១៩ បទព្រហ្មគិតិ
សៅរ៍ ទី31.តុលា 2020.ម៉ោង 09:58

ព្រះពង្សពោធិសត្វ សោយរាជ្យសម្បត្ដិសម្បូណ៌បរិ៍ បូណ៌បានគ្រងនគរ ក្រុងពារាណសីសុខ។
ដោយបុណ្យដោយបារមី ក្សត្រទាំងពីរបន្ទោទុក្ខ រាស្ដ្រក្រៅនៅសព្វស្រុក ឥតអំពល់អំពីភ័យ។
សម័យមួយនាងនាថ ទូលព្រះបាទព្រះបងថ្លៃ រំលឹកព្រះហរិទ័យ សូមព្រះអង្គទ្រង់គិតគន់។
ដ្បិតយើងបានជាក្សត្រ សោយសម្បត្ដិសម្បូណ៌បុណ្យ អន័គ្ឃអនេកលន់ បានគ្រងរាស្ដ្ររដ្ឋា។
ពុំគាប់ពុំគួរស្ងៀម គួរព្រះរៀមព្រះរាជា ស្ដេចនាំខ្ញុំលីលា ទៅសួរព្រះបិតាក្សត្រ។
នូវព្រះវរមាតា ស្ដេចស្នេហាស្ងួតប្រតិព័ទ្ធ សមស្ដេចទន្ទឹងក្ដាត់ ដ្បិតពុំជ្រាបសារសេចក្ដី។
ព្រះពោធិវង្កូរ ស្ដាប់ទំនូលដណើរពី សម្ដេចព្រះមហេសី ទូលរំលឹកព្រះទ័យស្រួល។
ព្រះឱស្ឋព្រះអង្គថា ប្អូនពុំងារគិតតាមគួរ សមតែយើងទៅសួរ ទៅក្រាបថ្វាយបង្គំគាល់។
ដ្បិតស្ដេចទ្រង់ព្រះគុណ វិសេសធ្ងន់ឋិតដោយធម៌ កុំឲ្យស្ដេចពិភាល់ អាក់អៀនអន់ព្រះហរិទ័យ។
ទ្រង់ព្រះចិន្ដាស្រេច ទើបសម្ដេចព្រះជៀស្ឋជ័យ ចរចេញរោងរ័ត្នថ្លៃ អស់អាមាត្យគាល់រៀងរាយ។
បែរបើកបន្ទូលថា ហៃសេនាសេនីយនាយ អង្គអញចង់ទៅថ្វាយ បង្គំគាល់ព្រះជននី។
នូវព្រះវរបិតា យើងយាត្រាដោយដំរី លំបាកឆ្លងជលធី សមុទ្រមានទំហំឆ្ងាយ។
អញគន់អញគិតទៅ នឹងសំពៅទើបសប្បាយ ដើរដោយតែព្រះពាយ ប្រពៃពន់ពេកគួរគាប់។
ចូររិះចូររើសរក៍ ជាងចេះតចេះតែងឆាប់ ដឹងប្រុងដឹងប្រដាប់ តាក់តែងតកុំផ្សងផ្សូរ។
សេនាសេនីយស្ដាប់ ស្ដេចបង្គាប់បង្គំទូល បពិត្រក្សត្រឥសូរ ម្ចាស់កុំព្រួយកុំបារម្ភ។
ខ្ញុំកខ្ញុំតាក់តែង ឲ្យចិញ្ចែងចិញ្ចាចធំ ឲ្យសក្ដិឲ្យសួនសម ជាព្រះទីនាំងថ្កើងថ្កាន។
យើងខ្ញុំសោតសឹងចង់ ហែព្រះអង្គដោយជលសាម សប្បាយពេកពន់ព្រមាណ លើសលែងដើរដោយមាគ៌ា។
ទើបអស់មុខមន្ដី្រ នូវសេនីយសេនាលា ចរចុះទៅគ្រឹហា ហៅអស់ជាងមកមូលថ្វាត់។
ជាងចិនជាងបារាំង ស្រាស់ស្រឹតស្រាំងសឹងចេះក្ដាត់ ប្រសាក់ប្រសប់ស្ទាត់ ជាអ្នកដឹងៗកលការ។
កុងខ្ទង់មាត់មានស្រាប់ គ្រប់ប្រដាប់ដងក្ដោងក្ដារ តាក់តែងធ្វើដោយងារ ដោយកំណាន់កំណត់នាយ។