១៥. បទព្រហ្មគិត
ថ្ងៃសៅរ៍ ទី3.តុលា 2020.ម៉ោង 20:14

លុះព្រឹកព្រាងស្វាងស្រេច ទើបសម្ដេចព្រះរាជា នាំនាងនាតលីលា ឡើងគាល់ព្រះបិតាក្សត្រ។
នូវព្រះវរមាតា ឱនអង្គាប្រួញប្រណិប័តន៍ ប្រណម្យទូលទៅថ្វាត់ ថាបពិត្រក្សត្រថ្លៃថ្លា។
ទ្រើសទ្រង់នូវព្រះគុណ វិសេសធ្ងន់ឥតឧបមា ពុំគួរនឹងឃ្លាតឃ្លា ពីព្រះបាទព្រះអង្គទៅ។
គួរតែខ្ញុំឋិតឋាន នៅនេះបានឡើងគាល់ហ្វៅ បំរើសព្វថ្ងៃនៅ លុះអស់ជីពអស់ជន្មា។
គឺមោះខ្ញុំចង់យល់ ចង់ដឹងកលគំនិតវា មេស្រុក និង ក្សត្រា ព្រហ្មទត្ដចិត្ដតិរ្ថិយ(១)។
វានឹងគិតកលកិច្ច ធ្វើដូចម្ដេចវិញទៀតខ្មី ខ្ញុំចង់ដឹងសេចក្ដី ឲ្យវាធ្វើអស់ចិត្ដវា។
ខ្ញុំសូមក្រាបលាទៅ ផ្ញើរាជនៅក្សត្រថ្លៃថ្លា ពុំចេរទ្រង់មេត្ដា អត់ទោសប្រោសសត្វជាខ្ញុំ។
ស្ដេចស្ដាប់ព្រះសុណិសា ក្រាបទូលលាជ្រាបដោយដំ- ណើរនោះទើបបរម- ក្សត្រាត្រាស់បន្ទូលថា។
ហៃបាបុត្ដបណ្ដូល បាមកទូលសុំក្រាបលា អាពុកឥតបើថា បើកតាមចិត្ដប្រាថ្នាប៉ង។
ចូរបាយកមន្ដ្រី សេនាពីអាយទៅផង កំដរបុត្រស្ងួនគ្រង គ្រាន់ប្រយ័ត្នប្រយោជន៍ប្រាណ។
ព្រះពោធិវង្កុរ(២) ស្ដាប់ហើយទូលទៅវឹងថ្កាន បពិត្រខ្ញុំសូមទាន សូមតែនាងនាថជាយា។
នៅសេះអាជានេយ្យ() ព្រះខ័នជ័យធ្នូសរថ្លា យកទៅផងអាត្មា ក្រែងក្រីក្រគ្រាន់អាស្រ័យ។
ស្ដេចស្ដាប់រាជបុត្ដទូល ក្សត្រឥសូរព្រមព្រះទ័យ បើកបុត្រពីរថ្លាថ្លៃ ពុំឃាំងឃាត់តាមចិន្ដា។
ទើបទេវរជននី ឱបបុត្រីសោយសោកា បន្ទូលផ្ដែផ្ដាំថា ហៃកូនស្ងួនសម្លាញ់ម្ដាយ។
នាងទៅនឹងស្វាមី ឃ្លាឃ្លាតទូរទីឋានឆ្ងាយ ទៅនៅនគរនាយ ចូរផ្ចិតផ្ចង់ប្រុងស្មារតី។
ប្រុងប្រាណក្រាបប្រណិប័តន៍ ព្រះរៀមរត្នជាស្វាមី តាមដោយក្រិតក្រមស្រី កុះឲ្យព្រួយព្រះចិន្ដា។
ហើយកូនកុំបោះបង់ ម្ដាយលន់លង់យូរឃ្លាតឃ្លា ម្ដាយមានតែនាងជា ថ្លើមបណ្ដាប់បណ្ដូលចិត្ដ។
នាងនាថសោតសឹងសោក សែនអមោក្សអួលអាណិត អនាថពន់ពេកក្ដាត់ គិតជននីនូវបិតា។
បន្ទោរទុក្ខស្រាលស្រេច ទើបសម្ដេចព្រះរាជា នូវនាងនាថលុតលា វិលវឹងមកមណ្ឌលទី។
ផ្ដែផ្ដាំអស់បរិពារ ស្រីស្រឹង្គារស្នំនារី នូវអស់មុខមន្ដ្រី ដ្បិតនឹងស្ដេចទៅទូរស្ថាន។
ស្ដេចឲ្យយកពាជី ជាទីនាំងព្រះក្សត្រក្សាន្ដ ចងគ្រឿងសឹងមាសមាន តំឡៃឥតឯគណនា។
បង្ហៀរនូវឃ្លុំមុខ ខ្សែរិតអុកសឹងសុវណ្ណា អានភាពមាសមុខរាហុ៍ លាយរំលេចសឹងមណីរត្ន។
ប៉ែកឈ្នាន់ខាន់ជីពចង ចង្ក្រង់ផងសឹងពិចិត្រ ខ្សែហាងគុំកែវកិត ភ្លឺរុងរឿងសមសោភា។
សំយាកសំយុងខ្សែ សោតសឹងតែសុវណ្ណា សួសលាយទែងទឹបជា ផ្កាដូងដាំសឹងរ្នតរាយ។
ទើបក្សត្រពីរព្រះអង្គ ប្រដាប់ទ្រង់គ្រឿងពណ្ណរាយ រុងរឿងឆោមឆើតឆាយ ល្អលើសលែងទិវាករ។
ស្ដេចសៀតព្រះទម្រង់ ខ័នជ័យទ្រង់ធ្នូសិល្បសរ នាំនាងនាថបវរ ចាកមន្ទីរមណ្ឌលថ្លៃ។

១ តិរ្ថិយ=ទ្រុស្ដកាចអាក្រក់។ ២. ពោធិវង្កុរ=ត្រកូល ឬ សែអ្នកត្រាស់ដឹង ។ ៣. អាជានេយ្យ = សេះ