៥ -នាគចាស់ពីរជួបគ្នា
ថ្ងៃអាទិត្យ ទី13.មករា 2019.ម៉ោង 8:52

   ហើយ​ចន្ថាណូ​ អ្នក​កាន់​ចង្កូត​នាវា​បាន​ តោង​ដង​ក្ដោង​មាន​ជីវិត​។ ប៉ុន្តែ​សង្គ្រាម​ក្នុង​ស្រុក​នៃ​ប្រទេស​ថៃ​ មិន​ទាន់​ស្ងប់​​នៅឡើយ​ទេ​ ចន្ថា​ណូ ត្រូវ​រាជ​ការ​បញ្ជូន​ទៅ​ច្បាំង​ត្រង់​នេះ​ត្រង់​នោះ​រហូត​មក​ រី​អែ​លោក​អនុ​សេនីយ​ឯក កាខារ៉ង ដៃ​ឆ្វេង​ពិការ​ធ្វើ​ការ​ធ្ងន់​ពុំ​បាន​ ក្បាល​ទំពែក​​ចំកណ្ដាល​។ ក្នុង​ឆ្នាំ​នោះ​លោក​ អតីត​សេនីយ​ឯក នឹក​ភ្នក​ចង់​មក​ស្ទួច​យក​កំណប់​មាស ១០០០​គីឡូ​ក្រាម​នេះ​ដែរ​។ អនិច្ចា​! ក្នុង​ឆ្នាំ​តែ​មួយ​ ក្នុង​រដូវ​តែ​មួយ ក្នុង​អាទិត្យ​តែ​មួយ​ ចន្ថា​ណូ អតីត​អ្នក​កាច់​ចង្កូត​នាវា​ក៏​មក​ក្រុង​ប៉ាក​ណាម​នេះ​ ដើម្បី​ស្រង់​យក​កំណប់​ដែរ​ គាប់​លើ​ជួន​ អច្ឆរិយា អូស​បាត​ស្បែក​ជើង​ក្នុង​ដែន​ដី​សៀម​ ដើម្បី​ដណ្ដើម​កំណប់​ខ្មែរ​នៃ​ឈូង​សមុទ្រ​នេះ​ដែរ​។​ រស្មី​ព្រះ​សុរិយា​ចែង​ចាំង​ អតីត​អ្នក​កាច់​ចង្កូត​នាវា​សៀម​ ឈ្មោះ​ចន្ថាណូ ដែល​អីលូវ​ធាត់​ដុះ​ពោះ​ស្គុយ​ ឈរ​លើ​ឆ្នេរ​សមុទ្រ​សំលឹង​គយ​គន់​ផ្ទៃ​គង្គា​។ វចន​គំនិត​របស់​ជន​នេះ​ត្រូវ​ត្រសែត​អណ្ដែត​ទៅ​ឆ្ងាយ​​ម្ភៃ​ឆ្នាំ​ហើយ ​ដែល​មហា​កំណប់​មាស ១០០០​គីឡូ​ក្រាម​​នេះ​ដេក​ក្នុង​បាត​សមុទ្រ​ គឺ​តាំង​ពីឆ្នាំ ១៩៤៥​ម្ល៉េះ ចាំ​​យប់​សិន​ អញ​នឹង​ទៅ​ពាក់​ប្រដាប់​សន្សំ​ដង្ហើម​មុជ​ទឹក​នេះ​ រក​មើល​ជា​មុន​សិន​អោយ​ច្បាស់​កន្លែង​ ពី​សណ្ឋាគារ​ក្បែរ​មាត់​សមុទ្រ​ បុរស​ម្នាក់​លើក​កែវ​ឆ្លុះ​មើល​ឆ្ពោះ​ទៅ​បុរស​ដែល​ឈរ​សញ្ជប់​សញ្ជឹង​នេះ​ដោយ​ចៃ​ដន្យ​។​
  ប៉ៃអាខ្មោចឆៅហើយ បុរសនោះភ្ញាក់ដូចធ្លាក់ពីឋានសួគ៌ទៅឋាននរក
- យី អាអ្នក​កាច់​ចង្កូត​នាវា​ឈ្មោះ ចន្ថាណូ ទេ​តើ​! វា​មក​ប្រាថ្នា​យក​មហា​កំណប់​មាស​នេះ​ដែរ​ឬ? អញ​សង​សឹក​អា​អោយ​បាន​ ចំពោះ​គ្រាប់​សំណ​ពីរ​ដែល​អា​អែង​បាញ់​បញ្ចូល​ក្នុង​ស្មា​អញ​នៅ​អែ​លើ​នាវា​
   បុរស​នេះ​គឺ អតីត​អនុសេ​នីយ​អែក​ នៃ​កង​ទ័ព​សៀម​ឈ្មោះ កាខារ៉ង ដែល​ត្រូវ​អ្នក កាច់​ចង្កូត​នាវា​ឈ្មោះ ចន្ថាណូ បាញ់​ពីរ​គ្រាប់​ហើយ​ស្មាន​ថា​នាយ​ទាហាន​នេះ​ស្លាប់​ទៅ​ហើយ​ អតីត​អនុ​សេនីយ​អែក​ថៃ​នេះ​ទាញ​បារី​មក​ជក់​ហើយ​ និយាយ​ម្នាក់​អែង​ត​ទៅ​ទៀត​៖
   - អស់​កាល​ដ៏​យូរ​អញ​តាម​រក​ដាន​អា​ចន្ថា​ណូ ​អ្នក​កាច់​ចង្កូត​នាវា​អែង​ ទី​បំផុត​ អញ​មក​ឃើញ​អា​អែង​ហើយ​ អាចន្ថាណូ អែង​មាន​ជីវិត​វែង​ណាស់​ ប៉ុន្តែ​ចំនែក​អញ​ អញ​ក៏​មាន​សង្ខារ​ស្វិត​ស្វាញ​ណាស់​ដែរ​អា​! អា​ក្បត់​អែង​ហ៊ាន​បាញ់​អញ​ជា​អនុសេនីយ​អែក​ត្រួត​ក្បាល​អា​អែង​ រួច​អា​អែង​ស្មាន​ថា​អញ​ស្លាប់​ចោល​ ឆ្អឹង​ក្នុង​បាត​សមុទ្រ​ហើយ​! មាន​​តែពីរ​​នាក់​យើង​ទេ​ដែល​ស្គាល់​កំណប់នេះ​។
   ផ្សែង​បារី​គួច​ជា​រាង​អុត្បាត​ផ្សេង​ៗ​ ហើយ​ហើរ​ទៅ​កាន់​អាកាស​ “កំណប់​ភុជង្គ​នាគ” នេះ​លិច​នៅ​ក្នុង​បាត​សមុទ្រ​ អញ​​ក៏​ចង់​បាន​ដូច​អា​ដែរ​ អញ​អោយ​អា​ចន្ថាណូ អែង​ទៅ​ស្ទូច​មក​ រួញ​អញ​ នឹង លួច​អា​អែង​តាម​ក្រោយ​វិញ​ ប្រែ​ហែល​ស្រណុក​ណាស់​មធ្យោ​បាយ​នេះ​ អច្ឆរិយា ដេក​លើ​ព្រែ​ពូក​តែ​ម្នាក់​អែង​លើក​ហ្វីល​ “ផែន​ទី​មហា​កំណប់” បញ្ចាំង​ភ្លើង​អគ្គីសនី​មើល​ ហើយ​យក​ខ្មៅ​​ដៃ​គូស​សំគាល់​លើ​ក្រដាស​ស​ អ្នក​ប្រើ​គំនិត​ប្រតិ​កម្ម​ ពីរ​គីឡូ​ម៉ែត្រ​ពី​ច្រាំង​សមុទ្រ​នៃក្រុង​​ប៉ាក់​ណាម ៤៥​អង្សា ទិស​ពាយ័ព្យ​ ដំបូង​អ្នក​ត្រូវ​មុជ​ដោយ​ប្រដាប់​បន្សំ​ដង្ហើម​ រក​មើល​ ថា​តើ កំណប់​នៅ​ទី​នោះ​មែន​ រឺ ទេ​?
  ប៉ៃ​អា​ខ្មោច​ឆៅ​អ្ហើយ​ ម្ភៃ​ឆ្នាំ​ទៅ​ហើយ​បែប​មាន​អា​ចោរ​ណា​វ័ធ​ទៅ​ហើយ​ទេ​ដឹង​ ក្នុង​ការ​បាន​ជួប​កំណប់​នេះ​ដោយ​ចៃដន្យ​?
  - សួស្ដី​បង សំលាញ់​ច្រានិដ្ឋា​! លោក​ជំទាវ​ ប្រកិត​ពិផាត​សួរ​ ដោយ​មារយា​ តើ​បង​គិត​អ្វី​? បាន​ដូច​ជា​មាន​មនោ​សញ្ចេត​នា​សៅ​ហ្មង​ណាស់​រឺ​?​
   ភ័ន្ត​ហើយ​មាស​បង​ បង​នឹក​អូន​ ចូល​មក​ចាំ​បង​ប្រាប់ ម៉ារីណា​ កេសី​ទង់​ដែង​ ដាក់​បូ​ក្រហម​ អាវ​ទ្រនាប់​ទ្រ​សុដន ខោ​ស្លីប​ត្រី​កោណ​ បង្ហាញ​ផ្ចិត​ផ្ចង់​ល្អ​​អិត​ផ្ទឹម​ និង​ជើង​សែន​ភិរម្យ​ នាង​ដើរ​ចូល​មក​អង្គុយ​ក្បែរ​អច្ឆរិយា អច្ឆរិយា​យក​ ​ដៃ​ភ្លើយ​ចង្កា​នាង សំលឹង​ភក្ត្រា​នាង​​ម៉ារីណា​ ហើយ​បបូរ​មាត់​អ្នក​ក៏​ធ្វើ​ប្រតិ​កម្ម​ភ្លាម​
- បងនឹកអាហ្នឹងរឺ? អូនដឹងអ៊ីចឹងមិនខ្ចីមកទេ ?
   អច្ឆរិយា យកដៃអង្អែលទ្រូងនាង ម៉ារីណា ហើយរលាស់សំដីថា ៖
- បង​ទៅ​ផ្សារ​ប៉ាក​ណាម​មួយ​ភ្លែត ទិញ​ប្រដាប់​ប្រដា​បន្តិច​បន្តួច​ បង​ នឹង វិល​មក​វិញ​ ហើយ​ល្ងាច​នេះ​យើង​គិត​ទៅ​រាំ​កំសាន្ត​លេង​អែ​រង្គ​សាល “សម្រើប​នារី​” ? ម៉ារី​ណា ញញឹម​ពព្រាយ​មួយ​រំពេច​។
- បង​ចង់​អោប​អូន​រាំ បង្ហាញ​អោយ​បុរស​ដទៃ​មាន​ចិត្ត​ច្រណែន​ នឹង បង​ដែល​មាន​វាសនា​ដ៏​សែន​ខ្ពង់​ខ្ពស់​ បាន​ដួង​តារា​មួយ​មក​ផ្ទប់​ នឹង អោរា​ (អច្ឆរិ​យាបញ្ចេញ​តំលៃ​នៃ​លោក​ជំទាវ​)​។
- អោ​បង​ច្រានីដ្ឋា​ នៃ​ដួង​ចិត្ត​អូន បុរស​ទីពីរ​ដែល​ប្រសប់​ទាំង​គ្រប់​ដូច​បង​ពិត​ជា​គ្មាន​ទេ​លើ​ផែន​ដី​នេះ​ ប្រសិន​បើ​អូន​​ស្លាប់​អូន​ នឹង ​ស្លាប់​ក្នុង​ក្ដារ​មឈូស​តែ​មួយ​ជា​មួយ​បង​ នេះ​ជា​បំណង​ទី​មួយ​ដែល​​អូន​មិន​ដែល​មាន​សោះ ​តាំង​ពី​ដើម​មក​ តាំង​ពី​ក្រមុំ​​ច័ន្ទ​ទឹក​ឃ្មុំ​ម្ល៉េះ​។
  អច្ឆរិយា ថើប​សុដន​នាង​ពីរ​ខ្សឺត ហើយ​ចុះ​ជណ្ដើរ​នាវា ទៅ​ជិះ​ឡុង​បុត​តូច​មួយ​ ហើយ​អ្នក​បញ្ឆេះ​យន្ត​ចេញ​សំ​ដៅ​ច្រាំង ម៉ារី​ណា​ឈរ​មើល “សហាយ” ដ៏​ប្រិម​ប្រិយ​នេះ​។ អច្ឆរិយា ផ្ដាំ​មួយ​វគ្គ​យ៉ាង​ឆ្ងាញ់​ថា​៖
- តិចបងទៅ អូនលបដឹកពពែឈ្មោលមួយមកទៀត!
- មេឃហ្ន៎! មិនដឹងទៅរកអែណាប្រសប់ជាងបងទេ...
  បន្តិច​ក្រោយមក​អច្ឆរិយា មក​ដល់​ផ្សារ​ប៉ាកណាម​។ អ្នក​ចូល​ទៅ​ក្នុង​ភណ្ឌា​គារ​ទិញ​ប្រដាប់​សន្សំ​ដង្ហើម​សម្រាប់​មុជ​ទឹក​ រួច​អ្នក​ទិញ​ផ្កា​កេសរ​កូល​មួយ​បាច់​ធំ ​ហើយ​ដើរ​សំដៅ​ក្រសួង​ទូគមន៍​នា​គមន៍​សរ​សេរ​អត្ថប​ទទូរ​លេខ​៖
អមរា អូន
មកកាន់ក្រុងប៉ាកណាមជាប្រញាប់ ។ សណ្ឋាគារមជ្ឈិមបូព៌ា ។ ថើបអូនមួយពាន់ដង
ច្រានិដ្ឋា
  រួច​អ្នកចារ​អាសយ​ដ្ឋាន​គេហ​បាល​នៀស​ណ្ឋាគារ​ អេរ៉ា​វ៉ាន់ បាង​កក។ អ្នក​ប្រើ​គំនិត​ប្រតិ​កម្ម​របស់​អ្នក​អោយ​គិត​ទៅ​ទៀត “យ៉ាង​ណា​ក៏​ដោយ យប់​នេះ​អញ​ត្រូវ​​បង្អក​ស្រា​មី​ស្បែក​ស ម៉ារីណា អោយ​បាន​ លុះ​មីសែស​នេះ ដេក​រមួល​ដូច​ពង្រូល​ហើយ​អញ​ នឹង បើក​នាវា​ចេញ​​ទៅ​ត្រង់​កំណប់​​សំ​គាល់​​ហើយ មុជ​ទឹក​រក​មើល​ “កំណប់​ភុជង្គនាគ” នេះ​ដោយ​សន្តិ​ភាព​អិត​ទាញ​ការ​សង្ស័យ​របស់​នាង​ឡើយ​។
   យក​នាវា​ប្រកិត​ពិផាត​ ទៅ​រក​មហា​កំណប់​នៃ​បុព្វ​បុរស​ខ្មែរ​ កំណប់​នេះ​ហើយ​ដែល​បណ្ដាល​អោយ​មនុស្ស​ស្លាប់​គរ​ជើង​លើ​គ្នា​ រាប់​មិន​អស់​ទាំង​សៀម​ទាំង​ខ្មែរ​។ ម្ដង​នេះ​ធ្ងន់​ខ្លួន​ អច្ឆរិយា វ័ធ​កូន​ក្រមុំ​រួច​វ័ធ​ប្រពន្ធ រួច​យក​នាវា​ដែល​សុទ្ធ​តែ​កម្ម​សិទ្ធិ​នៃ​ឯក​អុត្តម​ប្រកិត​ពិផាត​! ប៉ៃ​អាខ្មោច​ឆៅ​អ្ហើយ​! បើ​ក្រសួង​សម្ងាត់​សៀម​ចាប់​អ្នក​បាន​ សក់​លើ​សក់​ក្រោម ​រឺ​រោម​ក្លៀក​មួយ​សរ​សៃ​ក៏​មិន​សល់​ដែរ​!​ លុះ​មក​ដល់​នាវា​វិញ​នាង​បារាំង​សែស​ ស្លៀក​ពាក់​យ៉ាង​សោ​ភា​រង់​ចាំ​អ្នក​ៗ​ ហុច​កេសរ​កូល​​មួយ​​បាច់​​ទៅ​​អោយ​​នាង​​។
- អូ ! បង ច្រានិដ្ឋា សុភាពណាស់ ចេះមានគំនិតទិញកេសរកូលមកផ្ញើអូនផង!
- មិនមែនគំនិតទេ គឺ​មក​ពី​បង​យល់​ថា​អូន​ពេញ​ចិត្ត​បុប្ផា នេះ​ដូច​ដែល​អូន​ពេញ​ចិត្ត​ នឹង​បង​អា​រឿង​ដទៃ​ៗ ទៀត​អ៊ី​ចឹង​ដែរ​ណា៎​ !​
   លុះ អច្ឆរិយា ដាក់​សម្ភារ:​មុជ​ទឹក​ចុះ​ហើយ​ នាង​សែស​មក​អោប​ក អច្ឆរិយា ហុច​ទ្រូង​ដ៏​សម្រើប​របស់​នាង​ មិត្ត​អ្នក​អាន​ស្គាល់​ អច្ឆរិយា​ស្រាប់​ហើយ​!​ មិន​សូវ​ខាត​ផ្ដាស់​ៗ​ទេ។ រង្គ​សាល​ (សម្រើប​នារី)​ មាន​មនុស្ស​ម្នា​ណែន​ណាន់​ហៀរ​មក​ដល់​ឧទ្យាន​ខាង​ក្រៅ​។ បុរស​ស្ត្រី​មួយ​គូ​ចូល​មក​ដល់​ អ្នក​បំរើ​អោន​កាយ​​គោរព​ក្បាល​ដល់​ដី​។​ ភ្ញៀវ​បុរស​នេះ​ សោភា​ដូច​ព្រះ​អាទិ​ទេព​ ភ្ញៀវ​ស្រី​ល្អ​ល្អះ​បី​ដូច​ទេវ​​នារី​ គឺ​អច្ឆរិយា​ និង ម៉ារី​ណា​។
- ម៉េចពូ? ខ្ញុំបាននិយាយ​ទូរ​ស័ព្ទ​មក​អោយ​បំរុង​តុ​មួយ​ក្នុង​សួន​ច្បារ​នៃ​រង្គ​សាល​ក្នុង​នាម ​ម៉ារីណា​
- រៀប​ចំជូនស្រេចទាន អញ្ជើញនេះ ​ទាន​ប្រោស​។
   ក្រោយ​ពីបាន​ក្រេប​ភេជ្ជ:​ហើយ​ ម៉ារីណា បែរ​មើល​ទៅ​អែ​លាន​រាំ​។ ប៉ៃ​អា​ខ្មោច​ឆៅ​អ្ហើយ​!​ ប្រុស​ស្រី​អោប​គ្នា​យ៉ាង​ស្អិត​ក្រែង​របេះ​ដាច់​ពី​គ្នា ម៉ារី​ណា កេះ​អច្ឆរិយា...
- នាំអូនរាំទៅបង! បងចេះអាចង្វាក់រុមបាហ្នឹងទេ?
- ស្រេចតែល្បងមើលទៅអូន!
   ដល់​លាន​របាំ នាង​ហុច​កាយ​ដ៏​សម្រើប​របស់​នាង​អោយ​ អច្ឆរិយា អោប​នាង​ហាក់​ស្រាល​ខ្លួន​ អច្ឆរិយា ចេះ​សិល្ប​របាំ​អស្ចារ្យ​។
ចប់រ៉ុមបា ឆាឆាឆា បន្ត
   អច្ឆរិយា មិន​ជា​ល្ងង់​សោះ​ ឆាឆាឆា អច្ឆរិយា បង្វិល​ខ្លួន​ដោយ​អិត​បាត់​ចង្វាក់​អន្តរ​ជាតិ​បួន​ជំហាន​នេះ​ឡើយ​។ ម៉ារី​ណា ជា​នាដ​ការី​មួយ​រូប​ដែល​ធ្លាប់​ល្បី តែ​នៅ​ចំពោះ​មុខ​អច្ឆរិយា ម៉ារីណា​យល់​ថា​ នាង​ចាញ់​នាដ​កម្ម​បុរស​នេះ​ដូច​មេឃ​ និង ដី​។ ឆាឆាឆា បង្វិល​កែង​ ឆាឆាឆា ទន់​ជង្គង់​ទៅ​មុខ​ ឆាឆាឆា​ ផ្លាស់​ខ្វែង​ជើង​ដូច​កាំ​រទេះ​... បួន​ជំហាន​​ជា​និច្ច ទន់​ទៅ​មុខ​ទន់​មក​ក្រោយ... អច្ឆរិយា រាំ​ឆាឆាឆា​ដូច​មក​ពី​ឋាន​សួគ៌​!​ ។
   បទ​ស្លូ​លន្លង់​លន្លោច​ដូច​ គេ​គាស់​ឆ្អឹង​មក​លាង​ទឹក​ ធ្វើ​បុណ្យ​, បទ​ស្លូ​ធ្វើ​ស្រ្តី​បុរស​លា​ទៅ​ជា​មួយ​គ្នា​ឆ្ងាយ​ពី​ផែន​ដី​នេះ​ .. បន្ទាប់​មក​បទ​ រ៉ុក​ឃេនរ៉ុល​។ អច្ឆរិយា និយម​ណាស់ ព្រោះ​ជា​របាំ​កីឡា​។ ១៥ នាទី​កន្លង​ទៅ​ អ្នក​ផ្លុំ​ភ្លេង​ហូរ​​ញើស​ពេញ​មុខ​ប្រកាច់​តះ​ៗ គូ​រាំ​ដែល​ទ្រាំ​ នឹង ការ​ហត់​ពុំ​បាន​ថយ​ម្ដង​មួយ​គូៗ​ ១៥​នាទី​ កន្លង​ទៅ​ទៀត​ ​នៅ​លើ​លាន​ របាំ​ដ៏​រលីង​ស្រិល​ នៅ​សល់​តែ​ អច្ឆរិយា និង នាង​បារាំង​សែស​ ម៉ារីណា តែ​ប៉ុណ្ណោះ ​។
   អោកាស​នេះ​លាន​របាំ​ទូលាយ​ អច្ឆរិយា បញ្ចេញ​ក្បាច់​ រ៉ុក​ឃេន​រ៉ុល​ នៃ​អ្នក​របាំ​ជំនាញ​ ដែល​​អ្នក​បាន​រៀន​យ៉ាង​ស្ទាត់​ នៅ​ប្រ​ទេស​បារាំង​ ដូច​ជា​ក្បាច់ហ្សូ​ដូ​ ​រឺ សិល្ប​បាញ់​កាំ​ភ្លើង​ដែរ​ ចារ​បុរស​អែក​ត្រូវ​ចេះ​ទាំ​ងអស់​ ដែល​អាច​នឹង​បំពេញ​ ចិត្ត​ស្ត្រី​ហើយ​ជួន​កាល​ ស្ត្រី​នេះ​អែង​ ជា​មូល​ហេតុ​នៃ​ការ​សម្រេច​ផល​ដ៏​ធំ​បាន​ អែក​អុត្តម​មហា​មន្ត្រី​ រីស្ហឺលីយើ ​(Richelieu) គឺ​ដោយ​សារ​​តែ​ស្ត្រី​ទេ គឺ​នាង​មីឡា​ឌី​ដែល​នាង​អាច​ដាក់​កាំបិត​ក្នុង​ដៃ​អនុ​សេនីយ​ទោ ហ្វេល​តុន​ ទៅ​ ប្រហារ​អ្នក​អង្គ​ម្ចាស់ ប៊ុឃីង​ហ្កាម​ (Buckingham) បាន អច្ឆរិយា ​រាំ និង​ចុង​ជើង​យ៉ាង​រហ័ស​ បោះ​នាង​ម៉ារី​ណា តាម​​របៀប​ហ្សូដូ​​របាំ​ដ៏​ប៉ិន​ប្រសប់​។ ​
ទស្សនិកជនទះដៃខ្ទ័ររង្គសាល
   បទហ្សែក​ (jerk) ប្រ​គុំ​ត​ទៅ​ទៀត​។ អច្ឆរិយា បញ្ចេញ​សិល្ប​របាំ​អស់​ដៃ ​បន្ថយ​ជំហាន​ទៅ​ខាង​ឆ្វេង​ដូច​រែង​អង្ករ​ ជួន​លោត​ៗ​ ដូច​បញ្ជាន់​ស្រូវ​ជួន​ទះ​ដៃ​ជួន​ទះ​គូថ​ ជួន​ច្រៀង​អង់​គ្លេស​បន្ទរ​តាម​ចង្វាក់​ផង​ អច្ឆរិយា រាំ​ដូច​ព្រះ​ទិទេព​។ នៅ​ អែ​តុ​ក្បែរ​គុម្ពផ្កា​បុរស​ម្នាក់​ទើប​ នឹង បើក​កញ្ចប់​អ្វី​មួយ​ដាក់​ក្នុង​កែវ​ អច្ឆរិយា​។​ បុរស​នេះ​ គឺ​យុវ​ជន​សៀម​ ដៃ​ម្ខាង​របួស​ មាន​ក្រនាត់​ឆៀង​ ក​ព្យួរ​​ដៃ​នេះ​ផង​។​ បុរស​នេះ​ដាក់​ថ្នាំ​សន្ដំ​ក្នុង​កែវ​ អច្ឆរិយា ដោយ​មាន​បំណង​មួយ​ វា​គិត​ថា​អច្ឆរិយា​នេះ​ ជា​បុរស​មួយ​រូប​ដែល​តោង​ជាយ​សំពត់​ មារីណា ប្រាថ្នា​ចង់​បាន​ប្រាក់​ខ្លះ​ៗ​ ពី​នាង​។ ថ្នាំ​មួយ​កញ្ចប់​នេះ​រៀប​ចំ​អោយ​ផែន​ការណ៍​សង​សឹក​ របស់​វា​សម្រេច​បាន​។ វា​ចៀស​ទៅ​ម្ខាង​ រួច​ពួន​ចាំ​លប​មើល​​។ ម៉ារី​ណា និង អច្ឆរិយា វិល​មក​វិញ​ ទេស​កាល​ អ្វី​ម៉ារីណា​ទៅ​អង្គុយ​ កៅ​អី​អច្ឆរិយា​ អែ​អច្ឆរិយា​ ក៏​អង្គុយ​កៅ​អី​នាង​វិញ​។ ជជែក​ភ្លេច​ខ្លួន ម៉ារីណា លើក​កែវ​ភេសជ្ជ:​ អច្ឆរិយា​ ដែល​ដាក់​នៅ​ចំ​ពី​មុខ​នាង​ឡើង​ផឹក​ រហូត​ដល់​ដំនក់​ចុង​ក្រោយ​បំផុត​ ដោយ​នាង​ហត់​ នឹង របាំ​​តើ​នាង​ខ្ពើម​អ្វី​ កែវ​អច្ឆរិយា​ បើ​នាង​បាន​ទាំង​ប្ដូរ​ឈាម​សម្ផស្ស​មេត្រី​ជា​មួយ​គ្នា​ទៅ​ហើយ​?​ បន្តិច​ក្រោយ​មក​ ម៉ារីណា​យក​ដៃ​ទ្រ​ថ្ងាស​ ហើយ​ត្អូញ​ប្រាប់​សង្សារ​ថា៖
- បង អូនមិនស្រួលខ្លួនសោះ ងុយគេងអ្វីម្ល៉េះទេនាំអូនទៅលើនាវាវិញ ។
      ម៉ារីណា ទន់​ល្លៀក​លើ​កៅ​អី​។ ក្រោយ​ពី​បាន​ បង់​ប្រាក់​តំលៃ​ភេ​សជ្ជ​ហើយ​ អច្ឆរិយា​ ព​ត្រកង​នារី​ បារាំង​សែស​ដូច​ផ្កា​ត្រកួន​ឆ្ពោះ​ទៅ​ឆ្នេរ​សមុទ្រ​ អច្ឆរិយា ប្រើ​គំនិត​ប្រតិ​កម្ម​អោយ​គ្រឿង​ចក្រ​ខួរ​ក្បាល​ដើរ​ ម៉ារីណា​ដេក​ដូច​គល់​អុស​! រឿង​នេះ​មិន​មែន​ធម្មតា​ទេ​!!​..នាង​ពិត​ជា​ត្រូវ​គេ​ដាក់​ថ្នាំ​សន្ដំ​ហើយ​ អោ​អញ​នឹក​ឃើញ​ហើយ​ ម៉ារី​ណា ផឹក​កែវ​ភេជ្ជ​ របស់​អញ​ ដូច្នេះ​អញ​ទេ​តើ​ដែល​គេ​តម្រង​ប្រាថ្នា​ អ្នក​ណា ​? នរគ​បាល​ជាតិ​រឺ​?​ ប៉ុន្តែ​កាសែត​បាន​ផ្សាយ​ចេញ​ថា “អច្ឆរិយា” ស្លាប់​បាត់​ទៅ​ហើយ​ ជា​សេច​ក្ដី​ថ្លែង​ការណ៍​នៃ​ក្រសួង​សន្តិ​សុខ​ជាតិ​ថៃ​តែ​ម្ដង​!​ មក​ដល់​លើ​នាវា​ អ្នក​បោះ​សរីរ​កាយ​ ដ៏​វរ​នេះ​លើ​គ្រែ​​នាង​ស្រមុក​ខ្វើយ​ៗ​ ក្នុង​និន្ទ្រា​។ នៅ​អែរង្គ​សាល “សម្រើប​​នារី​”​ សេច​ក្ដី​សប្បាយ​បន្ត​​ទៅ​ទៀត។ នៅ​អែមុខ​តុ​ខ្ពស់ បុរស​ទំពែក​ឆក​ចំ​កណ្ដាល​ក្បាល​ម្នាក់​ដើរ​ប៉ះ​ស្មា​បុរស​ដុះ​ពោះ​ស្ពីង​​ម្នាក់​ទៀត​។
- អភ័យទោសលោក! បុរសទំពែកនេះនិយាយ។
  គឺ​អតីត​អនុ​សេនីយ​អែក កាខា​រ៉ង។ បុរស​ធាត់​មុខ​ក្រហម​ដោយ​កំហឹង​ ងាក​ផាំង​ មក​មើល​មុខ​ អ្នក​ដែល​​ដើរ​ប៉ះ​ស្មា​នេះ​ គឺ​ជា​អតីត​អ្នក​កាច់​ចង្កូត​នាវា​ឈ្មោះ​ចន្ថាណូ ដែល​ភ្លាត់ឧទាន​ស័ព្ទថា​៖
- ប្រយ័ត្នបន្តិចទៅមិនបានទេរឺ ? អោ!… អោ!… គឺលោកអនុសេនីយអែកកា កាខារ៉ង រឺ?
- មិនមែនទេ អតីតអនុសេនីអែក កាខារ៉ង តបវិញលោកភ័ន្តច្រលំ នឹង មនុស្សម្នាក់ទៀតហើយ!
អតីតអនុសេនីយអែក កាខារ៉ង ប្រកែករួចហើយក៏ចេញទៅបាត់ ។
   អតីត​អ្នក​កាច់​ចង្កូត​នាវា​មក​អង្គុយ​អែ​តុ ដែល​មាន​ស្ត្រី​ឆើត​ឆាយ​ម្នាក់​នៅ​ទី​នេះ​ស្រាប់​។ ចន្ថាណូ អ្នក​កាច់​ចង្កូត​នាវា​នេះ​រំលឹក​ដល់​អនុស្សាវ​រីយ៍​ចាស់​
   គឺ​វា​ហ្នឹង ហើយ​! អនុ​សេនី​អែក កាខា​រ៉ង​ អញ​បាន​បាញ់​វា​! អញ​ចាំ​ច្បាស់​ណាស់​ មុខ​វា​ហ្នឹង​ អញ​ចារ​ទុក​ក្នុង​ដួង​ហរិ​ទ័យ​អញ​ ថ្វី​ត្បិត​តែ​ម្ភៃ​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​
ប៉ៃ​អាខ្មោច​ឆៅ​អ្ហើយ​អញ​បាន​ធ្វើ​អោយ​កាំ​ភ្លើង​ដៃ​អញ​ក្អូត​គ្រាប់​ចំស្មា​វា​ អញ​ស្មាន​ថា​វា​ទៅ​អែ​ឋាន​នរក​បាត់​ទៅ​ហើយ​! គឺ​វា​ហ្នឹង​ហើយ​ អនុសេ​នីយ​អែក​ កាខា​រ៉ង​ បើ​វា​មក​ទី​នេះ​ដែរ​ បាន​ន័យថា​ វា​ពេញ​ចិត្ត​ នឹង​ កំណប់​មាស ១០០០​គីឡូ​ក្រាម​នេះ​ដែរ​! ចន្ថា​ណូ អតីត​អ្នក​កាច់​ចង្កូត​នាវា​ ក្រោក​ឈរ​លើក​កែវ​សម​ ប៉ាញ​ឡើង​ហើយ​និយាយ​ម្នាក់​អែង​ថា​៖
- បើ​អាអែង​រួច​ខ្លួន​កាល​ពី​លើក​ទី​១ ដល់​លើក​ទី​២ ​នេះ អញ​បំបាក់​កន្ដៀត​ក្អម​អា​អែង​ដូច​កែវ​នេះ​ ស្រដី​ដូច្នោះ​ហើយ​ចន្ថាណូ អតីត​អ្នក​កាន់​ចង្កូត​នាវា​ច្របាច់​ដង​ជន្ទល់​កែវ​សម​ប៉ាញ​បាក់​ផោះ!!...​

៦ -ផ្លែផ្កានៃការក្បត់