៥.បទកាកគតិ
ថ្ងៃសៅរ៍ ទី18.កក្កដា 2020.ម៉ោង 10:37
កាលនោះឆ្កែស ស្រង់ស្រាកទៅមក៍ ដើរហិតដោយដាន
យង់យល់ថង់ស្បែក ចំឡែកមែនមាន អស្ចារ្យនាឋាន
ខែត្រខាងចម្ការ។
ឆ្កែឈប់ឈរព្រុស នៅនាឋាននោះ រំពឹងសោះសា
លូឮស័ព្ទដល់ ភោគកុលកុមារ ទើបអ្នកយាត្រា
ទៅទើបយង់យល់។
ថង់ស្បែកទំហំ ប៉ុនផ្លែឃ្លោកទុំ ជាអស្ចារ្យសល់
អ្នកយកថង់នោះ វិលឆ្ពោះមកដល់ ដាក់លើមណ្ឌល
ខាងទីនិទ្រា។
លុះព្រឹកឡើងវិញ អ្នកចរចាកចេញ ទៅធ្វើចម្ការ
ក្រោយនោះក្សត្រី ទេវីថ្លៃថ្លា យល់កុមារា
អ្នកចរចេញទៅ។
ទើបនាងវរទេវី ចរចេញអំពី ថង់មកឯក្រៅ
រកអំបោសបោស ទីឋានលំនៅ ទើបនាងដើរទៅ
ដងទឹកគង្គា។
យកមកដាក់ពាង ពោរពេញហើយនាង រៀបភោជន៍ឧជា-
អាហារទិព្វទេស ពិសេសពិសា ទុកឲ្យព្រះមហា-
បុរសរូរ័ត្ឋ។
ទើបនាងវរវង្ស វិលចូលទៅក្នុង ថង់ស្បែកវិញថ្វាត់
ពួនពឹងសំងំ ជ្រងំស្ងប់ស្ងាត់ ពុំឲ្យឮមាត់
ដឹងដល់កុមារ។
ឯព្រះពោធី ចាំងជម្រះទី ឋានចម្ការកាល
ថ្ងៃខ្ពស់ឡើងបាន ល្មមឃ្លានអាហារ អ្នកត្រាច់ត្រអាល
វិលវឹងមកឋាន។
យង់យល់ចំណី ទិព្វទេសពិសី ពិសេសមែនមាន
ទើបអ្នកគន់គិត ក្នុងចិត្ដរិះធ្យាន រៀងមកពុំមាន
ដែលយល់ដូច្នេះ។
ឥឡូវយល់ប្លែក ដ្បិតបានថង់ស្បែក មកទុកនៅនេះ
សមថង់នេះឯង តាក់តែងដូច្នេះ ម្ដេចឡើយមកចេះ
ធ្វើទាំងចំណី។
ទើបអ្នកភោក្ដា ភ័ស្ដុភោជន៍ឧជា ទិព្វទេសពិសី
ពិសាត្រកាល អាហារថ្មោងថ្មី សឹងទិព្វអំពី
សម្ដេចឥន្ទ្រា។
បរិភោគស្កប់ស្កាល់ អាហារសេសសល់ ឲ្យសុនខា
ឆីសេសចំណី ទិព្វពីសួគ៌ា ចែងចេះចរចា
ដូចមនុស្សវិស័យ។
ក្នុងរាត្រីនោះ អ្នកផ្ទុំលក់លុះ សូរ្យាឧទ័យ
ទៀតទើបកុមារ ពិសាលថ្លាថ្លៃ អ្នកចេញទៅព្រៃ
ជំរះចម្ការ។
ក្រោយនោះក្សត្រី នាងចេញអំពី ថង់ស្បែកម្នីម្នា
រៀបភោជនាហារ ភ័ស្ដុភារឧជា ទៅដងគង្គា
មកដាក់ពេញពាង។
រៀបបាសទីឋាន ទុកដាក់ធនធាន ស្រេចហើយទើបនាង
ស្រីស្រស់ធីតា យាត្រាយាសយាង ចូលក្នុងថង់ខាង
ដំណេកប្រក្រតី។
ឯចៅភោគកុល- កុមារនិម៌ល ចាំងជម្រះទី
ចម្ការដល់ថ្ងៃ វិលវៃវឹងខ្ខ្មី ដើរដល់មកទី
លំនៅអាត្មា។
យល់ភោជនាហារ សឹងទិព្វត្រកាល ពិសេសពិសា
រៀបទុកនៅឋាន អ្នកធ្យានគិតថា ចំណីនេះជា
អស្ចារ្យពន់ពេក។
មានរសពិសា ពិសេសជាតិជា អាហារចំឡែក
អញគិតទៅឆ្ងល់ ឲ្យដល់ថ្ងៃស្អែក លបមើលនឹងភ្នែក
ឯងឲ្យយល់ជាក់។
គិតស្រេចព្រះអង្គ ពូជពោធិវង្ស បរិភោជន៍ភ័ក្ស3
បរិបូណ៌ស្កប់ស្កល់ សេសសល់នោះអ្នក កៀរគោះផ្ទេរដាក់
ឲ្យឆ្កែភោក្ដា។
ព្រះពង្សពោធី ផ្ទុំក្នុងរាត្រី លុះស្រាងសុរិយា
ចុះចាកមណ្ឌល លុះដល់ចម្ការ ទើបអ្នកលីលា
វិលវឹងមកចាំ។
ពួនពឹងអាត្មា ខាងខ្ទមចំការ នៅប្របដំណាំ
ព្រះនេត្រទិព្វថ្លៃ រំពៃគយឃ្លាំ មៀងមើលបំណាំ
ចង់ដឹងការកល។
កាលនោះទេវី រ័ត្នរាជនារី វរវិសេសសល់
នាងដឹងជាក់ជា ព្រះមហាទសពល ពួនពឹងចង់យល់
រូបនាងទេវី។
ទើបនាងវរវង្ស ចេញពីក្នុងថង់ មករៀបចំណី
ភោជន៍ភស្ដុអាហារ ដូចកាលប្រក្រតី បោសមណ្ឌលទី
លំនៅគ្រឹហា។
ឯព្រះពោធី យល់នាងនារី រ័ត្នរាជកញ្ញា
ទ្រង់រូបឧត្ដម សួស្ដិ៍សមលក្ខណា ព្រះភ័ក្ដ្រជ្រះថ្លា
ដូចន្ទ្របូណ៌មី។
កេសាខ្មាញ់ខ្មៅ នឹងឧបមាទៅ ដូចស្លាបភូមី
ព្រះខាត់សោភ័ន ដូចចន្ទមោលី លឿងលៀមរស្មី
ខៀវខឹមជ្រះថ្លា។
ព្រះកាណ៌ទាំងសង វាសវង់ដូចទង កន្ដ្រៃសុវណ្ណា
ព្រះនេត្រដូចនីល ស្រស់ស្រិលសោភា ព្រើសព្រះលលាដ៍9
ដូចពពិលមាស។
ភូមោទ្រទួយ១០ កោងដូចបង្កួយ កៅទ័ណ្ឌវរវាស១១
ព្រះនាងសាសមឧត្ដនពិលាស ១២ដូចកង្វេរមាស ដូចកង្វេរមាស
ស្រួលស្រស់សោភា។
គន់ទៅខឹមរឹម១៣ ព្រះឱស្ឋប៉ប្រិម ប៉ប្រៃដិតស្លា
ឆឆាយឆ្អិនឆ្អៅ គន់ទៅទន្ដា ដូចនីលរតនា
រៀបរៀងប្រកិត។
គន់ព្រះសូរង១៤ មូលម៉ដ្ឋ ឥតឆ្គង ផ្នត់បីជាន់ជិត
អង្សា១៥គូគាង រៀវរាងល្អក្ដាត់ ព្រះមុណីព័ន្ធព័ទ្ធ
កកបលក្ខណា។
ហត្ថង្គុលី១៦ ទាងទសសោភី១៧ ដូចទងលតា១៨
មាសមៃទន់ភ្លន់ ល្វាសល្វន់ថ្លៃថ្លា រុងរឿងសោភា
សោភ័នគួរគាប់។
គន់ព្រះថនា១៩ ពងពីឧរា ដូចផ្លែទន្លាប់
ក្បោះក្បំទាំងគូ ត្រឹមត្រូវស្រេចស្រាប់ ដូចជាងចិតផ្កាប់
ផ្ទាប់ផ្ទាល់ឧរា។
ព្រះអង្កេកាយ២០ យង់យល់ពព្រាយ សួស្ដិ៍សមអង្គា
ព្រះជង្ឃ២១ព្រះបាទ ស្អាងស្អាតសោភា កបព្រះលក្ខណា
ប្រាំប្រការកល់។
អ្នកទតយល់ជាក់ ព្រឺព្រួចភ្ញាភ្ញាក់ អរឥតផ្ទឹមដល់
កួចកើតស្នេហា ធីតានិម៌ល ស្ទើរនឹងទប់ទល់
ស្មារតីពុំបាន។
គន់គិតថាហៃ នាងមកពីណា មកនៅនាឋាន
មានរូបល្អក្រៃ ប្រពៃកល្យាណ ក្នុងស្រុកនេះគ្មាន
ស្រីណាផ្ទឹមដល់។
ឬមួយកិន្នរ ទេពតានាគនរ២២ កាឡាឲ្យយល់
គួរអញឲ្យដឹង ដំណឹងកិច្ចកល ដំណើរដើមដល់
នាងមកពីណា។
ទើបអ្នកចរទៅ ឡើងលើលំនៅ ដល់ដណ្ដឹងថា
ហៃនាងពិសី ប្រិមប្រិយសោភា នាងមកពីណា
ដួលដល់ឋានអាយ។
មាតាបិតា ទីឋានមាគ៌ា នៅទៀបឬឆ្ងាយ
នាងមកនេះតើ មានបើក្រងាយ ដូចម្ដេចប្រាប់ប្រាយ
ឲ្យបានដឹងរ៉ា។
រ័ត្នរាជនារី ឱនអង្គអភី- វាទវរចរចា
ថាខ្ញុំនៅទី បុរីមាគ៌ា សត្ដកុដរាជមហា-
នគររម្យរ័ត្ន។
ជាបុត្រក្សត្រា សត្ដកុដរាជា សេពសោយសម្បត្ដិ
រាស្ដ្រទាសពលពង្ស ចតុរង្គ23បរិស័ទ សម្រាប់មហាក្សត្រ
គង់គាល់ត្រៀបត្រា។
កាកក្នុងរាត្រី ពារពេញបូណ៌មី សម្ដេចឥន្ទ្រា
ស្ដេចហោះទៅថ្កាន ដល់ឋានបិតា ហើយសុំខ្ញុំជា
បុត្រីព្រះអង្គ។
ព្រះឥន្ទ្រស្ដេចយក ពខ្ញុំហោះមក ហិចហោះត្រាច់ត្រង់
ដល់ដែនចំការ កាឡាជាថង់ ដាក់ខ្ញុំនៅក្នុង
ថង់ហើយស្ដេចទៅ។
ស្ដេចទ្រង់បណ្ដាំ អស់អាថ៌កិច្ចកម្ម ទូន្មានប្រដៅ
ហើយទុកអញខ្ញុំ ឲ្យចាំនិត្យនៅ បំរើចមចៅ
ជាម្ចាស់សិរសា។
កាលនោះពោធី ស្ដាប់នាងនារី ព្រើសព្រះភ័ក្ដ្រា
អរឥតថ្លែងថ្លឹង នានឹងឧបមា ត្រេកសោមសន្សា
ទរទើបថ្លាថ្លែង។
ថាហៃប្អូនស្ងួន បុណ្យបងបានជួន ជួបនឹងប្អូនឯង
បានបេះបុប្ផា ផងគ្នាពីព្រេង ប្រដាប់តាក់តែង
ថ្វាយព្រះជិនស្រី។
ទើបជាតិឥឡូវ មូលមកជាគូ ស្និទ្ធស្នាលបេតី
ពុំគួរបងបាន រួមឋានមេត្រី ដ្បិតប្អូននៅទី
ទូរឆ្ងាយណាស់សល់។
ទាំងនេះហេតុតែ សំណាងបុព្វេ ពីព្រេងផ្ដេកផ្ដល់
ជូនជួយឲ្យបាន រួមឋានមណ្ឌល នឹងប្អូននិម៌ល
ជាសាច់សង្សារ។
ទើបអ្នកឱនឱប ក្រួញក្រុងក្រសោប ថ្នាក់ថ្នមធីតា
រួមរសមនោរម្យ២៤ សុខសមស្នេហា បេតីសន្ថវា
មិត្ដមូលមេត្រី។
ទៀងទើបសន្មត ប្រកបប្រាកដ នាមនាងនារី
ឈ្មោះនាងសុខុមា- លន្ទាទេវី ចាប់ដើមអំពី
សម័យនោះទៅ។
ទើបនាងយកថង់ ស្បែកទៅទុកត្រង់ ទីឋានលំនៅ
ដែលព្រះឥន្ទ្រា ទេវាចោមចៅ អធិដ្ឋាននៅ
ខេត្ដខាងចំការ។
ស្រេចនាងវិលវឹង វិលមកនៅនឹង ភោគកុលកុមារ
រួមរក្សស្មោះសរ សាទរស្នេហា បំរើព្រះស្វា-
មីមិនមានហ្មង។

(1) ហិតយកក្លិន។ (2) ពោធិវង្ស=ត្រកូលអ្នកត្រាស់ដឹង។ (3) ភោជន៍ភក្ស= អាហារដែលរក្សាទុក។ (4). វរវង្ស=ត្រកូលប្រសើរ។ (៥) សត្វកន្លង់។ (៦).វង្វង់ជុំវិញមុខ។ (៧).ពន្លឺជុំវិញវង់ព្រះចន្ទ។ (៨) ត្រចៀក។ (៩).ថ្ងាស។ (១០).ចិញ្ចើមរងងដូចគេពត់អោយកោង។ (11). ធ្នូ+វរវាសយ៉ាងស្អាត។ (12). ពិលាស=សមរម្យឥតខ្ចោះ។ (13). ព្រះឱស្ឋ បបូរមាត់។ (14). ក ។ (15) ស្មារាគូរីកគន្ធែក។ (16). ម្រាមដៃ។ (17). ល្អគ្រប់ទាំង ១០ម្រាម។ (18). ទងវល្លិមាស។ (19) ស្ដន ដោះ។ (20) ទ្រគាក ចង្កេះ។ (21). ស្មងជើង។ (22). នាគនរ នាគ និង មនុស្ស​។ (23) កងពលទាំងបួន គឺពលសេះ រទេះ ដំរី និង ថ្មើជើង។ (24) មនោរម្យ=ជាទីរីករាយចិត្ដ។