១១ - តដៃដោះខ្លួន
ថ្ងៃសៅរ៍ ទី30.កក្កដា 2016.ម៉ោង 8:10

កាល​មានន្ទ​បាន​ទឹក​ផឹក​ឆ្អែត​ឆ្អន់​ហើយ​ អ្នក​បំផាយ​សេះ​ទៅ​ភូមិ​រហាត់​ទឹក​ដោយ​បោល​កាត់​តាម​វាល​ស្រែ​ដ៏​ធំ​ល្វឹង​ល្វើយ​។ អ្នក​បាន​ប្រាប់​គេ​ថា​ អ្នក​ធ្វើ​ដំណើរ​ទៅ​បាត់​ដំបង​។ ប្រាប់​យ៉ាង​នេះ​ ដើម្បី​បង្វែង​ដាន​ទេ​។ ដល់​ចុង​ភូមិ​រហាត់​ទឹក​នេះ​ បុរស​បំបោល​សេះ​តំរង់​ទៅ​ផ្ទះ​មួយ​តូច​ ដែល​សង់​ដាច់​ពី​គេ​នៅ​កៀន​ព្រៃ​។ បុរស​ម្នាក់​អាយុ​ប្រមាណ​សែ​សិប​ឆ្នាំ​កាន់​ចន្លុះ​មួយ​ចេញ​មក​។ លុះ​ឃើញ​ស្គាល់​ជាក់​ថា អ្នក​ជិះ​សេះ​ជា​​មានន្ទ​ អ្នក​កាន់​ចន្លុះ​ក៏​គ្រវី​ចន្លុះ​ឡើង​រីក​រាយ​ហើយ​ស្រែក​ថា ​:

នាយ​អគ្គី​ឆ្លេ​ឆ្លា​​រហ័ស​ជើង​ស្ទុះ​ចូល​ទៅ​ក្នុង​ផ្ទះ​បាយ ដុត​ភ្លើង​ដាំ​ទឹក​ឆេះ​អោយ​ទង្គោល​ រួច​មក​ច្របាច់​ដៃ​ជើង​អោយ​មានន្ទ​។ នាយ​អគ្គី​និយាយ​ស្ទើរ​យំ​ថា ​:​
- ខ្ញុំ​នឹក​លោក​គ្រូ​ណាស់​។ យើង​ព្រាត់​គ្នា​យូ​រ​មក​ហើយ លោក​គ្រូ​បាន​សុខ​សប្បាយ​ជា​ទេ សូម​និយាយ​រឿង​ប្រាប់​ខ្ញុំ​ផង​
- បង​​គី​​អែង​ជា​មិត្ដ​ជីវិត​មួយ​នឹង​ខ្ញុំ​។ ខ្ញុំ​ក៏​នឹក​រលឹក​បង​ណាស់​ដែរ​ តាំង​ពី​យើង​បែក​គ្នា​មក​។ ថ្ងៃ​នោះ តើ​បង​គី​ភ្លេច​ហើយ​រឺ​នៅ​​? អឺ​! គ្មាន​អ្នក​ណា​អាច​ភ្លេច​បាន​ទេ ភ្លៀង​ស្រិប​ៗ ខ្យល់​វូ​ៗ​ គេ​ដេញ​បាញ់​យើង​។ បង​គី​អែង​បែក​ទៅ​ ខ្ញុំ​ត​ដៃ​នឹង​ខ្មាំង​សំលាប់​អស់​ជា​ច្រើន​ដល់​មាន​​អោ​កាស​ល្អ ខ្ញុំ​គេច​ផុត​ឆ្ងាយ​ពី​សត្រូវ​។ ខ្ញុំ​រត់​រក​បង​គី​អែង​គ្រប់​កន្លែង​ ស្រែក​ហៅ​តែ​ពុំ​ឃើញ​ខ្ញុំ​ខ្លោច​ចិត្ដ​នឹក​ថា បង​គី​អែង​ស្លាប់​បាត់​ទៅ​ហើយ​។ ផុត​ពី​នោះ​ ខ្ញុំ​ក៏​ចូល​ទៅ​នៅ​សិរី​សោ​ភ័ណ​។ ខ្ញុំ​សុខ​សប្បាយ​ជា​ទេ​ ពី​នោះ​មក​ខ្ញុំ​មាន​ប្រពន្ធ​ .
បុរសឈ្មោះអគ្គី កាលលឺមានន្ទថ្លែងថាមានប្រពន្ធក៏ប្រែជាសប្បាយសើចយ៉ាងស្រស់វិញ
- យី ! អីលោកគ្រូមានប្រពន្ធហើយ ?
តែមានន្ទធ្វើទឹកមុខស្មើដដែល
- អឺ ! កុំអរ . . កុំសើច . . គឺ​ជា​រឿង​កំសត់​ . . ខ្ញុំ​​ស្រលាញ់​គេ​គេ​ស្រលាញ់​ខ្ញុំ​ គ្មាន​សេច​ក្ដី​ស្នេហា​អែ​ណា​អាច​មក​ប្រៀប​ធៀប​នឹង​សេច​ក្ដី​ស្នេហា​របស់​យើង​ទាំង​ពីរ​នោះ​ទេ​។ នាង​នោះ​មាន​រូប​ល្អ​។ អោ​! ល្អ​មែន​ . . .​
នាយគីទះដៃដោយត្រេកអរ
- លោកគ្រូមានសំនាងណាស់
មានន្ទសញ្ជឹងគិត ខាំធ្មេញ ជ្រួញភ្នែក សំលឹងមើលទៅលើ
- ទេ​​! មិន​​ដូច្នោះ​​ទេ​! ក្រោយ​មក​ស្រី​នេះ......អោ​! បង​អើយ​....​ ស្រី​នេះ​ក្បត់​ខ្ញុំ គេ​លួច​មាន​សហាយ​
អី....បង បង មានសហាយ . . .
នាគីប្រែទឹកមុខ ស្រលាំងកាំងបើកភ្នែកធំ
- យី ! ម៉េចក៏ដូច្នោះ ?
មានន្ទ ដោយទឹក​មុខ​ស្ងួត​ដដែល​ និយាយ​ដោយ​សំលេង​មូល​ដដែល​ថា ​:
- កុំឆ្ងល់ ស្រីខូច ស្រីកាឡកណ្ណី ស្រីអប្បលក្ខណ៍
នាយ​គី​ងាក​ក្បាល​សំលឹង​គិត​ រួច​សួ​រថា​ :
- អ្នកណាជាសហាយ ?
- ខ្ញុំ​និយាយ​ទៅ​វា​ស្លាក់​ ខ្ជាក់​ទៅ​វា​ស្លែង គឺ​ . . .​ សហាយ​នោះ​គ្មាន​អ្នក​អែ​ណា​ក្រៅ​ពី​ខ្ញុំ​ទេ​ គឺ​សាច់​ខ្ញុំ ​. . . ឈាម​ខ្ញុំ​ សរ​សៃ​ខ្ញុំ​ . . ​.
- អ្នកណា ? អ្នកណា ?
មានន្ទនៅស្ងៀមយកដៃម្ខាងកាន់ស្មានាយគី ។ អាកប្បកិរិយានេះធ្វើអោយនាយគីរិតតែឆ្ងល់ទៅទៀត ។ ភ្នែកដែលនាយគីមើលចំមុខមានន្ទ ភ្នែកទាំងពីរនេះបញ្ចេញនូវរស្មីអង្វរមួយ ដែលធ្វើអោយបុរសកើតមានចិត្ដអានិត ស្រងាកក្នុងចិត្ដ ។ មានន្ទបន្ថែមទៀតថា :
- កុំចង់ដឹងអី !
- ទេលោកគ្រូ !
- ជារឿងហួសអស់ទៅហើយ
- ទេ លោកគ្រូ !
- ជារឿងអិតប្រយោជន៍

 នាយ​គី​ដាក់​ភ្នែក​ចុះ​ តែ​គំនិត​រិះ​គិត​រក​ចំនុច​ខ្សោយ​របស់​មានន្ទ​ ដែល​និយាយ​ទៅ​អាច​អោយ​មានន្ទ​ប្រាប់​ខ្លួន ត្បិត​អ្នក​មាន​ប្រយោជន៍​នឹង​​ដឹង​រឿង​របស់​មិត្ដ​ដ៏​ពិសេស​ថ្លៃ​ថ្លា​នេះ​ណាស់​។ នាយ​គី​ស្រលាញ់​មានន្ទ​នេះ គឺ​ស្រលាញ់​ពេក ទាល់​តែ​ចង់​ដឹង​នូវ​អស់​រឿង​របស់​មានន្ទ​ ទោះ​រឿង​នោះ​ជា​រឿង​កំទេច​កំទី​ក៏​ដោយ​ អោយ​តែ​មានន្ទ​ព្រម​និយាយ​រឿង​អោយ​ស្ដាប់​។ ខាង​ក្រៅ​ខ្យល់​បក់​រវិច​ៗ នាយ​គី​និយាយ​ស្ងួត​ ហើយ​ដោយ​តិច​ៗ​ថា ​:

- លោកគ្រូប្រហែលមិនទុកចិត្ដខ្ញុំហើយ បានជាមិនព្រមនិយាយប្រាប់ខ្ញុំសោះ
ពាក្យនេះមានសំនួនខ្លាំងមែន ត្បិតមានន្ទបែរមកកាន់ដៃនាយគីជាថ្មីម្ដងទៀត រួចប្រាប់ថា :
- កាមាប្អូនប្រុសខ្ញុំ . . .
- យី ! កាមាហ៊ានដល់ប៉ុណ្ណឹង?
- អឺ ! វា​ហ៊ាន​លូក​ថ្លើម​ខ្ញុំ តែ​អីលូវ​ខ្ញុំ​ចាក់​វា​ត្រូវ​មួយ​ដាវ​យ៉ាង​ទំងន់​ ប្រហែល​វា​ស្លាប់​ហើយ​ អែ​ខ្ញុំ​ក៏​ត្រូវ​របួស​នេះ​អែង​
- អោ ! ព្រះម្ចាស់ថ្លៃអើយ !
- កុំអោយ​ខាត​ពេល​អឺ!​ កុំ​អោយ​ខាត​ពេល កុំ​យំ កុំ​សើច​ ខ្ញុំ​នៅ​រស់​នៅ​ឡើយ​ទេ​។ តែ​ត្រូវ​ដឹង​ថា ពី​ពេល​នេះ​ទៅ​ជីវិត​យើង​មាន​​គ្រោះ​រដឹក​រហូត​តាម​ផ្លូវ​ហើយ​
- បាទ ៗ ខ្ញុំក៏សុខចិត្ដស្លាប់រស់ជាមួយលោកគ្រូដែរ
- ប៉ុន្ដែបើស្លាប់ រឺ រស់ក៏ល្អមើល
- បាទ ! បាទ !
មានន្ទ​ចាប់​បាត​ដៃ​នាយ​គី​ច្របាច់​យ៉ាង​ខ្លាំង ជា​សញ្ញា​យល់​ព្រម​ប្ដូរ​ជីវិត​ជា​មួយ​គ្នា​។ បុរស​បន្ដ​សេច​ក្ដី​ទៅ​ទៀត​ដូច​ត​ទៅ​:
- ទុក្ខយើងជាទុក្ខខ្មែរទាំងអស់គ្នា ។ ខ្ញុំមានគ្រោងការមួយយ៉ាងធំ
- គឺអ្វី ?
- គឺ លាងទុក្ខខ្មែរ ធ្វើជនជាតិយើងអោយបានរុងរឿងឡើងវិញ
- ធ្វើយ៉ាងណា ?
- តស៊ូ ! ដូចខ្ញុំតែងនិយាយប្រាប់បងមុនៗ ស្រាប់ហើយ
- បាទ ! ខ្ញុំក៏តស៊ូដែរ
- អឺ !ត្រូវតែយើងតស៊ូ វាយខ្មាំង វាយរបបគ្រប់គ្រង វាយគំនិតខ្ញុំគេ ភ្ជាប់ស្រុកខ្មែរមកខ្មែរវិញ តាមគន្លងអ្នកស្នេហាជាតិ
- យល់ព្រមពេញទី !
អគ្គីក្រោកឈរលើកដៃសច្ចា ។ មានន្ទញញឹម
- តែ​ការ​តស៊ូ​មិន​មែន​ជា​ការ​ងាយ​ទេ​។ អ្នក​តស៊ូ​ដើម្បី​ជាតិ​ គឺ​ជា​អ្នក​ដែល​មាន​ចិត្ដ​ស្អាត​ល្អ​ ចេះ​ស្រលាញ់​គេ អានិត​គេ រួច​ចង់​ជួយ​គេ​មែន​ៗ​ គឺ​ជា​អ្នក​ដែល​រម្យ​ទម​មិន​ចេះ​ខឹង​ មិន​ខ្លាច​ការ​មាន​ចិត្ដ​អំនត់​ក្នុង​កិច្ច​ការ​។ អើ​បង​! អ្នក​តស៊ូ​ គឺ​មនុស្ស​ដែល​ហ៊ាន​លះ​បង់​ប្រយោជន៍​ផ្ទាល់​ខ្លួន​ មាន​បុណ្យ​សក្ដិ​ ទ្រព្យ​សម្បត្ដិ​ ប្រពន្ធ​កូន​ជា​ដើម​។​ អ្នក​តស៊ូ​មាន​តែ​ទុក្ខ ជួប​តែ​សេច​ក្ដី​ក្រ​អត់​ឃ្លាន​ គ្មាន​ពេល​សប្បាយ​ រឺ ពេល​ទំនេរ​ទេ រួច​មាន​ពេល​ខ្លះ​ជាប់​គុក​ រង​ទុក្ខ​ទោស​រហូត​ដល់​ស្លាប់​បង់​ជីវិត​ផង​។ ចេញ​ទៅ​តស៊ូ​ គឺ​ប្រាស​ព្រាត់​អស់​ចំណង​ស្នេហា​ទាំង​ឡាយ​ដែល​ចង​យើង​ដើម្បី​ឈោង​ចាប់​យក​ភព​មួយ​ថ្មី​ដែល​យើង​អាច​ដាក់​ឈ្មោះ​ហៅ​បាន​ថា​ «ភព​អែក​កា» រឺ​ «ភព​សង្វេគ​»​។​ នៅ​ចុង​ក្រោយ​បំផុត​ ចេញ​ទៅ​ តស៊ូ​ គឺ​ចេញ​ទៅ​បួស តែ​បួស​នេះ​មាន​ន័យ​ធ្ងន់​ជាង​បួស​ធម្មតា​ទៅ​ទៀត​ គឺ​បួស​ដើម្បី​ព្រះ​ពុទ្ធ​សាសនា​ផង រួច​ដើម្បី​ជាតិ​ផង ដើម្បី​សេច​ក្ដី​សុខ​ និង​ សេច​ក្ដី​ចំរើន​របស់​មនុស្ស​ទាំង​អស់​លើ​​ទ្វីប​លោក​ផង​។
- ទឹកពុះហើយរឺ ?
នាយ​អគ្គី​ស្ទុះ​ភ្លេត​ចូល​ចង្រ្កាន​ កាន់​យក​កំសៀវ​មួយ​ចេញ​មក​ អ្នក​លាង​ចាន​ដែក​មួយ​យ៉ាង​ស្អាត​ រួច​ចាក់​ទឹក​ពុះ​នោះ​ក្នុង​ចាន​ដែក​។ អ្នក​យក​គ​មក​ធ្វើ​សំលី​រួច​លុប​លាង​មុខ​របួស​យ៉ាង​ថ្មម​ៗ រុំ​របួស​នោះ​យ៉ាង​ស្រួល​។ បុរស​ធ្វើ​ផង​និយាយ​ផង​ថា​:
- គឺ​ជា​កិត្ដិយស​មួយ​យ៉ាង​ធំ​ណាស់ ដែល​យើង​តាំង​ខ្លួន​យើង​ជា​អ្នក​តស៊ូ​នេះ​។ ខ្ញុំ​សប្បាយ​ចិត្ដ​ខ្លាំង​ណាស់​ ដោយ​យល់​ច្បាស់​ថា លោក​គ្រូ និង ខ្ញុំ​បាន​គិត​ត្រូវ​។ មិន​អី​ទេ យើង​តាំង​ខ្លួន​យើង​ជា​អ្នក​តស៊ូ​បាន​ពេញ​ទី​ ពី​ព្រោះ​យើង​មិន​ដែល​ធ្វើ​អ្វី​អាក្រក់​នឹង​អ្នកណា យើង​មិន​ដែល​ប្លន់​អ្នក​ណា យើង​មិន​ដែល​សេព​សុរា​ លេង​បៀ ​លួច​កូន​គេ​។ យើង​ជា​អ្នក​បួស​ស្រេច​ទៅ​ហើយ​។ ចុះ​មិត្ដ​យើង​អែ​ទៀត​ទៅ​តាម​យើ​ង​ទេ​?​
- ទៅ! ប្រាកដជាទៅដាច់ខាត
- យើងទៅតាំងទីកន្លែងត្រង់ណា ?
- គង់ដឹងទេ តែអីលូវនេះត្រូវដឹងថា យើងឈប់ចូលស្រុកហើយ
- ជយោ ! លោកគ្រូ ! ហ៊ី រួចហើយអីលូវសូមលោកគ្រូសំរាកចុះ ខ្ញុំយាមមាត់ទ្វារជូន
មានន្ទសើចចាប់ដៃនាយអគ្គីជាប់នៅស្ងៀមមួយស្របក់ រួចនិយាយថា :
- យាមអែណា ខ្ញុំមិនទាន់បានសួរបងអែងផង
នាយអគ្គីមុខស្មើ
- អោ ! បាទ !
- តើកាលពីយើងបែកគ្នានោះ បងអែងមានទុក្ខយ៉ាងណាខ្លះ ម៉េចមិនប្រាប់ខ្ញុំផង ?
នាយអគ្គីឡើងស្រងូតស្រងាត់ឆ្លើយថា :
- បាទ​! ខ្ញុំ​បាន​វាយ​ប្រលូក​ជា​មួយ​ខ្មាំង​ដែល​រោម​ខ្ញុំ​ដូច​ស្រមោច​។ គេ​ចាប់​ខ្ញុំ​បាន​។ ខ្ញុំ​នឹក​ថា អស់​បាន​ជួប​មុខ​លោក​គ្រូ​ហើយ​។ គេ​យក​ខ្ញុំ​ទៅ​សំលាប់​។ ខ្ញុំ​ញញឹម​មុខ​ក្ដី​មរណ​ភាព​នេះ​។ បាទ​! ខ្ញុំ​ញញឹម​ព្រោះ​ខ្ញុំ​ពេញ​ចិត្ដ​នឹង​ស្លាប់​ ព្រោះ​ខ្ញុំ​បាន​ស្លាប់​ដាយ​បាន​បំរើ​បុព្វ​ហេតុ​មួយ​ ដ៏​ល្អ គឺ​មាតុ​ប្រទេស​ និង​ ជន​ជាតិ​យើង​ពិត​ៗ​។ គាប់​ជួន​ពេល​នោះ​ នៅ​វេ​លា​យប់​ចង្រិត​យំ អំពិល​អំពែក​ហើរ​ ខ្យល់​បក់ ផ្កាយ​រះ​ព្រោង​ព្រាត ស្រី​ម្នាក់​ជា​បុត្រី​មេ​កង​មាន​ចិត្ដ​អាណិត​ខ្ញុំ បាន​លួច​ចូល​មក​ដោះ​លែង​ខ្ញុំ​។
បរិយាកាសនៃកិច្ចសន្ទនាក៏ប្រែរីករាយវិញ។ សំលេង :
- អូ ! អូ ! អូ !
- បាទ​! នាង​នោះ​ល្អ ​ចិត្ដ​ក៏​ល្អ​ទៀត​ គេ​ថា​អោយ​ខ្ញុំ​រត់​ទៅ​ចុះ​។ ខ្ញុំ​ឃើញ​មុខ​នាង​ស្រពិល​ៗ​។ ខ្ញុំ​ក៏​ប្រាប់​នាង​ថា :
- អូន​កុំ​មើល​ងាយ​បង ៗ​មិន​មែន​ជា​មនុស្ស​ចិត្ដ​អន់​រត់​ពី​កណ្ដាប់​ដៃ​ខ្មាំង​ទេ​។ អូន​ជា​ខ្មាំង នឹង បង អីលូវ​ត្រូវ​ការ​អូន​ហ៊ាន​យក​កាំ​បិត​មក​បុក​ត្រង់​ដង្ហើម​បង​អោយ​ស្លាប់​ទៅ មិន​គប្បី​មក​ដោះ​លែង​បង​ដោយ​លួច​លាក់​ទេ​។ នាង​យំ​អោប​ដៃ​ខ្ញុំ​ដែល​ជាប់​ចំណង​និយាយ​ខ្សឹក​ខ្យួល​ថា :
ច៎ាះ! ប្អូន​សូម​ទោស​បង ប្អូន​ជា​មិត្ដ​ នឹង បង​ដែល​មក​ដោះ​បង​នេះ​។ ជា​កិត្ដិ​យស​មួយ​របស់​ប្អូន​ដោយ​បាន​ជួយ​ជីវិត​អ្នក​ស្នេ​ហា​ជាតិ​ម្នាក់​។ ប្អូន​មិន​មែន​ខ្មាំង​របស់​បង​ទេ ប្អូន​និយាយ​ នឹង បង​មិន​បាន​វែង​ឆ្ងាយ​ទេ​។ តែ​ប្អូន​សូម​បង​ជ្រាប​ថា សព្វ​ថ្ងៃ​នេះ​ប្អូន​ជា​មនុស្ស​។ ពួក​នេះ​បង្ក​អោ យ​ស្រុក​​យើង​បង្ហូរ​ឈាម​គ្នា កាប់​សំលាប់​គ្នា​ ព្រាត់​ប្រាស​គ្នា​ បែក​​គូ​ស្នេហា​ បែក​កូន​ប្រពន្ធ​ បែក​គ្រួសារ​។ អោ​បង​! បង​! ពាក្យ​ថា​សង្រ្គាម​ៗ ​ធ្វើ​អោយ​ប្អូន​ជា​ស្រី​ក្រៀម​ៗ ៗ​ជា​និច្ច​ក្រៀម​គ្មាន​ពេល​ល្ហែ​ ក្រៀម​រាល់​វេលា​។ យប់​ ថ្ងៃ ​ព្រឹក ​រសៀល ល្ងាច ប្អូន​រាប់​ពេល រាប់​ម៉ោង​នាទី​ ធ្មេច​ភ្នែក​សួរ​ថា «តើ​កាល​ណា ទើប​បាន​សុខ ​? ប្អូន​ចង្អៀត​ចិត្ដ​ណាស់​បង​។ ខ្ញុំ​ឆ្លើ​យ​តប​ថា​:​
- ប្អូន​មាន​ចិត្ដ​ដូច​បង បង​ដែល​ខំ​ច្បាំង​នេះ​ ក៏​ដើម្បី​សេច​ក្ដី​សុខ​សាន្ដ​ត្រាណ​ដែរ​។ ដើម្បី​អោយ​បាន​សុខ​នេះ​ លុះ​ត្រា​តែ​ស្រុក​ត្រូវ​បាន​ជា​ស្រុក​អ្នក​ជា​។ ស្រុក​ខ្ញុំ​គេ ចំបាំង​នៅ​តែ​មាន​។ ស្រុក​មិន​យុត្ដិ​ធម៌ សង្គ្រាម​នៅ​តែ​ឆេះ​។ ស្រុក​មាន​គំនិត​ប្រកាន់​ពួក​ក្រុម​ ការ​ភាន់​ប្រែ​នៅ​តែ​កើត​។ ចំបាំង​នេះ​ពុំ​មែន​ធ្វើ​អោយ​ប្អូន​ខ្លាច​ ប្អូន​ព្រួយ​ យំ​បារម្ភ​នោះ​ទេ . . ​.
- ទេ ! . . . ទេ . . . ប្អូន​ដឹង​ច្បាស់​ណាស់​ថា «បង​ធ្វើ​ត្រូវ​ ប្អូន​ស្អប់​ចំបាំង​រុក​រាន​ទេ​តើ គឺ​ប្អូន​ស្អប់​ខាង​ក្រុម​ពួក​ខ្ញុំ​សព្វ​ថ្ងៃ​នេះ​»​
- បងមិនទៅណាទេ
​- ទេ​! ទេ!សូម​បង​អាណិត​ប្អូន​ អញ្ជើញ​ទៅ​ចុះ​ទុក​ជីវិត​បង​ដើម្បី​បំរើ​ស​ន្ដាន​ចិត្ដ​ខ្ពស់​មួយ ដែល​ជា​សន្ដាន​ចិត្ដ​ខ្មែរ​រាល់​គ្នា​អោយ​បានសំរេច​ទៅ​ចុះ​​
- ប្អូនជាខ្មែរ រឺ ខ្មាំង ?
- ច៎ាះ ! ប្អូនជាខ្មែរ
- បងទៅណាមិនរួចទេ បងចង់ស្ដាប់សំដីអូន ចង់ស្លាប់រស់ជាមួយអូន
- ទេ ! បងអានិតខ្មែរទាំងពួងផង ត្បិតខ្មែរទាំងអស់ត្រូវការបង . . . ទៅៗ អញ្ជើញទៅចុះ
- ប្អូនសំលាញ់បង ! (បងសំលាញ់ប្អូន ? )
ខ្ញុំខ្សឹបប្រាប់វិញថា :
- បងស្រលាញ់អូន !
នារីញញឹមទឹកភ្នែកហូរសស្រាក់ ដាច់ខ្យល់ស្លាប់ភ្លាមមួយ រំពេច
បាទ អោ ! ស្លាប់ទៅៗ
នាយគី គ្រវីក្បាល
មានន្ទអង្អែលខ្នងសួរថា :
- ចុះយ៉ាងណាទៀត ?
- បាទ​!ខ្ញុំ​ប្ដេជ្ញា​ក្នុង​ចិត្ដ​ថា តស៊ូ​លុះ​ត្រា​ស្លាប់​ ខ្ញុំ​ក៏​ហូត​ដាវ​ចូល​ប្រកាប់​ប្រចាក់​។ ខ្ញុំ​ងងឹត​មុខ​គិត​តែ​ពី​ប្រលូក​គ្មាន​ថយ រហូត​ដល់​ខ្មាំង​ស្លាប់​អស់​ជា​ច្រើន​ដួល​រណោង​លើ​ដី ឆ្លៀត​អោកាស​នោះ​ខ្ញុំ​ក៏​ចាប់​សេះ​មួយ​រត់​មក​ទីនេះ​។ តាំង​ពី​នោះ​មក​ខ្ញុំ​លែង​ចង់​បាន​ប្រពន្ធ​ទៀត​ហើយ​។
សូរ​ជើង​សេះ​មួយ​លាន់​លឺ​ឡើង​។ នាយ​គី​ផ្ទៀង​ត្រចៀក​ស្ដាប់​។ មានន្ទ​ក្រោក​អង្គុយ​ប្រុង​ស្មា​រតី​។ នាយ​គី​ស្ទុះ​ភ្លែត​ទៅ​ខាង​ក្រៅ​។ ក្នុង​ងងឹត​ ពាជី​មក​ដល់​ នាយ​គី​ដក​ដាវ​ខ្វាច់​។ ចុង​ដាវ​នៅ​លើ​ដើម​ទ្រូង​អ្នក​ជិសេះ​ជា​ស្រេច​។
- អ្នកណា ?
- អញ
- អូ អា កោប ! យី ! អាចង្រៃ ម្ដេចមកគ្មានអោយដំណឹងអញមុន . . .
នាយកោបលោតពីលើខ្នងសេះ មកអោបអគ្គីយ៉ាងស្និទ្ធស្នាល
- អញរវល់ណាស់មិនបានអោយដំណឹងអ្វីទេ។ មកទៅក្នុង
- អាកោបទៅមិនបានទេ ឈប់ ! អាកោបអាអែងហ៊ានតែចូលអញសំលាប់អែងចោលអីលូវនេះ
- អាឆ្កួត ! មានការ
- ការអី ?
- អញមកប្រាប់លោកគ្រូ
- យី ! ម៉េចអាអែងដឹង ?
- ហ៊ឺ រឿងអីអាកោបមិនដឹងនោះ ? ប្រយ័ត្ន ! ការសំខាន់ណាស់
- ឈរនៅហ្នឹងហើយ ចាំអញទៅជំរាបគាត់ជាមុនសិន
ពេលនោះសំលេងមានន្ទលាន់លឺឡើងពីលើគ្រែក្នុងបន្ទប់
- អ្នកណា កោបរឺ ?
- បាទ !
- គីអោយកោបចូលមក !
នាយគីរុញស្មានាយកោបអោយចូលមក។ នាយកោបធ្វើគារវកិច្ចដោយគោរព :
- ខ្ញុំ​បាទ​មក​នេះ​មាន​ការ​ប្រញាប់​ណាស់​។ លោក​តា​គីរី​សុ​មេរុ​អោយ​ខ្ញុំ​មក​ជំរាប​លោក​គ្រូ​ថា «គេ​បាន​ចាត់​ទ័ព​សេះ​មក​តាម​ចាប់​លោក​គ្រូ​ចំនួន​១២​នាក់​»​។
- កោបអែងភ័យ រឺ គ្នាប៉ុណ្ណឹង?
- បាទទេ!
- គី ?
-បាទ ទេ !
- កោប ?
- បាទ !
- ត្រៀមខ្លួន
នាយកោបញាក់មុខឆ្លើយថា :
- បាទ
មានន្ទក្រោកអង្គុយហាក់ដូចគ្មានឈឺអ្វី
- បាន ! ខ្ញុំទទួលប្រាំនាក់ កោបទទួលបី គឺទទួលបួននាក់
- បាទ !
- បាទ !
មានន្ទសួរទៀតថា :
- អ្នកណានាំមក ?
- និលពេជ្រ
- អៃយ៉ា ! ទុកនិលពេជ្រអោយមកខ្ញុំចុះ កាលណាវាមកដល់
នាយកោបងក់ក្បាល
- បាទ ! មិនយូរទេប្រហែលបន្ដិចទៀត ព្រោះខ្ញុំលឺសូរជើងសេះតែពីក្រោយខ្ញុំគគ្រឹក
- អឺ ! មិនជាអីទេ ។ អីលូវទៅរាំងទ្វាររបងអោយជិត។ កោបនៅម្ដាង គីនៅម្ខាងមាត់ទ្វារនេះ។ អែខ្ញុំនៅពួនគុម្ពផ្កាកណ្ដាល
- បាទ !
- មានទ្វារត់ទៅតាមក្រោយទេ ?
នាយគឺឆ្លើយថា :
-បាទ ! មានផ្លូវសំងាត់មួយ
- របងគីអែងល្មមពួកវាចូលបានទេ ?
- មានតែតាមមាត់ទ្វារប៉ុណ្ណោះ ព្រោះជុំវិញសុទ្ធតែរិស្សី
- អឺ ! ល្អ ខ្ជិលទៅណា គឺអែងថយមុន កោបថយក្រោយ
- បាទ !
- បាទ !
- យើងវាយតដៃដើម្បីដោះខ្លួនទៅតាមទ្វារក្រោយណ៎ា !
- បាទ
- បាទ
- ដល់ខាងក្រៅតោងបំបែកគ្នា រួចទីជួបគ្នា គឺមាត់ពាមទន្លេសាប ព្រំប្រទល់ខ្មែរ -សៀម
- ទល់ដែន!
- ទល់ដែន !
- កុំភ្លេចចូលទៅហៅអារុណ មហាកាល ស្រទំ ស្បៃវែងផងណ៎ា !
- បាទ !
- បាទ !
- អីលូវទៅចាំនៅទីកន្លែងរៀងខ្លួនចុះ ព្រោះលឺសូរជើងសេះមកដល់ហើយ

និល​ពេជ្រ​នាំ​ទ័ព​បំផាយ​សេះ​យ៉ាង​លឿន​ទាំង​កណ្ដាល​យប់​។ នៅ​តាម​ផ្លូវ និល​ពេជ្រ​បាន​សាក​សួរ​ដល់​ពល​ដែល​មក​ជា​មួយ តើ​អ្នក​ណា​ស្គាល់​ផ្ទះ​នាយ​គី​នៅ​រហាត់​ទឹក​។ មាន​ទាហាន​ម្នាក់​ឈ្មោះ​សាន​ បាន​ឆ្លើយ​ឡើង​ថា :
- បាទស្គាល់។
បាន​ជានិល​ពេជ្រ​សួរ​ដូច្នោះ​ ពី​ព្រោះ​ដឹង​ច្បាស់​ថា សេនា​ជំនិត​ដែល​មានន្ទ​មាន​នៅ​ជិត​នេះ​គ្មាន​អ្នក​ណា​ក្រៅ​ពី​អគ្គី​ទេ​។ អ្នក​ធ្លាប់​ស្គាល់​អគ្គី​នេះ​ ដែល​ជា​មនុស្ស​ពូ​កែ​ឆើត​ឆាយ​មួយ​ដែរ​។ មានន្ទ​ត្រូវ​របួស​ផង ប្រាកដ​ជា​ទៅ​ជ្រក​ផ្ទះ​អគ្គី​មិន​ខាន​។ អាស្រ័យ​ហេតុ​នេះ ​អ្នក​បញ្ជា​ទាហាន​អោយ​បំបោល​សេះ​កាត់​វាល​តំរង់​ទៅ​ភូមិ​រហាត់​ទឹក​តែ​ម្ដង​ទើប​ឆាប់​ការ​។ ក្នុង​ដំនើរ​ដ៏​ស្រូត​រូត​នេះ​ អ្នក​លឺ​សូរ​ជើង​សេះ​មួយ​ខាង​មុខ​ដែរ​ តែ​​អ្នក​នឹក​ស្មាន​ថា​ជា​សេះ​របស់​អ្នក​ស្រុក​ធម្មតា​ទេ​។ កាល​បើ​នាយ​សាន​ឆ្លើយ​ថា បាន​ស្គាល់​ផ្ទះ​អគ្គី​ច្បាស់​ និល​ពេជ្រ​ត្រេក​អរ​យ៉ាង​ក្រៃ​លែង​។ គ្រោង​ការ​មួយ​វាត់​ភ្លែត​ក្នុង​បញ្ញា​​អ្នក គឺ​គ្រោង​ការ​លោម​ចាប់​មានន្ទ​អោយ​បាន​។ លុះ​បាន​ទៅ​ដល់​ជិត​ផ្ទះ​អគ្គី​ហើយ​ អ្នក​បញ្ជា​អោយ​ទាហាន​ទាំង​អស់​ចុះ​ពី​លើ​ខ្នង​សេះ​រៀង​ខ្លួន រួច​អោយ​សាន​ដើរ​លប​ៗ​ទៅ​ស្ដាប់​មើល​។ នាយ​សាន​ថ្វី​ត្បិត​តែ​ធ្លាប់​ត​យុទ្ធ​មក​ច្រើន​គ្រា​ណាស់​មក​ហើយ​ក៏​ដោយ​ ក្នុង​ពេល​នេះ​ក៏​នៅ​មាន​សេច​ក្ដី​តក់​ស្លុត​យ៉ាង​ខ្លាំង​។ បេះ​ដូង​គាត់​ញ័រ​​រំភើប ដៃ​គាត់​ឡើង​ត្រជាក់​អស់​។ គាត់​លូន​បន្ដិច​ៗ​ទៅ​មុខ​ត្រា​តែ​បាន​ទៅ​ដល់​ផ្ទះ​អគ្គី​ដូច​ប្រាថ្នា​។ គាត់​លប​មើល​តាម​មាត់​ទ្វារ​ គ្មាន​ឃើញ​អ្វី​សោះ​។ ក្នុង​ផ្ទះ​ស្ងាត់​ឈឹង តែ​ឃើញ​ទ្វា​រ​ពុំទាន់​បិទ​ ចង្កៀង​មួយ​ឆេះ​ប្លុង​ៗ​។ អ្នក​លូន​ថយ​ក្រោយ​ដូច​ក្ដាម​ ត្រលប់​ទៅ​រាយ​ការណ៍​ប្រាប់​និល​ពេជ្រ​វិញ​។

- ម៉េចមានឃើញអ្វីខ្លះ ?
- ឃើញទ្វារបើក ចង្កៀងមួយប្លុងៗ
- ប្រហែលមានមនុស្សទេ ?
- ប្រហែលដេកលក់អស់ហើយ
- បើដូច្នោះទៅ !
កងទាហានទៅដល់មាត់ទ្វារ។ នាយសានលូកដៃទៅច្រានទ្វារ របងទ្វារពុំរបើកដោយចាក់សោជាប់
និលពេជ្រសួរខ្សឹបៗថា
- ម៉េចបើកទ្វាររួចទេ ?
- បាទទេ ! ជាប់សោ ។ ធ្វើយ៉ាងណាទាន ?
- ទៅរកលើកជណ្ដើរ​ផ្ទះ​ខាង​មុខ​នោះ​សិន​មក​ តែ​ប្រយ័ត្ន​ម្ចាស់​គេ​ដឹង​ណា​! ម្យ៉ាង​ទៀត​ប្រយ័ត្ន​ឆ្កែ​ព្រុស​ផង​
- បាទ !

សាន​ក៏​ស្ទុះ​ទៅ​លើក​ជណ្ដើរ​ផ្ទះ​របស់​អ្នក​ស្រុក​ម្នាក់​យក​មក​ផ្អែក​លើ​ទ្វារ​។ នាយ​សាន​ឡើង​ជណ្ដើរ​ភ្លាម​អិត​បង្អង់​។ លុះ​មក​ដល់​លើ​ទ្វារ​ហើយ​នាយ​សាន​ក៏​បែរ​គូថ​ទំលាក់​ជើង​ទាំង​ពីរ​ចុះ ដៃ​ទាំង​ពីរ​ចាប់​ខ្លោង​ទ្វារ​ ធ្វើ​អោយ​នាយ​សាន​ធ្ងន់​ខ្លួន​រយីង​រយោង​។​ នាយ​កោប​ដែល​លិទ្ធ​អណ្ដាត​រង់​ចាំ​ចំណី​ ដល់​បាន​ឃើញ​ខ្មាំង​មក​ដូច្នោះ​ ក៏​ស្ទុះ​វឹង​ទៅ​កាប់​មួយ​ដាវ​ចំ​ពី​ក្រោយ​ត្រង់​គល់​ក​។ នាយ​សានលា​ន់​សំលេង​លឺ​ងឹក​ រួច​ធ្លាក់​ខ្ពោក​ដល់​ដី​។ និល​ពេជ្រ​ដែល​នៅ​ខាង​ក្រៅ​នឹក​ថា នាយ​សាន​បាន​ដល់​ដី​ហើយ​ រួច​មុខ​ជាមក​បើក​ទ្វារ​មិន​ខាន​ តែ​ចាំ​បាត់​ៗ : និល​ពេជ្រ​ខ្សឹប​ហៅ​ៗ

- សាន ! សាន ! ទៅណាបាត់អន្ដរធាននេះ អាធីទៅមួយទៀតបន្ដគ្នាទៅ
នាយ​ធី​ដឹក​មុខ​ឡើង​ជណ្ដើរ​ដល់​ចុង​ក៏​វាត់​ជើង​ស្ទុះ​ចុះ​មក​។ ក្នុង​ពេល​នោះ​ដាវ​អគ្គី​លៀន​ចេញ​ធ្លោ​ពី​គុម្ព​ផ្កា​មក តែ​នាយ​ធី​វាយ​រង​ដាវ​ទាន់ ដាវ​ទាំង​ពីរ​ក៏​ប្រកួត​គ្នា​លឺ​ឆាំង​ៗ ដូច​រន្ទះ​កណ្ដាល​យប់​ស្ងាត់​។ ពួក​ខាង​និល​ពេជ្រ​ស្រែក​ថា «មាន​ពួក​វា​វើយ​!​»​។ លំដាប់​នោះ​ នាយ​ទាហាន​ក៏​ជ្រុះ​​មក​​ក្នុង​របង​ផ្ទះ​នាយ​គី​ខ្ពោក​ៗ​ បន្តប​ន្ទាប់​គ្នា​ដូច​គ្រាប់​ភ្លៀង​។ នាយ​កោប​ និង​អគ្គី​ត​យុទ្ធ​ម៉ាំង​ៗ​យ៉ាង​អង់​អាច​។ និល​ពេជ្រ​មក​ដល់​ក្រោយ​គេ បញ្ជា​អោយ​ឈប់​។
- ឈប់ ! អ្នកណាហ្នឹង ?
អគ្គីឆ្លើយថា :
- អញ
- អឺ ! គីទេរឺ ?
- អឺ ! អញ ម៉េចនិលទេរឺ ? អែងមកលេងនឹងអញរឺ ?
- អឺអញៗ មកលេង
- បើមកលេង មកកុំបង្អង់ !
- អែងមកមានការអីទាំងយប់ ? (អគ្គីសួរបន្ថែម)
- អញមកជាតំណាងច្បាប់
នាយកោបចេញពីគុម្ពផ្កាមកសើចក្អាកក្អាយ
- ហាស​ៗ តំណាង​ច្បាប់​! មាន​តែ​ចោរ​ទេ​ដែល​ចូល​ក្នុង​របង​ផ្ទះ​គេ​ដោយ​លប​ៗ​។ អ្នក​តំណាង​ច្បាប់​មិន​ធ្វើ​ដូច្នោះ​ទេ​
- យី ! អាកោប អញមកនេះមានសំបុត្រ
- ចាំភ្លឺស្រួលបួលទៅពូ ! មានអី
- អាកោប អញមិនខ្ចីនិយាយនឹងអែងទេ
និលស្ទុះទៅមុខ ភ្នែកមើលទៅក្នុងផ្ទះ។ អគ្គីលើកដាវកាប់រាំងដើមទ្រូងនិលពេជ្រ
- មិនបានទេ ! មិត្ដទៅណាមកណាទៅមិនបាន
- អញទៅក្នុងផ្ទះ
- ប្លន់រឺ ?
- អញចាប់មនុស្សទោស
- គ្មានមនុស្សទោសទេ នៅនេះមានតែអ្នកជាទាំងអស់
- មាន
- ទៅមិនបាន ទៅស្លាប់អែង រឺ ស្លាប់អញ !
- ព្រះកំពុតអោយអញមកណ៎ា
- ទេវតាអោយមកក៏ត្រូវឈប់ ត្បិតអគ្គីមិនអោយចូលទៅ
- អែងរឹងទទឹងនឹងច្បាប់រឺ ?
- អែងរកចាប់អ្នកណា ?
- មានន្ទ !
- ហ៊ីសៗ អាក្រពើ វង្វេងបឹង
- មានន្ទនៅអែណា!
- នៅនេះ ?
សំលេង​មានន្ទ​លាន់​លឺ​ឡើង​ពី​កៅ​អី​មួយ ដែល​នៅ​ក្នុង​ងងឹត​។ មានន្ទ​ដើរ​ស្ទុង​ៗ ចេញ​មក​យ៉ាង​ខែង ដៃ​ពត់​ចុង​ដាវ​តូច​ស្ដើង​​មួយ​ដែល​ចាំង​ផ្លេក​ៗ​
- រកខ្ញុំធ្វើអី ?
- ក្នុងនាមនៃច្បាប់ ខ្ញុំសូមចាប់ សូមអញ្ជើញអានសំបុត្រនេះទៅចុះ
មានន្ទកញ្ឆក់សំបុត្រពីដៃនិលពេជ្របានញីរហែកខ្ទេចខ្ទីគ្រវាត់ចោលទៅ។ និលពេជ្រខឹងខ្មួលឡើង។
-- យី ! ម៉េចព្រះតេជគុណហ៊ានហែកសំបុត្រព្រះកំពុត ?
- ខ្លាចអីសំបុត្រមិនត្រឹមត្រូវតាមច្បាប់
- មិនមែនទេ ! បោះត្រាលោកផងណា!
- អើ! ត្រាមែន តែសំបុត្ររំលោភអោយចាប់យើងទាំងយប់ គ្មានច្បាប់ណាអោយចាប់ដូចនេះទេ
- អាកូន ! ចូលចាប់ !
-មានន្ទថយក្រោយបីជំហានគ្រវាសដាវ និយាយយ៉ាងសង្ហាថា :
- ចាប់មានន្ទបានលុះត្រាតែធ្លាក់អាវុធពីដៃ។

នាយ​កោប​ និង អគ្គី​រហ័ស​ដូច​សូរ​ ដល់​លើ​ខ្នង​សេះ​ជា​ស្រេច​ ក៏​បំផាយ​សេះ​ទៅ​ដោយ​មាន​ជន​ខាង​និល​ពេជ្រ​ដេញ​ជាប់​ពី​ក្រោយ​។ ​រីអែ​មានន្ទ​កាល​ស្រែក​បញ្ជា ​ស្ទុះ​វឹង​ភ្លាម​ដែរ តែ​ទាក់​ជើង​នឹង​កូន​ឈើ​មួយ​ដួល​ព្រួស​។ មានន្ទ​រមៀល​ខ្លួន​បណ្ដោយ​ដូច​ផ្លែ​ក្រូច​ រួច​ក្រោក​ឈរ​វឹប​វិ ញ​ត​ដៃ​ទៅ​ទៀត​យ៉ាង​អង់​អាច​។

និល​ពេជ្រ​ស្ទុះ​មក​រាំង​ផ្លូវ​មិន​អោយ​មានន្ទ​ឡើង​សេះ​រួច​។ និល​ពេជ្រ​បញ្ជា​អោយ​ទាហាន​ម្នាក់​លែង​ខ្សែ​សេះ​អោយ​រត់​ទៅ​ឆ្ងាយ​ពីទី​នោះ​។ តែ​មានន្ទ​ទាត់​ត្រូវ​មួយ​ជើង​ដួល​ផ្កាប់​មុខ​ដាយ​មិន​ដឹង​ខ្លួន​។ កង​ខាង​និល​ពេជ្រ​រោម​មាន​ន្ទ​ដូច​ស្រមោច​ ថ្វី​ត្បិត​តែ​មាន​ខ្លះ​ត្រូវ​របួស​ច្រើន​អន្លើ ​ណាស់​ទៅ​ហើយ​។ មានន្ទ​គេច​ខ្លួន​បាន​ក៏លោត​លើ​ខ្នង​សេះ​បំផាយ​ទៅ​។ និល​ពេជ្រ​ក៏​បញ្ជា​អោយ​កង​ពល​ឡើង​សេះ​តាម​ទៅ​ដែរ​។ មានន្ទ​រត់​ ឆ្លង​អូរ​ ឆ្លង​ជ្រោះ​យ៉ាង​លឿន​។ និល​ពេជ្រ​ព្យា​យាម​តាម​ជាប់​ពី​ក្រោយ​មិន​ឈប់​ឈរ​។

ព្រះ​អរុណ​រះ​ស្វាង​ឡើង​។ សេះ​មា​នន្ទ​កាន់​តែ​ដាប​ទៅ​ៗ រឺ​អែ​ខ្មាំង​កាន់​តែ​ជិត​មក​ៗ​។ មានន្ទ​មើល​ឃើញ​ទាំង​អស់​មាន​ប្រាំ​មួយ​នាក់​។ អ្នក​នឹក​ថា តើ​គេច​ខ្លួន​យ៉ាង​ណា​អោយ​រួច​ទាន់​ភ្លឺ​មិន​ទាន់​ច្បាស់​នេះ​។ ដល់​ដើម​អំពិល​មួយ​ អ្នក​លោត​ទៅ​ចាប់​មែក​អំពិល​តោង​ឡើង​ទៅ​ពួន​នៅ​​ស្ងៀម​។ សេះ​ដោយ​ភ័យ​ចេះ​រត់​ទៅ​មុខ​។ កង​និល​ពេជ្រ​ ចេះ​តែ​ដេញ​តាម​ប្រកៀក​។ មានន្ទ​មើល​ពី​ក្រោយ​ឃើញ​ហុយ​ធ្លុប​ អ្នក​សើច​យោល​ខ្លួន​ រួច​ចុះ​មក​គេច​ទៅ​ខាង​ជើង​។ ទៅ​តាម​ផ្លូវ​អ្នក​ដោះ​ឡេវ​អាវ​ផ្លុំ​ខ្សល់​ដក​ដង្ហើម​វែង​ៗ​អោយ​មាន​កំលាំង​។

មានព​នឹក​ថា ខ្យល់​ព្យុះ​មុខ​ជា​ផុត​រលត់​មិន​ខាន​។ អ្នក​ដើរ​បណ្ដើរ​ហួច​បណ្ដើរ បី​ដូច​អ្នក​គង្វាល​គោ​ម្នាក់​ដែល​គ្មាន​ដឹង​លឺ​ដល់​រឿង​អ្វី​សំខាន់​ឡើ យ​។ បុរស​ចេះ​តែ​ក្រលេក​មើល​ក្រោយ​ម្ដង​ៗ ក្រែ​ង​ខ្មាំង​ដេញ​តាម​មក​ទៀត​។ អ្នក​សំលឹង​មើល​ព្រៃ​ឈើ​រក​នឹក «តើ​ជា​ព្រៃ​ភូមិ​ណា ស្រុក​ណា​? ​»​។ ពន្លឺ​ព្រះ​អាទិត្យ​ក៏​ឡើង​ថ្លា​ត្រចង់​គួរ​ជា​ទី​សប្បាយ​។ តាម​ផ្លូវ​ដើម​​រុក្ខ​ជាតិ​ធំ​តូច​ ដុះ​ណែន​ណាន់​តាន់​តាប់​​ខ្ពស់​ទាប​។ អ្នក​នឹក​ថា ស្រុក​ខ្មែរ​ជា​ស្រុក​មាន​ភោគ​ទ្រព្យ​ក្រៃ​ពេក​ ពុំ​គួរ​នៅ​ក្រោម​អំណាច​ខ្មាំង​សោះ​។ អ្នក​នឹក​ទៀត​ថា « ពួក​និល​ពេជ្រ​ស្លាប់​ថ្ងៃ​​នេះ​ក៏​ក្រែល​ដែរ គឺ​ខ្មាំង​ស្លាប់​នឹង​ដៃ​អ្នក​ជា​ច្រើន​ អ្នក​មិន​ខាត​ទេ​ក្នុង​ម្ភៃ​មួយ​ម៉ោង​ចុង​ក្រោយ​នេះ​។

សត្វ​កុក​ដែល​នៅ​ប្រប​ផ្លូវ​ ពួន​សំងំ​ចឹក​ត្រី​ក្នុង​ថ្លុក​មួយ​ផ្អើល​ឈូរ​ហើរ​ឡើង​។ មានន្ទ​ភ្ញាក់​ព្រើត​ក្រាប​ពួន​ តែ​ដល់​មិន​ឃើញ​អ្វី​ក៏​ដើរ​ទៅ​មុខ​ទៀត​។ អុញ​នុ៎ះ​! ឃើញ​វាល​ស្រែ​ទេ​តើ​។ មាន​អ្វី ​? មានន្ទ​ញញឹម​គិត​ថា «អោ​! ភូមិ​កុយ​មែង​ទេ​តើ ​» អ្នក​បែរ​សសៀរ​យក​ជើង​ព្រៃ​។ លុះ​ដល់​ផ្ទះ​មួយ​ដែល​នៅ​ចុង​ភូមិ​ អ្នក​ឡើង​ភ្លាម​ចូល​ទៅ​ក្នុង​បន្ទប់​បិទ​ទ្វារ​បាត់​។