៨. បទព្រហ្មគីតិ
ថ្ងៃសៅរ៍ ទី8.សីហា 2020.ម៉ោង 8:58

កាលនោះវរក្សត្រី នាងនៅទីឋានគ្រឹហា ពុំសុខក្នុងអង្គា កើតជាក្ដៅក្រហាយលន់។
នឹងទប់នឹងទល់ប្រាណ នៅពុំបានទើបស្រីតន់1 រំពឹងរិះគិតគន់ ថាឱព្រះរាមស្វាមី។
សមស្ដេចកាចកំលៅ ឲ្យអ្នកមកហៅអ្នកទៅខ្មី ឲ្យបរិភោគចំណី លាយនឹងស៊ុតមាន់ពុំខាន។
ទើបប្អូននៅឯអាយ ក្ដៅក្រហាយពន់ប្រមាណ នឹងខំនៅពុំបាន ប្អូនរត់ទៅស្រុកប្អូនវិញ។
ឱសមគិតប្រណី ព្រះស្វាមីមិត្ដសំឡាញ់ សមសោកៗអម្នេញ ម្នាក់ឯងអន់អួលអាល័យ។
ខ្លួនប្អូនចាកឃ្លាតឃ្លា ឥតនរណានៅសព្វថ្ងៃ គ្រាន់ពឹងគ្រាន់អាស្រ័យ នៅកំដររៀមរ័ក្ស។
នាងសៅនាងសោកសោះ នាងអាឡោះអន់អួលអាក់ ជោរជលនេត្រសស្រាក់ សស្រោកស្រោចព្រះភក្ដ្រា។
ទើបនាងនាថស្រីថ្លៃ ផ្ដាំថាហៃសុនខា សសុទ្ធសមសោភា ចូរប្រាយប្រាប់ព្រះស្វាមី។
ថាអញក្ដៅក្រហាយ ពុំសប្បាយក្នុងឥន្ទ្រិយ ក្ដៅក្ដាត់ដូចអគ្គី ឆេះរោលរាលអង្គា។
សុនខអើយចូរស្ដាប់ ចូរប្រាយប្រាប់ស្វាមីថា អង្គអញនេះក្រាបលា ទៅនគរព្រះជនក។
នឹងខំនៅពុំបាន ក្ដៅក្នុងប្រាណពិតពុំសុខ ឥឡូវនេះអញទុក តែចិញ្ជៀនត្បូងទាំងបី។
តាំងតួ2អញនេះនៅ ឲ្យចមចៅជាស្វាមី ដឹងដើមអាទិ៍សេចក្ដី សមសែនសោយសោកាណល់3
បើចិត្ដអ្នកស្រឡាញ់ ចង់តាមអញទៅឲ្យដល់ នគរឋានមណ្ឌល ទីព្រះវររាជបិតា។
នាងណែប្រាប់ទិសទី នៅអំពីនគររា នេះនឹងដល់ជលសា សមុទ្រមួយមានចម្ងាយ។
ប្រមាណដប់យោជន៍ឆ្ពោះ ទៅពីនោះទៀតទូរឆ្ងាយ ម្ភៃប្រាំយោជន៍ប្លាយ ទើបដល់ស្រុកអញនិត្យនៅ។
នាងផ្ដាំសុនខា ក្នុងឱរាអួលអន់ក្ដៅ ស្រេចនាងយាត្រាទៅ តែឯកអង្គដោយមាគ៌ា។
ផ្អូកផ្អើសទង្គឹះគិត អួលអាណិតអនាថា ដោយតេជៈធីតា តែមួយថ្ងៃដល់បុរី។
នាងនាថចចូលដល់ លើមណ្ឌលមន្ទីរទី បង្គំព្រះជនី នូវជនរាជក្សត្រា។
ពីរក្សត្រអរឱនឱប ថ្នមក្រសោបថើបថែថា ហៃកូនស្ងួនពុំងា កាលព្រះឥន្ទ្រាធិបតី។
មកយកស្ងួនព្រលឹង ទៅថានឹងឲ្យមានប្ដី ឥឡូវមានហេតុអ្វី ក៏កូនស្ងួនវិលវឹងវិញ។
ទើបនាងក្រាបទូលថា កាលឥន្ទ្រាយកខ្ញុំចេញ ហោះទៅដល់អរ័ញ្ញ4 ខាងស្រុកពារាណសី។
ស្ដេចដាក់ក្នុងថង់ ស្បែកព្រះអង្គទុកខាងទី ចំការកូនសេដ្ឋី ឈ្មោះភោគកុលកុមារ។
ម្នាក់ឯងឥតសាច់ញាតិ ខំសង្វាតធ្វើចំការ មានតែសុនខា មួយសសុទ្ធនិត្យនៅផង។
ឆ្កែនោះមកយល់ផង ព្រុសងង៉ុងលូរំពង បន្លឺស័ព្ទអឹងកង ឮដល់ទៅកូនសេដ្ឋី។
ដើរមកយល់ថង់ស្បែក ល្អចំឡែកយកទៅខ្មី ដាក់លើមណ្ឌលទី ខាងដំណេកដែលនិទ្រា។
ខ្ញុំសោតនៅបំរើ រៀបសារពើភោជនា តាមដោយពាក្យឥន្ទ្រា បានជាគូនៅនែបនិត្យ។
នាងទូលពីមេស្រុក គាមភោជកចិត្ដទុច្ចរិត ទូលមហាក្សត្រគន់គិត ឧបាយកលកិច្រើនគ្រា។
នាងទូលសព្វសេចគ្រេច ឲ្យសម្ដេចព្រះបិតា មាតាថ្លៃសោភា ស្ដេចជ្រួតជ្រាបសព្វសេចក្ដី។
ទើបក្សត្រទាំងពីរថា ឱស្ងួនភ្ងាពេញពិសី ហេតុបុណ្យហេតុបារមី គុណសម្ដេចព្រះឥន្ទ្រា។
ជៀងជួយដោះទុក្ខភ័យ មានជោគជ័យឈ្នះក្សត្រា បានរួចស្ងួនពុំងា វិលវឹងមកសុខសប្បាយ។
ទើបនាងក្រាបលាទៅ ទីលំនៅនាងឆោមឆាយ អស់ស្នំស្និទ្ធអរ៍យាយ សឹងសប្បាយចិត្ដគ្រប់គ្នា។
នាងនាថនៅរងទុក្ខ ពិតពុំសុខក្នុងចិន្ដា គន់គិតទៅព្រះមហា បុរសរ័ត្នជាស្វាមី។
ខ្សឹកខ្សួលអួលអក់អាក់ ព្រួយព្រះភ័ក្ដ្រវរក្សត្រី ពុំដូចកាលប្រក្រតី ស្ងៀមស្លូតស្លប់ព្រះភ័ក្ដ្រា។

១ តាងតួ=ជំនួសរូបកាយ។ ២ សោកាណល យំពេកពន់។ ៣ អរញ្ញ= ព្រៃជ្រៅ។