៨ -អុកងាប់មួយក្រលា
ថ្ងៃសៅរ៍ ទី2.កុម្ភៈ 2019.ម៉ោង 10:28

   ទឹក​នោះ​ជ្រៅ​ ត្រជាក់​ដល់​ឆ្អឹង​ខ្នង​ អច្ឆរិយា មុជ​សំដៅ​នាវា​សៀម​ ដែល​លិច​ត្រាំ​ក្នុង​បាត​សមុទ្រ ២០​ឆ្នាំ​ហើយ​។
   ប៉ៃ​អា​ខ្មោច​ឆៅ​អ្ហើយ​! អច្ឆរិយា ភ្ញាក់​ក្រញាង​ព្រម​ទាំង​ពន្លត់​ពន្លឺ​វារី​ពិល​ផង​។ បុរស​ម្នាក់​ទៀត​តាម អច្ឆរិយា ស្មាន​គឺ បុរស​ដែល​បាន​ឆ្មក់​បាញ់​ព្រួញ​ទំលាយ​បំពង់​អុក​ស៊ីហ្សែន​ សំលាប់​អ្នក​ពីយប់​មិញ​..​ បុរស​នោះ​មាន​ប៉ែល​​កំពុង​ចូក​ដី​ក្នុង​នាវា​។ ដោយ​ពន្លឺ​វារី​ពិល​ របស់នោះ, អច្ឆរិយា ឃើញ​ហិប​ដែក​មួយ​បណ្ដោយ​មួយ​ម៉ែត្រ​កន្លះ​ ទទឹង​ជាង​កន្លះ​ម៉ែត្រ កំពស់​កន្លះ​ម៉ែត្រ ហិប​កំណប់​មាស ១០០០​គ.ក្រ​ដែល​អាចោរ​សៀម​បាន​ប្លន់​ពី​ខ្មែរ​។ កំហឹង​មួយ​ឆេះ​ឆួល​ អច្ឆរិយា ពី​ទី​ងងឹត​ក្បែរ​ថ្ម​មួយ​ផ្ទាំង​ដែល​ដុះ​ពី​បាត​សមុទ្រ​ភ្ជង់​កាំភ្លើង​ ព្រួញ​ដ៏​វែង​តម្រង់​បុរស​នេះ​។
   គំនិត​ប្រតិ​កម្ម​មួយ​បញ្ឈប់​ចលនា​អ្នក​ភ្លាម​។ ទេ​ ឆ្កួត​សោះ​អញ បុរស​នេះ​ពាក់​បំពង​កៅ​ស៊ូ​វែង​ដែល​ស្រូប​ខ្យល់​ ពី​លើ​ទឹក​ ​សំលាប់​វា​ធ្វើ​អ្វី? វា​មាន​ខ្សែ​ពួរ​ ម៉ាស៊ីន​យោង​ធុង​កំណប់​មាស ១០០០គ.ក្រ នេះ​បណ្ដោយ​ទុក​អោយ​វា​​ជីក វា​ចង​ធុង​​រួច​ម៉ាស៊ីន​ ឬ មនុស្ស​ខាង​លើ​យោង​អោយ​បាន​សំរេច​ហើយ​អញ​ នឹង ចាត់​ការ​ជា​ក្រោយ​។
    ដប់នាទីក្រោយ ធុងកំនប់ត្រូវបានចងជាស្រេច...
   អច្ឆរិយា​ ហែល​ឡើង​លើ​ផ្ទៃ​គង្គា​មួយ​រំពេច​។ ប៉ៃ! មាន​នាវា​មួយ​ទៀត​ ចត​ចំ​ពី​លើ​កំណប់​នេះ​ យី​អាម្ចាស់​នាវា​នេះ​ស្គាល់​កំណប់​ច្បាស់​ជាង​អញ​ទៅ​ទៀត​។​ នាវា​ចត​ពន្លត់​ភ្លើង​ងងឹត​ អញ​មើល​ពី​នាវា​អញ ចំងាយ​មួយ​រយ​ម៉ែ​ត្រ​សោះ មើល​ពុំ​ឃើញ​។
ប៉ៃ… អា​កំពិក​ម្នាក់​កំពុង​ និយាយ​ល្មម​ ស្ដាប់​លឺ​។ អច្ឆរិយា តោង​ឡើង​លើ​នាវា​ យ៉ាង​ស្ងាត់​ មែន​បុរស​កំពុង​បន្ទរ​សំលេង​ក្នុង​ប្រអប់​យន្ត​ស្រូប​សំលេង​មួយ​
- យ៉ាងម៉េចរកកំនប់ឃើញទេ លោកអនុសេនីយអែក កាខារ៉ង ?
  សំលេងខ្ទ័រៗ មួយបន្លឺពីប្រអប់យន្តមួយនៅក្បែរនោះ :
  តាម​សេច​ក្ដី​ពិត​កាំបិត​កៃ​មួយ​ហោះ​ដូច​បាដិហារ្យ​ បុក​កណ្ដោល​ខ្នង​អាកំ​ពិ​នៅ​ខាង​លើ​នាវា​គិប​។ ព្រោះ​ហេតុ​នេះ​ហើយ​បាន​ជា​វា​ស្រែក​ អូយ​។ សំលេង ​អូយ នេះ​បន្លឺ​តាម​​ប្រអប់​យន្ត​ ហើយ​លឺ​ស្ទើរ​បែក​ត្រចៀក​ លោក​អតីត​អនុសេ​នីយ​អែក​ កាខា​រ៉ង​ ដែល​កំពុង​ចង​បង្ហើយ​ធុង​ នឹង ខ្សែ​ពួរ​អែ​បាត​សមុទ្រ​។
- ឃើញធុងកំនប់មាសនេះហើយ ខ្ញុំកំពុងតែចងធុងនេះ ។
- បើដូច្នេះ ខ្ញុំប្រុងចុចគន្លឹសយន្តអោយម៉ាស៊ីនយោងកំនប់នេះ អូយ…
   អនុ​សេនីយ​អែក​នេះ​ឆ្ងល់​យ៉ាង​ខ្លាំង​ ចំពោះ​សំរែក​នរ​កនេះ​។ តើ​មាន​ហេតុ​អ្វី​? អា​សំលាញ់​នៅ​លើ​នាវា​ពិត​ជា​ត្រូវ​គេ​ប្រហារ​ហើយ​... តែ​អញ​ត្រូវ​ធ្វើ​រិក​ហាក់​ដូច​​ពុំ​ដឹង​អ្វី​សោះ បើ​មិន​ដូច្នោះ​ទេ​ អ្នក​ឈ្លាន​ពាន​ដែល​យក​ជ័យ​ជំនះ​ ពី​សហ​ការី​​អញ​មុខ​ជា​កាត់​បណ្ដាច់​បំពង់កៅ​ស៊ូ​ខ្យល់​អញ​មុខ​ជា​ស្លាប់​មិន​ខាន​។​ អតីត​អនុ​សេនីយ​អែក​ កាខារ៉ង​ និយាយ​ប្រាប់​អ្នក​នៅ​លើ​នាវា​ថា៖
     - សំលាញ់​ចុច​គន្លឹស​យន្ត​លើក​ធុង​នេះ​ដាក់​លើ​នាវា​ នៅអែ​លើ​នាវា​អច្ឆរិយា​ឆ្លើយ​តប​វិញ​ ធ្វើ​ត្រាប់​សំដី​សហ​ការី​ដែល​ទើប​ នឹង ​ទៅ​ឋាន​ភុជង្គ​នាគ​ ទៅ​ហើយ​អម្បាញ់​មិញ​នេះ​។
   មួយ​សន្ទុះ​ក្រោយ​ធុង​កំណប់​ពណ៌​ខ្មៅ​ ដុះ​ស្លែ​លេច​ធ្លោរ​ចេញ​ពី​ទឹក​សមុទ្រ​។​ ក្នុង​ពេល​ជា​មួយ​គ្នា​ដៃ អច្ឆរិយា ម្ខាង​ដែល​កាន់​កាំបិត​ជានិច្ច​ កាត់​បំពង់​កៅ​ស៊ូ​ខ្យល់​ប៉ិត​!
   - ស្លាប់​ទៅ​អាទាហាន​សៀម​កំហូច​ ដែល​បាន​ប្លន់​មាស​ និង ធ្វើ​បាប​រាស្ត្រ​ខ្មែរ​ អញ​សំលេះ​សាសន៍​​អា​អែង​ម្ដង​មួយ​ៗ​ ខាង​ពួក​អា​ប្រុស​ៗ​។ រី​ខាង​ពួក​ស្រី​ៗ​ល្អ​ៗ​ ដែល​នៅ​តឹង​នៅ​ឡើយ​ អញ​ទុក​មួយ​គ្រា​សិន​ ដល់​អញ​ឆ្អែត​ឆ្អន់​ ហើយ​សឹម​គិត​ទៀត​។​
នៅ​អែ​ក្នុង​ទឹក​មហា​ជលា​ស័យ​ អនុ​សេនីយ​អែក​ កាខារ៉ង ជិត​មក​ដល់​អែ​លើ​ទៅ​ហើយ​។ ប៉ៃ​! អាច​ង្រៃ​វា​កាត់​បំពង់​ខ្យល់​មែន​ តែ​បី​រឺ​បួន​វិនា​ទី​ទៀត​អញ​ នឹង ស្លាប់​ដូច​កន្ដុរ​ក្នុង​រូង​របស់​វា​។ អនុសេនីយ​អែក​ងើប​ដល់​ផ្ទៃ​ទឹក​ ឆ្ងាយ​ពី​នាវា​របស់​ខ្លួន​ ហើយ​អុទាន​ម្នាក់​អែង​៖​
  - ខ្យល់ ! ខ្យល់ !
   រួច​អនុ​សេនីយ​អែក​ក្រសែ​ភ្នែក​ មើល​ឃើញ​នាវា​មួយ​ទៀត​ពន្លត់​ភ្លើង​ងងឹត​អស់​ ដូច​នាវា​របស់​លោក​ដែរ។
   - អ្ហា៎ ! នេះ​ជានា​វា​របស់​ អា​ចោរ​ប្លន់​កំណប់​មាស​​ អញ​ឡើង​ពួន​លើ​នាវា​​អា​អែង​​ជា​មុន រួច​រក​អាវុធ បាន​អញ​ នឹង សំឡេះ​អា​អែង​អោយ​ទៅ​ឋាន​នរក​ រួច​​កំណប់​បាន​អញ​វិញ​ដដែល​។
      អនុសេ​នីយ​អែក​ កាខា​រ៉ង​ ហែល​យ៉ាង​ស្ងាត់​សំដៅ​នាវា​លោក​ជំទាវ​សែស​ ម៉ារី​ណា​។ ឡើង​ជណ្ដើរ​នាវា​នេះ​ហើយ​ ក៏​ចូល​ដោយ​លប​ៗ​ តាម​មាត់​ទ្វារ​ប្រាថ្នា​រក​កាំ​បិត​ ឬ អាវុធ​ណា​មួយ​ ឬ រក​មើល​មនុស្ស​នៅ​ពី​ក្នុង​។ ក្នុង​ពេល​តែ​មួយ​នោះ​ កាំ​ភ្លើង​ដ៏​មាន​បំពង់​ខ្ទប់​សំលេង​ផ្ទុះ​បី​គ្រាប់​ ហ្លូប ហ្លូប​ ហ្លូប​ ចំណ្ដោល​ទ្រូង​បុរស​ដែល​ទើប​ នឹង ឡើង​មក​លើ​នាវា​លោក​ជំទាវ​ប្រកិត​ពិផាត​នេះ​។
  - អូយ … !
    ឃាតករអុទានរីករាយថា៖
   - អច្ឆរិយា ! ទ្រាំ​អែ​ណា​មិន​ស្លាប់​ ដោយ​ស្នា​ដៃ​អញ​! អញ​អធិការ​សាម៉ាយ៉ា ទើប​នឹង​ចេញ​ធ្វើ​ការ បាន​មួយ​ឆ្នាំ​ទេ​ អញ​លឺ​ឈ្មោះ​អច្ឆរិយា​យូរ​ហើយ​ អញ​ចង់​ណាស់​!
ថារួចលោកអធិការ ក៏ឈួលពិលចំមុខជនតៃហោងនេះ ។
- ប៉ៃ! អាខ្មោចឆៅអ្ហើយ! មិនមែនអច្ឆរិយា ទេ … អាមួយនេះចាស់អាយុជាង ៥០ឆ្នាំទៅហើយ !
អធិការសាម៉ាយ៉ា លុតជង្គង់ចុះ ហើយទ្រក្បាលបុរសដែលកំពង់ដកចង្កាមាន់នេះ
- អ្នកអែងជានរណា ? អធិការសួរ ។
- ខ្ញុំជាអតីតអនុសេនីយ៍ អែក : កាខារ៉ង!
រួចក៏ដាច់ខ្យល់ស្លាប់ទៅ ។
   អធិការ​រថយ​ខ្លួន​ ក្រាក​ពី​សព ព្រម​ទាំង​ពន្លត់​ចង្កៀង​ពិល​ផង​។ នាវា​តូច​មួយ​ទៀត​ ទើប​នឹង​មក​ដល់​ ហើយ​ឈប់​ទន្ទឹម​ នឹង នាវា​នេះដែរ​។ ចំលែក! គ្មាន​ឃើញ​មនុស្ស​សោះ​។ ប្រដាប់​ស្ទូច​ទើប​ នឹង លើក​ធុង​មួយ​ដាក់​លើ​នាវា​ លោក​ជំទាវ​ម៉ារី​ណា​ហើយ​ស្រេច​។
   អធិការ​ សាម៉ាយ៉ា ពួន​នឹង​ជញ្ជាំង​លប​រក​មើល​មនុស្ស​។ មិន​ឃើញ​ វត្ថុ​យន្ត​ទាំង​អស់​នេះ​មិន​មែន​ធ្វើ​សកម្ម​ភាព​ដោយ​អិត​មនុស្ស​បញ្ជា​ឡើយ​។ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ​លោក​អធិការ​លឺ​ សូរ​ធ្លាក់​ផ្លុង​! ក្នុង​ទឹក​នៅ​អែ​ម្ខាង​នាវា​លោក​ជំទាវ​ម៉ារី​ណា​។
- ប៉ៃ ..
អធិការ​រត់​ទៅ​ទ្វារ​ម្ខាង​អែ​ណោះ​ ត្រែ​កាំ​ភ្លើង​ភ្ជង់​ទៅ​មុខ​ដើម្បី​មើល​ថា​តើ​អ្វី​ដែល​ធ្លាក់​។
- រាត្រី​សួស្ដី​អធិការ​ សាម៉ាយ៉ា សុខ​សប្បាយ​ទេ​រឺ? ។ សំលេង​ អច្ឆរិយា បន្លឺ​ឡើង​ពី​ក្រោយ​ខ្នង​។
អធិការហាក់ដឹងថាមានព្រួញមួយចុចចំកញ្ចឹងក។
- នៅអោយស្ងៀម! បើរើស្លាប់! ទំលាក់កាំភ្លើងចុះភ្លាមសំលេងបញ្ជាតទៅទៀត។
ជននេះគោរពតាមបញ្ជា ។
- បែរមុខមក !
ជននេះគោរពតាមបញ្ជាជាលើកទីពីរ ព្រួញសត្រូវចុចចំបំពង់់ក ។
   អ្នក​ដែល​ឆ្មក់​នេះ​គឺ​ អច្ឆរិយា ។ នៅ​គ្រា​ដែល​នាវា​ជិត​មក​ដល់​ ចំងាយ​ប្រមាណ ៥០​ម៉ែត្រ​ដោយ​ភ្នែក​អិន្ទ្រី​របស់​អ្នក​ឃើញ​ពន្លឺ​ពិល​បញ្ចាំង​លើ​មនុស្ស​ម្នាក់​ដែល​ដួល​លើ​នាវា​។​ អ្នក​ដឹង​ហើយ​ថា​ ហេតុ​ការណ៍​មិន​ស្រួល​ពិត​ ជា​កើត​មាន​លើ​នាវា​លោក​ជំទាវ​ ម៉ារីណា​។
   ស្អី​ក៏ដោយ​ វត្ថុ​ដែល​សំខាន់​បំផុត​ គឺ​កំណប់​មាស​។ អ្នក​ក្រាប​ នឹង ជញ្ជាំង​នាវា​ចុច​គន្លឹះ​យន្ត យោង​ធុង​កំណប់​ដាក់​លើ​នាវា​ លោក​ជំទាវ​សែស​ ហើយ​ ក៏​ចោល​ដុំ​ថ្ម​មួយ​ដុំ ​រំលង​នាវា​ផ្ទុក​ កំណប់​ដែល​អ្នក​ទើប​នឹង​ដាក់​។ ពេល​នោះ​ទើប​អច្ឆរិយា ឃើញ​ស្រមោល​មួយ​ចេញ​ ពី​ជញ្ជាំង​ម្ខាង​នៃ​នាវា​ លោក​ជំទាវ​ម៉ារីណា​ សំដៅ​ទៅ​ទ្វារ​ម្ខាង​ទៀត​ ដើម្បី​មើល​​ស្នូរ​ដែល​​ទើប​នឹង​ធ្លាក់​ក្នុង​ទឹក​។ គឺ​ឆ្លៀត​អោ​កាស​មួយ​ប៉ប្រិច​ភ្នែក​នោះ​ហើយ​ ដែល​អច្ឆរិយា​សំគាល់​រូប​ពិ​ចិត្រ​ ជន​នេះ​បាន​ ថ្វី​ត្បិត​តែ​ឃើញ​ក្នុង​អន្ធការ​។ ភ្នែក​អិន្ទ្រី​របស់​អ្នក​មិន​ដែល​បំភ័ន្ត​អ្នក​ឡើយ​ ជា​ធម្មតា​ អច្ឆរិយា មក​ក្រុង​ប៉ាក​ណាម មិន​មែន​ដើម្បី​ចូល​ក្នុង​រូង​សិង្ហ​ ដោយ​បិទ​ភ្នែក​នោះ​ទេ​។ ប៉ៃ​ អច្ឆរិយា​ ស្គាល់​គ្រប់​អធិការ​ស្នង​ការ​ និង ពួក​ភ្នាក់​ងារ​សំងាត់​​ខ្លះ​ៗ រឺ ស្ទើរ​តែ​ទាំង​អស់​។ អាមួយ​នេះ គឺ​អធិការ សាម៉ាយ៉ា អច្ឆរិយា បាន​ឃើញ​អធិការ​នេះ​ដើរ​សំដែង​រិក​បញ្ចេញ​ស័ក្តិ​លើ​ស្មា​បង្អួត​ស្រី​ៗ​ តាម​ឆ្នេរ​ជលសា​ ភ័ន្ត​ច្រលំ​អធិការ​ក្មេង​អឺយ​! “អនុសេនីយ​អែក​ អច្ឆរិយា” សក្តិ​បី​បន្ទះ​ដែរ​ តែ​អច្ឆរិយា មិន​ដែល​យក​សក្តិ​ទៅ​ឌីត​ស្រី​ៗ​ទេ​ ​។​ ប៉ៃ​អា​ខ្មោច​ឆៅ​អើយ​! អច្ឆរិយា ប្រើ​ភ្នែក​និល​រតន៍​សំដី​ សារិកា​លិន​ថោង ជា​ពិសេស​ដើម​ទ្រូង​ស្រាល​ ហើយ​ត្រគាក​ធ្ងន់​ៗ​ ស្រី​ណា​ប៉ះ​ម្ដង​ហើយ តោង​ដូច​ឈ្លើង​ជាប់​បៅ​សេះ​ អា​មួយ​សង្ហា​នេះ​គឺ​អធិការ សាម៉ាយ៉ា​។ អច្ឆរិយា ស្គាល់​ច្បាស់​ណាស់ ដូច​យើង​បាន​ជំរាប​ហើយ​ថា​ អច្ឆរិយា យក​ចុង​ព្រួញ​ចុច​បំពង់​ក អធិការ​សាម៉ាយ៉ាជា​ស្រេច​។
- អច្ឆរិយា រឺ ? អធិការសួរ ។
- ពិតហើយ ! យើងនិយាយគ្នាលេងបន្តិចសិន ។ តើអធិការចូលមកនេះមានបំនងអ្វី ?
- ចាប់ឃាតករម្នាក់ និងអាមេចោរម្នាក់ !
អច្ឆរិយា បុកភ្នែកអានេះមួយព្រួញលឺសូរជ្រក ។ ហើយដកមកវិញផ្ទប់ត្រង់កវាដដែល ។
- អូ…យ … អធិការរោទិ៍ ។
- មាន​តែ​អា​មនុស្ស​ខ្វាក់​ទេ​ដែល​និយាយ​យ៉ាង​នេះ​។ អាសៀម​ប្លន់​មាស​ខ្មែរ​ អញ​ខ្មែរ​មក​យក​មាស​នេះ​វិញ​អាណា​ជា​ចោរ​ ខ្វាក់​? ចុះ​អា !
   រហ័ស​ដូច​ពន្លឺ អធិ​ការ​មុជ​ភ្លែត​យក​ក្បាល​បុក​ ពោះ​អច្ឆរិយា​អឺក​.. អច្ឆរិយា​ខ្ទាត​ផ្ញាច់​ នឹង ជញ្ជាំង​នាវា​។ ឆ្លៀត​អោ​កាស នោះ​អធិការ សាម៉ាយ៉ា កញ្ឆក់​កាំ​ភ្លើង​បាញ់ អច្ឆរិយា ​ផាំង​តែ​វាសនា​ខ្ពស់​អច្ឆរិយា​ គេច​ភ្លែត​ គ្រាប់​ត្រូវ​ឆិត​ស្មា​ឈាម​ហូរ​ប្រលាក់​ខ្លួន​បន្តិច​ៗ​។ រហ័ស​ដូច​ពន្លឺ ​អច្ឆរិយា បុក​ចំកណ្ដាល​ទ្រូង​អធិ​ការ​មួយ​ព្រួញ​ មុន​ នឹង ​អធិការ​នេះ​លាស់​កៃ​ជា​លើក​ទី​ពីរ​បាន​។ អធិ​ការ​​សាម៉ាយ៉ា រលំ​គ្រែង​ ក្បាល​បុក​ នឹង ត្រែ​កាំ​ភ្លើង​ បោក​នឹង​កម្រាល​នាវា​ផាំង​! មុន​នឹង​លា​ផែន​ដី​នេះ​ ទៅ​លេង​ឋាន​ភុជង្គ​នាគ​ អធិ​ការ​លើក​ដៃ​ឆ្វេង​បាញ់​ឡើង​លើ​មេឃ​។ គឺ​កាំភ្លើង​កាំជ្រួច​ ផ្ដាយ​វិទ្យា​សាស្ត្រ​ផ្ទុះ​ពេញ​ផ្ទៃ​មេឃ​ ភ្លឺ​ព្រោង​ព្រាត​។ គឺ​ជា​សញ្ញា​អ្វី​មួយ​ដ៏​សំខាន់​ នៅ​ចំងាយ​ ៣០​ម៉ែត្រ​នាវា​នៃ​កង​តំរួត​ផ្នែក​គង្គា​ប្រាំ​ព័ទ្ធ​ជុំ​វិញ​នាវា​ លោក​ជំទាវ​សែស​ម៉ារីណា​ ហើយ​ក្នុង​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ ​ចង្កៀង​បញ្ចាំង​ធំ​ៗ​ជះ​រស្មី​បី​ដូច​ព្រះ​អាទិត្យ​ទាំង​ប្រាំ​ទិស​ មក​លើ​នាវា​ដែល​អច្ឆរិយា​អាស្រ័យ​នៅ​។
   ប៉ៃ​អាខ្មោច​ឆៅ​អ្ហើយ​! នាវា​ តំរួត​គង្គា​ថៃ​ព័ទ្ធ​ជាប់​។ អច្ឆរិយា ក៏​បើក​ភ្លើង​នាវា​នេះ​ភ្លឺ​ព្រោង​ព្រាត​ដែ​រ​។ អច្ឆរិយា មាន​យោបល់ មិត្ត​អ្នក​អាន​ នឹង ជ្រាប​នៅពេល​ក្រោយ។
    សំលេងប៉ូលិសស្រែកឡើងថា ៖
    - ប្រគល់​ខ្លួន​អោយ​ប៉ូលិស​ ដោយ​ស្រួល​ទៅ​! នាវា​អ្នក​អែង​ត្រូវ​យើង​ព័ទ្ធ​ជាប់​ហើយ​! យើង​ទុក​ពេល​ប្រាំ​នាទី​អោយ​អ្នក​អែង​ព្រម​ទាំង​សហ​ការី​ដាក់​អាវុធ​ចុះ​ ប្រសិន​បើ​ហួស​ពេល​ ប្រាំ​នាទី​ពុំ​ឃើញ​ឡើង​លើ​ នាវា​លើក​ដៃឡើង​ទេ ​យើង​បាញ់​កំទេច​​នាវា​នេះ​ចោល​ !
   ប៉ៃ អច្ឆរិយា នៅ​ស្ងៀម​។ ប្រាំ​នាទី​គ្រប់​គ្រាន់​ហើយ ដើម្បី​អោយ​អច្ឆរិយា​ចារ​បុរស​ខ្មែរ​ រៀប​ចំផែន​ការណ៍ អុក​អោយ​តំរួត​គង្គា​សៀម​អោយ​ងាប់​មួយ​ក្រឡា​!​
   អច្ឆរិយា ចូល​ទៅ​ក្នុង​បន្ទប់​ឃើញ ម៉ារីណា ជាប់​ចំណង​ដូច​សាច់​ក្រក​។ អ្នក​ស្រាយ​នាង​យ៉ាង​រហ័ស​។​
   នាង​ងើប​ឡើង​ហើយ​និយាយ​ថា៖
   - អោ! អូន​ដឹង​ថា​ បង​ជា​តួអង្គ​ អច្ឆរិយា... តែ​អូន​សច្ចា​អធិដ្ឋាន​ថា អូន​មិន​ប្រាប់​នរ​ណា​ជា​ដាច់​ខាត​ អូន​ជា​ទាសី​ រស់​​នៅ​ក្រោម​បាត​ជើង​បង​ហើយ​....​
   អច្ឆរិយា ហក់ភ្លែតទៅអែបន្ទប់ក្រោមនាវារួចស្រែកថា
- អមរា អូនចេញមក !
ទ្វារ​បន្ទប់​បើក​ខ្វាក​កញ្ញា ​អមរា សែន​សោភា​លើច​ ចេញ​ពី​ជណ្ដើរ​ រួច​នាង​ភ្ញាក់​ព្រើត​ដោយ​ ឃើញ​រូប​ថត​ឪពុក​នាង​គឺ អែក​អុត្តម​ប្រកិត​ពិផាត​ ព្យួរ​នៅ​អែ​ជញ្ជាំង​។
- អោ ! ឪពុកខ្ញុំ ! ប៉ាខ្ញុំ ! រូបថតមកពីណា ?
អច្ឆរិយា ទាញ​ដៃ​ស្រី​ទាំង​ពីរ​ព្រម​ទាំង​កាន់​ទង់​ជ័យ​ខ្មែរ​ដ៏​មាន​អង្គរ​វត្ដនៅ​កណ្ដាល​ផង​។​
- ឡើង​មក​អូន​! គ្រោះ​ថ្នាក់​ដល់​ជីវិត​ទាំង​អស់​គ្នា អីលូវ​ហើយ​។ បណ្ដោយ​អោយ​បង​ធ្វើ​តាម​បំណង​លឺ​ទេ​?
បុរស​ស្ត្រី​ទាំង​បី​នាក់​ឡើង​មក​ដល់​ក្បាល​នាវា​ ដ៏​ភ្លឺ​ព្រោង​ព្រាត​បី​ដូច​ថ្ងៃ​ តំរួត​គង្គា​ថៃ​ឃើញ​ជាក់​ច្បាស់​នូវ​ស្ត្រី​ពីរ​រូប​ដែល​បង្ហាញ​ខ្លួន​ដូច​នៅ​លើ​ឆាក​ល្ខោន​។​
- តើកើតហេតុអ្វីបងច្រានិដ្ឋា ? កញ្ញា អមរាសួរ ។
- តើកើតហេតុអ្វីបងច្រានិដ្ឋា ? នាងសែស ម៉ារីណា សួរ
- មិនជាធំដុំទេអូនទាំងពីរ យើងត្រូវតំរួតព័ទ្ធយើង ។
- បងច្រានិដ្ឋា, អមរា សួរ, ស្រីនេះជានរណា ?
- បងច្រានិដ្ឋា, នាងសែស ម៉ារីណា សួរព្រមទាំងចង្អុលកញ្ញា អមរា ផង, ស្រីនេះជានរណា? មកពីណា ?
- នៅអោយស្ងៀមដាក់ដៃអោបដងក្ដោងនេះមក ! បងចងអូនទាំងពីរនាក់ ទើបយើងរស់ទាំងអស់គ្នា...
   ដោយ​ចលនា​ដ៏​រហ័ស អច្ឆរិយា ចង​ស្ត្រី​ទាំង​ពីរ​នេះ​ទល់​ខ្លង​គ្នា​នៅ​ នឹង ដង​ក្ដោង​ដ៏​ខ្ពស់​ដែល​អាច​ទទួល​គ្រាប់​កាំភ្លើង​ពី​គ្រប់​ទិស​ទី​បាន​។
   អច្ឆរិយា ឈរចំពីមុខស្ត្រីទាំងពីរ ហើយស្រែកយ៉ាងខ្លាំងៗ ថា៖
- អស់លោកទាំងឡាយ !
(អច្ឆរិយា អោនហូតកាំភ្លើងការ៉ាប៉ីនស្វ័យប្រវត្ត ភ្ជង់តម្រង់ស្ត្រីទាំងពីរនេះ)
- នាង​ម្នាក់​នេះ​ជា​ លោក​ជំទាវ​ ម៉ារីណា ភរិយា​នៃ​អែក​អុត្តម​ ប្រកិត​ពិផាត​ រដ្ឋ​មន្ត្រី​សៀម​ខាង​សន្តិ​សុខ​ជាតិ​ ដែល​អាពាហ៍​ពិពាហ៍​ជា​ផ្លូវ​ការ​ នឹង ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ខាន​ស្អែក​នេះ​។
* នាង​ម្នាក់​នេះ​ទៀត​ជា​ កញ្ញា​អមរា ធីតា​ទោល​នៃ​អែក​អុត្តម​ប្រកិត​ពិផាត​ រដ្ឋ​មន្ត្រី​សៀម​ខាង​​សន្តិ​សុខ​ជាតិ​! បើក​ផ្លូវ​អោយ​ខ្ញុំ​ទៅ​ រឺ​បើ​មិន​ដូច្នោះ​ទេ​ ខ្ញុំ​បាញ់​ប្រហារ​ស្រី​ទាំង​ពីរ​នេះ​ភ្លាម​!​។
   នៅ​លើ​នាវា​តំរួត​គង្គា​មួយ​ ដែល​នៅ​ចំពី​មុខ​នាវា​ អច្ឆរិយា​នេះ​ បុរស​ទំពែក​ មួយ​ប្រដាប់​កាយ​ដោយ​អែក​សណ្ឋាន​ដ៏​មាន​ផ្កាយ​មាស​ពីរ​នៅ​លើ​ស្មា​ក្រោក​ឈរ​ភ្លែត​ ដូច​ដែក​រ៉ែ​ស្ស័រ​ធ្លាក់​ដូច្នោះ​។ គឺ​អែក​អុត្តម​ប្រកិត​ពិផាត​។ អុត្តម​សេនីយ​នេះ​លើក​កែវ​យិត​ដាក់​អែ​នេត្រា​។​ ប៉ៃ​អាខ្មោច​ឆៅ​អ្ហើយ​!​
- អោ ! ព្រះអើយ ! ស្លាប់​ខ្ញុំ​ហើយ ! អែក​អុត្តម​អុទាន​ ស្លុត​ស្មារតី​។ រួច​ស្រែក​ខ្លាំង​ទៅ​លើ​កង​នាវា​តំរួត​គង្គា​ថា ​៖
- ស្ងៀម! កុំបាញ់ ! ខ្ញុំ​ប្រកិត​ពិផាត​រដ្ឋ​មន្ត្រី​ក្រសួង​សន្តិ​សុខ​ជាតិ​ បញ្ជា​ជា​អហង្ការ​! អច្ឆរិយា ចាប់ …ចាប់​ប្រពន្ធ និង​កូន​របស់​ខ្ញុំ​ធ្វើ​ជា​នុយ​
នៅលើនាវាដ៏ភ្លឺចាំងចែង ដោយចង្កៀងកញ្ញាអមរា បែរមុខមកមើលនាងបារាំងសែស ម៉ារីណា ។
- នាងអែងជាប្រពន្ធប៉ាខ្ញុំ ! ហ៊ីស :
អច្ឆរិយា ស្រែកតបទៅវិញថា ៖
- សូម​គោរព​អែក​អុត្តម​ ប្រកិត​ពិ​ផាត​ខ្ញុំ អច្ឆរិយា សំដី​ត្រង់​ដូច​ជើង​មេឃ​ សូម​អែក​អុត្តម​ស្ដាប់​ខ្ញុំ... ចំពោះ​លោក​ជំទាវ​ ម៉ារីណា​ ខ្ញុំ​អិត​បាន​ប៉ះ​ពាល់​សូម្បី​តែ​ចុង​ដៃ​ក៏​គ្មាន​ដែរ​ រី​អែកញ្ញា​អមរា សូម្បី​តែ​ជាយ​សំពត់​របស់​នាង​ ក៏​ខ្ញុំ​អិត​បាន​ប៉ះ​ទាល់​តែ​សោះ
នៅអែដងក្ដោងជាប់ចំណង ។ នាងសែសម៉ារីណា រអ៊ូល្មមៗនាង អមរា លឺ ៖
- អូ ! អត់ប៉ះពាល់ចុងដៃម៉ារីណាផង
អមរាពេបមាត់រួចរអ៊ូដែរថា ៖
- អូអត់ប៉ះពាល់ជាយសំពត់អមរាផង! សំដីត្រង់ដូចកណ្ដៀវអ៊ីចឹង !
អច្ឆរិយា ស្រែកប្រាប់តទៅទៀត ៖
- អែក​អុត្តម​ខ្ញុំ​ជូន​សំដី​កិត្តិយស​ បើក​ផ្លូវ​អោយ​នាវា​ខ្ញុំ​ចេញ ៤៨​ម៉ោង​ក្រោយ​លោក​ជំទាវ​ និង កញ្ញា​អមរា នឹង ជិះ​យន្ត​ហោះ AIR FRANCE មក​ប្រទេស​សៀម​នេះ​ ជួម​ជុំ​មូល​គ្រួសារ​នៃ​អែក​អុត្តម​វិញ​!
   នៅតាមនាវា អែកអុត្តមប្រកិតពិផាត ងាកមកនិយាយជាមួយលោកអគ្គស្នងការនៃប៉ាកណាមបូរីថា ៖
    - លោកស្នង​ការ អច្ឆរិយា នេះ​អុក​ខ្ញុំ​អោយ​ងាប់​មួយ​ក្រឡា​ ប្រពន្ធ​ខ្ញុំ​! កូនខ្ញុំ​! អោ​ព្រះ​អើយ​! ឪពុក​អែ​ណា​ទៅ​ហ៊ាន​ សំលាប់​​កូន​ទោល​បន្ដូល​ចិត្ត​ ដែល​មាន​តម្លៃ​ជាង​ព្រះ​អាទិត្យ ព្រះ​ច័ន្ទ ផែន​ដី​នេះ​ទាំង​មូល យើង​បើក​អោយ​អាដៃ​ឆៅ ចិត្ត​ឆើត​នេះ​ទៅ​សិន​រួច​សឹម​យើង​គិត​ជា​ក្រោយ​។
   - មិន​បាន​ទេ​​ទាន​ប្រោស... គឺ​ជា​អំពើ​ក្បត់​ជាតិ​មួយ​ដ៏​ឃោរ​ឃៅ ​ក្នុង​ការ​បណ្ដោយ អោយ​សត្រូវ​ភៀស​ខ្លួន​ ឆ្លង​ដែន​ចេញ​ទៅ​ ចំពោះ​មុខ​ក្រសួង​មាន​សមត្ថ​កិច្ច​យ៉ាង​ដូច្នេះ ព្រះ​តេជ​គុណ​ម្ចាស់​ នឹង ត្រូវ​តុលា​ការ​ប្រកាន់​ក្នុង​អំពើ​ក្បត់​ជា​កំពូល​មួយ​!​។
   អគ្គ​ស្នង​ការ​រេ​ក្រសែ​ចក្ខុ​ មើល​យាន​ទាំង​ប្រាំ​នៃ​តំរួត​គង្គា​ ហើយ​លើក​ដៃ​ឡើង​ កាល​ណា​ដៃ​នេះ​ធ្លាក់​ទៅ​វិញ​ព្រះ​អើយ!!.. កាណុង​ទាំង​ប្រាំ​ នឹង ផ្ដក់​ទៅ​នាវា​ជាប់​ឃុំ​នោះ គឺ​ថា​បើ​កាល​ណា​ដៃ​លោក​អគ្គ​ស្នង​ការ​​នេះ ធ្លាក់​ទៅ​ក្រោម​វិញ​នោះ​ជីវិត​ អម​រា​បុត្រី​ទោល​ជីវិត​លោក​ ជំទាវ​សែស​ម៉ារី​ណា នឹង រលាយ​ក្នុង​ពេល​ជា​មួយ​គ្នា​ ។​
    រហ័សដូចរន្ទះ អុត្តមសេនីយ ប្រកិតពិផាត​ដាល់​មួយ​ដៃ​ចំ​កណ្ដាល​សៀត​ផ្កា​ របស់​លោក​អុគ្គ​ស្នង​ការ​ប៉ាក​ណាម​​បូរី​​។
    រង្វង់​ពន្លឺ​បញ្ចាំង​ចំ​លើ​នាវា​អុត្តម​សេនីយ៍​ ប្រកិត​ពិផាត​ រដ្ឋ​មន្ត្រី​ក្រសួង​សន្តិ​សុខ​ជាតិ​ថៃ​ ដែល​ធ្វើ​សញ្ញា​អោយ​នា​វា​ទាំង​អស់​ថយ នាវា​របស់​អែក​អុត្តម​ក៏​ចៀស​ទៅ​ម្ខាង​ដែរ​​។
   ឈរ​ក្បែរ អមរា និង លោក​ជំទាវ​សែសម៉ារី​ណា ទង់​ជ័យ​សៀម​បង្ហូរ​ចុះ​ ទង់​ជ័យ​ខ្មែរ​ដ៏​មាន​ស្រមោល​បរិ​សុទ្ធ នៃ​ប្រាសាទ​អង្គរ​វត្ត​ បក់​រវិច​ៗ​ ក្នុង​កណ្ដាល​លំហ​មេឃ​ នៅ​អែ​កំពូល​ក្ដោង​នាវា​ជាប់​ឃុំ​នេះ​។
    - អែកអុត្តម, អច្ឆរិយា សូម​ថ្លែង​អំណរ​គុណ ខ្ញុំ​យល់​ថា ព្រះ​ករុណា​​កូមី​ផល​អាតុល​តេជះ​ នឹង ប្រកាស​ចុះ​ចាញ់​សង្គ្រាម​ដូច​អែក​អុត្តម​ដែរ​ ប្រសិន​បើ​នាង​អមរា​​នេះ​ជា​ព្រះ​រាជ​បុត្រី​ផ្ទាល់​របស់​ព្រះ​អង្គ ។
   អច្ឆរិយា បញ្ឆេះ​ម៉ាស៊ីន​ដែល​ជា​ចៃដន្យ​ ចង្កូត​នៅ​ជាប់​ នឹង នារី​អ្នក​ទោស​ ទាំង​ពីរ​នាក់​។ អច្ឆរិយា​ យក​ខែល​នារី​ឋាន​សួគ៌​ ទាំង​ពីរ​រូប​នេះ​ធ្វើ​ជា​របាំង​។
    - អែក​អុត្ត​ម​មេត្តា​កុំ​លេង​ស្នៀត​ រឺ កល​ល្បិច​អ្វី​អោយ​សោះ​នរ​ណា ដែល​ហ៊ាន​បាញ់​មួយ​កាំ​ភ្លើង​ទោះ​ត្រូវ​ ខ្ញុំ​ក្ដី​មិន​ត្រូវ​ក្ដី​ ខ្ញុំ​បាញ់​ប្រហារ​អមរា​មុន​គេ​ ពេល​ដែល​ខ្ញុំ​ចេញ​នាវា​ទៅ​ នាវា​តំរួត​ថៃ​ណា​មួយ​ហ៊ាន​ដេញ​ខ្ញុំ​ ខ្ញុំ​នឹង​បាញ់​នាង ​អមរា​មុន​គេ​ កំពង់​ផែ​ប្រទេស​សៀម​ ខ្ញុំ​មិន​ចត​ជា​ដាច់​ខាត​ សាំង​គ្រប់​គ្រាន់​ ដែល​ខ្ញុំ​អាច​ធ្វើ​ដំណើរ​ទៅដល់​ប្រទេស​ខ្មែរ​វិញ​បាន គឺ​សាំង​ដែល​អែក​អុត្តម​បំរុង​ទុក​ដើម្បី ខ្ញុំ​សូម​រក្សា​កិត្តិ​យស​ អាថ៌​កំបាំង​នេះ​ដើម្បី​ប្ដូរ​ចំពោះ​ករុណា​ធម៌​ដ៏​ស្តួច​ស្ដើង​​នេះ​ ដែល​ទាក់​ទង នឹង រូប​ខ្ញុំ​ដោយ​សារ​សាច់​ឈាម​របស់​អែក​អុត្តម​ដែរ កុំ​ភ័យ​អោយ​សោះ ខ្ញុំ​ជា​អតីត​អនុ​សេនីយ​ទោ​នៃ​កង​នាវា​ចរណ៍​កម្ពុជា​ ខ្ញុំ​ស្គាល់​ផែន​ទី​ជល​មាគ៌ា​ត្រី​វិស័យ​ផ្កាយ​ច្បាស់​លាស់​ណាស់​​។
    - ទៅចុះហើយសូមគោរពសំដីកិត្តិរបស់ខ្លួន ។
   ផ្លូវ​ទឹក​នៅ​ ពី​មុខ​ស្រលះ​ នាវា​កម្ម​សិទ្ធ លាក់​បាំង​នៃ​អែ​អុត្តម​ប្រកិត​ពិផាត Type F.L.I 500 U.S.A ពុះ​ជ្រែក ផ្ទៃ​មហា​សាល​កាត់​មុខ​នាវា​តំរួត​នៃ​អែក​អុត្តម​ប្រកិត​ពិផាត​ដែល​លើក​ដៃ​ជា​សញ្ញា​បញ្ជា​ការ​ឃាត់​មិន​អោយ​ពួក​តំរួត​នាវា​បាញ់​ នាវា​ដែល​ទង់​ជ័យ​ខ្មែរ​ អណ្ដែត​រវិច​ៗ​ នេះ​ឡើយ​។
    - ប៉ា! ប៉ា កូន​សូម​លា​ហើយ​!​ កូន​ទៅ​តាម​ប្ដី​ហើយ​ កូន​ នឹង មក​សំពះ​សុំ​ទោស​ប៉ា​ជា​ក្រោយ​ នាង​អមរា​ស្រែក​ទាំង​ជាប់​ ចំណងអែ​ដង​ក្ដោង​។
   - អែកអុត្តជាស្វាមី អូនសូមលាសិនហើយ។ អូននិងវិលមករៀបការអោយទាន់នៅថ្ងៃអាទិត្យក្រោយនេះ …
   អច្ឆរិយា បោះវោហារយ៉ាងឆ្ងាញ់ជាអវសានថា
   - នៅ​លើ​ផែន​ដី​ដ៏​ខ្មៅ​ក្រខ្វក់​នេះ​ ជន​ដែល​មាន​ស្នា​ដៃ​តេជ​ខាង​ចារ​កម្ម​លើស​ អច្ឆរិ​យា​ មិន​ទាន់​ចេញ​ពីពោះ​ម៉ែ​វា​នៅ​ឡើយ​ទេ អែក​អុត្តម​!
   
    “ព្យុះ​ព្យោ​មា​” ជា​នាម​នៃ​នាវា​ ប្រតិ​កម្ម​ដ៏​សែន​លឿន​អស្ចារ្យ​នៃ​នាវា​ U.S.A ​។ អច្ឆរិយា កាច់​ចង្កូត​ដៃ​ម្ខាង​កាន់​កាំភ្លើង​ការ៉ា​ប៉ីន​នៅ​ដៃ​ម្ខាង​ភ្ជង់​ចំ​ដើម​ទ្រូង​ដ៏សែន​មាន​រស​ជាតិ​នៃ​កញ្ញា​អមរា ​ដែល​បាន​ប្រលង​ប្រជែងខាង​សោ​ភណ្ឌ​ភាព ជាប់​លេខ​១​ នៃ​ព្រះ​រាជា​ណាច​ក្រ​សៀម​ក្នុង​ឆ្នាំ​នេះ​។​ សំណាង​ដែរ​លោក​អគ្គ​ស្នង​ការ​ប៉ាក​ណាម​បូរី​សន្លប់​មុន​ស្រែក​ប្រា​ប់​រេហ៍​ពល​អំពី​មាស ១០០០​គីឡូ​ក្រាម​ នៅ​លើ​នាវា​ប្រតិ​កម្ម​នេះ​ កុំ​អី​ទាំង​ប្រកិត​ពិផាត​ទាំង​ អច្ឆរិយា ទាំង​អមរា​ ទាំង​ ម៉ារី​ណា ទៅ​លេង​ឋាន​ភុជង្គ​នាគ​ បាត់​ទៅ​ហើយ​។
      ព្យុះ​ព្យោ​មា U.S.A បោល​សំដៅ​មណ្ឌល​ទឹក​អន្តរ​ជាតិ​ក្នុង​ល្បឿន ១២០ គ.ម​។ អច្ឆរិយា មិន​ច្រលំ​ផ្លូវ​ទេ​ ផ្កាយ​ត្រីវិស័យ​ នឹង ផែន​ទី ជា​សម្ភារ:​ធម្ម​ជាតិ ​និង វិទ្យា​សាស្ត្រ​អាច​តំរង​ អច្ឆរិ​យា​បាន​ដោយ​ងាយ។ ភ្នាក់​ងារ​សំងាត់​ដៃ​អែក​ដូច​ អច្ឆរិយា ដែល​ហ៊ាន​មុជ​ជ្រែក​ទៅ​អែ​ឋាន​ភុជង្គ​នាគ​ រក​កំនប់​របស់​ខ្មែរ​ ហើយ​ អច្ឆរិយា​ មិន​មែន​ធ្វើ​រិក​ដូច​ជាអា​ជ័យ រឺ អា​ឡេវ​នោះ​ទេ ដើម្បី​អោយ​អស់​មន្ទិល​សង្ស័យ​អំពី​ក្បួន​កំហូច​នៃ​អា​សៀម​កំពិ ដែល​ជា​ប្រពៃ​របស់​វា​ទៅ​ហើយ​ អច្ឆរិយា ងាក​ក្រោយ​យក​​កែវ​ឆ្លុះ​មើល​ទៅ​ឆ្ងាយ​អែ​ណោះ នេត្រា​អិន្ទ្រី​នៃ​អច្ឆរិយា​ មិន​បំភ័ន្ត​អ្នក​ឡើយ ខ្សែ​បន្ទាត់​ ត្រង់​ភ្លឹង​នៃ​មហា​ជលា​ស័យ​ គូស​នឹង​ផ្ទៃ​មេឃ​លំអរ​ដោយ​ ដួង​តារា​ព្រោង​ព្រាត​ចាំង​​ទៅ​ក្នុង​ទឹក​សមុទ្រ​ គ្មាន​ចំណុច​ខ្មៅ​ណា​មួយ​ដែល​ជា​ការ​សំគាល់​នៃ​នាវា​ថៃ​ ដេញ​តាម​នាវា ​របស់​អ្នក​ឡើយ​។ ហង្សា​សមុទ្រ​ជ្រែក​ផ្ទៃ​ទឹក​ត្រង់​ទៅ​មុខ​ ដោយ​ដៃ​ម្ខាង​អ្នក​ស្រាយ​ចំណង​នារី​អ្នក​ទោស​ទាំង​ពីរ​។
    អ្នក​អោប​ថើប​គល់​សុដន​កញ្ញា អមរា រួច​ថើប​កញ្ជឹង​ក​លោក​ជំទាវ​សែស ​ម៉ារី​ណា អ្នក​អង្អែល​ថ្ពាល់ អមរា​ រួច​ផ្ទាត់​វោ​ហារ​ថា​៖ 
- ខបចៃ ឃុន !
អ្នកទះកំប៉ះគូថលោកជំទាវសែសថ្នមៗ ហើយរលាស់សំដីថា
- Merci beaucoup cherie de mon coeurl (អរគុណច្រើនព្រលឹងដួងចិត្តបង)

៩ -អវសាន្ដបទ