១ -ត្រីងៀតមានជីវិត
ថ្ងៃសៅរ៍ ទី8.ធ្នូ 2018.ម៉ោង 9:43

    គឺ​ព្រៃ​រិស្សី​ប្រាច​ ប្រកប​ដោយ​ផ្លូវ​ចង្អៀត​សែន​លំបាក​ក្រៃ​ពេក​ ក្នុង​ការ​ធ្វើ​គមនា​ការ​ សំដៅ​ប្រទេស​សៀម​។ យូរ​ៗ​ខ្យល់ បក់​រ៉ាវ​ៗ​ អង្រួន​ព្រឹក្សា​បិសាច​នេះ ​ដែល​ឈរ​ជ្រងោៗ​ កំហែង​រហោ​ស្ថាន​នៃ​រាត្រី​ ក៏​មាន​អឌ្ឍ​ច័ន្ទ​ ចិត្ត​រិស្សា​សែន​កំណាញ់​ និង ជះ​ពន្លឺ​មក​លើ​ផែន​ដី​ សែន​ខ្មៅ​នេះ​។ ស្ងាត់​នោះ​ សែន​ស្ងាត់​... ស្ងាត់​បី​ដូច​ផ្នូរ​ខ្មោច​... ​មៀម​ ទីទុយ​ ខ្លែង​ស្រាក​ ស្រែក​គំហក​មហា​វ័ន​ ជា​ចំរៀង​មរណ:​ គួរ​អោយ​រន្ធត់​ដួង​ចិត្ត​ពន់​ពេក​, អកុ​សល​ណាស់​ទៅ​ទៀត​ មហា​ផ្ទាំង​​ពពក​អប្រិយ​ រសាត់​មក​ ពន្លត់​ចង្កៀង​ធម្ម​ជាតិ​ អោយ​បាត់​រស្មី​ទុក​បណ្ដោយ​ អោយ​​មហា​បព៌ត​ ឈរ​ជ្រែង​ជិះ​ជាន់​សង្កត់​ ព្រៃ​រិស្សី​កំណាច​នេះ​ថែម​ទៀត​ វា​យោ​ផាត់​ ហ៊ូរៗ​ ហួច​នៅ​ក្បែរ​ត្រចៀក​បុរស​ ម្នាក់​ដែល​កំពុង​ដើរ​លុន​ៗ​ ក្រាប​ៗ​ បន្លំ​ នឹង គុម្ព​ស្បូវ​ខ្ពស់​ៗ​​ខ្លះ ​គុម្ពោត​ចន្លា​ព្រហ្ម​ខ្លះ ​រួច​អង្គុយ​ចុះ​ ចាំ​ប្រុង​ស្ដាប ស្ងាត់​ឈឹង​ដដែល បុរស​លើក​នាឡិកា​មើល​ទ្រនិច​ និង លេខ​ដែល​សាង​ដោយ​វត្ថុ​ធាតុ​ដើម​វិទ្យា​សាស្ត្រ​ ភ្លឺ​ចាំង​ល្មម​មើល​​ឃើញ​​ក្នុង​រត្តិ​កាល​ចិត្ត​ខ្មៅ​ ម៉ោង​ ១២​អាធ្រាត្រ​គត់​។

    ចង្កៀង​បញ្ចាំង​មក​ម្ដង​ទៀត ហើយ​ម្ដង​នេះ​ ចង្កៀង​នេះ ឈប់​រង្វង់​ពន្លឺ​ជះ​មួយ​មណ្ឌល​នេះ​ រួច​ស្នូរ​ការ៉ា​ប៉ីន​រោទ៍​ ប៉ីប​ៗ ប៉ុប​ៗ វីវ​ៗ… វីវ …មួយ​ភ្លែត​​ស្ងប់​ទៅ​វិញ​។ ចង្កៀង​​ក៏​បំបែរ​រង្វង់​ ពន្លឺ​ទៅ​កន្លែង​ផ្សេង​ទៀត​។ តាម​ស្មាន​ ពួក​អា​នេះ​ពិត​ប្រហែល​ជា​មាន​ មន្ទិល​សង័្សយ​ វា​ក៏​បាញ់​រះ​បង្គ្រប់​កិច្ច ។

    វាសនា​ល្អ ព្រោះ​មិន​ងាប់​បាន​ជា​មិន​ស្លាប់​ គ្រាប់​រត់​អោយ​ជិត​ត្រចៀក​ និង ក្បាល​នៃ​អ្នក​ដំណើរ​សំងាត់ ដែល​ពោល​ខ្សឹប​ៗ រក​ធម៌​ព្រះ​រតន​ត្រៃយ​ និង ទេវ​តា​រក្សា​ព្រះ​ស្វេត​ច្ឆ័ត្រ​ខ្មែរ​ ព្រម​ទាំង​ព្រះ​វិញ្ញាណ​ក្ខន្ធ​នៃ​ព្រះ​បាទ​នរោត្តម​សុវណ្ណ​កោដ្ឋ​។ រត្តិ​បក្សា​បក្សី​ផ្អើល​ឆោ​ឡោ រួច​ស្ងាត់​បន្តិច​ម្ដង​ៗ​។​ ជឿ​ជាក់​ថា​ល្មម​លូន​ទៅ​មុខ​បាន​ទៀត​ហើយ​ អ្នក​​ដំណើរ​​ក៏​បន្ត​ជំហា ន​ទៅ​ទៀត​ ឆ្ងាយ​ទៅ… ឆ្ងាយ​ទៅ​ ពី​ប៉ម​សត្រូវ​ លូន​មក​ដល់​គុម្ពោត​មួយ​ ដែល​ជា​ទី​ណាត់​ជួប​គ្នា​ បុរស​សំងាត់​ផ្ទៀង​នាឡិកា​ម៉ោង ១២ : ៣០​​ គត់ ដោយ​សោតា​ដ៏​សែន​វៃ​អស្ចារ្យ​ ជន​នេះ​ហាក់​លឺ​ស្នូរ​ ដង្ហើម​ក្នុង​គុម្ពោត​មួយ​នោះ​។ ជាមិត្ត ? ជា​សត្រូវ​? នរណា​ទាយ​បាន​?​ ថ្វី​ត្បិត​តែ​មាន​ការ​សន្យា​ដ៏​ទៀង​ទាត់​ជា​មិត្ត តែ​ការ​នេះ​អាច​ប្រែ​ក្លាយ​ជា​មិន​ទៀង​បាន​ដែរ​ មិត្ត​នេះ​អាច​មាន​នរ​ណា​ម្នាក់​តាម​ពី​ក្រោយ​រួច​សំលាប់​ ហើយ​វា​នៅ​រង់​ចាំ​ម្រាម​ដៃ​ប្រុង​រលាស់​កៃ​កាំ​ភ្លើង រង់​ចាំ​មើល​ នរណា​ដែល​មក​ដល់​ទី​ណាត់​ជួប​នេះ​ ។ ធ្វេស​តែ​មួយ​សរ​សៃ​សក់​ គេ​អាច​ នឹង ជួប​មរណ:​ដ៏​ធំ​បាន​ ដៃ​យឺត​តែ​មួយ​ភាគ​ដប់​នៃ​វិនាទី​ គេ​អាច​ធ្លាក់​ដល់​ឋាន​នរក​ភ្លាម​។ (ចារ​បុរស) ពាក្យ​នេះ​ងាយ​ទេ​ចំពោះ​អ្នក​ស្ដាប់​ ក៏​ប៉ុន្តែ​ ចំពោះ​មនុស្ស​ណា​ដែល​ ជា​ម្ចាស់​នៃ​គោ​រម្យ​ងារ​​នេះ ព្រះ​អើយ!. គេ​ជួប​ភ័យ​ន្ត​រាយ​មួយ​រយ​ដង​ ក្នុង​មួយ​ថ្ងៃ។ ជីវិត​របស់​គេ​ ជា​ជីវិត​នៃ​ព្យុះ​សង្ឃរា​អនត្ត​ ដែល​បក់​បោក​អង្រួន​ វិញ្ញា​ណ​ក្ខន្ធ​គ្មាន​ឈប់​មួយ​នាទី​ណា​សោះ​។ អ្នក​ដំណើរ​រាត្រី​ បើក​ភ្នែក​សម្លឹង​រក​មើល​ដើម​ឈើ​ល្មម​ពួន​ជ្រក​ នឹង គ្រាប់​​កាំ​ភ្លើង​បាន​។ អង្គុយ​ចោង​ហោង​ បុរស​នេះ​និយាយ​ល្មម​ស្ដាប់​លឺ ចម្ងាយ​ដប់​ម៉ែត្រ​បាន​ដោយ​ហូត​កាំ​ភ្លើង​មក​កាន់​ផង​ ៖​

- ក- ០.០.៥!
ក្នុងពេលដែលសំដីរាប់ៗ នោះចប់ សំលេងមួយនោះបន្លឺតបមកវិញដែរថា ៖
- ក- ០.៨.៣! បុរសអ្នកដំណើររាត្រី សួរទៀត ដោយនៅតែភ្ជង់កាំភ្លើងទៅមុខដដែល
- កិច្ចការ? កំណប់ភុជង្គនាគ!
- ត្រុឌី?
- អច្ឆរិយា?
មួយ​រំពេច​នោះ បុរស​ម្នាក់​ចេញ​​ពី​​គុម្ពោត​ម្ខាង​ក្រោក​ឡើង​ ហើយ​អ្នក​ដំណើរ​ដែល​មាន​នាម​ថា អច្ឆរិយា ឃើញ​ស្រ​មោល​នោះ​ដើរ​សំដៅ​មក ហើយ​អច្ឆរិយា​ក៏​ក្រោគ​ឈរ​។ ក្នុង​មួយ​រំពេច​នោះ​បុរស​ទាំង​ពីរ​ក៏​អោប​រិត​គ្នា​ទៅ​វិញ​ទៅ​មក​។​
- លោកអនុសេនីយអែក អច្ឆរិយា លំបាកទេផ្លូវដំណើរ ?
   - សែហ្វ ត្រុឌី ខ្ញុំ​ស្មាន​តែ​តាយ​ស្មឹង​ទៅ​ហើយ​ ស្នូរ​រះ​អម្បាញ់​មិញ​​នេះ​ ហើរ​​ដូច​ភ្លៀង​ ពួក​វា​គ្រាន់​តែ​សង្ស័យ​ ហើយ​បាន​បាញ់​គ្រាន់​តែ​បង្គ្រប់​កិច្ច​តែ​ប៉ុណ្ណោះ តើ​យើង​អិលូវ​ត្រូវ​ធ្វើ​អ្វី​ទៀត​ ដើម្បី​អោយ​បាន​ដល់​បាង​កក​?​ មិត្ត​ត្រុ​ឌី​! ហៅ​ខ្ញុំ​មិត្ត​អច្ឆរិយា​វិញ​!​។ ពលបាលត្រី​ត្រុឌី​អោន​កាយ​គោរព​ចំពោះ​ អច្ឆរិយា ដែល​មាន​គោ​រម្យ​ងារ​ជា​អនុ​សេនីយ​អែក​ ហើយ...
- ខ្ញុំបាទស្ទាក់ស្ទើរណាស់ទាន
- កុំញញើត​មិត្ត មិត្ត​ត្រុឌី អែង​មាន​គុណ​ច្រើន​ណាស់ ក្នុង​សហ​ប្រតិ​បត្តិ​ការណ៍​ របស់​យើង​នេះ​ ក្រសួង​ចារ​កម្ម​ក្រុង​ភ្នំពេញ​ មាន​សេច​ក្ដី​សោ​មនស្ស ចំពោះ​មិត្ត​យ៉ាង​ច្រើន​ ហើយ​មេ​ក្រសួង​បាន​ចុះ​កិត្តិយស​នោះ​ ក្នុង​សៀវ​ភៅ​វិជ្ជា​ជីវ​មិត្ត​ហើយ​,
- មិត្ត​អច្ឆរិយា ខ្ញុំ​សុំ​អរ​គុណ​ ដ៏​រាប​ណា​​ដែល​ជីវិត​របស់​ខ្ញុំ​រស់​នៅ​ ដ៏​រាប​នោះ​ខ្ញុំ​នៅ​តែ​មាន​ភក្ដី​ភាព​ចំពោះ​មាតុ​ប្រទេស​ខ្ញុំ​ជា​និច្ច​!​
- ប្រពៃណាស់!
- ឥលូវ​នេះ សូម​មិត្ត ​អច្ឆរិយា មក​តាម​ខ្ញុំ​យើង នឹង ដើរ​តាម​ផ្លូវ​សំងាត់​មួយ​ដែល​ពួក​ រត់​ពន្ធ​ពេជ្រ​តែង​ត្រាច់​ចរ លុះ​ទៅ​ដល់​ចំណត​រថ​យន្ត​ដឹក​ត្រី​ងៀត​ សូម​មិត្ត អច្ឆរិយា ជួយ​ធ្វើ​ការ​កម្មករ​ដទៃ​ទៀត​ គយ នឹង​ តម្រួត​ស្រុក​សៀម​នេះ​ ពុក​រលួយ​ដល់​ឆ្អឹង​។ វា​គ្មាន​រវល់​ដល់​មនុស្ស​ចំពូក​ណា​ឡើយ បើ​ចាប់​បាន​សាប៊ូ​ ១០​ដើម​ វា​កត់​បញ្ជី​ផ្សាយ​វិទ្យុ​ តំឡង់ក្ដិត​រាស្ត្រ​សៀម​ បើ​ចាប់​បាន​ពេជ្រ ស្ងាត់​ដូច​គេ​យក​អាចម៍​ចុក។
- ទុក​ចិត្ត​មិន​បាន​ទេ​ ត្រុឌី ជួន​ជា​ឃើញ​យើង​ ប្លែក​មុខ​ពួក​តម្រួត​ឆែក​ឆេរ​ ឬ សួរ​រក​កាត​យ៉ាង​ដូច្នេះ​ដែរ ចុះ​អំពី​កាត​សៀម​ ដែល​ខ្ញុំ​បាន​ផ្តិត​នៅ​ដៃ និង ទុក​រូប​ថត​ ពី​ថ្ងៃ​មុន​ចូល​ឆ្នាំ​ខ្មែរ​ នៅ​ថ្ងៃ​ជា​មួយ នឹង សំបុត្រ​ផ្ញើ​អោយ​អធិកា​រ ពិសិទ្ធី​ដែល​ចុះ​ទៅ​ស្ថាន​នរក​នោះ​បាន​ការ​យ៉ាង​ណា​?​
- អូខេ​! ហើយ​​ស្រេច​។ ខ្ញុំ​ទុក​នៅ​ប្រអប់​រថ​យន្ត​។ អត្ត​សញ្ញាណ​ប័ត្រ​នេះ​មិត្ត អច្ឆ​រិយា អាច​ប្រើ​គ្រប់​ពេល​បាន​ លើក​លែង​តែ​ក្រសួង​មាន​សមត្ថ​កិច្ច​ដឹង​ឈ្មោះ​នេះ​ទៅ​ថ្ងៃ​ក្រោយ​ដែល​យើង​មាន​កា​រ​តព្វ​កិច្ច​ត្រូវ​ផ្លាស់​ទៀត។
- អរគុណ ។ ម៉េច​បាន​ធ្វើ​កាត​នេះ​បាន​ ហើយ​ខ្ញុំ​មាន​ឈ្មោះ​អ្វី​?​
- ក្នុង​ក្រសួង​អត្ត​សញ្ញាណ​ប័ត្រ​ មាន​ខ្មែរ​ម្នាក់​ដែល​មាន​ កំណើត​ក្នុង​​ស្រុក​មោង​រិស្សី​ ដែល​សៀម​បាន​ចាប់​នាំ​មក​ប្រទេស​នេះ​ក្រោយ​ពី​សង្គ្រាម​លោក​លើក​ទីពីរ​ចប់​ ហើយ​គឺ ឆ្នាំ ១៩៤៦​។ ខ្ញុំ​បាន​ស្នើ​ជា​មួយ​ជន​នោះ ថា​មាន​ខ្មែរ​ម្នាក់​ នៅ​ជិត​ព្រំ​ប្រទល់​ចង់​មក​រក​ស៊ី​នៅ​ស្រុក​សៀម​ ចង់​កាន់​អត្ត​សញ្ញាណ​ប័ត្រ​សៀម​ តើ​មាន​មធ្យោ​បាយ​ណា​ នឹង ជួយ​បាន​ទេ​?
- ខ្ញុំ​មិន​ហ៊ាន​និយាយ​ការ​ពិត​ទេ​ ពី​ព្រោះ​ខ្មែរ​ខ្លះ​បាន​លក់​ឈាម​ចិត្ត​គំនិត​ និង ព្រលឹង​របស់​ខ្លួន​អោយ​សៀម​អស់​រលីង​ ដូច​យ៉ាង អាសា​រិត​សថា​ណា​រ៉ាត់​ រដ្ឋ​មន្ត្រី​ទី​១​សៀម​ អា​នេះ​ភ្លេច​ជាតិ​កំនើត​ខ្មែរ​ ដែល​នៅ​ក្នុង​ខែត្រ​បាត់​ដំបង​ដូច​ខ្ញុំ​ដែរ​ ហើយ​បើ​មិន​គោរព​មាតុ​ប្រទេស​ ដែល​បាន​ប្រទាន​ឆ្អឹង​សាច់​ឈាម​ដល់​វា​ទេ​ នៅ​អោយ​ស្ងៀម​ទៅ​ប្រសើរ​ជាង​ តែ​នេះ​ហ៊ាន​ប្រមាថ​ទឹក​​ដី​ខ្មែរ​ ហើយ​មិន​តែ​ប៉ុណ្ណោះ​ ហ៊ាន​ទាំង​ប្រមាថ​ព្រះ​ចេត្ដា​ នៃ​សម្ដេច​ព្រះ​នរោត្តម​សីហនុ​ ដែល​ជា​មហាក្សត្រ​តំណ​ពូជ​ពង្ស​ អ្នក​សាង​អង្គរ​វត្ត​ មហា​ស្ថាបត្យ​កម្ម​ដ៏​កំពូល​ដែល​ពិភព​លោក​ទាំង​មូល​ លូន​នៅ​ក្រោម​បាទ​ជើង​ខ្មែរ​ក្នុង​សត​វត្ស​ជា​មួយ​គ្នា ទេវតា​មិន​ជួយ អាសា​រិត​​សថា​​ណា​​រ៉ាត់​ នេះ​​ស្លាប់​តៃ​ហោង​។
      យើងដើរ​មក​ដល់​ផ្លូវ​កែង​មួយ ចង្កៀង​ពិល​បំភ្លឺ​ផ្លូវ​សុទ្ធ​តែ​ដី​ខ្សាច់​។ នៅ​ផ្លុង​ៗ​អែ​ណោះ​រថ​យន្ត​ពីរ​បី​កំពុង​ផ្ទុក​ត្រី​ងៀត​។ ត្រុឌី​ បង្ហើយ​ឃ្លា​ខាង​ដើម​ ៖
     ប៉ុន្តែ​ ខ្មែរ​ម្នាក់​ក្នុង​ក្រសួង​អត្ត​សញ្ញា​ណ​ប័ត្រ​ នេះ​ជា​ខ្មែរ​ដែល​ចេះ​ ស្គាល់​ជាតិ​កំណើត​របស់​ខ្លួន​ បាន​រក​បញ្ជី​ជាតិ​សៀម​ អាយុ​ម្ភៃ​ប្រាំបី​ឆ្នាំ​ដែល​ម្ចាស់​ឈ្មោះ​បាន​ស្លាប់​តាំង​ពី​តូច​ម្ល៉េះ​ ហើយ​ដែល​គ្រួសារ​អិត​បាន​ទៅ​ប្ដឹង​ក្រសួង​សមត្ថ​កិច្ច​គេ ក៏​ចាត់​ទុក​ដូច​ជា​ពល​រដ្ឋ​សៀម​ម្នាក់​ ដែល​រស់​នៅ​ដល់​សព្វ​ថ្ងៃ​នេះ​ឈ្មោះ​ច្រានិដ្ឋា
    - ច្រានិដ្ឋា! ឈ្មោះនេះល្អសមណាស់ !

    លុះមក​ដល់​ជិត​រថ​យន្ត បុរស​ទាំង​ពីរ​នេះ​ក៏​និយាយ​ភាសា​សៀម​ឆ្អឹន​ឆ្អៅ​អិត​អោយ​នរណា​ចាប់​ភ្លឹក​បាន​ឡើយ​។ ដោយ​ ឃើញ​គេ​កំពុង​ជញ្ជូន​ត្រី​ងៀត​ផ្ទុក​ក្នុង​រថ​យន្ត អច្ឆរិយា ក៏​ជួយ​ធ្វើ​ការ​ដូច​កម្មករ​ដទៃ​ ដែល​ពួក​នេះ​តែង​តែ​លួច​គយ​គន់​ សម្ផស្ស​កាយ​ដ៏​សោភា​ផុត​លោកិយ​នៃ អច្ឆរិយា​។ លុះ​ស្រេច​ហើយ​ រថ​យន្ត​ទំនិញ​ក៏​រអិល​ចេញ​ទៅ​អច្ឆរិយា អង្គុយ​ទន្ទឹម​ នឹង ត្រុឌី ដែល​បរ​រថ​យន្ត​។ ក្នុង​ពេល​កំពុង​ធ្វើ​ដំណើរ​នេះ​ ត្រុឌី​ ឆ្លៀត​អោកាស​ហុច​ អត្ត​សញ្ញាណ​ប័ត្រ​ឈ្មោះ ច្រានិដ្ឋា​ ដល់ ​អច្ឆរិយា ដែល​ជា​ម្ចាស់​នៃ​លិខិត​នេះ​។ អច្ឆ​រិយា​ បើក​មើល​ គឺ​ជា​រូប​ថត​ដ៏​ញញឹម​របស់​អ្នក​ ប៉ុន្តែ អច្ឆ​រិយា ប្រែ​ជា​ធ្លាក់​ទឹក​មុខ​ភ្លាម​ ហត្ថ​លេខា នៅ​លើ​អត្ត​សញ្ញាណ​ របស់​អ្នក​ជា​ហត្ថ​លេខា​នៃ​អែក​ឧត្តម​ប្រកិត​ពិផាត​រដ្ឋ​មន្ត្រី​ក្រសួង​ សន្តិ​សុខជាតិ​ថៃ​ផ្ទាល់​។​

    អីយ៉ា! ឆ្មា​តាម​រក​កណ្ដុរ​ ឃើញ​ហើយ​តើ ឆ្មា​​ធ្វើ​ជា​ដេក​លក់ ឆ្មា​ធ្វើដេក​លក់​ព្យួរ​ខ្លួន​ ណេង​ណោង​ លើ​ពិតាន​ រង់​ចាំ​អោយ​កណ្ដុរ​ចេញ​ពី​រូង​មក​ស៊ី​ម្សៅ​មី ហើយ នឹង អាល​លោត​សង្គ្រប់​ប្រហារ​អោយ​អន្ត​រាយ​! ឯក​ឧត្តម​ ប្រកិត​ពិផាត​ នេះ​ភ្លាត់​ស្នៀត​ពីរ​ដង​រួច​ទៅ​ហើយ​ ដោយ​ស្នា​ដៃ​តេជះ​នៃ អច្ឆរិយា ម្ដង​ក្នុង​រឿង​សំងាត់​នៃ​កង​យោធា​សៀម​ ម្ដង​ទៀត​ក្នុង​រឿង​ “ផែន​ទី​មហា​កំណប់”​។ អច្ឆរិយា ដឹង​ច្បាស់​ណាស់​ថា អធិការ​ពិសីទ្ធី​ ដែល​ជា​សេនា​សំណប់​ របស់​ឯក​ឧត្តម​ ប្រកិយ​ពិផាត​ ចេញ​ចាត់​ការ​ផ្ទាល់​ខ្លួន​ ហើយ​បាន​ន័យ​ថា​ ឯក​ឧត្តម​ ពិត​ជា​មាន​អ្វី​មួយ​សរ​សៃ​វេញ​ធ្លុង​ក្នុង​រឿង​ “ផែន​ទី​មហា​កំណប់”​នោះ​ដែរ​ ដែល​ក្នុង​ពេល​ក្រោយ​ដឹង​ច្បាស់​ថា​ បក្ស​សម្ព័ន្ត​របស់​របស់​លោក​វិនាស​ដោយ​ស្នា​ដៃ អច្ឆរិយា ដែល​បាន​លើក​សព​បង្គរ​លើគ្នា​ ចាក់​សាំង​ដុត​។

    ប៉ៃ​អាខ្មោច​ឆៅ​អ្ហើយ​! ត្រុឌី​ អិត​យល់​ អន្ទាក់​នេះ​សោះ​។ អច្ឆ​រិយា​ដឹង​ច្បាស់​ថា​ ត្រុឌី​ត្រង់​ មាន​​ភក្ដី​ចិត្ត​ស្មោះ​អិត​វៀច​រេ​។ អច្ឆរិយា ធុំ​ក្លិន​គ្រោះ​ថ្នាក់​នេះ​ច្បាស់​ណាស់ ឯក​ឧត្តម​យល់​ចុះ​ហត្ថ​លេខា​ដើម្បី​កុំ​អោយ​អច្ឆរិយា​នេះ​លប​ប្រើ​លិខិត​ឆ្លង​ដែន​ណា​មួយ​ផ្សេង​ទៀត​ ជា​ការ​លំបាក​ អោយ​សញ្ញា​ដល់​ភ្នាក់​ងារ​តម្រួត​ អច្ឆរិយា​ មិន​ឆ្កួត​ទេ​! កុំ​ចាត់​ទុក​អច្ឆរិយា ដូច​សំបក​ប៉ោត​ ឬ សំបុក​មាន់​ដែល​អា​ជ័យ លើក​បោះ​ចោល​ពី​លើ​ផ្ទះ​។

   ថយ​ក្រោយររឺ? ស្អី​ក៏​ដោយ អច្ឆរិយា ត្រូវ​តែ​ទៅ​មុខ​។ មែន​ រថ​យន្ត​ផ្ទុក​ត្រី​ងៀត​បើក​ទៅ​មុន​ មិន​មែន​រថ​យន្ត​ថយ​ក្រោយ​ទេ​!​
   អ្នក​អោន​ស្ទាប​កៅ​ស៊ូ​បាត​ស្បែក​ជើង​ ដែល​អ្នក​បាន​ដាក់ “ផែន​ទីម​ហា​កំណប់” នៅ​ពី​ក្នុង​ មាន​នរ​ណា​ដឹង​ហ៎​? បើ​អា​ពួក​សាក្សី​ឧក្រិដ្ឋ​ជន​ មាន​អធិការ​ពិសិទ្ធី​ និង​ កញ្ញា​កូន​កាត់​សៀម ជប៉ុន សាវូរីហា​ម៉ា​ ដ៏​មាន​សុដន​ធំ​តឹង​ណែន​ក្បំ​ និង​ផ្ចិត​​ដ៏​សែន​សោភា​ ស្លាប់​គង​ជើង​លើ​គ្នា​អស់​ទៅ​ហើយ​។
    តើ​ឯក​ឧត្តម​ ប្រកិត​ពិផាត​ ដឹង​ដែរ​រឺ​? ពិត​ជា​អាចម៍​ហើយ​ ព្រោះ​អាសេនា​ជំនិ​ត គឺ​អធិការ​ពិស្ធី​ ក៏​ក្បត់​ឯក​ឧត្តម​​ទំពែក​គ្មាន​មមិះ​មួយ​សរសៃ​នេះ​ដែរ...។

    សេះ​យន្ត​បោះ​ពួយ​ល្បឿន​ ជ្រែក​ខ្យល់​ និង លំអង​ចន្ទោ​កាស​ព្រិល​ៗ​។ អច្ឆរិយា អិត​ឃើញ​ទេស​ភាព​អ្វី​ក្រៅ​តែ​ពីដើម​​ឈើ​អង្គុយ​ជ្រ​ងោៗ​ត្រង់​នេះ​ ត្រង់​នោះ​នៅ​សង​ខាង​ផ្លូវ​ឡើយ។ គំនិត​ប្រតិ​កម្ម​ដ៏​រហ័ស​មួយ​ទៀត​ មក​កកាយ​គ្រឿង​ចក្រ​នៃ​ខួរ​របស់​អ្នក​។ ហ៊ីស​! គ្រោះ​ថ្នាក់​នៅ​មិន​ឆ្ងាយ​​ពី​ក្រោយ​ខ្នង​ទេ អ្នក​អោន​ក្បែរ​ត្រចៀក​ត្រុឌី​ ហើយ​សួរ​ថា ៖

- ឡានដឹកត្រីងៀតនេះ គ្មានកម្មករចេញដំណើរមកជាមួយទេរឺ ?
- ទេ មិត្តអច្ឆរិយា គ្មាន​សោះ បីដង​ហើយ ខ្ញុំ​ផ្ទុក​ត្រី​ងៀត គឺ​ខ្ញុំ​មក​តែ​ម្នាក់​អែង​ ទៅ​វិញ​ក៏​តែ​ម្នាក់​អែង​ដែរ​ រី​អែក​ម្មករ​លី​សែង​មាន​នៅ​ប្រចាំ​ការ​ទី​នោះ​ស្រេច​!
អច្ឆរិយា សង្កត់សំ​ដីតឹង​រឹង​ក្បែរ​ត្រចៀក​ត្រុឌី
- ម្ដង​នេះ ខ្ញុំ​ថា​មាន​ មាន​កម្មករ​ពួន​នៅ​ក្នុង​គំនរ​ត្រី​ងៀត​ នេះ​យ៉ាង​តិច​ក៏​ពីរ​នាក់
ត្រុឌី មើល​មុខ​អច្ឆរិយា ហើយសើចរួចវ័ធសំដីថា :
- មិត្តស្រមៃរឺ?
- មិន​មែន​ស្រ​មៃ​ទេ ត្រុឌី​។ អត្ត​សញ្ញាណ​ប័ត្រ​ខ្ញុំ​នេះ​ ចុះ​ហត្ថ​លេខា​ដោយ​ឯក​​ឧត្តម​ ប្រកិត​ពិផាត​ បាន​ន័យ​ថា​ ឯកឧត្តម​នេះ មិន​មែន​ឆោត​ដូច​ ស៊ី​ពោត​ឆៅ​នោះ​ទេ​ ដោយ​សមេ​សនា​ គឺ​ការ​តាម​រក​ដាន​ដោយ​ខ្ជាប់​ខ្លួន​ ត្រុឌី អែង​ពិត​ជា ឯកឧត្តម​នេះ​ដឹង​ថា ជា​បក្ស​សម្ព័ន្ធ​នៃ​ខ្ញុំ​ហើយ ​ៗ គេ​ទុក​អោយ​មិត្ត​អែង​មាន​សន្តិ​សុខ​សិន​ព្រោះ​កិច្ច​ការ​ (ផែន​ទី​មហា​កំណប់) នេះ​ ធំ​ណាស់​ ហើយ​ប្រកិត​ពិផាត​ មិន​មែន​លូលា​ទេ​ ព្រោះ​ឯក​​ឧត្តម​​ក្បត់​ជាតិ​សៀម​ក្នុង​រឿង​កំណប់​មាស​ មួយ​ពាន់​គីឡូ​ក្រាម​​នេះ​ដែរ​ គឺ​ប៉ង​ទៅ​ស្ទូច​យក​ជា​សម្បត្តិ​ផ្ទាល់​ខ្លួន​។ មិត្ត​អែង​ពួក​វា​ទុក​ដូច​ត្រី​បាលែន​ ដែល​គេ​គប់​ស្ន​ជាប់​ នឹង​ខ្លួន​វា​ហើយ​ គេ​បន្ធូរ​ខ្សែ​រួច​គេ​បើក​នាវា​តាម​សន្ទុះ​របស់​វា មិត្ត​អែង​ដឹង​ទេ​ កម្មករ​សែង​ត្រី​ងៀត​ប៉ុន្មាន​នាក់​នោះ​ ខ្ញុំ​សង្ស័យ​ណាស់​ថា​ មិន​មែន​ជា​កម្មករ​សុទ្ធ​សាធ​ទេ​។ គឺ​ជា​ភ្នាក់​ងារ​សំងាត់​សៀម​ដែល​ត្រូវ​តាម​ដាន​មិត្ត ត្រុឌី អែង​។
- មែន​មិត្ត អច្ឆរិយា មាន​យោ​បល់​ ខ្ញុំ​រៀប​ នឹង ​និយាយ​រឿង​នេះ​ប្រាប់​មិត្ត​ដែរ រថ​យន្ត​ផ្ទុក​ត្រី​ងៀត​ដ៏​ធ្ងន់​ឆ្លង​ស្ពាន​ដ៏​វែង​មួយ​។
   អច្ឆរិយា ទាញ​បារី​ហុច​អោយ​ត្រុឌី​មួយ​ ខ្លួន​អែង​មួយ​ ហើយ​ដែក​កេះ​ក៏​ឆេះ​សន្ធោ​រួច​ អ្នក​ទាំង​ពីរ​ក៏​អុជ​ម្ដង​ម្នាក់​ៗ ​។
- សេច​ក្ដី​សន្និដ្ឋាន​របស់​ខ្ញុំ​មិន​ខុស​ទេ មិត្ត​ត្រុឌី​។ អា​ប្រជៀវ​អស់​នេះ​វា​នៅ​ពួន​ក្នុង​ឡាន​នេះ ចាំ​ចាប់​យើង​កាល​ណា​ទៅ​ដល់​ក្រុង​បាង​កក​ហើយ​។
- ចុះម៉េចក៏ពួកវាមិនចាប់យើងត្រង់ព្រំប្រទល់ភ្លាមៗទៅ?
- បញ្ជា​ពី​ប្រកិត​ពិផាក​ ផ្ទាល់​ព្រោះ​រឿង​នេះ​ប្រកិត​ពិផាត​ ក្បត់​រាជ​ការ​សៀម​ចង់​ចាត់​ការ​ដោយ​ស្ងាត់​ៗ​ ដូច​ផ្នូរ​ខ្មោច​ ព្រោះ​វា​ចង់​បាន (ផែន​ទី​មហា​កំណប់) ដូច​ខ្មែរ​យើង​ពី​បូរាណ​កាល​ពោល​ថា បាន​ទឹក​ឃ្មុំ​ពួន​ឆី​ម្នាក់​អែង​ ប្រកិត​ពិផាត​ មិន ចង់​អោយ​សារ​ពត៌​មាន​ មក​ត្រេង​ត្រាង​ច្រងេង​ច្រ​ងាង​ក្នុង​រឿង​នេះ​ទេ​! ហើយ​អា​ប្រជៀវ​ពក​ថ្ងាស​ ដែល​ជា​ភ្នាក់​ងារ​ឯកឧត្តម​ប្រើ​មក​ចាំ​ចាប់​យើង​នេះ​ ក្រោយ​ពី​បាន​បញ្ជូន​យើង​ដល់​កន្លែង​ហើយ​នោះ​ ឯក​​ឧត្តម​​ប្រកិត​ពិផាត នឹង ​ប្រហារ​វា​​ចោល​ ដោយ​យក​លេស​ណា​មួយ​ដ៏​ឈ្លាស​វៃ​មក​ប្រើ។
សេះយន្តលូនក្រោមព្រៃមួយដ៏ងងឹតសាខា … បន្តិចចូលតាមផ្លូវព្រៃស្រោងស្ងាត់ឈឹង
- តើមិត្ត អច្ឆរិយា គិតយ៉ាងម៉េចពេលនេះ ត្រុឌីសួរ ដោយដកដង្ហើមធំ ។
- ឈប់ឡានទុកខ្ញុំចាត់់ការអោយមិត្តមើល ។
- ពិត​ណាស់​ លើក​មុន​គ្មាន​មនុស្ស​ពួន​ក្នុង​ឡាន​នេះ​ទេ​ ព្រោះ​មិត្ត​ត្រុឌី​អែង​មក​តែ​ម្នា់អែង​ ម្ដង​នេះ​មាន​មនុស្ស​ចំលែក​ គឺ​ខ្ញុំ​នេះ ប្រកិត​ពិផាត​ដឹង​ច្បាស់​ថា​អ្នក​ដែល​មក​ពី​ព្រំ​ប្រទល់​ខ្មែរ​សៀម​ បើ​មិន អច្ឆរិយា ក៏​បក្ស​សម្ព័ន្ធ​ អច្ឆរិ​យា​ម្នាក់​ណា​ដែរ​!​ ដែល​ ឯក​​ឧត្តម​​ប្រកិត​ពិផាត​ជឿ​ជាក់​ថា ដៃ​ឆៅ​ដឹង​កិច្ច​ការ​ច្រើន​ជាង​ ត្រុឌី​ អែង​ដែល​ពួក​អា​កំពិស​អស់​នេះ​ ចាត់​ ទុក​ត្រុឌី​អែង​ជា​មគ្គុ​ទេស​ សំរាប់​នាំ​ផ្លូវ​ពួក​វា​តែ​ប៉ុណ្ណោះ។
   នៅ​មុខ​​ឆ្ងាយ​អែ​ណោះ​ រថ​យន្ត​តូច​មួយ​បើក​មក​ដល់​ ហើយ​បើក​ហួស​ទៅ​ទិស​ផ្ទុយ​គ្នា រថ​យន្ត​ត្រី​ងៀត​ឈប់​ង៉ក់​។ ភ្លើង​ឡាន​ពន្លត់​អស់​ ផ្ទៃ​មេឃ​ជះ​រស្មី​ព្រិល​ៗ​។ អច្ឆ​រិយា​ធ្វើ​រិក​ជា​ចូល​ក្រោម​ឡាន​ ហើយ​យក​ ដំបង​ដែក​ជីក​ផ្ទៃ​ថ្នល់​​ម៉ាំង​ៗ​ មួយ​នាទី​ ហើយ​ចេញ​មក​វិញ​ ដើរ​អោយ​លឺ​ខ្លាំង​សំដៅ​ដើម​ឈើ​មួយ​ដ៏​មាន​គល់​ធំ​អស្ចារ្យ​ នៅ​ចំងាយ​ប្រមាណ​​ប្រាំបី​ម៉ែត្រ ជា​មួយ​ត្រុឌី​។ អច្ឆ​រិយា​ស្រែក​ខ្លាំង​ៗ​ ជា​ ភាសា​សៀម​ថា ​៖
- ចុះពីឡានមក អ្នកណាដែលពួនបន្លំក្នុងត្រីងៀត ។
ស្ងាត់ឈឹង។ ត្រុឌី មើល​មុខ​អច្ឆរិយា​ ដោយ​ឆ្ងល់​តែ​ពុំ​ទាន់​មាន​យោ​បល់​យ៉ាង​ណា​នៅ​ឡើយ​ ។
- ខ្ញុំ​អច្ឆ​រិយា​ (អ្នក​បាញ់​កាំ​ភ្លើង​ជើង​ឆើត​) បាញ់​ហើយ​ដុត​សព​មួយ​គំនរ​នៅ​ក្រុង​ប៉ាក​ណាម​ ដែល​លឺ​កាសែត​និយាយ​ម្ដង​ណា​ទេ ​? នៅ​ក្រោម​ឡាន​នេះ​ ខ្ញុំ​បាន​កប់​មីន​ស្រេច​ហើយ​!​ ខ្ញុំ​ទុក​ជីវិត​អោយ​ពួក​អ្នក​​អែង ប្រសិន​បើ​អ្នក​អែង​ចុះ​ចេញ​ពី​លើ​ឡាន​ដោយ​ស្រួល​ ស្លូត​ដូច​កូន​ចៀម​!​ លឺ​ទេ​?​ នេះ​ជា​ការ​ប្រមាន​ទី​ពីរ​!​
ស្ងាត់​ឈឹង​ដដែល​។ ត្រុឌី​មិន​ហ៊ាន​សើច​ខ្លាំង​ទេ​គ្រាន់​តែ​បញ្ចេញ​ធ្មេញ​ស្ញាញ​ប៉ុណ្ណោះ​។ អច្ឆ​រិយា​ឆេះ​ឆួល​ ក្នុង​ចិត្ត​ហើយ​រលាស់​សំដី​មធ្យ័ត​ថា ​:
- ការ​ប្រមាន​ទី​បី​! ពួក​អ្នក​អែង​ចង់​ចាប់​យើង​ យើង​មិន​ខឹង​ទេ​ នេះ​ជា​ភារ:​របស់​អ្នក​អែង​ដែល​គោរព​ចៅ​ហ្វាយ​នាយ​ ខ្ញុំ​សុំ​អោយ​អ្នក​អែង​ ចុះ​ពី​ឡាន​ដោយ​ស្រួល​ ដៃ​ដាក់​លើក្បាល​ បើ​ខ្ញុំ​រាប់​ដល់​បី​ បើ​មិន​ព្រម​ចុះ​ខ្ញុំ​បាញ់​ បើ​ខ្ញុំរាប់​ដល់ ដប់​មិន​ព្រម​ចុះ​ខ្ញុំ​ទាញ​មីន​អោយ​ផ្ទុះ​ស្លាប់​ទាំង​អស់​។
មួយ …! ស្ងាត់ឈឹងដដែល … អច្ឆរិយា បន្ត :
- ពីរ …
ស្ងាត់ឈឹងដដែល …
ដោយ​សារ​រស្មី​ស្លេក​ស្លាំង​នៃ​ផ្ទៃ​មេឃា​ អច្ឆ​រិយា​ប្រើ​នេត្រា​អិន្ទ្រី​បី​ដូច​ជា​នាវិក​ ដែល​ទំលាប់​មើល​ជើង​មេឃ​ឃើញ​ដូច​ជា​ត្រែ​កាំភ្លើង​មួយ​លៀន​ចេញ​ពី​គែម​ជញ្ជាំង​ដំបូល​ឡាន​ចាំង​ព្រិច​ៗ​
- បី!
ក្នុង​ពេល​ជា​មួយ​​គ្នា​នោះ​ត្រែ​ដែល​ អច្ឆរិយា​ បាន​ឃើញ​ក្នុង​លំអង​រាត្រី​ប្រផេះ​ក្អូត​ព្រះ​អគ្គី​ ផាំង​វីវ … ​គ្រាប់​សំណ​ហើរ​ក្បែរ​ត្រចៀក​ អច្ឆរិយា ដែល​អើត​ចេញ​ពី​គល់​ឈើ ​។​
ត្រុឌី​ ឈប់​សើច​ស្ញាញ​ប្រែ​ជា​បើក​ភ្នែក​ក្រលោត​ៗ​ម្ដង​។ តែ​ក្នុង​មួយ​ប៉ប្រិច​ភ្នែក​ អច្ឆរិយា កាំ​ភ្លើង​ខ្លី​នៅ​ នឹង ដៃ​ស្រាប់​រលាស់​កៃ​យ៉ាង​រហ័ស​ស្មើ​រន្ទះ​លោក​ធាតុ​ ផាំង​!​
- អូយ …
រួច​លឺ​សូ​រដូ​ចជា​ដែក​ មួយ​ដុំ​ធ្លាក់​មក​​លើ​ផ្ទៃ​ថ្នល់​ គឺ​កាំភ្លើង​បច្ចា​មិត្រ​។ អច្ឆ​រិយា បាញ់​ចំ​បាត​ដៃ​សត្រូវ គួរ​តែ​បី​ឆ្នាំ ខាង​សិល្បៈ​ បាញ់​កាំ​ភ្លើង​ក្នុង​មហា​វិទ្យា​ល័យ​យុទ្ធ​សាស្ត្រ​ប្រទេស​បារាំង អច្ឆ​រិយា​រាប់​ត​ទៅ​ទៀត​
- បួន! ចេញ​មក​ តែ​បើ​គ្រប់​ដប់​ ទាំង​ឡាន​ទាំង​​មនុស្ស​ទៅ​ ឋាន​នរក​ណា៎​! ខ្ញុំ​ “អច្ឆរិយា” និយាយ​ពិត​ណាស់​ ត្រង់​ដូច​ជើង​មេឃ​!​
ពាក្យ “អច្ឆរិយា” ហាក់​ដូច​សូរ​ស័ព្ទ​ព្យុះ​សង្ឃ​រា​ ដែល​​បោក​បក់​លើ​ប្រទេស​សៀម​។ រាត្រី​ដ៏​សែន​ស្ងាត់​ឈឹង​យ៉ាង​នេះ អច្ឆរិយា​ ហាក់​បាន​លឺ​ពាក្យ​ខ្សឹប​ខ្សាវ​គ្នា​នៅ​ក្នុង​ទ្រុង​ឡាន​។ ក្នុង​ពេល​នោះ​រថ​យន្ត​មួយ​បញ្ជាំង​ចង្កៀង​ពី​ចម្ងាយ​។ ពន្លឺ​ជះ​មួយ​វិនា​ទី​ទៅ​ក្នុង​ទ្រុង​ឡាន ភ្នែក​អិន្ទ្រី​នៃ​អច្ឆ​រិយា​ ចាប់​ស្រ​មោល​មួយ​ប៉ប្រិប​នេះ​បាន ​បុរស​បី​នាក់​។ ម្នាក់​ផ្ងែក​ នឹង​ ជញ្ជាំង ដៃ​ឆ្វេង​កាន់​ដៃ​ស្ដាំ​ដែល​ត្រូវ​គ្រាប់​។ ពីរ​នាក់​នោះ​ទៀត​ឈោង​ដៃ​បញ្ចេញ​ត្រែ​កាំ​ភ្លើង​បាញ់ ផាំង​! ផាំង!..
អច្ឆរិយា បាញ់​តប​វិញ​តែ​អិត​ផល​ ។ រថ​យន្ត​ពី​ចម្ងាយ​មក​ដល់​ ហើយ​ហួស​ទៅ​មុខ​ទៀត​ក្នុង​ល្បឿន​អស្ចារ្យ​។
- ប្រាំ!!... អច្ឆរិយា រាប់
ផាំង ! ផាំង ចម្លើយតបនិងចំនួននៃអច្ឆរិយា ។
ត្រុឌី ភ្ជង់កាំភ្លើងហើយបាញ់ទំលាយជញ្ជាំងនៃទ្រុងឡាន ហើយឆ្លុះចូលនៅក្នុង ។
- អូយ! សំលេងមួយស្រែកឡើងហែកអកាស ។
- ប្រាំមួយ!.. អច្ឆរិយា បន្លឺសំដីខ្លាំងៗ ។ ចុះមកហើយលើកដៃឡើងលើ បើចង់រស់ !
- ស្អី? ខ្លួនហ្នឹងដៃព្រះព្រហ្មរឺ? សំលេងឆ្លើយតបពីក្នុងឡានត្រីងៀត
អញអោយដំបូន្មានអាអែងម្ដង ។
តាម​រស្មី​នៃ​ផ្ទៃ​មេឃ រហ័ស​បី​ដូច​ពន្លឺ​ ជន​នោះ​ហក់​ពី​លើ​ឡាន​ អច្ឆរិ​យា​ឃើញ​ច្បាស់​ ដៃ​អ្នក​ដែល​ធ្លាប់​មាន​ប្រតិ​កម្ម​ស្វ័យ​ប្រវត្ត​ក៏​គាស់​កៃ​កាំ​ភ្លើង​ផាំង​!​
- អូយ ! សត្រូវស្រែក
ហើយ​អានោះ​រមួល​តតេះ​តតះ​ដូច​ពង្រូល​ តែ​អច្ឆរិយា​មិន​សូវ​ជឿ​ទេ ព្រោះ​អា​សៀម​ប្រសប់​ណាស់​ខាង​ចេះ​ក្បួន​ពុត​។​ បី​ដូច​បាដិ​ហារ្យ កាំ​ភ្លើង​ដៃ ​អច្ឆរិយា ក្អូត​គ្រាប់​យ៉ាង​ញាប់​បី​ដង​ផ្ទួន​គ្នា​ អា​ដែង​ចង់​ប្រលង​ស្នា​ដៃ​ជា​មួយ អច្ឆរិយា​​នេះ ខ្ជិល​ដក​ដង្ហើម​ត​ទៅ​ទៀត​។
ចង្កៀង​រថ​យន្ត ពី​ចម្ងាយ​បញ្ចាំង​ទ្រុង​ឡាន​ដឹក​ត្រី​ងៀត​នេះ​ជា​ថ្មី​។ អច្ឆរិយា ឃើញ​អា​មួយ​នោះ​លើក​ដៃ​ឡើង​ រួច​ស្រែក​ថា​ :​
- ខ្ញុំចុះចាញ់ហើយ!

    រួច​ដោយ​សារ​ពន្លឺ​ចង្កៀង​នៃ​រថ​យន្ត​ពី​ចម្ងាយ បុរស​នោះ​ចុះ​ពី​លើ​យាន​ រួច​លើក​ដៃ​ឡើង​លើ​។ រថ​យន្ត​មួយ​នោះ​មក​​ដល់​ ហើយ​ហួស​ទៅកណ្ដាល​ព្រៃ​យ៉ាង​នេះ​ គ្មាន​នរ​ណា​ហ៊ាន​ឈប់​ទេ​។ ម្នាក់​ៗ​ក្នុង​គ្រា​ហា​និ​ភ័យ​នៃ​កណ្ដាល​ព្រឹក្សា​ គិត​ចំពោះ​តែ​ខ្លួន​អែង​ម្នាក់​។ អច្ឆរិយា ដើរ​ចេញ​ពី​គល់​ឈើ​មក​ កាំបិត​កៃ​មួយ​នៅ ​នឹង ដៃ​ឆ្វេង​ជា​និច្ច​ ដែល​ហាក់​ដូច​ជា​ទំលាប់​ធម្ម​ជាតិ​ មិន​ខុស​ពី​សត្វ​សីហ​ ដែល​មាន​ក្រចក​ដ៏​មុត​ថ្លា​អស់​កាល​ជា​និច្ច​។ បួន​ម៉ែត្រ​ពី​សត្រូវ​ អច្ឆរិយា ដែល​មាន​នេត្រា​អិន្ត្រី​ រហ័ស​ស្មើ​រន្ទះ​ ហាក់​យល់​ថា បច្ចា​មិត្រ ធ្វើ​ចលនា​មរណ​មួយ​ គឺ​ទំលាក់​ដៃ​កញ្ឆក់​កាំភ្លើង​ពី​ចង្កេះ​។ ចង់​លេង​ស្នៀត​បួន​សន្លឹក​ជា​មួយ​អច្ឆរិយា គឺ​ជា​ការ​ភ័ន្ត​ច្រលំ​មួយ​ ដ៏​គួរ​អោយ​សោយ​សោក​។​ តែ​មួយ​ប៉ព្រិច​ភ្នែក​ កាំបិត​កៃ​ហោះ​ទៅ​ទំលាយ​បំពង់​កវា​ជា​ពីរ… ព្រួក … អូយ …,
   ស្លាប់ចុះអិតអាណិត ។ ព្រះពុទ្ធជាម្ចាស់ក៏ទ្រង់ជ្រាបថាអាមួយនេះចង់ព្យាបាទជីវិតអ្នកដែរ។
   ត្រុឌី គ្រវី​ក្បាល​ស្ញប់​ស្ញែង​ អច្ឆរិយា ។ អនុ​សេនី​អែក​សំងាត់​ខ្មែរ​ បញ្ជា​អោយ​ ត្រុឌី ជួយ​សែង​ខ្មោច​ទាំង​អស់​ដាក់​លើ​រថ​យន្ត​។ ត្រុឌី​គោរព​តាម​ អិត​សាក​សួរ​អ្វី​ទាំង​អស់​។ រថ​យន្ត​ចេញ​ ដំណើរ​ត​ទៅ​ទៀត​ អច្ចរិយា អិត​និយាយ​ស្ដី​អ្វី​មួយ​ម៉ាត់​សោះ​។ សេះ​យន្ត​បោល​ឆ្លង​កាត់​ព្រៃ​កន្លះ​ម៉ោង​រួច​ឡើង​ លើ​ថ្នល់​មួយ​ទំនង​ជា​ជំរាល​ភ្នំ​។ រថ​យន្ត​បរ​ឡើង​ជា​និច្ច​ អច្ឆរិយា​ យក​ពិល​ឈួល​ទៅ​ក្រោម​។ ទឹក​ជ្រោះ​ហូរ​រេច​ៗ​ នៅ​អែ​ខាង​ក្រោម​ឆ្ងាយ​អែ​ណោះ​ ដ៏​ប្រកប​ដោយ​ផ្ទាំង​ថ្ម​ធំ​ៗ​ កំពស់​ជាង​បី​រយ​ម៉ែត្រ ដល់​កំពូល​ថ្នល់​ រថ​យន្ត​ធ្វើ​គមនា​ការ​ចុះ​វិញ​។

- ឈប់ ! អច្ឆរិយា បញ្ជា ។ ត្រុឌី ជាន់ហ្រ្វាំងជើងទាញហ្វ្រាំងដៃហើយឈប់ ។
- តើឡាននេះជារបស់នរណា?
- ជួលគេ
- ចុះត្រីងៀតនេះ?
- របស់ថៅកែសៀមម្នាក់
- ល្អប្រពៃ! ល្អអស្ចារ្យ !
- ម៉េចក៏មិត្ត អច្ឆរិយា ថាដូច្នេះ ?
ស្ដាប់​ខ្ញុំ​ត្រុឌី… វិធី​តែ​ម៉្យាង​ទេ​ដែល​អាច​ជួយ​ទាំង ត្រុឌី អែង​ជួយ​ទាំង​រូប​ខ្ញុំ​បាន គឺ​អាច​រលាស់​ចោល​បាន​នូវ​ឃាត​កម្ម​លើ​អា​កំពិ​បី​នាក់​នេះ យើង​បំបែរ​ចង្កូត​អោយ​ចំ​ទិស​ ជ្រោះ​កំពស់​បី​រយ​ម៉ែត្រ​បើក​គំរប​សាំង​ហើយ​បោះ​ឈើ​ គូស​មួយ​គ្រាប់​ រួច​កុំ​ភ្លេច​យក​សាំង​មួយ​ធុង​ស្រោច​ក្នុង​ម៉ាស៊ីន​ឡាន​ពួក​ខាង​មុខ​ ក្រោយ​ពី​លើក​ខ្មោច​ពីរ​នាក់​មក​ដាក់​អោយ​អង្គុយ​ អាមួយ​ភាន់​ចង្កូត​ អាមួយ​នៅ​ម្ខាង​ព្រោះ​អ្វី​?
- ខ្ញុំយល់មិនបានទេ អច្ឆរិយា!
- ព្រោះ​ធ្វើយ៉ាង​ដូច្នេះ​ឯក​​ឧត្តម​ ប្រកិត​ពិផាត​ រដ្ឋ​មន្ត្រី​ក្រសួង​សន្តិ​សុខ​ជាតិ​សៀម​ នឹក​ជាក់​ស្ដែង​ថា អ្នក​បរ​ឡាន​គឺ ត្រុឌី​អ្នក​អង្គុយ​ម្ខាង​គឺ អច្ឆរិយា​ពិត​ប្រាកដ​។ មិន​មែន​ភ្នាក់​ងារ​សំងាត់​របស់​ឯក​​ឧត្តម​​ទេ ព្រោះ​ឯក​​ឧត្តម​​បញ្ជា​អោយ ពួន​ក្នុង​គំនរ​ត្រី​ងៀត​ មិន​មែន​អង្គុយ​ទន្ទឹម​អ្នក​បរ​ឡាន​ទេ​ ដូច​ត្រុឌី អែង​ឃើញ​ស្រាប់​ហើយ​ អាត្មាត​គំរង់​ឆ្កែ​អស់​នេះ​ វា​ក្រាប​ក្នុង​​សំបុក​ក្នុង​ទ្រុង​ឡាន​ពី​ក្រោយ​ខ្នង​យើង​នេះ​ យ៉ាង​សំងាត់​មែន​ទេ​?​ បើ​ដូច្នោះ​អ្នក​អង្គុយ​ ទន្ទឹម​មិន​មែន​ភ្នាក់​របស់​ឯក​​ឧត្តម​​ទេ​ គឺ​មិត្ត​ត្រុឌី និង អច្ឆរិយា តាម​ពត៌​មាន​ដែល​ឯក​​ឧត្តម​​បាន​សួរ​កម្មករ​លី​សែង​ដទៃ​ទៀត​នៅ​ជិត​ ព្រំ​ប្រទល់​នោះ​ កម្មករ​អស់​នោះ​ នឹង ឆ្លើយ​ថា ឃើញ​ជន​ចំលែក​អង្គុយ​ជិត​ត្រុឌី គឺ​ខ្មោច​អច្ឆរិយា​មែន​ទេ​?
- យីគំនិតមិត្ត អច្ឆរិយា គ្រោងការណ៍ទៅមុនវែងឆ្ងាយណាស់…
- ធ្វើការភ្លាមយើង!

    អ្នក​ទាំង​ពីរ​សែង​សព​ដាក់​អែ​កន្លែង​ចង្កូត​មួយ​ ទន្ទឹម​គ្នា​នេះ​មួយ​។ ស្រេច​ការ​ហើយ​ អច្ចឆ​រិយា​ បើក​គំរប​ធុង​សាំង​​ឡាន រី​អែ​ត្រុឌី​ ក៏​យក​សាំង​មួយ​ធុង​ស្រោច​លើ​សព​និង​ក្បាល​ម៉ាស៊ីន​ឡាន​ ព្រម​ទាំង​ដោះ​ហ្វ្រាំង​ដៃ​ចេញ​ ក្រោយ​ពី​អច្ឆរិយា បាន​យក​ឈើ​កល់​កង់​មុខ​ទាំង​ពីរ​ហើយ​។ ត្រុឌី​ គូស​ឈើ​គូស​អុជ​សាំង​និង​កន្លែង​អ្នក​បរ​ឡាន​។​ ព្រះ​អគ្គី​ហ៊ោរ​ យក​ជ័យ​ជំនះ​លើ​រថ​យន្ត​ដោយ​អន្ដាត​លិត​ចុង​ព្រឹក្សា​ផង​ទាំង​ពួង​ ភ្លឺ​រន្ទាល​ពេញ​មហា​វ័ន​។ អច្ឆរិយា ដោះ​ឈើ​កំនប់​ពី​កង់​ ម្ខាង​ រី​អែ​ត្រុឌី​ ក៏​ធ្វើ​ដូច​គ្នា​។ សេះ​យន្ត​ផ្ទុក​ត្រី​ងៀត​ហែរ​ហម​ជា​កិត្តិ​យស​ ដោយ​អគ្គី​ភ័យ​ដ៏​គួរ​អោយ​សម្បើម​​បានផ្អៀង​ចុះ​ពី​កំពូល​បព៌ត​ទៅ​អែ​ឋាន​នរក​។ បក្សា​បក្សី​ម្រឹគី​ម្រឹគា​ ភ្ញាក់​កញ្ជ្រៀវ​ខ្ញីវ​ខ្ញារ​ ដោយ​​ស្មាន​​​ថា​ព្រះ​អាទិត្យ​ថ្មី​រះ​កណ្ដាល​​មហា​ព្រៃ​។​

២ -កញ្ញា អមរា