១៤. បទកាកគតិ
ថ្ងៃសៅរ៍ ទី26.កញ្ញា 2020.ម៉ោង 10:10

កាលនោះព្រះបាទ សត្ដកូដរាជជាតិ ជាព្រះបិតា
យល់តេជតេជៈ តបៈរិទ្ធា បុណ្យបុត្រប្រសា
ប្រសើរពេកក្រៃ។
ត្រកាលកន្លង រំលងប្រុសផង  នីរអ្នកដទៃ
ណានឹងផ្ទឹមបាន ក្សត្រក្សាន្ដជេស្ឋជ័យ ត្រេកត្រាស់ថាហៃ
មន្ដ្រីសេនា។
អញនឹងអភី- សេករាជបុត្រី នូវបុត្រប្រសា
សេពសោយរាជ្យស្នង គ្រប់គ្រងសីមា ចូរអស់គ្រប់គ្នា
រួសរៀបរណ្ដាប់។
តាក់តែងភ្នាក់ងារ រកបណ្ណាការ(1) គាប់គួរដោយច្បាប់
មន្ដ្រីអាមាត្យ បទបាទឱនស្ដាប់ ទទួលបង្គាប់
បង្គំលុតលា។
ចរចុះដើរដល់ ទីឋានមណ្ឌល ប្រាមប្រាប់គ្នីគ្នា
រួសរកភស្ដុភារ ដោយងារអាត្មា ប្រដាប់ប្រដារ
ប្រញ៉ាប់ខ្វល់ខ្វាយ។
ខ្លះទៅស្រុកស្រែ រួសរកបន្លែ សណ្ដែកពពាយ
ម្នាស់ននោងនៅ រពៅខ្ជីខ្ជាយ ខ្ទៀមខ្ទឹមគុយឆា
ត្រឡាចម្រេចខ្ញី។
ម្រះម្ទេសទុំ ក្រសាំងទំហំ លីងលាក់ភ័កជីរ
ក្រូចគ្រាប់រលីង រំដេងផ្ទេរផ្ទីរ សណ្ដែកក្នុងដី
រមៀតម្រះព្រៅ។
ឪឡឹកស្លឹកគ្រៃ ត្រសក់ស្ពឺស្ពៃ ឃ្លាកល្ហុងត្រប់ត្រៅ
ចេកឥតត្រយូង អំបូងនួនខ្មៅ ចេកជ្វាអំពៅ
អំពិលក្រសាំង។
ខ្លះរកដំឡូង ឈាមមាន់ត្នោតដូង ដំឡូងបារាំង
ដំឡូងដៃខ្លា ពុទ្រាខ្នុរណាំង ក្ដិបស្វាយទំពាំង-
ជូរជីរលំពៅ។
រកបានសព្វគ្រប់ ដោយមុខងារសព្វ មន្ដ្រីក្នុងក្រៅ
ទើបប្រើអាជ្ញា យាត្រាប្រាប់ហៅ ខុនណាងឲ្យទៅ
អង្គុយរោងថែម។
ខុនណាងខ្លួនខ្លះ សម្បុរសជ្រះ ខ្លះខ្មៅស្រអែម
មុខមាត់ខឹមរឹម ញញឹមញញែម លាបប្រេងរលេម
រលោងស្ទើរស្រក់។
ខ្លះដោះសណ្ដាយ មុខស្រស់រីករាយ យកស្និតសិតសក់
លាបប្រេងផាត់ម្សៅ មើលទៅកញ្ចក់ ក្រែងខ្លួនអាក្រក់
ប្ដីមិនស្រឡាញ់។
នាងខ្លះដោះក្បំ ពាក់អាវសសម សក់វែងខ្មៅខ្មាញ់
ស្លៀកខៀនឋានស ផ្កាស្រកាលេញ(1) យាងយាសចរចេញ
ពីផ្ទះអាត្មា។
នាងខ្លះដោះញ ពាក់អាវព្រែស ដណ្ដប់កាសា
ស្លៀកសំពត់ហូល ជរបូខៀនផ្កា ផាត់ម្សៅគន្ធា
បញ្ចើអង្គអាត្ម។
នាងខ្លះញ៉ែងញ៉ង បួងបត់សក់ចង រូបរាងស្អាងស្អាត
ថ្ពាល់ម៉ដ្ឋប៉ផូរ ស្លៀកហូលសុទ្ធគាត ចរចូលប្រាសាទ
ជើងទៀនទិព្វទៅ។
ខុនណាងចាស់ៗ ឆ្មិតឆ្មើងឆ្មៃណាស់ ងូតទឹកលាបម្សៅ
បែរបើកកញ្ចក់ ឆ្លុះមុខមើលទៅ អង្គឯងហាក់នៅ
ក្រមុំពាលពិត។
ថ្ពាល់ផតសងខាង ខិតខំស្អិតស្អាង បួងសក់កំបិត
សក់សោតសព្រោង ខ្នងកោងដោះស្វិត ភ្នែកសោតងងឹត
រួសរៀបថង់ស្លា។
ធ្មេញបាក់គ្រហុប បបូរមាត់ខុប គួរគិតអនិច្ចា
នៅគង់តែរាង ខំស្អាងអាត្មា ឡើងលើរថា
ជាន់ជិះចរទៅ។
ខ្លះជិះគ្រែស្នែង ពលពាលសោតសែង   ដង្ហែខ្មួលខ្មៅ
ខ្លះអង្រឹងយួន ស្នែងបួនដើរទៅ ខ្លះដើរសំដៅ
អង្គុយរោងថែម។
ស្រីផងស៊ីស្លា ជួបជំនុំគ្នា ញញឹមញញែម
ដេរកន្ទោងគ្រប រៀបរបស៊នស៊ែម នាងខ្លះធ្វើណែម
ធ្វើនំបារាំង។
នំធ្មៃនំគម នំកូរអន្សម កន្សោមចាបចាំង
នំច័ក្កច័ន ច្រើនជាន់មានទាំង នំស្ងោរនំអាំង
ទ្រាបល្ងកងក្វៀន។
ខ្លះធ្វើនំប៉ៅ ខ្លះធ្វើអម្សៅ សណ្ដែកនំទៀន
នំទន់ពេញខ្នប់ នូវនំផ្លែមៀន នំដូងក្រវៀន
នំខ្ញីសងខ្យា។
ខ្លះធ្វើនំក្រៀប បាត់បានដាក់តៀប នំកន្ទុយប្រា
លំអងរំចេក រាងលេខជ្វាលា នូវនំបាយស្រា
នំគ្រក់ក្រូចក្រាយ។
នំខ្លូតក្រប៉ៅ នំបង់ខ្លាញ់នូវ នំឈ្មោះប្រពាយ
ទ្រាបលាជនំទ្រាប នូវនំផលអាយ នំស្រួយនំឆ្វាយ
គ្រប់ពណ៌ស្រេចស្រាប់។
ខ្លះលូកដៃឈោង ទៅយកកន្ទោង រករៀបដំណាប់
ត្រឡាចល្ហុងត្នោត កន្ទួតក្រូចគ្រាប់ ម្នាស់ស្វាយទន្លាប់
ចេកខ្នុរពុទ្រា។
ខ្លះធ្វើសម្លរ ហុងហើយខួរខ ទឹមមាន់ទឹមទា
ខ្លះស្ងោរជើងជ្រូក គ្រាប់ឈូកលាយគ្នា ខ្លះញាំខ្លះភ្លា
ខ្លះភ្លក់លមើល។
ខ្លះស្ងោរសរសៃ ខ្លះស្ងោរមើមស្ពៃ ខ្លះភ្លក់បណ្ដើរ
ខ្លះស្លម្ជូរថ្នឹង ផ្សំនឹងសាច់ឆ្អើរ ខ្លះអាំងទុកធ្វើ
ស្លផ្កាត្រថុក។
ខ្លះបេះសាច់ទា សាច់មាន់ស្លជា ទឹកនំបញ្ចុក
ខ្លះស្លប្រហើរ ខ្លះធ្វើអាម៉ុក ធ្វើខ្យងសម្រុក(១)
បណ្ដេញភ្ញៀវផង។
ខ្លះស្លទំពាំង ខ្លះបេះត្រីអាំង ញាំនឹងសម្រង
ខ្លះញាំពោះប្រា ខ្លះភ្លាបង្កង ខ្លះយកអង្ក្រង
ញំនឹងប្រស់ស្វា។
កាលនោះមន្ដ្រី សេនាបតី ឡើងទូលក្សត្រា
បពិត្រយើងខ្ញុំ រៀបចំគ្រប់គ្នា ប្រដាប់ប្រដា 
គ្រប់គ្រាន់ស្រេចស្រាប់។
ក្សត្រថ្លៃឥសូរ ស្ដាប់មន្ដ្រីទូល ទើបស្ដេចប្រញាប់
រើសរកកូនស្រី មន្ដ្រីគួរគាប់ ឲ្យមានសណ្ដាប់
សន្ដានពង្សា។
ខ្លះទៀតដើរហែ កាន់ផ្លិតបក់បែរ ញញឹមចរចា
ខ្លះកាន់គ្រប់គ្រឿង រុងរឿងថ្លៃថ្លា ស្អិតស្អាងអាត្មា
ហែរាជបុត្រី។
នាងខ្លះមុខមូល ថ្ពាល់ម៉ដ្ឋប៉ផូរ កាន់ព្រះវិជនី()
ពីពាត់ពាក់អាវ លាវខ្មៅស្រស់ថ្មី ស្លៀកខៀនផុសភ្ញី
វល្លិវាសរចនា។
នាងមួយមុខម៉ដ្ឋ ខ្លួនសស្រគត់ ស្រគំកាយា
ពាក់អាវពណ៌លាវ ពាក់កាវសោភា កាន់ព្រះកនិច្ឆា()
អង្គុយគង់គាល់។
នាងមួយមុខប៉ែន ដោះក្រាលក្បំណែន កាន់ពានព្រះស្រី
ពាក់អាវលាវខៀវ រាងរៀវឥន្ទ្រីយ ស្លៀកខៀនលេចថ្មី
ផុលផុសសឹងផ្កា។
នាងមួយមុខឈ្មង ថ្ពាល់ផូរបំព្រង ផង់ផាត់គន្ធា
ពាក់អាវច្បុចច្បាស់ ជំទាស់ហត្ថា កាន់ព្រះភូសា
មាសមៃពណ្ណរាយ។
នាងមួយមុខឈរ ផ្អៀងផ្អងថ្ងិចថ្ងរ អំពើកែក្រាយ
ថ្ពាល់ផូរផាត់ម្សៅ ពាក់អាវលាវស្វាយ ករកាន់ព្រះឆាយ()
ព្រះសំអាងអង្គ។
នាងមួយមុខរាហ៍(៥) បួងសក់កេសា ថ្ពាល់ផាត់ផូរផង់
ពាក់អាវដក់គាំ ស្រគាំបញ្ចង់ បញ្ចើមានទ្រង់
កាន់ពានព្រះស្រី។
នាងមួយមុខដាច់ ដោះតូចទើបប៉ិច ស្លៀកខៀនទេសថ្មី
ពាក់អាវក្រហម ល្មាក់ល្មមឥន្ទ្រីយ ស្រគត់ប្រិមប្រីយ
កាន់ពានព្រះពស្ដ្រ។
សឹងពាក់ត្រសាល់ ស្នៀតសក់ផ្កាញ័រ សឹងដាំត្បូងបុស្ប()
ពាក់ចញ្ចៀនច្រាល រន្ទាលស្រៀវស្រស់ ស័ក្ដិសមកំពស់
កំពុងពេញពាល។
ស្ដេចឲ្យរើសប្រុស ឆោមឆាយស្រៀវស្រស់  ហែបុត្រកូបាល
សឹងកូនមន្ដ្រី ពិសីពិសាល មានរូបត្រកាល
ត្រកូលថ្លៃថ្លា។
ពាក់កងចិញ្ចៀន ស្លៀកសំពត់ខៀន អាវផាយកាសា
ពណ៌ពាក់ករកាន់ សុវណ្ណបទុមា ហែបុត្រប្រសា
ប្រសើរសោក័ន។
កាន់ព្រវិជនី កាន់ពានព្រះស្រី ព្រះខាត់ព្រះខាន់
ព្រះសិទ្ធិរស ព្រះពស្ដ្រកៅទណ្ឌ កាន់ព្រះសោក័ន
ព្រះស្រីព្រះឆាយ។
កាន់ព្រះកនិច្ឆា ព្រះសុគន្ធា រៀបរាល់រៀងរាយ
ទន្ទេងទន្ទាំ លំនាំឆើតឆាយ កើលកាងកែកាយ
យាសយល់សក្ដិសម។
ទើបស្ដេចឲ្យក្រាល រួចរៀបកម្រាល ព្រះរាជរោងរម្យ
ពូកពាសខ្វាត់ខ្វែង ចាត់ចែងចៀមចំ ខ្នល់ខ្នើយព្រែព្រំ
ប៉ាក់ឆ្វាក់រចនា។
ពិតានពិដាស រំយោលពេញពាស សំយុងមាលា
ស្វេតច្ឆ័ត្រឆាយ រំកាយសោភា បាំងព្រះសន្ធិយា
ជុំក្នុងព្រះឋាន។
ឯអង្គមន្ដ្រី សេនាបតី ប្រដាប់ខ្លួនប្រាណ
ស្លៀកល្បើកឋានខ្មៅ ពាក់អាវផាយប៉ាន សែសយមាសមាន
តាមបណ្ដាស័ក្ដិ។
អ្នកខ្លះស្លៀកខៀន ជរបូជើងទៀន ខ្លះស្លៀកស៊ឹងប៉ាក់
បង្អូសបន្លាយ ជជាយល្បើកឆ្វាក់ សឹងសែសយដាក់
រំលេចផុសផ្កា។
យួរថង់ដៃម្ដោយ ដៃម្ខាងបង់បោយ កាន់ផ្លិតលីលា
ឡើងលើរាជរថ ច្រើនក្ដាត់ត្រៀបត្រា គង់គាល់រាជា
តាមដោយស័ក្ដិសម។
ឯអស់ខុនណាង(៧) ជំទាវនូវនាង ស្រឹង្គារព្រះស្នំ
លាបប្រេងចន្ទន៍ចួង បត់បួងសក់សម ពោងពាក់របំ
របៃពេកា។
ស្អិតស្អាងតួតែង ដណ្ដប់ស្បៃវែង សសឹងកាសា()
យួរថង់ឡើងគាល់ រៀងរាល់រៀបគ្នា តាមដោយសក្ដា
ធំតូចទីទៃ។
ទើបព្រះមហាក្សត្រ ឲ្យស្អាងបុត្ររត្ន ពីរពង្សប្រពៃ
សឹងគ្រឿងទិព្វទែង ចិញ្ចែងថ្លាថ្លៃ មែនមានតំលៃ
ឥតឯគណនា។
ព្រះពោធិសត្វ ទ្រង់ព្រះមកុដរ័ត្ន រុងរឿងរចនា
អារាមរ័ត្នរាយ ឆើតឆាយសោភា កុណ្ឌល(៩)ទេពា
សង្វារកងក។
ទ្រង់ព្រះភូសា ជាយប៉ាន់ប៉ាក់ផ្កា ជារូបនាគនរ
ស្រការំលេច សឹងពេជ្របវរ ហាក់ហែលងើយង
រូរស់សក្ដិសិទ្ធិ។
ទ្រង់ព្រះព័ស្ដ្រជាយ ពណ៌សេតឆើតឆាយ ប៉ាក់ប៉ានល្អពិត
សឹងសែសយសែម វិសេសវិសិទិដ្ឋ ដាក់ដាំវិចិត្រ
រំលេចថ្នក់ផ្កា។
ព្រះហស្ដទ្រើសទ្រង់ សឹងព្រះទម្រង់ ពេជ្រពិសូរ្យ(១០)ទា-
ទឹមទាំងទឹកវិល មហានីលតារា មរកតមុក្ដា(១១)
បទុមរាគរាយ។
ខ្នប់ព្រះអង្កេ មាសមៃសឹងតែ ពេនព័ទ្ធលួសលាយ
ទែងទឹមទាស់ទាក់ ដាំដាក់រ័ត្នរាយ រឿងរង្សីសាយ
ភ្លឺផ្លេកពេកក្ដាត់។
ស្នាប់ព្រះជង្ឃា សុពណ៌បាទា សឹងមាសពិចិត្រ
ឆ្លាក់ឆ្លៅក្បូរក្បាច់ រំលេចដាំដិត កែវកែមកាល់កិត
រៀបរៀងប្រពៃ។
ឯនាងសុខុមា- លន្ទាធីតា ទ្រង់គ្រឿងទិព្វថ្លៃ
មកុដកែវកង អម្ពរល្អក្រៃ ហាក់ស្រីសួគ៌ត្រៃ-
ត្រឹង្សាសមសក្ដិ។
នាងទ្រង់ព្រះពស្ដ្រ ប្រពៃស្រៀបស្រស់ សែសយដាំដាក់
រាយរត្នរចនា ដោយផ្កាទងទាក់ ទ្រង់ព្រះសុភ័គ(១២)
វែងវាសល្អល្អះ។
ទសគូលីទ្រង់ សឹងព្រះទម្រង់ រ័ត្នរឿងត្រចះ
ត្រចាចក្រចង់ អស់អង្គហាក់ព្រះ ចន្ទចែងរឿងរះ
ពីបូព៌ទិសទី។
លុះបានពេលា នាទីលក្ខណា ឧត្ដមយាមបី
ឫក្សបើកបីឋាន(១៣) ជោគមានសួស្ដី ទើបព្រះពោធី
នូវរាជធីតា។
ចរចេញផ្ទឹមផ្ទាល់ ឱនអង្គគង់គាល់ ទន្ទឹមផងគ្នា
ប្រួញប្រាណប្រណម្យ បង្គំវន្ទា ព្រះវរបិតា
មាតាក្សត្រី។
ពីព្រះមហាក្សត្រ បង្វែរាស្ដ្ររដ្ឋ រាជប្រពៃណី
ឲ្យរាជបុត្រស្នង គ្រប់គ្រងបុរី ចំរើនវុឌ្ឍី
ទាំងពីរបុត្រភ្ងា។
អស់អង្គព្រាហ្មណ៍ព្រឹទ្ធ សុទ្ធសេយ្យសាស្ដ្រសិទ្ធិ៍  ចំរើនជយោ
ថ្វាត់ថ្វាយព្រះពរ បវរសេដ្ឋា សិរីទិឃា-
យុយឺនសួស្ដី។
ផ្លុំត្រែស័ង្ខសម ស័ព្ទសូររងំ ទទូងភេរី
គោះគងប្រគំ សូរសព្ទតន្ដ្រី សាដៀវខ្លុយប៉ី
ស្រឡៃពាទ្យគង។
ភ្លេងកនទ្រោតទ្រ ចាប៉ី ប៉ីអ- គែនកន្ទោងគង
សម្ភោរនាត ពិណពាទ្យឈឹងផង ស្គរងាស្គរទុង
ស្គរទូងស្គរទ័ព។
ស្គរភ្លេងរមនា ហូទុកស្គរជ្វា ស្គរមារឥតច្បាប់
ពឹងពាំងខ្លុយស្ទាល់ ដោយពណ៌សម្រាប់ ទង្គេងសូរស័ព្ទ
លាន់ឮព្រមគ្នា។
ទើបអស់ព្រះវង្ស ព្រះញាតិនូវអង្គ មន្ដ្រីសេនា
ក្រួញក្រាបបង្គំ ប្រណម្យរាជា វារចូលគ្រប់គ្នា
ចំរើនព្រះស្រី។
កួចព្រះហស្ដក្សត្រ ពីរពង្សរូរត្ន ឥសូរសិរសី
ទើបដោះអាវផាយ កែក្រាយវន្ទីយ៍ ក្រួញក្រាបបានបី-
ដងដោះឡើងរាំ។
ប្រែប្រឹងប្រួញប្រាណ កាងករកង្គួញ ទន្ទេងទន្ទាំ
តាមបទចៅឃុន ទន់ភ្លន់លំនាំ រារែករារាំ
បីបទលាតលា។
អ្នកខ្លះមានខ្មាស ខំឡើងខ្វេសខ្វាស ញ័រអស់អង្គា
ងងឹតមុខមាត់ ភ្លាំងភ្លាត់បាទា ខំរាំរេរា
បានតែមួយបទ។
អ្នកខ្លះថែថប់ មុខស្ងួតស្ងៀមស្ងប់ ទប់ចិត្ដខំអត់
ក្រួញក្រាបក្រោកឡើង ញ័រជើងរន្ធត់ បែកញើសហូរហត់
លាកលាចរចេញ។
គេសើចទ្រហឹង អៀនឯងទ្រមឹង ខឹងចិត្ដអម្នេញ
ខុនណាងពីក្នុង រហង់មើលពេញ សឹងបែរមុខចេញ
ញញឹមសើចសល់។
រាំរួចគ្រប់គ្នា ទើបបើកក្រយា ស្ងោយស្ងោចដំកល់
លើសុពណ៌ភាជន៍(១) ចិញ្ចាចមកដល់ ថ្វាយក្សត្រនិម៌ល
ទាំងបួនអង្គា។
ភ្នាក់ងារកងសោយ លើកកិលអណ្ដោយ សណ្ដាប់រៀងគ្នា
ថ្វាយថ្វាត់បិទបាំង រូតរាំងសន្ធិយា ស្ដេចសោយឱជា
ព្រះក្រយាស្ងោយ។
ទើបអស់មន្ដ្រី លើកតោកចំណី មករៀបដាក់ដោយ
មុខឯងទីទែ លាងដៃជាក្រោយ ឆីហែស្ដេចសោយ
បរិបូណ៌ស្កប់ស្កល់។
ទាំងបួនព្រះអង្គ ស្ដេចយាត្រាត្រង់ ទតល្បែងមហោស្រព
លោតគុនពេនត្បាល់ ប្រដាល់ប្រតប់ ត្រីវិស័យសព្វ
កញ្ឆេងជើតស្បែក។
ដាំដូងហក់តោ ហក់ដាវរត់គោ មានទាំងទំពែក
ងើយងជល់គ្នា ល្អជាចំឡែក ក្បាច់ស្រួចល្អពេក
សៀមបួននាងក្រោយ។
រាំស្នែងទន្សោង សួព្រ័ត្រយោលទោង ជ្វាគូជ្វារាយ
ល្ខោនរបាំ រេរាំកែកាយ ច្រៀងប្រួចនិយាយ
ពីរោះសូរសម។
មានទាំងចំបាប់ ស្លៀកខោគាតខ្ជាប់ រាងរូបធាត់ធំ
ដឹកដៃផ្គូផ្គាប់ ផ្ទឹមផ្ទាប់ទំហំ ឲ្យល្មមសួនសម
ចូលក្នុងស្នាមជ័យ។
ប្រួញប្រាណប្របេះ តាមដោយចំណេះ របៀបទីទៃ
លូកដៃដល់ដាក់ កន្ទ្រាក់វិលវៃ គេចគោះដុំដៃ
ដាល់ដួលស្រទាង។
ផ្ងារដេកនៅដី ផុយផង់ធូលី ពេញអស់រូបរាង
ខ្លះចូលប្រចាប់ កៀកខ្ជាប់ពីខាង ខ្លះលោតវៃវាង
ស្ទុះស្ទាត់ស្មើគ្នា។
ខ្លះក្រាបក្រាញក្រោម ប្រឹងធ្លាយទាំងផោម ខាំដីប្រវា
ខ្លះធាក់ផ្ងារជ្រោង ចំកោងអាត្មា ពេនព័ទ្ធបាទា
ដោះគេចវិលវៃ។
ខ្លះនៅពីលើ តាមតែនឹងធ្វើ រកកលកែខៃ
ខ្លះលូកខ្លះចាប់ ថ្នមខ្ជាប់ដល់ដៃ ទង់ទាញទីទៃ
ប្រឹងប្រែប្រះប្រាណ។
រលត់មុខថ្ងាស ក្រោកឡើងខ្វេខ្វាស ដៃបោសខ្លួនប្រាណ
គេសើចទ្រហឹង អ៊ឺអ៊ឹងសព្វស៊ាន  រាស្ដ្រផងគ្រប់ប្រាណ
មើលមីរត្រៀបត្រា។
ខ្លះឱនខ្សឹបខ្សៀវ កកេះកកៀវ បង្ហាញគ្នីគ្នា
ខ្លះឈរជំទើត ចំអើតអង្គា ភ្លាំងភ្លេចឆីស្លា
ច្រហទាំងមាត់។
ស្ដែងស្ដេចឲ្យលេង គ្រប់ពណ៌ជាល្បែង មង្គលការក្សត្រ
ប្រាំពីរទិវា ឱឡារិកក្ដាត់ សឹងសូរភ្លេងភ្លាត់
លាន់ឮសព្វសាយ។
លុះស្រេចការស្កល់ បរិបូណ៌មង្គល សាន្ដសុខសប្បាយ
មន្ដ្រីសេនា យោធាទាំងឡាយ ឡើងគាល់រៀងរាយ
តាមដោយក្រិត្យក្រម។
ព្រះពោធិសត្វ នូវនារីរត្ន សេពសោយសុខស-
ម្បត្ដិបានរាជទ្រង់ ឧត្ដុង្គឧត្ដម ស្ដេចចូលបន្ទំ
បន្ទូលត្រាស់ថា។
ហែប្អូនទង្វង ស្ងួនអើយចិត្ដប ចង់ចរយាត្រា
យកទាំងប្អូនស្ងួន ខ្លឹមខ្លួនពុំងា ទៅនគរា
ពារាណសី។
ចង់មើលគំនិត មេស្រុកកាចគិត និងក្សត្រអប្រិយ
វានឹងធ្វើម្ដេច កលកិច្ចទៀតថ្មី ចង់ដឹងសេចក្ដី
ឲ្យអស់ចិត្ដវា។
ស្រីរត្នឧត្ដម នាងថ្វាយបង្គំ ទើបទូលទៅថា
បើម្ចាស់គន់គិត គំនិតម្ដេចម្ដា ខ្ញុំឥតបើថា
ព្រមតាមព្រះទ័យ។
ស្ដេចស្ដាប់នាងនាថ ព្រើសព្រមខ្មីឃ្មាត ទៀងទើបក្សត្រថ្លៃ
ពីរពង្សផ្ទឹមផ្ទំ បរមសុខសេយ្យ លើគ្រែមាសមៃ
រុងរឿងសោភា។

១ ខ្យងសម្រុក=ជាឈ្មោះម្ហូបខ្មែរពីដើម ដែលត្រូវលើកជូនភ្ញៀវចុងក្រោយបង្អស់ក្នុងឱកាសមានពិធីអាពាហ៍ពិពាហ៍។ ២ វិជនី(រាជសព្ទ)=ស៊ែសំរាប់ដេញរុយ។ ៣. កនិច្ឆា(រាជសព្ទ)= ។ ៤ ព្រះឆាយ(រាជសព្ទ) =កញ្ចក់សំរាប់សំអាង។ ៥. មុខរាហ៍ មុខរាងធំទូលាយ។ ៦. ត្បូងបុស្ប = ក្បាលផ្កា។ ៧ ខុនណាង= អ្នកនាង ស្ដ្រីក្រមុំឬស្ដ្រីនៅក្នុងវាំង, ៨. កាសា=ព្រែ។ ៩ កុណ្ឌល=ទំហូ កាវពាក់ត្រចៀក ។ ១០. ពិទូរ្យ=ត្បូងខៀវ ។ ១១. មរកតមុក្ដា=ត្បូងទឹកថ្លាពណ៌ខៀវខ្ចី ។ ១២ សុភ័ត=ផាហ៊ុម ។ ១៣. ឫក្សបីឋាន=ក្បួនហោរាជាការកំណត់រាសីឡើង ។