៦ -ភ្លើងរាគ
ថ្ងៃសៅរ៍ ទី18.មិថុនា 2016.ម៉ោង 8:35

ក្រោយ​ពី​រាត្រី​កំសត់​ដែល​សំបូរ​ទៅ​ដោយព្រឹត្ដិ​ការណ៍​ចំលែក​ៗ ដែល​បោះ​ចំនុច​ធំ​ៗ លើ​ជីវិត​នាង​ ​នាង​ទេវី​វិយោគ​សោក​កា​យ៉ាង​ខ្លាំង​ក្រៃ​អនេក​។ ស្រ្ដី​អស់​កំលាំង​ពន់​ប្រមាណ​ ដោយ​ពុំ​បាន​ចូល​និន្រ្ទា​ក៏​តិច​តួច​សោះ​។ អូវ​ពុក​នាង​ស្លាប់ នាង​បាន​ប្រឹង​ប្រែង​ទុក​ដាក់​ជា​ស្រេច​បាច់​អស់​ហើយ​។ តែ​ទុក្ខ​មួយ​ថ្មី​ទៀត ដែល​មាន​ទំងន់​ធ្ងន់​ក្រៃណា​មក​គ្រប​ដន្ដប់​នាង​ថែម​ គឺ​ទុក្ខ​ព្រាត់​ស្វាមី​ជា​ទី​ស្នេហា​។ មាណវី​រង់​ចាំ​ស្ងួន​ភ្ងា​តាំង​ពី​យប់​អស្ចារ្យ​នោះ​មក រួច​នាង​ត្រូវ​រង់​ចាំ​ទៅ​មុខ​ទៀត​។ ចាំ​ៗ ...​ អោ​! ចាំ​ដោយ​ពុំ​ដឹង​មាន​រឿង​អ្វី ចាំ​ដោយ​ពុំ​ដឹង​អ្នក​ទៅ​ណា ចាំ​ដោយ​ពុំ​ដឹង​ហេតុ​អ្វី បាន​ជា​បាត់​ម៉្លេះ ចាំ​មួយ​ថ្ងៃ​ជា​ពីរ​ថ្ងៃ ចាំ​មួយ​ខែ​ជា​ពីរ​ខែ... ចាំ​ៗ ចាំ​រង​កម្ម​រហូត​។

ក្រោយ​មក​ ដោយ​ពុំ​ឈ្នះ​នឹង​ចាំ នាង​បាន​អោយ​នាង​ភួង​ជា​មាតា​ទៅ​ស៊ើប​សួរ​គេ ទើប​នាង​ដឹង​ថា ប្ដី​កល្យាណ​អ្នក​មាន​ដំណើរ​ទៅ​ឆ្ងាយ​ណាស់​ទៅ​ហើយ​។ នាង​យំ យំ​ជា​និច្ច​ ត្បិត​ជីវិត​នាង​ជា​ជីវិត​សំរាប់​តែ​យំ​ទៅ​ហើយ​។ អោ​! ប្រុស​ប្រសើរ​!​ អ្នក​ទៅ ទៅ​ក៏​ទៅ​ចុះ​តែ​ទៅ​ដោយ​គ្មាន​​ដំណឹង​ ទៅ​ដោយ​ធ្វើ​កន្ដើយ​ ហាក់​ដូច​គ្មាន​នាង​សោះ​ក្នុង​ជីវិត​របស់​ប្រុស​តែ​មួយ​នេះ​។

   គេទៅ .. អោ ! គេទៅ ពាក្យ​នេះ​អី​ក៏​មាន​ជំរៅ​ក្រៃ​ម្លេះ​? គេ​ទៅ​បាត់​ ... អោ​! ពាក្យ​នេះ​ធ្វើ​អោយ​ព្រឺ​សព្វ​សាច់​អី​ម៉្លេះ​ទេ បាត់​ស្ងាត់​សូន្យ​ៗ លើ​ភព​ផែន​ដី សូន្យ​ក្នុង​ភូមិ សូន្យ​ពី​ចក្ខុ​នាង​។ ពុំងា​នឹ​ក​ស្ដាយ ស្ដាយ​ត្រង់​មុន​ទៅ​ស្រី​ពុំ​ដឹង ខាន​មិន​បាន​មើល​មុខ​ប្រុស​អោយ​ជាក់​ច្បាស់ ដើម្បី​ ចាំ​ទុក​អោយ​ច្បាស់​ក្នុង​ចិត្ដ​ ... ស្ដាយ​ត្រង់​ពុំ​បាន​និយាយ​គ្នា លា​គ្នា ចាប់​ដៃ​គ្នា​ជា​ចុង​បង្ហើយ​។

ជីវិត​អិត​គូ ជា​ជីវិត​សាប​សូន ជីវិត​ធេង​ធោង​ គ្មាន​គោល​ គ្មាន​ប៉ោល​ទេ គ្មាន​ត្រើយ គ្មាន​ទី​ដៅ គ្មាន​អុត្ដម​គតិ ជា​ជីវិត​កំព្រា រងា​សង្វេគ​។
គឺ​ក្នុង​គ្រា​ព្រាត់​នេះ​ហើយ ដែល​មនុស្ស​មាន​មនោគ​តិ​ច្រើន​ៗ រហូត​ដល់​ទៅ​គ្មាន​វង្វាស់​រង្វល់​។ គឺ​ក្នុង​គ្រា​ព្រាត់​គ្នា​នេះ​ហើយ​ដែល​មនុស្ស​ មាន​មនោ​សញ្ចេត​នា​គ្រប់​បែប​ គ្រប់​យ៉ាង​អិត​គណនា​បាន​ឡើយ​។ ខ្យល់​ដែល​បក់​ បក់​មក​ប៉ះ​សាច់ គឺ​រលក​នៃ​ចិត្ដ​ស្នេហា​ដែល​មក​ដាស់​អា រម្មណ៍​អោយ​នឹក​ឃើញ​អនុស្សាវ​រីយ៍​ចាស់ ដែល​ធ្លាប់​នៅ​ជា​មួយគ្នា​។ ស្លឹក​ឈើ​ដែល​ជ្រុះ​ ជ្រុះ​លើ​សន្ដាន​ចិត្ដ​គូ​កំសត់​ ធ្វើ​អោយ​នាង​នឹក ស្ទើរ​រលេះ​រលួយ​អស់​ប្រមាត់​បេះ​ដូង​។

  ភ្លៀង​ ផ្គរ រន្ទះ ធាតុ​ទាំង​នេះ​ញាំ​ញី​ទឹក​ចិត្ដ​អោយ​ខ្មួល​ខ្មាញ់​ដែល​ទាញ​ទឹក​ភ្នែក​អោយ​ហូរ​រហាម​ជា​និច្ច​។ សត្វ​ដែល​យំ យំ​ក្នុង​ទ្រូង​រៀប​រាប់​ ទុក្ខ​សុខ​របស់​គូ​សង្សារ​ដែល​ព្រាត់​ទៅ​ម្នាក់​អែង​។ អំពិល​ពំពែក​ដែល​ហើរ​ ៗ​រាយ​មាយ​​ ហើរ​ពេញ​ភ្នែក​ជន​ដែល​ស្រលាញ់​ដែល​នឹក​។ ​នាង​ទេវី​នឹក​ដល់​ប្រុស​ខ្លាំង​ពេក ទៅ​ជា​ស្រ​មៃ​ឃើញ​អ្នក​កាន់​ទ័ព​ដើរ​កាត់​ព្រៃ​លំបាក​វេ​ទនា​ អិត​ដេក​ពួន​ អិត​បាយ​ទឹក​។ ស្រី​ស្រ​ងេះ​ស្រ​ងោច គ្រវី​ក្បាល​ថា អោ​! គេ​មាន​ការ​ធ្វើ​ច្រើន​ណាស់​ គេ​ពុំ​មាន​ពេល​នឹក​នាង​ដូច​នាង​នឹក​គេ​ទេ​។ ការ​គេ​បំភ្លេច​គេ​។ ចំណែក​នាង​វិញ​ នាង​មាន​ការ​​ដែរ​​ គឺ​លក់​ដូរ​អីវ៉ាន់​ មាន​ដូង ស្លា ម្លូ សាច់​ត្រី ស្រូវ អង្ករ​ជា​ដើម ដើម្បី​ចិញ្ចឹម​ជីវិត​ជា​មួយ​នាង​ភួង​ តែ​ក្នុង​ការ​នីមួយ​ៗ​ ក្នុង​វត្ថុ​នីមួយ​ៗ មាន​ទឹក​ចិត្ដ​ស្នេហា​ប្ដី​លាយ​ទៅ​ជា​មួយ​ផង​ ដែល​បណ្ដាល​អោយ​នាង​នឹក​គេ​ជា​និច្ច​។ គិត​ទៅ​ចិត្ដ​ប្រុស​ឆាប់​ដាច់​ពី​ស្រី​ណាស់​។

នឹក​ឃើញ​ដូច្នោះ​ នាង​យំ​ម្នាក់​អែង។ ថ្ងៃ​មួយ​ព្រះ​អាទិត្យ​រះ​ជ្រះ​ស្រលះ​មេឃ នាង​ទេវី​កំពុង​រៀប​ចំ​ផ្ទះ ស្រាប់​តែ​នៅ​មាត់​ទ្វារ​នាង​ភ្ញាក់​ខ្លួន​ព្រើត​មុខ​ឡើង​ស្លាំង​ដោយ​ឃើញ​កាមា​ជា​ប្អូន ដែល​សើច​រក​នាង​យ៉ាង​ក្អាក​ក្អាយ​ដូច​មុន​។ ទេវី​ភ័យ​ញ័រ​អស់​សព្វ​សព៌ាង្គ​។
- ម៉េចសុខសប្បាយជាទេ ?
ថាហើយ កាមាចូលជិតស្រីដែលថយក្រោយក្រាក
- សុខនិងទុក្ខមានជាធម្មតា
បុរសអង្គុយលើកៅអីយ៉ាងខែងញញឹមស្រស់
- ខ្ញុំមកនេះមានការបន្ដិច
- ការអី ?
- ខ្ញុំសូមជំរាបថា បងមានន្ទស្លាប់ហើយ !
- យី ! អីបងមានន្ទស្លាប់ ?
នារីយំខ្សឹកខ្សួល បន្ដពាក្យទៅទៀតថា
- អីបងមានន្ទស្លាប់ ! អោបង ! ប្អូនមុខជាស្លាប់ផងហើយ
កាមាសើច នារីស្ទើរទន់ជង្គង់ អង្គុយចុះលើក្ដារ
- ទេ! អ្នក​មិន​ត្រូវ​ស្លាប់​ទេ​។ ដូច​អ្នក​ជ្រាប​ស្រាប់​ហើយ​។ បង​មានន្ទ​បាន​ផ្ដាំ​ថា អោយ​ខ្ញុំ​ជួយ​បី​បាច់​រក្សា​អ្នក​។ ក្នុង​ពេល​នេះ​ដំណឹង​ ប្រាកដ​គឺ​មានន្ទ​ស្លាប់​បាត់​ទៅ​ហើយ​។ គាត់​ស្លាប់​ព្រោះ​គាត់​ជា​មនុស្ស​អាក្រក់​ឃោរ​ឃៅ ចិត្ដ​រិស្សា​ណាស់ កាប់​សំលាប់​មនុស្ស​រាប់​រយ​ពាន់​នាក់​ដុត​ផ្ទះ​សំបែង​គេ ដែល​ជា​មនុស្ស​ស្លូត​ត្រង់ បង្រាស​ពង្រាត់​ប្រពន្ធ​កូន​គេ លួច​ប្លន់​គេ​អែង​ក្នុង​ព្រៃ​។ ថ្ងៃ​នេះ​ខ្ញុំ​សូម​ចិត្ដ​អ្នក សូម​និយាយ​នឹង​ អ្នក​អោយ​អស់​ទៅ​ចុះ គឺ​ខ្ញុំ​សូម​ដណ្ដឹង​អ្នក​ជា​ភរិយា​ស្មោះ​ស្ម័គ្រ​ ដើម្បី​រក្សា​អ្នក​ត​រៀង​ទៅ​។ តើ​អ្នក​មាន​យោបល់​យ៉ាង​ណា​?
- ទេៗ សូមទោសលោកចុះ ខ្ញុំជាស្រីមេម៉ាយហើយ
- អ្នក​ៗ ស្ដាប់​អោយ​បាន​! ខ្ញុំ​ពុំ​បាន​ធ្វើ​បាប​អ្នក​ទេ គឺ​ខ្ញុំ​បំរុង​យក​អ្នក​ធ្វើ​ជា​ប្រពន្ធ​ពិត​ៗ ​របស់​ខ្ញុំ ព្រោះ​ថា កាល​ពី​បង​មានន្ទ​នៅ​រស់ ខ្ញុំ​ក៏​ពុំ​ដែល​មាន​ពាក្យ​អ្វី​ដូច្នេះ​ដែរ តែ​បើ​អីលូវ​បង​មានន្ទ​ស្លាប់​បាត់​បង់​ជីវិត​ទៅ​ហើយ​ គប្បី​ពាក្យ​ស្នើ​របស់​​ខ្ញុំ​បាន​សំរេច​ផង​ដែរ​។ អ្នក​នៅ​ទំនេរ​ធ្វើ​អ្វី​ នាំ​អោយ​សត្រូវ​មើល​ងាយ​ទេ​។
- ខ្ញុំទំងន់ជិតគ្រប់ខែទៅហើយ
- មិនអីទេ កូនបងមានន្ទក៏ដូចកូនខ្ញុំដែរ។ ខ្ញុំធានាបីបាច់រក្សាកូននេះអោយដូចកូនខ្ញុំបង្កើត
- ខ្ញុំកំពុងមានទុក្ខព្រួយនឹងប្ដីខ្ញុំខ្លាំងណាស់
- កាលណាអ្នករៀបការនឹងខ្ញុំទៅ ទុក្ខនេះនឹងវិនាសទៅអែងហើយ
- ខ្ញុំជាស្រីមេម៉ាយទៅហើយ
- រឿងនេះខ្ញុំគ្មានប្រកាន់អ្វីទេ។ ខ្ញុំដឹងថាអ្នកមេម៉ាយហើយ
- ម្ដេចលោកមិនគិតទៅរករៀបការនឹងគេអែទៀតទៅ ?
- ក្នុងជាតិនេះខ្ញូំបានសន្មតយ៉ាងដាច់ខាតក្នុងចិត្ដថា ខ្ញុំស្រលាញ់តែអ្នកមួយទេ។ ហេតុនេះ ខ្ញុំសូមប្ដូរជីវិតនឹងអ្នកតែមួយ
- សូមលោកកុំស្រលាញ់ខ្ញុំ ខ្ញុំជាមនុស្សអភ័ព្វណាស់ . . .
- វាសនាមនុស្សមើលមិនឃើញទេ។ តែទោះអភ័ព្វយ៉ាងណាក៏ខ្ញុំសុខចិត្ដលំបាកវេទនារងគ្រោះជាមួយដែរ
ខ្ញុំមិនចង់បានប្ដីទៀតទេ។ អាណិតខ្ញុំទៅ
នារីសំពះកាមា ដូចគេសំពះព្រះពុទ្ធមួយអង្គ។ បុរសខ្លោចចិត្ដអាណិតនាង តែភ្លើងរាគរឹតតែឆួលពេញដើមទ្រូងអ្នក។ អ្នកស្ទុះទៅចាប់ចុងដៃនាង។ ស្រីគ្រលៀសចេញយ៉ាងប្រញាប់។
- សូមលោកកុំពាល់ខ្ញុំ
- អ្នកៗ អ្នកមិនអោយខ្ញុំពាល់អែណាបាន បើខ្ញុំស្រលាញ់អ្នកដល់ម៉្លេះ
នារីក្រោកឡើងគេចទៅម្ខាងតុ។ កាមាដេញតាម។ នាងយំស្រែអង្វរថា
- លោកៗ អាណិត អាណិតខ្ញុំទៅ

កាមា​ទាត់​យាយ​ភួង​មួយ​ជើង​ពឹប​។ នាង​ភួង​ផ្កាប់​មុខ​។ ស្រី​ចាស់​ប្រឹង​ស្ទុះ​មក​វិញ​ចាប់​នាង​ទេវី​អោប​ជាប់​នឹង​ដើម​ទ្រូង​។ កាមា​ដើរ​ទន្ទ្រំ​ជើង ទូង​ៗ​ទៅ​បាត់​ទៅ​។ នាង​ភួង​អោប​នាង​ទេវី​យំ​ស្រែក​ហៅ​

- កូន​ៗ ​កូន​មាស​ម្ដាយ!
    យូរ​បន្ដិច​ក្រោយ​មក​ នាង​ទេវី​បើក​ភ្នែក​បន្ដិច​ម្ដង​ៗ​។ ស្រី​ទាំង​ពីរ​យំ​ទៅ​យំ​មក​ដាក់​គ្នា។ ជីវិត​នារី​ទាំង​ពីរ​ស្ថិត​នៅ​លើ​គំនរ​ទុក្ខ​ជា​ដរាប​។
    យូរ​ៗ កាមា​មក​ម្ដង និយាយ​ពាក្យ​ដដែល​ៗ ចែ​ចង់​ដែល​ៗ ធ្វើ​បាប​ដដែល​ៗ គ្មាន​ឈប់​ឈរ​។ វេលា​ក្រោយ​មក កាមា​បន្ដេញ​ទេវី​អោយ​ទៅ​ទីណា​ឆ្ងាយ​ផុត​ពី​ភូមិ​ខ្លួន​។ នាង​ទេវី​ក៏​នាំ​នាង​ភួង​ទៅ​នៅ​ទី​ភូមិ​ក្រោម​​ចំងាយ​ប្រមាណ​ប្រាំ​គីឡូ​ម៉ែត្រ​ពី​ទីក​ន្លែង​ធ្លាប់​នៅ​។ កល្យាណ​រង​ទុក្ខ​វេទនា​អនេក​ទាំង​ពីរ​ប្រាណ​។

រាត្រី​មួយ​នាង​ទេវី​ឈឺ​ពោះ​។ នាង​ភួង​ក៏​ភ័យ​រត់​ដាស់​គេ​អែង​មក​ជួយ​ទាំង​យប់​។ យាយ​ម៉ប​នៅ​ក្នុង​ភូមិ​ មេត្ដា​ករុណា​មក​ជួយ​ផង​ដែរ​។ បុត្រី​មួយ​ក៏​ប្រសូត​ឡើង​ក្នុង​ពេល​នោះ​។ កូន​នោះ​មាន​រូប​ឆោម​លោម​ពណ៌​ល្អ​អែក ថ្លុស​ទ្រលុច​ៗ គួរ​ជា​ទី​ស្នេហា​ក្រៃ​ពេក​។ នាង​ទេវី​មើល​មុខ​បុត្រី​នាង​ញញឹម​ដោយ​រីក​រាយ​។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក នាង​ទេវី​បាន​ចេញ​ពី​ភ្លើង​។ មាន​បង​ប្អូន​ជិត​ខាង​ជា​ច្រើន ខ្លះ​យក​អង្ករ​មួយ​កញ្ជើ​ម្នាក់​មក​ចង​ដៃ​កូន​ថ្មី ខ្លះ​យក​សំពត់​ថ្មី​ៗ មក​ជូន ខ្លះ​បាន​ត្រីសាច់​មក​ជូន​ រួច​នាង​ទេវី​ក៏​បាន​ជូន​អំណរ​អរ​គុណ​ទៅ​គេ​វិញ​យ៉ាង​អស់​ពី​ដួង​ចិត្ដ​។