៩. បទកាកគតិ
ថ្ងៃសៅរ៍ ទី22.សីហា 2020.ម៉ោង 9:38

នេះនឹងនៅនី- ទានទៅពោធី- សត្វសួស្ដិ៍សោកា
កាលព្រះព្រហ្មទត្ដ មហាក្សត្រពាលា ហៅទៅភោក្ដា
ភោជន៍ភ័ស្ដុចំណី។
លុះថ្ងៃជ្រៀងជ្រេរ សុរិយាទន់ទេរ ទើបព្រះពោធី
ក្រួញក្រាបលុតលា ក្សត្រាធិបតី វិលវឹងមកទី
លំនៅអាត្មា។
ឡើងលើមណ្ឌល មៀងមើលពុំយល់ រ័ត្នរាជធីតា
ភាំងភិតស្លុតស្លឹង ដណ្ដឹងសុនខា នាងដើរទៅណា
ក៏បាត់ពុំយល់។
សុនខឆ្លាស់ឆ្លើយ ថាអម្ចាស់អើយ ក្សត្រីនិម៌ល
ពុំសុខសប្បាយ ក្រហាយក្រហល់ នឹងនៅពុំស្កប់
អន្ទះអន្ទែង។
រត់ទៅរត់មក ជជ្រុលជជ្រក ទ្រង់ព្រះកន្សែង(1)
ទង្គិះខ្សឹកខ្សួល អាក់អួលម្នាក់ឯង ក្សត្រីថ្លាថ្លែង
បណ្ដាំនូវខ្ញុំ។
ថានាងក្រាបលា វិលវឹងនគរា បុរីរ័ត្នរម្យ
នៃព្រះជនក នាងទុកព្រះទំ រង់រ័ត្នឧត្ដម
ទាំងបីនេះនៅ។
ឲ្យអម្ចាស់រក្សា តាងតួធីតា សោះសោកក្ដាត់ក្ដៅ
បើម្ចាស់ចង់បាន រួមឋានលំនៅ ឲ្យម្ចាស់តាមទៅ
ដល់នគរនាយ។
នាងណែមាគ៌ា ទិសទីយាត្រា អំពីឋានអាយ
ឲ្យឆ្លងសមុទ្រ កំណត់ចម្ងាយ ដល់នគរនាយ
យោជន៍សាមសិបប្រាំ។
ពោធិសត្វស្ដាប់ សុនខប្រាយប្រាប់ ដូចពាក្យនាងផ្ដាំ
សព្វគ្រប់សេចគ្រេច ពាក្យពេចន៍ថែទាំ ចិត្ដចាប់ចងចាំ
អាល័យក្សត្រី។
ទ្រង់ព្រះកន្សែង2 ពិលាបថ្លាថ្លែង ឱព្រះប្អូនស្រី
ម្ដេចមកប្រែប្រាស និរាសចេញពី បងបាត់ទៅទី
ទូរឋានឃ្លាតឃ្លា។
ឱប្អូនបណ្ដូល បណ្ដាប់ត្រួយត្រួល សាច់សួតទយា
បងស្មានប្អូនពៅ នាងនៅគ្រឹហា ធ្លាប់រែងចរចា
សាន្ដសុខបេតី។
ធ្លាប់រែងនិទ្រា ពុំដែលឃ្លាតឃ្លា ដល់មួយរាត្រី
ធ្លាប់រៀបអាហារ ភ័ស្ដុភោជន៍ចំណី ទិព្វទេសពិសី
ពិសាឲ្យបង។
ឥឡូវប្អូនពៅ មាសមេឃ្លាតទៅ ទីទូរកន្លង
ទុកតែទំរង់ បញ្ចង់ហ្មត់ហ្មង ទាំងបីឲ្យបង
បងរិតស្រណោះ។
រឹងគិតដល់ស្ងួន ពន្លកខ្លឹមខ្លួន ស្រយុតពុងពោះ
ស្រមើស្រមៃ  ហឫទ័យសូន្យសោះ បងរិតអាឡោះ
អាល័យពេកពន់។
ឱប្អូនកល្យាណ ចិត្ដបងគិតស្មាន ជាប្អូនស្ងួនតន់
នឹងនៅនែបនិត្យ ស្នេហ៍ស្និទ្ធឥតឆ្អន់ លុះអស់ជីពជន្ម
ជីវិតផងគ្នា។
មិនដឹងជាប្រាស ព្រាត់ព្រលឹងមាស សាច់សង្សារា
ពុំបាននែបនៅ ទូរទៅឃ្លាតឃ្លា សមបាបបុរាណ៍
បរមជាតី។
ព្រះពោធិសត្វ ទួញទៅប្អូនរ័ត្ន សោកសោយសែនទ្វី(3)
អនាថអាណិត គន់គិននារី រ័ត្នរាជក្សត្រី
ដ្បិតប្រាសព្រាកព្រាត់។
សោកស្រេចបន្ទោ- ទុក្ខទើបព្រះពោ- ធិវង្សរូរ័ត្ន
គិតនឹងយាត្រា លីលាទៅថ្វាត់ តាមព្រះប្អូនរ័ត្ន
វររាជធីតា។
លុះព្រឹកឡើងអ្នក រៀបរាប់ទុកដាក់ ទ្រព្យក្នុងគ្រឹហា
យកតែទំរង់ បញ្ចង់ថ្លៃថ្លា នូវសុនខា
ចរចេញពីផ្ទះ។
ដល់ស្រុកដូនចាស់ មានសប្បុរសណាស់ ជាម្ដាយធម៌ព្រះ-
ពោធីចមចៅ ឡើងទៅលើផ្ទះ ទើបអ្នកសំពះ
សួរមាតាធម៌។
អ្នកប្រាប់ពីបាន ក្សត្រីកល្យាណ ទ្រង់ឆោមលោមពណ៌
ប្រាប់ពីស្ដេចកាច អំណាចអធម៌ គិតធ្វើអស់អាថ៌
ឧបាយកលកិច្ច។
ដូចចាស់ស្ដែងស្ដាប់ ពោធិសត្វប្រាប់ សព្វគ្រប់សេចគ្រេច
ដឹងដើមសេចក្ដី អំពើហេតុស្ដេច កាចគិតកលកិច្ច
នឹងយកភរិយា។
ទើបដូចចាស់ឃាត់ ព្រះពោធិសត្វ ឲ្យបរិភោក្ដា
ភោជន៍ភ័ស្ដុចំណី ត្រកាលពិសា ឃាត់ឲ្យនិទ្រា
នៅមួយរាត្រី។
លុះព្រឹងព្រាងព្រះ សូរ្យសែងរឿងរះ ពីបូព៌ទិសទី
ទើបអ្នកក្រាបលា យាត្រាចេញខ្មី ឆ្ពោះតាមទិសទី
ផ្លូវដែលនាងផ្ដាំ។
លេចវាលចូលព្រៃ ត្រមោចពេកក្រៃ ឥតអ្នកណានាំ
មានតែឆ្កែដឹង ដំណឹងជាក់ចាំ ពាក្យដែលនាងផ្ដាំ
នាំអ្នកយាត្រា។
ចូលក្នុងព្រឹក្សព្រៃ ស្រោងស្រាងត្រឈៃ ត្រឈឹងសាខា
មានដើមស្វាយស្វាត់ លាំងសាតខ្នុរខ្នា ល្មុងល្មុតសេដា
ដូងដងនង្គ័ល។
សាច់សិរមាន់មៀន មង្ឃុតធូរេន ភ្ញៀវញសំព័រ
អង្ក្រងគ្រើលគ្រង់ ស្ពឺស្ពង់សត្បារ កាកេសកែវកា-
ណិកាស្នួលស្នាយ។
ក្លាំពូក្លាំពា ក្លាំពាក់ក្រឹស្នា ចន្ទន៍ចារដកពាយ
ដកពក្ទម្ពខ្ទឹង ទ្រយឹងរលាយ រលួសវល្លិ៍វាយ
វល្លិវើកឆាំឆា។
សណ្ដាសណ្ដាន់ សណ្ដែកក្រវាន់ ក្រវាញកេកា
ពកុលរោគរាំង លោតលាំងអំពា អំពិលទន្លា
ទន្លាប់ផ្ទេផ្ទោល។
ព្រីងព្រូសក្របៅ ក្របាសបង្គៅ បង្គាអង្កោល
អង្កាញ់មាក់ប៉ែន គូលែនកណ្ដោល កណ្ដោកក្រសោល
ត្រសិតក្ដាតក្ដួច។
ស្រឡីស្រឡៅ ស្រឡិតឈើខ្មៅ ឈើខ្មួញទ្រមួច
ទ្រមែងគ្រញូង ទំពូងសង្ឃួច សង្ឃាយពោនពួច
ពកពៃពីងពង់។
មាក់ដោកមាក់ប្រេង មាក់ប្រាងរំដេង រំដួលព្រះក្រុង
ព្រះក្រាបដកម៉ៃ ឃ្លាឃ្លៃខ្លូតខ្លុង  ឃ្លាយឃ្លេខ្លែងគង់
គគីរគុយគរ។
សំរោងសំរក សំរងត្រឡក ត្រឡាត់សង្ឃ័រ
សង្ឃាឆ្នាល់មាន់ លំពាន់លំព័រ លំពោះដើមដក៍-
គន់កំភ្លឹងភ្លូ។
ទន្ទងទន្សា ទន្សែមន្ទារ- បុស្បបេងស្រម៉ូវ
សម៉សមូល ពពូលខ្យាខ្យូវ យាងយុថ្កាថ្កូវ
ត្រស់ត្រៀលត្រាចត្រៀក។
ស្រកាក្ដាមក្តុល ពុទ្រាទ្រមល់ ទ្រមូងផ្ដៅផ្ដៀក
ស្មៀរស្មៅស្មេស្មាច់ ព្រាលព្រេចរលៀក រលួសកន្ដ្រៀក
កន្ទ្រោងពោធិ៍បាយ។
អំបែងថ្ងែថ្ងៃ សានសោមលាំងជៃ ព្រំព្រះកំចាយ
កំចាត់ស្ដីស្ដៅ ព្និលព្នៅសណ្ដាយ ក្រកោះក្រួចក្រាយ
ច្រេសច្រួយជ្រែជ្រៃ។
ឈើផងច្រើនពណ៌ ដុះដោយជូរជរ ផ្សេងៗទីទៃ
ផ្លែផ្កាច្រាស់ច្រាល រន្ទាលក្រាស់ក្រៃ ដេរដាសដោយព្រៃ
ទូរគមអធ្វា។
ខ្លះខ្ចីខ្លះទុំ ខ្លះទើបក្រពុំ រីករាយបុប្ផា
ពិដោរឈ្ងុយឈ្ងុប សាយសព្វទីសា ខ្លះជ្រុះផលា
ជោកជាំនៅដី។
ព្រះពង្សពុទ្ធា យង់យល់ផលា នឹកដល់ក្សត្រី
ថាឱប្អូនស្ងួន ខ្លឹមខ្លួនពិសី ឃ្លាតទៅទូរទី
តំបន់ឋានឆ្ងាយ។
នាងនៅនេះរាំ នឹងបេះផលា បរិភោគសប្បាយ
ពីរនាក់និងស្ងួន ខ្លឹមខ្លួនពណ្ណរាយ ដើរលេងនិយាយ
ក្រសាលក្សេមក្សាន្ដ។
ឥឡូវប្អូនឃ្លាត បងខំសង្វាត ត្រាច់តាមដោយដាន
យល់ផលពិសី នឹងឆីពុំបាន ឆ្អែតឆ្អន់ពុំឃ្លាន
មិនចង់ភោក្កា។
អ្នកទួញបណ្ដើរ ដោយផ្លូវដំណើរ ខែងខំយាត្រា
ស្រូតរូតពេកពន់ ទន់ៗសុរិយា ដល់ឆ្នេរជលសា
សមុទ្រជោរជល។
ទំហំដប់យោជន៍ លន្លឹមលន្លោច ច្រាំងត្រើយពុំយល់
ទើបអ្នកឈប់ខាន សម្រាន្ដកាយពល នៅនាមណ្ឌល
ម្លប់ព្រឹក្សាសាយ។
អ្នកគិតថប់ថា ហៃសុនខា សសុទ្ធពណ្ណរាយ
សមុទ្រនេះធំ ទំហំសោតឆ្ងាយ មើលទៅពីអាយ
បាត់ត្រើយពុំយល់។
យើងនឹងហែលឆ្លង ច្រាំងរួចរំលង អំពីក្នុងជល-
សាសមយើងក្ស័យ ប្រល័យសូន្យសល់ ពិតពុំបានដល់
ត្រើយត្រាណដូចប៉ង។
ឱប្អូនកល្យាណ ម៉្លេះសមពុំបាន ដល់ដូចបំណង
សមនឹងឃ្លាតឃ្លា កាលគ្រានេះម្ដង ដ្បិតនឹងហែលឆ្លង
ទឹកទៅពុំបាន។
ឱប្អូនព្រលឹង ម៉្លេះសមទន្ទឹង ក្នុងចិត្ដគិតស្មាន
ថាបងតាមទៅ ដល់ពៅកល្យាណ មិនដឹងជាខាន
នៅឆ្នេរជលសា។
សុនខឆ្លាស់ឆ្លើយ ថាអម្ចាស់អើយ កុំព្រួយចិន្ដា
កាលនាងនឹងទៅ ផ្ដាំនូវខ្ញុំថា សមុទ្រជលសា
នេះរាក់ពុំជ្រៅ។
ល្មមដើរឆ្លងបាន ហែលខ្លះដោយដាន អន្លង់ជំរៅ
យប់នេះម្ចាស់ខាន សម្រាននិត្យទៅ ព្រឹកឡើងឆ្លងទៅ
អោយដល់ត្រើយត្រាណ។
ពោធិសត្វស្ដាប់ សុខប្រាយប្រាប់ អ្នកដឹងដោយដាន
ពាក្យពីនាងផ្ដាំ ថែទាំមិញមាន ហឫទ័យស្រាកស្រាន្ដ
ស្រន់ស្រាលទុក្ខា។
អ្នកផ្ទំយប់នោះ ព្រឹកឡើងចរចុះ ទៅក្នុងជលសា
ដើរខ្លះហែលខ្លះ រូតរះយាត្រា ឯសុនខា
ហែលតាមទៅផង។
ក្នុងជលសាគរ មច្ឆាវឹកវរ ក្រាស់ក្រៃកន្លង
លៀសងាវគ្រែងគ្រំ ភិរម្យខ្ចៅខ្យង បង្គាបង្កង
ចឹបចៀបចាក់ច្រែង។
មានត្រីក្លាំងហាយ ក្លាំងហាតកន្ធាយ កន្ធរអណ្ដែង
អណ្ដាតឆ្កែខ្ជឹង ចែងក្រែងដងខ្ទែង ឆ្កោកក្ដាច្រកែង
ផ្កាចារសណ្ដាយ។
ក្រហែក្រហោ ក្រមាល់ទីពោ ក្រឹមក្រាញ់ក្រុសក្រាយ
ត្រឱនត្រសក់ អាចម៍កុកក្រឹមសាយ ឆ្ដោសំពុរបាយ
អំពិលទុំទុក។
ព្រលូងប្លាអៀវ គ្រែងគ្រំកំភ្លៀវ កំភ្លាញកំភ្លុក
អង្កត់ប្រាក់ប្រា គជ្រាផ្ទោងផ្ទក់ ក្អិតក្អីក្អែកក្អុក
លោតចឹកចង្វា។
កញ្ចុះកញ្ចក់ ស្លាស្លាតត្រីប្រាក់ ត្រីព្រួលត្រីខ្លា
រមាសប្លាធូ ប្លាម៉ូប្លាម៉ា គល់រាំងរាជរា-
ហ៊ូហែលច្រៀវច្រៃ។
កញ្ជ្រូកកញ្ចាញ់- ប្រាសច្រលឹងលេញ កន្ដ្រប់ជនជៃ
ចិត្បុលកែសកែ ស្ពងមែដំរី អណ្ដើកត្រសៃ
ត្រសងហិចហែល។
ក្រពាត់ក្រពត ក្រពើថ្ករផ្សោត ឆ្លាមឆ្លាំងបបែល
ក្បុកក្បកខ្វែកឆ្មា ស្បៃកាទ្រនេល កំភរកំភេស
ពិន្ទងមករ។
មុជហែលលីលា លលេញដេញគ្នា ដំទឹកខ្ចាយខ្ចរ
រវាមរវល់ ក្នុងជលសាគរ ក្រាស់ក្រៃវឹកវរ
អនេកគណនា។
ហេតុព្រះបារមី ពោធិជិនស្រី សព៌េជ្ញសាស្ដា
អស់សត្វសាគរ ចៀសចរយរា ពុំហ៊ានហឹង្សា(4)
បៀតបៀនប្រមាថ។
អ្នកខំហែលឆ្លង ឲ្យរួចរំលង ពីក្នុងជលជាតិ
សុនខសសឹង ខំប្រឹងសង្វាត ហែលពុំឲ្យឃ្លាត
ពីព្រះពោធី។
អស់ឥតកំឡាំង រិតរួយជើងគាំង ញ័រអស់ឥន្ទ្រីយ
ខំហែលហត់ហើយ ដល់ត្រើយជលធី ក្សីណក្ស័យជីវី
ប្របឆ្នេរសាគរ។
ពន្លកទសពល(5) មៀងមើលយង់យល់ សុនខមិញមរណ៍
អ្នកសែនសោយសោក ទើបយកព្រះករ ទាំងពីរគក់គរ
ឧរាទួញថា។
ឱសុនខអើយ ឥឡូវម្ដេចឡើយ បាមកមរណា
ក្សីណក្ស័យចាកចេរ ប្របឆ្នេរជលសា ចោលអង្គអញអា-
សារសោះសូន្យសល់។
អញសង្វាតមក យាត្រារុករក តាមនាងនិម៌ល
ហើយហត់លំបាក តោកយ៉ាកតាមកល លែងតែបានដល់
យល់នាងនារី
សង្ឃឹមតែបា កំដរជាគ្នា ដើរដោយទូរទី
ឥឡូវបាក្ស័យ ប្រល័យជីវី តើកម្មពៀរពី
បុរាណទៀងទាត់។
ឲ្យអញកណ្ដែង កណ្ដោចម្នាក់ឯង កណ្ដាលព្រៃស្ងាត់
ស្ងៀមស្ងប់ជ្រងំ ទូរគមពេកក្ដាត់ មានតែសព្វសត្វ
កំដរជាគ្នា។
ឱបាមានចិត្ដ ឈឺឆ្អាលអញពិត ពុំដែលឃ្លាតឃ្លា
ដល់មួយរាត្រី ទោះបីយាត្រា ទៅធ្វើចំការ
បាតាមទៅផង។
បាមានគំនិត កុំឲ្យព្រួយចិត្ដ ជេរវាយដល់ម្ដង
យប់ព្រុសងង៉ុង ចាំក្នុងរបង មិនឲ្យសត្វផង
ចូលឆីដំណាំ។
ទោះអញពុំនៅ ត្រាច់ដើរលេងទៅ ទុកបាឲ្យចាំ
មើលឋានគ្រឹហា រក្សាថែទាំ ឥឡូវគឺកម្ម
ឯងអោយឃ្លាតឃ្លា។
អ្នកទួញសព្វគ្រប់ សោកស្ទើរសន្លប់ ស្ដាយសុនខា
ខ្សឹកខ្សួលអួលអាក់ ម្នេញម្នាក់ឯងថា ទុក្ខទោមស្សា
ថ្លែងថ្លឹងពុំបាន។
លុះចូលរាត្រី អ្នកផ្ទំខាងទី ឆ្នេរជលសាសាន្ដ
ទួញទៅទេវី ក្សត្រីកល្យាណ ថាឱមាសមាន
រូបរាងសោកា។
ឥឡូវបងមក តាមប្អូនពន្លក ឆ្លាស់ឆ្លងជលសា
រួចបានដល់ត្រើយ ហើយសុនខា បាត់បង់មរណា
ប្របឆ្នេរជលធី។
ម៉្លេះសមបងខាន ក្នុងព្រៃពុំបាន យល់ប្អូនពិសី
ដ្បិតឥនរណា នាំមាគ៌ាពី អាយឲ្យដល់ទី
តំបន់ប្អូនភ្ញា។
សមបងវង្វេង ក្នុងព្រៃកណ្ដែង កណ្ដាលអាធ្វា
ម្នាក់ឯងក្សីណក្ស័យ ប្រល័យជន្មា ក្នុងព្រៃព្រឹក្សា
សូន្យសោះអសារ។
បងគិតទៅគ្រប់ គ្រប់ហើយរឹងថប់ ថប់បួនប្រការ
ថប់មួយដ្បិតស្ងួន ខ្លឹមខ្លួនសង្សារ កុំពុងពេញពាល
ប្រាសព្រាត់ឃ្លាតឃ្លា។
ថប់មួយឥតអ្នក- ណានឹងចាំជាក់ ដឹងដានមាគ៌ា
នានាំផ្លូវទៅ ដល់ពៅពុំងា ឲ្យបានជួបជា
គូគួរស្នេហ៍ស្និទ្ធ។
ថប់មួយនឹកស្ដាយ សុនខអន្ដរាយ បាត់បង់ជីវិត
វឹងជាកណ្ដែង ម្នាក់ឯងពេកពិត រឹតរឹងអាណិត
អនាថអនិច្ចា។
ថប់មួយខ្លួនបង ដើរត្រាច់ដោយដង ទីទូរអធ្វាន(5)
គិតក្រែងពុំដល់ មណ្ឌលប្អូនភ្ញា គិតទៅរឹងជា
ថប់ក្ដាត់ពេកពន់។
ព្រះពោធិសត្វ ពិលាបពេកក្ដាត់ ទួញទៅប្អូនតន់
សង្រេងសង្រៃ មានឫទ័យគិតគន់ ខ្សឹកខ្សួលអួលអន់
ក្រៃពេកកន្លង។
សម្ដេចភគវា បន្ទូលទេសនា ថាហៃភិក្ខុផង
នេះគឺកម្មពៀរ ពំនៀរចាំចង ពុំដែលរំលង
ចៀកចាកទុក្ខា។
តើក្នុងសង្សារ ដូចនៅកណ្ដាល សមុទ្រជលសា
ពុំដែលចៀសចាក វិបាកកាយា សឹងមានវេរា
ព្រេងមកផ្ដិលផ្ដល់។
ក្សីណខ្សត់ក្សីណមាន ក្សីណបង់ក្សីណបាន យសស័ក្ដិសុខសល់
ក្សីណព្រាត់ក្សីណប្រាស និរាសពុំយល់ សឹងជាទុក្ខទល់
ដូចព្រះធម៌ថា។
គួរគិតទុក្ខំ គួរគិតអនិច្ចំ គួរគិតអនត្ដា
ព្រះត្រៃលក្ខណ៍ញាណ ប្រទានទុកថា អារម្មណ៍ភាវនា
រំពឹងសព្វថ្ងៃ។
សង្សារពុំសុខ តែងតែមានទុក្ខ នោះទៀងពេកក្រៃ
ក្សីណរស់ក្សីណស្លាប់ ក្រឡាប់វិលវ័យ ក្សីណភិតក្សីណភ័យ
ពុំដែលសុខសាន្ដ។
គួរគិតព្រះធម៌ ភាវនាអស់អាថិ ចូលព្រះកម្មដ្ឋាន
ខែងខំឲ្យដល់ ត្រើយថ្នល់និព្វាន និរទេសមិនមាន
ទោសទុក្ខភ័យមរណ៍។
និរជាតិជរា ព្យាធិរោគា(6) ក្សេមក្សាន្ដបវរ
ឋានសួគ៌ទេវា កាមាវាចរ(7) ពុំស្មើនគរ
និព្វានថ្លាថ្លៃ។
តេជសម្ភារ ភោគកុលកុមារ ពង្សពុទ្ធញ្ញាណញេយ្យ
កក្រើករំជួល ដល់សួគ៌ាល័យ ពិភពឋានត្រៃ-
ត្រឹង្សាសួគ៌នាយ។
អស់ញាតិកា ភោគកុលកុមារ ដែលស្លាប់ពីអាយ
យោនយកកំណើត ទៅកើតសួគ៌នាយ សឹងក្ដៅក្រហាយ
នឹងនៅពុំស្កល់។
ប្រែបើកទិព្វចក្ខុ មៀងមើលយល់ជាក់ ថាចៅភោគកុល-
កុមារសោយសោក អមោក្ខ(8)ទុព៌ល នៅនាឆ្នេរជល
ជាទុក្ខសល់ខ្នាត។
ទើបអស់ទេវតា ជំនុំគិតគ្នា ព្រមប្រើព្រះញាតិ
មួយមកកាឡា ប្រែជាស្ដេចត្មាត ហោះចុះសង្វាត
ដល់ឆ្នេរជលសា។
ត្មាតចរចូលដល់ ទៅចៅភោគកុល ទើបស្រដីថា
ខ្ញុំសង្វាតមក រួសរកប្រាថ្នា សុំសុនខា
បរិភោគសោះឃ្លាន។
ព្រះពោធិសត្វ មហាបុរសរ័ត្ន ស្ដាប់ហើយឆ្លើយថ្កាន
ថាហៃស្ដេចត្មាត សង្វាតរុករាន ចុះមកចង់បាន
បរិភោគខ្មោចឆ្កែ។
ខ្ញុំព្រមឲ្យអ្នក យកបរិភោគភ័ក្យ ចំអែតតាមតែ
ចំណង់ប្រាថ្នា អ្នកអាសូរណែ នាំផ្លូវទៅឯ
សត្ដជបុរី។
ដ្បិតខ្ញុំកំព្រា ព្រាត់ប្រាសភរិយា ឃ្លាតទៅទូរទី
ពុំដឹងមាគ៌ា យាត្រាទៅខ្មី ចូរអ្នកប្រណី
នាំណែមាគ៌ា។
ទើបស្ដេចត្មាតឆ្លើយ ថាអម្ចាស់អើយ កុំព្រួយចិន្ដា
ខ្ញុំនឹងនាំអ្នក វរល័ក្ខណ៍យាត្រា ថាហើយហាក់ជា
បរិភោគឆ្កែនោះ។
វិស័យតាមដោយ បំបាំងមិនឲ្យ យល់ជាក់ចំពោះ
លុះព្រឹកស្រាងស្រេច ទើបស្ដេចត្មាតនោះ នាំគ្នាត្រាច់ឆ្ពោះ
ដើរដោយមាគ៌ា។

(1) ​ទ្រង់ព្រះកន្សែង = យំ។ (2) រិតតែថែមទ្វេឡើង។ (២) ហឹង្សា=យាយី បៀតបៀន។ (២) ទសពល = កំឡាំងទាំងដប់ គឺទសបារមី។ (5) ​​​​​​​​​ទីទូរអធ្វា= ព្រៃយ៉ាងឆ្ងាយព្រៃស្ងាត់។ (6) និរជាតិជរាព្យាធិ រោគា = លះលែងពីការកើត ចាស់ ឈឺ ស្លាប់។ (7). កាមាវចរ = ឋានសួគ៌ ៦ជាន់ ឬ ជាន់ទី ៦ ។ (8) អមោក្ខ គ្មាននិព្វាន គ្មានសេចក្ដីសុខ។