២៣ - ផែនការសំងាត់
ថ្ងៃសៅរ៍ ទី22.តុលា 2016.ម៉ោង 8:01

ក្បួន​ការ​ពារ​អែក​រាជ្យ​ បាន​មក​ដល់​ស្រុក​មង្គល​បុរី​។ គឺ​នៅ​ទី​នេះ​ហើយ​ដែល​ព្រះ​នាង​ខត្ដិ​យាណី​កែវ​មណី​បំរុង​សំរេច​ផែន​ការ​ទី​ពីរ​របស់​នាង​ គឺ​ផែន​ការ​ផ្ដាច់​ជីវិត​ព្រះ​កំពុត​ជា​អូវ​ពុក​មា រួម​ដៃ​ជា​មួយ​មេ​ទ័ព​កាមា​ និង​សហ​ជីវិន​ខ្លះ​ដែល​គេ​អាច​រាប់​អស់​នឹង​ម្រាម​ដៃ មាន​និល​ពេជ្រ និល​អែក​ បក្សី​ជា​ដើម​។

គឺ​ចំនួន​មនុស្ស​មួយ​ក្ដាប់​ខាង​លើ​នេះ​ហើយ​ ដែល​សង្កត់​ខ្មែរ​រាប់​ម៉ឺន​នាក់​។ មួយ​ថ្ងៃ​ផុត​ទៅ​ ការ​តឹង​តែង​ក្នុង​ស្រុក​ក៏​ចេះ​តែ​រីក​ធំ​ឡើង​។ គំនិត​ជាន់​លើ​សិរៈ​សារាស្រ្ដ​ទាំង​អស់​ ដើម្បី​ឡើង​ខ្លួន​អោយ​ខ្ពស់​ផុត​គេ​ផុត​អែង​ ធ្វើ​អោយ​មនុស្ស​ដែល​ចិញ្ចឹម​គំនិត​នេះ គិត​ចេះ​តែ​ខុស​ប្រព្រឹត្ដ​ចេះ​តែ​ឆ្គង​។ មើលហ៍។ ផែន​ការ​ព្រះ​នាង​មណី​ចេះ​តែ​អាក្រក់​ទៅ​ៗ​ អិត​ត្រើយ​។ ក្នុង​រាត្រី​នោះ​ កញ្ញា​អែក​បាន​ប្រជុំ​អស់​សហ​ជីវិន​ ដើម្បី​អោយ​ជន​ទាំង​នេះ​ទទួល​កិច្ច​បញ្ជា​ជា​ចុង​ក្រោយ​បង្អស់​។

ក្នុង​រាត្រី​ដដែល​នេះ​ មានន្ទ​មហា​ចោរ​នៅ​ទល់​ដែន​ដែល​ធីតា​ឆើត​ស្មាន​ថា​ស្លាប់​ទៅ​ហើយ​នោះ​ កំពុង​ទទួល​ទាន​បាយ​យ៉ាង​ស្ងប់​ស្ងៀម​ស្រួល​បួល​ជា​មួយ​តា​គីរី​​សុមេរុ​ក្នុង​ផ្ទះ​តៀម​តូច​មួយ​។ មានន្ទ​អង្គុយ​នៅ​មាត់​បង្អួច​ដែល​កាន់​ភ្លៅ​មាន់​បរិ​ភោគ​យ៉ាង​ឆ្ងាញ់​ពិសា​។ នៅ​ពី​មុខ​ផ្ទះ​តៀម​នេះ គេហ​ដ្ឋាន​មួយ​ដ៏​ស្ដុក​ស្ដម្ភ​អើត​កំពស់​ត្រដែត​​ទៅ​ក្នុង​មេឃ​ងងឹត​។ យូរ​ៗ​ មានន្ទ​បង្ហើប​ស្បែក​បង្អួច​ចោល​កន្ទុយ​ភ្នែក​ទៅ​លើ​ស្លាប​ព្រិល​មាត់​ទ្វារ​នៃ​គេហ​ដ្ឋាន​ដ៏​ស្ដុក​ស្ដម្ភ​នោះ​ ដែល​បិទ​ជិត​ឃើញ​តែ​ពន្លឺច​ង្កៀង​ជះ​លឹម​ៗ​មក​ខាង​ក្រៅ​។ មានន្ទ​សួរ​តាសុ​មេរុ​ថា:

- ផ្ទះនោះជាផ្ទះអ្នកណា ?
តាសុមេរុសំលឹងមើលតាមមានន្ទ មាត់ទំពាសាច់មាន់បណ្ដើរ តបបណ្ដើរ
- ផ្ទះ​នោះ​ គឺ​ជា​ផ្ទះ​ព្រះ​កថា​ថន​។ ពី​ដើម​គេ​មាន​ប្រាក់​ច្រើន​ គេ​តែង​សង់​ផ្ទះ​ត្រង់​នេះ​​ត្រង់​នោះ​ សំរាប់​មក​លំហែ​លេង​។ រួច​គ្មាន​អ្នក​ណា​មួយ​ហ៊ាន​ចូល​សំរាក​ រឺ​ ចូល​លេង​ក្នុង​ផ្ទះ​នោះ​បាន​ឡើយ​។ មើល​ចុះ តា​មិន​ដែល​ឃើញ​មាត់​ទ្វារ​ និង​ មាត់​បង្អួច​ផ្ទះ​នេះ​បើក​ម្ដង​ណា​ទេ គឺ​ឃើញ​តែ​គេ​បិទ​ដូច្នោះ​អែង​។​
មានន្ទ​សញ្ចឹង​គិត​ ចង​ចិញ្ជើម​។ បុរស​នឹក​ដល់​រាស្រ្ដ​អ្នក​ក្រ​ដែល​អត់​ផ្ទះ​នៅ​ ក្មេង​ៗ​អត់​សាលារៀន​៘ ​អ្នក​គ្រវី​ក្បាល​! រួច​គ្រវាត់​ឆ្អឹង​មាន់​ប្រូស​ទៅ​លើ​ក្ដារ​និយាយ​ថា​
- ទេ ! ពេលនេះ មានមនុស្សចូលទៅប្រជុំនៅទីនោះអែង។ ខ្ញុំចង់ដឹង តើគេប្រជុំរឿងអី?
តាសុមេរុនិយាយសំលេងធ្ងន់ៗថា
- ហ៊ឹស​! គេ​ធ្វើ​អ្វី​! គេ​មាន​អ្វី​ធ្វើ​ ក្រៅ​ពី​ប្រជុំ​គ្នា​ដើម្បី​បង្ក​កល្លិ​យុគ​អ្វី​មួយ​នោះ​ ត្បិត​ចៅ​ជ្រាប​ស្រាប់​ហើយ​ស្រ្ដី​កែវ​មណី គេ​ប្រជុំ​នោះ​។
- មែន ! ខ្ញុំឃើញស្រ្ដីនោះរំកិលខ្លួនចូលទៅក្នុងផ្ទះនោះអែង រួចកាមា រួចនិលពេជ្រ រួចនិលអែក
តាគិរីក្រោកឈរចាក់ទឹកតែពីកែវដកដង្ហើមធំ រួចនិយាយថា
- ណ្ហើយ​ចៅ​អើយ​! តាម​តែ​គេ​ទៅ​ គេ​ធ្វើ​អី​ក៏​ធ្វើ​ទៅ​ចុះ​។ តែ​តា​បាន​ជួប​ចៅ​ពេល​នេះ​ តា​ចង់​និយាយ​លេង​ជា​មួយ​ចៅ​អោយ​បាន​យូរ​ តែ​ខ្លាច​ចៅ​រវល់​គំនិត​ពេក​។
មានន្ទ​ឈប់​មើល​ទៅ​ផ្ទះ​ខាង​មុខ បែរ​មក​ចាប់​ពែង​តែ​ផឹក​ក្អឿក​ នៅ​ធ្មឹង​អិត​មើល​មុខ​តា​គិរី​ឡើយ​! តាគិ​រី​បំរះ​ខ្លួន​ទៅ​លើ​ជើង​ម៉ា​មួយ​វែង​អុជ​ខ្សៀ​បង្ហុយ​ផ្សែង​និយាយ​ថា​
- ប្រហែល​ចៅ​មិន​ចង់​ស្ដាប់​តា​ទេ​ ពី​ព្រោះ​ចៅ​មិន​ដឹង​ចិត្ដ​តា​សោះ​ នឹក​មមៃ​ថា ប្រ​ហែល​តា​គិរី​ចង់​និយាយ​ពី​នាង​ទេវី​កាឡ​កណ្ណី​​ហើយ​។ អនុស្សាវ​រីយ៍​ចាស់​ក៏​ឆួល​ឆេះ​ឡើង​អិត​ស្រាក​ស្បើយ​ឡើយ​។ អ្នក​ខាំ​ធ្មេញ​ញ័រ​អស់​បេះ​ដូង​។ បើ​ក្រៅ​ពី​តា​គិរី​មានន្ទ​មុខ​ជា​វាយ​ដំ​មិន​ខាន​។ ​តែ ​. . .នេះ​ទោះ​ខឹង​យ៉ាង​ណា​ក៏​ត្រូវ​តែ​គោរព​គាត់​ជា​ចាស់​ទុំ​ដែរ​។
មានន្ទធ្វើជាសើចតិចៗ
- ហាសៗ ! លោក​តា​ចង់​មាន​ប្រសាសន៍​ពី​អី សុំ​អោយ​មាន​ប្រសាសន៍​មក​! ធ្លាប់​ស្គាល់​ខ្ញុំ​ស្រាប់​ហើយ​!
-អើ​! តា​ដឹង​ហើយ​ថា​ចៅ​មាន​ចិត្ដ​ខ្លាំង​ ចៅ​មាន​ចិត្ដ​ដាច់​។ តា​សរ​សើរ​ចៅ​ណាស់​ ព្រោះ​ថា កើត​មក​ជា​កូន​ប្រុស​ត្រូវ​តែ​មាន​ចិត្ដ​ដូច្នោះ​អែង​ . . .​
មានន្ទ​ញញឹម​ស្លូត​ តែ​ចុក​ណែន​អស់​ដើម​ទ្រូង​ មុខ​ឡើង​ក្រហម​ តែ​បុរស​ស្ដាប់​អិត​ប្រ​កែក​ឡើយ​ ដូច​ត​ទៅ ​:
- តា​ចាស់​ណាស់​ហើយ​ បន្ដិច​ទៀត​តា​ស្លាប់​ទៅ​បាត់​។ ចៅ​ក៏​កាន់​តែ​ចាស់​ទៅ​ដែរ​។ លុះ​ដល់​ថ្ងៃ​មួយ​ចៅ​ដឹង​វិញ​ ពេល​នោះ​ទើប​ចៅ​នឹក​ដល់​តា​ថា តា​បាន​និយាយ​លេង​ផង​ មែន​ផង​ជា​មួយ​ចៅ​។ ហ៊ឺ​! ចៅ​អើយ​! យប់​នេះ​ប្រ​ហែល​ជា​យប់​តែ​មួយ​ទេ​ដែល​តា​និយាយ​រឿង​មួយ​ជំរាប​ចៅ​! គឺ​រឿង​អស្ចារ្យ​មិន​ដែល​មាន​
- រឿង​អី​លោក​តា ខ្ញុំ​ចង់​ដឹង​ណាស់​ មាន​ប្រសាសន៍​មក​កុំ​ព្រួយ​បារម្ភ​អី​ ខ្ញុំ​ស្ដាប់​ទាំ​ង​អស់ បើ​រឿង​ល្អខ្ញុំតាម រឿងអាក្រក់ខ្ញុំមិនតាម
- អឺ ៗ! ប្រសើរណាស់ ! ប្រសើរណាស់ចៅ !
តា​គិរី​លូក​រាវ​ក្នុង​ហោ​ប៉ៅ​យក​សំបុត្រ​មួយ​បង្ហាញ​មានន្ទ​។ មានន្ទ​ស្ទុះ​ភ្លែត​ទៅ​ជិត​តា​គិរី​ប្រាថ្នា​យក​សំបុត្រ​នោះ​មក​មើល​ភ្លាម​។ តែ​តា​គិរី​រាដៃ​
-កុំអាលៗ ជារឿងសំខាន់ណាស់ !
- សំខាន់យ៉ាងណា ខ្ញុំចង់ដឹង ?
- គង់តែចៅបានដឹងទេ
- សំបុត្រពីណាមក ?
- គង់តែចៅបានដឹងទេ
- និយាយពីអ្វី ?
- គង់តែចៅបានដឹងទេ ! តែមុននឹងយកសំបុត្រនេះ សូមចៅសច្ចាអោយតាសិន !
- សច្ចាយ៉ាងណា ?
- សច្ចាថា មើលសំបុត្រនេះចប់ចុងចប់ដើម មានអារុក្ខទេវតាព្រះអិន្ទ្រ ព្រះព្រហ្មអារក្ស អ្នកតាបិសាច បង់បត់ជាសាក្សី
- ខ្ញុំសច្ចា ! សច្ចាយ៉ាងណាទៀត?
- សច្ចាថា មើលសំបុត្រនេះរួចអោយពិចារណា !
- បាទ
-អើ មើលចុះ

ថា​តែ​ប៉ុណ្ណោះ តា​គិរី​បោះ​សំបុត្រ​ប្រូស​លើ​តុ​។ មានន្ទ​ក្រសាវ​យក​ភ្លាម​មក​បើក​ឃើញ​អក្សរ​។ បុរស​ស្គាល់​ជាក់​ជា​អក្សរ​នាង​ទេវី​។ បុរស​រៀប​គ្រវាត់​សំបុត្រ​ចោល តែ​តា​គិរី​ធ្វើ​មុខ​ស្មើ​បែប​ខឹង​។ បុរស​ត្រជាក់​អស់​ខ្លួន​ប្រាណ​ រួច​ប្រឹង​មើល​សេច​ក្ដី​ដូច​ត​ទៅ ​:

ក្នុងព្រៃ ថ្ងៃ ១៥ កើត ខែបុស្ស គ.ស ១៨៦៧

លំទោនចំពោះបងមានន្ទជាទីគោរព
ក្នុង​ពេល​ដែល​បង​កំពុង​មើល​សំបុត្រ​របស់​ប្អូន​នេះ​ ព្រលឹង​ប្អូន​កំពុង​ស្ថិត​នៅ​ក្នុង​ពពក​នា​ស្ថាន​ទេវ​លោក​។ ក្នុង​ស្ថាន​ថ្មី​នេះ ប្អូន​បាន​សុខ​សប្បាយ​ក្រៃ​ណា​ នឹង ​រក​អ្វី​មក​ផ្ទឹម​ពុំ​បាន​ឡើយ​។ ចោល​កន្ទុយ​ភ្នែក​មក​លើ​ស្ថាន​មនុស្ស​វិញ​ ប្អូន​សើច​ ព្រោះ​ឃើញ​បង​កំពុង​ហែល​ឆ្លង​វដ្ដ​សង្សារ​ដែល​លំបាក​ដូច​ប្អូន​បាន​ហែល​ឆ្លង​រួច​មក​​ហើយ​។

ថ្ងៃ​មួយ​ ដល់​បង​ដល់​ត្រើយ​សុខ​ដូច​ប្អូន បង​នឹង​ឈរ​មើល​អ្នក​ជាន់​ក្រោយ​ៗ ប្រ​វេ​ប្រវា​ហែល​ឆ្លង​ដូច​យើង​ទៀត​មិន​ខាន​ រួច​បង​មុខ​ជា​សើច​ដូច​ខ្ញុំ​សើច​ នឹង ​បង​​ក្នុង​ពេល​នេះ​។

អោ​! ប្អូន​ថា​បង​កំពុង​ហែល​ឆ្លង​ស​មុទ្រ​ទុក្ខ​ដូច​ប្អូន​បាន​ហែល​ឆ្លង​នោះ​ខុស​ទេ ព្រោះ​ថា​ទុក្ខ​ប្អូន​ខុស​អំពី​ទុក្ខ​របស់​បង​ស្រលះ​។ ទុក្ខ​ប្អូន​ គឺ​ទុក្ខ​ស្នេហា​លើ​រូប​បង​។
ក្នុង​មួយ​ជាតិ​នេះ ប្អូន​បាន​ទទួល​ស្នេហា​តប​ពី​បង​វិញ​ តែ​ត្រឹម​ថ្ងៃ​បង​បែក​ពី​ប្អូន​ទៅ​ច្បាំង​ប៉ុណ្ណោះ​ទេ​។ ចាប់​ពី​ពេល​ដ៏​អស្ចារ្យ​នោះ​មក​ គឺ​ប្អូន​មាន​តែ​ទុក្ខ​រហូត​ដល់​ដាច់​ខ្យល់​ស្លាប់​។

ដោយ​ប្អូន​បាន​ដល់​ត្រើយ​សុខ​ទៅ​ហើយ ប្អូន​ខ្លាច​អី​ នឹង រំលឹក​ល្បែង​ស្នេហា​ដែល​ប្អូន​បាន​លេង​ជា​មួយ​បង​។ គឺ​ថា ប្អូន​បាន​ស្គាល់​ទិវា​ងងឹត​បំផុត​របស់​ស្រ្ដី​កំព្រា​ព្រាត់​ប្ដី​។ បង​នឹក​ឃើញ​ទេ បង​ទៅ​ច្បាំង​ប្អូន​ចាំ​ៗ​ៗ ចាំ​បាត់​ៗ​។ ប្អូន​បី​កូន​ចាំ​មើល​​ផ្លូវ​បង​។ ទឹក​ភ្នែក​ហូរ​ៗ ជា​ថ្លុក​ ជា​អូរ ជា​ស្ទឹង​ ជា​ទន្លេ​ ជា​សមុទ្រ​។ សំរេច​បង​មិន​ឃើញ​ត្រលប់​មក​សោះ​។
ថ្ងៃ​បង​មក​ដល់​។ ប្អូន​ស្មាន​ថា ប្អូន​ផុត​ទុក្ខ​ដែល​ធ្លាប់​រួប​រឹត​ប្អូន​ហើយ​។ តែ​អិត​ដូច្នាះ​ទេ បង​មិន​យល់​ប្អូន បង​ខឹង​នឹង​ប្អូន​ដោយ​គេ​ចោទ​ប្អូន​នោះ​ជ្រុល​ពេក ហួស​វិស័យ​ប្អូន​។

ប្អូន​មិន​បន្ទោស​បង​ថា​ មិន​ចេះ​ពិចារ​ណា​អោយ​វែង​ឆ្ងាយ​នោះ​ទេ​ ពី​ព្រោះ​អីលូវ​នេះ​ប្អូន​​ដឹង​ច្បាស់​ថា​ ធម្មតា​មនុស្ស​តែង​ភាន់​ច្រលំ​ជា​និច្ច​។ ដល់​ពេល​ក្រោយ​ ប្អូន​ព​កូន​​តាម​បង​ ដើម្បី​ទៅ​ពន្យល់​បង​ និយាយ​នឹង​បង​ ថា​បើ​រឿង​ពិត​ដែល​ប្អូន​ស្រលាញ់​បង​នោះ​ ពុំ​គាប់​ចិត្ដ​បង​ទេ​ពេល​នោះ​ប្អូន​ប្ដេជ្ញា​ថា ប្អូន​សុំ​ផ្ដាច់​ជីវិត​។ តែ​រក​បង​មិន​ឃើញ​សោះ​។ ទុក្ខ​ប្អូន​ក៏​ចេះ​តែ​មាន​រាល់​ថ្ងៃ​ រាល់​ខែ​ រាល់​ឆ្នាំ​ទៀត​។

ថ្ងៃមួយ មនុស្ស​ម្នាក់​បាន​ជួយ​ប្អូន និង​ បទុម​កូន​យើង​អោយ​រួច​ពី​កន្ដាប់​ដៃ​កាមា​។ មនុស្ស​ដ៏​សប្បុ​រស​នេះ​ បាន​នាំ​ប្អូន​ទៅ​រក​បង​អែ​ឃុំ​ថ្មី ស្រុក​ភ្នៀត ដោយ​បាន​ជួយ​លាក់​បំពួន​ប្អូន​អិត​អោយ​អ្នក​ណា​ដឹង​ឡើយ​។ ពេញ​មួយ​ឆ្នាំ​គត់​ ប្អូន​លប​មើល​ឃើញ​តែ​គេ​អែ​ទៀត​ អែ​រូប​បង​មិន​ដែល​ឃើញ​។ ប្អូន​ក៏​ចាប់​ឈឺ​ៗ​ៗ អោ​ឈឺ​ត្រា​តែ . . . ដូច​បង​ជ្រាប​។ នេះ​ហើយ​ពណ៌​សមុទ្រ​ដែល​ប្អូន​ហែល​!។

ចុះពណ៌សមុទ្រដែលបងកំពុងហែលវិញនោះ យ៉ាងណា ?
ដំបូង​បង​ហែល​ម្នាក់​អែង​ គ្មាន​គូ​! ចំនាប់​មែន​! ជា​ពិសេស​ ជីវិត​បង​ជា​ជីវិត​តស៊ូ​ តស៊ូ​ នឹង ធម្ម​ជាតិ​ តស៊ូ​នឹង​ខ្មាំង​ តស៊ូ​នឹង​កិច្ច​ការ​។ ប្រ​សើរ​ពេក​។ ជីវិត​បង​ខុស​ពីជី​វិត​អ្នក​អែ​ទៀត​។ ទុក្ខ​របស់​បង​ គឺ​ទុក្ខ​របស់​រាស្រ្ដ​ខ្មែរ​។ ក្ដី​វេទ​នា​របស់​បង​ គឺ​ក្ដី​វេទ​នា​របស់​សង្គម​ខ្មែរ​ បង​មាន​​ការ​ធ្វើ​ច្រើន​។ គឺ​កិច្ច​ការ​នេះ​ហើយ​ ដែល​បំភ្លេច​បង​មិន​អោយ​នឹក​នា​ដល់​ប្អូន​ដែល​ស្រលាញ់​បង​ ហើយ​មិន​អោយ​បង​នឹក​ដល់​ស្រ្ដី​អែ​ទៀត​។ ដូច​នោះ បង​ជ្រាប​រឿង​យើង​ហើយ​! ប្អូន​សូម​លា​ហើយ​ណា​បង​សំលាញ់​។

អោ​! បង​ភ័យ​ក្រែង​ប្អូន​ចង​ពៀរ​ នឹង បង​រឺ​? ទេ​កុំ​ភ័យ​ដល់​ថ្ងៃ​ដែល​មច្ចុ​រាជ​អញ្ជើញ​បង​អោយ​ចាក​ផុត​ស្ថាន​កណ្ដាល​ ថ្ងៃ​នោះ​ប្អូន​រង់​ចាំ​ទទួល​​បង​មិន​ខាន​។
នៅ​ចុង​ក្រោយ​បំផុត​ ប្អូន​សូម​អោយ​បង​មាន​ជ័យ​ជំនះ​ក្នុង​ដំណើរ​​ការ​របស់​បង​ដើម្បី​ជាតិ​ខ្មែរ​ ដើម្បី​ប្រទេស​ខ្មែរ​ និង​ដើម្បី​ប្រយោជន៍​ខ្មែរ​។

ដោយសេចក្ដីរាប់អានយ៉ាងខ្ពង់ខ្ពស់!
ទេវី

អាន​សំបុត្រ​នេះ​ចប់ ទឹក​ភ្នែក​ពីរ​ដំនក់​ស្រក់​ម៉ាត់​ៗ ពី​ភ្នែក​មានន្ទ​។ តា​គិរី​នៅ​ស្ងៀម​។ មានន្ទ​ខាំ​ធ្មេញ​ប្រឹង​បង្ក្រាប​តណ្ហា​ដែល​ត្រលប់​មក​គ្រប​ដន្ដប់​ខ្លួន​វិញ​។ តណ្ហា​នេះ​ដែល​ក្រាប​ស្រពោន​យូរ​មក​ហើយ​ស្រាប់​តែ​ងើប​ផុស​ស្ទុះ​ឡើង​បី​ដូច​ទឹក​ដែល​បាក់​ទំនប់​។ ទឹក​នេះ​ហូរ​ខ្លាំង​ក្រៃ​ណា​ខ្លាំង ធ្វើ​អោយ​វីរ​បុរស​វិល​ក្បាល​លឺ​សូរ​ងឺង​។ ហូត​កូន​កំបិត​ស្នៀត​ភ្នែត​ មានន្ធ​ប្រឹង​អស់​ទំហឹង​លើក​បុក​ចុង​ដង្ហើម​ដោយ​អិត​និយាយ​មួយ​ម៉ាត់​ឡើយ​។ កូន​កាំបិត​ស្រាប់​តែ​ខ្ចាយ​ផឹង របូត​ពី​ដៃ​ធ្លាក់​ទៅ​ចំហៀង​ជា​មួយ​កូន​កាំបិត​មួយ​ទៀត​។

តាគិរីគ្រវីក្បាល មើលផ្សែងដែលហុយធ្លោមទៅលើ។ យូរមកតាគិរីនិយាយថា
- ចៅ ! ក្រោកឡើង ធ្វើការយើងទៀត ។ យ៉ ! ទៅរវល់អីអារឿងប្រពន្ធកូននោះ។
ធ្វើ​ការ​យើង​ទៀត​! ពាក្យ​នេះ​ចោទ​សួរ​យ៉ាង​ខ្ទរ​ឆ្លើយ​ឆ្លង​ក្នុង​ក្រ​អៅ​ចិត្ដ​មានន្ទ​។ សតិ​សម្បជញ្ញៈ​របស់​បុរស​វិល​ត្រលប់​មក​វិញ​បន្ដិច​ម្ដង​ៗ​។ សូរ​មាត់​តាគិរី​លឺ​ទៀត​ថា​
- តា​ដឹង​ហើយ​ថា ចៅ​នៅ​ក្មេង​ចិត្ដ​ខ្លាំង​។ តែ​ចៅ​តោង​ជ្រាប​ថា រឿង​ស្នេហា​ដែល​យើង​បាន​ជួប​ប្រទះ​ គឺ​គ្រាន់​តែ​ធ្វើ​អោយ​យើង​មាន​អនុស្សាវ​រីយ៍​មួយ​ ដោយ​ឡែក​​ក្នុង​ចិត្ដ​យើង​ទេ​។ កុំ​ទុក​រឿង​ស្នេហា​ជា​រឿង​សំខាន់​អោយ​សោះ​។ គ្មាន​បាន​ការ​អី​ទេ​ ក៏​ប៉ុន្តែ​យើង​មិន​ត្រូវ​មើល​​ងាយ​ស្នេហា​ដែរ​។​ អែ​ការ​ដែល​មាន​ខ្លឹម​សារ​ពិត​ៗ​ គឺ​ការ​ដែល​យើង​កំពុង​ធ្វើ​អែ​ណេះ​ទេ​! យើង​កំពុង​ធ្វើ​ការ​បដិ​វត្ដន៍​! មក​! ក្រោក​ឡើង​​បញ្ចប់​ការ​ងារ​យើង​អោយ​ស្រួល​ រួច​ដល់​ថ្ងៃ​សេរី​របស់​ជាតិ​យើង​ ចាំ​យើង​ដោះ​ស្រាយ​រឿង​ស្នេហា​នេះ​អោយ​បាន​ស្រួល​ទៀត​។
មានន្ទ​ក្រោក​អង្គុយ​ ដាក់​ដៃ​ទាំង​ពីរ​លើ​ក្បាល​ជង្គង់​ភ្នែក​ហើម​ មុខ​ស្លូត​និយាយ​ស្ទើរ​ខ្សឹប​ថា​
- ចៅខុសហើយ ! ទទួលខ្លួនខុសៗមែន
ឆ្លៀតអោកាសនោះ តាគិរីបន្ថែមថា
- អឺ ! បើចៅទេវីក្បត់ចៅ ម្ដេចក៏នាងរត់តាមចៅ ? ឃើញទេ ? វាជាក់ស្ដែងណាស់ណ៎ា !
- បាទ ! មែន ! ខ្ញុំខុសស្រលះ
មានន្ទ​ខាំ​ធ្មេញ​ក្រឹក​ៗ នឹក​ដល់​កាមា​! បុរស​ស្ទុះ​ភ្នែត​ទៅ​បើក​កំណាត់​ប៉ាក់​ដែល​បាំង​បង្អួច​មើល​ទៅ​គេហ​ដ្ឋាន​ដែល​នៅ​ពី​មុខ​នោះ​ទៀត​។ មើល​បណ្ដើរ​ បុរស​និយាយ​បណ្ដើរ
- ហ៊ឹះ! អានិត​ស្រី​ពេក​ ! អូន​ស្លាប់​បាត់​ទៅ​ហើយ​ ទើប​អែង​ភ្ញាក់​ខ្លួន​ ចាំ​ទៅ​រក​ផ្នូរ​នាង​សំពះ​ស្មា​លា​ទោស​ស្រី​!
ទឹក​ភ្នែក​ពីរ​ដំនក់​ស្រក់​ជា​ថ្មី​ទៀត​។ បុរស​ហូត​យក​កូន​កន្សែង​ញើស​សំបោរ​។ តា​គិរី​បង្ហុយ​ខ្សៀ​ទ្រ​មឹង​ដដែល​ ស្ដាប់​បណ្ដើរ​ផង​ ដក​ដង្ហើម​ធំ​ផង​។ មានន្ទ​និយាយ​ថា
- ឈប់គិត !
តាគិរីបង្វែងរឿងទេវីចោល ដោយនិយាយថា
- ចៅឃើញអ្នកណាខ្លះទៀត ចូលក្នុងផ្ទះនោះ ?
- ឃើញកាមា ឃើមេទាហានជាច្រើន !
- ចុះចំពោះចៅ និង នាងកែវមណីយ៉ាងណាទៅ បានជាអីលូវបែបខ្វែងគ្នាម៉្លេះ ?
- ហ៊ឹះ លោកតាអើយ ! ខ្ញុំទើបតែរួចពីជុចរបស់វាថ្មីៗ នេះអែង
- ស្អីទៅជុចនោះ ?
- ជុចណ៎ា លោក​តា គឺ​ជុច​ដូច​គេ​ដាក់​ត្រី​នោះ​ណ៎ា ​! ជុច​នោះ​ចំលែក​ណាស់​ធ្វើ​អំពីរ​ដែក​ មាន​ទ្វារ​មួយ​ដែល​គេ​ចូល​ទៅ​បាន​ រួច​ចេញ​​វិញ​មិន​បាន​។ អ្នក​នេសាទ​តែង​យក​ជុច​នេះ​ទៅ​ដាក់​តាម​ច្រក​ដង​អូរ​បង្កប់​ក្នុង​ទឹក​។ លោក​តាម​មិន​ដែល​ឃើញ​ជុច​ទេ​?
- ហីមិនដែលឃើញ !
ជន​ទាំង​ពីរ​ក៏​សៀត​កាំបិត​ស្នៀត​រៀង​ខ្លួន​ ដើរ​ចេញ​ពី​បន្ទប់​ផ្ទះ​ តៀម​នោះ​ទៅ ​!​។ លុះ​ទៅ​ដល់​ផ្លូវ​តូច​មួយ​ដែល​ងងឹត​ស្លុង​ មានន្ទ​អែប​ខ្លួន​ នឹង​គល់​ឈើ​មួយ​ តាគិ​រី​អែប​នៅ​គល់​ឈើ​ម្ខាង​ទៀត​។
មានន្ទនិយាយតិចៗថា
- យើងចាំវានៅទីនេះហើយ ! មិនយូរទេ វាមកដល់អីលូវ!
- អ្នកណា ?
- គឺអាដារានោះណ៎ា !
- អោ ! អាដែលតែងនិយាយថា វាសងសឹកអោយបាននោះរឺ?
- បាទ ! សងសឹកអាកាមា
- អឺ ! តានឹកឃើញហើយ វាថាវាសងសឹកដោយកាត់ដៃ កាត់ជើងអាកាមាមែនទេ?
- បាទ ! ដោយសំលាប់អូវពុកខ្ញុំ !
- តាគិរីព្រឺខ្នងខ្ញាកៗ មានន្ទបន្ដទៀតថា
លោកតា​ងឿង​ឆ្ងល់​អី​ ការ​ជាតិ​ជា​ការ​ជាតិ​ អែ​ការ​គ្រួសារ​ជា​ការ​គ្រួសារ​។ អូវ​ពុក​ខ្ញុំ​ជា​អូវ​ពុក​។ ព្រះ​កំពុត​ ជា​ព្រះ​កំពុត​។ តែ​ក្នុង​ពេល​នេះ យើង​ចាប់​អា​ដារា​អោយ​បាន​ ព្រោះ​ព្រះ​កំពុត​ត្រូវ​រស់​មួយ​គ្រា​សិន​។ កុំ​ទាន់​អាល​អោយ​គាត់​ស្លាប់​ ថា​បើ​គាត់​ស្លាប់​ក្នុង​ពេល​នេះ​ មុខ​ជា​អំណាច​ បាន​ទៅ​ដៃ​អាកាមា​ និង​ អូន​មណី​មិន​ខាន​។ សព្វ​ថ្ងៃ​ព្រះ​កំពុត​មិន​ធ្វើ​ឃោរ​ឃៅ​ខ្លាំង​លើ​យើង​ បាន​ជា​អា​កាមា​ចង់​សំលាប់​ចោល​
- ចៅដឹងរឿងនេះពីណាមក ?
- ខ្ញុំមាន​រនុក​ក្នុង​មាំ​ណាស់​។ នៅ​ជា​មួយ​អូន​មណី​ មាន​ស្រី​ម្នាក់​អោយ​ការ​ខ្ញុំ​។ ផែន​ការ​គេ​មាន​បី​យ៉ាង​ អីលូវ​កំពុង​សំរេច​ផែន​ការ​ទី​ពីរ​របស់​គេ​។
- អ្នកណា ?
- នាងមាលាកូនពូអុត្ដុង្គ
- អូ !តាស្គាល់ហើយ
- នោះ​លោតា​! វា​ចេញ​មក​ហើយ​! ក្នុង​គ្រា​នេះ​យើង​កាន់​ភ័ព្វ​វាសនា​ជាតិ​ និង​ប្រជា​រាស្រ្ដ​យើង​។ លោក​តា​ឃើញ​អាដា​រា​ទេ ដែល​ដើរ​មក​រក​យើង​។ បើ​យើង​ចាប់​វា​មិន​បាន​ វា​ទៅ​ធ្វើ​ឃាត​កម្ម​ហើយ​ គឺ​ស្អែក​ព្រឹក​ព្រះ​កំពុត​ត្រូវ​វា​សំលាប់​ រួច​ស្អែក​អា​កាមា​ឡើង​កាន់​អំណាច​។ លោក​តា​ឃើញ​ទេ​ នោះ​ហើយ​វាសនា​រាស្រ្ដ​ខ្មែរ​ដែល​កំពុង​ដើរ​។ កាយ​វិការ​តែ​មួយ​របស់​យើង​ដែល​មិន​បាន​សំរេច​ កម្ពុជា​មុខ​ជា​ផ្លាស់​ទឹក​មុខ​មិន​ខាន​។
តារាដើរមកដល់ មានន្ទផ្អឹបខ្លួនទៅនឹងដើមឈើ តាគិរីភ័យញ័រចុងដៃ មានន្ទស្ទុះភ្លែតទៅទះស្មាដារា
- អ្ហេ ! មិត្ដនិយាយគ្នាពីបីម៉ាត់សិន !
ដារាឈប់
- លោកគ្រូ ! អោ ! ទៅណាមកណាទាំងយប់នេះ ?
- ចង់និយាយជាមួយដារាអែង នៅកន្លែងស្ងាត់មួយ
- អត់ទោសលោកគ្រូ ! យប់នេះខ្ញុំចង់តែនិយាយជាមួយទេវតាប៉ុណ្ណោះអែង
មានន្ទកៀកដៃដារាជាប់ តាគិរីដើរម្ខាង មានន្ទសើចសប្បាយផងនិយាយថា
- នែហ៍ ! ម៉េចក៏ដារាអែងមិនសុខចិត្ដជជែកលេងបន្ដិចជាមួយមិត្ដភក្ដិនោះ ?
ដារា​ធ្វើ​សញ្ញា​ថា ទទួល​ភារៈ​នេះ​ ហើយ​ជន​ទាំង​បី​ក៏​ដើរ​តំរង់​ទៅ​បន្ទប់​ផ្ទះ​តៀម​ដែល​មានន្ទ​ជួល​
ដារាដាក់មុខយំឃូរៗ មួយស្របក់ ទើបនិយាយថា
- លោកគ្រូ ! នាំ​អោយ​ខ្ញុំ​នឹក​រឿង​មួយ​ដែល​ខ្ញុំ​ខាំ​ធ្មេញ​ជា​និច្ច​ ស្អែក​នេះ​ម្ដាយ​ខ្ញុំ​ បាន​ខ្ញុំ​សង​សឹក​ជួស​ហើយ​ !
- ដារាអែងសំលាប់កាមា ?
- ទេ ! ហាសៗ ! ទេ សំលាប់​អូវ​កាមា​ ដើម្បី​អោយ​កាមា​វេទ​នា​តែ​ល​តោល​ម្នាក់​អែង​ ដូច​ខ្ញុំ​ដែល​តែល​តោល​មក​ហើយ​នេះ​
- អ្នកណាអោយសំលាប់ ?
- ព្រះ​នាង​មណី​។ គឺ​ជា​ការ​សំងាត់​មួយ​ដែល​ មាន​តែ​អាទិ​ទេព​ទើប​ដឹង​មនុស្ស​ក្បាល​ខ្មៅ​ដូច​យើង​ មិន​​ដឹង​ការ​សំងាត់​នោះ​ទេ​។ បាទ​! លោក​គ្រូ​ស្អែក​ខ្ញុំ​សំលាប់​ព្រះ​កំពុត​ ស្អែក​សត្រូវ​លេខ​មួយ​របស់​លោក​​គ្រូ​ដែល​មិន​ហួស​ពី​អូវ​ពុក​លោក​គ្រូ ត្រូវ​ខ្ញុំ​សំលាប់​ជួស​លោក​គ្រូ ហើយ ដើម្បី​សង​សឹក​ជូន​លោក​គ្រូ​ទៀត​។
- ត្បិត​តែ​ដារា​អែង​ បាន​និយាយ​ការ​សំងាត់​នេះ​ប្រាប់​ខ្ញុំ​ហើយ​អីលូវ​ សូម​ប្រាប់​ខ្ញុំ​មើល​ តើ​ដារា​អែង​បំរុង​ធ្វើ​យ៉ាង​ណា ដើម្បី​សំលាប់​នេះ​?
ដារាគិតសញ្ជឹងបន្ដិច
- ខ្ញុំ​មិន​ឃើញ​ថា​ មាន​ប្រយោជន៍​អ្វី​ទេ បើ​ខ្ញុំ​លាក់​របៀប​សំលាប់​នោះ​មិន​អោយ​លោក​គ្រូ​ដឹង​។ ស្អែក​ម៉ោង​ដប់​ នៅ​ចំពោះ​មុខ​ព្រះ​សង្ឃ​សូត្រ​ជ​យន្ដោ​ត្រង់​កន្លែង​ផ្សារ​កណ្ដាល​វាល​។ ព្រះ​កំពុត​មក​ស្ដាប់​ព្រះ​សង្ឃ​ជយ​ន្ដោ​ដែរ​ អង្គុយ​បែរ​មុខ​ទៅ​ខាង​កើត​។ ខ្ញុំ​ទទូរ​សំពត់​ស ស្លៀក​ស​ ពាក់​ស​ ធ្វើ​ជា​អាចារ្យ​ចុះ​មក​ពី​លើ​មេឃ​ស្រោច​ទឹក​អោយ​ពរ​ជ័យ​ដល់​ព្រះ​កំពុត​។ ក្នុង​ពេល​ស្រោច​ទឹក​នេះ​ខ្ញុំ​ . . . ហូ​តកាំបិតចាក់​សំលាប់​ ព្រះ​កំពុត​។
- ហេតុម៉េចក៏ចាំទទូផង ?
- បើមិនទទូរ គេស្គាល់ខ្ញុំហើយ !
-ងាយមែន ! តែដារា ខ្ញុំស្នើសុំខមួយពីដារាអែង
ដារារីករាយឆ្ការដៃ និយាយថា
- គឺជាកិត្ដិយស​មួយ​ដ៏​ខ្ពង់​ខ្ពស់​របស់​ខ្ញុំ ដែល​មុន​នឹង​ស្លាប់​បាន​បំរើ​មិត្ដ​ម្នាក់​ដូច​លោក​គ្រូ​នេះ​។ មាន​ប្រសាសន៍​មក​ចុះ​លោក​គ្រូ​! ខ្ញុំ​ជូន​បាន បើ​ខ្ញុំ​អាច​ជូន​បាន​!
- ខ្ញុំត្រូវការអោយព្រះកំពុតរស់សិន ! ខ្ញុំសុំជីវិតព្រះកំពុត !
ដារាឡើងស្លាំងរអូរថា
- លោកគ្រូត្រូវការអោយព្រះកំពុតរស់សិន ?
- ពីព្រោះ បើព្រះកំពុតស្លាប់ក្នុងពេលនេះ ខ្មែរច្រើនណាស់ដែលត្រូវស្លាប់ រួចកាមាម្នាក់អែងរស់ !
ដារាបើកភ្នែកធំៗ
- ម៉េចក៏ដូច្នោះ ?
- ព្រោះ​អំនាច​ទាំង​ប៉ុន្មាន​មុខ​ជា​វា​ធ្លាក់​ទៅ​ក្នុង​ដៃ​កាមា​ដែល​ជា​អ្នក​សំលាប់​ម្ដាយ​របស់​ដារា​អែង​!​
ដារា​អោន​មុខ​ជ្រប់​ ខាំ​ធ្មេញ​ រួច​ងើប​មើល​មុខ​មានន្ទ​ចង​ចិញ្ចើម​ ហើយ​បើ​មានន្ទ​ត្រចៀក​ទិព្វ មានន្ទ​អាច​លឺ​ពាក្យ​ដូច​ខាង​ក្រោម​នេះ​មិន​ខាន​
- លោក​គ្រូសុំ​ជីវិត​ព្រះ​កំពុត​? លោក​គ្រូ​សុំ​អញ្ចឹង ​? តែ​ការ​សង​សឹក . . . សេច​ក្ដី​ស្នេហា​ . . . ព្រះ​នាង​ខត្ដិ​យាណី​ដ៏​ល្អអស្ចារ្យ​ក្នុង​លោក​ ស្រ្ដី​ឆ្នើម​រង់​ចាំ​ខ្ញុំ​យប់​ស្អែក​លើ​ពូក​ស្អាត​សាច់​ស​ស្គុស​ មុខ​ស្រស់​ចំនាប់​ ដើម្បី​ជា​រង្វាន់​ដល់​ខ្ញុំ​។ អីលូវ​លោក​គ្រូ​សុំ​កុំ​អោយ​ខ្ញុំ​ស្គាល់​កាម​រាគ​ នឹង​ឆោម​ស្រស់​នេះ​ ​?​
ចំបាំងមួយយ៉ាងធំកំពុងតយុទ្ធគ្នាក្នុងទ្រូងដារា រួចនៅចុងបំផុតដារា ពោលតិចៗថា
- ស្អែកព្រះកំពុតរស់
មានន្ទសប្បាយចិត្ដយ៉ាងក្រៃអនេកនឹងពាក្យនេះ