៣ -មាស ១០០០គីឡូក្រាម
ថ្ងៃសៅរ៍ ទី22.ធ្នូ 2018.ម៉ោង 7:56

    នៅ​សង​ខាង​ផ្លូវ​ អច្ឆ​រិយា​ គយ​គន់​ព្រៃ​ធំ​ដែល​លាត​សន្ធឹង​រហូត​ដល់​ជើង​ភ្នំ អា​រម្មណ៍​របស់​អ្នក​រសាត់​ទៅ​ដល់​អែ​ជើង​មេឃ​ឆ្ងាយ​សន្លឹម​អែ​ណោះ អនុស្សា​វរីយ៍​នៅ​ថ្មី​ៗ ក្លិន​ក្លែប​សាច់​កញ្ញា​អមរា​ ផ្ដិត​ជាប់​អស់​កាល​ជា​និច្ច​នៅ​ នឹង នាសា​របស់​អ្នក​។​ មែន​កញ្ញា​អមរា​ ជា​នារី​បរិសុទ្ធ​នៅ​ថ្មី​សន្លាង​ចេញ​ពី​ពុម្ព​ ដែល​ពួក​ប្រុស​ៗ ខិល​ៗ តែង​ប្រើ​ពាក្យ​ថា​ អូរីយីន​ “origine”​។ អយ​ស្ម័យ​យាន​ មុជ​ក្រោម​ស្ពាន​ដែល​ស្រែក​រោទ៍​ទ្រហឹង​អឹង​កង​ រូប​ពិចិត្រ​ អមរា​ អាក្រាត​នៅ​បញ្ជាំង​ពី​មុខ​អ្នក​ជា​និច្ច រាត្រី​ឋាន​សួគ៌​ពីរ​ដង​ អច្ឆរិយា​ ចង​ចាំ​ជាប់​ស្អិត​ដិត​ឱរា អ្នក​រំលឹក​ឃើញ​ធាតុ​សាច់​ដ៏​ក្ដៅ​រប ស់​នាង​ ដែល​ឈាម​កញ្ជ្រោល​ឡើង​ ក្នុង​សរ​សៃ ​អ្នក​នឹក​ឃើញ​គ្រា​ដែល​ង​នាង​កំពុង​ស្លៀក​ពាក់​នៅក្រោ​ម​ពន្លឺ​ដ៏​ស្រទន់​ អនុស្សា​វរីយ៍​មួយ​ពាន់​!. មួយ​ម៉ឺន​!.. រហូត​ដល់​វ័យ​២៨​ ឆ្នាំ​នេះ​ អ្នក​​មិន​ដែល​ស្គាល់​សុភ​មង្គល​ណា​ ក្នុង​ស្នេហា ដែល​ធ្វើ​អោយ​អ្នក​ស្រមៃ​ស្មើ ​អមរា​ នេះ​ឡើយ​។ ម៉ោង ១២​អធ្រាត្រ​ ពេល​ដែល​អ្នក​បាន​ដេញ​អោយ​នាង​វិល​ទៅ​វិញ​ អនិច្ចា​! អច្ឆរិយា​ នៅ​ចាំ​ថា​ នាង​អង្គុយ​សោក យំ​អោប​ជើង​អ្នក​យ៉ាង​យូរ​ទំរាំ​ នឹង ដាច់​ចិត្ត​ចេញ​ទៅ​ ដើម្បី​លួង​លោម​អារម្មណ៍​នាង​ អច្ឆ​រិយា​បាន​ប្រាប់​ថា​ព្រឹក​ស្អែក​នេះ​ ពី​ព្រលឹម​ស្រាង​អ្នក​មាន​ការ​ចេញ​ដំណើរ ហើយ​អង្វរ​នាង​មក​សណ្ឋា​គារ​រាល់​ថ្ងៃ​កុំ​ខាន​ សួរ​គេហ​បាល​ក្រែង​មាន​ទូរ​លេខ​ហៅ​នាង​ទៅ​ជួប​អ្នក​នៅ​កន្លែង​ណា​មួយ​។​ អ្នក​ភ្ញាក់​ព្រើត​ចេញ​ពី​ការ​ស្រមៃ​នេះ​ ដោយ​កុមារ​ម្នាក់​កាន់​កា​សែត​មួយ​សំណុំ​​ស្រែក​លើ​រថ​ភ្លើង​ :​

       - កាសែត! កាសែត!
    អច្ឆរិយា ទិញ​សារ​ពត៌​មាន​ ថាង​កក​ ជា​សាភា​អង់​គ្លេស៍​។ នៅ​លើ​ទំព័រ​ទី​មួយ​អ្នក​ ឃើញ​រូប​ថត​រថ​យន្ត​មួយ​ឆេះ​នៅ​សល់​តែ​ឆ្អឹង​ដែក​ នឹង​សាក​សព​បី​នាក់ នៅ​ម្ខាង​មាន​ក្បាល​បុរស​ម្នាក់​ពាក់​មុខ​ក្បាល​ខ្មោច​។​ សេច​ក្ដី​រាយ​ការណ៍​មាន​ន័យ​ជា​អាទ៍​ថា «រថ​យន្ត​ផ្ទុក​ត្រី​ងៀត​មួយ​ ដែល​មក​ពី​ព្រំ​ប្រ​ទល់​ខ្មែរ​​សៀម​ បាន​ធ្លាក់​ពី​លើ​ថ្នល់​កំពស់​ប្រហែល​ជា​បីរយ​​ម៉ែត្រ​ ហើយ​ឆេះ​ខ្ទេច​ទាំង​អស់​ មាន​មនុស្ស​ស្លាប់​បី​នាក់​ ឆេះ​ខ្មៅ​អស់​ កាល​ពី​យប់​ម្សិល​មិញ​ តាម​សេច​ក្ដី​សន្និ​ដ្ឋាន​នៃ​ ក្រសួង​សន្តិ​សុខ​ជាតិ​ថៃ​ ដែល​ស៊ើប​អង្កេត​ដិត​ដល់​ក្នុង​រឿង​នេះ​ថា​ បុរស​អ្នក​កាច់​ចង្កូត​ឈ្មោះ​ត្រុឌី​ ម្នាក់​ទៀត​ដែល​អង្គុយ​ទន្ទឹម​គឺ​អច្ឆវិយា ចារ​បុរស​ខ្មែរ​ដែល​បាន​កៀស​ខ្លួន​ពី​ព្រំ​ប្រ​ទល់​ខ្មែរ​ សៀម​ ប្រុង​ចូល​មក​ធ្វើ​វិទ្ធង្ស​នា​ប្រទេស​នេះ​ ដូច​ជា​មាន​រូប​ អច្ឆរិយា ពាក់​ក្បាល​ខ្មោច​នេះ​ជា​ស្ដុតាង​ បង្ហាញ​ឧក្រឹដ្ឋ​ចារ​កម្ម​របស់​វា​ជា​ច្រើន​ អែ​សព​ម្នាក់​ទៀត​ ក្រសួង​មាន​សមត្ថ​កិច្ច​ រក​ពុំ​ទាន់​ឃើញ​អត្ត​សញ្ញាណ​នៅ​ឡើយ​ទេ​ អាន​ចប់ អច្ឆរិ​យា ញញឹម​!.. ញញឹម​ត្រង់​ដែល​ថា​អា​កំពិក​រដ្ឋ​មន្ដ្រី​សន្តិ​សុខ​ជាតិ​ថៃ​ ជឿ​ជាក់​ថា​អ្នក​ចុះ​ទៅ​ឋាន​នរក​បាត់​ទៅ​ហើយ​។​

    ប្រ​កិត​ពិផាត​ភ័ន្ត​ច្រលំ​ដោយ​ហេតុ​ សាសន៍​វា​ជា​សាសន៍​ទុច្ចរិត​ សាសន៍​ប្លន់​ខ្មែរ​ ហ៊ីស​! ហ៊ីស​! សំណាង​អាក្រក់​, ពៀរ​ វា​ដេញ​ជាន់​កែង​អា​មនុស្ស​ទុច្ច​រិត​ពីរ​ជាន់​ សៀម​លួច​យក​មាស​ខ្មែរ​ប្រកិត​ពិផាត​ ក្បត់​រាជ​រដ្ឋា​ភិបាល​សៀម​ កូន​ក្រមុំ​អា​ត្មាត អា​ទំពែក​អែង​ អច្ឆរិយា វ័ធ​ខ្ទេច​ដល់់​គល់​ គឺ​កញ្ញា អមរា បើ​ពួក​សន្តិ​សុខ​ជាតិ​សៀម​ជឿ​ថា​អច្ឆរិយា​ស្លាប់​ តើ​ពួក​អស់​នោះ​ទៅ​រក​អច្ឆរិយា​ ទីពីរ​អែ​ណា​ទៀត​?​ ដូច្នេះ​អច្ឆរិយា​ អាច​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​សៀម​ ដោយ​កាន់​អត្ត​សញ្ញាណ​​ប័ត្រ​សៀម​ឈ្មោះ​ ច្រានិដ្ឋា​ បាន​យ៉ាង​ស្រួល​។ រី​អែ​សំលាញ់​ត្រុឌី​ បាន​ភៀស​ខ្លួន​ទៅ​នៅ​ចំការ​ក្រូច​របស់​ខ្លួន​ជា​មួយ​គ្រួសារ​នៅ​ក្នុង​ខេត្ត​ ចន្ទថប៊ុន​ ស្រេច​ទៅ​ហើយ​។ ភារ​កិច្ច​នេះ អច្ឆរិយា ចង់​ធ្វើ​តែ​ម្នាក់​អែង​ ព្រោះ​បាន​ទទួល​បញ្ជា​ពី​នាយ​ក្រសួង​ចារ​កម្ម​ខ្មែរ​មក​ដូច្នេះ​​ត្រូវ​​តែ​គោរព​។​

    លើ​អយ​ស្ម័យ​យាន​ វាសនា​ល្អ​នៅ​កន្លែង​អ្នក​ អិត​មាន​ភ្ញៀវ​ណា​អង្គុយ​សោះ​។ អ្នក​​​ហូត​ពី​បាត​កៅ​ស៊ូ​ នូវ​ស្រទាប់​មួយ​​ដ៏​​មាន​​ហ្វីល “ផែន​ទី​មហា​កំណប់” ដែល​អ្នក​បាន​ដន្ដើម​​យក​បាន​ដោយ​ជោគ​ជ័យ​ ដោយ​បារមី​នៃ​ព្រះ​វិញ្ញាណ​ក្ខន្ធ​សំម្ដេច​ ព្រះ​សុវណ្ណ​កោដ្ឋ​ និង ទេវ​តា​រក្សា​ស្វេត​ច្ឆ័ត្រ​ខ្មែរ​គាំ​ទ្រ​ផង​។ អ្នក​មើល​ហ្វីល​ដោយ​ បញ្ចាំង នឹង រស្មី​ព្រះ​អាទិត្យ​ដែល​រះ​ ចេញ​ពី​ទិស​បូព៌ា​។ ចំនុច​ខ្វែង​ជើង​ក្អែក​មួយ​ ក្នុង​ឈូង​សមុទ្រ​សៀម​ ពី​ទិស​ពាយ៍ព្យ​ ចម្ងាយ​តែ​ពីរ​គីឡូ​ម៉ែត្រ​ ពី​មាត់​មនុស្ស​ក្រុង​ប៉ាក់​ណាម​ គឺ​ជា​កន្លែង​ផ្ទុក​មាស​ខ្មែរ​ ១០០០​គីឡូ​ក្រាម​ផង​។ អច្ឆរិយា រំលឹក​ប្រវត្តិ​សាស្ត្រ​ តាម​អែក​សារ​សំងាត់​ នៃ​ការ​ប្លន់​លួច​យក​រតន​វត្ថុ​ពី​ខ្មែរ​ដោយ​ក្ដៅ​ក្រហាយ​។ នៅ​ឆ្នាំ ១៩៤៥ កង​ទ័ព​ជប៉ុជ​ ដែល​បាន​គាំ​ទ្រព្យ​អា​កំហូច​សៀម​ ជាន់​ទឹក​ដី​ខ្មែរ​ យក​ខេត្ត​បាត់​ដំបង​ បាន​ចាញ់​ដៃ​សង្គ្រាម​ នៃ​កង​ទ័ព​បារាំង​ និង ខ្មែរ​ម្ដង​វិញ​។ សៀម​ក្នុង​មហិច្ឆិតា​ អិត​ព្រំដែន​ បាន​ប្លន់​រាស្ត្រ​ខ្មែរ​ និង គាស់​កំណប់​មាស​នៃ​​បុព្វ​បុរស​ខ្មែរ​ ប្រមូល​បាន​មាស ១០០០ គីឡូ​ក្រាម គឺ​ដឹក​ទៅ​ជា​មួយ​កង​ទ័ព​ របស់​ខ្លួន​ ដែល​ដក​ថយ​ដោយ​សំងាត់​ក្នុង​រថ​យន្ត​សឹក​មួយ​​។

   អ្នក​ដែល​ដៃ​ដល់​ក្នុង​រឿង​នេះ​គឺ វរសេនី​អែក​ពិចិត្រ​ ខាំ​ណា​ អនុសនី​អែក​ កាខារ៉ង​ ពល​ទោ​សារិថា​ និង អ្នក​កាច់​ចង្កូត​ឡាន ចន្ថាណូ​។ ដោយ​លោក​វរសេនី​អែក​ ពិចិត្រ​ខាំ​ណា ​ជា​មេ​បញ្ជា​ការ​ជាន់​ខ្ពស់​ លើ​យោធា​សៀម​ដែល​ត្រូវ​លើ​ទ័ព​​ចេញ​ពី​ទឹក​ដី​ព្រះ​រាជា​អាណា​ចក្រ​ខ្មែរ​, លុះ​ទៅ​ដល់​ប្រទេស​សៀម​លោក​បាន​ចាត់​វិធាន​ការណ៍​សំងាត់​ ផ្ទុក​មាស ១០០០​គីឡូ​ក្រាម​នេះ​នៅ​លើ​នាវា​មួយ​។ ពល​ទោ សារិថា និង​អ្នក​បរ​ឡាន​មាន​ភារៈ​ជា​អ្នក​បញ្ជ​លើក​ដាក់​មាស​នេះ​ដាក់​ចុះ​នាវា​។
- យីចុះធុងនេះ​មិន​ជា​ធំប៉ុន្មាន​ទេ ម្ដេច​ក៏​ធ្ងន់​ម្ល៉េះ​អាចន្ថាណូ ? ពល​ទោ​សួរ​ត​ទៅ​អ្នក​កាច់​ចង្កូត​ ធុង​នេះ​សំណ​ឬ?​
- អា​ចំកួត​ស្ងួត​ធ្មេញ​ មិន​មែន​សំណ​ទេ​ មាស​ណា៎​អាភ្លើ​ ស​ហការី​នេះ​ឆ្លើយ​តប​ទៅ​ពល​វិញ​។
  ដើម្បី​បញ្ជាក់​អោយ​បាន​ច្បាស់​, ពល​ទោ​ក៏​សួរ​ដោយ​គោរព​ត្រង់​ជីង​ភ្លឹង​ ចំពោះ​លោក​វរ​សេ​នីយ​អែក​ជា​មេ​បញ្ជា​ការ​លើ​យោធា​សៀម​ដែល​ចេញ​ពី​ស្រុក​ខ្មែរ​ថា​៖
- អភ័យ​ទោស​ព្រះ​តេជ​គុណ​ម្ចាស់​ ធុង​នេះ​ដាក់​មាស ១.០០០​គីឡូ​ក្រាម​មែន​រឺ​ទេ​ ?​
ឆេះ​ឆួល​ក្នុង​ឱរា! ដែល​អាកូន​ទាហាន​កំប៉ិក​កំប៉ុក​មក​ដេញ​សួរ​រឿង​សំងាត់​នៃ​មហា​សម្បត្តិ​ដូច្នោះ​ លោក​វរ​សេ​នីយ​អែក​ក៏​គំហក​ទៅ​កាន់​ពល​ទោ​នេះ​ថា​៖
- នែ៎ ចំកួត​ពក​ថ្ងាស​ មាន​សំនួរ​ខ្លះ​ដែល​អញ​ហាម​ឃាត់​ជា​អហង្ការ​ មិន​អោយ​ថា​ដាច់​ខាត​ចំពោះ​រូប​អញ​លឺ​ទេ?
  ​ ថាហើយ​លោក​វរសេនីយ​អែក ក៏​ដើរ​ទៅ​ក្បែរ​លោក​អនុ​សេ​នីយ​អែក​អែ​ក្បាល​នាវា​ ហើយ​បញ្ជា​ អោយ​អ្នក​កាន់​ចង្កូត​លើ​ក​យុថ្កា​នាវា​ចេញ​ដំណើរ​បាន​ប្រមាណ​ ពីរ​គីឡូ​ម៉ែត្រ​ពី​មាត់​ច្រាំង​ ពល​ទោ សារិថា ឆេះ​ឆួល​ក្នុង​ចិត្ត​មាន​ចិត្ត​ល្មោភ​ លោភ​លន់​ចង់​បាន​មាស​នេះ​ គិត​ពុំ​វែង​ហូត​ដាវ​ជ័យ​ខ្វាក​ហក់​ទៅ​ចាក់​ទំលាយ​ឆ្អឹង​ខ្នង​ លោក​វរសេ​នីយ​អែក​ស្លាប់​ក្នុង​បឹង​​លោ​ហិត​ មួយ​រំពេច​នោះ​។ លោក​អនុ​សេនីយ​អែក​ កាខា​រ៉ង​ ហូត​កាំ​ភ្លើង​ខ្លី​ហើយ​បាញ់​ផូង​ចំឃាតករ​។
- អាអែងឆ្កួត រឺពលទោ?
  ​ពលទោក៏រលាយសង្ខាចាកលោកនេះទៅ ជាមួយលោកវរសេនីយអែកដែរ។
  អ្នក​កាច់​ចង្កូត​នាវា​ ងាក​មក​ឃើញ​សហ​ការី​ខ្លួន​ស្លាប់​អស់​ ពីរ​នាក់​ នៅ​សល់​តែ​លោក​អនុ​សេ​នីយ​អែក កាខារ៉ង ត​ តួ​។ នាយ​កាន់​ចង្កូត​នេះ ហូត​កាំ​ភ្លើង​បាញ់​អនុ​សេនីយ​អែក​ពី​ក្រោយ​ផាំង​ៗ​ ចំ​ស្មា​ នឹង ដៃ​រលំ​គ្រាំង​។​
- ស្លាប់ទៅ អនុសេ​នីយ​អែក​! មាស​នេះ​ ត្រូវ​បាន​អញ​! អញ​ នឹង ​ក្លាយ​ទៅ​ជា មហា​សេដ្ឋី​ តែ​ម្នាក់​អញ​! មាស​ខ្មែរ ១០០០ ​គីឡូ​ក្រាម​នេះ​ជា​កម្ម​សិទ្ធិ​របស់​អញ​ អ្ហា៎ ​! អ្ហា៎​! អ្ហា៎!​។
  ​ អកុ​សល​កម្ម​មក​ផ្ដន្ទា​ ព្រះ​វា​យោ​បក់​បោក​យ៉ាង​មហា​ខ្លាំង​មហិមា​... រលក​សមុទ្រ​ ងើប​ឡើង​បី​ដូច​ភ្នំ​បោក​ផ្ទុប​ នឹង នាវា ដែល​ឃ្លេង​ឃ្លោង​ បាក់​ដង​ក្ដោង​ប្រាវ​ នាវា​ រហែក​ជា​ចំណែក​ មហា​សម្បត្តិ​ចក្រ​គឺ​មាស​ ១០០០ គីឡូ​ក្រាម លិច​ក្នុង​បាត​មហា​ជល​ស័យ​ អ្នក​កាន់​ចង្កូត​ចន្ថាណូ​ បះ​ឈើ​មួយ​ដើម​ក៏​តោង​យក​ព្រះ​អាយុ​។​
  ​ រាត្រី​ងងឹត​ចាក់​ភ្នែក​ពុំ​យល់​ អនុ​សេនីយ​អែក កាខា​រ៉ង​ វាសនា​តំរូវ​មិន​ទាន់​អស់​សង្ខា​ គឺ​គ្រាន់​តែ​របួស​ ស្មា​ឆ្វេង​ពីរ​​គ្រាប់​ក៏​តោង​ឈើ​មួយ​គល់​ធំ​ត្រូវ​ព្រះ​វាយោ​ ផាត់​រសាត់​ទៅ​ដល់​ច្រាំង​ឆ្ងាយ​ពី​នាយ​កាច់​ចង្កូត​ ចន្ថាណូ​។ មួយ​ថ្ងៃ​មួយ​យប់​ លុះ​បាន​មក​ដល់​ត្រើយ​នៃ​ឈូង​សមុទ្រ​សៀម​ហើយ​, អ្នក​កាច់​ចង្កូត​នាវា​ចន្ថាណូ​ ចំណាំ​ច្បាស់​នូវ​កន្លែង​ដែល​នាវា​លិច​ នាយ​នេះ​ក៏​បាន​គូស​ផែន​ទី​ពិត​អិត​ខុស​ហើយ​ថត​ទុក។
  ​អនិច្ចា, ព្រេង​​សំណាង​នៃ​ មនុស្ស​តែង​ប្ដូរ​ទិស​ជា​និច្ច​ ហ្វីល​ផែន​ទី​មហា​កំណប់​នេះ ត្រូវ​បាន​គេ​លួច​បន្ត​ៗ​ គ្នា​រហូត​មក​​ដល់​ក្នុង​ដៃ​ខ្មោច​ នាង​កញ្ញា​សាវិ​រីហា​ម៉ា ​ដៃ​​ខ្មោច អធិការ ពិសិទ្ធី បុរស​ពាក់​មុខ​ក្រហម រួច​ធ្លាក់​មក​ក្នុង​កណ្ដាប់​ដៃ​អច្ឆរិយា​ ជា​ចុង​ក្រោយ​បំផុត​ បណ្ដាល​អោយ​មនុស្ស​ស្លាប់​គរ​ជើង​លើ​គ្នា​ ឈាម​ដាប​ពោះ​ដំរី​ ព្រោះ​តែ​កំណប់​នេះ​ទើប​អច្ឆរិយា​ ដាក់​សម្មតិ​នាម​ថា “កំណប់​ភុជង្គនាគ​”​។
អយស្ម័យយាន បន្លឺកញ្ចែយ៉ាងវែងគ្រលួច ជាសញ្ញានៃការមកដល់ប៉ាក់ណាមបូរី ឆ្នេរសមុទ្រសៀម