១៥ - ទារុណកម្ម
ថ្ងៃអាទិត្យ ទី27.សីហា 2016.ម៉ោង 14:28

ព្រះ​នាង​មណី​ថយ​ចេញ​ពី​មានន្ទ​ដោយ​មាន​ចិត្ដ​អៀន​ខ្មាស​យ៉ាង​ខ្លាំង​ក្រៃ​លែង​។ នាង​អៀន​ ពី​ព្រោះ​ស្រី​ស្រ​លាញ់​ រួច​អិត​បាន​គេ​ស្រលាញ់​​វិញ​។ ឆោម​ក្ដៅ​ក្រហាយ​ថា តាំង​ពី​តូច​មក​នាង​មាន​រូប​ល្អ មិន​ដែល​និយាយ​ស្រលាញ់​ជា​មួយ​ប្រុស​ឈ្មោល​ណា​ដល់​ម្ដង​ ទើប​តែ​មក​ដល់​មួយ​គ្រា​នេះ​ នាង​និយាយ​ពេញ​មាត់​ តែ​គេ​គ្មាន​ទទួល​តាម​សោះ​។ ថា​បើ​មានន្ទ​ជា​អ្នក​ក្រៅ​ទៅ​ក៏​មិន​ថា​ដែរ​ តែ​នេះ​ប្រុស​ជា​បង​ជីដូន​មួយ​បង្កើត​ រួច​ធ្លាប់​បាន​ដឹង​ចិត្ដ​ថ្លើម​គ្នា​ខ្លះ​មក​ដែរ​ មិន​គួរ​ជា​ថ្លៃ​គ្មាន​ត្រា​ប្រណី​ដូច្នេះ​សោះ​។ បើ​ថា​មិន​ត្រា​ប្រណី​ក៏​ហី​ទៅ​ចុះ យ៉ាង​ហោច​ក៏​មានន្ទ​ត្រូវ​គោរព​នាង​បន្ដិច​ដែរ​ គឺ​និយាយ​អោយ​ធីតា​មាន​ផ្លូវ​សង្ឃឹម​បន្ដិច​ផង​។ នេះ​គ្មាន​ទេ​ និយាយ​យ៉ាង​ដាច់​អហង្ការ​តែ​ម្ដង​ គ្មាន​សំចៃ​គំនិត​បន្ដិច​បន្ដួច​។

ស្រ្ដី​មើល​រូប​រាង​កាយ​ខ្លួន​គ្រវី​ក្បាល​ហួស​ចិត្ដ​ថា បើ​នាង​មាន​រូប​អាក្រក់​ក៏​មិន​ថា​ទៀត​ ចុះ​នេះ​នាង​មាន​រូប​ល្អ​ឆើត​ឆាយ​នឹង​គេ​ដែរ​ គួរ​តែ​បុរស​ស្រលាញ់​ បើ​មិន​ស្រលាញ់​ក៏​ត្រឹម​តែ​ចូល​ចិត្ដ​ទៅ​ចុះ​។ គិត​ឡើង​ក្ដៅ​ឡើង​ៗ​។ ភ្លើង​ស្នេហា​ក៏​ប្រែ​ក្លាយ​ជា​ភ្លើង​សង​សឹក​ សង​សឹក​ព្រោះ​​ខ្មាស​​បុរស​ សង​សឹក​ព្រោះ​ប្រាកដ​ជា​បុគ្គល​ដ៏​ខ្ពង់​ខ្ពស់​នេះ​ មើល​ងាយ​ដល់​រូប​នាង​មិន​ខាន​ សង​សឹក​ព្រោះ​គេ​មុខ​ជា​និយាយ​ហែក​កេរ្តិ៍​​នាង​​ ប្រាប់​អ្នក​អែ​ទៀត​ជា​ប្រាកដ​។ អាស្រ័យ​ហេតុ​នេះ​ ត្រូវ​តែ​លុប​ប្រុស​ម្នាក់​អាយ​បាត់​ពី​លោក​។ ការ​នេះ​ជា​ការ​ចាំ​បាច់​ដែល​អាច​ជួយ​ស្រោច​ស្រង់​កិត្ដិ​នាម​នាង​បាន​។ ធីតា​ដើរ​តូង​ៗ​ ចូល​ទៅ​ក្នុង​បន្ទប់​ព្រះ​កំពុត​ដែល​កំពុង​ជំនុំ​ជា​មួយ​កាមា​។ លុះ​នាង​ដើរ​ទៅ​ដល់​ ព្រះ​កំពុត​ស្រដី​មក​នាង​ដោយ​គួរ​សម​ថា

- ក្មួយ ! មានការអ្វី`?
- ច៎ាះ ! ខ្ញុំចង់ស្ដាប់កិច្ចការជំនុំជំរះរឿងបងមានន្ទដែរ
កាមា​ផ្អៀង​ខ្លួន​កំនាប់​នាង​។ ព្រះ​កំពុត​ញញឹម​យ៉ាង​ស្រស់​ទទួល​ធីតា​។ នាង​មណី​អោន​ក្បាល​បន្ដិច​ទទួល​សេច​ក្ដី​រាក់​ទាក់​របស់​ជន​ទាំង​ពីរ។ កាមា​លួច​មើល​កល្យាណ​ម្ដង​ៗ​ រួច​សួរ​នាង​ថា​​
- តើអូនចាប់ចិត្ដ ចាប់អារម្មណ៍នឹងរឿងនេះខ្លាំងណាស់ទៅរឺ បានជាមកទីនេះ?
- ច៎ាះ ! ពីព្រោះជារឿងប៉ះពាល់ដល់ខ្ញុំដែរ
កាមាភ្ញាក់ ព្រះកំពុតឆ្ងល់ គោះខ្សៀសួរថា
- ប៉ះពាល់យ៉ាងណាក្មួយ ?
ដោយឃើញទឹកមុខកល្យាណ កាមាប្រែទៅជាស្ងួតវិញ នារីសើចក្អាកក្អាយ
- ច៎ាះ ! ហាសៗ ! លោកមា និង បងឆ្ងល់ ? ច៎ាះ ! ហាសៗ ! ប៉ះពាល់ដល់សេចក្ដីសុខខ្ញុំដែរ
កាមាចងចិញ្ចើមស្រដីយ៉ាងខ្លាំងៗថា
- លោកពុក និង បងមិនយល់ទេ ។ មណីអូន ! រឿងបងមានន្ទជារឿងធំណាស់ណ៎ា !
មណីសំលក់កាមា រួចតបវិញថា
- អ្នក​ណា​ថា​រឿង​នេះ​ជា​រឿង​តូច​។ បង​នឹក​ស្មាន​ថា​ មាន​តែ​បង​ទេ​រឺ​អី​ដែល​ត្រូវ​គិត​ដល់​រឿង​មានន្ទ​នេះ​។ ខ្ញុំ​ៗ​គ្មាន​អំណាច​គិត​ទេ​រឺ​អី​?
ព្រះ​កំពុត​មើល​មុខ​ស្រ្ដី​ចំ​ ដោយ​រឹត​តែ​ឆ្ងល់​ទៅ​ទៀត​។
- ក្មួយ​! មា​ចង់​ដឹង​ទឹក​ចិត្ដ​ក្មួយ​អែង​ចំពោះ​រឿង​មានន្ទ​នេះ​ណាស់​ ត្បិត​​មា មាន​យោ​បល់​មួយ​លើ​រឿង​នេះ​ទៅ​ហើយ រួច​​មា​មាន​​ទាំង​បំរុង​ចាត់​ការ​ថែម​ទៀត​ផង​។
- ច៎ាះ​! ខ្ញុំ​មក​នេះ​ គឺ​មក​ដោយ​ចង់​ដឹង​យោ​បល់​លោក​មា និង យោ​បល់​បង​កាមា​អែង​។ អែ​ខ្ញុំ​មាន​យោ​បល់​មួយ​ និង​មាន​បំណងមួយ​យ៉ាង​មាំ​ដែរ​ ដែល​ខ្ញុំ​មក​ស្នើ​សុំ​លោក​មា​ ក្រែង​បំណង​ខ្ញុំ​អាច​បាន​សំរេច​។
កាមាញាប់ញ័រក្នុងចិត្ដ ពីព្រោះអ្នកមើលឃើញថា «មណីមុខជាការពារមានន្ទមិនខាន» ។ អ្នកឆ្លើយយ៉ាងរួសរាន់ថា
- ទេអូន ! តោងអូនទុកការនេះអោយលោកពុកសំរេចចុះ
នាងមណីកាត់ផូងគ្មានសំចៃថា
- មិនបានក្នុងនាមនៃយុត្ដិធម៌ ខ្ញុំក៏ត្រូវដឹងរឿងបងមានន្ទ ហើយត្រូវតែស្នើរឿងនេះជូនយោបល់ដល់លោកមាដែរ
កាមាកាតផូងវិញ
- មិនបាន ! តោង . . .
ព្រះកំពុតរាដៃ
- ទេ​! ​ឈប់​ ទុក​អោយ​ក្មួយ​ខាង​នេះ​និយាយ​មើល​ក្រែង​មាន​យោ​បល់​ល្អ​យើង​អាច​តាម​ដែរ​។ មើល​ក្មួយ​យល់​យ៉ាង​ណា​? ​ចង់​​យ៉ាង​ណា​? រួច​មា​សូម​ប្រាប់​ទុក​ជា​មុន​ថា បើ​បំណង​ក្មួយ​មិន​សម​នឹង​បំណង​យើង​ទេ​កាល​ណា យើង​មិន​ធ្វើ​តាម​បំណង​ក្មួយ​ ចូរ​ក្មួយ​កុំ​អាក់​អន់​ចិត្ដ​ ​អោយ​សោះ​ណ៎ា​ ?​
- ច៎ាះ​! មាន​អី​លោក​មា​។ យឺ​! បង​ម៉ា​ ឃើញ​អែង​ស្រី​មិន​ចង់​អោយ​អែង​និយាយ​អី​យ៉ាង​ម៉េច​អញ្ចេះ​ ?​
- ណ្ហើយៗ ! ក្មួយ​និយាយ​ទៅ​មើល​ មា​ស្ដាប់​នារី​សំលក់​កាមា​មិន​ដាក់​ភ្នែក​
កាមា​ខាំ​ធ្នេញ​មុខ​ឡើង​ក្រហម​។ នាងនិយាយមួយៗថា
- ខ្ញុំស្រលាញ់បងមានន្ទណាស់
កាមាស្ទើរលោត តែមណីបន្ដទៅទៀតថា
- ស្រលាញ់​ចង់​តែ​ស៊ី​សាច់ ហុត​ឈាម​ អារ​ក​ទាំង​រស់​ កាមា​មើល​មុខ​នាង​ដោយ​ឆ្ងល់​។ ស្រី​បន្ដ​ទៅ​ទៀត​ដូច​ត​ទៅ​
- យី! អី​អូន​ទៅ​និយាយ​នឹង​វា​? អូន​ចំ​ជា​ក្លា​ហាន​មែន​ៗ អា​នេះ​វា​ត្រូវ​ជា​បង​របស់​បង​បង្កើត​មែន​ តែ​ចិត្ដ​វា​ខ្មៅ​រិស្យា​មិន​ដូច​បង​សោះ​។ អូន​គិត​មើល​! លោក​អូវ​ពុក​មាន​ដិកា​កោះ​ហៅ​វា វា​ហ៊ាន​ទាំង​វាយ​តប​នឹង​ពួក​អ្នក​នាំ​សារ​ រួច​វា​គេច​ខ្លួន​រហូត​។ ហ៊ី​! ថា​អា​មនុស្ស​ទុច្ច​រិត​មួយ​ វា​មិន​ហ៊ាន​មក​ទេ​។ អោ​កាស​នោះ​ បើ​វា​មក​ប្រ​ហែល​ជាប់​ជុច​ហើយ​អា​នាង​។
ព្រះកំពុតធ្វើទឹកមុខក្រៀមពោលថា
- ពីដើម​មា​ខំ​ទុក​ចិត្ដ​វា ស្រ​លាញ់​វា​ជា​កូន​ មិន​ដឹង​ជា​វា​មាន​ចិត្ដ​ដូច្នោះ​សោះ​។ វា​លួច​ស្រលាញ់​កូន​វិសេស​ក្លា​ហាន​ដែល​មា​ស្អប់​រក​អ្វី​ប្រៀប​គ្មាន​ រួច​វា​រៀប​ការ​ជា​មួយ​គ្នា​ដោយ​អិត​អោយ​មា​ដឹង​ រួច​វា​ប្រ​កាប់​ប្រចាក់​នឹង​កាមា​ទាល់​តែ​មាន​ស្នាម​របួស​នោះ​ទៀត​។ មា​ខឹង​ខ្លាំង​ណាស់​ ថា​អោយ​តែ​ចាប់​បាន​យក​មក​វាយ​ជាន់​ក​តែ​ម្ដង​។ វា​ចេះ​រត់​ថយ វាយ​ថយ​ស្លាប់​ពល​ជា​ច្រើន​ រួច​តាំង​ខ្លួន​ជា​មហា​ចោរ​ព្រ​ងើយ​​ទៅ​។ សព្វ​ថ្ងៃ​វា​នៅ​ទល់​ដែន​ខាង​បាក់​ព្រា​ជិត​ទន្លេ​សាប​។ វា​ប្លន់​គេ​វា​ចាប់​គេ​កាប់​សំលាប់​ វា​ក​ទ័ព​វាយ​នឹង​អែង​។ តែ​វា​ទើប​នឹង​បាន​ធ្វើ​បន្ដិច​​បន្ដួច​ ទេវ​តា​មិន​ជួយ​ មា​ចាប់​វា​បាន​មក​នេះ​។
ធីតាសើចបញ្ចេញធ្មេញសស្គុស រួចនិយាយថា
- ចុះលោកមាគិតធ្វើយ៉ាងណា?
- មាគិតសំលាប់វានៅវេលាយប់នេះអែង
កាមាសើច និយាយថា
- យើង​គិត​សំលាប់​វា​។ បង​សំលាប់​នឹង​ដៃ​បង បង​ខឹង​ណាស់ វា​កោង​កាច​ដាក់​លោក​ឳពុក រួច​វា​ធ្វើ​អោយ​អ្នក​ផង​មាន​ទុក្ខ​ព្រោះ​វា​។
មាណវីសើចខាំធ្មេញ ពោលថា
- ទេ​! លោក​មា​! ទេ​វា​ជា​មនុស្ស​មាន​ទោស​ធ្ងន់​ណាស់​ គឺ​ទោស​ក្បត់​ផែន​ដី ក្បត់​ព្រះ​មហា​ក្សត្រីយ៍​ក្រុង​អយុធ្យា​ ក្បត់​លោក​មា ក្បត់​ជន​ជាតិ​សៀម​យើង​។ វា​ស្លាប់​ភ្លាម​ៗ មិន​សម​ហេតុ​សម​ផល​ទេ តោង​លោក​មា​ជ្រាប​ថា វា​មិន​ខ្លាច​ស្លាប់​ទេ រួច​វា​សប្បាយ​ចិត្ដ​ នឹង ស្លាប់​ថែម​ទៀត​ ពី​ព្រោះ​វា​ដឹង​ថា បើ​វា​ស្លាប់​ភ្លាម​ៗ មុខ​ជា​មាន​មនុស្ស​បន្ដ​ការ​ងារ​របស់​វា​រិត​តែ​ខ្លាំង​ជា​ង​មុន​ទៅ​ទៀត​មិន​ខាន​។ ព្រះ​កំពុត​ចាប់​អារម្មណ៍​ នឹង​ ពាក្យ​របស់​នាង​មណី​កាន់​តែ​ខ្លាំង​ឡើង​ត្បិត​ស្រី​ល្អ​អែក​នេះ​និយាយ​ត្រូវ​ៗ​ ស្ទើរ​ទាំង​អស់​។
លោកសួរថា
- ដូច្នេះ បើតាមក្មួយត្រូវធ្វើយ៉ាងណា?
កញ្ញាសើច បន្ដវាចាទៅទៀតថា
- ច៎ាះ​! បើ​តាម​ខ្ញុំ​ ត្រូវ​ផ្ដាន់​ទា​ទោស​វា​អោយ​សម​តាម​កំហុស​ដែល​វា​ប្រ​ព្រឹត្ដ​ គឺ​ដាក់​ច្រវាក់​ដៃ​ រួច​វាយ​អា​ក្រោស​បណ្ដើរ​តាម​​ភូមិ​ស្រុក​ ចេញ​ប្រកាស​ប្រាប់​ចំ​ៗ អោយ​អ្នក​ស្រុក​ដឹង​លឺ​គ្រប់​ៗ​គ្នា​ថា វា​ជា​មនុស្ស​ក្បត់​ជាតិ​ ជា​មេ​បះ​បោរ​ ជា​មហា​ចោរ កុំ​អោយ​អ្នក​ណា​យក​តំរាប់​តាម​វា​ទៀត​។ រួច​លោក​មា​ក្នុង​ពេល​បណ្ដើរ​នេះ សូម​វាយ​វា​នឹង​រំពាត់​ផ្ដៅ​ធំ​មួយ អោយ​វា​បែក​ឈាម​ហូរ​សស្រាក់​ ឈឺ​ចាប់​ខ្លោច​​ផ្សា (មក​ដល់​ត្រង់​នេះ​កញ្ញា​នឹក​ថា​ ពី​ព្រោះ​សេច​ក្ដី​ស្នេហា​របស់​នាង​លើ​រូប​បុរស​នេះ​ពុះ​ពោរ​កញ្ជ្រោក​កញ្ជ្រោល​ហូរ​សស្រាក់​ឈឺ​ចាប់​ខ្លោច​ផ្សា​ដែរ​) ច៎ាះ​! រួចយ​ក​វា​ទៅ​ចង​ឆ្កាង​ហាល​ថ្ងៃ​បង្អត់​បាយ​ បង្អត់​ទឹក​។​ ធ្វើ​យ៉ាង​នេះ​បាន​បី​ថ្ងៃ យក​វា​អោយ​ទៅ​កិន​ស្រូវ​នឹង​ត្បាល់​មួយ​ធំ​វាយ​ដំ​វា​អោយ​ប្រឹង​ៗ​អោយ​រួច​។ សូម​ធ្វើ​យ៉ាង​នេះ​អោយ​បាន​ពីរ​ខែ​។ រួច​រាល់​ថ្ងៃ​អោយ​អ្នក​ស្រុក​មក​មើល​វា ស្រែក​ចំ​អក​អោយ​វា​ខ្មាស​គេ (នាង​នឹក​ថា​ព្រោះ​នាង​បាន​ខ្មាស​បុរស​នេះ​ដូច្នោះ​អែង​)​។
ជន​ទាំង​ពីរ​រូប​ក៏​យល់​ព្រម​តាម​កម្ម​វិធី​របស់​នាង​មណី​។
មួយ​ថ្ងៃ​ក្រោ​យ​មក​ទៀត មានន្ទ​ក៏​ត្រូវ​ទទួល​ទារុណ​កម្ម​ដ៏​ខ្លោច​ចិត្ដ​នេះ​។ អ្នក​រង​ទុក្ខ​វេទនា​ក្រៃ​ណា នឹង​រក​អ្វី​ផ្ទឹម​ស្មើ​គ្មាន​។ ក្នុង​ពេល​ដែល​គេ​វាយ​បណ្ដើរ​អាក្រោស​ អ្នក​ស្រុក​ទាំង​ពួង​ផ្អើល​ឆោ​លោ​ទាំង​ចាស់​ ទាំង​ក្មេង​មក​មើល​យ៉ាង​អ៊ូ​អរ​ពាស​ពេញ​។ អ្នក​ផង​សំដែង​សេច​ក្ដី​អានិត​ អ្នក​ផង​ជេរ​ប្រទេច​ផ្ដា​សា​ថែម​។ ក្នុង​ពួក​អ្នក​ជួយ​ស្អប់​ យើង​សង្កេត​ឃើញ​ច្រើន​តែ​ពួក​ដែល​រស់​ជា​រណប​នៅ​ជើង​កំផែង​ព្រះ​កំពុត​ រួច​ពី​នោះ ​គឺ​ពួក​អ្នក​មិន​យល់​រឿង​ច្បាស់​ នៅ​ក្រោយ​បំផុត​ពី​ពួក​អ្នក​មិន​ដឹង​រឿង​អ្វី​សោះ​ ដែល​មាន​ត្រ​ចៀក​ស្រាល​ ចេះ​តែ​ជឿ​តាម​គេ​អិត​ចេះ​គិត​ដល់​តិច​តួច​ឡើយ​។ តែ​រឿង​មានន្ទ​ក៏​បាន​ផ្ទុះ​លឺ​សុះ​សាយ​ពេញ​អានា​ខេត្ដ​សេរី​សោភ័ណ​។ អ្នក​ផង ទាំង​ខាង​ពួក​ស្អប់ ទាំង​ខាង​ពួក​ស្រ​លាញ់​អានិត​ ស្គាល់​មានន្ទ​គ្រប់​គ្នា​ថា​ជា «មហា​ចោរ​នៅ​ទល់​ដែន​»​។
ថ្ងៃ​មួយ​មានន្ទ​កំពុង​ធ្វើ​ការ​អូស​រទេះ​ដែល​ផ្ទុក​សុទ្ធ​តែ​ថ្ម​កណ្ដាល​ថ្ងៃ​បែក​ញើស​ហូរ​រហាម​ ក្រោម​រំពាត់​របស់​កង​យោធា​ នាង​មណី​កើត​ចិត្ដ​មួយ​ចង់​ឃើញ​នឹង​ភ្នែក​នូវ​ទុក្ខ​វេ​ទនា​របស់​មានន្ទ​ដែល​មាន​រូប​នាង​ជា​បុព្វ​ហេតុ​។ ស្រី​វរ​លក្ខណ៍​បាន​ដើរ​ទៅ​លប​មើល​បុរស​ទុរ​គត​នា​កន្លែង​មួយ​ស្ងាត់​កំបាំង​ពី​ភ្នែក​អ្នក​ផង​។ ធីតា​អផ្សុក​ពេញ​ខ្លួន​នឹក​ឃើញ​បុរស​កាល​ណា​ក្ដៅ​ឆួល​ក្នុង​ចិត្ដ​កាល​ណោះ​។
នាង​ចង់​ឃើញ​ ព្រោះ​ខ្លាច​ក្រែង​មានន្ទ​មិន​បាន​ទទួល​កម្ម​អោយ​សម​តាម​កម្ម​ដែល​ស្រី​ទទួល​ដោយ​សា​បុរស​នេះ​។ មាណី​ហេវ​អស់​ទាំង​រូប​កាយ​ដោយ​នឹក​មិន​យល់​ថា​ ប្រុស​អ្វី​ក៏​មាន​ចិត្ដ​រឹង​ម៉្លេះ​។ ចិត្ដ​នេះ​ហាក់​ដូច​កៅ​ស៊ូ​ដែល​ធីតា​ប្រឹង​ទាញ​ៗ​ យ៉ាង​ពេញ​​ទំហឹង ​រួច​ដល់​ពេល​លែង​វិញ​ កៅ​ស៊ូ​ធូរ​មក​ដដែល​ដូច​ដើម​។
មិន​យូរ​ប៉ុន្មាន​ នាង​ឃើញ​មានន្ទ​ធ្វើ​ការ​។ ក្នុង​ហ្វូង​អ្នក​ទោស​ ស្រី​សង្កេត​ឃើញ​នាយ​កោប ​អគ្គី មហា​កាល និង​មនុស្ស​ទោស​អែ​ទៀត​ដែល​នាង​ពុំ​ស្គាល់​។ អគ្គី​ មហា​កាល និង​ នាយ​កោប​ខំ​ក្រដាប​ទាញ​រទេះ​ដួល​ចុះ​ដួល​ឡើង​ដោយ​អស់​កំលាំង​ខ្លាំង​ពេក​។ អ្នក​យាម​ដែល​មាន​នាទី​ចាំ​តែ​ត្រួត​មើល​ការ​ ស្ទុះ​ទៅ​វាយ​ដំ​ជន​ទាំង​បី​ខ្វាប់​ៗ​ គ្មាន​ត្រា​ប្រណី​។
មានន្ទឈប់អូសរទេះខ្លួនមកចាប់សហការីទាំងបីលើកឡើងដោយករុណា
កោបនិយាយថា
- សុំទឹក ! សុំទឹក !
មានន្ទ​ស្ទុះ​ទៅ​យក​ទឹក​មួយ​ត្រ​លោក​ដែល​នៅ​ជិត​នោះ​ ក្នុង​ពាង​មួយ​។ អ្នក​យាម​ម្នាក់​វាយ​ត្រ​លោក​ធ្លាក់​ពី​ដៃ​មានន្ទ​!!​ មានព​ក្ដៅ​ក្នុង​ចិត្ដ​ជា​ពន់​ពេក នឹក​ថា​មួយ​ពេល​នេះ​ស្លាប់​ទៅ​ល្អ​ជាង​​។ អ្នក​សំលឹង​អ្នក​យាម​នោះ រួច​ស្ទុះ​ភ្លែត​ដាល់​ផូង​។
អ្នកទោសអែទៀតក៏កាន់ជើងមានន្ទគ្អិលឡើង។
ការ​វាយ​ប្រលូក​ក៏​កើត​មាន​យ៉ាង​ជ្រួល​ច្រាល​ តែ​ពួក​មានន្ទ​ដែល​មាន​តែ​ដៃ​ទទេ​ ត្រូវ​ពួក​ខាង​តំរួត​វាយ​ដួល​ក្រលាប់​ផ្កាប់​ផ្ងារ​។
នាង​មណី​ជា​សាក្សី​នៃ​រឿង​នេះ​។ ស្រី​រំជួល​ក្នុង​ដួង​ចិត្ដ​ ត្បិត​ក្នុង​សមុទ្រ​ទុក្ខ​ដែល​នាង​បាន​បង្កើត​ដោយ​ចេត​នា​សង​សឹក​នេះ មានន្ទ​បាន​បញ្ចេញ​នូវ​រស្មី​មេត្ដា​មួយ​ ដែល​ដាស់​អស់​សតិ​សម្ប​ជញ្ញៈ​ស្រី​អោយ​មាន​រស​ជាតិ​ជូរ​ចត់​ក្រៃ​ពេក​។ កាមា​បញ្ជា​អោយ​ពួក​ដែល​កំពុង​ប្រលូក​គ្នា​នោះ​ឈប់​។
- អ្នកណាជាមេបះបោរក្នុងទីនេះ?
មានន្ទឈរនៅស្ងៀមអិតចេញវាចាមួយម៉ាត់
នាយតំរួតម្នាក់ចង្អុលទៅមានន្ទ
- នុ៎ះ ! ព្រះតេជគុណ វានោះជាមេបះបោរ!
កាមាដើរទៅជិតមានន្ទ ដោយបញ្ចេញនូរអាការសាហាវមួយដែលរកអ្វីប្រដូចគ្មាន។
- ហ៊ឹះ ! បង ! ជាប់ទោសហើយនៅបង្ខំបង្កកល្លិយុគអីទៀត ?
កាមា​យារ​កំនាត់​ឈើ​បំរុង​វាយ​មានន្ទ​។ នាង​មណី​ស្រែក​យ៉ៃ​ឡើង​ពី​ក្នុង​កន្លែង​ដែល​ពួន​ ត្បិត​នាង​ទ្រាំ​មិន​បាន​នឹង​អំពើ​លាមក​នេះ​។ សំរែក​នេះ​ធ្វើ​អោយ​ទាំង​អ្នក​ទោស​ ទាំង​អ្នក​ប្រើ​អំណាច​ ឈប់​ស្ងៀម​ស្រលាំង​កាំង​ មុខ​បែរ​ទៅ​រក​ទី​ដែល​សំរែក​ហែក​ចេញ​មក​។ អោ​! ទារុណ​កម្ម​ដែល​មានន្ទ​ទទួល​ ស្រ្ដី​ឃើញ​ហួស​សេច​ក្ដី​ស្មាន​របស់​នាង​ទៅ​ហើយ​។ អីលូវ​មាន​ហេតុ​មួយ​ទៀត​ដែល​បន្ថែម​ទំងន់​ទៅ​​លើ​អ្នក​រង​គ្រោះ​។
ក្នុង​មនោ​ចិត្ដ​របស់​យុវតី​ដែល​អាក្រក់​ ចំពោះ​មានន្ទ​អិត​ឧបមា​នេះ​លេច​មាន​បន្ទះ​ល្អ​មួយ​ដែរ​។ ស្រី​ដើរ​យ៉ាង​លឿន​ទៅ​ចាប់​រំពាត់​ពី​ដៃ​កាមា​ បេះ​គ្រ​វាត់​ចោល​ចេញ​ដូច​ដែល​នាង​បាន​ធ្វើ​នៅ​ក្នុង​គុក​។ កល្យាណ​ទៅ​ដង​ទឹក​ហុច​អោយ​មានន្ទ​ដែល​មាន​ទឹក​មុខ​មាំ​ យក​ទឹក​នោះ​ទៅ​អោយ​អ្នក​ស្រេក​ឃ្លាន​។​
ធីតាខ្សឹបដាក់ត្រចៀកកាមាថា
- ទៅ ! បងទៅចុះ ! មេទ័ពមិនត្រូវវាយអ្នកទោសនឹងដៃអែងទេ នាំអោយថោកទាបវិញទេ
នាង​ដឹក​ដៃ​កាមា​ចេញ​ទៅ​បី​ដូច​ក្មេង​ម្នាក់​ដែល​ដឹក​ខ្លា​កំនាច​ចេញ​ពី​កន្លែង​មួយ​។ លុះ​មក​ដល់​ក្នុង​បន្ទប់​នាង​វិញ​ កល្យាណ​ណែន​ណាន់​តាន់​តាប់​ពេញ​ដើម​ទ្រូង​។ ធីតា​បំរះ​ននៀល​លើ​គ្រែ​ដែល​មាន​កំរាល​ស​ស្អាត​។ ស្រី​បង្ហូរ​ទឹក​ភ្នែក​យ៉ាង​ខ្សឹក​ខ្សួល​។ ធីតា​យំ ... អោ​! នាង​យំ​អានិត​ប្រុស​ដែល​អិត​ដឹង​ខ្លួន​ថា​ ទទួល​លំពែង​ទុក្ខ​របស់​នាង​។
នាងយំៗ អោយអស់ចិត្ដ
ទឹកភ្នែកដែលហូរចេញមក បន្ទោសស្ដីជេរកែវម៉ាំងៗ គ្មានត្រាប្រណីឡើយ។
កញ្ញាហាក់លឺសំលេងមួយស្រែកថា
យំ​ទៅ​មណី​ យំ​កុំ​ឈប់​។ ហែល​ក្នុង​ទឹក​ភ្នែក​អែង​ចុះ​។ នេះ​គឺ​កម្ម​ដែល​អែង​ធ្វើ​ខ្លួន​អែង​។ យី​! មណី​ មាន​មុខ​យំ​ផង​ យំ​ធ្វើ​អី​បើ​អែង​ចេះ​មាន​ចិត្ដ​អាក្រក់​ទៅ​រក​គេ​ហើយ​។ ទឹក​ភ្នែក​អែង​មិន​អាច​លាង​វេរា​ដែល​អែង​ផ្ដុំ​មក​នោះ​ទេ​។ ទឹក​ភ្នែក​អែង​មាន​រស​ជាតិ​ល្វីង​ណាស់​ មិន​សម​ហូរ​ចេញ​ពី​ភ្នែក​ដែល​ល្អ​នោះ​ទេ​។ អែង​ជា​ស្រី​​ឆន្ទា​ខ្លាំង​ណាស់​។ គេ​ល្អ​គ្រប់​បែប​គ្រប់​យ៉ាង​ អែង​ឈ្នា​និស​គេ​។​ អែង​យក​ល្បែង​ចិត្ដ​មក​សង​សឹក​គេ​ ដោយ​បន្លំ​ថា​ ជា​ល្បែង​ស្រុក​ទេស​ទៅ​វិញ ។ មណី ! បើអញវិញ ខ្មាស់ខ្លួនអែងស្លាប់ហើយ។

នេះ​ជា​សំលេង​សម្ប​ជញ្ញៈ​។ នេះ​ហើយ​ភ្នែក​របស់​សតិ​ដែល​ជា​អាទិ​ទេព​របស់​មនុស្ស​ម្នាក់​ៗ​។ សំលេង​នេះ​លឺ​ខ្ទរ​ៗ ខ្លាំង​ៗ​ ដែល​អ្នក​ផង​មិន​លឺ​ រួច​ដែល​មាន​តែ​មនុស្ស​ដែល​បាន​ប្រព្រឹត្ដ​ខុស​ មាន​បទ​ឧក្រិដ្ឋ​ជា​ដើម​នោះ​ទេ​ទើប​លឺ​។ សំលេង​នេះ​គ្រប​ដន្ដប់​រូប​កាយ​យើង​ និង​ សូន​ បេះដូ​ងយើងធ្វើអោយ​យើង​ដក​ដង្ហើម​មិន​បាន​ស្រួល​ មើល​មុខ​គេ​អែ​ទៀត​មិន​បាន​ចំ ចង់​តែ​គេច​ខ្លួន​ទៅ​អែ​ណា​ឆ្ងាយ​ៗ អោយ​បាត់​ពី​មនុស្ស​​យើង​ទៅ​។

តើ​ឆន្ទា​មណី​ទៅ​ណា​អោយ​ផុត​ពី​ភ្នែក​សម្ប​ជញ្ញៈ​នេះ​ទេ​? ទេ ​! ទោះ​ទៅ​ដល់​ទី​ណា​ក៏​ភ្នែក​នេះ​តាម​មើល​ក្រលោត​ សំលេង​នេះ​តាម​និយា យ​ប្រដៅ​ កិន​បន្ទោស​ដរាប​។ អោ ​! នាង​មណី​នឹក​ឃើញ​ដំណាក់​ឳពុក​នាង​ដែល​នៅ​នា​ខេត្ដ​សុរិន្ទ​រ​ សីមា​។ នាង​ត្រូវ​តែ​ទៅ​ៗ អោយ​បាន​ឆ្ងាយ​បន្ដិច​ពី​មុខ​ប្រុស​ជា​គូ​កម្ម​ ទៅ​អោយ​ភ្លេច​រឿង​ចាស់​ចេញ​ ទៅ​រក​ទី​មួយ​ដើម្បី​សង្រេង​សង្រៃ​តែ​ម្នាក់​អែង​។ ព្រឹក​ឡើង​ កែវ​មណី​ឡើង​ទៅ​សំពះ​ព្រះ​កំពុតជា​ឳពុក​មា ធ្វើ​ដំណើរ​ត្រលប់​ទៅ​ផ្ទះ​វិញ​។ ព្រះ​កំពុត​ និង​ កាមា​ឃាត់​ស្រី​យ៉ាង​ណា ក៏​នាង​ចេះ​​តែរ​ក​ពាក្យ​ដោះ​សារ​នឹង​ធ្វើ​ដំណើរ​នេះ​។ នៅ​ចុង​បង្អស់​ នាង​បាន​អនុញ្ញាត​ទៅ​តាម​សេច​ក្ដី​ស្នើ​មែន​ក្នុង​រយៈ​វេលា​បី​ថ្ងៃ​​ទៀត​។