ​យន្ដ​មួយ​បាន​មក​ឈប់នៅ​មុខ​ផ្ទះ​ហើយ​បុរស​ម្នាក់​បាន​ចុះ​ពី​រថ​យន្ដ​ដើរ​ចូល​មក​ក្នុង​ផ្ទះ​។

    ខ្ញុំនៅ​ចាំច្បាស់​ថា​ បុរស​នេះ​ហើយ​ដែល​ទាស់​ទែង​គ្នា​ នឹង មិត្រ​សំលាញ់​របស់​ខ្ញុំ​នៅ​អង្គ​តាសោម​។ ខ្ញុំ​មើល​ចំ​មុខ​របស់​គេ​ ឃើញ​ស្នាម​ជាំ​នៅ​ត្រង់​រង្វង់​ភ្នែក​ស្ដាំ​នៅ​ឡើយ​ ហើយ​ស្នាម​ជាំ​នេះ​ហើយ​ ដែល​មិត្រ​សំលាញ់​របស់​ខ្ញុំ​បាន​ដាក់​មេរៀន​ឲ្យគេ​ (លទ្ធល​ផល​ នៃ​ ស្នូរផាច់​លើក​ទី​២​)។

   នាង​យូរ៉េត​ បាន​និយាយ​ណែ​នាំ​បុរស​នេះ​ឲ្យ​ស្គាល់​ខ្ញុំ​។
- ខ្ញុំ​មក​សុំ​ទោស​​ក្នុង​ការ​ទាស់​ទែង​ខ្វែង​គំនិត​គ្នា​របស់​ពួក​ម៉ាក​ខ្ញុំ​កាល​ពី​ម្សិល​មិញ។
- ខ្ញុំ​មិន​ចង់​មាន​រឿង​អី​ដែរ​ បើ​ខ្ញុំ​ទប់​មិន​បាន​ ប្រហែល​ជា​ខ្ញុំ​សំលាប់​ពួក​ម៉ាក​លោក​ចោល​ទៅ​ហើយ​។
    ខ្ញុំ​គិត​ថា​បុរស​នេះ​ ដូច​ជា​អួត​អាង​សម្បើម​។ សំដី​ដែល​គេ​និយាយ​ បែប​ភាព​ដែល​គេ​សំដែង​ចេញ​មក​ សុទ្ធ​តែ​ជា​ការ​អួត​អាង​ទាំង​អស់​។ ខ្ញុំ​ប្រមាណ​មើល​ទៅ​ថា​ បុរស​នេះ​ដូច​ជា​ពុំសូវ​ត្រូវ​និស្ស័យ​គ្នា​ នឹង ខ្ញុំ​។
- លោក​ធ្វើការ​អ្វី​? (បុរស​នោះ​សួរ​ខ្ញុំ​)
- បាទ​គ្មាន​ការ​អ្វី​ទេ​ ខ្ញុំ​ជា​អ្នករក​​ទទួល​ទាន​ធម្មតា​ (ខ្ញុំ​ឆ្លើយ​កុហក​ ព្រោះ​ខ្ញុំ​គិត​ថា ពុំចង់​ឲ្យ​បុរស​នេះ​ដឹង​ដល់​មុខការ​របស់​ខ្ញុំ​ ហើយ​ពេល​នោះ​ខ្ញុំ​ក៏​ស្លៀកពាក់​ជា​ជន​ធម្មតា​សាម័ញ្ញ​ ដែល​ល្មម​គេ​ជឿ​បាន​​)។
    ខ្ញុំ​​ស្មាន​ពុំ​ខុស​។ បុរស​រូប​នេះ​ ពុំ​ត្រូវ​និស្ស័យ​គ្នា​ នឹង ​ខ្ញុំ​សោះ​ឡើយ​ ព្រោះ​គ្រាន់​តែ​ជួប​គ្នា​មួយ​ភ្លែត​ប៉ុណ្ណោះ​គេ​ហ៊ាន​សួរ​ដល់​មុខ​ការរបស់​ខ្ញុំ​ទៅ​ហើយ​។
   ខ្ញុំ​ត្រេះ​ត្រុះ​ចង់​លា​គេ​ តែ​នាង​ យូរ៉េត​ និយាយ​ប្រាប់​បុរស​នោះ​ថា ខ្ញុំ​ចង់​ទៅ​លេង​សៀម​រាប​ដែរ​។
    - បបួល​ពួក​ម៉ាក​លោក​ទៅ​លេង​ផង ហើយ​លោក​ចាំ​មើលថា​ តើ​គេ​អាច​ត្រលប់​មក​វិញ​បាន​ឬ​មិន​បាន​ ប្រសិន​បើ​គេ​ហ៊ាន​ឈាន​ជើង​ទៅ​ជាន់​សៀម​រាប​មែន​ គេ​មុខ​ជា​ស្គាល់​ស្នា​ដៃ​យើង​វិញ​ហើយ​។
    គ្រា​នេះ​ខ្ញុំ​សើច​... ការ​ដែល​ខ្ញុំ​សើច​នេះ​ គឺ​សើច​បន្លប់​ដោយ​ពុំ​ឆ្លើយ​ថា​អ្វី​។ ខ្ញុំ​ក្រោក​ឈរ​ឡើង​ងក់​ក្បាក​គោរព​គេ​ហើយ​លា​គេ​ តែ​គេ​អិត​មាន​គោរព​ខ្ញុំ​វិញ​សោះ​ឡើយ​ គេ​អង្គុយ​ធ្វើ​ព្រ​ងើយ​ដូច​ដើម​។ បែប​ភាព​រិក​ពារ​របស់​គេ​យ៉ាង​នេះ​ ខ្ញុំ​នឹក​ក្នុង​ចិត្ដ​ថា​ ជា​ការ​សម​មុខ​វា​ណាស់​ហើយ​ដែល​មិត្ដ​សំលាញ់​ខ្ញុំ​ បាន​ដាក់​មេរៀន​ឲ្យ​វា​ទាល់​តែ​នៅ​មាន​ស្នាម​ជាំ​ភ្នែក​នោះ​។
នាង​យូរ៉េត​ បាន​ជូន​ខ្ញុំ​ចេញ​មក​ដល់​មាត់​ទ្វារ​។
- សុំ​​ឲ្យមាន​វាសនា​ជួប​ នឹង ​នាង​ម្ដង​ទៀត​(ខ្ញុំ​និយាយ​តិច​ៗ​ ដោយ​ជឿ​ជាក់​ថា​ ពុំ​លឺ​ដល់​បុរស​នោះ​ឡើយ​)។
នាង​ញញឹម​ហើយ​ងក់​ក្បាល​ដាក់​ខ្ញុំ។
- ខ្ញុំ​អាច​មក​ជួប​ពេល​ណា?
- ច៎ា​ស!.. ល្ងាចស្អែក​​
   ខ្ញុំ​ដូច​ជា​នឹក​អរ​ព្រួច​។ សេច​ក្ដី​សង្ស័យ​កាល​អម្បាញ់​មិញ​ថា​ កិច្ច​ការ​របស់​ខ្ញុំ​ក្នុង​ថ្ងៃ​នេះ​ ពុំ​បាន​លទ្ធ​ផល​អ្វី​នោះ​ អីលូវ​មើល​ទៅ​ដូច​ជា​មានសង្ឃឹម​ខ្លះ​ឡើង​វិញ​ ព្រោះ​នាង​ព្រម​ឲ្យ​ខ្ញុំ​មក​ជួប​ម្ដង​ទៀត​។
   ខ្ញុំ​បាន​ធ្វើ​ដំណើរ​ត្រលប់​ទៅ​ផ្ទះ​វិញ​។ ក្នុង​ពេល​ត្រលប់​ទៅ​ផ្ទះ​វិញ​នេះ​ ខ្ញុំ​ចេះ​តែ​គិត​សាំ​ញ៉ាំ​ក្នុង​ចិត្ដ​ថា​ ខ្ញុំ​គួរ​ប្រាប់​មិត្ដ​របស់​ខ្ញុំ​ឲ្យ​ដឹង​​ឬ​ទេ​ អំពី​ការ​ដែល​ខ្ញុំ​បាន​ទៅ​ជួប​នឹង​នាង​ យូរ៉េត​ នោះ​? ខ្ញុំ​គិត​ពុំ​ដាច់​ស្រេច​ទាល់​តែ​ត្រី​ចក្រ​យាន​បាន​នាំ​ខ្ញុំ​ទៅ​ដល់​ផ្ទះ​​។ ប៉ុន្ដែ​ខ្ញុំ​ដូច​ជា​នឹក​ត្រេក​អរ​ជា​ខ្លាំង​ថា​ខ្ញុំ​ដូច​ជា​មាន​សង្ឃឹម​អ្វី​ម្យ៉ាង​នៅ​ក្នុង​ចិត្ដ​។
   លុះ​គិត​យូរៗ​ទៅ​ ខ្ញុំ​បាន​សំរេច​​ចិត្ដ​ថា​ គួរ​តែ​ប្រាប់​រឿង​នេះ ឲ្យ​មិត្ដ​សំលាញ់​របស់​ខ្ញុំ​បាន​ដឹង​ ក្រែង​គេ​ចង់​ទៅ​ស្គាល់​ផ្ទះ​របស់​នាង​ដែរ​ ហើយ​ម្យ៉ាង​ទៀត​ខ្ញុំ​គិត​ថា​ ខ្ញុំ​ដូច​ជា​កំពុង​បាន​ជួប​ប្រទះ​ នូវ​ រឿង​រ៉ាវ​អាថិ​កំបាំង​បិទ​មុខ​អ្វី​ម្យ៉ាង​ទៀត​។​
   គាប់​ជួន​ពេល​នោះ​ សុខ សម្បូរ ក៏​បាន​មក​លេង​ផ្ទះ​ខ្ញុំ​។ ខ្ញុំ​បាន​និយាយ​រឿង​រ៉ាវ​នោះ​​ប្រាប់​គេ​ទាំង​អស់​​។
- គ្នា​ត្រេក​អរ​ណាស់​ដែល​អែង​ចេះ​ទៅ​រក​ឃើញ​។
- ការ​ដែល​គ្នា​ពុំ​បបួល​អែង​ទៅ​នោះ​ មក​ពី​គ្នា​គិត​ថា អែ​ជា​មនុស្ស​ចិត្ដ​ខ្លាំង​ ក្រែង​លោ​ទៅ​មាន​រឿង​ នឹង គេ​ទៀត​។
   ខ្ញុំ​ពុំ​បាន​ប្រាប់​អំពី​ពាក្យសំដី​ដែល​ស័ក្ដិ​២ ស៊ឺ​ និយាយ​ដល់​មិត្ដ​សំលាញ់​ខ្ញុំ​ឡើយ​ ព្រោះ​ក្រែង​មាន​រឿង​ធំ​ដុំ​កើត​ឡើង​ទៀត​។ ខ្ញុំ​គ្រាន់​តែ​ប្រាប់​ថា​ ខ្ញុំ​ នឹង​ ទៅ​ជួប​នាង​យូរ៉េត​ នៅ​ល្ងាច​ថ្ងៃ​ស្អែក​ទៀត​ប៉ុណ្ណោះ​។ ដំបូង​ខ្ញុំ​គិត​ក្រែង​គេ​សុំ​ទៅ​ដែរ​ តែ​គេ​មាន​សុជីវធម៌​​ល្អ​ល្មម​តែ​ពុំ​ធ្វើ​ដូច្នោះ​...
   ពេល​ល្ងាច​នៃ​​ថ្ងៃ​មួតទៀត​ ខ្ញុំ​បាន​ទៅ​ដល់​ផ្ទះ​នាង​យូរ៉េត​ ដោយ​រថ​យន្ដ​។ ខ្ញុំ​គិត​ថា​ប្រសិន​បើ​ខ្ញុំ​អាច​បបួល​នាង​ដើរ​លេង​បាន​នោះ​ ក៏​ជា​លាភ​ដ៏​ប្រសើរ​របស់​ខ្ញុំ​។
   ខ្ញុំ​ពុំនឹក​ស្មាន​ថា​ ខ្ញុំ​ នឹង ​បាន​សំរេច​បំណង​ដល់​ទៅ​ម៉្លោះ​ឡើយ​​... ខ្ញុំ​ដូច​ជា​នឹក​ប្លែក​ក្នុង​ចិត្ដ​ជា​ខ្លាំង.. ពេល​ដែល​ខ្ញុំ​ទៅ​ដល់​ នាង​យូរ៉េត​អង្គុយ​ចាំ​ខ្ញុំ​នៅ​ខាង​មុខ​ផ្ទះ​ ជាមួយ​នឹង​ ស្ដ្រី​ចំណាស់​ដែល​ខ្ញុំ​បាន​ឃើញ​ពី​ម្សិល​មិញ​។
- លោក​មាន​ការ​ទៅ​ណា​ទៀត​ដែរ​ឬ? (នាងសួរ​ខ្ញុំ​)
- បាទ! គ្មានទេ​មករក​នាង​ប៉ុណ្ណោះ​។
- បើ​អញ្ចឹង​យើង​គិត​ជិះ​ឡាន​លេង​បន្ដិច​...
   ខ្ញុំ​គិត​ថា​ ខ្ញុំ​យល់​សប្ដិ​ទេ​ដឹង​... ខ្ញុំ​មាន​វាសនា​ដល់​ទៅ​ពុំ​គួរ​ជឿ​... អម្បាញ់​មិញ​នេះ​ ខ្ញុំ​នឹក​ថា​ ប្រសិន​បើ​ខ្ញុំ​អាច​បបួល​នាង​ដើរ​លេង​បាន​នោះ​ ក៏​ជា​លាភ​ដ៏​ប្រសើរ​របស់​ខ្ញុំ​... អី​លូវ​នេះ​ លាភ​នោះ​បាន​មក​ដល់​មែន​ ដោយ​ខ្ញុំ​ពុំ​បាន​នឹក​ស្មាន​ថា​ នឹង ​ដល់​ម្ល៉ឹង​សោះ​... ខ្ញុំ​បាន​ប្រាប់​នាង​តាម​ហូរ​ហែ​ហើយ​បន្ថែម​ថា​ ខ្ញុំ​ត្រេក​អរ​ណាស់​ក្នុង​ការ​ដែល​ខ្ញុំ​មាន​វាសនា​បាន​ដើរ​លេង​ជាមួយ​នាង..
   យើង​នាំ​គ្នា​ឡើង​ជិះ​រថ​យន្ដ​។ ពេល​នេះ​ ខ្ញុំ​នឹក​សរ​សើរ​វាសនា​ខ្លួន​អែង​ម្ដង​ទៀត​ថា ខ្ញុំ​មាន​វាស​នា​ល្អ​ណាស់​​.. នាង​យូរ៉េត​ បើក​ទ្វារ​រថ​យន្ដ​ខាង​មុខ​ ហើយ​ចូល​មក​អង្គុយ​ទន្ទឹម​នឹង​ខ្ញុំ​ ហើយ​ស្ដ្រី​ចំណាស់​នោះ​អង្គុយ​នៅ​ខាង​ក្រោយ​​។
   រថ​យន្ដ​របស់​យើង​បាន​លូន​ចេញ​ពីទី​នោះ​ សំដៅ​ទៅ​ទិស​ខាង​កើត​។ នាង​បាន​សួរ​ខ្ញុំ​ថា៖
- យើង​គិត​ទៅ​លេង​អែ​ណា?
    គិត​ទៅលេង​តាម​ផ្លូវ​ទៅ​កំពង់​ស្ពឺ​ ព្រោះ​កន្លែង​នោះ​មាន​ទេស​ភាព​ និង អាកាស​ល្អ។
- លោក​ចូល​ចិត្ដ​ទេស​ភាព​ និង អាកាស​ល្អ​ដែរ​រឺ​ទេ?
- ខ្ញុំ​បូជា​របស់​បល្អ​បរិសុទ្ធ​ណាស់​ ពុំ​ថា​ជា​ទី​កន្លែង​ ឬ ជា​មនុស្ស​ទេ។
    នាង​ពុំ​និយាយ​ថា​អ្វី​តទៅ​ទៀត​។ ខ្ញុំ​ចេះ​តែ​បើក​រថ​យន្ដ​ទៅ​មុខ​ ដោយ​បត់​តាម​មហា​វិថី​ព្រះ​បាទ​នរោ​ត្ដម​ ហើយ​ចេញ​តាម​ផ្លូវ​ពោធិ​ចិន​តុង​។​
   - ខ្ញុំ​បាន​សន្យា​ឲ្យលោក​មក​ជួប​ថ្មើរ​នេះ​ (នាង យូរ៉េត និយាយ​ក្នុង​ខណ​ដែល​រថ​យន្ដ​បាន​លូន​ចេញ​ផុត​ពី​ទី​ក្រុង​) ព្រោះ​ពុំ​ចង់​ឲ្យ​លោក​ជួប​ នឹង​ លោក​ស័ក្ដិ​ពីរ​ បើ​ជួប​ទៅ​យើង​មុខ​ជា​ដើរ​លេង​ពុំ​បាន​ទេ​។​​
    - ការ​នេះ​ ជា​វាសនា​ល្អ​របស់​ខ្ញុំ​ណាស់​ហើយ​។ ខ្ញុំ​គិត​ថា​ ការ​ដែល​ខ្ញុំ​សង្ឃឹម​ហើយ​ដែល​ធ្វើ​អោយ​ខ្ញុំ​សប្បាយ​ចិត្ដ​ជា​ទី​បំផុត​នោះ​ គឺ​នាង​ យូរ៉េត​ ពេញ​ចិត្ដ​ជួប​ នឹង ខ្ញុំ​ ដោយ​ពុំ​ចង់​អោយ​លោក​ស៊ឺ​ឃើញ​ ការ​នេះ​មាន​សារសំ​ខាន់​ ព្រោះ​នាង​បាន​អោយ​កិត្ដិយស​ដ៏​ខ្ពង់​ខ្ពស់​ដល់​រូប​ខ្ញុំ​... សំដី​សំដៅ​សុភាព​រម្យ​ទម​ និង សេចក្ដី​ក្លាហាន​របស់​នាង​ ដែល​ហ៊ាន​ជិះ​រថ​យន្ដ​ជា​មួយ​ខ្ញុំ​ នៅ​ពេល​ដែល​នាង​ទើប​តែ​ស្គាល់​ខ្ញុំ​ក្នុង​វេលា​ពី​របី​ថ្ងៃ​ប៉ុណ្ណោះ​ បាន​បញ្ជាក់​អោយ​ឃើញ​ថា នាង​យូរ៉េត​ មាន​គំនិត​ចាស់​ទុំ​... ខ្ញុំ​ពិបាក​ស្មាន​ថា​ នាង​មាន​អាយុ​ប៉ុន្មាន​? ប៉ុន្ដែ​ពាក្យ​សំដី និង កិរិយា​រិក​ពា​របស់​នាង​ បាន​បង្ហាញ​អោយ​ខ្ញុំ​គិត​ថា​​ នាង​ជា​មនុស្ស​ម៉ត់​ចត់​ល្អិត​សុខុម​... ខ្ញុំ​គិត​ថា​ ការ​ដែល​នាង​ហ៊ាន​ដើរ​លេង​ជា​មួយ​នឹង​ខ្ញុំ​នេះ​ ក៏​ប្រហែល​ជា​នាង​បាន​សំគាល់​ថា​ ខ្ញុំ​ជា​មនុស្ស​រម្យ​ទម​ទុក​ចិត្ដ​បាន​ ហើយ​ម្យ៉ាង​ទៀត​ប្រហែល​ជា​នាង​ជឿ​ជាក់​ខ្លួន​អែង​ថា​ មុខ​ជា​គ្មាន​បុរស​ណា​មួយ​ហ៊ាន​ប្រព្រឹត្ដ​ល្មើស​លើស​លស់​លើ​រូប​នាង​បាន​ឡើយ​។
    យើង​បានទៅ​ដល់​ខាង​លិច​បែក​ចាន​... យើង​បាន​បញ្ឈប់​រថ​យន្ដ​នៅ​ទី​នោះ​..
    មេឃ​ស្រឡះ​អាកាស​ល្អ... នាង​យូរ៉េត​ ក៏​ល្អ​ប្រហែល​គ្នា​នឹង​បុប្ផា​ ដែល​ទើប​ នឹង រីក​ឡើង​សម្បុរ​ស​ សាច់​ម៉ដ្ឋ​អាច​បញ្ចេញ​នូវ​លំ​អរ​ស្រស់​បំ​ព្រង​ ដើយ​ពុំ​ចាំ​បាច់​តុប​តែង​ប៉ុន្មាន​ នាង​ស្លៀក​ពាក់​សម​សួន​ នឹង ​រិកពា​សុភាព​របស់​នាង​ សភាព​ស​ម៉ដ្ឋ​ នៃ ពណ៌​របស់​នាង​ បាន​ធ្វើ​អោយ​ខ្ញុំ​ទ្រាំ​ពុំ​សំលឹង​មើល​ពុំ​បាន​...
    ព្រះ​អាទិត្យ​កំពុង​រៀប​អស្ដង្គត​នៅ​ទិសបស្ចឹម​ ដោយបញ្ចេញ​រស្មី នូវ​ ពណ៌​ក្រហម​ឆ្អៅ​ មក​ប៉ះ​ត្រូវ​រាង​កាយ​របស់​នាង​យូរ៉េត​... ពណ៌សម្បុរ​សាច់របស់​នាង​ក្នុង​ពេល​នេះ​ មើល​ទៅ​ហាក់​ដូច​ជា​ មាន​ដួង​ព្រះ​អាទិត្យ​ជ្រែក​ចូល​ទៅ​ក្នុង​រាង​កាយ​របស់​នាង​ ស្ទើរ​តែ​ នឹង ឆ្លុះ​អោយ​ឃើញ​ នូវ សរសៃ​ទាំង​អស់​ ដែល​កំពុង​តែ​មាន​ឈាម​រត់​ចុះ​ឡើង​ពេញ​សព៌ាង្គ​កាយ​...​
    - ខ្ញុំ​គិត​ថា​ ទេស​ភាព​អង្គ​រនៅ​ពេល​ថ្មើរ​នេះ​ល្អ​ជាង​នេះ​ទៅ​ទៀត​ (ខ្ញុំ​ផ្ដើម​និយាយ​ឡើង) បើ​ខ្ញុំ​មាន​វាសនា​ ខ្ញុំ​មុខ​ជា​បាន​ជួប​អ្នក​នាង​នៅ​ទី​នោះ​ពុំ​ខាន​។
    - ខ្ញុំ​គិត​ថា បើ​ទុក​ជា​លោក​អញ្ជើញ​ទៅ​ ក៏​ខ្ញុំ​ពុំ​អាច​ជូន​នូវ​ការ​សប្បាយ​រីក​រាយ​ដល់​លោក​បាន​ដែរ​មើល​ទៅ​។
   - អ្នក​នាង​គិត​ថា​ ខ្ញុំ​គួរ​មាន​វាសនា​បានទៅ​លេង​ដែរ​ រឺ ទេ?
    - មើលទៅ​ដូច​ជា​គ្មាន​ទាស់​ខុស​អ្វី​ដែរ​ តែ​ក្រែង​ខ្ញុំ​ពុំ​អាច​ជូន​នូវ​ការ​សប្បាយ​រីក​រាយ​ដល់​លោក​បាន​។
    - រឿង​នេះ​ពុំ​ជា​សំខាន់​អី​ទេ​ ខ្ញុំ​ត្រូវ​ការ​តែ​ម្យ៉ាង​ គឺ​ចង់​ទៅ​ជួប​ នឹង ​អ្នក​នាង​ ហើយ​នាំ​គ្នា​ដើរ​មើល​ទេសភាព​លេង​តែ​ប៉ុណ្ណោះ​។
- ចាំ​មើល​ ខ្ញុំ​គិត​មើល​បន្ដិច​សិន​លោក​។
- មាន​បញ្ហា​ស្មុគ្រ​ស្មាញ​ពិបាក​អី​ឬ?
- ប្រសិនបើ​មាន​ ក៏​ជា​បញ្ហា​ផ្ទាល់​ខ្លួន​ខ្ញុំ​តែ​ប៉ុណ្ណោះ​។
    ជោគ​វាសនា​បាន​ជួយ​ខ្ញុំ... ខ្ញុំ​គិត​ថា​ ការ​ដែល​នាង​យូរ៉េត​ បាន​និយាយ​ដោយ​ទឹក​មុខ​ញញឹម​យ៉ាងនេះ​ ជា​ការ​សំដែង​ឲ្យ​ឃើញ​ថា នាង​បាន​បើក​ផ្លូវ​ឲ្យខ្ញុំ​សាក​សួរ​រឿង​រ៉ាវ​ក្នុង​ជីវិត​របស់​នាង​។
- ខ្ញុំ​សង្កេត​ឃើញ​ថា​ អ្នកនាង​ដូច​ជា​មាន​អាថិ​កំបាំង​អី​ម្យ៉ាង​កប់​ក្នុង​ខ្លួន​មែន​ឬ​ទេ?
- ស្អី​ដែល​ធ្វើ​អោយ​លោក​សង្កេត​ឃើញ​យ៉ាង​ហ្នឹង​?
   - ខ្ញុំ​សង្កេត​ឃើញ​អ្នក​នាង​ តាំង​ពី​ពេល​បាន​ជួប​អ្នក​នាង​ជា​គ្រា​ដំបូង​ មើល​ទៅ​បែប​ភាព​អ្នក​នាង​ ដូច​ជា​ពុំ​សូវ​មាន​ការ​សប្បាយ​​រីក​រាយ​ក្នុង​ជីវិត​សោះ​!
   - លោក! ពិភព​លោក​ ជា​កន្លែង​ដែល​យើង​ពុំ​គួរ​សប្បាយ​រីក​រាយ​សោះ​ ពុំ​ដូច្នោះ​ឬលោក​?
   - ខ្ញុំ​ធ្លាប់​បាន​គិត​មក​ថា ពិភព​លោក​ទុក​ដូច​ជា​ផ្ទាំង​កញ្ចាក់​មួយ​សំរាប់​ឆ្លុះ​មើល​មុខ​យើង​ បើយើង​សើច​ ពិភព​លោក​ក៏​សើច​តាម​ បើ​យើង​យំ​ ពិភព​​លោក​ក៏​យំ​តាម​យើង​ដែរ​។​
   - ខ្ញុំ​ធ្លាប់​បាន​គិត​មក​ថា​ អញ្ចឹង​ដែរ​ តែ​ចួន​កាល​ខ្ញុំ​ខំ​ត្រដរ​សើច​ពុំ​កើត​សោះ​ ព្រោះ​អី​ជីវិត​ជា​ធម្មជាតិ​ពិបាក​ណាស់​។
   - បាទ​អញ្ចឹង​មែន​ហើយ​ រឿង​ជី​វិត​ជា​រឿង​ដែល​យើង​កើត​មក​ហើយ​យើង​ត្រូវ​តែ​តស៊ូ​ទៅ​ទៀត​ ទាល់​តែ​ដល់​ពេល​ស្លាប់​ ធម្ម​ជាតិ​បាន​ឲ្យ​ទាន​ នូវ​ កំលាំង​របស់​យើង​ ឲ្យ​នូវ​ ការ​ចេះ​ដឹង​ដល់​យើង​ ក៏​ពុំ​មែន​ដើម្បី​ប្រ​យោជន៍​អី​ដែរ​ គឺ​ដើម្បី​ការ​ត​ស៊ូ​តែ​ម្យ៉ាង​ប៉ុណ្ណោះ​មិន​ថា​អញ្ចឹង​ឬ​?
- តែក្នុង​ការ​តស៊ូ​នោះ​ ចួន​កាល​យើង​ត្រូវ​ទទួល​បរាជ័យ​ដែរ​ មែន​ទេលោក​?
- ចួន​កាល​យើង​ត្រូវ​ចាញ់​មែន​ តែ​យើង​ត្រូវ​តែ​ចេះ​វិធី​ការ​តស៊ូ​ យើង​ត្រូវ​រក​កំលាំង​ជា​ជំនួយ​ គឺ​យើង​ត្រូវ​រក​កល្យាណ​មិត្ដ​..
- ច៎ាស! មិត្ដ​ល្អ​ហ្នឹង​អែង​ហើយ​ ពុំងាយ​រក​បាន​ទេ​លោក។
   - បាទ​រក​បាន​ដោយ​កម្រ​ណាស់​ តែ​ក៏​ពុំ​មែន​ប្រែ​ថា​ យើង​ពុំ​អាច​រក​បាន​សោះ​នោះ​ទេ​ ព្រោះ​ការ​នេះ​ត្រូវ​អាស្រ័យ​នូវ​ភ័ព្វ​វាសនា​ផង ​ ចួន​កាល​ជួប​មិត្ដ​ល្អ​ ដោយ​ពុំ​បាន​ជា​នឹក​នា​ក៏មាន​ ចួន​កាល​យើង​បាន​ជួប​ហើយ​ តែ​យើង​ពុំ​បាន​គិត​ថា​ ជា​មិត្ដ​ល្អ​ពិត​ប្រាកដ​របស់​យើង​ក៏​មាន​ ខ្ញុំ​ជឿ​ជាក់​ថា​ យើង​មុខ​ជា​បាន​ជួប​ នឹង ​អ្នក​​ណា​ម្នាក់​ដែល​ជា​មិត្ដ​ល្អ​ ដែល​សុខ​ចិត្ដ​ជួយ​យើង​ សុខ​ចិត្ដ​លះ​បង់​អ្វី​ៗ​ គ្រប់​បែប​យ៉ាង​ ដើម្បី​យើង​ក្នុង​ថ្ងៃ​ណា​មួយ​ពុំ​ខាន​។
   - តែ​ជា​គ្រោះ​អាក្រក់​របស់​ខ្ញុំ​ ដែល​ខ្ញុំ​ពុំ​ដែល​បាន​ធ្វើ​អ្វី​ល្អ​ឲ្យ​អ្នក​ណា​ម្នាក់​ ល្មម​ នឹង ឲ្យ​គេ​មក​សុខ​ចិត្ដ​លះ​បង់​អ្វី​ៗ​ដើម្បី​ខ្ញុំ​វិញ​សោះ​។
   - អ្នក​នាង​! អ្នក​នាង​ជឿ​ចំពោះ​មិត្ដ​ភាព​របស់​ខ្ញុំ​ តាំង​ពី​ពេល​ដែល​ខ្ញុំ​បាន​ឃើញ​អ្នក​នាង​នៅ​គ្រា​ដំបូង​ដែរ​ឬ​អី? ការ​នេះ ខ្ញុំ​ពុំ​សំដៅ​ដល់​ការ​វែង​ឆ្ងាយ​ពេក​ទេ​ គឺ​ខ្ញុំ​ចង់​និយាយ​ថា​ មាន​មិត្ដ​ភា​ព​តាំងពី​ពេល​ឃើញ​គ្នា​នៅ​គ្រា​ដំបូង​មក​ម៉្លេះ​!
   - លោក​ជឿ​ដែរ​ឬទេ ចំពោះ​មិត្ដ​ភាព​បែប​នោះ​?
   - បាទ! សំរាប់​រូប​ខ្ញុំ​ៗ​ជឿ​ ព្រោះ​វាធ្លាប់​កើត​មាន​ឡើង​ក្នុង​ខ្លួន​របស់​ខ្ញុំ​។
    នាង​ចោល​កន្ទុយ​ភ្នែក​មើល​មក​ខ្ញុំ​ ហើយ​ក៏​បែរ​ទៅ​វិញ​។ អាការ​បែប​នេះ​ បាន​ធ្វើ​ឲ្យ​ខ្ញុំ​សង្កេត​ឃើញ​នូវ​សភាព​មុត​នៃ​ភ្នែក​របស់​នាង​ ដែលស្រូប​ទាញ​ នូវ​ ទឹក​ចិត្ដ​បុរស​ភាគ​ច្រើន​បាន​ ហើយ​ចួន​កាល​អាច​រួម​បញ្ចូល​រូប​ខ្ញុំ​មួយ​ទៅ​ផង​ក៏​ពុំ​ដឹង​។ នាង​នៅ​ស្ងៀម​ តែ​កន្ទុយ​ភ្នែក​របស់​នាង​បាន​បង្ហាញ​លក្ខណ​ឲ្យខ្ញុំ​យល់​ថា​ ភ័ព្វ​វាសនា​បាន​ជួប​ខ្ញុំ​ម្ដង​ទៀត​។
   - ខ្ញុំ​គិត​ថា​ ទ្វារ​មិត្ដ​ភាព​បាន​បើក​ចំហ​ទទួល​ខ្ញុំ​ហើយ​ នៅ​សល់​តែ​បញ្ហា​ម្យ៉ាង​ទៀត​ថា ខ្ញុំ​ហ៊ាន​ឈាន​ជើង​ដើរ​ចូល​ទៅ​តាម​ទ្វារ​នោះ​ដែរ​រឺ​ក៏​ពុំ​ហ៊ាន​តែ​ប៉ុណ្ណោះ​។
   - មិត្ដ​ភាព​ក្នុង​ពេល​ឃើញ​នៅ​គ្រា​ដំបូង​ (ខ្ញុំ​និយាយ​ផ្ទួន​បញ្ជាក់​ម្ដង​ទៀត) បាន​កើត​ឡើង​ដល់​ខ្ញុំ​!
   - កើត​ឡើង​តាំង​ពី​ពេល​ណា?
   - តាំងពី​ពេល​ដែល​ខ្ញុំ​ឃើញ​អ្នក​នាង​ នៅ​អែ​អង្គតាសោម​ គ្រាន់​តែ​ខ្ញុំ​បាន​ឃើញ​អ្នក​នាង​ភ្លាម​ ខ្ញុំ​ចង់​ធ្វើ​ជា​មិត្ដ​ភ័ក្ដិ​ នឹង អ្នក​នាង​ភ្លាម​ដែរ​ ខ្ញុំ​គិតថា​ ប្រសិន​បើ​អ្នក​នាង​រើស​យក​រូប​ខ្ញុំ​ធ្វើ​ជា​មិត្ដ​ភ័ក្ដិ​នោះ​ មើល​ទៅ​ក៏​ដូច​ជា​រើស​មនុស្ស​ពុំ​ខុស​ ហើយ​អ្នក​នាង​មុខ​ជា​បាន​ឃើញ​ នូវ មិត្ដ​ភាព​ដ៏​ល្អពិត​ប្រាកដ​របស់​ខ្ញុំ​។
   - ប៉ុន្ដែ​ក្រែង​យើង​គ្មាន​វាសនា​ស្គាល់​គ្នា​យូរ​។
   - ប្រសិន​បើ​មាន​ការ​ចាំ​បាច់​ ដែល​ត្រូវ​ធ្វើ​ប្រយោជន៍​ដល់​មិត្ដ​ភ័ក្ដិ​បាន​ ខ្ញុំ​គិត​ថា យើង​អាច​ស្គាល់​គ្នា​រហូត​ដល់​ថ្ងៃ​ស្លាប់​បាន​។
   - តែលោក​ដូច​ជា​គ្មាន​បានទទួល​លទ្ធផល​អី​ ក្នុង​ការ​ដែល​លោក​មក​ស្គាល់​ខ្ញុំ​នេះ​សោះ​។
   - បើ​ទុក​ណា​ជា​គ្មាន​បាន​ប្រយោជន៍​អី​ ក៏​ខ្ញុំ​ចេះ​តែ​ពេញ​ចិត្ដ​ក្នុង​ការដែល​ខ្ញុំ​បាន​បំពេញ​ប្រយោជន៍​ដល់​មិត្ដ​ភ័ក្ដិ​ជា​និច្ច​អ្នក​នាង​! សុំ​អ្នក​នាង​មាន​ប្រសាន៍មក​ចុះ​ បើ​អ្នក​នាង​យល់​ថា​ រូប​ខ្ញុំ​អាច​ធ្វើ​ប្រយោជន៍​អី​ដល់​អ្នក​នាង​ ក្នុង​ផ្លូវ​ណា​បាន​ ក៏​សុំ​ឲ្យ​អ្នក​នាង​ប្រើ​ខ្ញុំ​តាម​សេចក្ដី​ត្រូវ​ការ​មក​ចុះ​។
   - ខ្ញុំ​សូម​អរ​គុណ​លោក​ណាស់​ហើយ​ តែ​ខ្ញុំ​គិត​ថា​ជា​ការពុំ​គួរ​សម​សោះ​ ដែល​ធ្វើ​ឲ្យ​លោក​ពិបាក​ដោយ​សារ​ខ្ញុំ​ ព្រោះ​យើង​ទើប​ នឹង ស្គាល់​គ្នា​ត្រឹម​ពីរ​បី​ថ្ងៃ​ប៉ុណ្ណោះ​។
   - តែ​ចួន​កាល ខ្ញុំ​ជា​មិត្ដ​ភ័ក្ដិ​ដ៏​ល្អ​របស់​នាង​ គ្រាន់​បើ​ជាជាង​មនុស្ស​ដែល​អ្នក​នាង​ធ្លាប់​ស្គាល់​មក​យូរ​ហើយ​ក៏​មាន​។
   - ខ្ញុំ​ពុំ​គិត​អញ្ចឹង​ទេ​! ខ្ញុំ​គិត​ថា​ រូប​ខ្ញុំ​ពុំ​គួរ​មាន​សិទ្ធិ​ទៅ​យក​មនុស្ស​ដែល​ទើប​ នឹង ​ស្គាល់​គ្នា​ថ្មី​ៗ ហើយ​ដែល​រូប​ខ្ញុំ​នៅពុំ​ទាន់​ដែល​បានធ្វើ​ប្រយោជន៍​អ្វី​ឲ្យ​គេ​សោះ​នោះ​ មក​ឲ្យ​ពិបាក​ដោយ​សារ​រឿង​ខ្ញុំ​ទេ។
   - នេះ​យើង​ពុំ​មែន​និយាយ​គ្នា​ដល់​រឿង​សិទ្ធិ​អី​ទេ យើង​ និយាយ​គ្នា​តែ​ពី​រឿង​មេត្រី​ចិត្ដ​ទេតើ​។
   - ច៎ាស​នុ‌៎ះ​អែង​ហើយ​ ខ្ញុំ​គិត​ពុំ​យល់​ថា ហេតុ​អី​ក៏​លោក​ខំ​យក​មេត្រី​ចិត្ដ​ របស់​លោក​មក​ប្រើ​ប្រាស់​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ ក្នុង​ផ្លូវ​ដែល​លោក​ត្រូវ​ទទួល​ នូវ ការ​លំបាក​អញ្ចឹង​?
   - រឿង​នោះ​ពិបាក​ប៉ុណ្ណា​? ​(ខ្ញុំ​សួរ​ដោយ​ចង់​ដឹង​)
   - នាងយូរ៉េត​ ពុំ​ឆ្លើយ​ថា​អ្វី​។ ខ្ញុំ​យល់​ដល់​ចិត្ដ​ថ្លើម​របស់​នាង​ ព្រោះ​បើ​នាង​ឆ្លើយ​ នឹង សំនួរ​នេះ​ ក៏​ទុក​ដូច​ជា​នាង​នាំ​យក​រឿង​រ៉ាវ​ នៃ ជី​វិត​របស់​នាង​ មក​បរិ​យាយ​ឲ្យ​ខ្ញុំ​ស្ដាប់​វែង​ពេក​ ម្យ៉ាង​ទៀត​​ងាយ​អែ​ណា​ នឹង ឲ្យ​នាង​ហ៊ាន​និយាយ​រឿង​ពិបាក​ចិត្ដ​ប្រាប់​មនុស្ស​ដែល​នាង​ទើប​បាន​ស្គាល់​ថ្មីៗ​ ដូច​រូប​ខ្ញុំ​នេះ​បាន​។
   - អ្នក​នាង​! (ខ្ញុំនិយាយ) ខ្ញុំ​យល់​ដល់​ចិត្ដ​នាង​ហើយ​ក្នុង​ការ​ដែល​អ្នក​នាង​ឲ្យ​កិត្ដិ​យស​ដល់​រូប​ខ្ញុំ​ ដោយ​មក​លេង​ជា​មួយ​ខ្ញុំ​ ហើយ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ឱ​កាស​សាក​សួរ​ពី​រឿង​ផ្សេងៗ​ យ៉ាង​នេះ​ តែ​ជា​ការ​ធម្មតា​ទេ​ ដែល​អ្នក​នាង​ពុំ​អាច​​ទុក​ចិត្ដ​ទុក​ថ្លើម​លើ​មនុស្ស​ ដែល​អ្នក​នាង​ទើប​ នឹង បាន​ស្គាល់​ ខ្ញុំ​គិតថា​ បើ​ខ្ញុំ​មានវាសនា​បាន​ជួប​អ្នក​នាង​ម្ដង​ទៀត​នោះ​ ខ្ញុំ​ នឹង​ ពិសោធ​ឲ្យ​អ្នក​នាង​ឃើញ​ ថារូប​ខ្ញុំ​ជា​មនុស្ស​ដែល​អ្នក​នាង​គួរ​ទុក​ចិត្ដ​ជឿ​បាន​។
    ព្រះ​អាទិត្យ​បាន​លិច​បាត់​ទៅ​ទិស​ខាង​លិច​ហើយ​។ យើង​បាន​នាំ​គ្នា​ត្រលប់​មក​ផ្ទះ​វិញ​។ ខ្ញុំ​ដូច​ជា​ពុំ​បាន​ជឿ​​ថា នាង​យូរ៉េត​ ដាច់​ចិត្ដ​និយាយ​រឿង​រ៉ាវ​របស់​នាង​ប្រាប់​ខ្ញុំ​ឡើយ​ តែ​ខ្ញុំ​មាន​សង្ឃឹម​ខ្លះ​ដែរ​ថា ​ប្រសិន​បើ​យើង​បាន​និយាយ​គ្នា​យូរ​បន្ដិច​ទៀត​ រឺ​ ក៏​បាន​ជួប​គ្នា​ម្ដង​ រឺ ពីរ​ដង​ទៀត​នោះ​ មុខ​ជា​បាន​ស្ដាប់​រឿង​រ៉ាវ​របស់​នាង​ហើយ។
   - អ្នក​នាង​! (ខ្ញុំ​ចាប់​និយាយ​ ដើម្បី​ទំលាយ​ នូវ បរិយា​កាស​ស្ងប់​ស្ងៀម​) ខ្ញុំ​ នឹង ​មាន​វាសនា​ចួប​នាង​ទៀត​ នៅ​ពេល​ណា​?​
   - ល្ងាច​ៗ​ លោក​មាន​ពេល​ទំនេរ​ជា​និច្ច​រឺ?
   - បើ​អញ្ចឹង​ល្ងាច​ស្អែក​បាន​ រឺ ទេ?
   - ណ្ហើយ​! ស្អែក​យើង​កុំ​អាល​ជួប​គ្នា​ធ្វើ​អ្វី​ ចាំ​ខាន​ស្អែក​វិញ​ទៅ​ ព្រោះ​បើ​ជួប​គ្នា​ញឹក​ពេក​យ៉ាង​នេះ​ នាំ​ឲ្យ​គេ​សង្ស័យ​។
   - សុំ​ទោស​អ្នក​នាង​ ខ្ញុំ​មាន​ឱកាស​តែ​ស្អែក​មួយ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ ព្រោះ​ខាន​ស្អែក​ខ្ញុំ​ត្រូវ​ចេញ​ទៅ​ប្រតិ​បត្ដិ​ការ​ នៅ​កំពុង​ធំ​អស់​ ៥​ថ្ងៃ​។
   - បើ​អញ្ចឹង​ចាំ​លោក​ត្រលប់​ពី​កំពុង​ធំ​វិញ​សិន​ទៅ​។
   - អ្នក​នាង​ជឿ​រឺ​ ថា​យើង​នៅ​មាន​ឱកាស​អាច​ជួប​គ្នា​បាន​ទៀត​?
   - ច៎ាស​! ខ្ញុំ​ជឿ​ជាក់​ថា​ យើង​អាច​បាន​ជួប​គ្នា​ទៀត​។
    ក្នុង​ខណ​ដែល​ខ្ញុំ​បាន​ជូន​នាង​ទៅ​ដល់​ផ្ទះ​នោះ​ គាប់​ចួន​ជា​រថ​យន្ដ​របស់​លោក​ស៊ឺ​ បាន​លូន​ចូល​ទៅ​ដល់​ដែរ​។ ខ្ញុំ​សង្កេត​ឃើញ​ថា​ នាង​យូរ៉េត​មាន​ទឹក​មុខ​ពុំ​ស្រួល​ ដែល​ជា​ការ​បង្ហាញ​ឲ្យ​ដឹង​ថា​ នាង​ខ្លាច​បុរស​នោះ​ជា​ខ្លាំង​។
   ក្រោយ​ពី​បាន​ជូន​នាង​ទៅ​ដល់​ផ្ទះ​ហើយ​ ខ្ញុំ​បាន​បើក​រថ​យន្ដ​ទៅ​រក​មិត្ដ​សំលាញ់​របស់​ខ្ញុំ​។ ខ្ញុំ​បាន​និយាយ​រឿង​​ដែល​ខ្ញុំ​បាន​នាំ​នាង​យូរ៉េត​ ដើរ​លេង​ប្រាប់​គេ។
   - ការ​នេះ​បាន​សេចក្ដី​ថា​ អែ​ង​កំពុង​តែ​ធ្លាក់​ខ្លួន​ចុះ​ទៅ​ក្នុង​អន្លង់​ស្នេហា​មែន​ រឺ? (សុខ​ សម្បូរ​និយាយ​)
   - ពុំ​មែន​អញ្ចឹង​ទេ​ គ្នា​គ្រាន់​តែ​ចង់​ដឹង​រឿង​អាថិ​កំបាំង​បិទ​មុខ​តែ​ប៉ុណ្ណោះ​។
   - តែ​នាង​យូរ៉េត​ល្អ​ណាស់​ ល្អ​គួរ​ឲ្យស្រលាញ់​
   - ការ​ល្អ​ និង ​ការបិទ​មុខ​ច្រើន​ជា​គូ​ នឹង គ្នា​ តែ​បើ​គ្នា​ខ្វល់​ខ្វាយ​ នឹង ស្រី​នេះ​ ក៏​ពុំ​មែន​ដោយ​សារ​លំអរ​របស់​នាង​ទេ​។

    ខ្ញុំ​បាន​បណ្ដោយ​ពេល​វេ​លា​ ឲ្យ​កន្លង​ផុត​ទៅ​យ៉ាង​ស្ងប់​ស្ងៀម​។ ពី​ដើម​ខ្ញុំ​បាន​នឹក​ថា​ អគ្គ​សេនា​ធិ​ការ​យោធ​ពល​ខេរ​ភូមិ​ន្ទ​ ក្រុង​ នឹង​បញ្ជូន​រូប​ខ្ញុំ​ ឲ្យទៅ​ប្រតិ​បត្ដិ​ការ​នៅ​ខេត្ដ​កំពុង​ធំ​ តែ​អីលូវ​នេះ​ បែរ​ជា​បញ្ជូន​អ្នក​ដទៃ​ទៅ​វិញ​។ ខ្ញុំ​បាន​ជា​ប្រាប់នាង​យូរ​រ៉េត​ជ្រុល​ទៅហើយ​ បើ​ខ្ញុំ​ទៅ​រក​នាង​ក្នុង​ចន្លោះ​ពេល​បី​បួន​ថ្ងៃ​នោះ​ នាង​មុខ​ជា​យល់​ថា​ ខ្ញុំ​កុហក​នាង​។ ដូច្នេះ​ខ្ញុំ​ខំ​ទ្រាំ​រង់​ចាំ​ឲ្យ​គ្រប់​ ៥ថ្ងៃ​ទើប​ទៅ​ជួប​នាង​។​

   ខ្ញុំ​នឹក​ឆ្ងល់​ជា​ខ្លាំង​ ព្រោះ​ពុំ​ដឹង​ជា​ហេតុ​អ្វី​ ក៏​បាន​ជា​ភាព​នៃ​រូប​នាង​ យូរ៉េត​ ចេះ​តែ​ប្រាកដ​ឡើង​ដល់​ភ្នែក​របស់​ខ្ញុំ​ជា​និច្ច​។ ពាក្យ​ដែល​គេ​និយាយ​ថា​ បុរស​ដែល​ស្រលាញ់​ស្ដ្រី​បើ​ទុក​ណា​ជា​ពុំ​បាន​ឃើញ​រូប​ ក៏​សុំ​ឲ្យ​បាន​ឃើញ​ត្រឹម​ដំបូល​ផ្ទះ​ ក៏​អស់​ចិត្ដ​ដែរ​នោះ​ ជា​ពាក្យ​ត្រូវ​ពិត​ណាស់​។ ខ្ញុំ​នៅ​ពុំ​ព្រម​ទទួល​ខ្លួន​ថា​ ខ្ញុំ​ស្រលាញ់​នាង​យូរ៉េត​ តែ​ខ្ញុំ​ក៏​ធ្លាក់​ចុះ​ទៅ​ក្នុង​សភាព​ដូច​ពោល​ខាង​លើ​ដែរ​ គឺ​ក្នុង​កំឡុង​ពេល​ពីរ​បី​ថ្ងៃ​នោះ​ ខ្ញុំ​បាន​បើក​រថ​យន្ដ​កាត់​មុខ​​ផ្ទះ​នាង​រាប់​ដង​ពុំ​អស់​ ហើយ​ចេះ​តែ​គិត​មួយ​ពាន់​មួយ​ម៉ឺន​ជំពូក​។ ចួន​កាល​ខ្ញុំ​គិត​ទៅ​ក្នុង​ផ្លូវ​ពុំ​ល្អ​ គឺ​គិត​ថា​ នាងយូរ៉េត​ អាច​ធ្លាក់​ខ្លួន​នៅ​ក្រោម​អិទ្ធិពល​របស់​បុរស​នោះ​ក្នុង​ផ្លូវ​ណា​មួយ​ពុំ​ខាន​។ គំនិត​បែប​នេះ​ រឹង​រិត​ធ្វើ​ឲ្យ​ខ្ញុំ​រំពៃ​គិត​ដល់​នាង​យ៉ាង​ខ្លាំង​ថែម​ទៀត​។

    ខ្ញុំ​គិត​ថា​ រូប​ខ្ញុំ​ដូច​ជា​ផ្ដេស​ផ្ដាស​ហើយ​... បើ​ពុំ​ទាន់​ផ្ដេស​ផ្ដាស​ ក៏​ដូច​ជា​រក​កល​ផ្ដេស​ផ្ដាស​ដែរ​ ព្រោះ​ខ្ញុំ​ចេះ​តែ​ស្រ​មៃ​ឃើញ​នាង​ យូរ៉េត​ជា​និច្ច​។ ប្រសិន​បើ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​បាន​ដឹង​រឿង​នេះ​ លោក​មុខ​ជាពិបាក​ចិត្ដ​មិន​តិច​ឡើយ​។ អ្វី​ជា​ហេតុ​ធ្វើ​ឲ្យ​ខ្ញុំ​ជាប់​ចិត្ដ​ នឹង ស្រី​ ដែល​ទើប​ នឹង ​ស្គាល់​គ្នា​ថ្មី​ៗ​នេះ ខ្ញុំ​ក៏​ដូច​ជា​រក​ឆ្លើយ​ពុំ​រួច​។ ចួល​កាល​ខ្ញុំ​គិត​ថា​ ខ្ញុំ​ប្រហែល​ជា​នៅ​ក្មេង​ពេក​ រឺក៏​ធ្លាប់​ឃើញ​ស្ដ្រី​តិច​ពេក​ក៏​ពុំ​ដឹង​ បាន​ជា​គ្រាន់​តែ​មក​ឃើញ​ស្ដ្រី​ដូច​នាង​យូ​រ៉េត​ប៉ុណ្ណោះ​ ក៏​យល់​ថា​ល្អ ហើយ​បាន​បណ្ដោយ​ខ្លួន​ឲ្យ​ធ្លាក់​ចុះ​ទៅ​ក្នុង​អន្លង់​ស្នេហា​ភ្លាម​។ តែ​ក៏​ជា​ការ​ពិត​ណាស់​ ខ្ញុំ​នៅ​ពុំ​ដែល​បានឃើញ​ស្ដ្រី​អែ​ណា​ដែល​ល្អ​ដូច​នាង​យូរ៉េត​សោះ​។