៧ -បាត់កូន
ថ្ងៃអាទិត្យ ទី26.មិថុនា 2016.ម៉ោង 7:35

នាង​ទេវី​ និង នាង​ភួង​បាន​បី​បាច់​រក្សា​កូន​ស្រី​យ៉ាង​ហ្មត់​ចត់​។ នាង​ទាំង​ពីរ​បាន​ដាក់​ឈ្មោះ​កុមា​រី​ថា បទុម​។ រាល់​ថ្ងៃ​ នាង​ទេវី​អោប​​ក្រសោប​នាង​បទុម​ជាប់​នៅ​នឹង​ដើម​ទ្រូង​។ ធីតា​ពុំ​អោយ​បុត្រី​កំព្រា​នេះ​យំ​មួយ​វ៉ាស​បាន​ឡើយ​។ នាង​តែង​បំពេរ​កែវ​ជា​បុត្រី​អោយ​គេង​លក់​ស្កប់​ស្កល់​រាស់​ថ្ងៃ ​ដោយ​បាន​បំបៅ​ស្រី​អោយ​បាន​ឆ្អែត​ឆ្អល់​ជា​និច្ច​។ នាង​តែង​បបោស​អង្អែល​កូន​ ក្រែង​មាន​សត្វ​ស្រមោច​សង្អា​ខាំ​។ នាង​ថើប​ស្រី​ជា​បុត្រ​ភ្ងា​។  ជីវិត​នាង និង ជីវិត​កុមារី​ រួម​ចូល​គ្នា​ជា​ធ្លុង​មួយ​ដែល​វេញ​គ្នា​យ៉ាង​ត្របាញ់​អស្ចារ្យ​។ បុត្រី​នេះ​ជា​ព្រលឹង​របស់​ធីតា​។ ក្នុង​រូប​ដ៏​តូច​ច្រលឹង​ នេះ​ទេវី​ហាក់​ឃើញ​ជីវិត​នាង​បន្ដ​សង្ខារ​ទៅ​មុខ​ទៀត​។ បុត្រី​នេះ​ហើយ​ ជា​ថ្នាំ​ទិព្វ​មួយ​ដែល​រំលាយ​ទុក្ខ បំភ្លេច​សេច​ក្ដី​ព្រួយ​របស់​នាង រួច​ធ្វើ​អោយ​រស់​រៀង​ត​ទៅ​។ កុមារី​ចេះ​ញញឹម​យ៉ាង​ស្រស់​ប្រិម​ប្រីយ៍​ហើយ​។ កែវ​ចេះ​ឆ្លើយ​ឆ្លង​បន្ដិច​ៗ នឹង​នាង​ដែល​ជា​ហេតុ​រឹត​តែ​អោយ​នាង​ស្រលាញ់​ថែម​ទៀត​។

អោ​! សេច​ក្ដី​ស្នេហា​នៃ​មាតា​ចំពោះ​បុត្រ គ្មាន​វត្ថុ​ក្នុង​នា​លោក​នេះ​អាច​ប្រៀប​ធៀប​បាន​ឡើយ​។ តាំង​ពី​បាន​បុត្រី​កំសត់​នេះ​មក​ នាង​ទេវី​កើត​ទុក្ខ​ តែ​នាង​សប្បាយ​យ៉ាង​អនេក​។ នាង​កើត​ទុក្ខ​ក្នុង​សង្គម​ ព្រោះ​នាង​ព្រាត់​ប្រាស់​ឪ​ពុក ព្រាត់​ប្រាស់​ប្ដី​សំលាញ់​។ ម្យ៉ាង​ទៀត​ព្រោះ​កាមា​ជា​មនុស្ស​បាន​មក​យាយី​ដល់​រូប​នាង​រាល់​ពេល​វេលា​ រហូត​ដល់​បណ្ដេញ​នាង​អោយ​ចេញ​ពី​ភូមិ​ឋាន​ផ្ទះ​សំបែង​។ នាង​សប្បាយ​ សប្បាយ​ព្រោះ​ ក្នុង​សង្គម​ដដែល​នេះ​ អរុណ​មួយ​ថ្មី​រះ​ក្នុង​ជីវិត​នាង គឺ​នាង​បទុម​តែ​មួយ​នេះ​។

មែន​នាង​សប្បាយ​មែន​ សប្បាយ​ប្រ​ហែល​លើស​អស់​មាតា​ទាំង​ពួង​។ ណា​មួយ​កុមារី​ប្រកប​ដោយ​សុខ​ភាព​បរិ​បូរណ៍​ មាន​សំណើច​ស្រស់​ចិញ្ចាច​ មាន​សាច់​ស​ស្អាត មាន​សំដី​រអាក់​រអួល​បន្ដិច​ផង គួរ​ជា​ទី​ស្នេហា​ប្រាកដ​។
បទុមបានមួយខែហើយ។
ថ្ងៃ​នេះ​នាង​ទេវី​បំបៅ​បុត្រី​។ នាង​ដាក់​កូន​ទៅ​ក្នុង​អង្រឹង រួច​មាតា​កំសត់​ដេក​យោល​កូន​ដែល​លក់​ស្កប់​ស្កល់​។
មិន​យូរ​ប៉ុន្មាន​ នារី​ជា​មាតា​ក៏​លង់​លក់​ទៅ​ជា​មួយ​កូន​ដែរ​។ ស្រី​យល់​ស​ប្ដិ​ឃើញ​មានន្ទ​ជា​ប្ដី​នាង​មក​អោប​ក្រសោប​នាង​។ ធីតា​យំ​ដាយ​រលឹក​ប្ដី​ខ្លាំង​ពេក​។
ទេវីលង់លក់ក្នុងដំនេក។
លុះ​ដល់​នាង​ភ្ញាក់​ដឹង​ខ្លួន​ឡើង ព្រះ​សុរិយា​ជ្រៀង​ជ្រេ​ណាស់​ទៅ​ហើយ​។ នាង​ទាញ​អង្រឹង​យោល​បទុម​ជា​បុត្រី​។
តែ! អ្វីក៏ដូច្នាះ ? អង្រឹងទ្រង់ស្រាលស្ងើក។ ឆវីក្រោកឡើងដូចគេកន្ដ្រាក់។
បាត់បុត្រីទៅណាហើយកែវកូនអើយ។
កែវ​ល្អ​ស្ទុះ​ចេញ​ទៅ​ក្រៅ​ស្រែក​ហៅ​មីង​ភួង តែ​ខាង​ក្រៅ​ស្ងាត់​ឈឹង​។ យាយ​ភួង​ទៅ​ផ្សារ​ពុំ​ទាន់​មក​ផង​។
នាង​នឹក​ថា ប្រហែល​យាយ​ភួង​មក​លើក​កូន​យក​ទៅ​មុជ​ទឹក​អែ​ស្ទឹង​ហើយ​។ ស្រី​រត់​ទៅ​រក​ស្ទឹង តែ​គ្មាន​ឃើញ​អ្វី​សោះ​។ នាង​សួរ​អ្នក​អែ​ទៀត​ដែល​នាង​ជួប​ប្រទះ​ថា : «ឃើញ​អ្នក​ណា​មក​យក​កូន​ខ្ញុំ​ទេ​? ​» គេ​ឆ្លើយ​ថា : «ទេ ! . . . យ៉ាង​ណា​ដូច្នោះ ​?​»​។
ទេវី​កំសត់​ពន្យល់ប្រាប់គេវិញពុំទាន់ចប់ផង នាងរត់ទៅសួរអ្នកជិតខាងទៀត។
នារីឆ្លេឆ្លា បីដូចមេមាន់រកពង
មុខនាងឡើងស្លាំងត្បិតអ្នកទាំងពួងឆ្លើយមកនាងវិញតែពាក្យដដែល។
មិន​យូរ​ប៉ុន្មាន​មនុស្ស​ក្នុង​ភូមិ​ជួយ​ឆោ​ឡោ​រក​បុត្រី​របស់​នាង​ទេវី​។ នាង​ភួង​មក​ដល់​ទៀត ក៏​ជួយ​រក​ទៀត​។ ទឹក​ភ្នែក​ហូរ​សស្រាក់​ នាង​ទេវី​ស្រែ​ទ្រហោ​យំ​ថា៖

« អោ​! ម្ចាស់​ថ្ងៃ​អើយ លោក​អ្នក​ណា​យក​កូន​ខ្ញុំទៅ​​? ខ្ញុំ​លង់​ដំណេក​ភ្ញាក់​ឡើង​ស្រាប់​តែ​បាត់​កូន​។ អោ​! អ្នក​ណា​នោះ​អី​ក៏​ចិត្ដ​អាក្រក់​ម៉្លេះ​? លួច​អី​មិន​លួច​ៗ កូន​ខ្ញុំ​។ កូន​ទើប​បាន​មួយ​ខែ​ថ្ងៃ​នេះ​ផង​។ អោ​! តើ​នាង​បាន​អី​បៅ តើ​គេ​យក​ថ្លៃ​ទៅ​សំលាប់​ចោល​រឺ​អ្វី​?​។ កូន​ៗ ​! ទើ​ប​បាន​ឃើញ​ពន្លឺ​ព្រះ​អាទិត្យ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ស្រាប់​តែ​វិនាស​ទៅ​វិញ​។ នាង​ពុំ​ទាន់​ចេះ​និយាយ ចេះ​គិត​គូរ​ផង ស្រាប់​តែ​បាត់​ទៅ​។ អោ​! លោក​អ្នក​អើយ​ជួយ​កូន​ខ្ញុំ​ផង ខ្ញុំ​ស្លាប់​ក្នុង​ពេល​នេះ​ជា​ប្រាកដ​ហើយ​។ ពូ​មីង​អើយ​! ជួយ​យោង​ជីវិត​ខ្ញុំ​ផង​។ ខ្ញុំ​គ្មាន​ទ្រព្យ​ធន​អ្វី​ទេ​។ ខ្ញុំ​មាន​តែ​កូន​មួយ​នេះ​»​។

ថ្ងៃ​មួយ​មក​ជំនួស​រាត្រី​សង្វេគ​នេះ​ទៀត ស្រី​នៅ​តែ​ដើរ​រក​កូន​នាង​ទឹក​ភ្នែក​ដែល​ហូរ​ ឈប់​ហូរ​អស់​រលីង​ នៅ​តែ​ទឹក​ចិត្ដ​ទេ​ដែល​ហូរ​ត​ទៅ​ទៀត​។ ថ្ងៃ​មួយ​ទៀត​កន្លង​មក ពីរ​ថ្ងៃ​ទៀត​កន្លង​មក​ គ្មាន​លេច​លឺ​ដំណឹង​អ្វី​មួយ​ពីបុត្រ​សង្សារ​នាង​សោះ​អោ​! ស្ងាត់​អ្វី​ក៏ស្ងាត់​ម៉្លេះ​។ នាង​ទេវី​អស់​សង្ឃឹម​។ នាង​ពុំ​ដេក​ពួន​សោះ​។ ដោយ​អស់​កំលាំង​ខ្លាំង​ពេក មាតា​ទុគ៌ត​ចូល​ទំរេក​ខ្លួន​លើ​គ្រែ​ប្រប​នាង​ភួង​ដែល​អស់​កំលាំង​ដូច​គ្នា​។ កាល​នាង​នឹក​ដល់​បុត្រី នាង​ឃើញ​មុខ​ស្រី​កល្យាណ​នៅ​តែ​នឹង​ភ្នែក មុខ​មូល​ក្រលង់​ញញឹម​ស្រល់​។ ស្រី​មើល​ទៅ​ឆ្វេង ស្រ​មៃ​ឃើញ​កូន​កំសត់​ មើល​ទៅ​ខាង​ស្ដាំឃើញ​រូប​កូន មើល​លើ​តុក​ហាក់​ឃើញ​កូន មើល​គ្រប់​ទិស​ឃើញ​កូន​ដ៏រាប​។ រូបកូនបែងចែកគ្រប់ទិសានុទិស។

ធីតា​ឈោង​ដៃ​ចាប់ កូន​ថយ​ទៅ​។ នាង​ដើរ​តាម​ កូន​​ថយ​ទៅ​ទៀត​។ នាង​ថយ​មក​វិញ កូន​ដើរ​តាម​មក​។ ស្រី​អង្គុយ​សំពះ​អោយ​កូន​នៅ​ស្ងៀម​មួយ​កន្លែង​ កូច​សើច​គ្រហាញ​មក​រក​នាង​វិញ​។ អោ​! រកាំ​ក្នុង​ចិត្ដ​អ្វី​ម៉្លេះ​ទេ ធីតា​រមួល​អស់​ទាំង​ខ្លួន​។ ទេវី​ជិត​តែ​នឹង​ទៅ​ជា​ឆ្កួត​ទៅ​ហើយ​។ កែវ​វ​រ​លក្ខណ៍​ដើរ​មួយ​ៗ​ ទៅ​យក​កាំបិត​ស្នៀត​មក​កាន់​ថើប​អាវុធ​ពី​ក្រៅ​ស្រោម​ អោប​អាវុធ​ជាប់​នឹង​ទ្រូង​ សើច​ដាក់​អាវុធ​ រួច​នាង​យំ​ដាក់​អាវុធ​ រួច​ទឹក​ភ្នែក​ស្រក់​តក់​ៗ​។

មួយ​ៗ​ នាង​ហូត​កាំ​បិត​ចេញ​ពី​ស្រោម​។ នាង​យក​មេ​ដៃ​ស្ទាប​មុខ​កាំបិត​។ នាង​មើល​ចុង​កាំបិត​។ អោ​! កាំ​បិទ​មុត​ៗ មែន​ចុង​ស្រួច​។ ស្រី​កំសត់​និយាយ​តិច​ៗ​ថា «ថ្ងៃ​នេះ» ខ្ញុំ​ផុត​អស់​ទុក្ខ​ហើយ​។ កាំបិត​នេះ​ហើយ​ជា​មិត្ដ​ ជា​ទី​អវ​សាន​របស់​ខ្ញុំ​។ កាំ​បិត​នេះ​ជា​ថ្នាំ​ដែល​ស្រាយ​ចំណង​ខ្ញុំ​អោយ​មាន​សេរី​ភាព​ពិត​ៗ​ ក្នុង​វដ្ដ​សង្សារ​។ ជីវិត​មនុស្ស​ហាក់​វេ​ទនា​ណាស់ មាន​តែ​ទុក្ខ​គ្មាន​សុខ​មែន​! ! ​»​។ ធីតា​នឹក​ទៀត​ថា តើ​រស់​នៅ​ធ្វើ​អ្វី បើ​ចិត្ដ បើ​ថ្លើម​ស្លាប់​អស់​ទៅ​ហើយ​។ ទេវី​ថើប​ចុង​កាំបិត​ហាក់​ដូច​ស្រលាញ់​ណាស់​។ នាង​យក​ដៃ​បេះ​ឡេវ​អាវ​ រួច​មើល​ទៅ​ចុង​ដង្ហើម​ខ្លួន​។ នាង​យក​ចង្អុល​ដៃ​ចុច ៗ​ចុង​ដង្ហើម​នាង​នេះ​ ដើម្បី​រក​មើល​កន្លែង​ដែល​ចុង​កាំបិត​ ត្រូវ​លូក​ចូល​ទៅ​។ កញ្ញា​លុត​ជង្គង់​សំពះ​ដល់​ទេវ​តា សុំ​កុំ​អោយ​យក​ទោស​នាង​ នាង​នឹង​សំលាប់​ខ្លួន​ក្នុង​ពេល​នេះ​ហើយ​។ ចុង​កាំបិត​ក៏​ចុច​លើ​ចុង​ដង្ហើម​គ្មាន​បង្អង់​។

ស្រី​ប្រាថ្នា​ថា កើត​ជាតិ​ណាណា កុំ​អោយ​មាន​ទុក្ខ​ដូច​ជាតិ​នេះ​ទៀត​។ កាំ​បិត​ស្នៀត​រុញ​ទៅ​មុខ ស្រាប់​តែ​អ្នក​ស្រុក​​ម្នាក់​ស្ទុះ​ចូល​មក​ពី​ក្រោយ​នាង ស្រែក​យ៉ាង​រីក​រាយ​ថា:
ខ្ញុំ​ទើប​បាន​ដំណឹង​មួយ​ថា លោក​មេ​ទ័ព​មានន្ទ​ពុំ​ទាន់​ស្លាប់​ទេ នាង​ទេវី​លួច​លាក់​កាំ​បិត​ដ៏​មុត​ថ្លា​នោះ​ សៀត​នៅ​ចង្កេះ​បង្កាប់​ក្នុង​អាវ​ដែល​នាង​បិទ​ឡេវ​វិញ​យ៉ាង​ស្រួល​បួល​។ កែវ​បែរ​យ៉ាង​ស្ងួត​មក​រក​ពូ​នោះ​
- ពូដឹងពីណាមក ?
- យី ! អាសូរវាមកដល់ហើយ
នាងហាក់បានកើតម្ដងទៀត ។ នាងសើចទាំងទឹកភ្នែក
- កាលណាបានបងមកដល់ ?
- អាសូរវាថា បីថ្ងៃទៀត
- ម្ដេចបងមិនមកថ្ងៃនេះ ?
- ថាចាំរៀបទ័ពហែក្បួនអោយបានសង្ហាបន្ដិច
- ខ្ញុំត្រេកអរណាស់ពូ ! អោ ! ពូអើយខ្ញុំផុតអស់ទុក្ខហើយ ប្អូនសូម . . . អោ ! ពូអញ្ជើញទៅវិញហើយ ?
-បាទ ! ហេតុតែសំនាងនាង
- ច៎ាះ ! អរគុណពូណាស់ អញ្ជើញចុះ

នាង​ទេវី​ រីក​រាយ​យ៉ាង​ក្រៃ​លែង​នឹង​ដំណឹង​នេះ​។ នាង​រត់​ទៅ​ប្រាប់​នាង​ភួង​ ដែល​អរ​កខិប​កខុប​។ នាង​ទៅ​មុជ​ទឹក​លុប​លាង​កាយ ដុស​សាប៊ូ លាប​ល្មៀត​យ៉ាង​ស្អាត​។ បើ​ជន​ណា​ដែល​ពុំ​ស្គាល់​នាង មុខ​ជា​ចាត់​ថា​នាង​នៅ​ក្រមុំ​មិន​ខាន​។ ចំនួន​យូរ​ខែ​មក​ហើយ​ នាង​ពុំ​ដែល​តុប​តែង​ខ្លួន​សោះ​។ ទើប​តែ​ថ្ងៃ​នេះ​នាង​ហៅ​យាយ​ភួង​សិត​សក់​នាង​ អោយ​ជួយ​លាប​ម្សៅ​នាង​។ ឆវី​ញញឹម​ដោយ​ឃើញ​ថា​ នាង​នៅ​តែ​ល្អ​ស្រស់​ដដែល​។ សំណើច​នាង​ធ្វើ​អោយ​ឃើញ​ធ្មេញ​សស្គុស​។ ធីតា​ពាក់​អាវ​ល្អ​ សំពត់​ល្អ​។ នាង​បេះ​ផ្កា​មក​ចង​ជា​បូដាក់​លើ​សក់ នាង​ប្រុង​ខ្លួន​ចាំ​ទទួល​ប្ដី​ ប្ដី​ដែល​នាង​នឹក​ជា​យូរ​មក​ហើយ​ ប្ដី​ដែល​ជា​គូ​កំសត់​ព្រាត់​យូរ​ថ្ងៃ​ខែ​មក​ហើយ​ ប្ដី​ដែល​ស្រលាញ់​នា​ង​វិញ​យ៉ាង​ពេញ​ចិត្ដ​។

មាណវី​នឹក​ថា ត្រូវ​នាង​តុប​តែង​ខ្លួន​ កុំ​អោយ​ធំ​ឆ្អេះ​ឆ្អាប​ទៅ​លើ​ប្ដី​ដែល​រលឹក​នាង​ដែរ​។ អោ​! បី​ថ្ងៃ​ទៀត មុខ​ជា​នាង​បាន​និត្យ​នៅ​ជាប់​នឹង​ដើម​ទ្រូង​ប្រុស​សំលាញ់​នេះ​ហើយ​ គឺ​នឹង​បាន​និយាយ​រៀប​រាប់​ប្រាប់​ទុក្ខ​នាង​ ប្រាប់​ការ​កំព្រា​ដែល​នាង​បាន​ឆ្លង​រួច​មក​ ប្រាប់​អំពី​កំណើត​បុត្រី​​។ មក​ដល់​ត្រង់​នេះ​ នាង​ទេវី​ហូរ​ទឹក​ភ្នែក​រហាម​វិញ​។ សេច​ក្ដី​សប្បាយ​ទាំង​ប៉ុន្មាន​រត់​ចេញ​អស់​ពី​ចិត្ដ​នាង​។ សេច​ក្ដី​រីក​រាយ​របស់​នាង​ ហាក់​របេះ​មួយ​ម្ដង​ៗ ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​ជ្រៅ​មួយ​។ ស្រី​នឹក​ថា បើ​បុត្រី​ជា​ទី​ស្នេហា​នៅ​ម៉្លេះ​សម​ នឹង បាន​ពបុត្រី​នេះ​ទៅ​បង្ហាញ​ប្ដី​ អោយ​ប្ដី​ថើប​បុត្រ​នេះ​ផង​។ តែ​អីលូវ​ ដៃ​នាង​ទទេ​។ នាង​ហាក់​ស្រាល​ខ្លួន​ស្ងើក​។ ក្នុង​ពេញ​មួយ​ថ្ងៃ​នេះ ធីតា​ប្រឹង​រៀប​ចំ​ផ្ទះ​សំបែង​ បោស​សំអាត​ ដុស​លាង​វត្ថុ​នានា​ ខាត់​តុប​តែង​យ៉ាង​ឧលារិក​ រួច​ចាត់​ការ​ទិញ​ម្ហូប​អាហារ​ធ្វើ​នំ​ទុក​ចាំ​ប្ដី​ មាន​ទិញ​ចាន​ល្អ​ៗ​ ទុក​សំរាប់​ដាក់​អោយ​ស្វាមី​បរិ​ភោគ​​អាហារ​ និង ទិញ​កន្ទេល​ថ្មី​ៗ អោយ​អ្នក​ប្រុស​សំរាន្ដ​។ អោ​! នាង​ចេះ​តែ​នឹក​ឃើញ​ចំនុច​អែ​ទៀត​ៗ​ ជា​ច្រើន​ណាស់​ តែ​នាង​ពុំ​អាច​ធ្វើ​តាម​ចិត្ដ​​ ដែល​នាង​នឹក​ឃើញ​ទាំង​អស់​នោះ​ឡើយ ពី​ព្រោះ​ស្រី​ក្រ​ណាស់​។ គំនិត​នីមួយ​ៗ​ ដែល​ដុះ​លេច​ឡើង​ក្នុង​វិញ្ញាណ​របស់​នាង​ ក្នុង​មួយ​ពេល​នេះ​ ​គឺ​ដុះ​លេច​មក​អែង​ៗ​ រួច​គំនិត​នីមួយ​ៗ​ ជា​សន្ដាន​ចិត្ដ​នាង​ដែល​ស្មោះ​ចំពោះ​លើ​ស្វាមី​។