បានទទួលសេចក្ដីអនុញ្ញាតិឲ្យចុះផ្សាយបន្ដ ពីម្ចាស់អ្នកនិពន្ធប៉ិច សង្វាវ៉ាន
៣ ​-បំណុលស្នេហ៍
ថ្ងៃសុក្រ ទី17.ឧសភា 2013.ម៉ោង 22:22

   តាមការតឿនរំអុករបស់សេរី ខ្ញុំនិងស្វាមីខ្ញុំបានចូលស្តីដណ្តឹងនាងជាត្តា។ មាតាបិតារបស់នាងបានយល់ព្រម​ដោយ​អំណរ​រីក​រាយ​។ គាត់​គ្មាន​បង្គាប់ បណ្តា​ការ​ធំ​ដុំ​ទេ សុំ​ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​សមរម្យពេញភ្នែកញាតិមិត្តតែប៉ុណ្ណោះ។

   ចំពោះខ្ញុំជាមាតារបស់សេរី ពាក្យថា«សមរម្យ»គឺពេញមុខពេញមាត់ទៅ តាមលទ្ធភាពធនធាន និងសមត្ថភាព​របស់​សេរី​។ ខ្ញុំ​ពេញ​ចិត្ត នឹង​យោ​បល់​អាធ្យា​ស្រ័យ​របស់​គ្រួ​សារ​ខាង​ស្រី​ណាស់ ពីព្រោះគាត់មិនអនុវត្តទម្លាប់ ចាស់គំរិលពីដើមដែលតែង​តែ​បង្គាប់​ប្រាក់​កាស ឬ​មាស​​ពេជ្រ ដែល​ជួន​កាល​ការ​បង្គាប់​ទារ​ថ្លៃ​ទឹកដោះនេះវាធ្ងន់ធ្ងរពេកសម្រាប់ខាងប្រុស។

   និយាយដូច្នេះ គេអាចគិតថាខ្ញុំបន្ថោកនារីភេទ។ ផ្ទុយទៅវិញ អ្នកខ្លះ យល់ថា ការបង្កាប់ប្រាក់ទារថ្លៃទឹកដោះ និង​មាស​ពេជ្រ​ពី​ខាង​ប្រុស​ទេ​តើ ​ដែល​ជា​ការ​បន្ថោក​តម្លៃ​នារី ហាក់​ដូច​ជាវាយតម្លៃនារីទៅតាមទឹក ប្រាក់ប៉ុន្មានម៉ឺនប៉ុណ្ណឹងដែលខាង​ស្រី​បាន​បង្គាប់​។ ការ​បង្គាប់​ប្រាក់ និង​​មាស​ពេជ្រ​សម្រាប់​ថ្លៃ​ទឹក​ដោះ​អាច​បណ្តាល​ឲ្យ​ក្លាយមារមិនចុះ សម្រុងគ្នារហូតដល់បែបបាក់មិនបានរៀបការ​ក៏​មាន​ដែរ​។ សួរ​ថា តើ​គេ​គិត​​ពី​រឿង​មុខ​មាត់​នៅ​ថ្ងៃ​ការ​ដើម្បី​ចង់​សំញ៉ែង​គេ ឬគិតអាណិត ចិត្តក្មេងៗដែលស្រឡាញ់គ្នាចង់រួមជីវិតជាមួយគ្នា? ។

   នៅមុនថ្ងៃលើកជំនួនភ្ជាប់ពាក្យប៉ុន្មានថ្ងៃ គ្រួសារខាងនាងជាត្តាគូ ដណ្តឹងរបស់សេរីកូនប្រុសខ្ញុំ នាំគ្នាមក​ជួប​ខ្ញុំ​រួម​ទាំង​ទាំង​សេរី និង​នាង​ជាត្តា​ផង​ដែរ​។ មាតា​នាង​ជាត្តា​មាន​យោ​​បល់​មកកាន់ខ្ញុំថា៖

- អ្នកអូន! នៅថ្ងៃលើកជំនួន ខ្ញុំសូមអ្នកអូនជួយបំពេញកិត្តិយសខ្ញុំផង សូមដាក់មាសពីរតម្លឹង និង​ប្រាក់​ពីរ​ម៉ឺន​ហ្វ្រង់ [ស្មើ​នឹង​បី​ពាន់​ហា​សិប​បី​អ៊ឺ​រ៉ូ សាប​សិប​បួន​សេន] ផងៈ។
ខ្ញុំស្រឡាំងកាំង ស្ទើរធ្លាក់ពីកៅអី។ ខ្ញុំខំប្រមូលស្មារតីឆ្លើយតបទៅអនាគតដន្លងខ្ញុំវិញ៖
- ច៎ាៈ! ច៎ាៈ! ចាំខ្ញុំពីគ្រោះជាមួយសេរី។ សេរីដឹងអំពីបំណងថ្មីនេះឬនៅ?
- សេរី! ឯងឮទេ។ ម៉ាក់ និងប៉ាមិនអាចអារកាត់ទេ ព្រោះនេះជារឿងរបស់ឯង។ បើឯងយល់ព្រមតាមក៏​ធ្វើ​ទៅ​ចុះ​។ តាម​ពិត បញ្ហា​នេះ​ឯង​មិន​បាច់​សួរ​ពិ​គ្រោះ​ម៉ាក់​ផង ព្រោះ​ម៉ាក់មិនបានកាន់លុយឯងទុកមួយសេនទេ។ ម៉ាក់មិនដឹង ឯង​មាន​លុយ​កាក់​ប៉ុន្មាន​សម្រាប់​រៀប​ការ​ដែរ​។ ម៉ាក់​បញ្ជាក់​ប្រាប់​ឯង​ថា ម៉ាក់​ និង​ប៉ា​គ្មាន​ប្រាក់ និង​គ្មាន​មាស​តាម​ការ​ទាម​ទារ​របស់​ម្តាយ​នាង​ជាត្តា​ទេ។

   ខ្ញុំសម្លឹងមុខកូនប្រុសខ្ញុំ។ កូនខ្ញុំធ្លាក់ទឹកមុខ។មាតាបិតារបស់នាងជាត្តាក៏ ធ្លាក់ទឹកមុនមិនស្រួលប៉ុន្មានដែរ។ នាង​ជាត្តា​មុខ​ស្រពោន​ដូច​បុប្ជា​​រញម ក្រោម​កម្តៅ​ព្រះ​សុ​រិយា​។ ក្នុង​ឱរ៉ា​ខ្ញុំ​ជា​មាតារបស់សេរី ខ្ញុំហាក់ដូចជាដឹង ថាឈាមកំពុងតែរត់ចេញចូល​ក្នុង​បេះ​ដូង​ខ្ញុំ​លឿន​ខុស​ធម្មតា​​ធ្វើ​ឲ្យ​សង្វាក់​បេះ​ដូង​ខ្ញុំ​ដើរ​ញាប់​។ ខ្ញុំ​នឹក​ក្នុងចិត្តថា ចុះហេតុអ្វីថ្ងៃមុននិយាយ ផ្សេង។ ថ្ងៃនេះប្រែប្រួល​និយាយ​ផ្សឹង? សេរី​មិន​បញ្ចេញ​យោ​បល់​អ្វី​ទាំង​អស់​។ គេ​នៅ​ស្ងៀមទ្រឹងហើយដើរចេញទៅទម្រេតខ្លួនលើគ្រែ ក្នុងបន្ទប់ធ្វើព្រងើយ។ នាងជាត្តា​បាត់​សង្សារ​ក៏​ដើរ​តាម​រក​។ នាង​ឃើញ​សេរី​ស្ងៀម​ស្ងាត់​ទឹក​មុខ​ស្ងួត​។ ខ្ញុំដើរចេញទៅខាងក្រៅវិញ។ ស្រាប់តែខ្ញុំឮនាងជាត្តាសួរសេរីកូនប្រុសខ្ញុំ។

- បងសេរី! បងស្រឡាញ់អូនទេ? ជាត្តាស្រឡាញ់បងណាស់។
- បងក៏ស្រឡាញ់អូនណាស់ដែរ តែជាត្តាអូនអើយ! យើងទាំងពីរប្រហែលជួបគ្នាត្រឹមនេះ។ យើងមិអាចរៀបការជាភរិយាស្វាមីទេ!
- ម៉េចអីចឹងបង?
- ព្រោះបងគ្មានលទ្ធភាព។ ឪពុកម្តាយបងក៏គ្មានលទ្ធភាពដែរ។ ម្តាយអូនបង្គាប់ធ្ងន់ណាស់ អូនឮស្រាប់ហើយ។
- បងសេរី! បងកុំនិយាយអីចឹង។ ពាក្យបង្គាប់ប៉ុណ្ណឹងមិនច្រើនទេ។ បងគិតមើល អូន​ជា​ស្រី​។ ម៉ាក់​ប៉ា​អូន​លើក​អូន​ឲ្យ​បង​​ទទេ​​​មិន​កើត​ទេ សូម​បង​អាណិត​អូន​ផង ជួយជាត្តាឲ្យបំពេញបំណងប៉ាម៉ាក់ផងណា។ ក្នុងមួយជាតិនេះ អូនរៀបការតែម្តងទេ។
- ជាត្តា យើងធ្លាប់និយាយរឿងនេះអស់ហើយទេតើ។ ហេតុអ្វីបានជាប្រែ ប្រួលទៅវិញ? អូនធ្លាប់​សន្យា​អះ​អាង​ប្រាប់​បង​ថា អូន​ស្រ​ឡាញ់​បង​មិន​យក​ប្រាក់​ជា​ធំ​។ ចុះ​ហេតុ​អ្វី ពេលនេះម៉ាក់ប៉ាអូនយកប្រាក់ និងមាសជា ឧបសគ្គ?
- សូមបងកុំខឹងប៉ាម៉ាក់អូនអីណ៎ា។ អូននិងអង្វរករគាត់ សូមបងកុំព្រួយចិត្តពេក។

   មាតារបស់នាងជាត្តា នៅតែប្រកាន់ខ្ជាប់គំនិតគាត់ដដែល។ គាត់បញ្ជាក់ថា បើសេរីកូនប្រុសខ្ញុំស្រឡាញ់​កូន​ស្រី​គាត់ សេរី​ត្រូវ​ខំ​ពុះ​ពារ​សម្រប​តាម​ទម្លាប់​ខ្មែរ​យើង​។ បើ​ពុំ​ដូច្នេះ​ទេ គាត់និងលើកជាត្តាឲ្យបុរសផ្សេង ដែលកំពុងរង់ចាំ សេចក្តី​សម្រេច​ចិត្ត​របស់​គាត់​។ គេ​សុខ​ចិត្ត​បំពេញ​បំណង​គាត់​ទាំង​ស្រុង ក្រោយពីសេរីផ្តាច់ពាក្យពីកូនស្រីគាត់ភ្លាម។

   ឮពាក្យនេះថែមទៀត សេរីដែលមានសេចក្តីស្នេហាដ៏លើសលប់លើជាត្តា ក៏សម្រេចចិត្តស្វះស្វែងរត់រកប្រាក់គ្រប់ទីកន្លែង​ឲ្យ​តែ​បាន​នាង​ជាត្តា​ជា​គូ ជីវិត​ក្នុង​ជាតិ​នេះ​។

   មួយរយៈពេលក្រោយមក សេរីអួតប្រាប់ខ្ញុំថា ខ្លួនគេខ្ចីប្រាក់ធនាគារបាន ហើយ។គេនឹងរៀបចំមង្គលការរបស់​គេ​ជា​មួយ​នាង​ជាត្តា​យ៉ាង​អឹក​កធឹក​ ឲ្យ​សម​តាម​ចិត្ត​របស់​គ្រួសារ​ខាង​ស្រី។ ក្រោយពិធីមង្គលការដែលគេមើល ឃើញសំបកក្រៅថាមាន​សភាព​ឧឡា​រិក​អឹក​អធឹក​នោះ​សេរី​ធ្វើ​មុខ​ក្រៀម​ផ្អេះ​ញញឹម​លែង​សម បន្ទាប់​ពី​បាន​គិតគូរប្រាក់ចំណងដែរួច ឃើញថាខ្វះ ប្រាក់ថ្លៃម្ហូបភោជ​នីយដ្ថាន​។ ដូច្នះ​សេរី​ត្រូវ​សរ​សេរ​មូលប្ប​ទាន​ប័ត្រ​ សង​ថ្លៃ​ម្ហូប​តុ​ចិន​បន្ថែម​ទៀត។

   ខ្ញុំនឹកអាណិតកូនខ្លោចចិត្ត។ខ្ញុំតូចចិត្តណាស់ដែលមិនអាចជួយកូនបាន។ ខ្ញុំក៏មិនបានដឹងថា តើខាងស្រីគេ​យល់​ឃើញ​យ៉ាង​ណា​ដែរ? ឬ​មួយ​សេរី លាក់​រឿង​នេះ​មិន​ឲ្យ​មាតា​បិតា​ក្មេក​ដឹង ដើម្បីជាមោទនភាពផ្ទាល់ខ្លួន។ ថ្ងៃមង្គលការដែលជាថ្ងៃសុភមង្គលនោះ​ត្រូវ​ជំនួស​វិញ​ដោយ​ការ​​ក្រៀម​ក្រំ​។ ផល​វិបាក​នេះ​ធ្លាក់​លើ​ស្វាមី​ភរិយាថ្មីថ្មោងដែលត្រូវកសាងទ្រនំ គ្រួសារ។ បន្ទុកទាំងប៉ុន្មាននេះ គ្មាន​ធ្លាក់​លើ​នរណា​ធ្ងន់​ក្រៅ​ពី​សេរី​​កូន​ប្រុស​ខ្ញុំ​ទេ ព្រោះ​នាង​ជាត្តា​ភរិយា​របស់​សេរីពុំទាន់មានការធ្វើនៅឡើយ។ នាងត្រូវរំពឹងលើសេរីជាស្វាមីទាំង​ស្រុង​។ សេរី​ធ្វើ​មុខ​ជួរ​ហួញ​​ដំណើរ​ល្ហិត​ល្ហៃ​ម្ហេតៗ​បាក់​កម្លាំង​ចិត្ត ដូចមនុស្សកើតអេដស៍ ពីព្រោះទម្ងន់ប្រាក់ បំណុលធ្លាក់លើខ្លួនទាំងស្រុង។ ថ្ងៃ​នេះ​ខ្ញុំ​ឭ​សេរី​ពោល​ប្រាប់​ភរិយា​ថា៖

   - ឪពុកម្តាយរបស់អូន ស្មានថាបងនៅស្រុកបារាំងយូរឆ្នាំសម្បូរណ៍ធូរធារ សល់ប្រាក់សន្ធឹកណាស់ហើយមើលទៅ។ អូន​ដឹង​ទេ យើង​បាន​ខ្ចី​ប្រាក់ ធនា​គារ​ដើម្បី​រៀប​ការ​។ យើងត្រូវកាត់ប្រាក់សងធនាគាររាល់ខែ។ បង ត្រូវបង់ប្រាក់កាត់សងថ្លៃ​ទិញ​រថ​យន្ត​ទៀត​។ ខែ​នេះ​យើង​ត្រូវ​សង​ភោជ​ នីយ​ដ្ឋាន​ថ្លៃ​ជំពាក់​ម្ហូប​ការ​យើងទៀត យើងច្បាស់ជាខ្វះមុខខ្វះក្រោយ មិនខាន។

   - ទ្រាំសិនទៅបង។ នេះមកពីយើងធ្វើអ្វីៗហួសសមត្ថភាពរបស់យើង។ ម៉ាក់ខ្ញុំ គាត់មិនទាន់យល់ជីវភាពស្រុក​បារាំង​ទេ​។ គាត់​ចេះ​តែ​ផ្អើល​​តាម​គេ ជឿ​គេ​ដែល​ខំ​អួត​អាង​បញ្ចេញ​សំញែងឫកឲ្យគាត់កោត។ ឥឡូវនេះ ទុក្ខលំបាកមិនមែនធ្លាក់លើម៉ាក់ឯណា គឺ​ធ្លាក់​លើ​ខ្ញុំ​ជា​កូន​ស្រី​គាត់​ និង​បង​ជា​កូន​ប្រសារ​។ អូន​យល់​ច្បាស់​ហើយពេលនេះ។ ណ្ហើយចុះបង យើងទ្រាំលំបាកបន្តិចសិនចុះ ទម្រាំយើង​ដោះ​បំណុល​គេ​ផុត​អស់​។ ​កាល​ណា​យើង​ខ្វះ​ខាត​ខ្លាំង ចាំ​អូន​សុំ​ខ្ចីលុយម៉ាក់ចាយ។ អូនជឿថា ប្រាក់ពីរ ម៉ឺនដែលគាត់បង្គាប់បងនោះ ប្រ​ហែល​ជា​គាត់​មិន​ទាន់​ចាយ​ទេ​។

   -ជាត្តា បងមិនលាក់អូនទៀតទេ។ កាលបងតាមស្រឡាញ់អូន បងឮម៉ាក់ អូននិយាយអួតពីប្រុសៗមាន​លុយ មាន​ឡាន​តាម​ស្រឡាញ់​អូន​គ្រប់​គ្នា​។ បង​យល់​ថា ម៉ាក់​អូន​សម្លឹង​ឃើញតែអ្នកមាន ទើបបានជាកុហកគាត់មិន ហ៊ាននិយាយថា បង​គ្មាន​លុយ​ការ​ប្រពន្ធ​។ បង​​ក៏​បាន​ភរ​ម៉ាក់​ថា បង​មាន​ភារៈ​ចិញ្ចឹម​ឪពុក​ម្តាយរបស់បងដែលគ្មានការងារធ្វើ និងជួយផ្គត់ផ្គង់ប្អូនៗ របស់បង​ដែល​កំពុង​រៀន​។ តាម​​ពិត​បង​អា​ណិត​ប៉ា​ម៉ាក់​បង​ណាស់។ គាត់ មិនដែលទាមទារ ឬក៏ប៉ះពាល់លុយកាក់បងម្តងណាទេ តាំងពី​បង​ចេញ​ធ្វើ​ការ​មក​។ កាល​​បង​នៅ​ជា​មួយ​គាត់ បង​ចាយ​លុយ​ហ៊ឺ​ហា​ជាមួយអ្នក ដទៃ។ បងពុំដែលបានជូយលុយ និងជូនប្រាក់គាត់ឲ្យ​គាត់​សប្បាយ​ចិត្ត​ម្តង​ណា​ទេ​។ បង​ជា​កូន​ម្នាក់​ខុស​ពី​កូន​ឯ​ទៀត ដែល​តែងនាំកង្វល់ជូន គាត់ឥតល្ហែ ព្រោះបងមានចរិតរឹងរូសមានៈ។ ឥឡូវ​នេះ បើ​សិន​ជា​ម៉ាក់​បង​ដឹង​ថា យើង​យ៉ាប់​យ៉ឺន​ដល់​ម្លឹង គាត់​មុខ​ជា​ពិបាក​ចិត្ត​មួយ​ជាន់ទៀត​ហើយ។

   សេរីកូនប្រុសខ្ញុំ និយាយពីគ្រោះជាមួយភរិយានៅពេលដែលគេនាំគ្នា មកលេងសាកសួរសុខទុក្ខយើងជា​មាតា​បិតា​។ ខ្ញុំ​ឮ​វាចា​កូន​ប្រុស​ខ្ញុំ ​ដែល​និយាយ​ត្អួញ​ត្អែរ​ប្រាប់​ភរិយា ខ្ញុំ​អាណិតកូនខ្លោចចិត្ត។ ទឹកភ្នែក ពីរតំណក់រមៀលធ្លាក់ពីនេត្រាខ្ញុំ។ ចិត្តជាមាតា​ពិត​ជា​មិន​ខុស​ពី​ចិត្ត ម្តាយ​​ទូ​ទៅ​ក្នុង​លោក​យើង​នេះ​ទេ​។ ទោះបីជាកូនធ្លាប់បានធ្វើឲ្យម្តាយ ពិបាកចិត្តកំរឹតណា ព្រហ្មវិហារធម៌របស់មាតា​នៅ​តែ​មាន​ជា​និច្ច​ចំពោះ​កូន​។​ ​ការ​ដែល​សេរី​បាន​ភ្ញាក់​រលឹក​ដឹង​ខ្លួន​ថា ធ្លាប់ប្រព្រឹត្តអំពើដែលធ្វើ ឲ្យខ្ញុំមិនសប្បាយចិត្តប៉ុណ្ណេះ វាគ្រប់គ្រាន់ពេក​ណាស់​ទៅ​ហើយ​ចំពោះ​ខ្ញុំ​។ មនុស្ស​យើង​សំខាន់​ណាស់​ការ​ទទួល​កំហុស ឬសារភាពថាខ្លួនខុស ព្រោះជាអំពើដ៏សែនថ្លៃថ្លាមួយដែលដឹកនាំរូប​គេ​ឲ្យ​លះ​បង់​ចោល​អ្វី​ដែល​​មិន​ល្អក​ន្លង​ទៅ​។ ពី​មុន​ ខ្ញុំ​តែង​តែ​គិត​ថា សេរីមិនងាយយល់ចិត្តខ្ញុំឡើយ ក្នុងមួយជីវិតនេះ ព្រោះសេរីមានភេទ​ជា​ប្រុស​។ គេ​មាន​តែ​ឈ្មោះ​ជា​ប្តី​និង ជា​បិតា​។ គេ​មិន​អាច​យល់​ចិត្ត​ភរិយា​ ជា​ពិសេសចិត្តមាតាបានទេ។ តើ សេចក្តីស្នេហារបស់មាតា នរណា​វាស់​បាន​ស្មាន​ត្រូវ​? គឺ​ពិត​ជា​ជ្រៅ​ជាង​​ជម្រៅ​មហា​សាគរ​។

   ខ្ញុំបួងសួងអធិដ្ឋានព្រះជាម្ចាស់សូមថែរក្សាកូនប្រុសខ្ញុំនិងភរិយារបស់គេ ឲ្យបានសេចក្តីសុខ ពោរពេញទៅដោយ​សុភ​មង្គល និង​សម្បូរណ៌​សប្បាយ​។ នេះ​ហើយ​ជា​បំណង​របស់​ម្តាយ​គ្រប់​រូប។ រាល់ម្តាយមិនចង់ ឃើញ មិនចង់ដឹងឮសេចក្តីទុក្ខវេទនារបស់បុត្រធីតាណាម្នាក់ឡើយ៕

ចប់បរិបូណ៍
សរសេរចប់នៅស្រ្តាស់បួរ ខែសីហា ឆ្នាំ១៩៨៣
កែសម្រួលឡើងវិញ នៅម៉ុងទីញី ប្រទេសបារាំង ថ្ងៃទី២០ ខែមេសា ២០១២។