២១ - ក្បួនការពារអែករាជ
ថ្ងៃសៅរ៍ ទី8.តុលា 2016.ម៉ោង 8:26

ចលនា​តស៊ូ​រំដោះ​ជាតិ​ ដែល​មានន្ទ​ជា​អ្នក​ដឹក​នាំ​នោះ​ ក៏​ចេះ​តែ​រីក​ធំ​ឡើង​ៗ ជា​លំដាប់​។ បើ​តាម​សង្កេត​ ការ​លូត​លាស់​ល្អ​នេះ​មក​ពី​ជំរៅ​ ៣​យ៉ាង :

១ - មក​ពី​ការ​ងារ​ដែល​ធ្វើ​មាន​គោល​បំណង​ច្បាស់​លាស់​ គឺ​បណ្ដេញ​ខ្មាំង​ជាតិ​យក​អែក​រាជ្យ​មាតុ​ភូមិ​។ អុត្ដម​គតិ​នេះ​មួយ​ថ្ងៃ​កន្លង​ទៅ​ អ្នក​ធ្វើ​ការ​ក៏​កាន់​តែ​យល់​ច្បាស់​ច្រើន​គ្នា​ឡើង​អិត​ស្រាក​ស្រាន្ដ​។

២ - មក​ពី​មធ្យោ​បាយ​ដើម្បី​សំរេច​បំណង​នេះ​ មាន​ក្រឹត្យ​វិន័យ​ម៉ើង​ម៉ាត់​ល្អ​ជាក់​ស្ដែង​។ អ្នក​ណា​ខុស​គឺ​ត្រូវ​ទទួល​ទោស​តាម​ខុស​ មិន​ថា​អ្នក​តូច រឺ​ អ្នក​ធំ​ឡើយ​។ ភ្នាក់​ងារ​ម្នាក់​ៗ ដឹង​មុខ​ការ និង ករណីយ​កិច្ច​របស់​ខ្លួន​គ្រប់​ផ្នែក​​គ្រប់​មុខ​​។ ក្រឹត្យ​វិន័យ​ទាំង​ឡាយ​នោះ​ គេ​អាច​ចង​ជា​ក្បួន​បដិ​វត្ដ​មួយ​ដ៏​វិចិត្រ​សំរាប់​រៀន​អោយ​ស្គាល់​នូវ​បញ្ហា​ជាតិ​ខ្មែរ​ អោយ​យល់​អស់​នូវ​រឿង​ខ្មែរ​ អោយ​ជឿ​នូវ​តំលៃ​ជាតិ​ខ្មែរ​ រួច​អោយ​ហ៊ាន​​ធ្វើ​នូវ​អស់​ការ​ងារ​ដែល​បាន​គ្រោង​ទុក​មក​។ ក្បួន​បដិវត្ដ​នេះ​ជា​ប្រពៃ​ណី​សំរាប់​បំភ្លឺ​ផ្លូវ​អោយ​ជន​អ្នក​តស៊ូ​ ដើរ​​តែ​លើ​គន្លង​ត្រូវ​ជានិច្ច​។ មិន​តែ​ប៉ុណ្ណោះ​ការ​តស៊ូ​បំភ្លឺ​ដោះ​ស្រាយ​បញ្ហា​ទុក្ខ​របស់​ប្រជា​រាស្រ្ដ​ ព្រម​ទាំង​បញ្ហា​ច្បាប់​សំរាប់​ពល​រដ្ឋ និង ច្បាប់​សង្គម​​ដែល​មាន​អធិប​តេយ្យ​ភាព​ បូរណ​ភាព​ពិត​ៗ មាន​បញ្ហា​សេដ្ឋ​កិច្ច​ វប្ប​ធម៌​សិល្បៈ​ អក្សរ​សាស្រ្ដ​ យុត្ដិ​ធម្ម​សាស្រ្ដ​ជា​ដើម​។

៣ -មក​ពី​មេ​ផ្ដើម​ អ្នក​ដឹក​នាំ និង​ សមា​ជិក​តស៊ូ​ គឺ​សុទ្ធ​សឹង​ពិត​ៗ ជា​អ្នក​ស្នេហា​ជាតិ​ដែល​ធ្លាប់​មាន​ការ​ពិសោធន៍​ធំ​ៗ ក្នុងរឿង​ជាតិ​ មាន​សតិ​សម្ប​ជញ្ញ​យ៉ាង​មោះ​មុត​ក្នុង​កិច្ច​ប្រតិ​បត្ដិ​ការ​ ពុំ​បណ្ដោយ​ខ្លួន​អោយ​ធ្លាក់​ក្នុង​កំហុស​ដែល​រំលោភ​លើ​ជាតិ​នោះ​។ ហេតុ​នេះ អង្គ​ការ​តស៊ូ​របស់​ប្រជា​រាស្រ្ដ​ ដឹក​នាំ​ដោយ​ប្រជា​រាស្រ្ដ​ ដើម្បី​ប្រជា​រាស្រ្ដ​ ជា​អង្គ​ការ​ដែល​មាន​ជីវិត​ដូច​ដើម​ឈើ​ដែល​ចេះ​តែ​ធំ​ឡើង​ៗ រឹង​ឡើង​ៗ ខ្ពស់​ឡើង​ៗ​ជានិច្ច​។ គឺ​ជា​អង្គ​ការ​ដែល​មាន​អនា​គត​យ៉ាង​ពិស្ដារ​។

ចំនែក​ខាង​នាទី​គ្រប់​គ្រង​សៀម​ដែល​មាន​កាមា​ និង​ព្រះ​នាង​មណី​ជា​បរិ​វារ​ ព្រឹត្ដិ​ការណ៍​មាន​ផ្ទុយ​ទៅ​វិញ​។ រាល់​ថ្ងៃ ​មាន​តែ​មនុស្ស​អាក់​អន់​​ចិត្ដ​ដែល​មាន​ចំនួន​កាន់​តែ​ច្រើន​ឡើង​ៗ សង្គម​គ្មាន​របៀប​រៀប​រយ​នាំ​អោយ​មនុស្ស​ដន្ដើម​យក​សុខ​ផ្ទាល់​ខ្លួន​ ម៉្លោះ​ហើយ​មនុស្ស​ទាំង​អស់​ ច្រើន​តែ​ជោរ​ជោគ​ទៅ​ដោយ​លោ​ភោ ​ទោ​សោ​ មោ​ហោ ​គ្រប់​ៗ​គ្នា​។ រឿង​នេះ​ជា​ហេតុ​ធ្វើ​អោយ​មាន​ការ​ជិះ​ជាន់​គ្នា​ មាន​ការ​ជញ្ជក់​ឈាម​គ្នា ​គ្មាន​អៀន​ខ្មាស​ មាន​ការ​ប្រើ​អំនាច​ហួស​ហេតុ​ដើម្បី​ប្រ​យោជន៍​បុគ្គល​ មាន​ការ​ឈ្នា​និស​ព្យា​បាទ​គ្នា​ដោយ​អយុត្ដិ​ធម៌​៘ ប្រយោជន៍​សាធារណ​ គឺ​ប្រយោជន៍​ប្រជា​រាស្រ្ដ​ដែល​ជា​ភាគ​ច្រើន​ក៏​ត្រូវ​អិត​បាន​គិត​គូរ​ដល់​ឡើយ​។

ធ្ងន់​ទៅ​ទៀត​កាល​ណោះ​ នគរ​លែង​ប្រើ​ច្បាប់​ មនុស្ស​ជ្រើម​ មន្រ្ដី​ខូច​ រាស្រ្ដ​គ្មាន​សិទ្ធ​សេរី​ភាព​ អ្នក​ស្រែ​ទុក្ខ​វេទនា​ អ្នក​ក្រ​រឹត​តែ​ក្រ លែង​ងើប​មុខ​រួច​។ គឺ​ជា​សង្គម​ពុក​រលួយ​!​។ សង្គម​បែប​នេះ​រួញ​ទៅ​ៗ នាំ​អោយ​ថយ​កំលាំង​ជា​ដរាប​រាល់​ថ្ងៃ​។ ជា​ពិសេស​ គឺ​សង្គម​មួយ​ដែល​គ្មាន​អានា​គត​។ សង្គម​នេះ​ដួល​ខ្លួន​អែង មិន​បាច់​អ្នក​ណា​ច្រាន​រំលំ​ឡើយ​។

ប៉ុន្ដែ​ របប​គ្រប់​គ្រង​ នីមួយ​ៗ ពុំ​អាច​រំលំ​រិស​កែវ​ដួល​បាន​ងាយ​ៗ​ឡើយ ពី​ព្រោះ​មនុស្ស​ទាំង​អស់​ដែល​ជា​ចន្ទល់​នៃ​របប​នេះ​ ពុំ​អាច​សុខ​ចិត្ដ​ថយ​ខ្លួន​ឡើយ​ ពោល​គឺ​សុខ​ចិត្ដ​តែ​ពី​ក្រាញ​ននៀល​ត្រា​តែ​ស្លាប់​​សូន្យ​តែ​ម្ដង​។ មាន​តែ​កំលាំង​អាវុធ​ និង​ កំលាំង​មហា​ជន​រួម​សាមគ្គី​ទេ ទើប​អាច​ផ្ដាច់​រិស​ជ្រៅ​ៗ នៃ​របប​ចាស់​នោះ​អោយ​ដួល​បាន​។
យល់​ហេតុ​ការណ៍​ និង​អនា​គត​ដូច្នោះ​ ព្រះ​នាង​កែវ​មណី​មាន​សេច​ក្ដី​វិតក្ក​ជាង​គេ​បង្អស់​។ ធីតា​គេង​ពុំ​លក់​ អង្គុយ​ពុំ​សុខ​ បាយ​ពុំ​បាន​ដោយ​ភ័យ​បារម្ភ​ខ្លាច​ជា​និច្ច​។

មួយ​ឆ្នាំ​ហើយ​ដែល​នាង​សំលាប់​នាយ​កត នាយ​ឡំ និង​ នាយ​បំរុង​។ តែ​ស្រ​មោល​មានន្ទ​ហាក់​តាម​នាង​ជាប់​។ ស្រមោល​នេះ​ ស្រ្ដី​ឃើញ​កាន់​អាវុធ​ ខាំ​ធ្មេញ​សំលក់​នាង​យ៉ាង​អស្ចារ្យ​គួរ​អោយ​ស្ញើប​។ ដូច​នោះ​ តើ​ដេក​ចាំ​ស្លាប់​ រឺ​? ត្រូវ​ស្ទុះ​ក្រោក​ទប់​ទល់​ មែន​! អំនាច​ក៏​មាន​ ប្រាជ្ញា​ក៏​មាន​ ឆោត​អ្វី​ដេក​ចាំ​ស្លាប់​។ គឺ​ចាប់​ពី​ពេល​នោះ​ហើយ​ដែល​ព្រះ​នាង​សំរេច​ចិត្ដ​ថា​ ត្រូវ​បន្ដ​ការ​ទប់​ទល់​ដល់​ចប់​ចុង​ចប់​ដើម​កុំ​បណ្ដោយ​ឡើយ​។ ធីតា​ក៏​ចាប់​គិត​វិធាន​ការ​ដោយ​សំដៅ​ចាប់​យក​មតិ​ប្រជា​ជាតិ​អោយ​បាន​។ នាង​នឹក​ឃើញ​ក្បួន​ការ​ពារ​អែក​រាជ្យ​មួយ​យ៉ាង​អឹក​ធឹក​ ដែល​ធ្វើ​ទៅ​អាច​ទាញ​ខួរ​ក្បាល​រាស្រ្ដ​ល្ងង់​ខ្លៅ​អោយ​ជឿ​តាម​នាង​បាន​។ ថ្ងៃ​ប្រជុំ​មក​ដល់​ចារ​ស្រ្ដី​ក៏​ចូល​ទៅ​ក្នុង​ទី​ប្រជុំ​ស្នើ​សុំ​ព្រះ​កំពុត​ និង​កាមា​អោយ​សំរេច​ផែន​ការ​នាង​។ ផែន​ការ​ដ៏​ចំលែក​នេះ​ក៏​បាន​ត្រូវ​គេ​យក​មក​ប្រើ​ការ​ភ្លាម​។

ប៉ុន្ដែ ទោះ​មនុស្ស​មាន​យោ​បល់​ខ្វែង​គ្នា​យ៉ាង​ណា​ក៏​ដោយ ក្បួន​ការ​ពារ​អែក​រាជ្យ​ក៏​នៅ​តែ​ដឹក​នាំ​មនុស្ស​ទៅ​មុខ​ដូច​ហ្វូង​ពពែ​។ ពី​បាត់​ដំបង​មក​សិរីសោ​ភ័ណ គេ​ត្រូវ​ដើរ​ប្រាំពីរ​ថ្ងៃ​។ មួយ​ថ្ងៃ​គេ​ឈប់​សំណាក់​ពីរ​ដង​។ ដល់​ពេល​ល្ងាច​ គេ​ឈប់​កន្លែង​ណា​គេ​លេង​ល្ខោន​អា​យ៉ង​ ណាំង​ត្រលង់​ច្រៀង​ប្របកៃ​ អាយ៉ៃ​ យី​កេ បាញ់​អាប៉ោង​ លេង​ ខ្លា​ឃ្លោក​ លេង​បៀ​កន្លែង​នោះ​៘ ​រួច​នៅ​កន្លែង​សំណាក់​នីមួយ​​ៗ អស់​លោក​ចៅ​នាទី​ទាំង​ឡាយ​រត់​ខ្វែង​ដៃ​ខ្វែង​ជើង​ កាប់​គោ​ក្របី​ ជ្រូក​ មាន់​ ទា ជូន​អស់​លោក​ជា​ចៅ​ហ្វាយ​ជីវិត​ខ្លួន​។ បើ​ទទួល​មាន​ម្ហូប​អាហារ​បរិបូណ៌​ភ្នាក់​ងារ​កំសត់​អស់​នោះ​ក៏​បាន​រួច​ខ្លួន​ទៅ​។ បើ​បែរ​ជា​ទទួល​មិន​សូវ​អឹក​ធឹក​ទេ​ មុខ​ជា​ត្រូវ​ហូត​ងារ​ធ្វើ​ទោស​ តិះ​ដៀល ​រឺ​ ពុំ​នោះ​សោត​ត្រូវ​កំផ្លៀ ង​មិន​ខាន​ ចំនែក​ខាង​ប្រជា​ជន​ភាគ​ច្រើន​វិញ​ ខ្លះ​អត់​បាយ​ក្រហាយ​ទឹក តាម​យថា​កម្ម​ទៅ​ចុះ​ អិត​មាន​អ្នក​ណា​គិត​គូរ​ដល់​ឡើយ​។ អោ​! អនុស្សាវ​រីយ៍​ សម័យ​ស្រុក​ខ្ញុំ​គេ​អើយ​ នឹក​ឡើង​សែន​ខ្លោច​ផ្សា​ណាស់​។ រី​​អែ​អ្នក​ដែល​ត្រូវ​គេ​កេណ្ឌ​មក​ នឹង​រត់​ទៅ​ផ្ទះ​វិញ​ខ្លាច​គេ​ នឹង​ទៅ​ជា​មួយវេ​ទនា​។

ក្បួន​ហែ​ធ្វើ​ដំណើរ​ចេញ​ពី​បាត់​ដំបង​បាន​បី​ថ្ងៃ​មក​ហើយ​ៗ​ដើរ​ជា​ជួរ​វែង​ រាប់​គីឡូ​ម៉ែត្រ​។ ថ្ងៃ​ដំបូង​គេ​ឃើញ​មាន​មនុស្ស​ច្រើន​ក្រៃ​ពេក​។ តែ​ថ្ងៃ​បន្ទាប់​ៗ​មក​មនុស្ស​កាន់​តែ​ថយ​ទៅ​ៗ ព្រោះ​មាន​ជន​ខ្លះ ទោះ​មាន​កង​ទាហាន​ជិះ​សេះ​មុខ​ក្បួន​ទៅ​វាយ​បង្ខំ អោយ​មក​ចូល​មក​ក្នុង​ក្បួន​យ៉ាង​ណា​ក៏​ដោយ​ ក៏​មាន​ជន​ខ្លះ​ទ្រាំ​ពុំ​បាន​ គេច​វេះ​រត់​ទៅ​ផ្ទះ​វិញ​ដែរ​។ ខាង​មុខ​ក្បួន​គឺ​កង​អ្នក​វាយ​ស្គរ​ធំ ស្គរ​តូច​ រនាត​ ទ្រ លាន់​លឺ​រំពង​។ គ្រឿង​ភ្លេង​ទាំ​ងនេះ​ គេ​សែង​រហូត​ទៅ​។

បន្ទាប់​ពី​វង់​ភ្លេង​បុរាណ​នេះ​មក​ មាន​កង​ពល​ទាហាន​ដើរ​កាន់​ខែល​ លំពែង​យ៉ាង​អង់​អាច​ ស្លៀក​ពាក់​​ជា​អែក​សណ្ឋាន​ដ៏​រុង​រឿង​។ រួច​គឺ​កង​ពល​ខាង​ជើង​សេះ​ ដា​វកាន់​នៅ​ដៃ មុខ​មាំ​មួន​ដើរ​ជា​ពីរ​ជួរ​ បញ្ចេញ​អិទ្ធិ​ពល​នៃ​សម័យ​ព្រេង​នាយ​។ ព្រះ​កំពុត​គង់​លើ​ដំរី​ ទ្រង់​គ្រឿង​សំលៀក​បំពាក់​ដ៏​ល្អ​វិចិត្រ​ដែល​គ្រាប់​ពេជ្រ​ និង​ មាស​ចាំង​ផ្លេក​ៗ​ នឹង​រស្មី​ព្រះ​អាទិត្យ​។ ក្លស់​ស្ដេច​ត្រាញ់​ ពណ៌​ក្រហម​ឆ្អិន​ឆ្អៅ​ចាប់​ភ្នែក​អ្នក​ផង​ ហើយ​ខ្ពស់​ត្រដែត​ ជា​ដំបូង​កំពូល​នៃ​ក្បួន​យើង​។ នៅ​ឆ្វេង​ ស្ដាំ ​គី​ដំរី​ ស្រី​ស្នំ​ក្រម​ការ​ដែល​មាន​រិក​ពាទន់​ភ្លន់​ រញ៉ិក​រញ៉ក់​ត្រៀម​ចាំ​បំរើ​ចៅ​ហ្វាយ​ជា​ម្ចាស់ «ព្រះ​កំពុត​»​។

ទាំង​សេះ ទាំង​ដំរី​ សុទ្ធ​សឹង​មាន​គ្រឿង​តុប​តែង​ល្អ​លើស​សំលៀក​បំពាក់​ប្រជា​រាស្រ្ដ​ទាំង​ពួង​ទៅ​ទៀត​។ ខាង​ក្រោយ​អធិ​រាជ​នេះ​ គឺ​ពល​ទាហាន​ទៀត​។ រួច​គឺ​វង់​ល្ខោន​ដែល​ដែល​រាំ​លើ​ឆាក​មួយ​។ ឆាក​នេះ​មនុស្ស​សែង​យ៉ាង​តឹង​ស្មា​។ គេ​លេង​រឿង​មួយ​ប្លែក​រហូត​តាម​ផ្លូវ​។ រឿង​នេះ គឺ​មាន​ព្រះ​សង្ឃ​បី​អង្គ​ត្រូវ​ពួក​អុទ្ទាម​ចាប់​ចង​ស្លាប​សេក​វាយ​ដំ​ នឹង ​រំពាត់​ផ្ដៅ​។ ព្រះ​សង្ឃ​ធ្វើ​ជា​ស្រែក​ ជា​ យំ​អំពាវ​នាវ​ដល់​ព្រះ​កំពុត​ និង​ ព្រះ​នាង​មណី​អោយ​ជួយ​ផង​។ រី​អែ​អ្នក​វាយ​ក៏​ធ្វើ​ជា​វាយ​ទាត់​ធាក់​អិត​ត្រា​ប្រណី​។ បដា​មួយ​ធ្វើ​អំពី​សំពត់​ល្អ​ ស្អាត​មាន​សរ​សេរ​អក្សរ​ថា «​ត្រូវ​គោរព​សាសនា​»​។ នៅ​លើ​ឆាក​ល្ខោន​ខាង​ក្រោយ​ទៀត​ គេ​លេង​រឿង​ពួក​អុទ្ទាម​កំពុង​ធ្វើ​បាប​អ្នក​ស្រុក​ ដែល​សំពះ​អង្វរ​ស្រែក​អោយ​ព្រះ​កំពុត​ និង ព្រះ​នាង​មណី​ជួយ​។ បដា​នៃ​វង់​ល្ខោន​នេះ​មាន​ចំណង​ជើង​ថា​ «សៀម និង ខ្មែរ​ជា​បង​ប្អូន​ នឹង គ្នា​»​។ នៅ​ជិត​បដា​នេះ​មាន​បដា​មួយ​ធំ​គូរ​រូប​ស្ដេច​មួយ​ព្រះ​អង្គ​ អ្នក​ស្រុក​កំពុង​អង្គុយ​សំពះ​ ស្ដេច​នោះ​ រួច​ខាង​លើ​រូប​នោះ​មាន​ដាក់​អក្សរ​ថា «​ត្រូវ គោរព​ព្រះ​មហា​ក្សត្រ​ក្រុង​អយុធ្យា​យើង​»​។

បន្ដ​ពី​វង់​ល្ខោន​ដ៏​ចំលែក​នោះ​ គង់​លើ​ខ្នង​ដំរី​មួយ នារី​ម្នាក់​តែង​ខ្លួន​ជា​ព្រះ​នាង​ខត្ដិ​យាណី​កែវ​មណី កំពុង​បាច​ទាន​ដល់​អ្នក​ស្រុក​។ នៅ​ជុំវិញ​ ស្រ្ដី​ដ៏​អុត្ដម​មាន​អ្នក​សុំទាន​ អ្នក​ក្រី​ក្រ និង ក្មេង​ៗ ដែល​ប្រ​ជែង​គ្នា​ចាំ​រើស​ទាន​។ នៅ​ចុង​ក្រោយ​បង្អស់​ឆ្ងាយ​ដាច់​ពី​គេ មាន​រទេះ​ទូ​មួយ​។ ក្នុង​រទេះ​នេះ​ព្រះ​នាង​មណី​អង្គុយ​ជិត​ស្រី​ម្នាក់​នៅ​ក្មេង​រូប​ស្អាត​ គឺ​នាង​មាលា​បុត្រី ​របស់​ពូអុត្ដុង្គ​ ដែល​យើ​ងធ្លាប់​បាន​ឃើញ​មក​ហើយ​។

នាងមាលា​ ក្រោយ​ពី​ពេល​ដែល​បាន​ជួយ​រំដោះ​អោយ​មានន្ទ​រត់​ បាន​ចូល​ខ្លួន​ធ្វើ​ជា​អ្នក​បំរើ​ព្រះ​កំពុត​។ នាង​ខិត​ខំ​ធ្វើការ​ត្រា​តែ​នាង​មណី ស្រលាញ់​ពេញ​ចិត្ដ​ហៅ​មក​នៅ​ជា​មួយ​អោយ​ធ្វើ​ជា​ស្នំ​អែក​របស់​នាង​។ កិច្ច​ការ​អ្វីៗ​ផ្សេង​ៗ នាង​មាលា​ដឹង​អិត​ខ្វះ​ឡើយ​។ សង​ខាង​រទេះ​ មាន​អ្នក​ជិះ​សេះ​បួន​នាក់ កាមា​ និល​ពេជ្រ​ និល​អែក​ មហា​រន្ទះ​ ដែល​សុទ្ធ​ជា​សេនា​ជំនិត​របស់​ស្រ្ដី​ធីតា «មណី»​។ ក្នុង​រាជ​រថ​ដែល​រំលេច​ក្បាច់​ និង ពណ៌​ឆើត​ឆាយ​នេះ ព្រះ​នាង​មាន​ព្រះ​ភ័ក្រ្ត​ក្រៀម​ក្រំ​។ នេត្រា​ស្រី​រលោង​ដូច​កែវ​មរកត​។ ក្នុង​រស្មី​នេត្រា​នេះ​ គេ​អាច​ឃើញ​បាន​ថា ព្រះ​នាង​កំពុង​គិត​។ នាង​មាលា ពុំ​ហាន​កំរើក​ខ្លួន​ឡើយ​។ មាណវី​ចង់​ដឹង​នូវ​ទុក្ខ​រប​ស់​នាង​ខត្ដិយា​ណី​ណាស់។ លំដាប់​នោះ​ព្រះ​នាង​បើក​កន្រ្តក​ស្បែក​មួយ​ហូត​យក​កូន​កន្សែង​មក​ជូត​មុខ​ញើស​សំបោរ​។ នាង​មាលា​ភ័យ​ ព្រោះ​នាង​សង្កេត​ឃើញ​ថា​ព្រះ​នាង​យំ​។ ស្រី​ទាសី​ដាច់​ចិត្ដ​សួរ​យ៉ាង​ស្លូត​ត្រង់​ថា ​:​

- អឺ!​ បង​សង្កេត​ឃើញ​ថា​ប្អូន​ស្រ​លាញ់​បង​មែន​! អែ​បង​ក៏​ស្រលាញ់​ប្អូន​ណាស់​ដែរ​។ តែ​ថ្ងៃ​នេះ​បង​ព្រួយ​ចិត្ដ បង​​សឹង​តែ​ត្រូវ​ការ​មនុស្ស​ម្នាក់​ដើម្បី​និយាយ​គ្នា​លេង​អោយ​បាន​ធូរ​ដើម​ទ្រូង​បន្ដិច​។ បង​ចង់​និយាយ​ នឹង មនុស្ស​ណា​ម្នាក់​ដែល​ស្រលាញ់​បង​។ បង​ខំ​រិះ​រក​មនុស្ស​នោះ​មិន​ឃើញ​សោះ​។ អោ​! បើ​មនុស្ស​នោះ​ជា​ភេទ​ខុស​គ្នា​ទៅ​វិញ​ ម៉្លោះ​សម​ពេញ​ចិត្ដ​យ៉ា​ងណា​ទេ​!​

នាង​មាលា​បើក​ភ្នែក​ធំ​ តែ​មិន​ហ៊ាន​និយាយ​អ្វី​ឡើយ​។ នាង​ខំ​ប្រឹង​សំរួល​ទឹក​មុខ​អោយ​បាន​ស្រួល​ដែរ តែ​ពាក្យ​ព្រះ​នាង​ហាក់​ប្លែក​ ខុស​ធម្ម​តា​ពេក​។ ធម្មតា​នាង​មាលា​សង្កេត​ឃើញ​ថា​ ព្រះ​នាង​មាន​ចិត្ដ​​រឹង​ប៉ឹង​ណាស់ និយាយ​តែ​ពី​កិច្ច​ការ​។ ចុះ​ចំលែក​អី​ម៉្លេះ ថ្ងៃ​នេះ​ព្រះ​នាង​ធ្លាក់​មក​នៅ​ត្រឹម​ស្រី​សា​មញ្ញ​ម្នាក់​វិញ​ដែល​ចេះ​ស្រលាញ់​នោះ ​? នាង​មាលា​នឹក​ឃើញ​ភ្លាម​ ក៏​និយាយ​ទាំង​ប្រញាប់​ថា​ :

- ចុះបងការមា ?
នាងមណីសើច ងក់ក្បាល រូចគ្រវីក្បាលវិញ :
- ទេ ! ប្អូនប៉ាន់នេះមិនទាន់ត្រូវទេ ! មើល៍ប្អូនប៉ាន់ទៀតមើល៍?
នាង​មាលា​ក៏​សើច​ម្ដង​វិញ​ រួច​សប្បាយ​ជា​ពន្លឹក​ ព្រោះ​មួយ​ពេល​នេះ​នាង​ដឹង​មនោ​សញ្ចេត​នា​ប្រាកដ​របស់​ស្រី​ជា​ចៅ​ហ្វាយ​។
- ខ្ញុំមិន​ដឹង​ជា​ឈ្មោះ​បុរស​ណាទេ​ ពី​ព្រោះ​ប្រហែល​ជា​បុរស​នោះ​សព្វ​ថ្ងៃ​នៅ​ឆ្ងាយ​ហើយ​មើល​ទៅ ​!
នាងមណីសើចចាប់ដៃនាងមាលាជាប់
- ច៎ាះ ! ច៎ាះ ! អូនកុំនិយាយទៅទៀត
នាង​មាលា​ឃើញ​ថា​ដៃ​នេះ​ត្រជាក់​ហើយ​ញ័រ​ៗ​ បន្ដិច​ផង​ ដែល​ជា​ហេតុ​ធ្វើ​អោយ​នាង​ឆ្ងល់​កាន់​តែ​ខ្លាំង​ទៅ​ទៀត​។ នាង​នឹក​ឃ្លា​ដើម​ឃើញ​ថា ស្រី​វលក្ខណ៍​មាន​សង្សារ​។ សង្សារ​នោះ​នៅ​ឆ្ងាយ​តែ​ធ្វើ​ម្ដេច​អោយ​ស្គាល់​ឈ្មោះ​ទៀត​? នាង​មាលា​ក៏​និយាយ​ដោយ​កិច្ច​អុបាយ​ថា​:
- ខ្ញុំស្ដាយណាស់ដោយមិនដឹងឈ្មោះបុរសនោះ
ព្រះ​នាង​មាន​បបូរ​មាត់​ឡើង​ស្លាំង​ បែប​ភ័យ​ផង​ ជា​អៀន​ផង​។ ធីតា​បែរ​ខ្នង​ដាក់​កញ្ញា​ជា​ស្នំ​គាប់​ចិត្ដ​ រួច​ពោល​វាចា​យ៉ាង​ស្រងូត​ស្រងាត់​អស់​ពី​ពោះ​ថា
- ច៎ាះ ! ច៎ាះ ! គេនៅឆ្ងាយ ! ឆ្ងាយ​រក​ខ្ញុំ​ទៅ​មិន​ដល់​ចាប់​មិន​បាន​! គឺ​បង . . . ​បង . . . មានន្ទ ! !
នាង​មាលា​ព្រឺ​ខ្នង​ខ្ញាក​ៗ ដោយ​បាន​ដឹង​ដំណឹង​ដ៏​អស្ចារ្យ​នេះ​។ ទឹក​មុខ​នាង​ក៏​ឡើង​ស្លេក​ស្លាំង​ដែរ​។ ចុង​ដៃ ចុង​ជើង​នាង​ក៏ឡើង​ត្រជាក់​ដែរ​។ នាង​លឺ​សំដី​ព្រះនាង​កាន់​តែ​តិច​ទៅ​ៗ ទៀត​ថា:
- អីលូវបងនៅសល់តែអនុស្សាវរីយ៍បងមានន្ទទេ !
ថា​តែ​ប៉ុណ្ណោះ​ ព្រះ​នាង​ប្រះ​ទៅ​ក្រោយ​ លើ​ពូក​ដ៏​ល្អ​ស្អាត​បង្ហាញ​ថា ស្រី​ឆ្នើម​រវើ​រវាយ​អស់​កំលាំង​រលីង​ពី​ខ្លួន​ហើយ​។ នាង​មាលា ក៏​ស្ទើរ​ដួល​ដូច​នាង​ទៀត​​។ ម្ដង​នេះ​ស្រាប់​តែ​ព្រះ​នាង​ក្រោក​អង្គុយ​ត្រង់​ខ្លួន​វិញ សើច​ទាំង​មុខ​ក្រៀម​ក្រំ​រួច​និយាយ​ច្បាស់​ៗ ខាំ​ធ្មេញ​ដូច​ត​ទៅ ​:
- អឺ ! បង​សល់​តែ​អនុស្សាវ​រីយ៍​គាត់​ទេ​! ប្អូន​ដឹង​ទេ​? គាត់​ទៅ​ណា​ហើយ​។ ទៅ​នៅព្រៃ​? ទេ​! គាត់​ទៅ.​..​ទៅ... អោ​ទៅ​ស្ថាន​ដែល​មនុស្ស​លែង​វិល​ត្រលប់​មក​វិញ... ​ទៅ​ស្ថាន​លើ​! ស្ថាន​ក្រោម​! ស្ថាន​មរណៈ​ ! ស្ថាន​ខ្មោច ​! ​។ វា​ស្លាប់​ហើយ​!
មាលារាដៃ បើកភ្នែកត្រលោត ដង្ហើមទាញលឺងឹក
- ស្លាប់... ស្លាប់ហើយ !
ព្រះនាងឆ្លើយតបមួយៗ
- អឺ​! វា​ស្លាប់​ហើយ​! ស្លាប់​បួន​ថ្ងៃ​ហើយ វា​ស្លាប់​យ៉ាង​អស្ចារ្យ​ណាស់​! ស្លាប់​ក្នុង​ជុច​ដូច​ត្រី​! ស្លាប់​នឹង​ដៃ​ខ្ញុំ​។ ពី​ថ្ងៃ​នេះ​ទៅ​ខ្ញុំ​លែង​បាន​ឃើញ​មុខ​ខ្មាំង​ដ៏​ធំ​បំផុត​ដែល​ខ្ញុំ​ស្រលាញ់​នេះ​ហើយ​។ ពី​ថ្ងៃ​នេះទៅ​ បង​កា​មា​រ​ស់​បាន​ដោយ​ស្រួល​ត្បិត​គាត់​លែង​បាន​លឺ​ឈ្មោះ​សត្រូវ​របស់​គាត់​នេះ​ទៀត​ហើយ​។
ព្រះនាងបិទភ្នែកផ្ដួលខ្លួនទៅលើពូកជាថ្មីម្ដងទៀត។
នាង​មាលា​ចង់​សាក​សួរ​ព្រះ​នាង​ត​ទៅ​ទៀត​ណាស់​ អំពី​ដំណើរ​យ៉ាង​ណា​ក៏​ចាប់​មានន្ទ​បាន​ រួច​តើ​ស្លាប់​ក្នុង​ជុច​នោះ​ស្លាប់​បែប​ណា​?តែ​ព្រះ​នាង​នៅ​ស្ងៀម​ នាង​ក៏​ហើប​មាត់​សួរ​ពុំ​រួច​ឡើយ​។​ ស្រី​ទាសី​សុខ​ចិត្ដ​ខំ​អត់​សង្កត់​ចិត្ដ​ក្រែង​លោ​ព្រះ​នាង​ដឹង​ថា​នាង​មក​បំរើ​នេះ​គ្មាន​អ្វី​ក្រៅ​ពី​មក​ស៊ើប​ការណ៍​ទេ​។ ព្រះ​នាង​ងើប​អង្គុយ​ឡើង​ជា​ថ្មី មាន​ទឹក​មុខ​ដ៏​ក្រៀម​ក្រោះ​ដដែល​ដូច​មុន ហើយ​បន្ដ​កិច្ច​ចរ​ចា​សំងាត់​ដូច​ខា​ង​ក្រោម​នេះ​:
- ច៎ាះ ! ប្អូនៗ !ខ្ញុំព្រួយមែន តើប្អូនដឹងការរាក់ជ្រៅក្នុងអានាខេត្ដយើងអស់ទេ?
នាងមាលាដាក់ភ្នែកចុះ ឆ្លើយដោយរាយមាយថា
- ទេ !
- ចាំបងប្រាប់ ! អើ​បង​ប្រាប់​អោយ​អស់​ថ្ងៃ​នេះ ត្បិត​ពេល​ផ្ដាច់​ព្រ័ត្រ​មក​ដល់​ហើយ​។ បង​មាន​ផែន​ការ​ពីរ​យ៉ាង​ ​:
ផែន​ការ​ទី​មួយ គឺ​សំលាប់​មានន្ទ​អោយ​បាន​! អីលូវ​ផែន​ការ​នេះ​សឹង​បាន​សំរេច​ដូច​បំណង​បង​ស្រេច​។ បន្ដិច​ទៀត​ក្នុង​ថ្ងៃស្អែក​ គឺ​កាល​ណា​យើង​ទៅ​ដល់​ស្រុក​មង្គល​បុរី​ បង​នឹង​អនុ​វត្ដ​ផែន​ការ​ទី​២​។
- គឺអ្វី?
- គឺសំលាប់ព្រះកំពុតជាមាបងចោល !
- ហ៎ ម៉េចអីចុះ?
- ហាស​ៗ ​! អូន​នៅ​ខ្ចី​ណាស់​! អូន​មិន​យល់​ទេ​! ត្បិត​ព្រះ​កំពុត​ ធ្វើ​ការ​មិន​រហ័ស​ដូច​ចិត្ដ​សោះ​។ មនុស្ស​ចាស់​គិត​យូរ​ចាត់​ការ​មិន​ល្អ​! ដើរ​មិន​ទាន់​សម័យ​! ដំណើរ​យឺត​! ចិត្ដ​សាញ​! ខ្លាច​! រឿង​នេះ​ព្រះ​កំពុត​ជា​រនាំង​មួយ​ស្ទះ​ផ្លូវ​ មិន​អោយ​ការ​ងារ​ជា​ប្រយោជ​ន៍​សំរេច​បាន​។
- ចុះ​រដ្ឋា​ភិបាល​របស់​សៀម ថា​យ៉ាង​ណា​ទៅ​ បើ​ដល់​ព្រះ​កំពុត​ស្លាប់​នោះ​? ក្រែង​អ្នក​ជំនួស​ក្រោយ​ចិត្ដ​មិន​បាន​ដូច​ព្រះ​កំពុត​រឺ​?
- ហ៊ី​! ឆោត​មែន​! សព្វ​ថ្ងៃ​បង​កាមា​បំរុង​ នឹង​កាន់​កាប់​ការ​ជំនួស​ព្រះ​កំពុត​ទាំង​អស់​។ និល​ពេជ្រ​ និង​ ទៅ​ជា​មេ​ទ័ព​ជំនួស​បង​​កាមា​នេះ​អែង​ និល​អែក នឹង​ទៅ​ជា​មេ​ទ័ព​ទៀត​។ យើង​ទាំង​អស់​គ្នា​យល់​ព្រម​គ្នា​ជា​ស្រេច​ហាស​ៗ​! ជា​ស្រេច​! សំលាប់​ព្រះ​កំពុត​​ហើយ​ រួច​រាជ​ការ​មុខ​ជា​ចាត់​បង​កាមា​ ដើម្បី​បន្ដ​ការ​ងារ​មិន​ខាន​
- ចុះបើគេមិនតាំង ?
- អើ​ឆ្លាត​គ្រាន់​បើ ​! តែ​ដើម្បី​ដោះ​ស្រាយ​ចំណាទ​នេះ​ តោង​ដឹង​ផែន​ការ​ទី​បី​របស់​យើង​ទៀត​។ បី​ថ្ងៃ​មក​ហើយ​ពួក​យើង​បាន​លួច​ទ្រព្យ​សម្បត្ដិ​របស់​ព្រះ​កំពុត​អស់​រលីង​។ លួច​បាន​នោះ ទ្រព្យ​ធំ​ៗ មាន​មាស​ប្រហែល​ ៣​ហាប​ ប្រាក់​ប្រ​ហែល ៥​ហាប​។ យើង​អោយ​​ពួក​យើង​ធ្វើ​ចោរ​ «មានន្ទ​» ដែល​ទៅ​ប្លន់​ប្រាសាទ​ព្រះ​កំពុត​។ អីលូវ​មាស​នោះ​នៅ​ក្នុង​កណ្ដាប់​ដៃ​យើង​អស់​ហើយ​។ អីលូវ​ប្រាសាទ​ព្រះ​កំពុត​ទៅ​ ជា​ផេះ​អស់រ​លីង​។ អីលូវ​ព្រះ​កំពុត​ជា​អ្នក​ក្រ​ រួច​​​នៅ​តែ​ស្លាប់​ខ្លួន​ទៀត​ប៉ុណ្ណោះ​។
- អូ ! ខ្ញុំលឺគេខ្សឹបខ្សៀវគ្នាថា មានចោរប្លន់សិរីសោភ័ណនោះមែនរឺទេ ?
- នោះអែង ! កុំមាត់ ! នៅអោយស្ងៀម ! កុំអោយគេលឺច្រើនគ្នា
- អើ បន្ដិច​ទៀត​ ! បង​ផុត​ទុក្ខ​ហើយ​! រួច​បង​ទៅ​ជា​អគ្គម​ហេសី​នៃ​ស្ដេច​ក្មេង​មួយ​អង្គ​ ដែល​អូន​ស្គាល់​ស្រាប់​គឺ​បង​កាមា​នេះ​អែង​!
- លោកកាមាសុខចិត្ដសំលាប់អូវពុកលោកដែរ ?
ព្រះនាងញញឹមងក់ក្បាល
- ព្រះ​ពុទ្ធ​លោក​ថា បុណ្យ​សក្ដិ​ លោ​ភោ ទោ​សោ មោ​ហោ អំ​ពើ​ទាំង​នេះ​បិទ​ភ្នែក​មនុស្ស​អោយ​លែង​ឃើញ​វត្ថុ​ត្រូវ​។ អំពើ​ទាំង​នេះ បិទ​ខួរ​ក្បាល​មនុស្ស​អោយ​គិត​លែង​ត្រូវ​! ទេ​! ទេ​! គ្មាន​ព្រះ​ គ្មាន​អាទិ​ទេព​អែ​ណា​ទេ គឺ​មនុស្ស​ៗ ធ្វើ​ការ​មនុស្ស​ឈ្នះ​។ មនុស្ស​ខ្លាំង​ពូ​កែ​ត្រូវ​តែ​ដឹក​ក្បាល​មនុស្ស​ខ្សោយ​រាប់​លាន​នាក់​បាន​។

ថា​ហើយ​ព្រះ​នាង​ផ្ដួល​ខ្លួន​ទៅ​លើ​ពូក​ជា​លើក​ទី​បី​ក្នុង​ព្រះ​រាជ​រថ​យើង​ដែល​បរ​យឺត​ៗ តាម​ផ្លូវ​មក​ស្រុក​ថ្ម​គោល​។ នៅ​ថ្មគោល​ យប់​នោះ​អែ​​ទី​ផ្សារ ល្បែង​ផង​ទាំង​ពួង​បន្លឺ​ស្គរ និង​សំរែក​ទ្រហឹ​ងអឹង​កង​ក្រោម​ពន្លឺ​ចន្លុះ​ព្រោង​ព្រាត​។ មនុស្ស​ដើរ​ខ្វាត់​ខ្វែង​ចុះ​ឡើង​មីរ​ដេរ​ដាស​។ អ្នក​លក់​ម្ហូប​ចំនី​អង្គុយ​ត្រៀប​ត្រា​ជា​ជួរ​។ ​ព្រះនាង​មណី​ កាមា ព្រះ​កំពុត​ នៅ​សំរាក​ក្នុង​គេហ​ដ្ឋាន​មួយ​ដ៏​ស្កុក​ស្ដម្ភ​ជាង​គេ​ជា​ធម្មតា​ ហើយ​ជា​ធម្មតា​មាន​ទាហាន​យាម​អិត​ធ្វេស​ប្រហែស​មួយ​នាទី​ឡើយ​។