បានទទួលសេចក្ដីអនុញ្ញាតិឲ្យចុះផ្សាយបន្ដ ពីអ្នកនិពន្ធប៉ិច សង្វាវ៉ាន
ថ្ងៃសុក្រ ទី8.សីហា 2014.ម៉ោង 23:12

បទវិភាគលើ «រឿងពេលដែលកន្លងទៅ»
ដោយកែវ ឈុន

   មែន​ហើយ វា​ពិត​ជា​ពីរោះ​ជក់​ចិត្ត​ពិត​មែន រឿង «ពេលដែលកន្លងទៅ»ដកស្រង់ពីសៀវភៅ«ស្នេហាខ្ញុំ» របស់​អ្នក​និពន្ធ​ប៉ិច សង្វាវ៉ាន ​បាន​​ចូល​មក​ច្រៀង​បំពេ​អារម្មណ៍​​របស់​ខ្ញុំ​អោយ​ធ្លាក់​ចុះ​ក្នុង​អន្លង់​ស្នេហ៍ ដែល​បាត់​បង់​ដ៍​យូរ​សែន​យូរ​។

   ស្នេហា​នាង​វិធាវី ក្នុង​រឿង​ផ្កា​ស្រពោន ក៏​ដូច​ជា​ស្នេហា​នាង​កង្រី សុទ្ធ​តែ​ស្នេហា​ មាន​កម្លាំង​ដ៏​ធំ​ធេង​ក្រៃ​លែង​។ ស្នេហា​របស់​យុវតី​ឈ្មោះ​នារី ដែល​មាន​មក​ក្នុង​រឿង «ពេល​ដែល​កន្លង​ទៅ» ក៏​មាន​ដូច​នោះ​ដែរ​។ វា​​ពិត​​ជា​ពិធី​សាស្រ្ដ​បង្ហាញ​ពី​វិបត្ដិ​ស្នេហា​មួយ ដែល​អ្នក​និពន្ធ​បាន​ទាញ​យក​មក ​សរ​សេរ​​យ៉ាង​​ប៉ិន​ប្រសប់ ផ្តោត​ទៅ​លើ​សង្គម​ទំនៀម​ទំលាប់​ខ្មែរ មាន​តម្លៃ​ដ៏​ជ្រាល​ជ្រៅ ក្នុង​បទអក្សរ​សិល្ប៍​​ខ្មែរ​ ធ្វើ​ឲ្យ​អ្នក​អាន​ជក់​ចិត្ដ ពោល​តិចៗ​​ថា «ឆើត​មែន!..ឆើត​មែន​!.»​។

វាចាអ្នកនិពន្ធ
ខែ​មេសា 29, 2011 ម៉ោង 3:18 ល្ងាច

   អរគុណ​លោក​កែវ ឈុន​ដែល​បាន​អាន​រឿង «ពេល​ដែល​កន្លង​ទៅ​»​និង​បាន​វិភាគ​រឿង​យ៉ាង​លំអិត​។ ជា​ពិសេស​​គឺ​លោក​បាន​យល់​ច្បាស់​ពី​គោល​គំនិត​ដែល​ខ្ញុំ​ចង់​បង្ហាញ​នៅ​ក្នុង​រឿង «ពេល​ដែល​កន្លង​ទៅ​» នេះ​។​ ខ្ញុំ​សរ​សើរ​អស់​ពីដួង​ចិត្ត​។​ លោក​ពូកែ​វិភាគ​អត្ថ​បទ​អក្សរ​សិល្ប៍​មែន​​និង​យល់​ច្បាស់​ពីទស្សនៈ​របស់ អ្នក​និពន្ធ​ខ្ញុំ​នេះ​។ ខ្ញុំ​ពេញ​ចិត្ត​ការ​វិភាគ​របស់​លោក​ណាស់​។


រឿងពេល​ដែល​កន្លងទៅ
The time that has gone
ដោយប៉ិច សង្វាវ៉ាន

   ខ្ញុំ​តែង​តែ​គិត​ និង​ដណ្តឹង​សួរ​ខ្លួន​ឯង​ថា តើ​ហេតុអ្វី​បាន​ជា​បង​នរៈចាប់​ចិត្ត​ប្រតិព័ទ្ធ​មក​លើ​រូប​ខ្ញុំ​? បើ​កាលនោះ​ ខ្ញុំ​ទើប​តែ​មាន​វ័យ​១៣​ឆ្នាំ​តែ​ប៉ុណ្ណោះ​។ គឺ​ជា​ក្មេង​ជំទង់​ម្នាក់​ដែល​ពុំ​ទាន់​ពេញ​រូប​រាង​គួរ​ឲ្យ​ទាក់​ទាញ​ចិត្ត​បុរស​នៅឡើយ។

   ព្រលឹម​ឡើង​ ចៃ​ដន្យ​ ខ្ញុំ​បាន​ឃើញ​សំបុត្រ​មួ​យ​ច្បាប់​នៅ​ក្រោម​ខ្នើយ​ខ្ញុំ។ ខ្ញុំ​អាន​សំបុត្រ​ចម្លែក​នោះ​ដោយ​ភ្ញាក់​ផ្អើល។

ភ្នំពេញ, ថ្ងៃ​អាល័យ ខែ​ស្រណោះ ឆ្នាំនឹក (១៩៦២)
អូន​នារីជាទីស្រឡាញ់​តែមួយ​គត់​នៅក្នុងលោក

   «នារី» នាម​ដ៏​ខ្លី​តែ​មាន​ន័យ​គ្រប់​គ្រាន់​បង្កប់​យ៉ាង​ជ្រៅ​ក្នុង​ជម្រៅ​ដួង​ចិត្ត​បង។ បង​​ចង់​តែ​ហៅ​ឈ្មោះ​អូន​រាល់​វិនាទី​ និង​ចង់​នៅ​ជិត​អូន​គ្រប់​ពេល​វេលា។ ប៉ុន្តែ​ ជំនោរ​​វាសនា​បន្សាត់​រូបប​ង​​ឲ្យ​ទៅឆ្ងាយ​ពី​អូន​ជាង​មួយ​ម៉ឺន​គីឡូ​ម៉ែត្រ​ ដើម្បី​បន្ត​ការ​សិក្សា​ឲ្យ​បាន​ខ្ពង់​ខ្ពស់។

   តើ​នារី​ដឹង​ខ្លួន​ឬទេថា អូន​ស្អាត​ណាស់? ទើប​តែ​មាន​អាយុ​ប៉ុណ្ណេះ​សោះ អូន​ស្អាត​ម្លឹង​ទៅ​ហើយ ចុះ​ទម្រាំ​អូន​ធំ​ពេញ​រូប​ពេញ​រាងទៀត តើ​នារី​មាសបង​រឹត​តែ​ស្រស់​ប្រិម​ប្រិយ​យ៉ាង​ណា​ទៅ? នៅពេល​នោះ​ តើ​បុរស​ប៉ុន្មាន​នាក់​ដែល​ត្រូវ​ខូចចិត្ត​ដោយសារ​សម្ជស្ស​របស់​អូន​? បង​សែន​ស្តាយ! ស្តាយ​មិន​បាន​នៅ​ជិត​អូន​ ដើម្បី​ធ្វើ​ជា​អង្គរក្ស​ការពារ​រូប​អូនផ្ទាល់​កុំ​ឲ្យ​កន្លង់​ទាំង​ឡាយ​ប្រមាថ​រូប​អូន​នារី​តែ​ម្នាក់​គត់​របស់​បង។

   នារី! បង​សួរ​អូន​យ៉ាង​ខ្លី តើ​នារី​អាច​នៅ​រង់​ចាំ​បង​បានឬ​ទេ?…

   ពី​បង​នរៈ​ដែល​ស្រឡាញ់ និង​សែន​នឹក​អូន​តែ​ម្នាក់​ជានិច្ច

   អាន​រួច​ហើយ​ខ្ញុំ​បត់​លិខិត​ពណ៌ផ្កាឈូក​នេះ​ទុកក្នុង​ទូ។ ខ្ញុំ​ក៏​មិន​ដែល​បាន​នឹក​គិត​អ្វី​ឲ្យ​វែង​ឆ្ងាយ​ត​ទៅ​ទៀត។ ថ្ងៃ​ខែ​ឆ្នាំ​កន្លង​ផុត​​ទៅ វ័យ​និង​រូប​រាង​មនុស្ស​យើង​ក៏​ចម្រើន​​ទៅតាម​ពេល​វេលា។ ពីរឆ្នាំ​កន្លង​ទៅ​យ៉ាង​ឆាប់​រហ័ស​ប្រៀប​បី​ដូច​ជា​ការ​យល់សប្តិ។ ខ្ញុំ​ចម្រើន​វ័យ​បាន​១៥​ឆ្នាំ​ហើយ។ ខ្ញុំ​រៀន​ដល់​ថ្នាក់​ទី​៥ទំនើប​ជាតិ​នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ។

   ថ្ងៃ​មួយ​ នៅពេល​ដែល​ខ្ញុំ​រៀប​​ទូ​របស់​ខ្ញុំ ​ស្រាប់​តែ​សំបុត្រ​របស់​បង​នរៈ​ធ្លាក់​ខ្ពោក​មក​លើ​កម្រាល​ឥដ្ឋ។ ខ្ញុំ​រើស​យក​វា​មក​អាន​ឡើងវិញ។ គឺ​នៅ​ពេល​នោះហើយ ទើប​ខ្ញុំ​ដឹងច្បាស់​ថា បង​នរៈស្រឡាញ់​ខ្ញុំដែល​ជា​ប្អូន​ជីដូន​មួយ​។​

   នៅ​ឆ្នាំ​នោះ​ឯង​ ខ្ញុំ​ត្រូវ​បាន​លោក​អគ្គានុរក្ស​នៃ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ កោះ​ហៅ​ទៅ​ប្រាប់​ព្រមានជា​រឿយៗ​ថា «មាន​សំបុត្រ​ពី​ឈ្មោះ​ ចិត្ត នរៈ ផ្ញើ​មក​ពី​ប្រទេស​បារាំង»។ ប៉ុន្តែ ​ខ្ញុំ​គ្មាន​សិទិ្ធ​ទទួល​សំបុត្រ​ទាំង​នោះទេ ព្រោះ​វិន័យ​សាលា​តឹង​តែ​ង​ខ្លាំង​ណាស់។​ គេមិន​អាច​ឲ្យ​សិស្ស​នារី​ទទួល​សំបុត្រ​ពី​បុរស​ជាដាច់​ខាត។ បើ​ខ្ញុំ​ចង់​បាន​សំបុត្រទាំង​នោះ ទាល់​តែ​សុំឲ្យលោកប៉ា ឬ​ប្អូន​ប្រុស​ខ្ញុំ​ទើប​អាច​យក​បាន។ ថ្វីត្បិតតែខ្ញុំ​មិន​ដែល​បាន​អាន​សំបុត្រ​ក្រោយ​នេះដែល​បង​នរៈ​ផ្ញើមក​ខ្ញុំ​មែន តែ​ខ្ញុំ​យល់ថា បង​នរៈច្បាស់​ជា​គ្មាន​សរសេរ​អ្វី​ក្រៅពី​សារភាព​សេចក្តី​ស្នេហា​របស់​គាត់​មក​លើ​រូប​ខ្ញុំ​ឡើយ។ ក្នុង​វ័យ​ដ៏​ក្មេង​ខ្ចី​នេះ ខ្ញុំ​មិន​ត្រូវ​ប្រើ​ខួរ​ក្បាល​ខ្ញុំ​ឲ្យ​គិត​ពី​រឿង​ឥត​ប្រយោជន៍​នេះ​ដែល​នាំ​ឲ្យ​ខូច​ដល់​ការ​សិក្សា​ទេ។ គោល​បំណង​ដ៏​ធំ​របស់​ខ្ញុំ​ គឺ​ក្រេប​ជញ្ជក់​ចំណេះ​វិជ្ជា​ឲ្យ​បាន​ជ្រៅ​ជ្រះ​ខ្ពង់​ខ្ពស់​ ដើម្បី​កិត្តិយស​ខ្ញុំ​ផ្ទាល់ និង​កិត្តិយស​គ្រួសារ​ខ្ញុំ​ផង​ដែរ។ ខ្ញុំ​ចង់​សាង​ខ្លួនខ្ញុំ​​ឲ្យទៅ​ជា​បញ្ញ​វន្ត​ម្នាក់។

៣ឆ្នាំ​ក្រោយ​មក…

   ខ្ញុំ​ដឹង​ថា បង​នរៈបាន​ប្រឡង​ជាប់​សញ្ញា​បត្រ​ជា​វិស្វករ​ខាង​សំណង់​ហើយ។ គាត់​បាន​សរសេរ​មក​ជម្រាប​លោកប៉ា​ខ្ញុំ​ថា គាត់​នឹង​បន្ត​វិជ្ជា​តទៅ​ទៀត បើ​ប្រសិន​ណាជា​គាត់​ពុំ​ទាន់​មាន​គូស្រករ​នៅឡើយ។ ស្រាប់​តែ​នៅ​ថ្ងៃ​មួយ​នោះ ខ្ញុំ​ស្ទើរ​តែ​មិន​ជឿ​ភ្នែ​ក​ខ្ញុំ​សោះ។ ពេល​ខ្ញុំ​ចេញ​ពីរៀន​នា​ថ្ងៃ​ត្រង់​ ខ្ញុំ​ភ្ញាក់​ស្រឡាំង​កាំង​ដោយ​ឃើញ​បង​នរៈ ​កំពុង​អង្គុយ​សន្ទនា​ជាមួយ​លោកអ្នក​មាន​គុណ​របស់​ខ្ញុំ​ទាំងទ្វេ និង​អ្នក​បង​ធីតា​រៀម​ច្បង​របស់​ខ្ញុំ។ រំពេច​នោះ​ខ្ញុំ​ដឹង​ថា លោហិត​បាន​រត់​ពេញ​ផ្ទៃ​មុខ​ខ្ញុំ។ ខ្ញុំ​អៀន​បង​នរៈយ៉ាង​ខ្លាំង។ ខ្ញុំ​លើ​ក​ដៃ​ជម្រាប​សួរ​គាត់​មិន​ហ៊ានទាំង​មើល​មុខ​បង​នរៈ​ឲ្យ​ចំ​ស្រួល​បួល​ដូច​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ផង ខ្ញុំ​ក៏​ដើរ​បង្ហួស​ចូល​ទៅ​ក្នុង​បន្ទប់​ខ្ញុំ​នៅក្បែរ​នោះ​ភ្លាម​ទៅ។ ទោះ​​បី​ជាមាតា​ខ្ញុំ​ស្រែក​ហៅ​យ៉ាង​ណា ក៏​ខ្ញុំ​គ្មាន​សេចក្តី​ក្លាហាន​ចេញ​មក​ជួប​សាសង​ជាមួយ​បងនរៈ​ដែរ។ ប៉ុន្តែ​ពាក្យ​សន្ទនា​ទាំងអស់​រវាង​បង​នរៈ​និង​មាតា​បិតា​ខ្ញុំ ខ្ញុំ​ស្តាប់​ឮទាំងអស់ គ្មាន​ចន្លោះ​ពាក្យ​មួយ​ម៉ាត់​ណាសោះ​ឡើយ។ ខ្ញុំ​ឮ​មាតា​ខ្ញុំ​មានប្រសាសន៍​ថា៖

-នារីខ្មាស​អៀន​​ច្រើន​ណាស់ ចូល​ចិត្ត​សម្ងំ​នៅ​តែ​ក្នុង​បន្ទប់។
អ្នក​ម្តាយ​ខ្ញុំ​មាន​ប្រសាសន៍​ដូច្នេះ​ដើម្បី​កុំ​ឲ្យ​បង​នរៈប្រកាន់​ខឹង​នឹង​អាកប្បកិរិយា​ជម្លើយ​ ខ្វះ​ការ​គួរ​សម​របស់​ខ្ញុំ។ បង​នរៈឆ្លើយ​តប​វិញ​ថា៖
-ចេះ​អៀន​ប្រៀន​អីចឹងល្អ​ហើយ​ម៉ាក់​មីង​។ អូន​នារី​ស្រគត់​ស្រគំ​ណាស់ មិន​សូវ​ចេះ​និយាយ​ស្តី​ទេ។ បែក​គ្នា​តែ​បីឆ្នាំ​សោះ​ នារីដក​កម្ពស់​ប្លែក​ច្រើន​ណាស់​ ហើយ​រឹត​តែ​ស្អាត ខ្ញុំ​មើល​សឹង​តែ​មិន​ស្គាល់…
-នារី! កូន​ចេញ​មក​អង្គុយ​លេង​ជា​មួយ​បង​មួយ​ភ្លែត​ណ៎ា។ បង​ឯង​ស្កាត់​មក​តាំង​ពី​ស្រុក​បារាំង។ យីស! កូន​នេះ​ចំតែម្តង​ហើយ។

   អ្នក​ម្តាយ​របស់​ខ្ញុំ​ស្រែក​ហៅ​ខ្ញុំ​ច្រើន​ដង។ ខ្ញុំ​ចង់​ចេញ​បន្តិច មិន​ចង់​ចេញ​បន្តិច ហាក់​ដូច​ជា​មាន​អ្វី​មួយ​មក​ទប់​ជំហាន​របស់​ខ្ញុំ​ជាប់។ បេះ​ដូង​ខ្ញុំ​ចាប់​លោត​ញាប់​ក្ឌុកក្ឌាក់​ៗ​ខុស​ពី​ធម្មតា។ ខ្ញុំ​ខ្លាច​បង​នរៈអន់​ចិត្ត​ណាស់ ប៉ុន្តែ​ដោយ​អៀន​ខ្មាស​ព្រោះតែ​បាន​ដឹង​ខ្លួន​ថា បង​នរៈ​ស្រឡាញ់​ខ្ញុំ នោះធ្វើ​ឲ្យ​ខ្ញុំ​គ្មាន​សេ​ចក្តី​ក្លាហាន​បន្តិច​សោះ​ដើម្បី​ចេញ​មក​ជួប​បង​នរៈ បង​​ជី​ដូន​មួយ​របស់​ខ្ញុំ។ ខ្ញុំ​ស្តាប់​ឮវាចា​បង​នរៈ​បន្ត​ទៀត៖

   -ខ្ញុំ​បាន​សរសេរ​សំបុត្រ​ជា​ច្រើន​ច្បាប់មក​ជូនម៉ាក់​ខ្ញុំ សុំ​ឲ្យម៉ាក់​ចូល​ស្តី​ដណ្តឹង​អូន​នារី​ទុក ប៉ុន្តែ​ខ្ញុំ​មិន​ដែល​បាន​ដំណឹង​តប​ទៅវិញពី​រឿង​នេះ​ម្តង​ណាសោះ។ សូម្បី​តែ​លោក​យាយ​ខូច​ទៅ​ក៏​ខ្ញុំ​មិន​បាន​ដឹង​ដែរ។ ខ្ញុំ​ឆ្ងល់​ណាស់​ម៉ាក់​មីង ​តើ​គ្រួសារ​យើង​មាន​រឿង​ហេតុអ្វី?

   -ហ៊ឺ! ពិបាក​ណាស់​ក្មួយ​អើយ! អ្នក​បង​ម្តាយ​របស់​ក្មួយ​ជឿ​ពាក្យ​ញុះ​ញង់​របស់​គេ​ពេក។ មុន​ពេល​លោក​ម៉ែ​ស្លាប់​ទៅ លោក​ម៉ែ​បាន​ចែក​គ្រឿង​អលង្ការ​ពេជ្រ ទាំងគ្រាប់​ ដូច​ជា​ទុំ​ហ៊ូ(១) កថា​ពុកបង្កង (២)ចិញ្ចៀន ឲ្យ​ម៉ាក់​មីង​ជា​មត៌ក។ អ្នក​បង​ម្តាយ​ក្មួយ​ច្រណែន​ ក៏​ខឹង​តម​មាត់​តម​.ក លែង​រាប់​រក លែង​និយាយ​ស្តី​រក​គ្រួសារ​ម៉ាក់​មីង​ទៅ។ ម៉ាក់​មីង​ពុំ​ដឹង​ជា​ត្រូវ​ធ្វើ​ដូច​ម្តេច​ ម៉ាក់​មីង​ជា​ប្អូន​ចំណុះ​ចុះចាញ់​ម៉ាក់​ក្មួយ​អស់​ប៉ុណ្ណឹង​ហើយ ពុំ​ដឹង​ជា​ត្រូវ​ធ្វើ​យ៉ាង​ណា​ទៀត​? អ្នក​បង​កាច​ណាស់ និង​មាន​ចិត្ត​រឹង​មានៈ​ខ្លាំង​ពេក…។

-បើ​មាន​រឿង​ទំនាស់​អាក់​អន់​ស្រពន់​ចិត្ត​រឿង​កេរមរតក​របៀប​ហ្នឹង ​ចុះ​រឿង​អូន​នារី​នឹង​ខ្ញុំ តើ​ម៉ាក់​មីង​និង​លោកពូ​យល់​ឃើញ​យ៉ាង​ណា​?
-ពិបាក​ដែរណា៎ ចាស់ៗ​មិន​ត្រូវ​គ្នាអីចឹង​ពុំ​ដឹង​ធ្វើ​ដូចម្តេច​ឲ្យ​សម​រម្យ​។
ក្មួយ​នរៈ​ស្រឡាញ់​នារី​ដោយ​ខ្លួន​ឯង ពូ​និង​មីង​មិន​ដែល​បាន​បញ្ចុក​បន្ស៉ី​ក្មួយ​ទេ។ អ្នក​ម្តាយ​ខ្ញុំ​មាន​ប្រសាសន៍​កាត់​ភ្លាម៖

   -នរៈ​ជា​ក្មួយ​បង្កើត​របស់​មីង​ យើង​ជាសាច់​ជា​ឈាម​ជិត​ណាស់ ជិត​មែន​ទែន។ ចុះ​បើ​អ្នកបង​មិន​អញ្ជើញ​មក​ដណ្តឹង​នារី​មួយ​ម៉ាត់​សោះ តើ​មីង​ម៉េច​នឹង​ហ៊ាន​ឆ្លើយ​ថា​ ព្រម​ស្ងាត់​ៗ​តែខាង​ឯង​ហើយលើ​ក​នារី​រៀប​ការ​ឲ្យ​ក្មួយ​​កើត។ ស្រួល​មិន​ស្រួល​ អ្នក​បង​មក​ជេរ​តិះ​ដៀល​ផ្អើល​ខ្មាស​អ្នក​ស្រុក​មិន​ខាន។ ម្យ៉ាង​ទៀត​ តើ​ក្មួយ​បាន​ដឹង​ចិត្ត​នារី​ឬ​នៅ? មីង​អរណាស់ បើ​នារី​បាន​ទៅ​លើ​ក្មួយ​បង្កើត។ ប៉ុន្តែ​ចំពោះ​មីង​គួរ​តែ​ឪពុក​ម្តាយ​ទាំង​សង​ខាង​សម្រុះ​សម្រួល​គ្នាសិន ទើប​រឿង​រៀប​ការ​អាច​សម្រេច​ទៅ​បាន។ និយាយ​នេះ​ មីង​នៅ​មិន​ទាន់​ដឹង​ចិត្ត​របស់​នារី​កូន​ស្រី​របស់​មីង​នៅ​ឡើយ​។ មីង​និង​លោក​ពូ​របស់​ក្មួយ​ផ្តល់​សិទ្ធិ​សេរីភាព​ឲ្យ​កូន​ជ្រើស​រើស​គូ​វាសនា​របស់​គេ។ មីង​បង្កើត​និង​ចិញ្ចឹម​រូប​កាយ​គេ​មែន​តែ​មីង​មិន​បាន​បង្កើត​និង​ចិញ្ចឹម​ចិត្ត​របស់​កូន​ទេ។ យើង​សុទ្ធ​តែ​ជា​អ្នក​ជឿ​បុណ្យ​ជឿបាប​។ យើង​មិន​អាច​ពង្រាត់​​បង្រាស​ធ្វើ​បាប​កូន​ទេ បើ​សិន​ជា​នារី​មាន​ចិត្ត​លើ​បុរស​ណា​ផ្សេង​ក្រៅ​ពី​ក្មួយ។ មីង​យល់​ថា តើ​ទៅ​វ​ត្ត​ធ្វើ​បុណ្យ​បាន​ប្រយោជន៍​អ្វី បើ​យើង​ធ្វើ​បាប​ពង្រាត់​បង្រាស​គូ​របស់​​កូន​ឲ្យ​គ្នា​រង​ទុក្ខ​ពិបាក​ក្នុង​ចិត្ត​។

   -ឥឡូ​វនេះ ​ពូ​សូម​ក្មួយសួរ​​បញ្ជាក់​ចិត្ត​នារី​ឲ្យ​ច្បាស់​ជា​មុខ​សិន​ សឹម​​ទៅ​និយាយ​សម្រុះ​សម្រួល​ជាមួយ​ម៉ាក់​ក្មួយ​ឲ្យ​គាត់​យល់​ចិត្ត​ក្មួយ​ចុះណ៎ា​នរៈ ក្មួយ​សម្លាញ់​របស់​ពូ…។

   ស្ងាត់​ឈឹង។ ខ្ញុំ​លែង​ឮមាត់​បងនរៈឆ្លើយថាម៉េច​ទៀត។ បងនរៈលា​លោកប៉ា​អ្នក​ម្តាយ​ចេញ​ទៅ​ផ្ទះ​វិញ ទោះ​ជា​លោកប៉ា​ និង​អ្នកម្តាយ​ខ្ញុំ​ឃាត់​ឲ្យ​នៅ​ពិសា​បាយ​រួច​ជាមួយ​គ្រួសារ​ខ្ញុំ​ ក៏បងនរៈ​មិន​ព្រម​នៅឡើយ។

   ខ្ញុំ​កាត់​ស្មាន​ថា បងនរៈខក​ចិត្ត​សន្ធឹក​ណាស់ ចំពោះ​ការ​សោះ​អង្គើយ​របស់​ខ្ញុំ។ ខ្ញុំ​សែន​អាណិត​បងនរៈ​ ប៉ុន្តែ​ខ្ញុំ​ដូច​ជា​គ្មាន​វិប្បដិសារី​ប៉ុន្មាន​ទេ​ទៅលើ​អំពើ​របស់​ខ្ញុំ​កន្លង​មក។ ខ្ញុំ​ជាស្រី​ចាំ​បាច់​ត្រូវ​តែ​រក្សា​តម្លៃ​របស់​ខ្ញុំ។ បងនរៈ​ស្រឡាញ់​ខ្ញុំ​ ចង់​បាន​រូប​ខ្ញុំ​ជា​គូ​ជីវិត​ពិត​មែន​ ប៉ុន្តែ​បើ​ម៉ាក់​អ៊ំ​ខ្ញុំ​ចាត់​ទុក​គ្រួសារ​របស់​ខ្ញុំ​ទាំង​មូល​ដូច​ជា​សត្រូវ​ពី​រាជ្យ​ណា​​មក​របៀប​នេះ តើ​ខ្ញុំ​អាច​ស្រឡាញ់​បងនរៈវិញ​កើត​ដែរ​ឬ​ទេ? ខ្ញុំ​គិត​ថា មើល​ទៅ​បងនរៈ​និង​ខ្ញុំ​ពិត​ជា​មិន​មែន​ជា​គូ​ព្រេង​ឡើយ បាន​ជា​នៅសុខៗ​បណ្តាល​ជា​មាន​រឿង​នេះ​កើត​ឡើង។

   មួយ​អាទិត្យ​ក្រោយ​មក ប្រហែល​ជា​បងនរៈ​អស់​សង្ឃឹម​ក្នុង​ការ​ពន្យល់​ឲ្យ​មាតា​យល់​ស្រប​តាម​ហើយ​មើល​ទៅ ទើប​បាន​ជា​បងនរៈ​ត្រឡប់​ទៅស្រុក​បារាំង​វិញ​ភ្លាម​ដោយ​មិន​បាន​លា​លោកប៉ា​អ្នក​ម៉ាក់​ខ្ញុំ​មួយ​ម៉ាត់។ តាម​ពិតអ្នក​ម៉ាក់​ខ្ញុំ​មាន​ប្រសាសន៍​ថា បងនរៈ​មាន​បំណង​មក​ដណ្តឹង​ខ្ញុំ​រៀប​ការ​យក​ខ្ញុំ​ទៅ​​ជាមួយ​គាត់​ទៅ​ប្រទេស​បារាំង។ ថ្ងៃ​មួយ​ ស្រាប់​តែ​ខ្ញុំ​បាន​ទទួល​សំបុត្រ​មួយ​ច្បាប់​ពី​បងនរៈ បង​ជីដួន​មួយ​របស់​ខ្ញុំ​ពីប្រទេស​បារាំង។ ខ្ញុំ​គិត​ស្មាន​ថា រឿង​យើង​វា​ចប់​ទៅហើយ​តាំង​ពី​ពេល​នោះ​មក។ ខ្ញុំ​អាន​លិខិត​របស់​បងនរៈយ៉ាង​យក​ចិត្ត​ទុក​ដាក់​ជា​ទី​បំផុត។

   បារីស, ថ្ងៃ​នឹក​ ខែ​ចងចាំ​ ឆ្នាំ​អស់​សង្ឃឹម (១៩៦៥)

អូន​នារី​ដែល​បង​នៅ​តែ​ស្នេហ៍​ក្នុង​ជាតិ​នេះ

   បង​ជា​មនុស្ស​អស់​សង្ឃឹម​ម្នាក់​ដែល​ត្រូវ​តែ​បន្សាត់​ខ្លួន​ឲ្យ​ឆ្ងាយ​ពី មាតុ​ប្រទេស​របស់​យើង​។ បង​មិន​ត្រឡប់​ទៅ​ស្រុក​យើង​វិញ​ដាច់​ខាត ព្រោះ​បង​មិន​ចង់​ឲ្យ​បេះ​ដូង​បង​គ្រាំ​គ្រា​រីង​រៃ​មួយ​កម្រិតទៀត​ ប្រសិន​បើ​បង​ឃើញ​អូន​នារី​តែ​មួយ​គត់​របស់​បង​ក្លាយ​ជា​ភរិយា​របស់​បុរស​ដទៃ។ នារី​បណ្តូល​ចិត្ត​បង​អើយ! ទឹក​ដី​កម្ពុជា​​មាន​ន័យ​សម្រាប់​រូបបង​ លុះ​ត្រា​តែ​បង​បាន​រូប​អូន​ជា​គូ​ជីវិត។ តើ​បង​មាន​សល់​អ្វី​ទៀតក្រៅ​ពី​ការ​សោកស្តាយ​ដ៏​ធំធេង​នោះ។ គោល​បំណង​ដែល​ចង់​បាន​នារី​ជា​គូ​គ្រង​ ត្រូវ​បាន​រលាយ​ខ្សុល​ដូច​ផ្សែង​ត្រូវ​កម្លាំង​ព្រះ​ពាយ​បក់​ផាត់។

   វិប្បដិសារី​ធំ​មួយ​ទៀត​ដែល​មាន​ទម្ងន់​ស្មើការ​សោក​ស្តាយ​មិន​បាន​រូបអូន​ដែរ​នោះ​គឺ​មនសិការ​ជេរស្តី​ជានិច្ច​ ក្នុង​នាម​ជា​ខ្មែរ​ដេល​បាន​ចេញ​មក​ក្រេប​ចំណេះ​វិជ្ជា​ជ្រៅ​ជ្រះ​វ ហើយ​មិន​បាន​វិល​ទៅ​បម្រើ​ប្រទេស​ជាតិ​ជាទីស្នេហា​វិញ។ ធ្វើ​ម្តេច​ទៅ​ហ្ន៎បង​ជាមនុស្ស​ទន់​ខ្សោយ។ មែន! បង​សារភាព​ថា​ចិត្ត​បង​ទន់​ខ្សោយ​មែន មិន​សម​ជា​កូន​ប្រុស​ដើម​ទ្រូង​ប្រាំ​ហត្ថទេ។

   បង​ដឹង​ថា នារី​ស្អប់​បង​សូម្បី​តែ​ចេញ​មក​អង្គុយ​លេង​ជាមួយ​បង​នៅ​មុខ​ចាស់​ទុំ​តែបន្តិច​ ក៏​អូន​ប្រកាន់​ខ្លួន​មិន​ចេញ​មក​ដែរ។​ ទោះ​ជា​យើង​គ្មាន​និស្ស័យ​បាន​គ្នា​ជា​គូគាប់​រួម​ជីវិត​ក្តី យ៉ាង​ហោច​ណាស់ឲ្យ​បង​បាន​ឃើញ​មុខ​​អូនជា​លើក​ចុងក្រោយ​ទៅ​​ចុះ​ក៏​បង​អស់​ចិត្ត​ដែរ​ តែ​នេះ​អូន​ដាច់​មេត្តា​ណាស់ អូន​បណ្តោយ​ឲ្យ​រូបបង​​ត្រឡប់​មក​សិក្សា​នៅ​ប្រទេស​បារាំង​វិញ​ទាំង​ដើម​ទ្រូង​ផ្ទុក​ដោយ​មហា​ទុក្ខ មហា​ស្តាយ មហា​អស់​សង្ឃឹម​យ៉ាង​ធ្ងន់​បំផុត។ ទុក្ខ​នេះ​វា​នៅ​តែ​សំងំ​នៅ​ក្នុង​ចិត្ត​ដ៏​បរិសុទ្ធ​និង​ភក្តី​របស់​បង​ មិន​ព្រម​រសាយ​សោះ​ណ៎ា​អូន​នារី។

បង​តាំង​ចិត្ត​ហើយ​ថា បង​នឹង​ភ្ជាប់​វាសនា​បង​ជាមួយ​នារី​ណា​ឡើយ ទោះបី​នោះ​ជា​ទេព​អប្សរ​បវរ​កញ្ញា​ក៏​ដោយ។ បង​ពិត​ជានៅ​តែ​ស្រឡាញ់​រូប​អូន​ នឹក​អូន​គ្រប់​ដង្ហើម​ចេញ​ចូល។ បង​សូម​ផ្សង​ឲ្យ​កើត​ជាតិ​ណាៗ បង​បាន​ជួប​អូន​ជាគូ​រួម​ជីវិត​ជានិច្ច។ បង​ជឿ​ជាក់​លើ​ការ​ប្តេជ្ញា​ចិត្ត​គ្រប់​យ៉ាង​របស់​បង។

   បង​សូម​លា​អូន​នារី​និង​គ្រួសារ​យើង​ទាំង​មហា​សែន​អាល័យ គ្មាន​ថ្ងៃ​បំភ្លេច​ឡើយ។ បង​សូម​ជូន​ពរ​ឲ្យ​អូន​នារី​កំពូល​ដួង​ចិត្ត​ម្ចាស់​ជីវិត​របស់​បង​មាន​ភ័ព្វ​សំណាង​ល្អ កុំ​បី​អភ័ព្វ​ដូច​រូបបង​ឲ្យ​សោះណ៎ា។

មួយ​លាន​ស្រណោះ​និង​ស្នេហ៍​អូន​ឥត​ព្រំដែន
នរៈអភ័ព្វ

   ខ្ញុំអាន​អក្ខរា​របស់បងនរៈ​ទាំង​រំជួល​ចិត្ត​ក្រៃ​លែង។ ទឹក​នេត្រា​ខ្ញុំ​ដណ្តើម​គ្នា​ហូរ​ជ្រែក​ផែន​ថ្ពាល់​ដូច​ទំនប់​ទឹក​បាក់។ ខ្ញុំ​ខ្លោច​ផ្សា​ដួង​ចិត្ត​អនិច្ចា​អាណិត​បង​នរៈបង​ជីដួន​មួយ​របស់​ខ្ញុំ​រក​អ្វី​មក​វាស់​ឲ្យ​ស្មើ​ពុំ​បាន​ឡើយ។

   ខ្ញុំ​សារភាព​យ៉ាង​សម្ងាត់​ថា ខ្ញុំ​ក៏​ស្រឡាញ់​បង​នរៈដែរ ប៉ុន្តែ​តើ​សេចក្តី​ស្នេហា​អាថ៌កំបាំង​ដែល​បង្កប់​យ៉ាង​ជ្រៅ​ក្នុង​ដួង​ចិត្ត​ខ្ញុំ​មាន​ន័យ​អ្វី​ទៅ បើ​បងនរៈមិន​បាន​ដឹង​ចិត្ត​ខ្ញុំ ហើយ​នៅ​ឆ្ងាយ​ពី​ខ្ញុំ​ជាង​មួយម៉ឺន​គីឡូម៉ែត្រ។ ខ្ញុំ​រស់នៅ​ក្រុង​ភ្នំពេញ។ បងនរៈនៅ​បារីសរដ្ឋធានី​​ដ៏​ឆើត​មួយ​នៅ​ក្នុង​ពិភព​លោក។

   ឱ! បងនរៈ! ខ្ញុំ​ក៏​ស្រឡាញ់​និង​នឹក​បង​ដូច​ជា​បង​ស្រឡាញ់​និង​នឹក​ខ្ញុំ​ដែរ។ ខ្ញុំ​បា​ន​ត្រឹម​និយាយ​ពាក្យ «ស្រឡាញ់​និង​នឹក» នេះ​នៅក្នុង​ចិត្ត​ម្នាក់​ឯង។ គឺ​មាន​តែ​ព្រះ​ទេ​ដែល​អាច​ទ្រង់​ញាណ​ដឹង​ពីអារម្មណ៍​ដ៏​លាក់​លៀម​សម្ងាត់របស់ខ្ញុំ។

រាត្រី​ខ្លះ​ ដោយ​នឹក​បងនរៈកម្សត់​របស់​ខ្ញុំ​ពេក​ ខ្ញុំសុបិន​ឃើញបងនរៈ​ថ្នាក់​ថ្នម​ខ្ញុំ​យ៉ាង​ស្រាល​ដូច​ថ្នម​កែវ​ខ្លាចធ្លាក់​បែក។ ខ្ញុំ​យល់​សប្តិ​ឃើញ​យើង​ទាំង​ពីរ​រៀប​មង្គល​ការ​យ៉ាង​ឱឡារិក។ ខ្ញុំ​ចង់​ឲ្យ​សុបិន​ល្អ​នេះ​ក្លាយ​ជា​ការ​ពិត ប៉ុន្តែ​សុបិន​នេះ​គ្រាន់​តែ​ជួយ​បំពេញ​និង​លួង​លោម​ចិត្ត​ក្រៀម​ក្រំ​របស់​ខ្ញុំ​តែប៉ុណ្ណោះ។ ខ្ញុំ​នៅ​កម្ពុជា​ បងនរៈ​នៅប្រទេស​បារាំង​មហា​អំណាច​មួយ​ដែល​ខ្ញុំ​ពុំ​ទាន់​មាន​វាសនា​បាន​ស្គាល់​នៅ​ឡើយ។ តាំង​ពី​ខ្ញុំ​បាន​ទទួល​សំបុត្រ​មួយ​ច្បាប់​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចេះ​ស្គាល់​សេចក្តី​ស្នេហា​វេលា​ណា​មក​ ខ្ញុំ​បាត់​ដំណឹង​ពីបងនរៈ​រហូត។ នេះ​ក៏ព្រោះ​តែ​ខ្ញុំ​មិន​អាច​រក​ពាក្យ​អ្វី​សរសេរ​តប​ទៅ​បងនរៈ​វិញ។

   លុះ​ដល់​ខ្ញុំ​ភៀស​ខ្លួន​ចេញ​ពី​របប​ខ្មែរ​ក្រហម​យង់​ឃ្នង​ មក​រស់​នៅ​ក្នុង​ប្រទេស​បារាំង​ ខ្ញុំ​បា​នដំណឹង​ពី​អ្នក​ដែល​ធ្លាប់​ស្គាល់បងនរៈថា បងនរៈ​បាន​ត្រឡប់​ចូល​ប្រទេស​ខ្មែរ​វិញ​តាំង​ពី​ឆ្នាំ​១៩៧៦ម្ល៉េះ ហើយ​គាត់​ត្រូវ​បានខ្មែរ​ក្រហម​សម្លាប់​ចោល​នៅ​ខែ​សីហា​ឆ្នាំ​១៩៧៦ដែល​នោះ នៅ​ក្នុង​គុក​ទួល​ស្លែង។ ពុទ្ធោអើយ! បងនរៈ វាសនា​បង​អី​ក៏​កម្សត់​ម្ល៉េះ…!

   ដំណឹង​អកុសលនេះ ប្រៀប​ដូច​ជា​រន្ទះ​បាញ់​កណ្តាល​ខែ​ប្រាំង​ ធ្វើ​ឲ្យ​ខ្ញុំ​រន្ធត់​ចិត្ត​និង​ខ្លោច​ផ្សា​ចិត្ត​ឥត​ឧបមា។ ខ្ញុំ​រឹត​តែ​អាណិត រឹត​តែ​ស្តាយ​រូប​បងនរៈ​ដ៏​ស្អាត​សង្ហា​របស់​ខ្ញុំ​យ៉ាង​ក្រៃ​លែង។ ខ្ញុំ​សែន​នឹក​អនិច្ចា​អាណិត​និង​ស្តាយ​បងនរៈដែល​ជា​បញ្ញាវន្ត​ម្នាក់​ដែល​បានបាត់បង់ជីវិតឥត​ន័យ​បែបនេះ។

   ក្រោយៗ​មក ខ្ញុំ​បាន​ជួប​មិត្ត​ភក្តិ​របស់បងនរៈ។ អ្នក​ទាំងនោះ​តែង​តែ​រំឮក​ប្រាប់​ខ្ញុំថា បងនរៈដាច់​ចិត្ត​ចូល​ទៅ​ស្រុក​ខ្មែរ​ព្រោះ​តែ​ប្រាថ្នា​ទៅ​រក​ខ្ញុំ​និង​គ្រួសារ​ ដើម្បី​នាំ​រត់​ចេញ​ពី​របប​កុម្មុយនិស្តខ្មែរ។ ឱ! ម្ចាស់​ថ្លៃ! ដំណឹង​នេះ​រឹត​តែ​ធ្វើ​ឲ្យ​​ខ្ញុំ​សង្វេគ​ចិត្ត​លើសពេលណាទាំងអស់។

   ព្រោះ​តែ​ខ្ញុំ​ម្នាក់គត់ដែល​បាន​ជា​ធ្វើ​ឲ្យ​បងនរៈខក​ក្តី​បំណង​ជា​លើក​ទីពីរ​ និង​ធ្វើ​ឲ្យ​​បង​បំភ្លេច​ការ​ប្តេជ្ញា​ចិត្ត ដាច់​ចិត្ត​ត្រឡប់​ចូល​ស្រុក​វិញ​រហូត​ដល់​ក្ស័យ​ជីវិត​ដោយ​ដៃ​ខ្មែរ​ក្រហមអប្រិយអមនុស្សធម៌។ ព្រះ​អើយ! ខ្ញុំ​ទើប​តែដឹង​ជឿ​ច្បាស់​ថា សេចក្តី​ស្នេហា​របស់បងនរៈចំពោះ​រូប​ខ្ញុំ​មាន​ទំហំ​ធំ​ឥត​ប្រៀប​ផ្ទឹម។

   ពេល​វេលា​កន្លង​ទៅច្រើន​រដូវ​ ។ មា​នបុរស​ជា​​ច្រើន​ចង់​បាន​ខ្ញុំ​ជាគូ ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​សម្រេច​ចិត្ត​ប្រគល់​វាសនា​ខ្ញុំ​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​បុរស​ណា​នៅ​ឡើយ ហើយ​ខ្ញុំ​ឥត​រវីរវល់នឹក​ការ​ចំអកពីសង្គម​ ឬ​ពីក្រុម​មនុស្ស​ខ្លះ​ដែល​សប្បាយ​ណាស់​ក្នុង​ការ​ពេប​ជ្រាយ​និយាយ​ដើមរិះ​គន់​ខ្ញុំ​ថា ខ្ញុំជាក្រមុំ​ចាស់​គ្មាន​ប្តី។

   ខ្ញុំ​ជ្រើស​រើស​ផ្លូវ​ជីវិត សុខចិត្ត​រស់​នៅ​លីវ​ម្នាក់​ឯង​ដូច្នេះ​ទៅចុះ ប្រសិន​បើ​បុរស​ណា​ដែល​ចង់​បាន​ខ្ញុំ​នោះ គ្មាន​រូប​សម្បត្តិ​និង​ចរិយា​សម្បត្តិ​ដូច​ជាបងនរៈ បង​ជីដូន​មួយ​ដ៏​កម្សត់​​និងដែល​ស្រឡាញ់​ពេញចិត្ត​រូប​ខ្ញុំ​យ៉ាង​ប្តូរ​ផ្តាច់​គ្មាន​ពីរ៕

   សរសេរចប់នៅស្ត្រាស់បួរ​ប្រទេសបារាំងខែមករាឆ្នាំ១៩៨១
កែសម្រួលនៅម៉ុងទីញី​ប្រទេសបារាំង​នៅថ្ងៃ​៣​ខែ​មេសាឆ្នាំ២០០៨

(១)​​ ទុំហ៊ូ​ ឬ​ ទុំហូ​​ជា​គ្រឿងអលង្ការស្តី្រមួយប្រភេទមានទងមានក្រចាប់ដាំត្បូងពេជ្រ ឬ​ត្បូងមានតម្លៃ​ ឬមួយត្បូងធម្មតា។
(២)​ កថា​ពុកបង្កង ជា​គ្រឿង​អលង្ការ​ស្រ្តី​ដែល​មាន​រាង​ដូច​ជា«កថា» ដាំ​ពេជ្រ​ចំហៀង​ ដែល​មាន​ទ្រង់​ទ្រាយ​ដូច​ជា​ជើង​បង្កង​។ ស្រ្តី​ឋានៈ​ខ្ពស់​ពី​ជំនាន់​ដើម​និយម​យក​មក​ពាក់​ដោយ​ស៊ក​វា​ក្នុង​ខ្សែ​ក​នៅ​សង​ខាង​ទំពក់​ខ្សែ​ក​។