កំណត់លើរឿងម្ដាយក្មេកទំនើប
ថ្ងៃសុក្រ ទី19.មេសា 2013.ម៉ោង 23:14

ជំរាបសួរលោក

    កាលពីប៉ុន្មានសប្តាហ៍មុន ខ្ញុំ​ទើប​តែ​មាន​ពេល​បាន​ចូល​ក្នុង​គេហ​ទំព័រ​មជ្ឈ​មណ្ឌល​វប្ប​ធម៌​ខ្មែរ​នៅ​ស្វីស​​របស់​​លោក​។ ខ្ញុំ​បាន​អាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត​នូវ​បទ​អត្ថា​ធិប្បាយ​ដែល​ជា​ក្បាល​អត្ថ​បទ​ដ៏​ល្អ និង​ពិរោះ​​របស់​លោក​មុន​នឹង​ផ្សាយ​ រឿង​ខ្លី​ៗ​ទាំង​ពីរ​ដែល​ជា​បទ​និពន្ធ​របស់​ខ្ញុំ​។ ខ្ញុំ​រំភើប និង​ពេញ​ចិត្ត​ណាស់ និង​ពាក្យ​ពេចន៍​របស់​លោក​គ្រប់​ឃ្លា​។ ខ្ញុំ​​សរ​​សើរ​ ដោយ​​សុទ្ធ​ចិត្ត​នូវ​ទេព​កោ​សល្យ និង​​ចំណេះ​​ដឹង​​ជ្រៅ​ជ្រះ​របស់​លោក​ខាង​វិស័យ​អក្សរ​សាស្រ្ត​អក្សរ​​សិល្ប៍​ខ្មែរ​យើង​។ ជា​ពិសេស លោក​មើល​ធ្លុះ និង​ស្គាល់​តម្លៃ​សកម្ម​ភាព​របស់​ខ្ញុំ​ក្នុង​វិស័យ​នេះ​។ បទ​​អត្ថា​​ធិប្បាយ​ដ៏​មាន​អត្ថ​ន័យ​​នេះ ប្រៀប​​បី​ដូច​ជា​ឱ​សថ​ទិព្វ​ជួយ​លើក​កម្លាំង​ចិត្ត​ខ្ញុំ​ដែល​កំពុង​តែ​ធ្លាក់​ចុះ ព្រោះ​តែ​នឹក​អន់​ចិត្ត​ នឹង​ការ​បំពាន​លើ​កម្ម​សិទ្ធិ​បញ្ញា​ របស់​ខ្ញុំ​ពី​សំណាក់​បង​ប្អូន​រួម​ជាតិ​យើង​មួយ​ចំនួន​។ និយាយ​នេះ មិន​មែន​មាន​ន័យ​ថា ខ្ញុំ​​កំណាញ់​​ទេ តែ​ខ្ញុំ​គ្រាន់​តែ​ចង់​ឲ្យ​គេ​ សរ​សេរ​មក​ខ្ញុំ​ជា​ដំណឹង​ហើយ​សុំ​យក​ទៅ​ផ្សាយបន្ត​ដូច​ជា​រូប​លោក និង​ឡឹក ជំនោរ នោះ​ខ្ញុំ​ស្ងប់​​ចិត្ត​ហើយ​។ យ៉ាង​ហោច គេ​គិត​គួរ​តែ​គិត​ថា ដើម្បី​ធ្វើ​កិច្ច​ការ​នេះ លុះ​​ត្រា​​តែ​ខ្ញុំ​ត្រូវ​ចំណាយ​និង​លះ​បង់​ពេល​វេលា​ច្រើន​ណាស់ ខ្ញុំ​គ្មាន​ពេល​សម្រាក​ទេ ជម្រាប​តាម​ត្រង់ ដើម្បី​ចែក​រំលែក​អស់​រលីង​ដោយ​រីក​រាយ​ជូន​អ្នក​អាន​ដែល​ស្រឡាញ់​ផ្នែក​​នេះ​ដូច​ជា​ខ្ញុំ​ដែរ។

    ម្យ៉ាងទៀត ខ្ញុំសូមអរគុណលោកដែលប្រើពាក្យលើកដំកើងខ្ញុំទៅតាមឋានៈស្វាមីខ្ញុំ។ នៅ​ស្រុក​ខ្មែរ​គេ​គោ​រព​តាម ​ឋានា​នុ​ក្រម គេ​ហៅ​ដូច្នេះ​មែន។ ប៉ុន្តែ យើងរស់នៅទីនេះ ក្នុងប្រទេសដែលគោរពសមភាព សូម​លោក​ប្រើ​តែ​លោក​ស្រី គ្រប់​គ្រាន់​និង​សម​រម្យ​ណាស់ទៅហើយ។ ណាមួយ ស្វាមីខ្ញុំក៏បានសុំលាលែងពីមុខដំណែង​ហើយ ៗ​យើង​រស់​នៅ​ជា​ជន​ចូល​និវត្តន៍​ដើម្បី​កេងចំណេញ(exploiter)ជិវិតកុំឲ្យហួសពេល នាំឲ្យស្តាយ។ អាស្រ័យ​ហេតុ​នេះ សូម​លោក​មេត្តា កែ​ពាក្យ «លោក​ជំទាវ» មក​ជា​ពាក្យ «លោក​ស្រី» វិញផងណ៎ាលោក។ ខ្ញុំសុំអរគុណលោកទុកជាមុន​។ សូម​ទោស​ផង​ដែរ ដែល​នាំ​អំ​ពល់​ឲ្យរវល់លោកទៀតហើយ។

    មុននឹងបញ្ចប់សារនេះ ខ្ញុំក៏សូមសរសើរអស់ពីដួងចិត្ត ថាគេហទំព័រនៃមជ្ឈមណ្ឌលវប្បធម៌ខ្មែរនៅ​ស្វីស ស្អាត​ល្អ​ណាស់ គាប់​ភ្នែក​អ្វី​ម្ល៉េះ! ខ្ញុំ​សូម​សរ​សើរ​និងសូមរៀនយកតម្រាប់តាមលោក និងក្រុមការងាររបស់លោកទាំង​អស់​ដែល​ប៉ិន​ប្រសប់​ តុប​តែង​ទំព័រ​និមួយ​ៗ​ឲ្យ​ល្អ​ឥតខ្ចោះ ទាក់ទាញភ្នែកនិងទាក់ចិត្តឲ្យចង់អាននិងចង់រៀនសូត្រតាមពិតៗ។ តើ​ទម្រង់​គេហ​ទំព័រ​នេះត្រូវ​បង់​ថ្លៃ​ឬ​ទេ​? នៅ​ក្នុង​បណ្តាញ​ណា​ដែរ? ចំណែក​អត្ថ​បទ​ក៏សុទ្ធតែសំខាន់ និង​មាន​ប្រ​យោជន៍​ណាស់​ចំពោះ​អ្នកអាន៕

សូមលោកទទួលនូវសេចក្តីគោរពរាប់អានដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ។
ប៉ិច សង្វាវ៉ាន

    ច្បាប់បណ្ដាំក្រមង៉ុយ ច្បាប់ប្រុស ច្បាប់ស្រី ច្បាប់គតិលោក និងរឿងព្រេងនិទានជាច្រើនទៀត ដែលមានមកក្នុងវិស័យ​អក្សរ​សាស្ដ្រ​ខ្មែរ សុទ្ធ​សឹង​ជា​បណ្ដាំ​កេរ្ដិ៍​មរតក ដ៏មានតំលៃយ៉ាងជ្រាលជ្រៅ របស់ជីដូនជីតាយើង គឺ​ជា​ការ​ជំរុញ​យើង​អោយ​ចេះ​យក​ការ​​ពិចា​​រណា រក​​ស្គាល់​​យល់​អាច​ដឹង​លឺ​អំពី​ធាតុ​ពិត មិនអោយទន់ជ្រាយរវេបរវប មិនអោយជឿ ឬ ប្រកាន់យកផ្លូវដោះស្រាយយ៉ាងធូរៗ ងាយៗ ប្រាស​ចាក​ហេតុ​ផល​នោះ​ឡើយ​។ មើល​ចុះបុរាណខ្មែរឆ្លាក់រូបទេវតា យក្សអសុរ សីហៈ គោបុរៈ ឬឆ្នាំយាមទ្វារនៅប្រាសាទអង្គរវត្ដ មាឌ​ក្រអើត​ៗ ធ្វើ​មុខ​មាត់​មាឌ​សុទ្ធ​តែ​ប្រឹង​ប្រែង​ទាំងអស់ មិនមែនទន់វល្វែតល្វតទៅតាមខ្យល់នោះទេ។ ទាំងនេះជារូបភាពសំដែងពី​ថាម​ភាព​ខំ​ព្យា​យាម​ប្រឹង​ប្រែង​របស់​ដូន​តា​នៅ​សម័យ​អង្គរ។ បើយើងពោលដោយផ្លូវហេតុផល គួរទុកជាគតិបានថា គួប្រឹងឬទេ? ព្រោះដូន​តា​យើង​សុទ្ធ​តែ​ប្រឹង​ទាំង​អស់។

    យ៉ាងណាមិញ លោក​ស្រីអ្នកនិពន្ធ​​ប៉ិច សង្វា​វ៉ាន ខ្វស់ខ្វាយពីបញ្ហាសង្គម បញ្ហាអក្សរសាស្រ្ដ បញ្ហាទំនៀមទំលាប់ បញ្ហាតំលៃ​​ជាតិ និង​បញ្ហា​ចិត្ដ​សាស្រ្ដ ជា​ច្រើន​ជា​ដើម​ទៀត ហើយ​តែង​និពន្ធ​ជា​សាច់រឿងប្រ​លោម​លោក​ខ្លី​ៗ ក្នុង​ការ​ជួយ​យិត​យោង​ឲ្យ​ពន្លឺ​អក្សរ​សាស្ដ្រ​ខ្មែរ​ ឲ្យ​​ស្ថិត​នៅ​ក្នុង​ពន្លឺ​​​ត្រចះ​​ត្រចង់​​ជា​និច្ច​ បង្កប់​ លាក់​នូវ​អាថិ​កំបាំង ក្នុង​គោល​ដៅ ​កែ​ឆ្នៃធ្វើយ៉ាងណាដាស់សតិសម្បជញ្ញជនរួមជាតិគ្រប់ស្រទាប់​វណ្ណៈ អោយ​ភ្ញាក់​រលឹក​ដឹង​ខ្លួន អោយ​រស់​​នៅ ក្នុង​ភាព​ខ្ពស់​ថ្លៃ​ថ្នូរគ្រប់​ៗ​គ្នា​ ដែល​​ស្នា​​ដៃ​​ទាំង​នោះ​ នឹង​បន្សល់​ទុក​ជា​កេរ្ដិ៍​មរតក​​រាប់​ជំនាន់​មនុស្ស​​ទៅ​មុខ​ទៀត ​មិន​ងាយ​សាប​សូន្យ​ដូច​ជា​កេរ្ដិ៍​មរក​អក្សរ​សិល្ប៍​ខ្មែរ​ជា​ច្រើន​ទៀត​មិន​ខាន​ឡើយ​។