១៧. បទពំនោល
ថ្ងៃអាទិត្យ ទី18.តុលា 2020.ម៉ោង 10:117

កាលនោះព្រះព្រហ្មទត្ដរាជា ស្ដេចស្ដាប់វាចា ពាក្យគាមភោជកក្រាបទូល។
ព្រើសព្រមព្រះទ័យជួបចូល ក្សិណក្សត្រឥសូរ បន្ទូលត្រាស់ប្រើសេនា។
ចៅចេញបរពលអាសា(១) រួសរាន់ម្នីម្នា ឲ្យបានចូលមកឆាប់ៗ។
អាមាត្យបត់បាទស្ដែងស្ដាប់ ទទួលបង្គាប់ បង្គំប្រណម្យលុតលា។
បរចេញប្រាមប្រាប់គ្នីគ្នា ទាហានអាសា យាត្រាប្រញាប់បរពល។
ប្រជារាស្ដ្រក្នុងមណ្ឌល ខេត្ដខណ្ឌសកល ពារាណសីសីមា។
ករកាន់គ្រប់គ្រឿងសាស្ដ្រា ចួតចងគាថា ប្រទាលតេជគជគង់។
ពាក់មួកពាក់អាវក្រោះផ្ចង់ ប្រដាប់ការអង្គ ប្រយោជន៍ប្រយ័ត្នប្រុងប្រាណ។
ស្រេចចូលមីរមូលមកថ្កាន ដល់មុខព្រះលាន ប្រកិតអាវុធត្រៀបត្រា។
កាលនោះព្រះព្រហ្មទត្ដរាជា ស្ដេចឲ្យយកបា ដំរីទីនាំងនិរភ័យ។
ចងគ្រឿងកញ្ចោងមាសមៃ ភ្លឺផ្លេកប្រពៃ ពិចិត្ដសឹងរត្នដាំដាក់។
ក្បាច់ក្បាំងទង្គន់ខ្សែឆ្នាក់ ដងក្រពាត់ពាក់ ច្រវាក់មាសមានរស្មី។
ស្នាប់មុខស្រោមភ្លុកដំរី សឹងមាសមណី កង្វេសឹងរត្នរចនា។
ស្ដេចឲ្យរៀបពលយោធា ទាហានអាសា ចេញជាចតុព្យូហ៍យុទ្ធ។
ស្រួចប៉ែកឆ្វេងស្ដាំមោះមុត- ណាន់ណែនប្រាកដ ប្រកបដោយលេខទីទៃ។
សេនាភូមានិរភ័យ សឹងកាន់ទង់ជ័យ បញ្ឃរបញ្ឈប់ត្រាត្រៀម។
អណ្ដាប់នោះសោតសឹងសៀម  រាយរៀបមេរៀម  ដាក់លើដំរីផ្គងផ្គូ។
សេនាខ្មែរសឹងកាន់ធ្នូ ចេះបាញ់ត្រង់ត្រូវ មុតមែនក្វែនស្ទាត់តម្រង់។
អណ្ដាប់នោះចិនហៃហុង រឹងរូសទ្រនង់ ករកាន់ដាវខ្លីស្រោងស្រាង។
ប៉ែកស្ដាំសោតសឹងបារាំង ករកាន់ស្នាប់បាំង ម្នោម្នះក្រៃលែងមហិមា។
អណ្ដាប់នោះសឹងកូឡា កាន់សាមសែងាវ គ្រវីពព្លាមពន់ពេក។
អណ្ដាប់នោះសេនាខែក កាន់សេឡោស្បែក   នូវដាវកូនស្រាលងងា។
ប៉ែកឆ្វេងសោតសឹងសេនា យួនយកអាសា ករកាន់កាំភ្លើងស្នូកកោង។
សេនាជ្វាគាតក្រអោង ជួតក្បាលសំពោង ករកាន់នូវក្រឹសគ្រប់ដៃ។
សេនាចាមចិនហ៊ានក្រៃ កាន់កាំភ្លើងដៃ បញ្ឈរច្រូងច្រាងទទាស។
ទ័ពណូនលន្ទាស្ទាត់ណាស់ កាន់មេសរបាស់ របៀបប្រាំបីសំញែង។
សេនាជប៉ុនខះខែង ករកាន់ដាវវែង គ្រវីគឃ្លើនគឃ្លាវ។
អណ្ដាប់នោះសេនាលាវ កាន់លំពែងសាវ ចាមរីចងចុងរន្ទាល។
សេនាមននៅកណ្ដាល ជិតជើងគជសារ គជេន្ទ្រទីនាំងក្សត្រា។
កាន់ស្នែងក្របីងងា ខ្លះកាន់គ្រទា ខ្លះកាន់ដបខចាំបែរ។
ខ្លះកាន់តូរ្យតន្ដ្រីត្រែ- ស័ង្ខសឹងដើរហែ អណ្ដាប់អណ្ដោយរៀងគ្នា។
ទើបក្សត្រព្រហ្មទត្ដរាជា ទ្រង់ពរពស្ដ្រា ប្រដាប់អស់អង្គឥន្ទ្រីយ។
ទ្រង់ក្រោះពេជ្ររត្នមណី ឡើងគង់ដំរី ទីនាំងបើកបាំងក្លស់ក្លំ។
ស្ដេចឲ្យដំរីសារសម រូបរាងធាត់ធំ ចុះប្រេងហូរហៀរដល់ភ្លុក។
ដាក់ឲ្យទៅគាមភោជក ជិះបរនាំមុខ ទីនាំងព្រះបាទក្សត្រា។
ស្ដេចលើករេហ៍ពលយោធា ឆ្ពោះត្រង់ចំការ ព្រះពោធិសត្វនិម៌ល។
ដល់ស្រេចស្ដេចឲ្យអស់ពល ចោមជុំមណ្ឌល ប្រាំពីរជាន់ជិតត្រៀបត្រា។
ហ៊ោហាខ្ទរខ្ទារមហិមា ទើបស្ដេចត្រាស់ថា ហៃចៅភោគកុលកុមារ។
ចៅនាំភរិយាក្រអាល ចេញទៅគិតការណ៍ គំនិតនឹងក្សត្រទីទៃ។
ចៅយកទ្រព្យមានដំឡៃ ទៅថ្វាយប្រស្រ័យ   យឺតយោងអន្ទងមកក្បត់។
យើងមានដំណឹងប្រាកដ យើងនឹងធ្វើគត សម្លាប់ចៅនេះឥឡូវ។
ដ្បិតចៅចេញជាសត្រូវ ពុំគួរទុកនៅ ឲ្យរស់ជីវិតជន្មា។
កាលនោះព្រះពង្សពុទ្ធា ស្ដែងស្ដាប់វាចា ស្ដេចព្រហ្មទត្ដដិរ្ថិយ។
ព្រះអង្គឥតភ្លឹកភ័យពី សឹកដូចកេសរី សីហានាថចេញចាកគុហា។
មានព្រះបន្ទូលទៅថា វ៉ីយក្សត្រមោហា អង្គអន្ធពាលឆាតឆុត។
ដោយតែពាក្យគាមភោជក នាំទៅនរក ពុំគិតបាបពៀរវេរា។
រកកលនឹងធ្វើទោសា ឲ្យយើងមរណា នឹងយកភរិយាយើងទៅ។
ទាល់តែនាងនាថពុំនៅ នាងវិលវឹងទៅ ដល់ព្រះបិតាក្សត្រក្សាន្ដ។
យើងត្រាច់ទៅតាមព្រួយប្រាណ យកនាងមកបាន អំពីព្រះវរបិតា។
ឥឡូវលើកពលយោធា មកចោមប្រាថ្នា ចង់ចាប់សម្លាប់យើងទៀត។
រកកលមុសាឆ្លាស់ឆ្លៀត ថាយើងបែរបៀត ចូលនឹងសត្រូវដទៃ។
ចូរចេញថយទៅវៃៗ បើខំនៅក្ស័យ ព្រះជន្មឥឡូវនេះថ្វាត់។
កាលនោះព្រះបាទព្រហ្មទត្ដ ស្ដាប់ហើយក្រោធក្ដាត់ ថាពះអស់ពលយោធា។
ចូរចោមចាប់យកតួវា មកកាត់សិរសា ឲ្យបានឥឡូវឆាប់ៗ។
អស់អង្គសេនាស្ដែងស្ដាប់ រត់ចូលប្រញាប់ តាមដោយព្រះរាជអាជ្ញា។
ឯអង្គពូជពង្សសាស្ដា ឥតភិតភយា ស្ដេចយកព្រះកៅទណ្ឌជ័យ។
ទធាក់ដំឡើងវាត់វៃ ព្រះហស្ដក្សត្រថ្លៃ ថ្លែងថ្វាត់បន្លោះចេញទៅ។
លាន់ឮកក្រើកក្រៀលក្រៅ ទូទាំងលំនៅ កណ្ដាប់នៃចក្រវាឡ។
ដូចសែនរន្ទះមហិមា បាញ់ចុះព្រមគ្នា ហាក់ដូចនឹងផ្កាប់ប្រថពី។
ពុះពោរជន់ជោរជលធី សុមេរុគិរី កក្រើករំពើកពេកក្ដាត់។
កាលនោះឯអង្គមហាក្សត្រ ព្រះបាទព្រហ្មទត្ដ នូវគាមភោជកអប្រិយ។
ភិតធ្លាក់ពីលើដំរី ដួលដល់ផែនដី ក្សិណក្ស័យជីវិតជន្មា។
ធ្លាក់ទៅសោយទុក្ខវេទនា នៅនរកមហា- តាបន៍ដល់កន្លះកល្បគត់។
អស់ពលផងភិតរន្ធត់ ស្លើតស្លាំងស្លន់ស្លុត ដួលដេករណែលត្រៀបត្រា។
អស់មុខមន្ដ្រីឯណា ដែលគិតនឹងមហា- ក្សត្រាសឹងក្ស័យជីវិត។
ឯណាពុំបានចូលគិត មូលមួយគំនិត ក៏សឹងរួចរស់ជន្មា
ក្រោកឡើងញ័រអស់អង្គា ភិតភ័យតក្កមា បង្គំប្រណម្យទូលទៅ។
បពិត្រអម្ចាស់ចាមចៅ សូមទានទ្រង់នៅ មេត្ដាករុណាអត់ទោស។
ឲ្យទានជីវិតសន្ដោស អាសូរប្រាណប្រោស ឲ្យគង់ជាខ្ញុំតទៅ។
ទើបពូជព្រះពង្សពុទ្ធផៅ បើកបន្ទូលទៅ ហៃអស់មុខមន្ដ្រី។
គ្រប់គ្នាកើតមានទោសអ្វី កុំភ័យទៅថ្វី អញសោតពុំយកទោសា។
មន្ដ្រីត្រេកអរគ្រប់គ្នា ដ្បិតស្ដេចមេត្ដា ប្រោសទុកជីវិតឲ្យគង់។
ទូលថាបពិត្រព្រះអង្គ អម្ចាស់ថ្លៃទ្រង់ ព្រះគុណព្រះករុណាណាស់។
ឥតអ្វីផ្ទឹមគុណក្រៃក្រាស់ អញ្ជើញអម្ចាស់ ទាំងពីរទៅសោយរាជ្យរម្ប។
ជាឥសូរអស់យើងខ្ញុំ គ្រងផ្ទៃក្រោមក្រម ពិភពពិភក្ដិរាស្ដ្រផង។

១ . ពលដែលមានចិត្ដស្មោះស្ម័គ្រយកអាសា។