មួយខែកន្លងមក ... ។
សូផាន​បាន​ចូល​ធ្វើ​ការ​ជា​យន្ត​ការី​នៅ​រោង​ចក្រ​ឯក​ជន​ក្រុង​កំពង់​ចាម​។ រៀង​រាល់​ទិវា​រាត្រី មានព​នឹក​មមៃ​ដល់​ភរិយា​ឧត្តម​ស្នេហា មិន​ដឹង​នាង​ព្រួយ​លំបាក​យ៉ាង​ណា​រស់​នៅ​ជា​មួយ​គ្រួសារ​។ នាយ​ព្រួយ​បា​រម្ភជា​និច្ច​ចំពោះ​ចិត្ត​កាច​សាហាវ​របស់​ម្តាយ​អ្នក​មិន​ពេញ​ចិត្ត​នឹង​កូន​ប្រសា​ដែល​មាន​ជាតិ​សាសន៍ វណ្ណ ខុស​គ្នា​ដូច​មេឃ នឹង​ស្មៅ​។ មែន ​! បើ​អស់​លោក​អ្នក​នាង រេ​ចក្ខុ​ទៅ​មើល​គ្រួសារ​មីង​តៅ​ម្តង​តើ​មាន​ប្រតិកម្ម​យ៉ាង​ណា​ខ្លះ​?

- នែ ! នាងស្រីល្អ ផ្លាស់​សំពត់​អាវ​ថ្មីៗ​ចេញ នាង​អែង​ស្លៀក​ពាក់​សំពត់​អាវ​រហែក​ៗ​នេះ​បាន​សម ក្រែង​នៅ​ព្រៃ​ភ្នំ​ស្លៀក​ពាក់​តែ​ស្លឺក​​ឈើ វ័ណ្ឌ​ក​ន្ទប​ទេ​តើ​!​។
មីងតៅ​ចាប់​សំរាត​សំពត់​ខ្មៅ​ពី​ចង្កេះ​គិរី​ចេញ បោះ​សំពត់​រហែក​រាប់​រយ​បំណាស់​អោយ​មណ្ឌល​គិរី​ស្លៀក​។ ស្រី​អភ័ព្វ​ក៏​ធ្វើ​តាម​បញ្ជា​ម្តាយ​ក្មេក​ចិត្ត​កាច​រិស្យា​។
- ម៉ែអោយ​ខ្ញុំ​ធ្វើ​ការ​អ្វី​ទៀត ស្រូវ​មួយ​ជង្រុក​ខ្ញុំ​កើបច្រក​បាវ​អស់​ហើយ​!
- អើ ! បើ​អស់​ហើយ​ជ្រះ​ទឹក​សិនទៅ នឹង​អាល​រែក​ទឹក​ចាក់​អោយ​ពេញ​ពាង​ទាំង​១៥​កុំ​ខាន តែ​រែក​មិន​ពេញ​អញ​វាយ​បំបែក​ក្បាល​!
- ចា៎ ! ចា៎ ! ខ្ញុំអស់​កំលាំង​ណាស់​សុំ​សំរាក​មួយ​ស្របក់​​សិន​!
- ទេ ! ទេ ! គ្មាន​សំរាក​អ្វី​ទេ មក​នៅ​ផ្ទះ​អញ​ត្រូវ​តែ​ធ្វើ​ការ​គ្មាន​សំរាក បើ​ពុំ​សុខ​ចិត្ត​ទៅ​ស្រុក​ភ្នំ​នាង​អែង​វិញ​ទៅ ​!

មណ្ឌលគិរីដោយ​ស្រលាញ់​ប្តី​ងប់​ងល់​ពេក នាង​ដើរ​ទៅ​ខាង​ក្រោយ​ផ្ទះ​យក​ប៉ោត​រែក​ទឹក​អណ្ដូង​ដែល​នៅ​ឆ្ងាយ​ពី​ផ្ទះ​ជាង​មួយ​គីឡូ​ម៉ែត្រ​។ នាង​រែក​បណ្ដើរ យំ​បណ្ដើរ​តាម​ផ្លូវ​។ កំលាំង​នាង​អន់​ថយ​ជា​លំដាប់​។ នារី​នឹក​ឃើញ​សព្វ​គ្រប់​កាល​នៅ​ជា​មួយ​បីតា មិន​ដែល​ធ្វើ​ការ​អ្វី​ធ្ងន់ រឺ​ត្រូវ​ថ្ងៃ​ក្តៅ​ ខ្លោច​ស្បែក​ដូច្នេះ​ឡើយ​។ អីលូវ​ខ្លួន​ នាង​មាន​កម្ម, ត្រូវ​ទទួល​ទណ្ឌ​កម្ម​ពី​ធម្ម​ជាតិ​អាក្រក់​គ្រប់​ជំហាន​។ កាល​បើ​រែក​ទឹក​ចាក់​ពេញ​ពាង​ហើយ នាង​អស់​កំលាំង ពេក​ចូល​ទៅ​ដេក​សំរាក​ក្នុង​បន្ទប់​ដោយ​ស្ងៀម​ស្ងាត់​។ ដោយ​ការ​ល្វើយ​អស់​កំលាំង ស្រី​អភ័ព្វ​បិទ​ភ្នែក​គេង​លក់​ទាំង​ជល​នេត្រ​រហាម​អែ​ព្រះ​សុរិយា​ក៏​បាន​រំកិល​ព្រះ​កាយ​ខិត​ជិត​រូង​បព្វតា​នា​បស្ចិម​។ មីង​តៅ​ដែល​ដេក​ចាំ​តែ​បរិភោគ​ស្រាប់​នោះ ចាំ​បាត់​ៗ​ពុំ​ឃើញ​គិរី​លើក​ម្ហូប​អាហារ​មក​ក៏​ឆ្ងល់​ខ្លាំង​ដើរ​ទៅ​រក​បន្ទប់​នាង​។ គាត់​ថយ​ក្រោយ​ភ្លាម​ទៅ​កាច់​រំពាត់ ផ្តៅ​ប៉ុន​មេដៃ​មក​កាន់ ស្ទុះ​ចូល​ទៅ​ក្នុង​បន្ទប់​។

- ខ្វាប់ ៗ ខ្វាប់ ៗ ខ្វាប់ ! ៗ
- អូយ ៗ អូយ ម៉ែ អភ័យទោសកុំវាយខ្ញុំ ខ្ញុំឈឺណាស់ !
នារីយំអោបជើងមីងតៅ ។ អែស្រី​កំនាច​គ្មាន​ត្រា​ប្រណី​ទេ វាយ​កូន​ប្រសា​ ដូច​វាយ​ត្រី ។
- មេសត្វតិរច្ឆាន ថ្មើរ​នេះ​ហើយ​វា​ដេក​ភ្លេច​ដាំ​បាយ​ទឹក​អស់ ធ្វើ​ការ​បន្តិច​បន្តួច​វាហត់ វា​ថ្ងូរ វា​ធ្វើ​ដូច​ជា​ហត់​ណាស់​!​
- អូយ ! អូយ ! ម៉ែអើយ​ឈឺណាស់ ខ្ញុំ​រាង​ហើយ ! ស្រី​កំនាច​វាយ​វាត់​ផ្តៅ​ពេញ​កាយ​ស្រី ក្រហម​ពេញ​ប្រាណ​ជាំ​ឈាម​។ នារី​ទុគ៌ត​ខាំ​មាត់ សង្កត់​ធ្មេញ​ទទួល​ទណ្ឌ​កម្ម​យ៉ាង​មហា​ទារុណ​។
-ទៅ ! ទៅ ! រកដាំបាយអោយលឿនៗ ។
- ចា៎ ! ចា៎ ! ឈប់វាយខ្ញុំទៅម៉ែ ខ្ញុំទៅដាំបាយ !
នារីដើរចូលទៅក្នុងបន្ទប់​បាយ រក​ឆ្នាំង​ច្រក​អង្ករ។ នាង​-ដណ្ដាំ​​បាយ​​បណ្ដើរ​យំ​​សសិត​​ខ្សឹក​ខ្សួល​បណ្ដើរ។ កញ្ញា​សារឿន​ដែល​ទើប​ត្រលប់​ពី​ស្រុក​ស្រែ ផ្លាស់​សំលៀក​បំពាក់​ទុក​រត់​រក​បង​ស្រី​នាង​លឺ​សំណោក​ក្តុក​ក្តួល​ក្នុង​ផ្ទះ​បាយ​។
- បង ! បង !នរ​ណា​ធ្វើ​អី​បង បង​យំ​យ៉ាង​ហ្នឹង ?
- អូយ ! អូន​កុំ​ពាល់​បង​ខ្លាំង​ពេក បង​ឈឺ​ក្រហាយ​រោល​រាល​ពេញ​ខ្លួន​អស់​!
សារឿន​ដោះ​អាវ​បង​ថ្លៃ​មើល​ឃើញ​ឈាម​ក្រហម ឃើញ​ស្នាម​រំពាត់​ជាំ​ខ្មៅ​នាង​អោប​ថើប​បង​ស្រី​យំ​ទាំង​ពីរ​នាក់​
- បង ! ម៉ែ​វាយ​បង​ច្រើន​ណាស់ទៅ​​រឺ​អី​បង! ខ្ញុំ​ពុំ​ចង់​ទៅ​ណា​ចោល​បង​ទេ តែ​ទៅ​ម៉ែ​វាយ​ធ្វើបាប​បង ហ៊ី!.ហ៊ី!.បង​ឈប់​ដាំ​បាយ​ទៅ​សំរាន្ត​ចុះ​ទុក​អោយ​អូន​ធ្វើ​ជួស​!
- មិនបានទេអូន ! ម៉ែវាយបងទៀតអីលូវ !
- ទេ ! ទេ ! ខ្ញុំមិនទុកអោយម៉ែវាយបងទៀតទេ !
- កុំអី ទុក​អោយ​បង​ទ្រាំ​តាម​កម្ម​របស់​បង ! ស្រប​ពេល​ដែល​នារី​ទាំង​ពីរ យំ​អោប​គ្នា​ក្នុង​ផ្ទះបាយ មីង​តៅ​មក​ទាន់​ ។
- នែ ! មីសារឿន ម៉ែង៉ែង រឺបានជាមកយំអោបគ្នាយ៉ាងហ្នឹង !
- ចា៎ ! ទេ​ម៉ែ ! ម៉ែ​វាយ​បង​ចេញ​ឈាម របក​ស្បែក​អស់ ចុះ​បង​ឈឺ​យ៉ាង​ណា ​? ត្រង់​រូប​ម៉ែ​គ្រាន់​តែ​បន្លា​មុត រឺ​ដើរ​ជំពប់​ជើង​បន្តិច​បន្តួច​ម៉ែ​ថ្ងូរ​ថា​ឈឺ ចុះ​បើ​វាយ​គេ​ដូច​សត្វ​តើ​គេ​ឈឺ​យ៉ាង​ណា​?
- មីសារឿន ! ង៉ែង​ចង់​ធ្វើ​ម្តាយ​អញ​រឺ​? ចេញ​អោយ​ឆាប់​ៗ​សារឿន​មិន​ព្រម​ចេញ ស្ទុះ​ទៅ​អោប​ជើង​បង​ថ្លៃ​យំ
- ខ្វាៗ ខ្វាប់ ៗ ប៉ាំង !ៗ ......។
មីង​តៅ​វាយ​កញ្ញា​ទាំង​ពីរ​នាក់​។ មណ្ឌល​គិរី​ឃើញ​ប្អូន​ស្រី​ត្រូវ​រំពាត់ នាង​ស្ទុះ​ក្រាប​លន់​តួ​ម្តាយ​ក្មេក​។
- ម៉ែ ! ម៉ែ វាយខ្ញុំនេះវិញ ខ្ញុំទេតើដែលខុស !។

ថារួចស្រស់​ស្រី​ចូល​រង​រំពាត់​ជួស​សារឿន ប៉ុន្តែ​សារឿន​មិន​ព្រម​ នាង​យក​ខ្នង​ការ​ពារ​ជួស​បង​ស្រី​។ មេ​ផ្ទះ​កំណាច​ដូច​រន្ទះ​បាញ់ កាល​បើ​វាយ​បុត្រី​ទាំង ២​រួច​​ក៏​​ចូល​កាន់​គ្រែ​​ដេក​​យក​​កំលាំង​​។ មណ្ឌល​គិរី និង​សារឿន​នៅ​អោប​គ្នា​យំ​ពេញ​បន្ទប់​ដោយ​ឈឺ​ក្តៅ​ពេញ​ប្រាណ​​។​

កុប ! កុប ! កុប ! ។ សូរជើងសេះមកដល់ ។ សារឿនស្ទុះចេញទៅក្រៅមើល ។
- បង ! បង ! បង សូផាន ! បងសូផាន !
សារឿនអោបចង្កេះបងប្រុសយំ ។ មណ្ឌលគិរីស្ទុះតោងចង្កេះប្តី ។
- អូន ! អូន ! នរណាធ្វើអីអូន បានជាអូនយំទាំង២នាក់ ?
- ហ៊ី ! ហ៊ី ! បងអើយ ...ម៉ាក់វាយបងស្រីបែកឈាមពេញខ្នងអស់ហើយ !
- ពុទ្ធោ ! ម៉ាក់វាយអូនគិរី ?
បុរសស្ទុះអោបបន្តូរជីវិត ដោះអាវមើលឃើញស្នាមរំពាត់កន្ទួលចេញឈាម ។
- អូនគិរីមាសបង ! អូនឈឺយ៉ាងណា អូខ្លោចផ្សាយ៉ាង​ណាដែរ​អូន ! ប្រាប់​បង​មក​អូន​បង​រក​ថ្នាំ រក​ស្លឺ​ចេក​ស្អំ​អោយ​អូន ​! ។
បុរសអភ័ព្វនិយាយ ដៃអង្អែលកាយស្រីសង្សារថ្នម ៗទឹកភ្នែកមេត្តាករុណា អានិតប្រពន្ធហូររហាមធ្លាក់លើទ្រូង ។
- មិនឈឺទេបងប៉ុណ្ណេះ សូមអោយតែចិត្តបងស្មោះត្រង់លើរូបអូន! ។
- អូននៅសង្ស័យអ្វីទៀត បងស្រលាញ់អូនស្មោះអស់ពីពោះទៅហើយ បងស្រលាញ់អូនរកអ្វីប្រៀបប្រដូចគ្មានឡើយ !
- អូន ! អូនកុំយំ !បងស្រលាញ់អូនណាស់ ! ។
ខណ​ដែល​បុរស​គូ​លលក​ញី​ឈ្មោល​ថ្នាក់​ថ្នម​បីបម​លួង​គ្នា​នោះស្រី​កំណាច​រិស្យា​ឈរ​ស្តាប់​នៅ​ក្រៅ​ជញ្ជាំង​។ មុខ​ឡើង​ក្រហម​ការ់​រំពាត់​ចូល​ក្នុង​បន្ទប់​។ គាត់​លើក​ដំបង​សំពង​ក្បាល​មណ្ឌល​គិរី និង សូផាន​។
- អាសូផាន ! អាអែង​មិន​ត្រូវ​អោប​ក្រសោប​មេ​ស្រី​ចង្រៃ​នេះ​ទៀត​ទេ​! មើល​អែង​តាម​អញ​ជា​ម្តាយ ​រឺ​តាម​ប្រពន្ធ ថា​មក​អោយ​ឆាប់​ៗ អញ​នឹង​អាល​ចាត់​ការ​ទៅ​ទៀត​?
- ម៉ាក់ ! ម៉ាក់ ! អាណិតទ្រូងកូនទៅ កូនស្រលាញ់មណ្ឌលគិរីណាស់ !
- អ្ហា៎ ! អែង​ស្រលាញ់​វា​ជាង​ម្តាយ​ទៅ​ទៀត ? ប៉ាំង ! ប៉ាំង ! ប៉ាំង .........។
ម្តាយ​ចិត្ត​ក្តៅ​វាយ​សំពង​សូផាន​។ មណ្ឌល​គិរី​ឃើញ​ដូច្នេះ​យក​ខ្លួន​នាង​រង​មុខ​ដំបង​។
- ប៉ាំង ! ប៉ាំង ! ប៉ាំង ។
- ង៉ែងពូកែរឺ? សំពងង៉ែងអោយងាប់ ! ។
- ម៉ាក់ ! ម៉ាក់ ! ឈប់ ឈប់ កុំវាយគេ ខ្ញុំតាមម៉ាក់ហើយ !
- អែងតាមអញមែន រឺ?
- បាទ ! បាទ ! ។
- អើបើតាមអញត្រូវងូតទឹកអោយជ្រះស្លៀកពាក់អោយស្អាតឡើងរថយន្តទៅក្រចេះជាមួយអញ ។
- ទៅធ្វើអ្វីម៉ាក់ !
- អញនាំអែងទៅមើលកូនក្រមុំគេ ដែលអញបានស្តីដន្ដឹងទុកយូរហើយនោះណា៎ !
- ពុទ្ធោ ! បានសេចក្តីថាម៉ាក់សំលាប់ជីវិតស្រីកំសត់ម្នាក់អោយស្លាប់ទៅហើយ រឺអ្វី ?
- អើ ! អញមិនអោយអាអែងយក មេស្រីព្រៃភ្នំដូចសត្វពន្លាត់នេះទៀតទេ ត្រូវលែងវាចោលទៅ?
បុរសឈ្ងោកមុខយំខ្សឹកខ្សួលសម្លឹងមុខប្រពន្ធដែលឈរយំក្បែរនោះ ។
- អូន ! អូន! គិរី​អើយ យើង​បែក​គ្នា​ហើយ​ជាតិ​នេះ​បង​ត្រូវ​ម្តាយ​បង្ខំ​អោយ​យក​ប្រពន្ធ​ថ្មី... តែ​ទោះ​បី​យ៉ាង​ណា​ក៏​បង​ពុំ​ចោល​អូន​ទេ បង​ត្រូវ​បំពេញ​ចិត្ត​ម្តាយ​របស់​បង​មួយ​គ្រា​សិន !​។

គូស្វាមី​ភរិយា​យំ​អោប​រឹត​ទ្រូង​គ្នា​សែន​វេទនា​ភ្នែក​។ រំពេច​នោះ មីង​តៅ​ស្លៀក​ពាក់​ចាប់​ទាញ​ដៃ​សូផាន​អោយ​ចេញ​ពី​មណ្ឌល​គិរី​ទៅ​រក​រថ​យន្ត​ដែល​ឈប់​មុខ​គេ​ហដ្ឋាន​។ មណ្ឌល​គិរី នារី​រង​កម្ម​យំ​សស្រាក់​អិត​ដាច់​ទឹក​ភ្នែក​ជា​មួយ​សារឿន​:

- សារឿនអូន ! បងពុំ​អាច​រស់​នៅ​ជា​មួយ​អូន​បាន​ទៀត​ទេ បង​នឹង​វិល​ទៅ​រស់​នៅ​ជា​មួយ​ឳពុក​វិញ បង​ៗ​លា​អូន​ក្នុង​ថ្ងៃនេះ​ហើយ ...ទុក​អោយ​បង​សូផាន​រស់​សុខ​សាន្ត​ជា​មួយ​ប្រពន្ធ​ក្រោយ​ចុះ ​។
- ទេ ! ទេ ! បងខ្ញុំទៅតាមបងដែរ ខ្ញុំមិនអាចរស់នៅដោយខ្វះរូបបងទេ !
- កុំអូនសារឿន ទៅមិនបានទេស្រុកបងឆ្ងាយណាស់ !
- ទោះបីឆ្ងាយយ៉ាងណាក៏ដោយ ក៏អូនសុខចិត្តជូនបងទៅដែរ អោយស្គាល់កន្លែងរបស់បង !
- ទៅមិនកើតទេអូន ! ទុកអោយបងដើរកាត់ព្រៃផ្សៃម្នាក់អែងបានហើយ !
- ទេ ! ខ្ញុំទៅជាមួយបងហើយ ! កុំឃាត់ខ្ញុំមិននៅទេ !
និយាយចប់ មណ្ឌលគិរីរៀបចំខ្លួនប្រាណចុះដី លាប្អូនស្រី ។
- អូនកុំទៅ !បងងលាហើយ ! ។

នាង​យំ​អាលោះ​អាល័យ​ប្តី អាល័យ​ប្អូន​ថ្លៃ ​។ មណ្ឌល​គិរី​អោប​បង្វេច​ខោ​អាវ ដើរ​កាត់​ព្រៃ​ទៅ​រក​ភ្នំ​យុក​ណាំ​លៀរ​ដែល​នៅ​សែន​ឆ្ងាយ​រាប់​រយ​យោជន៍​។ នាង​ដើរ​ងាក​ក្រោយ ម្តង​ៗ មើល​មក​លំ​នៅ​​ស្វាមី​។ ស្រស់​ស្រី​អភ័ព្វ​ដើរ​បាន​ប្រហែល ៥​គីឡូ​ម៉ែត្រ​ស្រាប់​តែ លឺ​ស្នូរ​ជើង​សេះ​តាម​ពី​ក្រោយ​។

- បងគិរី ! បងគិរីចាំអូនផងអូន​ទៅ​នៅ​ជាមួយ​បង​ដែរ! បង​គិរី ! បង​គិរី ! នាង​ឈប់ ! យក​ដៃ​ជូត​ទឹក​ភ្នែក​សំលឹ​ង​ប្អូន​
- វិលវិញទៅអូន កុំតាមបង ! ៗ
- ខ្ញុំទៅជាមួយបងហើយកុំឃាត់ ។ ឡើងជិះសេះមកបង !

មណ្ឌល​គិរី និង សា​រឿន​ឡើង​ជិះ​សេះ​ទាំង​ពីរ​នាក់​បំផាយ​យ៉ាង​លឿន​ទៅ​ភ្នំ​យុក​ណាំ​លៀរ​។ ការ​ធ្វើ​ដំណើរ​កាត់​ព្រៃ​ជ្រៅ ស៊ី​ពេល​វេលា​អស់​មួយ​យប់​គត់​។ នារី​ក្លាហាន​ទាំង​២ នាក់​ឥត​បាន​ដេក​សំរាក​មួយ​នាទី​ឡើយ​។ រី​អែ​អានេយ្យ​ក៏​លុន​គ្មាន​សំចៃ​កំលាំង​ដែរ​។ ព្រឹក​នេះ ប្រ​ហែល​ម៉ោង​ប្រាំ​ពីរ លោក​មណ្ឌល​អង្គុយ​កត់​ត្រា​មុខ​ជំនួញ​ភ្លុក កុយ​រមាស ស្បែក​ខ្លា​នៅ​ក្នុង​រោង​ប្រកប​ដោយ​ទឹក​មុខ​ក្រៀម​ក្រំ ចោល​កន្ទុយ​ភ្នែក​ម្តង​ៗ​ទៅ​ក្រៅ​។ សូរ​ជើង​សេះ កុប កុប ៗ ចូល​មក​ក្នុង​ភូមិ​។ នារី​លោត​ចុះ​ពី​ ខ្នងសេះ​។

- ពុក ! ពុក ! ពុក ! ខ្ញុំមកវិញហើយពុក ! លោក​មណ្ឌល​ភ្លឺក​ស្មារតី ជ្រុះ​ដង​ប៉ាក​កា​ពី​ដៃ​ស្ទុះ​ចាប់​ត្រកង​បុត្រី​យំ​សោក​ទាំង​២​នាក់​។
- កូនមាសឳពុក! កូន​ទៅ​ណា​ចោលឳពុក​យ៉ាងហ្នឹង​កូន ?
- ចា៎ ! កូនសូម​ទោស​ពុក កូន​ខុស​ហើយ កូន​រត់​តាម​ប្រុស​ដោយ​ស្រលាញ់​គេ​ជ្រុល​ពេក អីលូវ​កូន​មក​រស់​នៅ​ជា​មួយ​ពុក​វិញ​ហើយ​!
- កូនរត់តាមប្រុស ...កូន​មក​នៅ​ជា​មួយ​ពុក​វិញ.....អ្ហា៎ ! ប្រសើរ​ហើយ​កូន ...ចុះ​ប្តី​កូន​វា​នៅ​អែ​ណា ​?
- ចា៎ ! គេត្រូវ​ម្តាយ​គេ​បង្ខំ​អោយ​យក​ប្រពន្ធ​ថ្មី​មួយ​ទៀត .....ប៉ុន្តែ​គេ​ពុំ​ចោល​រូប​កូន​ទេ មុខ​ជា​មក​តាម​ពុំខាន​ឡើយ​ នៅ​​ពេល​ខាង​មុខ ព្រោះ​ខ្ញុំ​មក​នេះ​លួច​រត់​ចេញ ...ហើយ​នាង​ដែល​មក​ជា​មួយ​ជា​ប្អូន​ថ្លៃ​របស់​ខ្ញុំ សូម​ពុក​ទទួល​ស្គាល់​រក្សា​នាង​ផង .......នាង​ស្មោះ​ត្រង់​ស្រលាញ់​ខ្ញុំ​ណាស់​។
- អើ ! នាង ក្មួយ​មក​អង្គុយ​ក្បែរ​អុំ​មក !

សារឿន​អង្គុយ​ក្បែរ​លោក​មេ​កន្ទ្រាញ​យុក​ណាំលៀរ​។ ពេល​នោះ​លោក​មណ្ឌល​វាយ​ស្គរ​ប្រមូល​កូន​ឃុំ​អោយ​មក​ជុំ​គ្នា​ដើម្បី​ប្រកាស​ថា បុត្រី​របស់​គាត់​មក​វិញ​ហើយ​។ ១៥​នាទី​ក្រោយ​មក បណ្ដា​ជន​មក​ឈរ​កក​កុញ​មី​ដេរ​ដាស​ពេញ​បរិ​វេណ​។ លោក​មណ្ឌល​នាំ​បុត្រី​ទៅ​ឈរ​លើ​វេទិកា​បង្ហាញ​បណ្ដា​រាស្ត្រ :

លោក​ទាំង​អស់​គ្នា ! កូន​ខ្ញុំ​មក​វិញ​ហើយ នាង​​មាន​ទាំង​នារី​ម្នាក់​ជា​បរិវារ​មក​ជា​មួយ​ផង​។ ល្ងាច​នេះ​សូម​បណ្ដា​ជន​ទាំង​អស់ រក​ទាក់​ដំរី ទាក់​ឈ្លូស​មក​ស៊ី​ផឹក​សប្បាយ​។ ព្រឹក ស្អែក​យើង​ដង្ហែរ​កូន​យើង ទៅ​សុំ​ទោស​ដល់​អ្នក​តា​ម្ចាស់​ស្រុក ដល់​ព្រះ​គ្រូ​ព្រៃ​ភ្នំ​។

លោក​មណ្ឌល​ប្រកាស​ចប់ ស្នូរ​ទះ​ដៃ អប​អរ​សារ​ទរ​លឺ​រំពង​ព្រៃ​ព្រឹក្សា​។ បណ្ដាកូន​ឃុំរត់​បែក​ខ្ញែក​គ្នា​ខ្លះ​រក​ដំរី ខ្លះ​បាញ់​ឈ្លូស​ប្រើស​យក​មក​ជប់​លៀង​សប្បាយ និង​សុំ​ទោស​ដល់​អ្នកតា​ចាំ​ស្រុក​។

*.............*...........*............*...........*............*............*...........*...........*

ម្តងនេះ សូមមិត្តអ្នកអានមេត្តាចោលភ្នែកទៅផ្សារអូររាំងម្តង ។
- សារឿន ! សារឿនអា៎ ! យីទៅណាអស់អីចេះ ? មីងតៅហៅបុត្រី ។
សូផានច្រានទ្វារចូលរកគ្រប់ច្រកល្ហកពុំឃើញ។
- ម៉ាក់ ! ម៉ាក់ យីប្រពន្ធខ្ញុំ ទៅណាអស់ហើយ ... ប្អូនសារឿនក៏បាត់ដែរ ...! អូនមណ្ឌលគិរីអើយ ! អូនគិរី
ទោះបីជនទាំង ២ ហៅយ៉ាងណាក៏គ្មាន លឺចំលើយផង ។
- ម៉ាក់ ! ប្រពន្ធខ្ញ,ប្រាកដជារត់ទៅនៅជាមួយអូវពុកនាងវិញហើយ !
- អើ ! អោយវាទៅចុះ កូន​អែង​នៅ​ជា​មួយ​ម៉ាក់ ម៉ាក់​នឹង​រៀប​ការ​ឆាប់​ៗ នេះ​ពុំខាន​។ មី​សារឿន​បើ​វា​ចិត្ត​ដាច់​ពី​ម៉ែ​ពី​ឳ​ហើយ កុំ​គិត​វា កាត់​កាល​វា​មួយ​ចោល​ទៅ​ កុំ​ទៅ​តាម​វា​មួយ​ជំហាន​។ គង់​តែ​ថ្ងៃ​ណា​មួយ​វា​ត្រលប់​វិល​វិញ​ទេ​។

សូផាន​យំសោក​បោក​ខ្លួន​ដូច​អក​ព្រាត់​គូ រហូត​លង់​លក់​ឥត​ដឹង​ខ្លួន​។ ឯ​មីង​តៅ​វិញ ចិត្ត​កំហឹង​​ពុះ​ពេញទ្រូង ខ្នាញ់​នឹង​បុត្រី​ដែល​រត់​ចោល​គាត់​។ បន្ទាប់​មក គាត់​ស្លៀក​ពាក់​ជា​ថ្មី​ប្រញិប​ប្រញាល់​ទៅ​រក​គ្រូ​អាចារ្យ​ដេញ​លេខ​អត្ត រក​ពេលា​ល្អ​រៀប​ការ សូផាន​នឹង​កញ្ញា សារុន​នៅ​ក្រុង​ក្រចេះ​ ​។