៣ - រលកជំវិត
ថ្ងៃសៅរ៍ ទី5.ធ្នូ 2015.ម៉ោង 10:43

បាំងបិទរឿងពិត អិតលឺខ្ចរខ្ចាយ ផុតទុក្ខផុតសោក
យល់ក្ដីសប្បាយ កូនស្ងួតជាកាយ អន្តរាយចៀសផុត។
សំបុកសម្បត្តិ វិនាសខ្ចាយខ្ចាត់ មិនស្ដាយស្មើបុត្រ
ដោយក្ដីករុណា គ្រូពេទ្យប្រាកដ ដែលឈ្មោះសន្មត
គ្រូពេទ្យមេត្តា ។

ចាប់​តាំង​ពី​ចន​យក​កូន​ស្រី​អភ័ព្វ​ទៅ​អោយ​លោក​គ្រូ​ពេទ្យ​សែន​-​មេត្តាព្យា​បាល​មក​។ អាការ​រោគ​របស់​កុមារី​តូច​ក៏​បាន​ស្រាក​ស្រួល​ឡើង​ជា​រៀង​រាល់​ថ្ងៃ​ រហូត​មាន​សង្ឃឹម​ថា​ឆ្លង​ផុត​ពី​ស្រមោល​មរណៈ​។ កុសល រឺ ចន​កម្មករ​​ធាក់​រ៉ឺ​ម៉ក​ តែង​ឧស្សាហ៍​ទៅ​សាក​សួរ​ជំងឺ​កូន​ជា​រឿង​ៗ ហើយ​មិន​យូរ​ប៉ុន្មាន​ចន​ក៏​ក្លាយ​ទៅ​ជា​ភ្ញៀវ​ប្រចាំ​ផ្ទះ​លោក​គ្រូ​ពេទ្យ​សែន​-​មេត្តា ដោយ​សមា​ជិក​គ្រួសារ​នេះ​រាប់​អាន​គ្រប់​ៗ​ គ្នា​។

ព្រះ​អាទិត្យ​រះ​ខ្ពស់​ហួស​ចុង​ឈើ​​ទៅ​ហើយ ក្រោយ​ពី​អស់​អ្នក​ជំងឺ​មក​ព្យា​បាល​រោគ​ លោក​គ្រូ​ពេទ្យ សែន​.​មេត្តា ក៏​ចាត់​ចែង​លាង​សេ​រាំង ​និង ម្ជុល​រៀប​ចំ​ដាក់​ចូល​ទូ​ថ្នាំ ព្រម​ទាំង​ហួច​តិច​ៗ យ៉ាង​រីក​រាយ​។ កញ្ញា​កល្យាណ​អង្គុយ​បញ្ចុក​បបរ​កុមា​រី​ណា​វី​នៅ​រាន​ហាល​ខាង​មុខ​ផ្ទះ​។ ចំណែក​ចន្ទី​នារី​រូប​ស្រស់​ភរិ​យា​របស់​លោក​គ្រូ​ពេទ្យ​ កំពុង​អង្គុយ​រៀន​ដេញ​ ព្យ៉ាណូ​(Piano)​ តាម​រលក​សំលេង​ប្ដី​ហួស​ដោយ​ចិត្ដ​ទុក​ដាក់​។

- ណារី! ញ៉ាំបបរទៀតទេក្មួយ ?
កញ្ញាកល្យាណ សួរទៅកុមារីតូចកាលបើឃើញបបរក្នុងចានអស់រលីង។
- ចា៎ះ! វីញ៉ាំទៀតមីង !
កុមារី​ណាវី​ ឆ្លើយ​ព្រម​ទាំង​ផ្អៀង​ផ្អង​ក​ញញឹម​ដាក់​កញ្ញា​កល្យាណ​យ៉ាង​គួរ​អោយ​ស្រលាញ់​។ មាណា​វី​យក​ដៃ​អង្អែល​ក្បាល​នាង​តូច​ស្រាល​ៗ រួច​ក៏​ក្រោក​ដើរ​ទៅ​ផ្ទះ​បាយ​បាត់​ទៅ​។ លោក​គ្រូ​ពេទ្យ និង​ អ្នក​ស្រី​ចន្ទី កាន់​ដៃ​គ្នា​ចេញ​មក​រាន​ហាល​ មើល​កុមារី​តូច​អង្គុយ​បត់​ជើង​ចាំ​បបរ​ដោយ​ក្ដី​ស្រលាញ់​អាណិត​មេត្តា​។ លោក​សួរ​ទៅ​ណាវី​ដោយ​ទឹក​មុខ​ញញឹម​ថា៖
- ណាវីអង្គុយធ្វើអីហ្នឹង ?
- ចា៎ះ ណាវីចាំមីងយ៉ានទៅដួសបបរមកបញ្ចុកទៀតលោកអ៊ុំ ។
លោក​គ្រូ​ពេទ្យ ងក់​ក្បាល​សើច​ពេញ​ចិត្ត​នឹង​សំដី​ស្រួល​ស្រះ​របស់​កុមា​រី​គក៌​។ លោក​ងាក​ទៅ​និយាយ​ជា​មួយ​ភរិយា​សំលាញ់​៖​
- ណាវី​! ក្មេង​នេះ​ឆ្លាត​ណាស់​អូន​ ពីរ​បី​ថ្ងៃ​ទៀត​ជា​ស្បើយ​មែន​ទែន​ហើយ​! អូន​ឃើញ​ទេ​ ថ្ងៃ​នេះ​ណា​វី​មុខ​ឈាម​មិន​សូវ​ស្លឺត​ស្លាំង​ដូច​ពី​ថ្ងៃ​មុន​ទេ​ អ្នក​ស្រី​ចន្ទី​ញញឹម​។
- ចាស់! បង ! ណាវី​អីលូវ​​ញ៉ាំ​​បាយ​បបរ​បាន​ច្រើន​ ហើយ​ទ្រង់​ស្រស់​ស្អាត​ជាង​មុន​ផង ! ​
- មែន​ហើយ​អូន​! ជា​ពិសេស​ក្មេង​នេះ​ដូច​ជា​មាន​និស្ស័យ​នឹង​គ្រួសារ​យើង​ណាស់ សព្វ​ថ្ងៃ​កល្យាណ​វា​ស្រលាញ់​ស្ទើរ​តែ​បាត់​មុខ​មិន​បាន​ទៅ​ហើយ​ សូម្បី​ពេល​យប់​ក៏​វា​យក​ទៅ​គេង​ជា​មួយ​ដែរ!​។
លោក​គ្រូ​ពេទ្យ​មាន​ប្រសាសន៍​ចប់ កល្យាណ​ក៏​កាន់​ចាន​បបរ​ចូល​មក​អង្គុយ​កន្លែង​ដែល​វិញ​។ បុត្រី​នាយ​​ចន លោត​ទៅ​អង្គុយ​លើ​ភ្លៅ​ស្រី​ក្រមុំ​សើច​ធ្វើ​​មុខ​​ស្ញេញ​ស្ញាញ​ដាក់​ទៅ​លោក​គ្រូ​ពេទ្យ និង ​អ្នក​ស្រី​ចន្ទី តាម​និស្ស័យ​ក្មេង​ខ្ចី​សេច​ក្ដី​។
- លោកអ៊ុំចាំមើលណា វីញ៉ាំបបរច្រើនៗ ណា៎…!
- ញ៉ាំទៅក្មួយ! អ៊ុំនឹងឈរចាំមើល ។
លោកគ្រូពេទ្យឆ្លើយ។ កញ្ញា​កល្យាណ ដួស​បបរ​បញ្ចុក​ទៅ​ក្នុង​មាត់​ណាវី​ហើយ​និយាយ​ថា​៖
- ណាវីត្រូវខំញ៉ាំអោយបានច្រើន ដើម្បីអោយឆាប់ជាណា៎ក្មួយណា៎ !…
- ចា៎:! ដល់ណាវីជា! អ្នកមីងកុំភ្លេចយកណាវីទៅលេងភ្នំពេញម្ដងណា៎! ណាវីចង់ទិញកូនឡានតូចៗ ទិញកូនគោ កូនមាន់ផងហ៊ឹះ!
កុមារី​ណាវី​ និយាយ​ព្រម​ទាំង​លើក​ដៃ​លើក​ជើង​ធ្វើ​មុខ​ធ្វើ​មាត់​។ យុវតី​ បិច​ថ្ពាល់​ណាវី​បន្តិច​ទើប​នាង​ឆ្លើយ​មក​វិញ​ថា​៖​
- មាត់ហ្នឹងចេះនិយាយណាស់! ចាំអោយណាវីជាស្រួលបួលសិនមីងជូនទៅទិញ …!
- កុំភរណាវីណា៎!
- ចា៎! មីងមិនភរទេ !…
លោកគ្រូពេទ្យ សែន-មេត្តា ដាក់គូថអង្គុយជិតកុមារីកំព្រា ទះក្បាលតិចៗ ហើយសួរទៅទៀត ៖
- ដល់ណារីជា ! មិនត្រលប់ទៅនៅជាមួយប៉ាវិញទេ រឺ ?
ណាវី គ្រវីក្បាលញាប់រន្ធាន់
- ណាវីអត់ទៅនៅជាមួយប៉ាវិញទេ
- ប៉ាអត់ទិញឡានអោយគេលេងផងនោះ! នៅជាមួយមីងយ៉ានបានឡានបានទៅលេងភ្នំពេញទៀត!
- ហ:! ហា! ហា! (លោកគ្រូពេទ្យសើច) កូននេះវាប៉ិនបោកកល្យាណអោយស្លាប់ចិត្តតែម្ដង …!
នៅ​ខាង​ក្រៅ​ផ្ទះ ចន​កំពុង​ធាក​រ៉ឺ​ម៉ក​ចូល​មក នៅ​ដៃ​មាន​កាន់​ប្រអប់​ដាស​រាង​បួន​ជ្រុង​ទ្រ​វែង​មួយ​ផង​។ ជន​កំសត់​ឡើង​មក​ដល់​លើ​ផ្ទះ ក៏​លើក​ដៃ​សំពះ​ទៅ​លោក​គ្រូ​ពេទ្យ​អ្នក​ស្រី​ចន្ទី​ និង​កញ្ញា​កល្យាណ​។
- ជំរាបសួរលោកគ្រូ! លោកស្រី! អ្នកនាង ! . . .
អ្នកទាំងបី ប្រញាប់លើកដៃសំពះតបមកវិញ
- បាទ! លើកដៃថ្វាយព្រះ​
- ចា៎! ចា៎! ជំរាបសួរ
- ចា៎! ជំរាប់សួរ
កញ្ញា កល្យាណ​នឹក​អៀន​អន់​នឹង​បុរស​កំសត់​ ក៏​ដក​ខ្លួន​គេច​ចេញ​បាត់​ទៅ​។ លោក​គ្រូ​ពេទ្យ នាំ​ចន​អោយ​ចូល​ទៅ​អង្គុយ​លេង​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ ហើយ​លោក​ក៏​ចា​ប់​ផ្តើម​សួរ​
- ចន អែងបានស្អីហ្នឹងយកមកផ្ញើកូន ?
- បាទ! កូនឡានទាន
- យី! (លោក​គ្រូ​ពេទ្យឧទាន) ចេះ​ទិញ​អោយ​ត្រូវ​ចិត្ត​ណាវី​តែ​ម្ដង អំបាញ់​ម៉ិញ​កំពុង​រំអុក​កល្យាណ​រឿង​ឡាន​ហ្នឹង​ណា៎ !
ចនបើកប្រអប់យក​កូន​ឡាន​ហុច​ទៅ​អោយ​បុត្រី​ ហើយ​ក៏​បែរ​មក​សួរ​លោក​គ្រូ​ពេទ្យ​ទៀត​
- ប្រហែលជាមួយអាទិត្យទៀត ចនអែងអាចយកណាវីត្រលប់ទៅផ្ទះវិញបានហើយ

កល្យាណ​ពួន​នៅ​ក្នុង​បន្ទប់​ក្បែរ​នោះ លឺ​ថា​មួយ​អាទិត្យ​ទៀត ណាវី​ត្រូវ​ឃ្លាត​ចេញ​ពី​នាង​ទឹក​ភ្នែក​មិន​ដឹង​មក​ពី​ណា​ ក៏​ស្រាប់​តែ​ហូរ​ព្រូ​ជោក​ផ្ទៃ​មុខ​មួយ​រំពេច​។ មែន​ !… នាង​ស្រលាញ់​កុមារី​អភ័ព្វ​នេះ​ណាស់ ស្រលាញ់​ណាស់ នាង​ចង់​នៅ​ជិត​វា ចង់​ស្ដាប់​សំលេង​ដ៏​ស្រួយ​ស្រេះ​ខ្ចី​សេច​ក្ដី​របស់​វា​គ្រប់​ពេល​វេលា តើ​បណ្ដាល​មក​ពី​ហេតុ​អ្វី នាង​ក៏​មិន​អាច​យល់​ខ្លួន​អែង​បាន​ដែរ​។ នៅ​ពេល​ណា​នាង​ជួប​មុខ​កម្មករ​ធាក់​រ៉ឺ​ម៉ក នាង​ហាក់​ដូច​ជា​ស្រាល​ខ្លួន​ហើយ​សេច​ក្ដី​អៀន​អន់​ក៏​ប្រាកដ​ឡើង​ចំពោះ​ផ្ទៃ​មុខ​មួយ​រំពេច​ នាង​ស្រលាញ់​គេ​ រឺ​?​ ទេ​! នាង​មិន​មែន​ស្រលាញ់​គេ​ទេ នាង​មិន​ធ្លាប់​នឹក​នា​ដល់​សេច​ក្ដី​ស្នេហា​នេះ​ដល់​ម្ដង​ណា​ផង បើ​ស្រលាញ់​ក៏​ស្រលាញ់​ត្រឹម​តែ​ណាវី​កូន​គេ​ប៉ុណ្ណោះ​ ដែល​នាង​ទន្ទេញ​ក្នុង​ចិត្ត​ថា​ស្រលាញ់​!  ស្រលាញ់​! គ្មាន​ចេះ​ភ្លេច​។ តែ​បើ​បាត់​មុខ​ចន​យូរ មិន​ឃើញ​មក​សាក​សួរ​កូន នាង​ក៏​នឹក​គេ​ចង់​ឃើញ​មុខ​គេ លុះ​ដល់​គេ​មក​នាង​ក៏​អៀន​រត់​ពួន​រាល់​តែ​លើក​ដូច្នេះ​អែង​។

ចំពោះ​ខ្លួន​នាង​ៗ ក៏​នឹក​ឆ្ងល់​ខ្លួន​អែង​ដែរ​ មិន​ដឹង​ហេតុ​អ្វី​បាន​ជា​បណ្ដាល​អោយ​ចិត្ត​នាង​វិប​រិត​ដូច្នេះ​ទៅ​វិញ​។ ការ​សន្ទនា​រវាង​ចន នឹង​លោក​គ្រូ​ពេទ្យ​សែន មេត្តា​ អ្នក​ស្រី​ចន្ទី​ចេះ​តែ​ប្រ​ព្រឹត្ត​ទៅ​មុខ ស្ថិត​ក្នុង​បរិយា​កាស​រីក​រាយជា​និច្ច​ ពេល​មួយ​អ្នក​ស្រី​ចន្ទី​ក៏​និយាយ​ឡើង​ថា
- ដល់​ចន​យក​ណាវី​ត្រលប់​ទៅ​ផ្ទះ​វិញ ផ្ទះ​ខ្ញុំ​អផ្សុ​ក​ស្លាប់​ហើយ​សព្វ​ថ្ងៃ​កល្យាណ​វា​ស្រលាញ់​ក្មេង​នេះ​ណាស់​
- បាទ​មិន​អី​ទេ​លោក​ស្រី ខ្ញុំ​នឹង​យក​ណាវី​មក​លេង​អោយ​បាន​ញឹក​ញាប់​បន្តិច​
កុមារី​តូច ដឹង​ថា​ឳពុក​ជិត​យក​ទៅ​វិញ ក៏​ធ្វើ​មុខ​ចង់​យំ​ទំលាក់​ឡាន​ចោល​ រត់​ទៅ​អោប​ជើង​លោក​គ្រូ​ពេទ្យ​សែន មេត្តា​បែរ​មក​និយាយ​ថា​
- ប៉ា​កុំយក​ណាវី​ទៅ​វិញ​ណា៎​! ណាវី​អត់​ទៅ​នៅ​ជា​មួយ​ប៉ា​វិញ​ទេ ផ្ទះ​ប៉ា​តូច អត់​មាន​ភួយ​ដណ្ដប់ អិត​មាន​គ្រែ​ពូក​អោយ​ណាវី​គេង ណាវី​នៅ​ជា​មួយ​មីង​យ៉ាន​សប្បាយ​ជាង​
ចនគ្រវីក្បាលនឹកហួសចិត្តនឹងសំដីកូន
- ណាវីមិនព្រមទៅនៅជាមួយប៉ា អិចឹងណាវីស្អប់ប៉ាហើយ រឺ ​?
- ចុះ​បើ​ប៉ា​អត់​មាន​ផ្ទះ​ល្អ អត់​គ្រែ​ពូក អត់​ភួយ អត់​កូន​ឡាន​ច្រើន អោយ​ណាវី​ទៅ​នៅ​យ៉ាង​ម៉េច​កើត ណាវី​មិន​ទៅ​ទេ​!
- ហា! ហា! ហា!​ (លោក​គ្រូ​ពេទ្យ​សើច​ពេញ​ចិត្ត​នឹង​សំដី​កូន​ស្រី​ចន) លឺ​ទេ​ចន? តែ​ប៉ុណ្ណេះ​ណាវី​មុខ​ជា​បាន​មក​ខ្ញុំ​ហើយ​!​
ចន​ញញឹម លើក​ដៃ​អង្អែលក្បាលកូន
- នៅ​ជា​មួយ​លោក​អ៊ុំ​កុំ​សូវ​រពឹស​ណា លឺ​ទេ​? តែ​ប៉ា​ដឹង​ថា​កូន​រពឹស​ប៉ា​មក​យក​ទៅ​វិញ
ចន​បែរ​ទៅ​និយាយ​ជាមួយលោកគ្រូពេទ្យ និង លោកស្រីចន្ទី
- លោកគ្រូ … លោកស្រី ! ខ្ញុំបាទគិតសូមត្រលប់ទៅផ្ទះវិញហើយទាន
- ប្រញាប់ម្ល៉េះ! នៅញ៉ាំបាយជាមួយខ្ញុំម្ដងទៅចន
លោកគ្រូពេទ្យឃាត់។ រីអែអ្នកស្រីចន្ទីក៏ឃាត់តាមប្ដីដែរ
- មែន! នៅញ៉ាំបាយជាមួយខ្ញុំហ្នឹងហើយចន
- បាទ! អរគុណណាស់ទានប្រោស! ចាំថ្ងៃក្រោយចុះទាន ថ្ងៃនេះខ្ញុំបាទមានការត្រូវទៅចាំទទួលគេផង
ថា​ហើយ​ចន​ក៏​ក្រោយ​ឈរ​លើក​ដៃ​សំពះ​លោក​គ្រូ​ពេទ្យ​ និង ភរិយា​។ ដើរ​ចុះ​ទៅ​ដី​ធាក់​រ៉ឺ​ម៉ក​មិត្ត​រួម​ជីវិត​ចេញ​ពី​អាណា​ខេត្ត​ផ្ទះ​លោក​គ្រូ​ពេទ្យ​ចិត្ត​សប្បុ​រស​បាត់​ទៅ​ ​។​

ម៉ោង ១២​អធ្រា​ត្រ​ស្ងាត់​ សព្វ​សត្វ​មនុស្ស​និករ លង់​លក់​និន្រ្ទា​ក្នុង​ដំណេក​យ៉ាង​ស្កប់​ស្កល់​ ក្រោម​ធាតុ​អាកាស​ត្រជាក់​នៃ​ខែ​ធ្នូ​។ ខាង​ក្រៅ​ផ្ទះ​ខ្យល់​រងា​រ​បក់​បោក​កញ្រ្ជោក​មិន​ដាច់​រយៈ​។ សត្វ​រាត្រី​ចរ​ហិច​ហើរ​ឆៀង​ឆាប​ឆ្វែល​ឆ្វាត់​ ទំ​ពី​ដើម​ឈើ​មួយ​ទៅ​ដើម​ឈើ​មួយ បញ្ចេញ​សូរ​សព្វ​កាក!​ កាក​! បន្លែង​លេង​នឹង​ស្រមោល​អន្ធការ​រាត្រី​ខាង​​រនោច​។ យូរ​ៗ លឺ​សូរ​សំលេង​ឆ្កែ​លូ​ពី​ចុង​ភូមិ​គ្រលួច​តាម​សរ​សៃ​ខ្យល់​ ធ្វើ​អោយ​ទារក​តូច​ៗ ភិត​ភ័យ​ត្បុល​ក្បាល​ចូល​ក្រោម​ផ្ទាំង​ទ្រូង​ម្ដាយ អង្កៀម​ដោះ​លែង​យំ​ស្រែក​។ ផ្ទះ​លោក​គ្រូ​ពេទ្យ​សែន មេត្តា​ស្ថិត​នៅ​ក្នុង​សភាព​ស្ងាត់​ច្រៀប​។ អំ​ពូល​ពណ៌​ខៀវ​ កំលាំង​ ៥​ទៀន​ដាក់​លើ​ក្បាល​គ្រែ​ប្រើ​ដោយ​ថ្ម​ពិល បញ្ចេញ​ពន្លឺ​ខៀវ​ស្រ​ទន់​ល្មម​អោយ​មើល​ឃើញ​អ្វី​ៗ នៅ​ក្នុង​ផ្ទះ​បាន​ព្រឹល​ៗ​។ សូរ​សំលេង​រទេះ​គោ​ង៉េត​ង៉ត​! ង៉េត​ង៉ត​! មក​បាត់​សំលេង​មុខ​ផ្ទះ​លោក​គ្រូ​ពេទ្យ​ បុរស​ក្នុង​ស្រ​មោល​រាត្រី​ម្នាក់​លោត​ពី​ រទេះ​គោ​មក​ឈរ​ទ្រឹង​មួយ​សន្ទុះ​ ក៏​ដាច់​ចិត្ត​ដើរ​ឡើង​ទៅ​គោះ​ទ្វារ​ផ្ទះ​៖

- ប៉ូក! ប៉ូក! ប៉ូក!
សូរសព្ទគោះទ្វារចូល​ទៅ​ដាស់​លោក​គ្រូ​ពេទ្យ​កំពុង​និន្រ្ទា​លក់​ស្កប់​ស្កល់​អោយ​ភ្ញាក់​ក្រញ៉ាង​ឡើង​មួយ​រំពេច​។ ពេល​នោះ​ចន្ទី​ក៏​ដឹង​ខ្លួន​ឡើង​ដែរ។
- យី! អ្នកណាគោះទ្វារផ្ទះយើងបង ?
- ទេ! បងក៏មិនដឹងដែរអូន! ចាំបងទៅបើកទ្វារមើលមើល៍!
ថា​ហើយ​លោក​គ្រូ​ពេទ្យ ក៏​អុជ​ចង្កៀង​បំភ្លឺ​ ហើយ​កាន់​ពិល​ថ្ម​បួន​កំណាត់​ដើរ​ទៅ​បើក​ទ្វារ​ដោយ​សភាព​ប្រុង​ប្រយ័ត្ន​។ ពេល​ទ្វារ​បើក​ឡើង​ក៏​លេច​រាង​បុរស​ក្នុង​សំលៀក​បំពាក់​ខ្មៅ​ម្នាក់ លើក​ដៃ​សំពះ​មក​គ្រូ​ពេទ្យ និយាយ​អន្តឺត​អន្តក់​លាយ​យំ​ថា
- អាណិតជួយខ្ញុំបាទផងលោកគ្រូ
- ប្អូនអែងមិនស្រួលអ្វី រឺ ?
លោកគ្រូពេទ្យសួរដោយងឿងឆ្ងល់
- ប្របាទ! ប្រពន្ធខ្ញុំបាទឈឺចុកពោះខ្លាំងណាស់ទាន សូម​លោក​គ្រូ​អាណិត​មេត្តា​ជួយ ស្រោច​ស្រង់​ជីវិត​សត្វ​លង់​ទឹក​យក​បុណ្យ​ផង​ទាន
- ចុះអ្នកជំងឺនៅអែណាទៅ ?
- ប្របាទ! នៅអែភូមិថ្មីអែណោះ !
- យី! ឆ្ងាយណាស់តើ! ផ្លូវឡានក៏បើកចូលមិនដល់ទៀត
- ប្របាទ! ខ្ញុំប្របាទយករទេះ​គោម​ក​ទាន​ សូម​លោក​គ្រូ​ជួយ​សង្គ្រោះ​ជីវិត​ប្រពន្ធ​ខ្ញុំ​ផង បើ​លោក​មិន​អញ្ជើញ​ទៅ​ពេល​នេះ​ទេ ប្រពន្ធ​ខ្ញុំ​មុខ​ជា​ស្លាប់​ក្នុង​យប់​នេះ​ជា​ពុំ​ខាន​
លោក​គ្រូពេទ្យ ឈរខាំ​បរ​បេរ​មាត់​គិត​កន្ទះ​រា​ក្នុងចិត្តប​ន្តិច​ ក៏​ឆ្លើយ​ទៅ​អ្នក​រង​គ្រោះ​វិញ
- មិនអីទេ! ខ្ញុំនឹង​ទៅ​មើល​ប្រពន្ធ​ប្អូន​អែង តែ​ឈរ​ចាំ​ខ្ញុំ​ទៅ​រៀប​ចំ​អី​វ៉ាន់​មួយ​ភ្នែត​!…ថា​ហើយ​លោក​គ្រូ​ពេទ្យ​ចិត្ត​ធម៌ ក៏​បង្វិល​ខ្លួន​ដើរ​ចូល​មក​ក្នុង​បន្ទប់​វិញ​។
- មានការអ្វី រឺ បង?
ចន្ទី ដេកបើកភ្នែកលើគ្រែសួរ
- គេមកតាមអោយបងទៅមើលអ្នកជំងឺឈឺធ្ងន់ម្នាក់ នៅភូមិថ្មីអែណោះ !
- កុំទៅអី! ពាក់កណ្ដាលអធ្រាត្រទៅហើយ ប្រាប់គេអោយចាំព្រឹកស្អែកទៅ
លោកគ្រូពេទ្យគ្រវីក្បាលមិនយល់ស្រប
- ធ្វើអីចឹងមិនកើតទេអូន! … ការស្លាប់មិនមែនចាំស្អែកអែណា៎ ?
ចន្ទីនឹកខឹងប្ដី. ស្ទុះក្រោកពីលើគ្រែសំដែងអកប្បកិរិយាមិនពេញចិត្ត
- អូ! បើអិចឹងបានសេចក្ដីថា បងសុខចិត្តដើរចោលប្រពន្ធទាំងយប់អធ្រាត្រដូច្នេះ រឺ ?
លោកគ្រូពេទ្យ រៀបចំខ្លួនបណ្ដើរបែរមកនិយាយជាមួយប្រពន្ធបណ្ដើរ
- ចុះវា​មាន​ទៅ​ខូច​ខាត​អី​អូន​! បង​ជា​គ្រូ​ពេទ្យ ករណីយ​កិច្ច​របស់​ខ្លួន​របស់​បង​ គឺ​​ត្រូវ​តែ​ជួយ​សង្រ្គោះ​ជីវិត​អ្នក​ជំងឺ​ បើ​អូន​ខ្លាច​ទុក​កាំ​ភ្លើង​បង​ការ​ពារ​ខ្លួន​ទៅ​ចុះ (លោក​គ្រូ​ពេទ្យ​បោះកាំ​ភ្លើង​លើ​ពូក) អូន​ចង់​អោយ​បង​ធ្វើ​ព្រ​ងើយ​កន្តើយ​ចំពោះ​អ្នក​ជំងឺ​ បង​ធ្វើ​ទៅ​មិន​កើត​ទេ
- ហ៊ឺះ! បងធ្វើហ្នឹងប្រសើរហើយ

ចន្ទី ប្រាស​ខ្លួន​ដេក​ផ្កាប់​មុខ​យំ​សសឹក​ នឹក​តូច​ចិត្ត​អាណិត​ខ្លួន ដែល​ត្រូវ​ប្ដី​ដើរ​ចោល​ទាំង​យប់​អធ្រាត្រ​ស្ងាត់​។ លោក​គ្រូ​ពេទ្យ​សែន មេត្តា មិន​យក​ចិត្ត​ទុក​ដាក់​ នឹង ភរិយា​ក្មេង​ទេ កាល​បើ​រៀប​ចំ​រួច​រាល់​ហើយ​លោក​ក៏​ដើរ​ចេញ​ទៅ​ក្រៅ​។ ធ្វើ​ដំណើរ​ជា​មួយ​បុរស​កំសត់​ តាម​រទេះ​គោ​ឆ្ពោះ​ទៅ​ភូមិ​ថ្មី​។

ចំណែក​ចន្ទី​វិញ នាង​ដេក​ផ្កាប់​មុខ​យំ​សសឹក​មិន​ព្រម​ឈប់​ឡើយ​។ ចន្ទី​នាង​បាន​រៀប​ការ​ជា​មួយ​លោក​គ្រូ​ពេទ្យ​សែន មេត្តា​ចំនួន​បី​ឆ្នាំ​ហើយ​។ ក្នុង​ជីវិត​មាន​ស្វាមី​ នាង​មិន​ដែល​បាន​ទទួល​ការ​ថ្នាក់​ថ្នម​ផ្នែក​ផ្លូវ​ចិត្ត ពី​លោក​គ្រួពេទ្យ​បន្តិច​សោះ នាង​នៅ​ផ្ទះ នាង​ចង់​ស្គាល់​ការ​ស៊ី​វិល័យ ចង់​ស្គាល់​អារ្យ​ធម៌​សម័យ​ថ្មី​នៃ​ទី​ក្រុង ដែល​គេ​តែង​ពោល​ថា​ជា​ស្ថាន​សួគ៌​នៅ​ស្ថានកណ្ដាល​។ តែ​គំនិត​នេះវា​ផ្ទុយ​ស្រលះ​ពី​គំនិត​លោក​គ្រូ​ពេទ្យ​សែន មេត្តា​ទាំង​ស្រុង លោក​គ្រូ​ពេទ្យ​ជា​មនុស្ស​បូរាណ​រម្យ​ទំ មិន​ចូល​ចិត្ត​ការ​រស់​នៅ​អ៊ូ​អរ​គ្រុក​គ្រាក់​នៃ​ទី​ក្រុង សព្វ​ការ​ស៊ី​វិល័យ​ដែល​ចំរើន​ទៅ​តាម​ អារ្យ​ធម៌​បរ​ទេស​ហួស​ពី​ក្រប​ខ័ណ្ឌ នៃ​ប្រ​ពៃណី​ជាតិ​។ ហើយ​ជា​ពិសេស​លោក​ស្អប់​បំផុត​នូវ​គំនិត​មូល​ធន​និយម​។ ដូច្នេះ​បាន ជា​លោក​សុខ​ចិត្ត​នាំ​ប្អូន​ក្រមុំ និង ភរិយា​សំលាញ់​មក​នៅ​ស្រុក​ស្រែ​ស្ងាត់ តែ​មាន​ធាតុ​អាកាស​ល្អ​បរិ​សុទ្ធ ដោយ​ពុំ​គិត​ទៅ​ដល់​រឿង​រក​ប្រាក់​បាន រឺ​មិន​បាន ដូច​ជា​លោក​គ្រូ​ពេទ្យ​មិត្ត​លោក​ខ្លះ​ឡើយ​។

លោក​តាំង​ខ្លួន​ជា​លោក​គ្រូ​ពេទ្យ មេត្តា​អោយ​សម​នឹង​ឈ្មោះ​ករ​ណីយ​កិច្ច​របស់​លោក គឺ​កិច្ច​របស់​លោក គឺ​ត្រូវ​ជួយ​ស្រោ ច​ស្រង់​ជីវិត​ម​នុស្ស​បង​ប្អូន​លោក​ជា​មួយ​គ្នា មិន​មែន​ធ្វើ​ពេទ្យ​ដើម្បី​ប្រមូល​យក​ប្រាក់ ពី​អ្នក​ជំងឺ​មក​តម្កល់​ទុក​ក្នុង​ទូ​ដែក​លោក​ទេ​។ អ្នក​ជំងឺ​ទោះ​ជា​ស្ថិត​នៅ​ក្នុង​សភាព​ណា​ វណ្ណ​ណា​ក៏​ដោយ លោក​តែង​យក​ចិត្ត​ស្មើ​ៗ ​គ្នា​ទាំង​អស់​។ ដូច្នេះ​លោក​គ្រូ​ពេទ្យ​សែន​មេត្តា ក៏​មាន​ឋាន​ជា​កណ្ដាល​ គឺ​មិន​មាន មិន​ក្រ គ្រប់​គ្រាន់​ចាយ​វាយ​តែ​ក្នុង​គ្រួសារ​ប៉ុណ្ណោះ​។ កា​រដែល​លោក​គ្រូ​ពេទ្យ មិន​សូវ​អើ​ពើ ​នឹង រឿង​មាន​បាន ហើយ​ការ​យក​ចិត្ត​អ្នក​ជំងឺ ច្រើន​ជាង​យក​ចិត្ត​ប្រពន្ធ​ ធ្វើ​អោយ​ចន្ទី​នាង​មាន​សេច​ក្ដី​តូច​ចិត្ត​យ៉ាង​ខ្លាំង​។ ដេក​យំ​នឹក​បន្ទោស​ទៅ​ដល់​វាសនា​នាង ដែល​បណ្ដាល​អោយ​មក​ជួប​ស្វាមី​មិន​ល្មោភ​ទឹក​ប្រាក់ មិន​ចេះ​ត្រេក​ត្រអាល​នឹង​កាម​លោក​កីយ៍​។ បើ​សិន​ជា​នាង​បាន​ប្ដី​ក្រៅ​ពី​លោក​គ្រូ​ពេទ្យ​មេត្តា​វិញ ម្ល៉េះ​សម​នាង​មាន​បាន​ទ្រព្យ​សម្បត្តិ​បរិ​បូណ៌​ មាន​ប្រាក់​ផ្ញើ​ធនា​គារ មាន​ផ្ទះ​ថ្ម​បួន​ដប់​ល្វែង​ទុក​គ្រាន់​យក​ឈ្នួល​ ហើយ​គេ​មុខ​ជា​យក​ចិត្ត​យក​ថ្លើម​នាង បំពេញ​នូ​វសេច​ក្ដី​ស្នេហារ​វាង​គ្នា និង គ្នា​យ៉ាង​ផ្អែម​ល្ហែម​មិន​ល្ងង់​ល្ងើ​ពក​ថ្ងាស​ដូច​ជា​លោក​គ្រូ​ពេទ្យ​មេត្តា​ប្ដី​នាង​នេះ​ទេ​។ ចន្ទី​នឹក​ឃើញ​សព្វ​គ្រប់​តាំង​យំ​ហើយ​យំ​ទៀត​ហើម​ត្របក​ភ្នែក​ទាំង​ពីរ​ឡើង​ក្រហម​ពោរ​ ហាក់​ដូច​ជា​ចង់​ប្រកួត​ប្រ​ជែង នឹង តំណក់​សន្សើម ដែល​ស្រក់​ចុះ​លើ​ដំបូល​ផ្ទះ​ប្រោះ!​ ប្រោះ! មិន​ដាច់​រយៈ​។