ជំពូកទី១
១. រឿងអាថិកំបាំងបិទមុខ
ថ្ងៃសៅរ៍ ទី5.ធ្នូ 2020.ម៉ោង 18:25

   នៅ​ក្រុង​បាងកក​រាជ​ធា​នី​ នៃ​ ប្រ​ទេស​ថៃ​ឡង់​ ក្នុង​ គ.ស. ១៩៦២ មាន​រឿង​ចំលែក​អស្ចារ្យ​ បាន​ធ្វើ​អោយ​មហា​ជន​ភ្ញាក់ផ្អើល​យ៉ាង​ខ្ឡាំង​ ព្រោះ​រឿង​អាថិ​កំបាំង​ ឋិត​នៅ​ក្នុងការ​ងឿង​ឆ្ងល់​ នៃ​ មហាជន​ ចាប់​តាំង​ពីជន​សាមញ្ញ​ធម្មតា​ រហូត​ដល់​អ្នក​កាសែត​ អ្នក​និព្វ​រឿង​បិទ​មុខ​ អ្នក​ចិត្ដ​សាស្ដ្រ​ អ្នក​វិញ្ញាណ​សាស្ដ្រ តែង​នាំ​គ្នា​ស៊ើប​សួរ​ថា តើ​រឿង​រ៉ាវ​ពិត​ប្រាកដ​នោះ​យ៉ាង​ណា​ខ្លះ​?

   ភ្លើង​សង្គ្រាម​លោក​លើកទី២ បាន​រលត់​ទៅ​ក៏​ពិត​មែន​​ហើយ ​តែ​ប្រ​ជា​ជន​ទាំង​ឡាយ​នៅ​ពុំ​ទាន់​បាត់ស្រៀវ​ឆ្អឹង​ខ្នង​នៅ​ឡើយ​។ ការ​ប្រែ​ប្រួល​ នៃ ពិភព​លោក​ ដែល​អាច​កើត​ឡើង​ពីផល​ នៃ សង្គ្រាម​ សម័យ​ថ្មី​ សង្គ្រាម​ត្រជាក់​ សង្គ្រាម​ពិសេស​ សង្គ្រាម​ឥត​ប្រកាស​សង្គ្រាម​ ដែល គេ​ច្រើ​តែ​ស្មាន​ថា នឹង ប្រព្រឹត្ដទៅ​បែប​នេះ​ បែប​នោះ​យ៉ាង​ណា រឿង​អាថិ​កំបាំង​បិទ​មុខ​ ដែល​កំពុង​កើត​មាន​ឡើង​ក្នុង​ពេល​នេះ​ ក៏នៅ​តែ​ទទួល​ នូវ ការ​ងឿង​ឆ្ងល់​ និង ការ​ដៅស្មាន​ នៃ​ មហាជន​ ពុំ​ប្លែកគ្នា​ប៉ុន្មាន​ពី​រឿង​សង្គ្រាម​ទាំង​នោះ​ដែរ​....

   ប្រជាជន​ភាគ​ច្រើន​នៅ​បាង​កក​ នាំ​គ្នា​ជឿ​ថា​ មាន​ខ្មោច​បិសាច​មួយ​ដែល​មាន​ឥទ្ធិ​រិទ្ធិ​ តែ​ពុំ​ប្រទូស​រ៉ាយ​ នឹង​ មនុស្ស​ ព្រោះ​វា​មិន​ដែល​ធ្វើ​អ្វី​ឲ្យ​រំខាន​ដល់​អ្នក​ណា​សោះ​ឡើយ​។

    បិសាច​នេះ​ គឺ គ្រាន់តែ​ជាបិសាច​ស្នេហា​តែ​ប៉ុណ្ណោះ​ ព្រោះ​វា​មក​ជួប​តែ​មនុស្ស​ដែល​វា​ស្រឡាញ់​ ដោយ​វា​អាច សំដែង​រូប​កាយ​អោយ​ក្លាយ​ខ្លួន​ទៅ​​ជាមនុស្សបាន​។

   មនុស្ស​ដែល​បិសាច​នៅ​ស្រលាញ់​ គឺ​ស្រី​ម្នាក់​ឋិត​នៅ​ក្នុង​មជ្ឈិម​វ័យ​ឈ្មោះ​នាង​ យូ​រ៉េត​។ ឈ្មោះ​នេះ​ក៏​ល្មម​ជា​ឈ្មោះ​របស់​ជន​ជាតិ​ថៃ​បាន តែ​អ្នក​ផង​បាន​ដឹង​ច្បាស់​ថា នាង​យូរ៉េត​ជា​ជន​ជាតិ​ខ្មែរ។ នាង​មាន​ប្ដី​ជា​ជន​ជាតិ​ខ្មែរ​ដែរ​ ហើយ​មាន​កូន​ប្រុស​តូច​ម្នាក់​ ដែល​នៅ​ក្នុង​បន្ទុក​របស់​នាង​សព្វ​ថ្ងៃ​នេះ​..

   រឿង​រ៉ាវ​មាន​ត​ទៅ​ទៀត​ថា កាល​បើ​គូ​ស្វាមី​ភរិយា​ នៅ​រួម​សុខ​ទុក្ខ​ជា​មួយ​គ្នា​ បាន​កូន​ប្រុស​មួយ​នេះ​ហើយ​ ប្ដី​ក៍​ស្លាប់​ចោល​នាង​ទៅ​ ដោយ​សារឧបទ្ទ​ហេតុ​ក្នុង​ពេល​រាត្រី​មួយ​ ដែល​គេ​បាន​បើក​រថ​យន្ដ​ផ្ទាល់​ខ្លួន​ចូល​ទៅ​ទី​ក្រុង​ ដើម្បី​កិច្ច​ធុរ​អ្វី​មួយ​ ហើយ​ទៅ​បុក​ដើម​ឈើ​នៅ​ទី​ពាក់​កណ្ដាល​ផ្លូវ​។ ដោយ​សារ​ការ​បើក​បរ​លឿន​ពេក​ រថ​យន្ដ​នោះ​បាន​ជ្រុល​ជ្រួស​ទៅ​បុក​ដើម​ឈើ​យ៉ាង​ខ្លាំង​ក្រៃ​ណា​ខ្លាំង​ ទាល់​តែ​រថយន្ដ​នោះ​ឆេះ​ខ្ទេច​ខ្ទី​ទាំង​អស់​។ ឯ​ម្ចាស់​រថ​យន្ដ​គឺ​ប្ដី​នាង​យូរ៉ត ដែល​ជា​អ្នក​បើក​រថ​យន្ដ​នោះ​ ក៏​ត្រូវ​ភ្លើង​ឆាប​ឆេះ​រោល​រាល​ ស្លាប់​នៅ​ជាប់​ នឹង ដៃ​ចង្កូត​រថ​យន្ដ។ ភាព​នេះ​ជា​ភាព​គួរ​ឲ្យស្លុត​រន្ធត់​ជា​ខ្លាំង​..

   ទី​កន្លែង​ដែល​រថ​យន្ដ​បុក​ដើម​ឈើ​ ទាល់​តែ​ស្លាប់​ម្ចាស់​នោះ​ ជា​កន្លែង​ស្ងប់​ស្ងាត់​គ្មាន​ផ្ទះ​សម្បែង​អ្នក​ស្រុក​ឡើយ​។ សងខាងផ្លូវថ្នល់​មាន​ដើម​គគីរ​ដុះ​ជា​ជួរ​ តែ​ឃ្លាត​ៗ​ពីគ្នា​។ បើ​តាម​ការ​សន្និដ្ឋាន​ របស់​ក្រុម​ព្រះ​នគរ​បាល​ ដែល​បាន​ទៅ​ពិនិត្យ​មើលសាក​សព​ និង កំទេច​រថ​យន្ដ​ក្នុង​វេលា​នោះ​ថា​ ប្រ​ហែល​ជា​ម្ចាស់​រថ​យន្ដ​បើក​បរ​លឿន​ពេក​ ពុំ​ប្រយ័ត្ន​ប្រយែង​ លុះ​មាន​ហេតុ​ការណ៍​កើត​ឡើងចាប់​ហ្វ្រាំង​ពុំ​ទាន់​ រថ​យន្ដ​ក៏​ជ្រុល​ទៅ​បុក​ដើម​ឈើ​។ ដោយ​ការ​បុក​ខ្លាំង​ពេក​ រថ​យន្ដ​ក៏​ឆេះ​ខ្ទេចខ្ទី​ បណ្ដាល​អោយ​អ្នក​ម្ចាស់​រថ​យន្ដ​ ដែល​ជា​អ្នក​បើក​បរ​នោះ​ត្រូវ​ភ្លើង​ឆេះ​រោល​រាល​ទៅ​ជា​មួយ​ នឹង ​រថយន្ដ​ដែរ​។ ការ​ពិនិត្យ​ និង សេចក្ដី​រាយ​ការណ៍​ របស់​ក្រុម​ព្រះ​នគរ​បាល​ បាន​ផ្អែក​ទៅ​លើ​ជំនឿថា​ រថ​យន្ដ​ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ​ ជា​រថ​យន្ដ​របស់​ប្ដី​នាង យូរ៉េត​ ឯ​អ្នក​រង​គ្រោះ​ស្លាប់​ក្នុង​រថ​យន្ដ​ ក៏​គឺ​ប្ដី​របស់​នាង​ យូរ៉េត​ន‌ុះ‌ឯង​....​

    ហេតុ​ការណ៍​ដូច​ពោល​មក​នេះ​ បាន​កើត​ឡើង​បី​ឆ្នាំ​កន្លង​មក​ហើយ...
    កាល​បើ​អត់​ពី​ខ្មោច​ប្ដី​ទៅ​ហើយ​ នាង​យូ​រ៉េត​ ក៏​នៅ​តែ​សំណាក់​អា​ស្រ័យ​នៅ​ក្រុង​បាង​កកដដែល​។ ក្រោយ​ពេល​ចាត់​ការ​ធ្វើ​បុណ្យ​បូជា​សព​ជូន​ខ្មោច​ប្ដី​ ហើយ នាង​យូ​រ៉េត​រស់​នៅ​ដោយ​ការ​ស្ងប់​ស្ងៀម​ ពុំ​សូវ​មាន​ទាក់​ទង​វីវរ​ នឹង អ្នក​ណា​ឡើយ​។ ផ្ទះ​របស់​នាង​ជា​ផ្ទះ​ឈើ​ប្រក់សង័្ក​សី​ សង់​នៅ​លើ​ដី​ភូមិ​មួយ​នៅ​ជាយ​ក្រុង​ តាម​ផ្លូវ​ដែល​ចេញ​ពី​ទី​ក្រុង​ទៅចន្ទ​បូរី។​

   រឿងរ៉ាវ​អាថិ​កំបាំង​បិទ​មុខ​នេះ​ កាល​ពី​បី​ឆ្នាំ​កន្លង​ទៅ​នេះ​មាន​ដំណឹង​លេច​លឺ​ថា ខ្មោច​ប្ដី​នាង យូរ៉េត​ អាច​សំដែង​ឥទ្ធិ​រិទ្ធ​ អោយ​កើត​ទៅ​ជា​រូប​មនុស្ស​បាន​។ មិន​តែ​ប៉ុណ្ណោះ​ខ្មោច​នេះ​ អាច​និយាយ​ស្ដី​ឆ្លើយ​ឆ្លង​ ជាមួយនឹង​ នាង​បានទៀត​ផង​។ ដំបូង​មាន​អ្នក​ឃើញ​តែ​ពីរ​បី​នាក់​ប៉ុណ្ណោះ​ តែលុះ​ដំណឹង​នេះ​ ចេញ​ពី​មាត់​មួយ​ ចូលត្រចៀក​មួយ​ទៀត​ ក៏​រឹង​រិត​តែ​លេច​លឺ​សុស​សាយ​ច្រើន​ឡើង​ៗ​ ស្ទើរ​តែ​ពាស​ពេញ​ប្រ​ទេស​ថៃ​ទាំង​មូល។

   កាល​បើ​ដំណឹង​នេះ​ លេច​លឺ​ច្រើន​ឡើង​ ការងឿង​ឆ្ងល់​របស់​មហា​ជន​ ក៏​រឹង​រិត​តែ​ច្រើន​ឡើង​ដែរ​ ទាល់​តែ​ក្លាយ​ទៅ​ជា​រឿង​អាថិកំបាំង​បិទ​មុខ​ និង​ ជា​រឿង​ដែល​មាន​ជាប់​នៅ​លើ​ទំព័រ​សារពត៌​មាន​។

   ក្នុង​ការ​នាំ​សារ​ចុះ​ឡើង​នៃ​ពាក្ស​សំដី​ របស់​សង្គម​មនុស្ស​ សូម្បី​អ្នក​ដែល​ពុំ​ជឿ​ខ្មោច​បិសាច​សោះ​ក៏​ដោយ​ ក៏បែរ​ជា​បណ្ដោយ​ពេល​វេលា​អោយ​ខូច​ខាត​ទៅ​ ដោយ​សារ​តែការ​ចង់​ដឹង​ ចង់​លឺ​ នូវ រឿង​នេះ​ដែរ​​។

   ដោយ​ហេតុ​ថា​រឿង​នេះ​ ពុំ​មែន​ជា​រឿង​អាជ្ញា​ ពុំ​មែន​ជា​រឿង​ ដែលច្បាប់​អាច​ចូល​ទៅ​ជ្រៀត​ជ្រែក ​ឬ ចូល​ទៅ​ទាក់​ទាម​បាន​ផង​នោះ​ ខាងក្រុម​ព្រះ​នគរ​បាល​ ក៏​គ្មាន​អំណាច​កោះ​ហៅ​ នាង​យូរ៉េត​ យក​​ទៅ​សាក​សួរ​រក​ហេតុ​ការណ៍​បាន​ឡើយ​។​

    មានអ្នក​ងឿង​ឆ្ងល់​ជា​ច្រើន​បាន​នាំ​គ្នា​ទៅ​ចោម​រោម​ សាក​សួរ​នាង​ស្ទើរ​តែ​គ្មាន​ចន្លោះ​ពេល​សោះ​ តែ​នាង​យូរ៉េត​ ពុំ​ព្រម​ឆ្លើយ​ថា​អ្វី​ឡើយ​ ក្រៅ​ពី​ថា​ នាង​ពុំ​អាច​បដិ​សេធ​ នូវ ​ពាក្យ​ចចាម​អារាម​ដែល​លេច​លឺ​ថា បិសាច​ខ្មោច​ប្ដី​នាង​ប្រែ​ក្រឡា​ខ្លួន​ជា​មនុស្ស​មក​ជួប​ នឹង​ នាង​ តែ​ក៏​ពុំ​អាច​ធនា​រ៉ាប់​រង​ថា​រឿង​នេះ​ជា​រឿង​ពិត​ដែរ​។

«តែ​រឿង​នេះ មាន​មនុស្ស​ឃើញ​ច្បាស់​ នឹង ​ភ្នែក​ថា​៖ បិសាច​ខ្មោច​ប្ដី​របស់​អ្នក​ស្រី​អង្គុយ​និយាយ​គ្នា​ជា​មួយ​អ្នក​ស្រី​នៅ​លើ​គ្រែ​ក្រោម​ដើម​ប្រខុប​ខាង​មុខ​ផ្ទះ​» (អ្នក​កាសែត​ម្នាក់​និយាយ​ជា​មួយ​នាង​យូ​រ៉េត​)។
- បើ​គេ​ឃើញ​ច្បាស់​ នឹង ​ភ្នែក​យ៉ាង​នោះ​ហើយ​លោក​ចាំ​មក​សួរ​ខ្ញុំ​ធ្វើ​អ្វី​ទៀត​ នាង​យូរ៉េត​ឆ្លើយ
- តែ​ខ្ញុំ​ចង់​ដឹង​នូវ​ការ​ពិត​ ដែល​ចេញ​ពី​មាត់​អ្នក​ស្រី​អោយ​បាន​ច្បាស់​លាស់​
- ប្រ​សិនបើ​មាន​មនុស្ស​បាន​ឃើញ​ នឹង​ ភ្នែក​គេ​ទៅ​ហើយ​លោក​គួរ​តែ​ជឿ​តាម​គេ​ទៅ​ចុះ​ ពុំ​បាច់​មក​សាក​សួរ​ខ្ញុំ​ធ្វើ​អ្វី​ទៀត​ទេ​លោក
- ប្ដី​អ្នក​ស្រី​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរា​ចរ​មែន​ទេ?
- ច៎ាស!
- អ្នក​ស្រី​ធ្វើ​សក្ដារ​បូជា​សព​ប្ដី​របស់​អ្នក​ស្រី​ជា​និច្ច​ឬ?
- ច៎ាស​ខ្ញុំ​ធ្វើ​ជា​និច្ច​! នេះ​ជា​កិច្ច​វត្ដ​ពិសេស​ដែល​ខ្ញុំ​ធ្វើ​រាល់​ល្ងាច​ពុំ​ដែល​ខាន​សោះ​។
- ចុះ​អ្នក​​ស្រី​បាន​ឃើញ​បិសាច​ខ្មោច​ប្ដី​របស់​អ្នក​ស្រី​រាល់​ល្ងាច​ដែរ​ឬ​?
- មិន​ដែល​ឃើញ​ទេ​ ទើប​តែ​ឃើញ​ក្នុង​ពេល​ថ្មីៗ​នេះ
- បើ​អញ្ចឹង​បាន​សេចក្ដី​ថា​ អ្នក​ស្រី​បាន​ឃើញ​បិសាច​ខ្មោច​ប្ដី​របស់​អ្នក​ស្រី​ពិត​ប្រាកដ​មែន​ មែន​ឬទេ​អ្នកស្រី​?
- ត្រង់​នេះ​ខ្ញុំពុំ​អាច​បដិសេធ​បាន​ទេ​លោក​
- អ្នក​ស្រី​ជឿឬ​ទេ​ថា​ ជា​បិសាច​ខ្មោច​ប្ដី​របស់​អ្នកស្រី​?
- ខ្ញុំ​ពុំ​ជឿ​ថា​ជា​អី​ទេ​ ហើយ​ក៏​ពុំ​ដឹង​ថា​អ្វី​ទាំង​អស់​
- និយាយឆ្លើយ​ឆ្លងគ្នា​បាន​មែន​ទេ​លោក​ស្រី?
- អ្នក​ណា​ជំរាប​លោក​ថា និយាយ​ឆ្លើយឆ្លងគ្នាបាន?
- ទេ! នេះ​ខ្ញុំសួរអ្នកស្រី
- ចុះលោកយក​រឿង​អី​មក​សួរ​ខ្ញុំ​?
- គឺ​មាន​មនុស្ស​និយាយ​លាន់់​ៗ​ថា មាន​គេ​បាន​ឃើញ​អ្នក​ស្រី​និយាយ​ឆ្លើយ​ឆ្លង​គ្នា ​នឹង បិសាច​ខ្មោច​ប្ដី​របស់​អ្នក​ស្រី
- បើ​អញ្ចឹង​គួរ​តែ​លោក​អញ្ជើញ​ទៅ​សាក​សួរអ្នក​ណា​ដែល​គេ​និយាយ​នោះ​ទៅ​វិញ​ទៅ​ស្រួល​ជាជាង​​
- លោក​ស្រី​ពុំ​ពេញ​ចិត្ដ​ នឹង ​ជួយ​បំភ្លឺ​ខ្ញុំ​ខ្លះ​ក្នុង​រឿង​នេះ​ទេ​ឬ?
- ខ្ញុំ​សុំជំរាប​លោក​តាម​ត្រង់​ថា ខ្ញុំ​ពុំពេញ​ចិត្ដ​ទាល់តែ​សោះ​
- បើ​ខ្ញុំ​សុំ​ដឹង​បន្ដិច​ត​ទៅ​ទៀត​បាន​ឬទេ​ ថា​ព្រោះ​ហេតុ​អ្វី​?
   - ព្រោះ​យើង​ត្រូវ​ការ​គោរព​វិញ្ញាណ​ក្ខន្ធ​ របស់​បុគ្គល​ដែល​ស្លាប់​ទៅ​ហើយ​ ប្ដី​របស់​ខ្ញុំ​ស្លាប់​ទៅ​ហើយ​ ខ្ញុំ​ពុំ​ពេញ​ចិត្ដ​ឲ្យ​អ្នក​ណា​នាំ​យក​រឿង​នេះ​ ទៅ​និយាយ​ឲ្យ​លេច​លឺ​ឡើង​យ៉ាង​នេះ​យ៉ាង​នោះ​គ្មាន​ទី​បំផុត​សោះ​ ព្រោះ​ពេល​នេះ​ជា​ពេល​ដែល​គួរ​តែ​ទុក​ឲ្យ​វិញ្ញាណក្ខន្ធ​នៃ​សព​ប្ដី​របស់​ខ្ញុំ​ បាន​ទទួល​ នូវ ​ការ​ឈប់​សំរាក​ដ៏​សុខ​ក្សេម​ក្សាន្ដ​ ពុំ​គួរ​ នឹង ត្រូវ​រុក​គួន​អ្វី​ទេ​
- តែ​រឿង​ដែល​ទាក់​ទង​ នឹង ​ការ​ងឿង​ឆ្ងល់​ របស់​មហាជន​
- សុំ​លោកជួយ​ប្រាប់ម​ហា​ជន​ តាម​ទំព័រ​កាសែត​របស់​លោក​ផងថា​ នេះ​ជា​រឿង​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​តែ​ឯក​ឯង​ទេ ​​ពុំ​មែន​ជា​រឿង​របស់​អ្នក​ដទៃ​ឡើយ។

    ​ក្រោយ​ពេល​ដែល​អ្នក​កាសែត​ចេញពី​ផ្ទះ​របស់​នាង​ យូរ៉េត​​ទៅ​ ហើយ​នាំ​យក​ពាក្យឆ្លង​ឆ្លើយ​ ដូច​ពោល​ខាង​លើ​ទៅ​ចុះ​ផ្សាយ​តាម​ទំព័រ​សារព៌ត​មាន​នេះ​ គឺ​រឹង​រិត​តែ​ធ្វើ​ឲ្យ​មហា​ជន​ងឿង​ឆ្ងល់​ខ្លាំង​ឡើង​ទៀត​។ ប៉ុន្ដែ​មាន​មនុស្ស​ជា​ច្រើន​គេ​គិត​ថា​ ពុំ​គួរ​រវល់​ក្នុង​រឿង​នេះ​ ដែល​ជា​ហេតុ​នាំ​ឲ្យ​នាង​ យូរ៉េត​ ខ្វល់​ចិត្ដ​នោះ​ទេ​ ព្រោះ​ម្ចាស់​របស់​រឿង​គេ​ពុំ​ចង់​ប្រាប់​សោះ​ ដោយ​​នាង​គិត​ថា​ ជារឿង​របស់​បុគ្គល​ដែល​ស្លាប់​ទៅ​ហើយ​ ហើយ​បុគ្គល​អ្នក​ស្លាប់​ មាន​សិទ្ធិ​ត្រូវ​តែ​ទទួល​សំរាក​សំរាន្ដ​ជា​សុខ​សាន្ដ​ ពុំ​គួរ​ជា​ត្រូវ​គេរុកគួន​អ្វី​ឡើយ​។

    នាង យូរ៉េត ចេះ​តែបដិសេធ​ ពុំ​ព្រម​បំភ្លឺ​អ្វី​ឲ្យ​បាន​សម​ នឹង ​សេចក្ដី​ស្រេក​ឃ្លាន​របស់​អ្នក​ ដែល​ចង់​ដឹង​ចង់​ឃើញ​នោះ​ឡើយ​។

    ការ​ចង់​ដឹង​ចង់​ឃើញ​របស់​មហា​ជន​ រឹង​រិត​តែ​មាន​ទ្វេ​ឡើងៗ​។ នាង​ យូរ៉េត ចេះ​តែ​ព្យាយាម​គេច​ពី​ការ​រុក​គួន​របស់​ពួក​អ្នក​ស្មូម​សួរ​ តែ​ក៏​ពុំ​អាច​គេច​ផុត​ឡើយ​។ ពេល​ដែល​នាង​ត្រូវ​អុជ​ទៀន​ធូប​ ធ្វើ​សក្ការ​បូជា​សព​ប្ដី​របស់​នាង​នោះ​ ជា​ពេល​យប់​។ នាង​ដឹង​ខ្លួន​ថា ​មាន​មនុស្ស​លប​មើល​ជា​និច្ច​។ កាល​បើ​ត្រូវ​គេរុកគួន​ខ្លាំង​ឡើង​ៗ​ នាង​យូរ៉េត​ ក៏​លក់​ផ្ទះ​ ហើយ​នាំ​កូន​ធ្វើ​ដំណើរ​ចេញពី​ទី​ក្រុង​បាង​កក​។ អ្នក​ស្រុក​ជិត​ខាង​ក៏​ឥត​បាន​ដឹង​ថា​នាង​ទៅ​នៅ​ទី​ណា​សោះ​ឡើយ​។

    រឿង​ដែល​ម្ដាយ​ និង កូន​ភៀស​ខ្លួន​ចេញ​បាត់​ពី​ក្រុង​បាង​កក​នោះ​ ជា​រឿង​ដែល​គេ​អាច​សន្និដ្ឋាន​បាន​ដោយ​ងាយ​ គេ​នាំគ្នា​និយាយ​ថា​ នាង យូរ៉េត​ ធុញ​ទ្រាន់​ នឹង ពួក​អ្នក​ចង់​ដឹង​ ចង់​ឃើញ​ ដែល​ចេះ​តែ​ទៅ​រំខាន​សាក​សួរ​នាង​អំពី​រឿង​រ៉ាវ​ ដែល​នាង​ពុំ​ចង់​ប្រាប់​។ ហេតុ​នេះ​ហើយ​បាន​ជា​នាង​ត្រូរ​ភៀស​ខ្លួន​ចេញ​។ នាង យូរ៉េត​ ទៅ​តែ​ខ្លួន​ ពុំ​បាន​យក​អដ្ឋិ​ធាតុ​ប្ដី​របស់​នាង​ទៅ​ជាមួយ​ផង​ឡើយ​។ ឯបិសាច​នោះ​កាល​បើ​នាង​ យូរ៉េត​ ភៀស​ខ្លួន​បាត់ទៅ​ ក៏​លែង​សំដែង​រិទ្ធិ​ ប្រែ​ក្រឡា​ឲ្យ​អ្នក​ណា​ឃើញ​ទៀត​ដែរ​។

    រឿង​រ៉ាវ​ទាំង​អស់​នេះ​ តែង​ឋិត​នៅ​ជា​រឿង​បិទ​មុខ​នៅ​ក្នុង​ក្រុង​បាង​កក​ដដែល​។ សូម្បី​នាង​យូរ៉េត​បាន​ភៀស​ខ្លួន​បាត់​យូរ​ខែ​ហើយ​ក៏​ដោយ​ ក៏​មហា​ជន​នៅ​តែ​ងឿង​ឆ្ងល់​ដដែល​។ ពួក​អ្នក​កាសែត​ ដែល​ពុំ​ទាន់​អស់​ការ​ងឿង​ឆ្ងល់​ក្នុង​រឿង​នេះ​ ក៏​នៅ​តែ​លើក​យក​រឿង​ដដែល​ៗ​នេះ​ ទៅ​ចុះ​ផ្សាយ​ក្នុង​ទំព័រ​កាសែត​របស់​ខ្លួន​តាម​ការ​ដៅ​ស្មាន​របស់​ខ្លួន​ និង ​តាម​ពាក្យ​ចចាម​​អារាម​ ដែល​គេ​បាន​លឺ​មកពីប្រភព​នេះ​ខ្លះ​នោះ​ខ្លះ​។ យូរៗ​ទៅ​ពាក្យ​ចចាម​អារាម​ក្នុង​ទំព័រ​កាសែត​នោះ​ ក៏​ជំទាស់​គ្នា​ឯង​ ពុំ​អាច នឹង ស្ដាប់​យក​សេចក្ដី​ត្រង់​ណា​ ឬ​ កាសែត​ណា​ថា​ជា​ការ​ពិតប្រា​កដ​ឡើយ​។ អ្នក​ខ្លះ​ថា​ ឃើញ​នាង​យូរ៉េត​ទៅ​ឯណេះ​ អ្នក​ខ្លះ​ថា​ឃើញ​នៅ​ឯណោះ​ អ្នក​ខ្លះ​ទៀត​ថា បិសាច​ខ្មោច​ប្ដី​របស់​នាង​យក​​នាង​ទៅ​... គិត​ៗ​ទៅ​មាន​អណ្ដាត​ចេះ​តែ​រលាស់​ ពុំពិចារណា​ឲ្យហ្មត់ចត់​។ ដោយ​អាង​តែ​អណ្ដាត​អត់​ឆ្អឹង​ គេ​ក៏​ចេះ​តែ​និយាយ​ឲ្យ​តែ​រួច​ពី​មាត់។ លុះ​គេនិយាយ​យូរៗ​ទៅ​ ហើយ​ច្រើន​ឡើង​ៗ​ ពាក្យ​សំដី​ពុំ​អាច​ចុះ​សំរុង​​យល់​ស្រប​គ្នា​បាន​ឡើយ​។

    រហូត​មក​ដល់​ពេល​ឥឡូវ​នេះ​ទៀត​ មើល​ទៅ​ក៏​ដូច​ជា​គ្មាន​នរណា​បាន​ដឹង​នូវ​ការ​ពិត​ប្រា​កដ​ នៃ​ រឿង​រ៉ាវ​របស់​នាង ​យូរ៉េត​នោះ​សោះ​ឡើយ​។ ប៉ុន្ដែ​ខ្ញុំ​បាន​ដឹង​....

    ការ​ពិត​ដែល​ទាក់​ទង​ នឹង រឿង​រ៉ាវ​របស់​នាង​យូរ៉េត​នោះ​ឋិត​នៅ​ក្នុង​ក្រញ៉ាំ​ដៃ​របស់​ខ្ញុំ​។ ខ្ញុំ​អាច​សរសេរ​រឿង​នេះ​ផ្សាយ​ដំណឹង​ ដើម្បី​បំបាត់​​ នូវ​ ការ​ងឿង​ឆ្ងល់​ នៃ អ្នក​ស្រេក​ឃ្លាន​ដឹង​បាន​ ពោះ​ខ្ញុំ​បាន​ពិនិត្យ​មើល​ទៅ​ពុំ​ឃើញ​ថា​ ជា​រឿង​ដែល​ត្រូវ​បិទ​​បាំង​ធ្វើ​អ្វី​ត​ទៅ​ទៀត​ឡើយ​។ ប៉ុន្ដែ​ក្នុង​ពេល​នេះ​ខ្ញុំ​នៅ​ពុំ​ទាន់​ជំរាប​នរណា​ឲ្យ​ដឹង​ថា នាង​ យូរ៉េត​ នៅ​ឯណា​ ខ្ញុំនៅ​ឯណា​ មាន​ជីវិត​​ប្រព្រិត្ដ​ទៅ​យ៉ាង​ណា​ឡើយ​។​

    ការ​​ដែល​ខ្ញុំ​ត្រូវ​លាក់​ខ្លួន​ពួន​អាត្មា​នោះ​ ក្រៅ​ពី​មាន​ហេតុ​ផល​តាម​ផ្ទៃ​រឿង​ ដែល​នឹង​ ត្រូវ​បរិយាយ​ត​ទៅ​ខាង​មុខ​នោះ​ចេញ​ ខ្ញុំ​នៅ​មាន​សេចក្ដី​ត្រូវ​ការ​ម្យ៉ាង​ទៀត​ គឺ​ការ​ស្ងប់​ស្ងាត់​ក្នុង​ជីវិត​របស់​ខ្ញុំ​។ ខ្ញុំ​ធុញ​ទ្រាន់​ចំពោះ​ការប្រ​ព្រិត្ដ​ទៅ​ នៃ ពិភព​លោក​ជា​ខ្លាំង​។ ខ្ញុំ​បាន​ឧទ្ទិស​ដល់​វត្ថុ​សក្ដិ​សិទ្ធិ​ក្នុង​​លោក​ សុំ​ជួយ​បណ្ដាល​ឲ្យ​មនុស្ស​លោក​ចេះ​ស្រលាញ់​រាប់​អាន​គ្នា​ ចេះ​ជួយ​អនុគ្រោះ​គ្នា​ សន្ដោស​គ្នា​ កុំ​ឲ្យ​មាន​ចិត្ដ​ដូច​ក្នុង​រឿង​រ៉ាវ​របស់​នាង​យូរ៉េត​ ដែល​ខ្ញុំ​ នឹង សរសេរ​តាម​ការ​ពិត​ដែល​ខ្ញុំបាន​ដឹង​បាន​លឺ​នេះ​។

    រឿង​រ៉ាវ​ក្នុង​ជីវិត​នាង​យូរ៉េត​ ជា​រឿង​ដែល​គួរ​ដឹង​ ព្រោះ​ជា​រឿង​រ៉ាវ​ក្នុង​ជីវិត​មួយ​ មាន​សភាព​​ប្លែក​ពី​ជីវិត​ធម្មតា​ តែ​ក៏​ពុំ​មែន​ជា​ប្លែក​ទាល់​តែ​ផុត​វិស័យ​មនុស្ស​លោក​ទេ។ បើ​យើង​ព្រម​ទទួល​ថា​ ក្នុង​​លោក​នេះ​ គ្មាន​អ្វី​ប្លែក​ គ្មាន​អ្វី​ថ្មី​ រឿង​រ៉ាវ​របស់​នាង​យូរ៉េត​​នេះ​ ក៏​ជា​រឿង​ធម្មតា​ដែរ​ តែ​ថា​រឿង​រ៉ាវ​ធម្មតា​នេះ​ឯង​ មាន​ច្រើន​បែបច្រើន​យ៉ាង​ណាស់​ ហើយ​ការ​ប្រព្រិត្ដ​ទៅ​ នៃ ជីវិត ​របស់​មនុស្ស​យើង​ ជា​ការ​ដែល​​យើង​រៀន​ពុំ​ចេះ​អស់​ពុំ​ចេះ​ចប់​ និង គ្មាន​ទីបំផុត​។ ក្នុង​លោក​នេះ​គ្មាន​អ្នក​ណា​មួយ​សន្និ​ដ្ឋាន​បាន​ថា ​ខ្លួន​បាន​រៀន​ចេះ​ចប់​ នូវ​ រឿង​រ៉ាវ​នៃ​ជីវិត​នេះ​ឡើយ​ ព្រោះ​ថា​រឿង​រ៉ាវ​ នៃ​ ជីវិត​នោះ​ បើ​យើង​រៀន​ច្រើន​ៗ​ទៅ​ យូរ​ទៅ​ៗ​ ក៏​រឹង​រិត​តែ​ដឹង​ខ្លួន​ៗ​ឯង​ថា យើង​ចេះ​តិច​ចេះ​ពុំ​អស់​ ចេះ​ពុំ​ចប់​ ហើយ​ចេះ​តែ​ត្រូវ​ការ​ចង់​រៀន​ទៅ​មុខ​ទៀត​ជា​និច្ច​។