១២ - អាសន្នធំ
ថ្ងៃសៅរ៍ ទី13.សីហា 2016.ម៉ោង 8:16

គឺ​ជា​ផ្ទះ​មួយ​ដ៏​សម​រម្យ​ដែល​មានន្ទ​ពួន​ ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង​ មាន​ទី​ធ្លា​ធំ​តាម​ឋានៈ​ខ្មែរ​ជន​កណ្ដាល​។ តែ​ក្នុង​ភូមិ​កុយ​មែង​នេះ​ ផ្ទះ​ប៉ុណ្ណេះ​ ជា​ផ្ទះ​មួយ​ដ៏​រុង​រឿង​ណាស់​ទៅ​ហើយ​ កណ្ដាល​ចំនោម​ផ្ទះ​អែ​ទៀត​ដែល​សុទ្ធ​សឹ​ង​តែ​ជា​កូន​ខ្ទម​រយីក​រយាក​។

មា​នន្ទ​ចូល​ក្នុង​បន្ទប់​មួយ​រួច​បិទ​ទ្វារ​ជិត​ស្លុង​។ មាន​ព​ មើល​ឃើញ​គ្រែ​ពូក​ស្អាត​ មុង​ស​ស្គុស​។ អ្នក​នឹក​ថា ប្រ​ហែល​ជា​បន្ទប់​ដេក​ហើយ​។ នៅ​កៀន​គ្រែ​មាន​តុ​មួយ ប្រដាប់​ដោយ​កញ្ចក់​តាំង​ស្និត​សិត​សក់​ កែវ​ម្សៅ កែវ​ល្មៀត​ ដប​ទឹក​អប់​ផង​។ មានន្ទ​ចាប់​អារម្មណ៍​ថា «លោ​ៗ ជា​បន្ទប់​កូន​ក្រមុំ​គេ​ក៏​មិន​ដឹង​?​។ បុរស​ត្រិះ​រិះ​មើល​ តើ​ឧត្ដម​មិត្ដ​ចាស់​របស់​អ្នក​មាន​កូន​ក្រមុំ​ទេ ​? ទេ​! វា​មិន​ដែល​មាន​កូន​អែ​ណា​ទេ​។ ចុះ​វា​លក់​ផ្ទះ​នេះ​អោយ​ទៅ​អ្នក​ណា​មួយ​ហើយ​រឺ​? តែ​តាម​តុ​ទូ​ក្នុង​ផ្ទះ​ដែល​ធ្លាប់​ដូច​បាន​ស្គាល់​ពី​មុន​មក​ហើយ គឺ​តុ ទូ​ ដដែល​សោះ​។

អតីត​សង្សារ​នាង​ទេវី​ ភិត​​ភ័យ​យ៉ាង​ខ្លាំង​នឹង​រឿង​នេះ​។ ណា​មួយ​នៅ​ភូមិ​កុយ​មែង​មាន​ភ្នាក់​ងារ​រាជ​ការ​របស់​ឪ​​ពុក​អ្នក​ផង​ ប្រ​ហែល​ជា​ពួក​អស់​នេះ​បាន​ទទួល​កិច្ច​បញ្ជា​ពី​សិរី​សោភ័ណ​មក​ អោយ​ជួយ​ចាប់​អ្នក​ជា​ប្រាកដ​។ ណា​មួយ​ទៀត ដៃ​អ្នក​ដែល​ពី​ម្សិល​មិញ​បាន​លាង​រុំ​នោះ ក៏​ឈឺ​ចាប់​ចុក​យ៉ាង​ខ្លាំង​ ពី​ព្រោះ​អ្នក​បាន​តស៊ូ​ដើម្បី​រំដោះ​ខ្លួន​អោយ​បាន​រួច​ជីវិត​ពី​យប់​មិញ​មក​នេះ​។ អ្នក​កំលោះ​យក​ដៃ​ឆ្វេង​ស្ទាប​មើល​ ឃើញ​ហើម​ធ្វើ​អោយ​ឈឺ​ក្រៃ​ពេក​។ រី​អែ​ពូក​ខ្នើយ​ធ្វើ​អោយ​អ្នក​ងងុយ​ដេក​យ៉ាង​ខ្លាំង​ តែ​ពុំ​ហ៊ាន​ប្រាស​ខ្នង​ដល់​ឡើយ​។ អ្នក​នឹក​ថា «​ចុះ ឧត្ដម​វា​ទៅ​ណា​? វា​ភ្លេច​អ្នក​ហើយ​រឺ​នៅ​? ពី​ព្រោះ​មិត្ដ​ទាំង​ពីរ​នេះ​ឃ្លាត​គ្នា​តាំង​ពី​កាល​នៅ​វ័យ​កុមារ​រៀង​ៗ​ខ្លួន​មក​។

ខាង​ក្រៅ​លឺ​សូរ​រទេះ​បរ​បាក់​ឃឹប​ៗ ចូល​មក​ក្នុង​របង​ផ្ទះ​។ មានន្ទ​លប​ស្ដាប់​លឺ​សូរ​មាត់​ស្រី​ជជែក​ងេក​ងោក​ៗ អំពី​ដូរ​ស្រូវ​លក់​ថ្លៃ​ តថ្លៃ​ ទិញ​ប្រហុក​។ បន្ទាប់​មក​ ទើប​អ្នក​លឺ​សូរ​មាត់​ឧត្ដម​ដែល​អ្នក​នៅ​ចាំ​សំ​លេង​​នៅ​ឡើយ​។ បុរស​ត្រេក​អរ​យ៉ាង​ខ្លាំង​ដោយ​ទើប​បាន​ដឹង​ប្រាកដ​ថា​​ជា​​ផ្ទះ​មិត្ដ​ចាស់​របស់​អ្នក​ពិត​មែន​។​

ក្នុង​ពេល​នោះ​ឧត្ដម​ជជែក​វ៉ូង​វ៉ាង​រួច​ក៏​ចូល​មក​បើក​ទ្វារ​បន្ទប់​ដែល​មានន្ទ​នៅ​ពួន មានន្ទ​ស្ទុះ​ទៅ​ខាង​ទ្វារ​កំបាំង​ខ្លួន​បាត់​នឹង​ទ្វារ​ដែល​បើក​មក លុះ​ឧត្ដម​បាន​ចូល​ស៊ប់​ដល់​ក្នុង​បន្ទប់​ហើយ មានន្ទ​រាំង​ទ្វារ​ជិត​ភ្លាម​មួយ​រំពេច​។ ឧត្ដម​ស្រលាំង​កាំង ទើប​ដឹង​ហើយ​ស្គាល់​ថា ជា​មានន្ទ ​ក៏​ស្ទុះ​ទៅ​អោប​មិត្ដ​កំសត់​នេះ។
- យឺ ! មកពីណា ? ម៉េចអែងមកពួននៅទីនេះ ? មានរឿងអ្វី ?
មានន្ទយកដៃខ្ទប់មាត់ឧត្ដម
- កុំមាត់ខ្លាំង គេលឺ
- មិត្ដអែងសុខសប្បាយជាទេរឺ?
- សុខសប្បាយទេ តែក្នុងពេលនេះយើងមានរឿង . . .
មានន្ទច្រានឧត្ដមចេញ និយាយយ៉ាងនឹងនួនទៅទៀតថា:
- យើងជាមនុស្សអសិរពិស តើអែងអាចទទួលយើងអោយនៅទីនេះបានទេ?
ឧត្ដមធ្វើទឹកមុខស្រងូតស្រងាត់
- រឿងអ្វី ? ធំប៉ុន្មាន ?
មានន្ទក៏រ៉ាយរ៉ាប់រឿងប្រាប់ឧត្ដមដោយត្រួសៗតាំងពីដើមដល់ចុង
លុះស្ដាប់ចប់សេចក្ដី ឧត្ដមសើចទះស្មាមានន្ទយ៉ាងរីករាយ។
- អែងនៅទីនេះបាន។ តោងទុកផ្ទះនេះដូចជាផ្ទះអែង ។ តើអែងបំរុងនៅប៉ុន្មានថ្ងៃ?
- ប្រហែលបីថ្ងៃ
- កុំភ័យអី ចាំអញជួយលាក់បំពួនអែង រួចជួយរក្សាអែងអោយជា
- អីលូវអែងបាយទឹករួចហើយនៅ ?
- ទេកុំអោយអែងព្រួយអី ! អញបាយរួចហើយ តែសុំទឹកមួយផ្ដិលមក
- អុះ ! ណ្ហើយកុំ
- ម៉េច?
- ក្រែងគេដឹងច្រើនគ្នា
- ហ៊ី ! ឆ្កួតអញគ្មានអោយអ្នកណាដឹងទេ
ថា​ហើយ​ ឧត្ដម​បើក​ទ្វារ​ចេញ​ទៅ​ក្រៅ រួច​បិទ​ទ្វារ​វិញ​យ៉ាង​ស្រួល​។ គឺ​បុរស​ម្នាក់​អាយុ​ប្រមាណ​សាម​សឹប​ឆ្នាំ មុខ​មាំ​ស្លូត​បូត សំដី​ម៉ាត់​ៗ​។ បន្ដិច​ក្រោយ​មក បុរស​ដ៏​ប្រ​ពៃ​នេះ​ត្រលប់​ចូល​មក​ក្នុង​បន្ទប់​វិញ កាន់​ទឹក​មួយ​ផ្ដិល​មក​ហុច​អោយ​មានន្ទ​។ មា​នន្ទ​ទទួល​ផ្ដិល​ទឹក​នេះ​រួច​ផឹក​លឺ​ក្អឿក​ៗ​។ ឧត្ដម​ច្រត់​ចង្កេះ​មើល​មិត្ដ​កំសត់​របស់​អ្នក​ដោយ​ស្នេហា​:
- ហ៊ឹស​ៗ តាំង​ពី​ណា​មក កាល​ណា​អញ​ជួប​នឹង​អែង គឺ​មាន​តែ​រឿង​មួយ​ទេ គឺ​រឿង​ទឹក​មួយ​ផ្ដិល​ប៉ុណ្ណោះ​អែង​
មានន្ទផឹកទឹកឆ្អែតទៅអង្គុយលើគ្រែ។ ឧត្ដមទៅអង្គុយជិតទន្ទឹមស្មាគ្នា
- អែងដេកក្នុងបន្ទប់នេះចុះ
- ចុះអែងទៅដេកអែណា?
- ហ៊ី! អញតាមបានទេ ដេកអែណាក៏បាន អូ! ចាំអញទៅប្រាប់ប្រពន្ធអញអោយគេដឹងផង
មានន្ទទាញស្មាឧត្ដមជាប់
- កុំ!
- ហ៊ី! ឆ្កួត មានអី កុំភ័យអោយសោះ បើអែងមានគ្រោះថ្នាក់ អញសាកដៃអញម្ដងអោយអែងឃើញ
ឧត្ដម​ក៏​ទៅ​ខ្សឹប​ដាក់​ត្រចៀ​ក​នាង យី​ហ៊ុប​ជា​ភរិយា​។ គឺ​ជា​ស្រី​ម្នាក់​អាយុប្រ​មាណ​ម្ភៃ​ឆ្នាំ ស្គម​ខ្ពស់​ ភ្នែក​មាន់​ សំរស់​ល្អ សំដី​លះ​ ចេះ​ខ្នះ​ខ្នែង​ក្នុង​ការ​រក​ទទួល​ទាន​ និង​ចេះ​រាក់​ទាក់​ក្នុង​ការ​ទទួល​ភ្ញៀវ​ពន្លឺ​។ ដំបូង​នាង​ភ័យ​សួរ​ប្ដី​ថា​:
- រឿងអី? អ្នកណា ?
- ពួកម៉ាកបង
- ឈ្មោះអ្វី?
- មានន្ទ
- អោ! លោកមានន្ទ គាត់នៅអែណា? លោកអើយ! ខ្ញុំខានឃើញគាត់យូរមកហើយ
- ក្នុងបន្ទប់ផ្ទះយើង។ តែកុំមាត់អោយសោះ
ឧត្ដមក៏និយាយរឿងមានន្ទប្រាប់នាង យីហ៊ុបអោយបានដឹង ។ នាងយីហ៊ុប ក៏ចូលទៅសំពះសួរមានន្ទ
- ច៎ាះ! អញ្ជើញលោកសំរាន្ដនៅកន្លែងនេះចុះ។ ចំនែកខ្ញុំនឹងប្ដីខ្ញុំមិនជាការអ្វីទេ
  ថា​ហើយ​នាង​យី​ហ៊ុប​ក៏​លា​ចេញ​មក​បើក​ទូ​យក​សារុង​ កន្សែង​ជូន​ទៅ​មានន្ទ​អោយ​ផ្លាស់​។ រួច​នាង​ដាំ​ទឹក​ក្ដៅ​យក​មក​អោយ​មានន្ទ​ស្អំ​ដៃ​។ ថ្ងៃ​នោះ​ ភរិយា​ស្វាមី​ខ្នះ​ខ្នែង​យ៉ាង​អស់​ពី​ចិត្ដ​ តាំង​ពី​ម្ហូប​អាហារ​ទទួល​ទាន​រហូត​ដល់​កន្លែង​ដេក​ពួន​ និង​ប្រ​ដាប់​ប្រើ​ប្រាស់​ផ្សេង​ៗ​។ លុះ​ដល់​ពេល​ស្រស់​ស្រូប​រួច​ មានន្ទ​ដោយ​អស់​កំលាំង​ខ្លាំង​ពេក​និទ្រា​លក់​យ៉ាង​ស្កប់​ស្កល់​។ ភ្ញាក់​ឡើង​អ្នក​ឃើញ​នាង​យី​ហ៊ុប​អង្គុយ​នៅ​ចុង​ជើង​ អ្នក​ហុច​ទឹក​មួយ​ផ្ដិល​អោយ​លុប​មុខ ជូន​ផ្លែ​ក្រូច​ដែល​បក​សំបក​ស្រេច​អោយ​បរិ​ភោគ​។ មានន្ទ​ទើប​ឃើញ​មុខ​នាង​ច្បាស់​ អ្នក​នៅ​ធ្មឹង​ រួច​នាង​សើច​។
- បង ! ភ្លេចខ្ញុំហើយរឺនៅ?
- បាទ ! ខ្ញុំប្រហែលៗអ្នកដែរ
- ខ្ញុំនៅសិរីសោភ័ណ
- ផ្ទះអ្នកណា?
- ឪពុកខ្ញុំពូកែវមណី។
- អូ ! អូ ! អត់ទោស ខ្ញុំភ្លេចហើយ ខ្ញុំទើបតែនឹកឃើញ
អោ! យើងបែកគ្នាយូរណាស់មកហើយ តាំងពីយើងនៅតូចៗ . . .
នារីខិតចូលជិតមានន្ទ។ នាងចង់និយាយអំពីរឿងផ្សេងៗ ជាច្រើន តែនាងនឹកថា «នាងមានប្ដីហើយ»។
មានន្ទ​ក្រោក​អង្គុយ​ឡើង ប្រុង​ប្រយ័ត្ន​មិន​អោយ​ប៉ះ​ពាល់​ដល់​ភរិយា​គេ​ទេ រឿង​ចាស់​ជា​រឿង​ចាស់​។ តោង​បង្កប់​រឿង​ចាស់​ក្នុង​ផ្នូរ​មួយ រួច​បំភ្លេច​ចោល​កុំ​បី​នឹក​នា​។ គប្បី​កុំ​ជំរុញ​រឿង​ថ្មី​រហូត​ដល់​ទៅ​មាន​តំណ​មួយ​ដែល​អាច​ក្លាយ​ទៅ​ជា​កម្ម​ទៀត​។ ហេតុ​នេះ​ត្រូវ​កាន់​ចិត្ដ​រឹង​ក្នុង​រឿ ង​និយាយ​គ្នា​ជា​ការ​សំខាន់​បំផុត​។
នាងយីហ៊ុបចាប់ដៃមានន្ទស្រាយរបួសស្អំទឹកក្ដៅ
- ប្អូន​ជួយ​ធុរៈ​បង​ទេ​! យើង​មិន​មែន​ស្រលាញ់​គ្នា​ទេ ប្អូន​មាន​ប្ដី​ហើយ​។ មានន្ទ​សើច​។ សំណើច​ សំរស់​ទឹក​មុខ​នាំ​អោយ​នាង​ព្រឺ​ខ្លួន​ខ្ញាក​ៗ តែ​នាង​ចេះ​តែ​ខំ​ប្រឹង​ទប់​ជា​និច្ច​។
- បងដឹងថាប្អូនមានប្ដីហើយ តោងជឿចិត្ដបងចុះ
- ប្អូនជឿ ច៎ាះ ! បងឈឺទេ?
- ឈឺ។
- ប្អូនធ្វើតិចៗ។ សូមបងនៅផ្ទះប្អូនទំរាំដល់ជាមុខរបួស ចាំអញ្ជើញទៅចុះ
- បងអរគុណណាស់ តែបងនៅទីនេះមិនបានយូរទេ
- បង ! មានការអី?
- មានការប្រញាប់ជួបនឹងគេ
- អែណា ?
- នេះជាការផ្ទាល់ខ្លួនបង មិនមែនជាភារសំខាន់ទេ ។ តែនៅទីនេះមានក្រុមអ្នករាជការទេ?
- មាន ! ម៉េចបងភ័យរឺ បានជាធ្វើទឹកមុខស្ងួតយ៉ាងនេះ?
- បងកំពុងរបួស ហើមដៃអស់ រកការពារខ្លួនមិនបានទេ
- មិនអីទេ បើមានរឿងអី ប្អូននាំបងទៅពួនក្នុងជង្រុកស្រូវនោះ។ នុ៎ះបងមើលឃើញទេ?
- ឃើញ . . . អើស្រួលហើយ
- តែល្ងាចនេះ មានបងប្អូនខ្ញុំម្នាក់ទៅភ្នៀត
- កាលណាបានគេចេញដំនើរទៅ?
- យប់បន្ដិច ត្បិតពិបាកចាប់គោណាស់។ ខ្ញុំអោយគាត់ខ្ចីរទេះខ្ញុំ
- គេដឹកអ្វីទៅ ?
- អត់ដឹកអ្វីទេ។ អោ! គេដឹកចំបើងទៅ។ អីលូវចាំប្អូនរៀបចំបាយទឹកជូនបង
- មានអ្វីខ្លះថ្ងៃនេះ?
- ច៎ាះ ! អត់មានអ្វីទេ តែខ្ញុំបានធ្វើមាន់មួយជូនបង
- អរគុណាស់

មានន្ទ​ដោយ​សេច​ក្ដី​រាក់​ទាក់​ដែល​នាង​យី​ហ៊ុប បាន​ធ្វើ​ដោយ​ស្មោះ​ត្រង់​បំផុត​នេះ អ្នក​ភ្លេច​ខ្លួន ភ្លេច​ឈឺ ភ្លេច​គ្រោះ​ថ្នាក់​។ នាង​សើច​តប​វិញ​យ៉ាង​ព្រ​ងើយ​ រួច​ចេញ​ទៅ​។

ព្រះ​សុរិ​យា​ជិត​អស្ដង្គត​ ចោល​ពន្លឺ​ល្អះ​ល្អ​ទន់​ភ្លន់​មក​លើ​ពសុធា​។ មានន្ទ​លឺ​សូរ​មាត់​ឧត្ដម​ដែល​ទើប​វិល​ត្រ​លប់​ពី​កំពង់​មក​វិញ​ ក្រៅ​ពី​មាត់​មិត្ដ​នេះ​ អ្នក​លឺ​សូរ​មាត់​ស្រី​ប្រុស​អែ​ទៀត​ជា​ច្រើន​ ដែល​លើក​ចំបើង​ដាក់​រទេះ​។ ទ្វារ​បន្ទប់​របើក​ឡើង​។ នាង​យីហ៊ុប​លើ​ក​បាយ​ល្ងាច​ជូន​លាយ​ទាំង​សំណើច​ញញឹម​មួយ​ ដែល​បុរស​ពុំ​អាច​ភ្លេច​បាន​ឡើយ​។​ នៅ​កៀន​មាត់​ដែល​ហើប​បន្ដិច​នេះ​ មានន្ទ​សង្កេត​ឃើញ​ធ្មេញ​តូច​ស្មើ​ដែល​ចាំង​រលើប​ដូច​ភ្លុក​។​

ខាង​ក្រៅ​ភ្ញៀវ​ទាំង​ឡាយ​ចូល​មក​។ ឧត្ដម​ទទួល​ភ្ញៀវ​ប្រុស​-​ស្រី​ដែល​មក​បរិ​ភោគ​បាយ​យ៉ាង​រកាក​ដូច​សត្វ​ចូល​សំបុក​។ រាត្រី​ក៏​ត្រដាង​ស្បៃ​ងងឹត​មក​ពាស​ពេញ​។ ពន្លឺ​កូន​ចង្កៀង​ក្នុង​ផ្ទះ​ឧត្ដម​ក៏​ឆេះ​ឡើង​បន្ដ​ពី​ពន្លឺ​ព្រះ​សុរិ​យា​ដែល​រលត់​ទៅ​ថ្មី​ៗ​នេះ​។ បន្ដិច​មក​មានន្ទ​លឺ​សូរ​ជើង​សេះ​សន្ធឹ​កសន្ធាប់​មក​ដល់​។ អ្នក​ស្លៀក​ពាក់​ព្រឹ​ប​គ្មាន​បង្អង់​ ចង​ដាវ​ព្យួរ​នឹង​ចង្កេះ​ ឆ្លុះ​កញ្ចក់​ លប​ចាំ​ស្ដាប់​។ ចិត្ដ​អ្នក​ញាប់​ញ័រ​យ៉ាង​ខ្លាំង​។

ជនអ្នកជិះសេះឡើងមកលើផ្ទះ។ ឧត្ដមចេញទៅទទួល។
- ជំរាបសួរលោក !
- លើកដៃថ្វាយព្រះ
- ទាន! លោកអញ្ជើញមកមានការអីទាន ?
- លោកមានឃើញអ្នកទោសម្នាក់រត់មកជ្រកនៅទីនេះទេ?
- អ្នកទោស?
- បាទ! អ្នកទោស!
-មិនឃើញអ្នកទោសណាទេ
និលពេជ្រមើលនាយអាយ។ ឧត្ដមឡើងស្លាំងបន្ដពាក្យទៅទៀតថា :
- គ្មានអ្នកណាក្រៅពីគ្រួសារខ្ញុំទេ
- អត់ទោស ! ខ្ញុំសុំឆែក
- លោកមិនចាំបាច់ឆែកទេទាន !
- ខ្ញុំមានសំបុត្រពីអ្នករាជាការធំមក
និល​ពេជ្រ​ហុច​សំបុត្រ​អោយ​ទៅ​ឧត្ដម​មើល​។ កង​ទាហាន​ក៏​ចូល​មើល​ក្នុង​បន្ទប់​ផ្ទះ​រក​មើល​ក្រោម​គ្រែ បើក​ទូ​រក​មើល​តាម​ពាង​ទឹក​ និង​ គៀន​កោះ​សព្វ​គ្រប់​ តែ​អិត​មាន​ឃើញ​អ្វី​។ ឧត្ដម​មាន​ក្ដី​តក់​ស្លុត​យ៉ាង​ខ្លាំង​។ លុះ​ចូល​ក្នុង​បន្ទប់​មិន​ឃើញ​មានន្ទ​វិញ​ ក៏​អ្នក​ហាក់​ធូរ​ដើម​ទ្រូង​បន្ដិច​ តែ​ព្រួយ​បារម្ភ​ មិន​ដឹង​មិន​មិត្ដ​នេះ​ទៅ​អែ​ណា​បាត់​ទៅ​ហើយ​។
និលពេជ្រនិយាយថា :
- ខ្ញុំបានដឹងការច្បាស់ថា ចោររបស់ខ្ញុំរត់មកជ្រកនៅទីនេះតាំងពីព្រឹក
- បាទ​ទេ​! ប្រហែល​លោក​ច្រលំ​ហើយ​មើល​ទៅ​ ពី​ព្រោះ​បើ​រត់​មក​នៅ​ទី​នេះ​ មុខ​ជា​ឃើញ​មិន​ខាន​ បើ​ឆែក​គ្មាន​សល់​រន្ធ​មួយ​យ៉ាង​នេះ​។
- បាទ ! មិនប្រាកដដែរ តែសូមលោកអត់ទោសចុះ
- បាទទេ ! មានការអីទាន ចាំក្រោយៗ អញ្ជើញមកទៀត ខ្ញុំទទួលលោកដាយរាក់ទាក់ជានិច្ចទាន !
និល​ពេជ្រ​ក៏​លា​ចុះ​ទៅ​វិញ​។ ឧត្ដម​សុំ​អញ្ជើញ​អង្គុយ​ពិសា​តែ​សិន​ក៏​មិន​ព្រម​។ ឧត្ដម​បាន​ជូន​កង​អ្នក​រាជ​ការ​នេះ​ដល់​មាត់​ជណ្ដើរ​។ នាង​យីហ៊ុប កាល​ឧត្ដម​ចូល​មក​វិញ​ ក៏​ស្ទុះ​ទៅ​ប្រាប់​ឧត្ដម​ជា​ប្ដី​យ៉ាង​ញ័រ​មាត់​ថា ​:​
- ខ្ញុំបានបង្ហាញជង្រុកនោះអោយគាត់ពួន
- អូនអែងឆ្លាតមែន
- តែប្អូនខ្លាចក្រែងពួកវារើជង្រុកទៀតណ៎ា !
ក្នុងពេលនោះ ពូកនិលពេជ្ររើជង្រុកមែន។ នាងយីហ៊ុប យកដៃទាំងពីរខ្ទប់មុខ។ អុត្ដមស្ទុះយកដាវប្រាប់ភរិយាថា :
- តែប៉ុណ្ណោះយើងចោលផ្ទះហើយ
នាងយីហ៊ុបចាប់ដៃប្ដីជាប់
- កុំបង ! កុំ ! គ្នាគេច្រើនណាស់
- ទេ ! មិត្ដរបស់បងមានអាសន្នធំហើយ តោងស្លាប់រស់ជាមួយគ្នា
- ទេបង ! ទេ !
ឧត្ដម​ចោល​កន្ទុយ​ភ្នែក​ទៅ​ជង្រុក​តាម​ចន្លោះ​បង្អួច​។ តែ​អ្នក​មិន​ឃើញ​ចាប់​បាន​មានន្ទ​សោះ​។ អ្នក​បែរ​ទៅ​រក​នាង​យី​ហ៊ុប​វិញ​:
- ម៉េចពួកវារកមានន្ទមិនឃើញក្នុងជង្រុក ?
- ប្អូនមិនដឹងជាគាត់ទៅពួនអែណាទៀតទេ។ ប្រហែលគាត់ចេញទៅពួនអែណាទៀតហើយ
អុត្ដមដាក់ដាវទៅនឹងជញ្ជាំងវិញ ឈានផ្លោះរំលងបីបួនកាំជន្ដើរចុះទៅជួបនិលពេជ្រ
- ខ្ញុំបាទជំរាបថា នៅទីនេះគ្មានចោរទេ លោកមិនជឿខ្ញុំ ។ ម៉េចរកឃើញទេលោក ?
- ខ្ញុំត្រូវរកអោយសព្វកន្លែង
- បាទ ! ខំរកទៅក្រែងបានឡើងបុណ្យសក្ដិបន្ដិចទៀត
និលពេជ្រពេបមាត់ដោយអៀនប្រៀន។ អុត្ដមឡើងទឹកមុខថ្លា
- ខ្ញុំបាទជាខ្មែរអ្នកសប្បុរស រួចបើកងរាជការមករុកកួនយ៉ាងនេះ មុខជាខូចចិត្ដច្រើនជាមិនខាន
- ខ្ញុំធ្វើនេះសំរាប់ជាប្រយោជន៍អ្នករាល់គ្នាទេតើ?
- អោ ! មិនមែនដោយឈ្នានីស ដោយចង់យកគាប់គួរ រឺដោយចង់បានបុណ្យសក្ដិទេ ?
- តោងលោកជ្រាបថា ខ្ញុំជាមនុស្សកាចណាស់ ក្រៅពីលោកខ្ញុំទះកំផ្លៀងហើយ
- អ្នកកាន់អំនាច មិនដែលទះកំផ្លៀងជនអ្នកស្លូតត្រង់ទេ ? តើចោរនោះចិន រឺ យួន ?
- ខ្មែរ
- អូ ខ្មែរ ! ខ្ញុំមានសេចក្ដីសោកស្ដាយណាស់ តាមរបៀបរកចាប់ទាំងព្រលឹម ខ្ញុំស្មានថាជាចិន រឺ ជ្វា

មុខ​និល​ពេជ្រ​ឡើង​ក្រហម​។ និល​ពេជ្រ​ស្រែក​ដល់​កង​ទាហាន​អោយ​ចាប់​សេះ​រុក​រាន​ពេញ​ភូមិ​ទាំង​អស់​។ កង​និល​ពេជ្រ​បែរ​ទៅ​រក​ផ្ទះ​ជិត​ខាង​ទៀត​ទៅ​។
ក្នុង​ពេល​នោះ​ បង​ប្រុស​របស់​ឧត្ដម​ដែល​កំពុង​បរិ​ភោគ​បាយ​ជា​មួយ​ក៏​លា​ឧត្ដ​ទៅ​ភូមិ​ភ្នៀត​។ គឺ​លោក​ឧត្ដុង្គ​។ គាត់​មាន​បុត្រី​មួយ​ឈ្មោះ​ នាង​មាលា​ រូប​ល្អ​គួរ​សម​ដែល​បរិ​ភោគ​បាយ​ជា​មួយ​គាត់​។ ក្នុង​ពេល​ដែល​គេ​ឆែក​ឆេរ​ផ្ទះ​ នាង​មាលា​គ្មាន​តក់​ស្លុត​អ្វី​ទេ​។ និល​ពេជ្រ​ចេះ​តែ​លប​មើល​នាង​ម្ដង​ជា​ពីរ​​ដង​ដែរ​។ នាង​ដឹង​ខ្លួន​ ខាំ​ធ្មេញ​ខឹង​នឹង​និល​ពេជ្រ​ជា​ពន់​ពេក​។ លុះ​លា​ឧត្ដម​ជា​ឪពុក​មា​ហើយ​ នាង​ឡើង​លើ​រទេះ​អង្គុយ​លើ​ចំបើង​យ៉ាង​ស្រួល​បួល​។ ឪពុក​នាង​លោកឧ​ត្តុង្គ​បរ​រទេះ​ទៅ​ ក្រោយ​ដែល​បាន​លា​នាង​យីហ៊ុប​ និង​ឧត្ដម​ដែល​បាន​ជូន​នាង​ដល់​រទេះ​។ តាម​ផ្លូវ​នាង​មាលា​និយាយ​ថា​:

- យី ! ខ្ញុំមិនដែល​ឃើញ​ពួក​អី​ក៏​ម្ហាត​ម៉្លេះ​? ចូល​រុក​រាន​ផ្ទះ​គេ​ទាំង​អំណាច​ រិក​ក្រ​អើត​គ្រប់​គ្នា​
- អញ្ចឹងហើយពួកគេនោះ
- ពួក​អា​អស់​នេះ​បាន​តែ​កាប់​ចោល​អោយ​អស់​ទេ​។ ហ៊ី​! និយាយ​ពី​អា​មេ​គេ​នោះ វា​ធ្វើ​រិក​សង្ហា​ណាស់ ច្រត់​ដៃ​ចំខែង​
ពូ​អុត្ដុង្គ​ជា​ឪពុក​បង្ហុយ​បារី​ស្លឹក​សង្កែ​បណ្ដើរ​ ស្ដាប់​បុត្រី​បណ្ដើរ​ដែល​ប្រាស​ខ្លួន​ដេក​ខាង​លើ​ចំបើង​អែ​ណោះ​។ យូរ​ៗ អ្នក​ឆ្លើយ​សំរប​ថា៖
- អឺ !
នារីបន្ដសំដីយ៉ាងស្រួយស្រះទៅទៀត :
- វា​សុទ្ធ​តែ​រក​ចោរ​ ៗ​។ វា​ចេះ​តែ​ពាក្យ​មួយ​ម៉ាត់​នេះ​មើល​ទៅ​។ អោយ​តែ​ចង់​ចាប់​អ្នក​ណា អ្នក​នោះ​ចោរ​ហើយ​។ ហ៊ី​! បន្ដិច​ទៀត​វា​មក​ចាប់​យើង​ វា​ថា​យើង​ចោរ​ដែរ​មិន​ខាន​។ អោ​! ពុក​អើយ​​! បើ​លោ​តែ​វា​ហ៊ាន​ចាប់​ពុក​ ខ្ញុំ​ប្រ​ថុយ​ស្លាប់​នឹង​ពួក​អា​រាត​ត្បាត​នេះ​ម្ដង​។ ខ្ញុំ​ខឹង​ណាស់​។ ពួក​អា​នេះ​វា​ថា​ស្គាល់​ខ្មែរ​ក៏​ដូច​ជា​មិន​ស្គាល់​ខ្មែរ​។
- អឺ ! ខ្មែរយើងចិត្ដគ្រាន់បើតាំងពីដើមមក
- ខ្ញុំស្អប់វាណាស់។ ធ្វើម្ដេចអោយមានខ្មែរណាបះបោរឡើង ខ្ញុំជួយខ្មែរនោះទាំងចិត្ដ ទាំងធនធានមិនខាន
- គ្មានអ្នកណាចង់នៅខ្ញុំគេទេ តែគ្មានខ្មែរណាហ៊ានហើបទេ ព្រោះគេដឹង គេសំលាប់ចោលទៅ
- គិត​ទៅ​អានិត​គ្នា​អ្នក​រត់​នោះ​។ ប្រ​ហែល​មិន​ដឹង​ជា​គ្នា​ភិត​ភ័យ​យ៉ាង​ណា​ទេ​។ ខ្ញុំ​លប​សួរ​មី​ងយី​ហ៊ុប ៗ​ថា «មិន​មែន​ចោរ​អែ​ណា​ទេ គាត់​នោះ​ឈ្មោះ​មានន្ទ»​។ គាត់​ជា​មេ​ទ័ព​ណ៎ា​ពុក «មេ​ទ័ព​របស់​ព្រះ​កំពុត​»​។ គេ​រក​ចាប់​គាត់​ដោយ​រំលោភ​តែ​ម្ដង​។ គាត់​ជា​មនុស្ស​សុច​រិត​ទេ​។
- អ្នក​ណា​? មានន្ទ​? អូវ​ពុក​ស្គាល់​ហើយ​ មានន្ទ​ត្រូវ​ជា​កូន​បង្កើត​របស់​ព្រះ​កំពុត​នេះ​អែង​។ អោ​! បើ​មានន្ទ​អានិត​ស្រណោះ​មែន​ ពី​ព្រោះ​គាត់​នោះ​ខែង​ណាស់​ ចិត្ដ​ស្រ​លាញ់​ញាតិ​ខ្មែរ​ណាស់​។ គាត់​និយាយ​តែ​ពី​ខ្មែរ​ កាន់​ជើង​ខ្មែរ ការ​ពារ​ខ្មែរ ដាស់​ទឹក​ចិត្ដ​ខ្មែរ​។ ហ៊ី​ !មានន្ទ​ហ្ន៎​!​។ អាក្រក់​មែន​ពួក​អាប្លន់​នគរ​នេះ​។ អោ​!​ ដូច​នោះ​ហើយ​ បា​ជា​គេ​រក​ចាប់​។ តែ​មិន​អី​ទេ ទេវ​តា​ខ្មែរ​គង់​ជួយ​អោយ​មានន្ទ​រួច​ពី​ភយ​ន្ដរាយ​​មិន​ខាន​ ខ្មែរ​នឹង​ឈ្នះ​អស់​មា​សត្រូវ​មិន​ខាន​។ អោ​លោក​អើយ​! ខ្ញុំ​បន់​មួយ​ថ្ងៃ​ដប់​ដង​ មួយ​រយ​ដង អោយ​ខ្មែរ​យើង​ឈ្នះ​ម្ដង​ល​មើល​ តើ​វា​ទៅ​ ណា​ទៅ​អាពួក​ចោរ​ពិត​ៗ​នោះ​? សព្វ​ថ្ងៃ​រិក​វា​ធំ​ណាស់​ អោយ​តែ​មាន​ជ័យ​វិញ​ម្ដង បាន​តែ​ចាប់​សំលាប់​ចោល​ទើប​សម​មុខ​វា​។ ។
កិច្ច​សន្ទ​នា​រវាង​បិតា និង​បុត្រី​មាន​ជា​ហូរ​ហែ​រហូត​តាម​ផ្លូវ​ទៅ​គ្មាន​ឈប់​ឈរ​ឡើយ​។ លុះ​រទេះ​យើង​បាន​ទៅ​ដល់​ភូមិ​ភ្នៀត រទេះ​បរ​ចូល​ទៅ​ក្នុង​ផ្ទះ​មួយ​យ៉ាង​គួរ​សម​។ នាង​មាលា​ចុះ​ពី​លើ​ចំបើង​ និយាយ​ទៅ​កាន់​អូវ​ពុក​នាង​ថា​:
- ពុកអញ្ជើញទៅលើផ្ទះចុះ ទុកអោយខ្ញុំយករទេះទៅទុក យកគោទៅអែក្រោល
មានន្ទ​សើច​ងក់​ក្បាល​។ នាង​មាលា​ដឹង​ជាក់​ថា មានន្ទ​ប្រាកដ​។ បុរស​ឃើញ​ថា​នាង​តក់​ស្លុត​យ៉ាង​ខ្លាំង​ ដោយ​ភ្នែក​នាង​ដា​ក់​ចុះ​។ កាយ​វិការ​របស់​យុវតី​ ធ្វើ​អោយ​មានន្ទ​ដឹង​ថា នាង​មិន​ដែល​និយាយ​ជា​មួយ​ប្រុស​ណា​ក្នុង​ទី​ស្ងាត់​ដូច​នេះ​សោះ​។
- ចូរអ្នកកុំភ័យបារម្ភអ្វី
- ខ្ញុំមិនមែនខ្លាចទេ គឺលោកទេដែលត្រូវភ័យនាះ។ អីលូវតើលោកបំរុងអញ្ជើញទៅណាទៀត ?
- ដើររកអ្នកមានសប្បុរស និង នារីដែលមានរូបល្អ ចិត្ដល្អដូចអ្នក
- លោកអាចជ្រកនៅក្នុងផ្ទះខ្ញុំនេះសិន ចាំខ្ញុំទៅជំរាបលោកអូវពុកខ្ញុំ
មានន្ទចាប់ដៃនាងជាប់មិនអោយទៅ
- ទេ​! កុំ​! ខ្ញុំសូម​អរ​គុណ​ណាស់​ ដោយ​មាន​ចិត្ដ​អនុ​គ្រោះ​មក​ដល់​ខ្ញុំ​យ៉ាង​នេះ ខ្ញុំ​មិន​ភ្លេច​ទេ​អស់​មួយ​ជីវិត​ខ្ញុំ​។ ទៅ​ជំរាប​លោក​ធ្វើ​អ្វី​ពី​ព្រោះ​ខ្ញុំ​ជា​សត្វ​ពស់ តែ​គេ​ដឹង​លឺ​មុខ​ជា​អ្នក​ក៏​មិន​បាន​សុខ​។ ហេតុ​នេះ​ខ្ញុំ​សុំ​តែ​ទឹក​មួយ​ផ្ដិល​ទេ បើ​អ្នក​មេត្ដា​ចែក​ទាន​ផង​។
- ច៎ាះ ! មានអីចាំខ្ញុំដងមកជូន
- សូមកុំទៅប្ដឹងគេណ៎ា !
- បើដូច្នោះ ខ្ញុំមិនទៅទេ ទុកអោយលោកស្រេកស្លាប់ចុះ !
- បើអ្នកមានចិត្ដករុណាមែន ៗ អ្នកអាចអញ្ជើញបាន
នារី​រត់​យ៉ាង​លឿន ផ្លោះ​កាំ​ជណ្ដើរ​ចុះ​មក​វិញ បាន​ទឹក​មួយ​ផ្ដិល​យ៉ាង​ស្អាត​។ មានន្ទ​ផឹក​ទឹក​ក្អឿក​ៗ​។ នាង​មាលា​មាន​ចិត្ដ​មេត្ដា​ដល់​បុរស​ជា​ពន់​ពេក​។
- ខ្ញុំស្ដាយណាស់ដោយគ្មានពេលយូរ នឹងនិយាយជាមួយអ្នក។ អរគុណនឹងទឹកមួយផ្ដិលណាស់
- ទៅណាវិញ ? កុំអាលទាន់ទៅ . . . ចាំ . . . ច៎ាះ
- វាសនាយើងបានជួបគ្នាតែប៉ុណ្ណេះទេ។ ខ្ញុំទៅមុខទៀត
- ខ្ញុំ​ត្រេក​អរ​ណាស់​ដោយ​សារ​បាន​ជួប រួច​បាន​ជូន​ទឹក​មួយ​ផ្ដិល​ដល់​ខ្មែរ​ម្នាក់​ដែល​ស្រលាញ់​ខ្មែរ​អែ​ទៀត​
មានន្ទផ្ទៀងក្បាលស្ដាប់សំដីដ៏ពិរោះនេះ រួចនិយាយថា :
- បើ​ផែន​ដី​ខ្មែរ​ទាំង​មូល​មាន​កុល​បុត្រ​ ប្រកប​ដោយ​ចិត្ដ​ដូច​អ្នក ប្រ​ហែល​ជា​ខ្ញុំ​មិន​រង​ទុក្ខ​ដូច្នេះ​ទេ​។ តែ​អីលូវ​ខ្ញុំ​ទើប​យល់​ជាក់​ថា ក្នុង​ដំណើរ​ការ​ជាតិ​ដែល​ខ្ញុំ​កំពុង​ពុះ​ពារ​នេះ ខ្ញុំ​ហាក់​ដូច​ឃើញ​កាន់​តែ​ជាក់​ថា ពុំ​មែន​មាន​តែ​ខ្ញុំ​មួយ​ទេ​។
- ច៎ាះ ! គឺខ្ញុំមួយដែរ
- ជយោ ! នារីខ្មែរ !
- ជយោ ! វិរបុរសខ្មែរ ! អិលូវយកសេះអូវពុកខ្ញុំទៅ ។ លោកមានសោហ៊ុយទេ ?
- បាទ ! គ្មានទេ
- លោកយកកញ្ចប់កន្សែងខ្ញុំនេះទៅចុះ
ក្នុងពេលនោះនាងមាលាលឺសូរមាត់អូវពុកនាងហៅ
- មាលា ! មាលា !
- ច៎ាះ !
- មក ម៉េចក៏យូរម៉្លេះ ?
- អាល័យតែរលត់ចន្លុះពុក ចាំខ្ញុំរកភ្លើងអុជសិន
នាងធ្វើអោយរលត់ចន្លុះ។ នាងស្ដាយដោយអស់ពន្លឺនឹងទៅរកមើលមុខបុរសទៀតមិនបាន។
មានន្ទវាចាតទៅទៀតថា :
- សូមលាអ្នកហើយ។ ថ្ងៃណាមួយគង់ជួបគ្នាវិញទេ
- ច៎ាះ ! អញ្ជើញចុះ អោយបានសុខសប្បាយ

មានន្ទ​អោន​គំនាប់​នាង​មាលា​យ៉ាង​គោរព​។ នាង​មាលា​ស្ទើរ​ស្ទុះ​ទៅ​ចាប់​ដៃ​បុរស​ដែល​សំពះ​នាង​។ តែ​នាង​មាន​សេច​ក្ដី​អៀន​ខ្មាស់​ ដែល​ឃាត់​នាង​មិន​អោយ​ធ្វើ​ដូច​នោះ​កើត​។ នាង​រំជួល​ក្នុង​ចិត្ដ​អិត​អុបមា​។ កល្យាណ​ឃើញ​បុរស​យក​អាន​ដាក់​លើ​ខ្នង​សេះ ឃើញ​បុរស​លោត​ទំ​លើ​ខ្នង​សេះ ឃើញ​បុរស​គំនាប់​នាង​ជា​លើក​ចុង​បង្ហើយ​ ឃើញ​សេះ​ចេញ​ទៅ​ទិស​ខាង​កើត​បាត់​ក្នុង​ក្ដី​ងងឹត​។ ភ្នែក​នាង​ហាក់​លែង​បាន​ឃើញ​ពន្លឺ​រស្មី​នៃ​សេច​ក្ដី​ស្នេហា​ដ៏​ល្អ​មួយ​រួច​មាន​តែ​សេច​ក្ដី​ស្ដាយមួយ​ម៉ាត់​ទេ​ដែល​រស់​នៅ​យ៉ាង​រវើក​ក្នុង​ចិត្ដ​នាង​។