៩ - រត់តាមប្ដី
ថ្ងៃសៅរ៍ ទី9.កក្កដា 2016.ម៉ោង 9:29

នាង​ទេវី​ដែល​ដួល​សន្លាប់​ស្ដូក​ស្ដឹង​លើ​ក្ដារ​នោះ ក៏​បាន​បើក​ភ្នែក​ឡើង​។ នាង​មើល​ឃើញ​មុខ​នាង​ភួង​ដែល​មាន​ទឹក​ភ្នែក​ហូរ​រហាម​។​ ធីតា​អោប​នាង​ភួង​យំ ហើយ​ពោល​យ៉ាង​រវើ​រវាយ​ថា៖
- បង ! បង ! បង ! . . . នេះប្អូន
នាងភួងឃើញដូច្នោះខំបមបីស្រីថែមទៀត
- កូន ! កូន ! នេះម៉ែ ! ម៉ែណា !
- ច៎ាះ ! ម៉ែ
- អី ! នេះម៉ែ
- ច៎ាះ បង ! បងទៅណាហើយ បងគាត់ខឹងខ្ញុំទេ? ទេប្អូនអិតក្បត់បងទេ ! ប្អូនស្រលាញ់បង នឹកបងណាស់
នាង​ភ័យ​រិត​តែ​ខ្លាំង​ឡើង​។ ស្រ្ដី​ជា​ម្ដាយ​ញ័រ​អស់​សព្វ​សព៌ាង្គ​កាយ​ នាង​ទេវី​បិទ​ភ្នែក​ជិត​ស្លុង មាត់​ចេះ​តែ​និយាយ​ៗ ទៅ​គ្មាន​ដឹង​ខ្លួន​ប្រាណ​សោះ​។
- ម៉ែ ! ម៉ែ ! បងគាត់ទៅណាហើយ ? អូ ! ប្រហែលគាត់ខឹងនឹងខ្ញុំមែនហើយ ។ អូ ! គាត់មិនដឹងរឿងទេ .
- កូន !ទេវី ! កូនមាសម្ដាយ ! កូននិយាយអីដូច្នោះ ? កូន ! កូន !
នាងភួងអង្រួននាងទេវីយំរឹតតែខ្លាំងឡើង
- ទេ​​! កុំ​ៗ​ សំលាប់​កូន​ខ្ញុំ​អី​! ទុក​ជីវិត​កូន​ខ្ញុំ​អោយ​រស់​នៅ​សិន​! ហ៊ី​បង​! កុំ​ជឿ​ពាក្យ​គេ​។ ​ទេ . . . ​កូន​ . . . លោក​អុស ​ៗ ​ស្លាប់​ខ្ញុំ​ហើយ​! ទេ​ខ្ញុំ​ចង់​រស់​
នាងភួង​គ្រវី​ក្បាល ហួស​ចិត្ដ មិន​ដឹង​គិត​យ៉ាង​ណា ដើម្បី​អោយ​កូន​សំលាញ់​របស់​គាត់​និយាយ​ត្រឹម​ត្រូវ​វិញ​។
- កូនៗ កុំនិយាយ ! កូនទៅអោយស្ងៀម !
- ច៎ា​! ខ្ញុំ​មិន​ហ៊ាន​និយាយ​ទេ ខ្ញុំ​ខ្លាច​កូន​ខ្ញុំ​ស្លាប់​។ តែ​មិន​អោយ​ខ្ញុំ​និយាយ​អែ​ណា​បាន បង​គាត់​ខឹង​នឹង​ខ្ញុំ​ងាប់​ហើយ​។ ​...បង ប..! ​បង​កុំ​ជឿ​តាម​គេ​ណា​! ​អានិត​ប្អូន​ទៅ​ កុំ​ជឿ​តាម​គេ​។
ញើសហូរចេញពីថ្ងាសនាងទេវីផ្លោតៗ ។ នាងភួងយកកូនកន្សែងជូតញើសនោះបន្ដើរ និយាយបន្ដើរ
- អោ! ព្រះម្ចាស់ថ្លៃអើយ ! សូមជួយកូនខ្ញុំផង កុំអោយកូនខ្ញុំនិយាយច្រើនពេក ។ កូន ៗ ! កូនសំងំអោយលក់ទៅ
- ច៎ាះ !
- អឺ ! កូននៅអោយស្ងៀមកុំនិយាយអី
- ច៎ាះ !
- បើកូនស្លាប់ ម៉ែក៏ស្លាប់ដែរ
- ច៎ាះ !
- កូនមិនស្លាប់ទេ ព្រោះមានម៉ែ
- ច៎ាះ !

មួយ​ស្រ​បក់​ក្រោយ​មក នាង​ទេវី​ក៏​ដេក​លក់​ស្កប់​ស្កល់​។ ដល់​នាង​ភ្ញាក់​ឡើង ធីតា​ហាក់​មាន​កំលាំង​កំហែង​។ កល្យាណ​ក្រោក​ដើរ​ទៅ​មុជ​ទឹក រួច​ទើប​និយាយ​ទៅ​កាន់​នាង​ភួង​ទៀត​ថា​ :

- ម្ដាយ​អើយ​! ក្នុង​ជាតិ​នេះ​កូន​អភ័ព្វ​ណាស់​។ បង​មា​នន្ទ​មក​ទី​នេះ​អំបាញ់​មិញ​។ កូន​មិន​ហ៊ាន​មើល​មុខ​បង​ទេ​ ពី​ព្រោះ​អាកា​មា​វា សំលាប់​កូន​របស់​ខ្ញុំ​។ ម្ដាយ​មាស​​ម្ដាយ​! បើ​ម្ដាយ​ឃើញ​បទុម​កូន​ខ្ញុំ ម្ដាយ​មុខ​ជា​ស្លាប់​មិន​ខាន​។ អា​កាមា​វា​អោយ​មនុស្ស​អសិ​រពិស​ម្នាក់​យក​ដាវ​ដាក់​ចំ​ក​កូន​ខ្ញុំ ដើម្បី​បង្ខំ​កុំ​អោយ​ខ្ញុំ​និយាយ​អ្វី ធ្វើ​អ្វី​។​ ក្នុង​ពេល​នោះ​ អា​កាមា​វា​បង្កាច់​ថា ខ្ញុំ​នឹង​វា​សហាយ​គ្នា​។ អោ​អ្នក​ម្ដាយ​! កូន​ស្លាប់​តែ​ក្នុង​ថ្ងៃ​នេះ​អែង​ជា​ប្រាកដ​ហើយ​។ កូន​ឈឺ​ចិត្ដ​ណាស់​ អា​កាមា​វា​ធ្វើ​បាប​កូន​ដល់​ហើយ​​។ អោ​! អីលូវ​កូន​ខ្ញុំ​ទៅ​ណា​បាត់​ពី​បង្អួច​នោះ​ហើយ​? អំបាញ់​មិញ​ខ្ញុំ​មើល​ឃើញ​កូន​ខ្ញុំ​ពី​ទី​នេះ​ទៅ​។ វា​យក​កូន​ខ្ញុំ​ទៅ​ទៀត​ហើយ​។ កូន​ខ្ញុំ​ដេក​លក់​គ្មាន​ដឹង​ថា​ជីវិត​នៅ​នឹង​ចុង​ដាវ​គេ​ទេ​ មាន​តែ​ខ្ញុំ​ទេ​ដឹង​ភ័យ​ ស្រៀវ ​ទុក្ខ​។ នាង​ដេក​លក់​ព្រ​ងើយ​។ អែ​ខ្ញុំ​ស្ទើរ​ស្លាប់​ខ្លួន​។

អោ​! ម្ដាយ​អើយ​! កូន​នឹក​រលឹក​បង​មានន្ទ​ខ្លាំង​ណាស់​។ កូន​ប្រុង​កាយ​​ប្រុង​ចិត្ដ​ថា កូន​ផុត​ទុក្ខ​ថ្ងៃនេះ​ហើយ​។ តែអីលូវ​កូន​រឹត​តែ​មាន​ទុក្ខ​ទៅ​ទៀត​ កូន​ឃើញ​គេ​មក​ កូន​ស្ទើរ​ស្ទុះ​ទៅ​អោប​ជើង​គេ​។ កូន​ឃើញ​តែ​ជើង​គេ​ទេ​។ កូន​អិត​បាន​ឃើញ​មុខ​គេ​ទេ​។ គេ​ខឹង​នឹង​កូន​ហើយ​។ គេ​និយាយ​មក​រក​កូន​ដែរ តែ​កូន​ពុំ​ហ៊ាន​ឆ្លើយ​។ គេ​គំហក​កូន​ តែ​កូន​នឹក​ថា បើ​គ្មាន​អា​កាមា​ទេ គេ​គំហក​យ៉ាង​ណា​ក៏​កូន​មិន​ថា​ដែ​រ​ កូន​មុខ​ជា​អោយ​គេ​គំហក​តាម​ចិត្ដ​អោយ​តែ​កូន​បាន​លឺ​សំលេង​គេ​ បាន​ស្ដាប់​សំដី​គេ​ ទោះ​សំដី​នោះ​ទ្រគោះ​បោះ​បោក​យ៉ាង​ណា​ក៏​ដោយ​។ ម្ដាយ​អើយ​! ហេតុ​តែ​កូន​ស្រលាញ់​គេ​។ អីលូវ​គេ​មិន​ដឹង​រឿង​ គេ​ទៅ​បាត់​ទុក​តែ​ស្នាម​ជើង​នៅ​ទី​នេះ​។ កូន​សូម​ថើប​ធូលី​ជើង​គេ​ហើយ​ អ្នក​ម្ដាយ​កុំ​ថា​អោយ​កូន​ កុំ​សើច​កូន​។ ច៎ាះ​!​ កូន​ថើប​ដោយ​អិត​អៀន​ខ្មាស​ទេ​។ អីលូវ​កូន​ក៏​បាត់​ ប្ដី​​បាត់ តើ​អោយ​កូន​ទៅ​ណា​? ធ្វើ​អ្វី​? គិត​អ្វី​?​ កូន​អស់​រលីង​ហើយ​។ អ្នក​ម្ដាយ​ៗ​ ជួយគិត​គូ​រ​កូន​ផង​។ អោ ​! ​. . ​។.

ក្នុង​ពេល​នោះ មនុស្ស​ម្នាក់​ មាឌ​មាំ​អាយុ​ប្រមាណ​ហា​សិប​ប្លាយ​ឆ្នាំ​ចូល​មក​បី​កូន​មក​ផង​។ នាង​ទេវី​ស្គាល់​ជាក់​ជា​កូន​ខ្លួន​ ក៏​ស្ទុះ​រត់​មក​លុត​ជង្គង់​ពី​មុខ​បុរស​ពុំ​ស្គាល់​នោះ​លាត​​ដៃ​ទាំង​ពីរ​។ បុរស​អង្គុយ​ចុះ​ ទឹក​មុខ​ញញឹម​ហុច​កូន​ទៅ​អោយ​នាង​។
- លោក ៗ កូនខ្ញុំមែនទេ?
- បាទ ! កូននាងហើយ ! អោ! ព្រះម្ចាស់ថ្លៃអើយ ! កូនខ្ញុំមែន !
- ខ្ញុំលួចគេយកមកជូននាងវិញ
- ច៎ាះ ខ្ញុំសូមអរគុណលោកណាស់ វាលាក់កូនខ្ញុំអែណាលោក ?
- មិនសំខាន់ទេ សំខាន់ត្រង់ខ្ញុំយកកូនមកជូននាងវិញ
- ច៎ាះ​! លោក​ខ្ញុំ​អរ​គុណ​លោក​ណាស់ រក​អ្វី​មក​ប្រៀប​គ្មាន​ទេ​។ អោ​! លោក​ហៅ​ចំ​ជា​មាន​គុណ នឹង ខ្ញុំ​មែន តែ​ខ្ញុំ​ក្រ​ណាស់ លោក​ចង់​បាន​អ្វី​ពី​ខ្ញុំ អោយ​តែ​ខ្ញុំ​មាន​ខ្ញុំ​ជូន​លោក​ទាំង​អស់​
- ទេ ! ខ្ញុំធ្វើនេះអិតមានចង់បានអ្វីពីនាងទេ
- ច៎ាះ! ច៎ាះ! លោក​មាន​ចិត្ដ​អ្វី​ល្អ​ម៉្លេះ​ទេ​។ លោក​ឈ្មោះ​អី​? នៅ​អែ​ណា? ដើម្បី​អោយ​ខ្ញុំ​បាន​ដឹង អោយ​ខ្ញុំ​បាន​នឹក​គុណ​អស់​មួយ​ជីវិត​ខ្ញុំ​។
- ខ្ញុំជាមនុស្សអិតឈ្មោះ អិតទីលំនៅ អិតគ្រួសារទេ
- ហ៊ី ! លោកកុំខ្លាចខ្ញុំ កុំលាក់ខ្ញុំ ប្រាប់ខ្ញុំមក
- ទេ ! ខ្ញុំអិតខ្លាចអ្វីទេ គឺជាការពិតដូច្នោះអែង
- ច៎ាះ ! លោកជាមនុស្សអីប្លែកម៉្លេះទេ
- បើដូច្នោះ កិច្ចខ្ញុំសំរេចហើយ ខ្ញុំសូមលាអ្នកហើយ
- ច៎ាះ ទេ ! សូមចាំអញ្ជើញពិសាបាយនឹងខ្ញុំសិន
- បាទទេ ! ខ្ញុំសូមអរគុណណាស់ហើយ។ ខ្ញុំមានការប្រញាប់បន្ដិច
- ហ៊ី ! លោកមានការអ្វី ?
- ការផ្ទាល់ខ្លួន។ ខ្ញុំសូមលាអ្នក សូមអ្នកនៅអោយសុខសប្បាយណ៎ា !
- ច៎ាះ ! លោកអញ្ជើញទៅណាមកណា សូមអានិតចូលលេងផ្ទះខ្ញុំផងកុំខាន
- បាទ ! អរគុណនាងណាស់
- ចុះលោកស្គាល់ប្ដីខ្ញុំទេ
- បាទ​ស្គាល់​ តែ​អីលូវ​អ្នក​ស្រុក​ប្រាប់​ថា​ឈ្លោះ​គ្នា​យ៉ាង​ខ្លាំង​ជា​មួយ​មេ​ទ័ព​កាមា​ ចាក់​គ្នា​អែ​វាល​ស្រែ​អែ​ណោះ ​តាំង​ពី​ល្ងាច​ម៉្លេះ​រួច​កាមា​ក៏​ចាញ់​ទៅ​។ អីលូវ​លឺ​ថា​ជិះ​សេះ​ទៅ​ខាង​ត្បូង​បាត់​ទៅ​ហើយ​។ មិន​ដឹង​ជា​ទៅ​ណា​ផង​
- តាមស្មានប្រហែលទៅណា ?
- ប្រហែលទៅបាត់ដំបង
- អោ ! ច៎ាះ សូម​អរ​គុណ​លោក​ហើយ​ អញ្ជើញ​ចុះ​អោយ​សុខ​សប្បាយ អោយ​មាន​ជ័យ​ជំនះ​ឈ្នះ​អស់​មា​សត្រូវ​ទាំង​ប្រាំបី​ទិស​
មនុស្សមិនស្គាល់មុខនេះ ក៏លោតលើខ្នងសេះទៅបាត់ទៅ។ នាងទេវីក៏ក្រសោបបុត្រីថើប។ នាងនិយាយថា :
- កូនៗ ! ម្ដាយនឹកកូនណាស់ ម្ដាយស្មានតែពុំបានជួបមុខកូន ពុំបានឃើញកូនទៀតទេ ។ កូនកុំដេកអី ភ្ញាក់ឡើង
នាង បទុម​ក៏​ភ្ញាក់​ដោយ​នាង​ទេវី​ញក់​ញី​ខ្លាំង​ពេក​។ នាង​សើច​គ្រហាញ​ដាក់​ម្ដាយ​ដែល​ធ្វើ​អោយ​នាង​ទេវី​រឹត​តែ​សប្បាយ​ចិត្ដ​ទៅ​ទៀត​នាង​យំ​បណ្ដើរ​ផង​។
- កូន​! កូន​អត់​ត្រូវ​គេ​ធ្វើ​បាប​អ្វី​ទេ​រឺ​? កូន​នៅ​សុខ​សប្បាយ​ទេ ​? ម្ដាយ​មិន​ស្មាន​ដូច្នោះ​សោះ​ នឹក​ខុស​ថា​ប្រ​ហែល​គេ​ញក់​ញី អារ​សាច់ ​ហុត​ឈាម​ទៅ​ហើយ​។ ម្ដាយ​យំ​ខ្លាំង​ណាស់​ប៉ុន្មាន​ថ្ងៃនេះ​។ ទៅ​កូន​! ទៅ​ជា​មួយ​ម្ដាយ ទៅ​រកឪ​ពុកកូនអែងទៀត។
ថាដូច្នោះហើយ នាងទេវីរកកន្សែងដន្ដប់អោយនាងបទុម រួចប្រាប់នាងភួងថា :
- ម៉ែ ! ចាំ​ផ្ទះណា ខ្ញុំ​ទៅ​រក​បង​មានន្ទ​មួយ​ភ្លែត​។ សុំ​កុំ​អោយ​ម៉ែ​ទៅ​ណា​ចោល​ផ្ទះ​អោយ​សោះ​។
ថា​ហើយ​នាង​ទេវី​អោប​បុត្រី​ជាប់​នឹង​ដើម​ទ្រូង​ ថើប​កូន​បណ្ដើរ​ រត់​ទៅ​មុខ​បណ្ដើរ​។ នាង​តំរង់​ទៅ​គេ​ហដ្ឋាន​ព្រះ​កំពុត​ទាំង​កណ្ដាល​រាត្រី​។ ធីតា​លែង​នឹក​ខ្លាច​ លែង​នឹក​នា​អ្វី​ទៀត​ហើយ​។ នាង​រីក​រាយ​ក្រៃ​ពេក​ ស្រី​ឆោម​ឆ្លង​កាត់​ផ្នូរ​ខ្មោច​ តែ​នាង​អិត​ដឹង​ខ្លួន​សោះ​។ ញើស​នាង​ហូរ​រហាម​ តែ​នាង​អិត​គិត​មក​ដល់​សោះ​។ មុខ​នាង​អោន​ តែ​ទៅ​លើ​មុខ​បុត្រី​របស់​នាង​ដែល​នាង​ព្រាត់​យូរ​មក​ហើយ​។ លុះ​មក​ដល់​ភូមិ​ស្វាយ​ នាង​ស៊ើប​សួរ​គេ​រក​ប្ដី​នាង​។ គេ​ប្រាប់​តាម​ដំណើរ​​ដើម​ទង​។ កញ្ញា​អោប​កូន​រត់​តាម​ទៅ​ទៀត​។ កល្យាណ​តំរង់​ទៅ​ខាង​ស្រុក​មង្គល​បុរី​ ដែល​សព្វ​ថ្ងៃ​មាន​ចំងាយ​ប្រាំបួន​គីឡូ​ម៉ែត្រ​ពី​ភូមិ​ស្វាយ​។​ យប់​ងងឹត​ស្លុង​។ ឆវី​ទៅ​តាម​ផ្លូវ​រទេះ​ប៉ះ​ជន្លង់​ឈើ​ព័ន្ធ​ជើង​ដួល​ធីតា​ក្រោក​ ឡើង​រត់​ទៅ​ទៀត​ ដើម្បី​អោយ​ទាន់​សេះ​របស់​មានន្ទ​ជា​ប្ដី បន្ដិច​មក​ មាន​សេះ​មួយ​បំផាយ​មក​ពី​ក្រោយ​នាង​។ អ្នក​ជិះ​សេះ​ស្រែក​សួរ​ថា​:​
បុរស​ចំលែក​នេះ​ លុះ​បាន​លឺ​ដូច្នោះ​ ក៏​លូក​ថង់​យាម​បោះ​ប្រាក់​មួយ​ថង់​ធំ​មក​អោយ​នាង​។ នាង​ទេវី​លុះ​ដឹង​ថា​ប្រាក់​ក៏​ប្រឹង​រត់​តាម​សេះ​ហើយ​ស្រែក​ថា ​:
- ទេៗ លោកៗ យកទៅវិញចុះ
តែអ្នកជិះសេះបំផាយយ៉ាងលឿនទៅបាត់ទៅ
នាង​ទេវី​ឃើញ​ប្រាក់​នោះ​ប្រាំ​ណែន​។ ធីតា​មាន​សេច​ក្ដី​អរ​គុណ​ នឹង​ បុរស​មិន​ស្គាល់​មុខ​នេះ​ជា​អនេក​កប្ប​ការ​។ លុះ​ដល់​មង្គល​បុរី​ នាង​ទេវី​ដើរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​រក​ប្ដី តែ​គេ​បិទ​ទ្វារ​ដេក​លក់​អស់​។ នាង​ឃើញ​ផ្ទះ​មួយ​នៅ​ពុំ​ទាន់​បិទ​ទ្វារ​។ ចង្កៀង​ប្លុង​ៗ នាង​រត់​តំរង់​ទៅ​សួរ​គេ ​ៗឆ្លើយ​ថា :
- អំបាញ់​មិញ​នេះ មាន​មនុស្ស​ជិះ​សេះ​ម្នាក់​មក​សុំ​ទឹក​ផឹក​ មនុស្ស​នោះ​របួស​ផង ប្រ​ហែល​មាន​រឿង​អ្វី​ធំ​ដុំ​ហើយ​មើល​ទៅ​
- មនុស្ស​នោះ​ទៅ​ណា​ហើយ​មីង ​?
- ច៎ាះ​! ខ្ញុំ​សួរ គេ​ថា គេ​មាន​ការ​ទៅ​បាត់​ដំបង​ទាំង​យប់​នេះ​អែង​។ ខ្ញុំ​ឃាត់​ដែរ តែ​គេ​ពុំ​ព្រម​នៅ​សោះ​
- ទៅ​យូរហើយ​រឺ​អ្វី ​?
- ច៎ាះ ! ទេ ! ទើប​នឹង​ទៅ​អំបាញ់​មិញ​នេះ​អែង​
- ខ្ញុំអរគុណហើយមីង ខ្ញុំសុំទឹកមួយផ្ដិលដែរ
- យី ! តើនាងពកូនទៅណា ? ម្ចាស់ម្ដាយអើយ !
- ច៎ាះ ! ខ្ញុំអត់ទៅណាទេ
- អ្នក​ជិះ​សេះ​នោះ​ត្រូវ​ជា​យ៉ាង​ម៉េច​នឹង​នាង ​?
- ច៎ាះ ខ្ញុំចង់ជួបគេមានការបន្ដិចបន្ដួចទេ
- នាងនៅអែណា ?
- ខ្ញុំនៅស៊ីសុផុន
- អូ ! ចុះមកធ្វើអ្វីទាំងយប់ម៉្លេះ ?
- ខ្ញុំមានការអ្នកមីង
- យី ! ខ្ញុំសូមអរគុណអ្នកមីងណាស់ហើយ ។ ខ្ញុំសុំលាអ្នកមីងហើយ
- ច៎ាះ ! លើកដៃថ្វាយព្រះ ចុះនាងទៅណាទៀត ?
- ខ្ញុំទៅមុខទៀត
នាង​ទេវី​បាន​ទឹក ក៏​ផឹក​ក្អឿក​ៗ រួច​លា​មីង​នោះ​រត់​ទៅ​ទៀត​។ កល្យាណ​ហាក់​ដូច​ជា​មាន​កំលាំង​ឡើង​វិញ​សាយ​ពេញ​ខ្លួន​ នាង​បែក​ញើស​សស្រាក់​ត្រ​ជាក់​អស់​ទាំង​ខ្លួន​។ លុះ​រត់​មួយ​សន្ទុះ​ទៅ​ នាង​លឺ​សូរ​ជើង​សេះ នាង​ស្រែក​ហៅ​។
- បង ! បង ! ចាំខ្ញុំផង បងមានន្ទ . . . បងមានន្ទ

គេ​លឺ​សូរ​តែ​មាត់​នាង​ដែល​អណ្ដែត​ទៅ​ក្នុង​ព្រៃ​ស្ងាត់​បាត់​ឈឹង​ គ្មាន​លឺ​សូរ​អ្វី​ឆ្លើយ​មក​វិញ​ឡើយ​។ រី​អែ​ជើង​សេះ​ក៏​លាន់​លឺ​កាន់​តែ​ល្វើយ​ទៅ​ៗ លុះ​ត្រា​តែ​បាត់​សូន​ជា​អចិន្រ្ដៃយ៍​។ ​ពីរ​​ថ្ងៃ​ក្រោយ​មក​ទៀត នាង​ទេវី និង​ បុត្រី​បាន​ដើរ​ទៅ​ជិត​អ្នក​លក់​បន្លែ​ម្នាក់​នៅ​ទី​ផ្យារ​បាត់​ដំបង​ នាង​ដើរ​តាម​ស៊ើប​សួរ​រក​ប្ដី​នាង​ តែ​មិន​លេច​លឺ​ដំណឹង​អ្វី​សោះ​។ នាង​ដើរ​តាម​សំយាប​ផ្ទះ​ចិន តាម​រោង​ចក្រ​ផ្សេង​ៗ តាម​រោង​លក់​ម្ហូប​អាហារ​ចំណី​ តាម​​ផ្ទះ​អ្នក​រាជ​ការ​តូច​ធំ គយ​គន់​រក​មើល​គូ​កំសត់​។ ធីតា​ព​កូន​យំ​បណ្ដើរ​ ដើរ​បណ្ដើរ​ តែ​រាល់​ថ្ងៃ​ដូច្នោះ​អែង​។