៦ -ផ្លែផ្កានៃការក្បត់
ថ្ងៃសៅរ៍ ទី19.មករា 2019.ម៉ោង 8:25

    រត្តិ​កាល​ខ្មៅ​ស្លុប​ សមុទ្រ​ភ្លឺ​ស្លាំង​ៗ​ ដោយ​រស្មី​តារា​ដែល​រះ​រហង់​លើ​មេឃា​ អច្ឆរិយា​ ឈរ​មើល​រាង​កាយ​អាក្រាត​នៃ នាង​បា​រាំសែស​ គេង​ដូច​ត្រូវ​មន្ត​សន្ដំ​លើ​ពូក សម្លៀក​បំពាក់​របស់​នាង​ គឺ​អ្នក​បាន​សំរាត​ ដើម្បី​អោយ​សេរី​រៈ​កាយ​នាង​ មាន​ខ្យល់​ចេញ​ស្រួល​ ដោយ​ពិល​​នៅ​លើ​តុ​ស្រាប់​ដៃ អច្ឆរិយា កាន់​សម្ភារ​ពន្លឺ​នេះ​ភ្លាម​ ដោយ​សភាវ​គតិ​។​ អ្នក​យល់​ថា​ អោ​កាស​នេះ​ដល់​ហើយ​ ដែល​អ្នក​ត្រូវ​មុជ​ទឹក​ដោយ​ពាក់​ប្រដាប់​សន្សំ​ដង្ហើម​ ក៏​ប៉ុន្តែ​មុន​និង​ចុះ​ តើ​អ្នក​ត្រូវ​មើល​អ្វី​ខ្លះ​?​ មែន​នៅ​ក្រោម​បាត​នាវា​ ដែល​ជា​កម្ម​សិទ្ធិ​របស់​នាង​ម៉ារី​ណា ​នាង​ម៉ារីណា​ ដែល​ជា​កម្ម​សិទ្ធិ​ របស់​ទ្រូង​ប្រកិត​ពិផាត​តើ នាវា​នេះ​មាន​ផ្ទុក​អ្វី​ខ្លះ​? មី​សែស​នេះ​មិន​ងាយ​ភ្ញាក់​ទេ​។ ដប់​ម៉ោង​មិន​ដឹង​ជា​ភ្លឺ​អែ​ណា​ផង​។​ អ្នក​រើ​ក្នុង​ក្របូប​នាង​ ម៉ារី​ណា យក​សោ​មួយ​ចង្កោម​ អ្នក​ចុះ​ជណ្ដើរ​ទៅ​អែ​បាត​នាវា​បើក​សោ​ទ្វារ​។​ រង្វង់​ពន្លឺ​ពិល​បញ្ចាំង​ជា​បឋម​ ប៉ះ​លើ​សម្ភារៈ​ វិទ្យុ​អិត​ខ្សែ​មួយ (T S F) កាំ​ភ្លើង​ការ៉ា​ប៊ីន ៨​ដើម​ រួច​ហឹប​គ្រាប់​ធុង​រំសេវ​ផ្ទុះ​, ប៉ៃ​អា​ខ្មោច​ឆៅ​អ្ហើយ​, នាវា​នេះ​ជា​នាវា​ ចំបាំង​ដែល​គេ​បន្លំ​លាប​ពណ៌​ស​ អែក​អុត្តម​ប្រកិត​ពិផាត​ ពិត​ជា​មាន​បំណង​មួយ​​។ គឺ​ក្រោយ​ពី​បាន​ជួល​គេ​មុជ​ទឹក​ ស្ទួច​​យក​កំណប់​មាស​ ១០០០​គីឡូ​ក្រាម​បាន​ហើយ​ អែក​អុត្តម​ នឹង​ដាក់​មាស​នេះ​ ព្រម​ទាំង​សហ​ការី​ បុត្រី​អមរា​ និង​មី​សែស​ ប្រពន្ធ​ចុង​​នេះ​ភៀស​ខ្លួន​មួយ​គ្រា​ទៅ​អែប​រទេស។

    តែ​អនិច្ចា​ផែន​ការ​នេះ ត្រូវ​អធិការ​ ពិសិទ្ធី​ គឺ​បុរស​ពាក់​មុខ​ក្រហម​ក្បត់​ឯកឧត្ដម ការ​នេះ​ក៏​ខក​មួយ​គ្រា ពេល​វេលា​នៃ​ការ​បាត់ “ផែន​ទី​មហាកំណប់” មិន​ទាន់​ជា​យូរ​នៅ​ឡើយ​ទេ​ ឯក​ឧត្ដម​មិន​ទាន់​អស់​សង្ឃឹម​ឡើយ​ វិទ្យុ​អិត​ខ្សែ (T S F) នេះ​សំរាប់​ទាក់​ទង​ សំងាត់​រវាង​នាង​ម៉ារី​ណា និង ឯក​ឧត្ដម​ កញ្ចាស់​ជា​ស្វាមី​ តាម​អច្ឆរិ​យា​យល់​មិន​មែន​ជា​រឿង​ កំណប់​មាស​ទេ​។ ប្រកិត​ពិផាត​មិន​មែន​ប្រគល់​ការ​អោយ​ស្ត្រី​កាន់​កាប់​នោះ​សោះ​ តាម​ដែល​យល់ ​វិទ្យុ​អិត​ខ្សែ​នេះ​ទាក់​ទង​ប្រាប់​ថា​ឯក​ឧត្ដម​មក​ “ស្រ៊ីន” មី​សែស​នេះ​នៅ​ថ្ងៃ​នេះ​ រឺ ថ្ងៃ​នោះ​ ចុះ​​ប្រសិន​បើ​ឯក​ឧត្ដម​ប្រកិតពិផាត មិន​ទុក​ចិត្ត​ ប្រពន្ធ​លួច​ឆ្មក់​មក​​ចំ “រាត្រី​ផ្សំ​ដំនេក”​ នៃ​ម៉ារី​ណា+អច្ឆរិយា​? ប៉ៃ​អា​ខ្មោច​ឆៅ​អើយ​ មុខ​ជា​ឃើញ​ឋាន​សួគ៌ + ឋានន​រក​ហើយ​! ម៉ារី​ណា ប្រាប់​អ្នក​ថា ថ្ងៃ​សៅរ៍​ទើប​ ឯកឧត្ដម​មក​ ថ្ងៃ​នេះ​ជា​ថ្ងៃ​ព្រហស្បត៍ មួយ​ថ្ងៃ​កន្លះ​ទៀត​ទេ “មហា​សត្រូវ​លេខ​១” នឹង​មក​ជាន់​មីសែស​នេះ​ តែ​កំណប់​ភុជង្គ​នាគ​ ដែល​អ្នក​ដាក់​ងារ​កំលាច​អា​ចោរ​សៀម​ តាម​ពិត​ជា​មាស​ខ្មែរ​ ត្រូវ​តែ​យក​អោយ​បាន​មុន ឯកឧត្ដម​នេះ ​មក​ជាន់​នាវា​នេះ ​ទោះ​តាម​មធ្យោ​បាយ​ណា​ក៏​ដោយ​ មធ្យោ​បាយ​វា​មាន​មិន​ហួស​ពី ៣៦​បែប​ទេ​។ អ្នក​បើក​ធុង​ច្រក​គ្រាប់​ ក្នុង​កាំ​ភ្លើង​ការ៉ា​ប៊ីន​ស្វ័យ​ប្រវត្តិ​ទាំង​បី​ពេញ​ស្រេច​អស់​ អ្នក​ហាក់​ដឹង​ថា​ អ្នក​ត្រូវ​ការ​អា​មិត្ត ទាំង​អស់​នេះ​ណាស់​នៅ​ពេល​ឆាប់​ៗ ​នេះ។

    ពិល​ឈួល​ត​ទៅ​ទៀត​ធុង​ដ៏​មាន​សាំង​ពេញ​តម្រៀប​គ្នា​ជា​ច្រើន​ អ្នក​លើក​ធុង​ទាំង​អស់​នេះ​ចាក់​ទៅ​ក្នុង​ធុង​សាំង​នៃ​គ្រឿង​ចក្រ​រហូត​ដល់​ពេញ​ ចំណី​អាហារ​នៃ​គ្រឿង​ចក្រ​នេះ​អាច​ធ្វើ​អោយ​នាវា​រត់​ដល់​ស្រុក​ខ្មែរ​បាន​។ អ្នក​ចាក់​សោ​ទ្វារ​ ហើយ​ឡើង​មក​អែ​បន្ទប់ ម៉ារី​ណា​វិញ​។ នៅ​ក្រោម​ពន្លឺ​អគ្គិស​នី​ដ៏​ភ្លឺ​ចញ្ចាច​ បារាំង​សែស​ ម៉ារី​ណា​គេង​ ស្រមុក​ឃ្វើយ​ យ៉ាង​សែន​ស្រនុក​ទាំង​អាក្រាត​សោភា​ អច្ឆរិយា​ ច្រក​ស្រោម​មុខ​ក្បាល​ខ្មោច​ ហើយ​លើក​​សម្ភារ​សន្សំ​ដង្ហើម​ ពាក់​ដ៏​មាន​បំពង់​កៅ​ស៊ូ ​ពាក់​ស្បែក​ជើង​ទា​ ដើម្បី​ នឹង ហែល​កាន់​ពិល​ពិសេស​មួយ​ សំរាប់​ឆ្លុះ​ក្នុង​ទឹក​ រួច​អ្នក​ចាក់​សោ​ទ្វារ​បន្ទប់​​ជាប់ ដូច​ខ្លាច​ក្រែង​គ្រុឌ​ចង្រៃ​អែ​ណា​មក​ឆក់​យក​នាង​​កាកី​សោភា​នេះ​ទៅ​។ ក្រោយ​ពី​បាន​បញ្ឆេះ​គ្រឿង​ចក្រ​ហើយ​ នាវា​នេះ​ក៏​ពុះ​ជ្រែក​ផ្ទៃ​ទឹក​នៃ​មហា​ជលា​ស័យ​ សំដៅ​កំនត់​សំគាល់​ នៃ​ផែន​ទី​ចំងាយ​ប្រមាណ​តែ​ពីរ​គីឡូ​ម៉ែត្រ​ប៉ុណ្ណោះ​ ពី​ច្រាំង​ក្បែរ​ភ្នំ​មួយ​ដ៏​មាន​ថ្ម​ដា​លយ​រដិប​រដុប​មក​ក្នុង​សមុទ្រ​។ ក្រោយ​ពី​បាន​បោះ​យុថ្កា​ និង ពន្លត់​ភ្លើង​ លើ​នាវា​ហើយ​ អច្ឆរិយា​ ប្រដាប់​កាយ​ដោយ​សម្ភារ​គ្រប់​គ្រាន់​ ហក់​ចុះ​ទៅ​​ក្នុង​ទឹក​ ទឹក​ត្រ​ជាក់​ អច្ឆរិយា​មុជ​ជ្រៅ​ទៅ​ ជ្រៅ​ទៅ​ ដល់​បាត សែន​គ្រោះ​ថ្នាក់​ណាស់​ ប្រសិន​បើ​មាន​ត្រី​ឆ្លាម​ តែ​ឈូង​សមុទ្រ​សៀម​ជិត​ច្រាំ​ងគ្មាន​ត្រី​ចំពូក​នេះ​ទេ​។ វារី​ពិល​នៃ​ អច្ឆរិយា ឈួល​ទៀត​ នៅ​មុខ​អច្ឆរិយា ដូច​មាន​អគារ​ខ្មៅ​មួយ​នៅ​ក្នុង​ជលសា​នេះ​។ អច្ឆរិយា ហែល​ទៅ​ជិត​ គឺ​នាវា​ចាស់​មួយ​ដែល​ លិច​តាម​កំនត់​សំគាល់​នៃ​ផែន​ទី គឺ​ជានា​វា​ថៃ​មួយ​ ដែល​លិច​ដោយ​ខ្យល់​ព្យុះ​។ នាវា​នេះ​ឈ្មោះ ​“ព្រះ​អាទិត្យ”​។

អច្ឆរិយា ចូលទៅក្នុងនាវានោះ ។
   ម្ភៃឆ្នាំ ក្នុង​បាត​មហា​ជលា​ស័យ​ គម្រោង​ដែក​ខាង​ក្រៅ​ច្រេះ​បាក់​បែក​អស់​ ពន្លឺ​ពិល​ឈួល​ត​ទៅ​ទៀត​ ប៉ៃ​អាខ្មោច​​ឆៅ​អ្ហើយ​! អដ្ឋិ​សង្ខ​លិក​មួយ​ ដេក​ស្ដូក​ស្ដឹង​ គឺ​គម្រោង​ឆ្អឹង​ អា​ចោរ​សៀម ឈួល​ពិល​ទៅ​ម្ខាង​ទៀត​ គំរោង​ឆ្អឹង​មនុស្ស​មួយ​ទៀត​។ ម្ភៃ​ឆ្នាំ​សាច់​ឈាម​សរ​សៃ​រលេះ​រលួយ​អស់​។ គឺ​ឆ្អឹង​ពល​ទោ​ម្នាក់​ នឹង​វរ​សេនីយ​អែក​ម្នាក់​ដែល​បាញ់​ប្រហារ​គ្នា​ស្លាប់​នៅ​ទី​នេះ​។ តែ​ក្នុង​មួយ​រំពេច​នោះ​ អច្ឆរិយា ហាក់​ដូច​បាន​លឺ​វត្ថុ​អ្វី​តូច​មួយ​ញែក​ទឹក​រត់​មក​ឆ្វឺត​ ក្បែរ​ត្រចៀក​​អ្នក គឺ​ជា​ព្រួញ​ដែល​គេ​ប្រើ​ក្នុង​ទឹក​ ដើម្បី​បាញ់​ត្រី​ធំ​ៗ​ មធ្យម​ ។
   ប៉ៃអា! អច្ឆរិយា ភ្ញាក់​ដូច​គេចោល​ ហើយ​គេច​ផាំង​មក​ចំហៀង​ ពិល​ឈួល​ចំ​កន្លែង​ដែល​ព្រួញ​នេះ​រត់​មក​។ បុរស​ម្នាក់​ប្រដាប់​ដោយ​សម្ភារ:​សន្សំ​ដង្ហើម​ដូច​អច្ឆរិយា​ដែ​រ មាឌ​ធំ​ដំបង​ ពោះ​កំប៉ោង​ កំពុង​ញាត់​ព្រួញ​មួយ​ទៀត​ក្នុង​វារី​កាំ​ភ្លើង​វ៉េស្ស័រ​។ អច្ឆរិយា គ្មាន​​អាវុធ​​អ្វី​សោះ​ សម្រាប់​ការ​ពារ​ខ្លួន​។
   បច្ចា​មិត្រ​ពិត​ជា​មាន​ប្រៀប​ខ្ពស់​ជាង​។ សេច​ក្ដី​ក្លាហាន​ក្នុង​សេច​ក្ដី​ស្លាប់​មិន​មែន​ត្រូវ​យក​មក​ប្រើ​ក្នុង​ពេល​នេះ​ទេ​ អច្ឆរិយា ហែល​ឡើង​ទៅ​លើ​សំដៅ​ផ្ទៃ​ជល​សា​។ បុរស​សំងាត់​ដដែល​នេះ កាន់​កាំ​ភ្លើង​ដាក់​ព្រួញ​ដេញ​តាម​ អច្ឆរិយា ពី​ក្រោយ​ហើយ​បាញ់​ឆ្វឺត​!...​
   ព្រួញ​ហោះ​តំរង់​ត្រចៀក​ស្ដាំ​អច្ឆរិយា ហើយ​បុក​ទម្លាយ​បំពង់​ខ្យល់​កៅ​ស៊ូ​ធ្លាយ​ ដោយ​សារ​ខ្យល់​អុក​ស៊ីហ្សែន​ (oxygène) ទើប​អច្ឆរិ​យា​មុជ​ក្នុង​ទឹក​ដូច​មច្ឆា​បាន​ អីលូវ​បំពង់​អុក​ស៊ីហ្សែន​​ធ្លាយ អច្ឆរិយា ពន្លត់​ពិល​ហែល​ស្ទុះ​យ៉ាង​លឿន​គេច​ទៅ​ម្ខាង​ដើម្បី​បង្វែង​ដាន​សត្រូវ​។
      ទឹក​ចូល​តាម​បំពង់​កៅ​ស៊ូ​អុក​ស៊ី​ហ្សែន​ ចូល​រហូត​ដល់​មាត់​។ អច្ឆរិយា​ ថប់​ដង្ហើម​ដាច់​ខ្យល់​អីលូវ​ហើយ ស្រាប់​តែភ្សឺត​ អច្ឆរិយា កញ្ឆក់​ប្រដាប់​ត្រង់​ច្រមុះ​ចេញ​ នៅ​គ្រា​ដែល​អ្នក​បាន​ដឹង​ថា សក់​របស់​អ្នក​ត្រូវ​ខ្យល់​ពី​លើ​ផ្ទៃ​ទឹក​ហើយ​ ខ្យល់​! ខ្យល់​! ខ្យល់​! អោ​បើយឺត​តែ​បី​វិនាទី​ទៀត​អញ​ខ្ជិល​ដក​ដង្ហើម​ស្រេច​ទៅ​ហើយ​។
      អច្ឆរិយា ឡើង​នាវា​ ស្រមោល​មួយ​ឃ្លាត​ចេញ​ពី​ជញ្ជាំង​ ដៃ​ឆ្វេង​កាន់​ពូថៅ ដោយ​នេត្រា​អិន្ត្រី​នៃ អច្ឆរិ​យា អ្នក​ឃើញ ដៃ​ស្ដាំ​ជន​នោះ ព្យួរ​នៅ​អែ​ទ្រូង​ដោយ​សំពត់​ខ្មៅ​។ គំនិត​ប្រតិ​កម្ម អច្ឆរិ​យា យល់​ថា គឺ​អា​កំពិក​ដែល​អ្នក​បាន​ជាន់​ក្បាល​វា អោយ​ច្រាស់​ដី​ខ្សាច់​ពី​ម្សិល​មិញ​។ វា​មក​ដើម្បី​សង​សឹក​។ សង​សឹក​ដល់​ជីវិត​។ មនុស្ស​នេះ​របួស​ដៃ​ម្ខាង​។ ការ​សម្លាប់​មនុស្ស​របៀប​នេះ​ ជា​អំពើ​ដ៏​កំសាក​ថ្វី​ត្បិត​តែ​អាសៀម​កំពិក​ជា​សត្រូវ​របស់​ខ្មែរ​ក៏​ដោយ​។ អានេះ​ស្ទុះ​មក​ យារ​ពូ​ថៅ​ខ្ពស់​ អច្ឆរិ​យា​គេច​ទៅ​ម្ខាង​។ អា​កំពិក​ស្រែក​ថា​៖​
- ពីថ្ងៃមុនអញបានប្រាប់ហើយថា អាអែង នឹង ស្លាប់ដោយស្នាដៃអញ !
- នែ៎សំលាញ់​រឿង​ចាស់​បំភ្លេច​ទៅ​ខ្ញុំ​សុំ​ទោស​ចុះ​! អច្ឆរិយា និយាយ​ដោយ​ប្រុង​គេច​ នឹង ​ពូថៅ​ដៃ​សត្រូវ​ជានិច្ច​។
- ដឹងថាមុខតែ នឹង ស្លាប់, អា​អែង​សំទោស​អញ​រឺ​? អា​អែង​ឃើញ​ឋាន​នរក​ក្នុង​ពេល​នេះ​ហើយ​!
   វាស្ទុះ​ហេមក​កាប់​ អច្ឆរិយា ។ អច្ឆរិយា គេច​ភ្លែត​ដោយ​គំនិត​ប្រតិ​កម្ម មើល​ឃើញ​អាវុធ​ សត្រូវ​ដែល​ចាំង​ភ្លែត​ៗ នឹង ពន្លឺ​ដួង​ផ្ដាយ​។
   - អញ​សុំ​ទោស​អែង​ មិន​មែន​មក​ពី​អញ​ខ្លាច​ស្លាប់​នោះ​ទេ​ បើ​អែង​គ្មាន​របួស​ដៃ​ស្ដាំ​នេះ អញ​ប្រគល់​ថែម​កាំបិត​អោយ​អែង​មួយ​ទៀត​ អញ​ធ្លាប់ ​១ ត ៧ គឺ​ការ​សុំ​ទោស​របស់​អញ​ជា​ការ​ព្រមាន​ដល់​ជីវិត​អែង​ដោយ​សប្បុ​រស​ធម៌​ទេ​ អា​ក្របី​ព្រៃ​នោះ អិត​ស្ដាប់​, វា​មុជ​ក្បាល​ចូល​កាប់ អច្ឆរិយា ផាំង​។
- អោះ !
   អាសៀម​ភ្លាត់​ឧទាន​ស័ព្ទ ដោយ​ពូថៅ​វា​កាប់​ជ្រុល​ទៅ​ជាប់​លើ​ក្បាល​បង្គោល​ឈើ​នៃ​នាវា​គិប​ កប់​កន្លះ​ផ្លែ​រហ័ស​ដូច​ពន្លឺ​ មុន​ នឹង អា​កំពិក​នេះ​ដក​ពូថៅ​ចេញ​ ពី​សាច់​បង្គោល​ឈើ​ បាន​កន្ដាប់​ដៃ អច្ឆរិយា ធ្វើ​ប្រតិ​កម្ម​យ៉ាង​ ដំនំ​លើ​ថ្គាម​វា​ផាំង​ ខ្ទាត​ប្រាំ​ជំហាន​
     - អាភ្លើ! បើ​អញ​សម្លាប់​អាត្មា​ត​អែង​ កាល​ពី​លើក​ទី​មួយ វា​ស្រេច​ទៅ​ហើយ​! ចិត្ត​ធម៌ ជា​គុណ​វិបត្តិ​មួយ​ដ៏​ថោក​ទាប​បើ​កាល​ណា​គេ​ធ្វើ​ចំពោះ​ អា​ក្រពើ​សៀម​ដូច​កំពូជ​សាសន៍​អាអែង​នេះ ​!
   បី​ដូច​បាដិហារ្យ​ ពូ​ថៅ​ចាំង​ភ្លែត​ៗ នឹង ​រស្មី​នៃ​មេឃា​នៅ​អែ​ដៃ​អច្ឆរិយា​ មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ​ ផ្លែ​ពូ​ថៅ​ជ្រៀត​​លលាដ៏​ក្បាល​វាក្រិប​ៗ​... ធ្លាយ​ខួរ​។
   មែន, អច្ឆរិយា មាន​បំណង​ចង់​សន្ដោស​ ទោស​ដល់​អា​តិរច្ឆាន​នេះ​ដែរ​ តែ​សាសន៍​សៀម​, ខ្មែរ​ធ្លាប់​បាន​ស្គាល់​ ច្រើន​សត​វត្ស​មក​ហើយ​ជា​សាសន៍​អក​តញ្ញូ​... ហើយ​ម្យ៉ាង​ទៀត​បេសក​កម្ម​ កំណប់​មាស​ ១០០០ គីឡូ​ក្រាម​នេះ​ធំ​ពេក​កន្លង​។​ មួយ​ថ្ងៃ​កន្លះ​ទៀត​ ត្រូវ​ធ្វើ​អោយ​សំរេច​ក្នុង​មធ្យោ​បាយ ៣៦​បែប​ ដែល​ អច្ឆរិយា ចេះ​ បីវា​រសអាចរំខានបេសក កម្មដ៏ធំនេះ ។
ស្លាប់ចុះអា ។ អិតអាណិត ។
   លោកយមបាលក៏ជ្រាប​ដែរ ថា​អា​តិរច្ឆាន​អែង​ចង់​ធ្វើ​លិខិត​ឆ្លង​ដែន​អោយ​អញ​ទៅ​ទស្សនា​ឋាន​នរក​! កុំ​ចង់​ធ្វើ វរ​ជន​ជា​មួយ​អច្ឆរិយា​! ធ្ងន់​ណាស់​អា​! ធ្ងន់​ជាង​ផែន​ដី​នេះ​ទៅ​ទៀត​! ប្រុស​ក៏​ដោយ​ ស្រី​ក៏​ដោយ បើ​ចង់​ល​ជា​មួយ អច្ឆរិយា វា​លិច​កប់​ដល់​គល់​អ៊ី​ចឹង​!​
   អច្ឆរិយា បោះ​សព​ប្រូង​ទៅ​ក្នុង​ទឹក​ ដែល​លេប​សព​នេះ​បាត់​មួយ​រំពេច​។​ អច្ឆរិយា​ បញ្ឆេះ​យន្ត​នាវា​ចេញ​ដំណើរ​ពី​ទី​នេះ​អោយ​បាន​ឆ្ងាយ​ទៅ​អែ​ឆ្នេរ​សមុទ្រ​ អែ​នាយ​ពី​កន្លែង​ចាស់​ ព្រោះ​សព​នេះ​គេ​ នឹង ឃើញ​នៅ​ថ្ងៃ​ស្អែក​ហើយ​ អច្ឆរិយា មិន​ចង់​អោយ​ប៉ូ​លិស​សៀម​មក​ត្រេង​ត្រាង​ជា​មួយ​អ្នក​ ក្នុង​រឿង​ឃាត​កម្ម​នេះ​ឡើយ​។
គ្រឿងចក្រនៃខួររបស់អ្នកគិតទៀត
   “អា​មួយ​ដែល​នៅ​លើនា​វា​ប្រាថ្នា​ប្រហារ​​អ្នក​អំបាញ់​​មិញ​នេះ​ ពុំ​មែន​អាមួយ​នោះ​ ដែល​លប​ប្រហារ​អ្នក​នៅ​អែ​បាត​សមុទ្រ​នោះ​ទេ​ តើ​សត្រូវ​ ថ្មី​របស់​អ្នក​ជា​នរ​ណា?​” បិសាច​រក្សា​កំណប់​មាស​រឺ​? នាវា​ អច្ឆរិយា ពុះ​ជ្រែក​ផ្ទៃ​ជល​សា នៅ​ពី​ក្រោយ​បុរស​ម្នាក់​ស្រោប​ក្បាល​ដោយ​សម្ភារ:​សន្សំ​ដង្ហើម​, ក្បាល​ចេញ​ផុត​ពី​ទឹក​ខំ​ទម្លុះ​អន្ធ​ការ​ដោយ​ក្រសែ​ភ្នែក​ ប្រឹង​មើល​​ឈ្មោះ​នាវា​ដែល​ចេញ​ទៅ​នេះ​។​ តែ​មើល​ពុំ​ឃើញ​។​ ងងឹត​ហួស​ហេតុ​។
   - យី នាវា​តូច​នេះ​អញ​គ្មាន​សង្ស័យ​ទេ​ គឺ​ពិត​ជា​នាវា​របស់​អាដែង​ កាខា​រ៉ង អីតីត​អនុសេ​នីយ​អែក​ នៃ​កង​ទ័ព​សៀម​ ដែល​​អញ​បាន​បាញ់​ វា​ចំ​ស្មា​ពីរ​គ្រាប់​ គឺ​វា​ហ្នឹង​ហើយ​! អញ​ជួប​វា​​ក្នុង​រង្គ​សាល​ វា​ប្រ​កែក​ថា​មិន​មែន​វា​ទេ​ ដែល​ជា​អនុ​សេនីយ​អែក​កាខា​រ៉ង​​! អញ​មិន​ត្រូវ​ផ្សង​ព្រេង​ក្នុង​ហានិ​ភ័យ​ដោយ​មាន​វា​ជា​គូ​ប្រជែង​ឡើយ​។ ស្អែក​ត្រូវ​តែ​អញ​ចាត់​ការ​អោយ​វា​ទៅ​ផ្លូវ​នរក​អោយ​ហើយ​ រួច​បុរស​នេះ​ក៏​ហែល​សំដៅ​ឆ្នេរ​សមុទ្រ​។​ ទើប​នឹង​ដាក់​អាវុធ​ចុះ​លើ​ខ្សាច់​បាន​​មួយ​វិនា​ទី​សំលេង​គ្រ​ល​ៗ​ មួយ​ៗ​ បន្លឺ​​ពី​​ក្រោយ​​ខ្ន​ងនាយ​ ចន្ថាណូ នេះ​ថា​៖​
- ម៉េចពលទោ ចន្ថាណូ អ្នកកាន់ចង្កូតនាវា ការងារស្រួលបួលទេ?
  សំលេងនេះ ចន្ថាណូ ថ្វី​ត្បិត​​តែ​​២០​​ឆ្នាំ​ បាន​​កន្លង​​ទៅ​ចាំ​ជាក់​ថា​ ជា​សំលេង​អនុ​សេនីយ​អែក​ កាខា​រ៉ង​។
- អនុសេនីយ​អែក​កាខារ៉ង​មែន​ទេ​?​ ចន្ថាណូ សួរ​។
   ចន្ថាណូ អតីត​អ្នក​កាន់​ចង្កូត នាវា​ងាក​ក្រោយ​ស្គាល់​រូប​ពិចិត្រ​ នៃ​អតីត​អនុ​សេនីយ​អែក​ដែល​គាត់​បាន​ បាញ់​ចំស្មា​ពីរ​គ្រាប់​លើ​នាវា​កាល​ពី​ម្ភៃ​ឆ្នាំ​មុន​ អនុ​សេ​នីយ​អែក​ផ្ជង់​កាំ​ភ្លើង​ចំ​ពី​មុខ​ចន្ថា​ណូ​។
   អនុ​សេ​នីយ​អែក​កាខា​រ៉ង​ ពិត​មែន​!​ ម្ភៃ​ឆ្នាំ​ហើយ​ដែល​អញ​រក​អាអែង​ ហើយ​ទី​បំផុត​អញ​បាន​មក​ជួប​!​ អញ​មិន​អោយ​ អា​ចន្ថាណូ អែង​មក​ស្ទូច​យក​ផ្លែ​ផ្កា​នៃ​ការ​ក្បត់​របស់​អែង​ទេ​!​
   - មាស​នេះក៏​ជា​ផ្លែ​ផ្កា​នៃ​ការ​ក្បត់​ជាតិ​សៀម​នៃ​អនុ​សេនីយ​អែក​អែង​ដែរ​!​ ម៉េច​ក៏​យើង​មិន​សំរុះ​សំរួល​គ្នា​យើង​​ទៅ​? អនុ​សេនីយ​អែក​ភ្លេច​ខ្លួន​ប៉ប្រិច​ភ្នែក​ ចន្ថាណូ អតីត​អ្នក​កាច់​ចង្កូត​ហូត​កាំ​បិត​ខ្វាច់​ពី​ចង្កេះ​ ប៉ុន្តែ​មុន​នឹង​ជន​នេះ​ហក់​ចូល​មក​កាន់​ អតីត​អនុ​សេនី​យ​អែក​ កាខា​រ៉ង​រលាស់​កៃ​អាវុធ​ផាំង​ៗ​ ធ្លុះ​បេះ​ដូង​វា​ជា​ពីរ​ប្រហោង​...។ ​
ផ្លូវ​ទៅ​នរក​ ចំហ​ចាំ​ចន្ថាណូ ហើយ​ .....​

៧ -ដឹងផិតត្បិតទឹកអប់