វគ្គទី២
ដើមហេតុ នៃ រឿង
ថ្ងៃសៅរ៍ ទី12.ធ្នូ 2020.ម៉ោង 17:50

    មេឃ​ស្រឡះ​អាកាស​ក្ដៅ​។ ព្រះ​អាទិត្យ​កំពុង​តែ​រៀប​អស្ដង្គតទៅ​ហើយ​ ដោយ​បាន​បញ្ចេញ​ នូវ រស្មី​ពណ៌​ក្រហម​ឆ្អៅ​ពាស​ពេញ​ផែន​ដី​។

    នា​កណ្ដាល​ភាពក្ដៅ​ស្អាប់​ស្អុះ​ នៃ ​ធាតុ​អាកាស​យ៉ាង​នេះ​ នៅ​តាម​ដង​ផ្លូវ​ភ្នំ​ពេញ​ - កំពត មាន​រយន្ដ​​ធ្វើ​ចរាចរ​ទៅ​មក​ជា​ច្រើន​ ដែល​ជា​ការ​អាច​ធ្វើ​អោយ​មនុស្ស​វិល​មុខ​បាន​ ប្រសិន​បើ​មនុស្ស​នោះ​​ ឈរ​ចាំ​តែ​មើល​រថ​យន្ដ​ទាំង​នោះ​។ ប៉ុន្ដែ​ថ្ងៃ​នេះ​ ការ​ធ្វើ​ចរាចរ​ នៃ រថ​យន្ដ​ចូល​មក​ទី​ក្រុង​ភ្នំ​ពេញ​ច្រើន​ជាង​ចេញ​ទៅ​កំពត​ ព្រោះ​ថ្ងៃ​នេះ​ជា​ថ្ងៃ​អាទិត្យ​។ ពួក​អ្នកធំ​ និង ​អ្នក​មាន​នៅ​រាជ​ធា​នី​ តែង​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​ស្រូប​យក​អាកាស​បរិសុទ្ធ​នៅ​កែប​ នៅ​វេលា​ល្ងាច​ថ្ងៃ​សៅរ៍​ លុះ​ល្ងាច​ថ្ងៃ​អាទិត្យ​គេ​ត្រូវ​ធ្វើ​ដំណើរ​ត្រលប់​មករាជ​ធា​នី​វិញ​ ម៉្លោះ​ហើយ​នៅ​តាម​ដង​ផ្លូវ​ភ្នំពេញ​ - កំពត​ តែង​មានស្នូរ​ នៃ គ្រឿង​ចក្រ​ និង ស៊ីហ្វ្លេ នៃ ​រថ​យន្ដ​គ្រប់​ម៉ាក​ គ្រប់ធុន​ជាប់​ៗ​គ្នា​ស្ទើរ​ពុំ​ដាច់សូរ​។

    ល្ងាច​នេះ​ខ្ញុំ​បាន​រួម​ដំណើរ​ត្រលប់​មក​ភ្នំពេញ​វិញ​ ជាមួយនឹង មិត្រ​ជិត​ស្និត​ម្នាក់​ ដោយ​រថ​យន្ដ​ដេ​អេះ​ របស់​គេ​ ហើយ​ដែល​ម្ចាស់​គេ​ជា​​អ្នក​កាន់​ចង្កូត​ដែរ​។ មិត្រ​ខ្ញុំ​ធ្លាប់​បើក​ឡាន​ដូច​គេហោះ​ តែពេល​នោះ​ គេ​បើក​ក្នុង​ល្បឿន​ដ៏​យឺត​ ព្រោះ​យើង​រវល់​ជជែក​គ្នា​ពី​នេះ​ពីនោះ​លេង​ ដោយ​​ការ​សប្បាយ​រីករាយ​​ ដែល​ជួយ​បន្លប់​ នូវ ការ​ធុញ​ទ្រាន់​ក្នុង​ពេលដែល​យើង​ធ្វើ​ដំណើរ​ត្រលប់​មក​ផ្ទះវិញ​។​

    - សំលាញ់​! គ្នា​ដូច​ជា​ឆ្ងល់​ឯង​ណាស់​ (មិត្ដ​របស់​ខ្ញុំ​ បាន​សួរ​ខ្ញុំ​ ក្នុង​ខណដែល​រថ​យន្ដ​បាន​លូន​ឆ្លង​ចេញ​ផុត​ពី​ទ្វារ​កំពត) ហេតុ​ម្ដេច​ ក៏​បាន​ជា​ឯង​ចេះ​តែ​ប្រកែក​ នឹង បំណង​ល្អ​របស់​ប៉ា​ និង ម៉ាក់​ឯង​ ក្នុង​រឿង​គូស្រករ​របស់​ឯង​។

   ​ ខ្ញុំ​ងាក​មើល​មុខ​សំលាញ់​ខ្ញុំ​ ដោយ​ងឿង​ឆ្ងល់​ថា ហេតុ​អ្វី​ ក៏​បាន​ជា​គេ​លើក​យក​រឿង​គូស្រករ​នេះ​មក​និយាយ​
   - សំឡាញ់​! គ្នា​មិន​ចង់​លឺ​រឿង​ហ្នឹង​សោះ​ តែ​បើ​ឯង​ចង់​ដឹង​ គ្នា​ក៏​ពេញ​ចិត្ដ​ប្រាប់​ឯង​អោយ​បាន​ដឹង​ដែរ​ (ខ្ញុំ​ឆ្លើយ) រឿង​ប្រពន្ធ​មិន​ខុស​គ្នា​ពី​ផ្ទះ​ប៉ុន្មាន​ទេ​ ផ្ទះ​ដែល​យើង​នៅ​ជា​សុខ​សាន្ដ​បាន​ ក៏​គឺ​ផ្ទះ​ដែល​យើង​ពេញ​ចិត្ដ​ ដូច្នេះ​មុន នឹង សង់​ផ្ទះ​ត្រូវ​យើង​លៃលក​ទៅ​តាម​ចិត្ដ​បន្ដិច​ ដែល​យើង​ស្រលាញ់​ បើ​យើ​ងអោយ​គេ​សង់​អោយ​ដោយ​ពុំ​បាន​ប្រាប់​ថា​ យើង​ស្រលាញ់​ផ្ទះ​បែប​នេះ​បែប​នោះ​ទេ​ ផ្ទះ​នោះ​មុខ​ជា​ទាស់​ចិត្ដ​យើង​ អែ​ប្រ​ពន្ធ​វិញ​ក៏​យ៉ាង​នោះ​ដែរ​ បើ​ប៉ា​ម៉ាក់​ខ្ញុំ​ពេញចិត្ដ​ តែ​គ្នា​ពុំ​ស្រលាញ់​ តើ​អោយ​គ្នា​រៀប​ការ​ជា​មួយ​យ៉ាង​ម៉េច​កើត​ អែង​គិត​មើល​ យើង​ត្រូវ​នៅ​រួម​រស់​ជា​មួយ​គ្នា​អស់​មួយ​ជីវិត​ ចុះ​បើយើង​ពុំ​ពេញចិត្ដ​ នឹង ​គ្នា​ ពុំ​ស្រលាញ់​គ្នា​ តើ​អោយ​នៅ​ជា​មួយ​គ្នា​យ៉ាង​ម៉េច​កើត​សំលាញ់​!...

   - ហ៊ឹះ!, (សំលាញ់​របស់​ខ្ញុំ​ដក​ដង្ហើម​ធំ ហើយ​និយាយ​ត​ទៅ​ទៀត​) រឿង​នេះ​ដូច​ពិ​បាក​ដែរ​ តែ​គ្នា​សង្កេត​ឃើញ​ថា ប៉ា និង ម៉ាក់​អែង ពិបាក​ចិត្ដ​ នឹង អែង​ខ្លាំង​ណាស់​ ព្រោះ​លោក​គិត​ថា អែង​តាម​អោ​វាទ​លោក

   - រឿង​អ្វី​ៗ​ គ្នា​អាច​ធ្វើ​តាម​បំណង​លោក​បាន​ទាំង​អស់​ តែ​រឿង​នេះ​គ្នា​ដូច​​ជាធ្វើ​ពុំ​កើត​ ព្រោះ​គ្នា​យល់​ថា​ រូប​គ្នា​នេះ​ទេ​តើ​ ដែល​ជា​អ្នក​ទទួល​​បន្ទុក​ដ៏​ធ្ងន់​ ក្នុង​គ្រួសារ​ទៅ​អនាគត..

   - ពិត​ណាស់​ហើយ​សំលាញ់​! គ្នា​ក៏យល់​ចិត្ដ​យល់​ថ្លើម​អែង​ណាស់​ហើយ​ដែរ​ តែការ​ដែល​គ្នា​លើក​យក​រឿង​នេះ​មក​និយាយ​ ក៏​ពុំ​មែន​ប្រែ​សេច​ក្ដី​ថា គ្នា​បង្ខិត​បង្ខំ​អែង​ទេ។

    បរិយា​កាស​បាន​ស្ងប់​ស្ងៀម​មួយ​សន្ទុះ​ ដោយ​យើង​​គ្មាន​លឺ​អ្វី​ក្រៅ​ពី​ស្នូរ​នៃ​រថ​យន្ដ​។ បន្ដិច​មក​យើង​ក៏​បាន​ចាប់​ផ្ដើម​និយាយ​លេង​ពីនេះ​ពី​នោះ​ត​ទៅ​ទៀត​ ដោយ​ការសប្បាយ​រីករាយ​។ យូរ​ៗ សំលេង​សើច​ក្អាក​ក្អាយ​ នៃ​ ​យើង​ទាំង​ពីរ​ ក៏​បនា​លាន់​លឺ​ឡើង​បង្គ្រប​លើ​សំលេង​រថ​យន្ដ​ម្ដងៗ​។​

    ការ​ធ្វើ​ដំណើរ​ដូច​ជា​ឆាប់​រហ័ស​សំរាប់​អ្នក​ពុំ​គិត​គូរ​ពីរយៈ​ចំងាយ​ផ្លូវ​។ រថ​យន្ដ​បាន​ចូល​មក​ដល់​អង្គ​តា​សោម​ ក្នុង​ខណៈ​ដែល​យើង​ពុំ​បាន​ជា​នឹក​នា​។ សំលាញ់​ខ្ញុំ​ក៏​បាន​បញ្ឈប់​រថ​យន្ដ​នៅ​ទី​នោះ​ ហើយ​យើង​ទាំង​ពីរនាក់​ ក៏​ចុះ​ទៅ​ទទួល​ទាន​ភេសជ្ជ​នៅ​ក្នុង​ភោជ​នី​យដ្ឋាន​មួយ​។

    អង្គតា​សោម​ជា​កន្លែង​ពិសេស​សំរាប់ភ្ញៀវ​ទេសចរ​ទាំង​ទៅ​ទាំង​មក​... ក្នុង​ភោជនីយ​ដ្ឋាន​មួយៗ​ តែង​មាន​ភ្ញៀវ​ចូល​ទៅ​អង្គុយ​បរិភោគ​អាហារ​ ឬ ភេសជ្ជ​យ៉ាង​ត្រៀប​ត្រា​ ពុំសូវ​មាន​កន្លែង​ទំនេរ...

    យើង​បាន​ចូលទៅ​អង្គុយ​កន្លែង​ទំនេរ​មួយ​ ដែល​ឋិត​នៅ​ចំកណ្ដាល​ ព្រោះ​អ្នក​ដែល​ចូល​ទៅ​មុន​ បាន​រើស​យក​តុ​ដែល​នៅ​ខាង​ៗ​អស់​។ យើង​បានទទួល​ទាន​ទឹក​ដូង​ដ៏​មាន​អោ​ជា​រស ព្រោះ​ការ​ស្រេក​ទឹក​របស់​យើង​។ យើង​បាន​អង្គុយ​សន្ទ​នា​គ្នា​យ៉ាង​ស្ងប់​ស្ងៀម​។ ក្នុង​ខណជាមួយ​គ្នា​នេះ​ ខ្ញុំ​បាន​ចាប់​អារម្មណ៍​ទៅ​លើ​តុមួយ​ ដែល​ឋិត​នៅ​ពី​ខាង​លិច​ខ្ញុំ​។ តុ​នោះ​មាន​មនុស្ស​អង្គុយ​បី​នាក់​ គឺ​បុរស​ឋិត​នៅ​ក្នុង​វ័យ​កណ្ដាល​ម្នាក់​ ស្រី​ចំណាស់​ម្នាក់​ និង សុភាព​នារីម្នាក់​ទៀត​។ ការ​ប្លែក​ដែល​ធ្វើ​អោយ​ខ្ញុំ​ចាប់​អារម្មណ៍​នោះ​ គឺ​ខ្ញុំ​បាន​សង្កេត​ឃើញ​ថា ​មនុស្ស​ទាំង​បី​នាក់​នេះ​ និយាយ​គ្នា​យ៉ាង​តិច​បំផុត​។ ម្នាក់​ៗ​សុទ្ធ​តែ​មាន​ទឹក​មុខ​ស្រពោន​ក្រៀម​ក្រំ វៀរ​លែង​តែ​បុរស​ចេញ​។ ដែល​មើល​ទៅ​ហាក់​ដូច​ជា​មាន​ការ​សប្បាយ​រីក​រាយ​ណាស់​ ក្នុង​ការ​ដែល​គេ​ខំ​យក​ចិត្ដ​យក​ថ្លើម​សុភាព​នារី​។ ប្រ​សិន​បើ​ការ​ស្មាន​របស់​ខ្ញុំ​ពុំខុស ខ្ញុំ​គិត​ថា​ បុរស​ និង​ ស្រី​ទាំង​ពីរ​នាក់​នេះ​ ជា​ប្ដី​ប្រពន្ធ​ នឹង គ្នា​ អែ​យាយ​ចាស់​ម្នាក់​ទៀត​នោះ​ ក៏​ប្រហែល​ជា​ម្ដាយ​របស់​បុរស​ រឺ​ ស្ដ្រី​នោះ​។​

    ខ្ញុំ​បាន​លួចចោល​កន្ទុយ​ភ្នែក​ក្រលេក​មើល​យូរ​ៗ​ទៅ​ ឃើញ​សុភាព​នារី​នោះ​ ដូច​ជា​រិត​តែ​ស្អាត​ឡើង​ៗ​ ស្អាត​ទាល់​តែ​ស្រូប​ទាញ​ក្រសែ​ភ្នែក​របស់​ខ្ញុំ​ អោយ​ចេះ​តែ​លួច​​សំលឹង​ទៅ​នាង​។ ប្រ​សិន​បើ​ការ​សង្កេត​ពិនិត្យ​របស់​ខ្ញុំ​ ពុំ​ខុស​ទេ​នោះ​ ស្រី​ស្អាត់​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​នេះ​ គ្មាន​ការ​ត្រេក​ត្រអាល​ រឺ រីក​រាយ​អ្វី​ជា​មួយ​ នឹង​ បុរសដែល​នាង​មក​ជាមួយ​នេះ​ឡើយ​។ ទឹក​មុខ​របស់​នាង​សំដែង​អោយ​ឃើញ​ នូវ ការ​ពុំ​សូវ​ជា​សប្បាយ​រីក​រាយ​។ សូម្បី​ក្នុង​ពេល​ដែល​បុរស​នោះ​និយាយ​ជា​មួយ​ ក៏​មើល​ទៅ​នាង​ ហាក់​ដូច​ជា​ពុំ​យក​ចិត្ដ​ទុក​ដាក់​ នឹង ​ស្ដាប់​ឡើយ ហើយ​និយាយ​ឆ្លង​ឆ្លើយ​ទៅ​បុរសនោះ​វិញ​ក៏​តិច​តួច​ដែរ​ ហើយ​ក្នុង​ពេល​និយាយ​នោះ​ទៀត​ នាង​ពុំ​សំលឹង​មើល​មុខ​បុរស​នោះ​ផង​។ ខ្ញុំ​លួច​គិត​តែ​ម្នាក់​អែង​ថា អាការ​​ជ្រប់​ស្រពោន​យ៉ាង​នេះ​ ជា​​ការ​សំដែង​អោយ​ដឹង​ថា ​នាង​ប្រ​ហែល​ជា​មាន​ទុក្ខ​ព្រួយ​អ្វី​ម្យ៉ាង​ក្នុង​ខ្លួន​។

    - នែ! សំលាញ់​ (សំលាញ់​របស់​ខ្ញុំ​សួរ​តិច​ៗ​ ក្នុង​ខណ​ដែល​ខ្ញុំ​កំពុង​លួច​សង្កេត​មើល​គេ​) គ្នា​សង្កេត​មើល​ទៅ​អែង​ ហាក់​ដូច​ជា​ចាប់​អារម្មណ៍​ នឹង ស្រី​នោះ​ណាស់​។
- អញ្ចឹង​ រឺ? (ខ្ញុំ​សួរ​ទៅ​វិញ​)
- ជាប់​ចិត្ដ​មែន​ទេ​សំលាញ់​? (គេ​សួរ​បញ្ជាក់​ខ្ញុំ​ម្ដង​ទៀត​)

    ខ្ញុំ​ពុំឆ្លើយ​ថា​អ្វី​។ ខ្ញុំ​លួចចោល​កន្ទុយ​ភ្នែក​មើល​នាង​ត​ទៅ​ទៀត។ សភាពការ​ក៏​បាន​ប្រ​ព្រិត្ដ​ទៅ​ដូច​ដើម​គឺ​ បុរស​និយាយ​ច្រើន​ ស្រី​និយាយ​តិច​។ នេះ​ជា​លក្ខណ​ ដែល​និយាយ​បាន​យ៉ាង​ងាយ​ថា ​អ្នក​ទាំង​ពីរ​នាក់​នេះ​មុខ​ជា​មាន​ការ​អរិ​ចិត្ដ​ នឹង គ្នា​ក្នុង​រឿង​អ្វី​មួយ​ពុំ​ខាន​។​

    ក្នុង​ខណ​ដែល​យើង​នៅ​ស្ងៀម​នេះ​ អ្នក​ទាំង​បី​នាក់​ ក៏​នាំ​គ្នា​ក្រោក​ដើរ​ចេញ​ពី​តុ​សំដៅ​ទៅ​រក​រថ​យន្ដ​ ដែល​គេទុក​នៅ​ខាង​ក្រៅ​ ដោយ​បុរស​ជា​អ្នក​ដើរ​នាំ​មុខ។ ភោជនី​ដ្ឋាន​នេះ មាន​តុ​កៅ​អី​ជា​ច្រើន​ ម៉្លោះ​ហើយ​ទី​កន្លែង​ក៏​ចង្អៀត​ស្ទើរ​តែ​គ្មាន​ផ្លូវ​ដែរ​។ នៅ​ពេល​ដែល​ដើរ​ចេញ​មក​ដល់​តុ​ដែល​យើង​អង្គុយ​ គេ​គួរ​តែ​លៃ​លក​ដើរ​​អោយ​បាន​ស្រួល​ ដើម្បី​កុំ​អោយ​មាន​ការបះ​ទង្គិច​ រឺ បើ​មានប៉ះ​ទង្គិច​បន្ដិច​បន្ដួច​ក៏​គួរ​ណាស់​តែ​​សូម​អភ័យ​ទោស​ពី​យើង​ តែ​នេះ​ផ្ទុយ​ទៅ​វិញ​ គេ​ដើរ​ធ្វើ​រិក​​ព្រងើយ​ មក​ប៉ះ​ នឹង ​កៅ​អី​ដែល​សំលាញ់​របស់​ខ្ញុំ​អង្គុយ​ ហើយ​ ក៏​ធ្វើ​រិក​ព្រងើយ​ដើរ​ហួស​ទៅ​ទៀត​។ ការ​ដើរ​មក​ប៉ះ​នេះ​ ក៏​ខ្លាំង​ល្មម​ធ្វើ​អោយ​ទឹក​ដូង​ក្រឡក​ចេញ​ពី​កែវ​ហៀរ​ទៅ​លើ​តុ ​នារី​ដែល​ដើរ​តាម​ក្រោយ​មក​នោះ​ ក៏​ហាក់​ដូច​ជា​ភ្ញាក់​ស្រឡាំង​កាំង​ នឹង អាការៈបែប​នេះ​ដែរ​ តែ​នាង​ក៏​ពុំ​ស្ដី​ថា​អ្វី​ ហើយ​ក៏​ដើរ​ហួស​ទៅ​ទៀត​។ តាម​ការសង្កេត​ ខ្ញុំ​យល់​ឃើញ​ថា នាង​​ដឹង​ នូវ​ កំហុស​របស់​បុរស ដែល​នាង​មក​ជាមួយ​នោះ​ដែរ​​ ហើយ​នាង​ក៍​ពុំ​ពេញ​ចិត្ដ​ នឹង សភាព​បែប​នេះ​ដែរ​ តែ​នាង​ពុំ​ដឹង​ជា​ធ្វើ​ដូច​ម្ដេច​ ក្រៅ​ពី​គ្រាន់​តែ​ចោល​ក្រសែ​ភ្នែក​ក្រលេក​មើលមុខ​ខ្ញុំ​ដោយ​អង្វរ​ករ​នោះ​ឡើយ​។

    គ្រាន់តែ​ងាក​មុខ​មក​ខាង​គេ​ភ្លាម​ សំលាញ់​ខ្ញុំ​ក្រោក​យ៉ាង​ឆាប់​រហ័ស​ ហើយ​ស្ទុះ​ទៅ​តាម​បុរស​នោះ​ ដែល​ដើរ​ផុត​ទៅ​ហើយ​ប្រហែល​ជា​ប្រាំ​ម៉ែត្រ​។ សំលាញ់​របស់​ខ្ញុំ​ក៏​ជា​សភាព​បុរស​ ដែល​មាន​ទឹក​ចិត្ដ​ជា​អ្នក​កី​ឡា​ដែរ​។ គេ​ពុំ​វាយ​មនុស្ស​ពី​ក្រោយ​ដោយ​​អ្នក​ម្ខាង​ពុំ​ដឹង​ខ្លួន​ឡើយ​ គេ​ស្ទុះ​ទៅ​តាម​បុរស​នោះ​ហើយ​ ក៏​កេះ​ស្មាបុរស​នោះ​អោយ​ងាក​មុខ​មករក​គេ។

    ដោយសារ​ពាក្យ​​សំដី​តិច​ពេក​ ខ្ញុំ​ក៏​ពុំ​អាច​លឺ​ឲ្យ​បាន​ច្បាស់​លាស់​ថា តើ​សំលាញ់​ខ្ញុំ​បាន​សួរ​បុរស​ជំលើយ​នោះ​ថា​ដូច​ម្ដេច​ឡើយ​ តែ​ថា​ខ្ញុំ​សង្កេត​ឃើញ​ថា​ សំលាញ់​របស់​ខ្ញុំ​បាន​ប្រើ​កិរិយា​យ៉ាង​សុភាព​រាប​សា​ ទៅរក​បុរស​នោះ​។ ខ្ញុំ​បាន​លឺ​ជាក់​ច្បាស់​ នូវ ​ពាក្យ​សំដី​របស់​បុរស​នោះ​ ដែល​និយាយ​មក​រកសំលាញ់​ខ្ញុំ​។ ពាក្យ​សំដី​នោះ​ជា​ពាក្យ​សំដី​យ៉ាង​ព្រ​ហើន​កោង​កាច​ ដែល​សូម្បី​តែ​ខ្ញុំ​មើលទៅ​ក៏​ពិបាក​អត់​អោន​អោយ​ដែរ​។ គេ​និយាយ​ទាំង​កម្រោល​ថា​ «គេ​ដើរ​តាម​ផ្លូវ​ទេ​ គេ​អិត​ដើរ​ជាន់​ក្បាល​អ្នក​ណា​ទេ»។

    គ្រាន់​តែ​លឺ​បុរស​នោះ​និយាយ​ដោយ​ពាក្យ​សំដី​ប្រហើន​កោង​កាច​ដូច្នេះ​ ខ្ញុំ​ក៏​ស្ទុះ​ចូល​ទៅ​ដែរ​។ ការ​ដែល​ខ្ញុំ​ស្ទុះ​ចូល​ទៅ​នេះ​ គ្មាន​បំណង​អ្វី​ក្រៅ​ពី​គិត​ថា ស្ទុះ​ទៅ​ឃាត់​អ្នក​ទាំង​ពីរ​កុំ​ឲ្យ​មាន​រឿង​រ៉ាវ​ឈ្លោះ​ទាស់​ទែង​គ្នា​ទេ​ ព្រោះ​ខ្ញុំ​ធ្លាប់​ស្គាល់​ចិត្ដ​សំលាញ់​របស់​ខ្ញុំ​ថា ជា​មនុស្ស​មាន​ចិត្ដ​ឆេវ​ឆាវ​ពុំ​សូវ​គិត​មុខ​គិត​ក្រោយ​។ ខ្ញុំ​មាន​ស្ទុះ​ទៅ​ទាន់​អែ​ណា​ ពុំ​ទាន់​ស្ទុះ​ទៅ​ដល់​ផង​ស្នូរ​ផាច់​ក៏​លាន់​លឺ​ឡើង​។ នេះ​ជា​ស្នូរ​ដៃ​ដែល​សំលាញ់​ខ្ញុំ​បាន​ដាល់​ត្រូវ​កញ្ចប់​មាត់​របស់​បុរស​ព្រហើន​នោះ​ បន្ទាប់​គ្នា​ នឹង ពាក្យ​កោង​កាច​ ដែល​គេ​បាន​និយាយ​មក​កាន់​សំលាញ់​របស់​ខ្ញុំ​។ បុរស​នោះ​ទ្រេត​ទ្រោត​តតេះ​តតះ​ទៅ​ខាង​ក្រោយ​ តែ​វា​ទប់​ខ្លួន​បាន​ ក៏​ស្ទុះ​ចូល​មក​ម្ដង​ទៀត​ដូច​ខ្លា​ត្រូវ​របួស​ ប៉ុន្ដែ​ក៏​ត្រូវ​ថែម​មួយ​ផាច់​ទៀត​។ ម្ដង​នេះ​ បុរស​នោះ​ដួល​អុក​គូថ​ទៅ​លើ​ដី​។ ខ្ញុំ​ក៏​ចូល​ទៅ​​រាំង​ពី​មុខ​សំលាញ់​ខ្ញុំ​ ហើយ​ទាញ​ដៃ​គេ​ដើរ​ត្រលប់​ទៅ​តុ​វិញ​។

- គួរ​ប្រដៅ​វា​ឲ្យ​ខ្លាំង​ជាង​នេះបន្ដិច​ អាជំលើយ​បែប​ហ្នឹង​ (សំលាញ់​ខ្ញុំបាន​និយាយ​)
- ណ្ហើយ​! ប៉ុណ្ណឹង​បាន​ហើយ​កុំ​ឲ្យខ្មាស​គេ​ សព្វបើ​រឿង​តិច​តួច​អញ្ចឹង​ (ខ្ញុំ​និយាយ​)

    មនុស្ស​ម្នាក់​បាន​ផ្អើល​ឆោ​ឡោ​ឡើង​មើល​ការ​ដែល​កើត​ឡើង​នោះ​។ បុរស​នោះ​ក្រោក​ឈរ​ឡើង​ ហើយ​ក៏​និយាយ​ឡូឡា​ តែ​ខ្ញុំ​ក៏​ពុំ​អាច​ស្ដាប់​បាន​ថា​ គេ​និយាយ​អ្វី​ឡើយ​ ព្រោះ​សម្លេង​អ៊ូរ​អែ​នៃ​មនុស្ស​ដែលភ្ញាក់​ផ្អើល​នោះ​ លឺ​ឡើង​ខ្លាំង​ពេក​។
   មួយ​សន្ទុះ​ក្រោយ​មក​ បុរស​នោះ​ដើរ​ទៅ​ឡើង​ជិះ​រថ​យន្ដ​ហើយ​បើក​បរ​ចេញ​បាត់​ទៅ​។

    សភាព​ឆោឡោ​ក៏​រលាយ​បាត់​ បរិយា​កាស​ស្ងប់​ស្ងាត់​ក៏​កើត​មាន​ឡើង​វិញ​។ ក្នុង​បរិយាកាស​ស្ងប់​ស្ងាត់​នេះ​ ការ​ងឿង​ឆ្ងល់​ក៏​កើត​ឡើង​ទៀត​ដល់​រូប​ខ្ញុំ​ ពី​ដើម​ខ្ញុំ​គិត​ថា​ បុរស​ស្ដ្រី​នេះ​ជា​ប្ដី​ប្រពន្ធ​របស់​គេ​ អីលូវ​ខ្ញុំ​ដូច​ជា​នឹក​សង្ស័យ​ថា​ ពុំ​មែន​ទៅ​វិញ​ ព្រោះ​ខ្ញុំ​បាន​សង្កេត​ឃើញ​បុរស​នោះ​កាន់​ចង្កូត​រថ​យន្ដ​បើក​បរ​ដោយ​ខ្លួន​អែង​ ហើយ​ស្រី​ចាស់​អង្គុយ​ខាង​មុខ​ជាមួយ​​ អែ​សុភាព​នារី​អង្គុយ​ខាង​ក្រោយ​តែ​ម្នាក់​អែង​ទៅ​វិញ​ ឃើញ​ដូច្នេះ​ខ្ញុំ​ប្រែ​សេចក្ដី​ថា​ បុរស​ស្ដ្រី​នេះ​ ពុំ​មែន​ជា​ប្ដី​ប្រពន្ធ​ឡើយ​ ព្រោះ​បើ​ប្ដី​ប្រពន្ធ​របស់​គេ​ គេ​មុខ​ជា​អង្គុយ​ទន្ទឹម​គ្នា​នៅ​ខាង​មុខ​ ដោយ​ទុក​អោយ​ស្ដ្រី​ចាស់​នោះ​អង្គុយ​ខាង​ក្រោយ​ជា​ពុំ​ខាន​។

    លុះ​រថ​យន្ដ​របស់​បុរស​ព្រហើន​នេះ​ ចេញ​ផុត​បន្ដិច​ទៅ​បុរស​ម្នាក់​ដែល​អង្គុយ​នៅ​ជិត​តុខ្ញុំ​ បាន​ងាក​មក​និយាយ​ប្រាប់​សំលាញ់​ខ្ញុំ​ថា​ បុរស​ជំលើយ​អំបាញ់​មិញ​នេះ​ ជា​អនុសេនីទោ​ លោក​មេទ័ព​ដាប ឈួន នៅ​សៀម​រាប​ អែ​ស្ដ្រី​ពីរ​នាក់​នោះ​ គេ​ពុំ​បាន​ស្គាល់​ដែរ​ តែ​គេ​បាន​បញ្ជាក់​ថា​ ពុំ​មែន​ប្រពន្ធ​របស់​បុរស​នោះ​ឡើយ​ ព្រោះ​គេ​ធ្លាប់​ស្គាល់​គ្រួ​សារ​ នៃ អនុសេនីទោ​នោះ​។ គេ​និយាយ​ត​ទៅ​ទៀតថា​ អនុសេនី​ទោ​នេះ​ឈ្មោះ​ ស៊ី​ ជាមនុស្ស​កោង​កាច​សាហាវ​ជា​ទី​បំផុត​។ អនុសេនី​ទោ​នេះ​ជា​សេនា​ឆ្វេង​របស់​ដាប ឈួន​។ អ្នក​ស្រុកសៀម​រាប​ខ្លប​ខ្លាច​នាយ​ទាហាន​នេះ​ ស្ទើរ​ពុំ​ហ៊ាន​មើល​មុខ​ផង​ ព្រោះ​វា​ធ្លាប់​សំលាប់​មនុស្ស​ស្ទើរ​តែ​រាប់​ពុំ​អស់​មក​ហើយ​...​

    គ្រាន់តែ​លឺ​ដូច្នេះ​ ខ្ញុំ​ដូច​ជា​មាន​ការ​ព្រួយ​បារម្ភ​បន្ដិច​ដែរ​ ព្រោះ​ខ្ញុំ​គិត​ថា ​ក្រែង​លោ​ថ្ងៃ​ក្រោយ​ នឹង ​កើត​រឿង​រ៉ាវ​ធំ​ដុំ​ត​ទៅ​ទៀត​​ ព្រោះ​បក្ស​ពួក​ ដាប ឈួន​ សម័យ​នោះ​មាន​អិទ្ធិពល​យ៉ាង​ខ្លាំង​។ តែ​ចិត្ដ​មួយ​គិត​ថា​ ពុំ​គួរ​ភ័យ​ខ្លាច​អ្វី​ទេ​ ព្រោះ​ថា​ បើ​ទុក​ជា​បក្ស​ពួក​កូន​ចៅ​ ដាប​-ឈួន វា​មាន​អិទ្ធិពល​ ក៏​វា​មាន​តែ​អែ​សៀម​រាប​អែ​ណោះ​ទេ វាពុំ​អាច​ប្រើ​អិទ្ធិពល​របស់​វា​អោយ​មក​គ្រប​សង្កត់​លើ​រូប​ខ្ញុំ​ និង សំលាញ់​របស់​ខ្ញុំ​ ដែល​នៅ​ភ្នំពេញ​អែ​ណេះ​បាន​ឡើយ​ ហើយ​ម្យ៉ាង​ទៀត​ ខ្ញុំ​ និង សំលាញ់​របស់​ខ្ញុំ​ ក៏​ជា​នាយ​ទាហាន​ដែរ​ តែ​សភាព​នាយ​ទាហាន​របស់​យើង​នេះ​ យើង​ពុំ​ដែល​ប្រើ​អំណាច​កោង​កាច​ជិះ​ជាន់​អ្នក​ណា​ឡើយ​។ យើង​បាន​តាំង​ចិត្ដ​ជានិច្ច​ថា សភាព​ជា​នាយ​ទាហាន​របស់​យើង​នេះ​ ជារបង​សំរាប់​ការពារ​ប្រទេស​ជាតិ​មាតុភូមិ​.. ហើយ​ក្នុង​សម័យ​សង្គម​ ដែល​សម្ដេច​សហជី​វិន​ទ្រង់​បាន​ដឹក​នាំ​នេះ​ ទាហាន​យើង​ក្រោម​កិច្ច​ចាត់​ចែង​ នៃ លោក​ឧត្ដម​សេនីយ​ លន់​ នល់​ ជា​ទេស​រដ្ឋ​មន្ដ្រី​ការ​ពារ​ប្រទេស​ និង ជា​នាយ​អគ្គ​នាយក​សេនា​ធិការ​កង​ទ័ព​ជាតិ​ ពុំ​គ្រាន់​តែ​ជា​របង​ការពារ​ប្រទេស​ប៉ុណ្ណោះ​ទេ​ ថែមទាំង​បាន​នាំ​គ្នា​ ជួយ​ស្ថាប​នា​ជាតិ​គ្រប់​វិស័យ​ មានការ​ស្ថាបនា​ ផ្លូវ​ថ្នល់​ ស្ពាន​ សាលា​រៀន​ ផ្ទះ​ពេទ្យ​ វត្ដ​អារាម​ និង ទី​តាំង​ខេត្ដ​ថ្មី​ៗ​ ជា​ដើម​ទៀត​ផង​....

    ក្រោយ​​ការ​កើត​ហេតុ​នោះ​បន្ដិ​មក​ យើង​ក៏​នាំ​គ្នា​បន្ដ​ដំណើរ​មក​ភ្នំពេញ​ទៀត​។ ខ្ញុំ​ភ្លេច​បញ្ចេញ​ឈ្មោះ​សំលាញ់​របស់​ខ្ញុំ​នេះ​ តើ​គេ​ឈ្មោះ​អ្វី​? គេ​ឈ្មោះ​សុខ​ សម្បូរ​។ យើង​ធ្លាប់​រៀន​នៅ​ក្នុង​សាលា​ទាហាន​ជា​មួយ​គ្នា​។ ក្នុង​សម័យ​នោះ​ សុខ សម្បូរ​ ក៏​ដូច​រូប​ខ្ញុំ​ដែរ​ យើង​មាន​ឋានន្ដរ​ស័ក្ដិ​ជា​អនុសេ​នីយ​ទោ​ដែរ​ តែ​គេ​ធ្វើ​ការ​នៅ​ក្នុង​កង​កាំ​ភ្លើង​ធំ​ អែ​រូប​ខ្ញុំ​វិញ​ ធ្វើ​ការ​នៅ​ការិយាល័យ​ទី​ ២ នៃ​ អគ្គ​សេនា​ធិការ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ផ្នែក​ចារ​កម្ម។