២.បទព្រហ្មគីតិ
ថ្ងៃសៅរ៍ ទី27.មិថុនា 2020.ម៉ោង 10:26

នាក្នុងរាត្រីកាល  នោះនាងនាថវរទេវី ភរិយាភោគវុឌ្ឍី យង់យល់សប្ដិបូព៌និមិត្ដ។
យល់ដូចផើងសុវណ្ណា តម្រួតគ្នាទាំងពីរពិត នៅនាក្នុងឋានឋិត ដាក់កណ្ដាលមណ្ឌលទី។
មានដើមចម្ប៉ាដុះ ក្នុងផើងនោះល្អសោភី លូតលាស់ស្លឹកខៀវខ្ចី លង់លុះបាន១០ឆ្នាំគត់។
ផើងដែលចម្ប៉ាដុះ លើផើងនោះបែកបង់បាត់ លុះលង់ទៅទៀតថ្វាត់ យូរប្រមាណ៥វស្សា។
ផើងមាសមួយវិញទៀត បែកបង់សៀតសូន្យសោះប្រា- កដកូវដើមចម្ប៉ា នោះអណ្ដែតត្រសែតទៅ។
ឋិតកណ្ដាលនភី មានរស្មីភ្លឺសន្ធៅ ហើយធ្លាក់ចុះមកនៅ នាកណ្ដាលនគរា។
មានមែកបែកសន្លឹក ល្អពន្លឹកពេកមហិមា ប្រកបនូវបុប្ផា ពិដោរសាយសព្វទិសផង។
នាងភ្ញាក់ឡើងប្រាយប្រាប់ ស្វាមីស្ដាប់ដោយទំនង យល់អស្ចារ្យកន្លង ដោយនិមិត្ដមិនដែលយល់។
លុះព្រឹកភ្លឺស្រេចស្រស់ ក្សិណនោះនាងនាថនិម៌ល កាន់ស្លាម្លូរដើរដល់ ឋានអ្នកប្រាជ្ញរាជបណ្ឌិត។
ថ្លែងដូចដំណើរយល់ សប្ដិមង្គលបូព៌និមិត្ដ    ឲ្យអ្នកប្រាជ្ញគន់គិត ទាយតាម ដោយក្បួនសាស្ដ្រសៃយ1
កាលនោះអ្នកប្រាជ្ញប្រាយ ស្រដីទាយទៅថាហៃ នាងអើយសប្ដិល្អក្រៃ នាងនឹងកើតបុត្រប្រុសប្រាណ។
មួយមានរូបឆោមឆាយ តាមទំនាយនិមិត្ដមាន អាយុបរិបូណ៌បាន ដល់១០ ឆ្នាំពុំឃ្លៀងឃ្លាត។
អង្គនាងជាមាតា នឹងមរណាជីពជន្មជាតិ ក្សីណក្ស័យឯងអង្គអាត្ម2 សូន្យអាសារប្រាកដក្ដាត់។
លុះបុត្របានគ្រាន់គ្រាប់ ដល់ឆ្នាំដប់ប្រាំទៀងទាត់ បិតា នឹង បង់បាត់ ជន្មជីវិតនឹងក្សីណក្ស័យ។
បុត្រនាងនោះនឹងបាន បុណ្យថ្កើងថ្កានជាធំក្រៃ លើសលែងអ្នកដទៃ ក្នុងនគរនេះជាងជាក់។
កាលនោះនាងទេវី ស្ដាប់សំដីពាក្យនៃអ្នក ប្រាជ្ញប្រាយប្រុសប្រត្ស័ក្ស3 ទាយនិមិត្ដសព្វសេចក្ដី។
នាងលាអ្នកប្រាជ្ញទៅ ថ្កានលំនៅមណ្ឌលទី ប្រាយប្រាប់ព្រះស្វាមី គ្រេច4សព្វសេចពុំភ្លាំងភ្លាត់។
នាងនាថនៅរក្សា គភ៌ព្រះមហាបុរសរ័ត្ន លុះទសមាសទៀតទាត់ ប្រសូតចាកព្រះឧទរ។
បុត្ររ័ត្នរូបសោភ័ន ដូចសុវណ្នថ្លៃបវរ ទៀងទើបព្រះនាមករណ៍ ឈ្មោះភោគកុលកុមារា។
មាតាបិតាពេញ ចិត្ដស្រឡាញ់ថ្នមរក្សា ស្ងួនគ្រងបុត្រពុំងា ហើយឲ្យទានភោជន៍អាហារ។
ធ្វើបុណ្យរក្សាសីល ប្រាំពុំខ្ជិលជានិច្ចកាល ដ្បិតដឹងដោយអាចារ្យ អ្នកប្រាជ្ញប្រាយទាយទុកថា។
អង្គឯងនឹងក្សីណក្ស័យ មរណ៍ប្រល័យជីពជន្មា ចំរើនធម៌ភាវនា ជានិរន្ដរ៍ប្រក្រតី។
លុះបុត្របានដល់ដប់ ឆ្នាំគ្រាន់គ្រប់ទើបជននី នាងក្ស័យជនជីវី ដូចទំនាយពុំឃ្លាតឃ្លា។
ហេតុផលនាងឲ្យទាន កាន់សីលបានបុណ្យមហិមា ទៅកើតនៅសួគ៌ា ឋិតលើប្រាង្គប្រាសាទរ័ត្ន។
ចំណេរទៅទៀតលង់ ទើបព្រះពង្សពោធិសត្វ ចំរើនព្រះជន្មថ្វាត់ បានដប់ប្រាំព្រះវស្សា
ទៀងទើបអង្គសេដ្ឋី ភោគវុឌ្ឍីជាបិតា មានព្យាធិរោគា ជរាមកបៀតបៀនប្រាណ។
ទុរាទុរន់សល់ កម្មមកផ្ដល់ពីបុរាណ ហៅបុត្ររ័ត្នកល្យាណ ទៅទៀបទើបផ្ដែផ្ដាំថា។
ឱកូនស្ងួនសំឡាញ់ អាពុកពេញចិត្ដស្នេហា ឥឡូវកម្មវេរា អង្គឯងឲ្យប្រាសព្រាកព្រាត់។
ពុំបាននៅរក្សា បុត្រពុំងាថ្លៃសូរ័ត្ន5 ចូរកូនស្ងួនស្នេហ៍ស្និទ្ធ អ្នកចាំពាក្យពីបិតា។
ថាបើឪពុកមរណ៍ ចូលអ្នកបបួលគ្នីគ្នា មកសែងសពបិតា ទៅដាក់ដល់ព្រៃស្មសាន6
ឲ្យអស់សត្វត្មាតក្អែក ចឹកហួហែកឆីសោះឃ្លាន ដងទឹកដាក់ឲ្យទាន ឲ្យអស់សត្វវាផឹកឆី។
បើសត្វវាឆីសាច់ សរសៃដាច់អស់ឥន្ទ្រីយ បាយកឆ្អឹងសិរសី មកដំកល់ទុករក្សា។
តាងតួ7អាពុកនៅ បើចង់ទៅធ្វើចំការ បាយកឆ្អឹងបិតា ចងបង្អូសទង់ទាញទៅ។
បើឆ្អឹងអាពុកអ្នក ជាប់ជំពាក់នឹងនិត្យនៅ ទីឋានណាចូរចៅ គិតចាប់ឈើធ្វើចំការ។
ផ្ដាំបុត្របរិបូណ៌ស្រេច ផុតខ្យល់ដាច់ជីពជន្មា បានទៅកើតសួគ៌ា ហេតុបុណ្យបានសាងសីលទាន។
ភោគកុលកុមារា យល់បិតាបាត់វិញ្ញាណ សោយសោកសល់ប្រះប្រាណ ពិលាបទួញទំនួញក្ដាត់។
សង្វេគអនិច្ចា ដ្បិតកំព្រាប្រាសព្រាកព្រាត់ អង្គឯងអួលអនាថ8 អាណិតលន់ពន់ប្រមាណ។
ស្រេចចរចេញទៅរក មូលគ្នាមកសែងសពបាន ទៅដាក់នៅស្មសាន តាមបណ្ដាំពាក្យបិតា។
ដងទឹកទុកឲ្យទាន សត្វផងបានបរិភោក្ដា ស្រេចភោគកុលកុមារ អ្នកយកតែឆ្អឹងសិរសី។
វិលមកទុកតំកល់ ក្នុងមណ្ឌលយកផ្កាភ្ញី បូជាជាប្រក្រតី ប្រណិប័ត៍សព្វទិវា។

(1) គម្ពីរ ក្បួន​ច្បាប់​ដ៏​ប្រ​សើរ​។ (2) អាត្មា​ខ្លួន​ឯង។ (3) ច្បាស់​លាស់ ជាក់​ប្រាកដ​។ (៣) ស្រេច​គ្រេច=សេច​ក្ដី​សព្វ​គ្រប់។ (4) ដូច​កែវ​។ (5) ព្រៃ​ស្ងាត់​សំរាប់​កប់​ខ្មោច​។ (6) ជំនួស​កាយ​។ (7) អាត្មា​ ខ្លួន​ឯង​។ (8) គ្មានទីពឹង។