ចំពូកទីប្រាំបួន
អក្សរសាស្ដ្រ​សម័យអាណាព្យាបាល(ត)
ថ្ងៃសៅរ៍ ទី 23.ឧសភា 2020.ម៉ោង 10:19

លោក បាន - តេង
   

ខ្ញុំ​នឹង​ចាត់​ចែង​តែង​សេចក្ដី ពីភព​ផែនដី​កម្ពុជា
ប្រែ​ប្រួល​រំជួល​ក្នុងសាសនា អស្ចារ្យ​កោលាហ៍កើត​វឹក​វរ។
សព្វ​ថ្ងៃ​មេទ័ព​គេជាធំ គេ​មក​រៀប​ចំក្នុង​នគរ
មាន​ប៉ុស្ដិ៍គ្រប់ខេត្ដ​គេ​ត្រួត​ឈរ គេ​រៀប​នគរ​បំរុង​ចាំ​។
តម្រូវ​ត្រូវ​គេ​មានរិទ្ធក្លា ត្រួត​ត្រា​រាជការ​ចិត្ដមួន​មាំ​
លើលថ្នាល់​ខ្វាត់​ខ្វែង​វែង​វង់​ជុំ បុណ្យ​គេ​ជាធំក្នុងរដ្ឋា
ទាំង​មន្ត្រី​រាស្ដ្រ​ពេញ​នគរ​ សព្វ​ថ្ងៃ​ខ្លាច​គេ​ដូច​ជា​ខ្លា
តែគេចង់ឲ្យ​ទៅត្រង់​ណា មុខ​ជា​រលាយ​ត្រង់​នោះ​អែង​។
ហៃ​អ្នក​ទាំង​ឡាយ​ចូល​អ្នក​គិត ស្មារតី​គំនិត​ក្រែង​វង្វេង
កុំ​ធ្វើ​ផ្ដេសផ្ដាស​ទាំង​ចាស់​ក្មេង ប្រុង​ប្រែង​គំនិត​គិតរាល់គ្នា​។

    កំណាព្យ​នេះ​យើង​ស្រង់​ចេញ​ពីសាស្ត្រា​ស្លឹក​រឹត​មួយ​មាន​ចំណង​ជើង​ថា «ល្បើក​កម្ពុជា»។ នៅ​ក្នុងសាស្ត្រា​នេះ​អ្នក​និពន្ធ​បាន​លាត​ត្រដាង​ហេតុការណ៍​ផ្សេងៗ​ ដែល​កើត​មាន​ក្នុង​គ្រា​នោះ​ ព្រម​ទាំង​ពោល​នូវ​ពាក្យ​ដាស់​តឿន​ដល់​ជន​រួម​ជាតិ​គ្រប់​គ្នា​ ឲ្យ​ចេះ​ថែរក្សា​ចិត្ដ​គំនិត​ស្រលាញ់​ជាតិ​ និង ថែរក្សា​នូវ​ប្រពៃ​ណី​ជា​កេរ្ដិ៍​ដំណែល​របស់​ជាតិ​ពី​បូរម​បូរាណ​។ តែ​អ្នក​និពន្ធ​នេះ​ឥត​បញ្ចេញ​ឈ្មោះ​ឲ្យ​យើង​ស្គាល់​ទេ​ ប្រហែល​លោក​ខ្លាច​មានឧបសគ្គ​អ្វី​មក​ដល់​រូប​លោក​ទេ​ដឹង​? ទោះ​បី​ជា​លាក់​លៀម​យ៉ាង​ណា​ក៏​ដោយ​ សាស្ត្រា​នេះ​បានត្រូ​បណ្ដា​ជន​និយម​ណាស់​ដែរ​ គេ​ចំលង​ចែក​គ្នា​មើល​នៅ​តាម​វត្ដ​អារាម​ជា​ច្រើន​ សព្វ​ថ្ងៃ​នេះ​មាន​គង់​នូវ​ច្បាប់​ដើម​យ៉ាង​ល្អ​ស្អាត​តម្កល់​នៅ​ក្នុង​បណ្ណា​ល័យ​ពុទ្ធ​​​សាសនបណ្ឌិត្យ​។

    ក្រៅ​ពី​សាស្ត្រា​ ដែល​ដូច​ប្រភេទ​រាប់​មក​ខាង​លើ​នេះ​ យើង​បាន​ប្រទះ​ឃើញ​នូវ​កំណាព្យ​ដាស់​តឿន​ជាតិ​ឲ្យ​ខំ​ប្រព្រឹត្ដ​ខ្លួន​ក្នុង​អាជីវ​កម្ម​ថែម​ទៀត​។ ជា​ពិសេស​បំផុត​គឺ​ស្នា​ដៃ​របស់​ អ្នកព្រះភិរម្យ​ភាសា អ៊ូ​ ឬ ក្រមង៉ុយ​ ដែល​កវី​សាមញ្ញ​មួយ​មាន​គំនិត​វែង​​ឆ្ងាយ​គួរ​យើង​លើក​យក​មក​ធ្វើ​ការ​សិក្សាបាន​។

ព្រះភិរម្យភាសា - អ៊ូ ឬ ក្រមង៉ុយ

    មុន​នឹង​ពិនិត្យ​ នូវ ស្នា​ដៃ​សំខាន់​ៗ យើង​សូម​ណែ​នាំ​អស់​លោក​អ្នក​ជ្រាប​បន្ដិច​ពីជីវប្រវត្ដិ​របស់​លោក​។ លោក​តា​ង៉ុយ​មាន​ទី​លំនៅ​ នៅ​ឃុំ​កំ​បូល​ (ខេត្ដ​កណ្ដាល) លោក​ជា​កវី​សាមញ្ញ​មួយ​រូប​ក្នុង​សម័យ​អាណា​ព្យាបាល​។ កំណាព្យ​កាព្យឃ្លោង​ ដែល​លោក​បាន​រៀន​សូត្រ​ ហ្មឺង​ហ្មត់នេះ​​ហើយ​បាន​ធ្វើ​​ឲ្យ​លោក​ទៅ​ជា​អ្នក​ចំរៀង​មួយ​យ៉ាង​ឯក​ ដែល​ជន​ទូទៅ​ក្នុង​ព្រះរាជា​ណា​ចក្រ​ និយម​គោរព​រាប់​អាន់គ្រប់ៗ​គ្នា​។ រូបរាង​របស់​លោក​ បង្ហាញ​ថា​ ជា​អ្នក​មាន​សុខ​ភាព​បរិបូណ៌​ ដោយ​លោក​មាន​មាឌ​ដុះ​ពោះ​ល្មម​ និង សំលេង​លឺ​ក្រអៅ​ បើ​លោក​មាន​ដំណើរ​ទៅ​ណា​មក​ណា​លោក​តែង។ស្លៀក​សំពាត់​ចង​ក្បិន​ ពាក់​អាវ​ចិន​ និង ស្ពាយ​បង្វិច​តូច​មួយ​ ដៃ​កាន់​ដំបង​ឈើ​ច្រត់​រលោង​ស្រិល។

    ពេល​ណា​លោក​ត្រូវ​ការ​ច្រៀង​ លោក​ទាញ​បង្វិច​មក​ ស្រាយ​យកសំបក​ឃ្លោក​ជា​តួ​សាដៀវ​មក​ដំឡើង​ផ្គុំ​​ជាមួយ​ឈើ​ច្រត​គាត់​ធ្វើ​ជា​ដង​ រូច​ដាក់​ខ្សែ​រឹត​ឲ្យ​ល្មម ទើប​ដាក់​ផ្ទប់​នឹង​ក្បាល​ពោះ​ គាត់​ដេញ​រន្ថើន​បទ​ បង្កើត​បទ​យ៉ាង​ពីរោះ​ ផ្សំ​ជាមួយ​សព្ទ​វោ​ហារ​ដែល​លោក​ស្រែក​ច្រៀង​ឡើង​។ ចម្រៀង​ទាំង​នោះ​សោត​ មិន​មែន​និយាយ​តែ​ពី​រឿង​រ៉ាវ​អ្វី​អណ្ដែត​អណ្ដូង​ទេ​ គឺ​លោក​កវី​យើង​បាន​បញ្ចូល​ នូវ​ ពាក្យ​ដាស់​តឿន​ ក្រើន​រំលឹក​ ដល់​ជន​រួម​ជាតិ​ឲ្យ​ ខំ​រក​ស៊ី​ធ្វើ​ការ​កុំ​ឲ្យ​ជន​បរ​ទេស​រំលោភ​បាន​ ខំ​រៀន​សូត្រ​អក្សរ​សាស្ត្រ​ និង ​លេខ​នព្វន្ដ កុំ​ឲ្យ​ពិបាក​ដើរ​ពឹង​គេ​អែង​ឲ្យ​ធ្វើ​ជួស​ខ្លួន។ ជា​ពិសេស​ កវី​នេះ​ ចូល​ចិត្ដ​ដាស់​តឿន​ពួក​កសិករ​ឲ្យ​ខំ​នាំ​គ្នា​បង្កើន​ផល ហើយ​ និង រក្សា​សេចក្ដី​សុខ​ រៀប​រយ​កុំ​ឲ្យ​មាន​រឿង​ទាស់ទែង​ នឹង គ្នា​ផង​។ គោល​បំណង​របស់​លោក​ ដូច​មាន​រៀប​រាប់​មក​ខាង​លើ​នេះ​ បង្ហាញ​ឲ្យ​ឃើញ​ថា ឧត្ដម​គតិ​របស់​លោក​ក្នុង​គ្រា​នោះ​ ជាក់​ជា​អ្នក​ជួយ​​ណែ​នាំ​សន្ដាន​ចិត្ដ​​ជន​រួម​ជាតិ​ ឲ្យ​ចេះ​ភ្ញាក់​រលឹក​ដល់​ការ​ងារ​ប្រចាំ​ខ្លួន​ឡើង​។ ព្រោះ​លោក​ឃើញ​ថា វសនា​របស់​ជាតិ​យើង​ក្នុង​ពេល​នោះ​មាន​ស្ថាន​ភាព​ដុន​ដាប​ ជាង​យើង​សព្វ​ថ្ងៃ​នេះ​ច្រើន​ណាស់​។ មិន​តែ​ប៉ុណ្ណោះ​ច្បាប់​ទូន្មាន​របស់​លោក​បាន​ជួយ​បំប៉ន​ខាង​ផ្នែក​អក្សរ​សាស្ត្រ​យើង យ៉ាង​សំខាន់​ណាស់​ ព្រោះ​បាន​ជា​គ្រឿង​ឆ្លុះ​មើល​ការ​ចំរើន​រុង​រឿង​ របស់​អក្សរ​សាស្ត្រ​ និង ជីវ​ភាព​ជន​សាមញ្ញ​ក្នុង​សម័យ​នោះ​ យ៉ាង​ប្រាកដ​។

    បន្ដ​ទៅ​នេះ យើង​ស្រង់​យក​កំណាព្យ​ក្នុង​ស្នា​ដៃ​របស់​លោក​មក​លាតត្រដាង​ដូច​ត​ទៅ​៖

សំអាតផ្ចិតផ្ចង់ លើកភ្លឺអោយត្រង់ កុំលើកអោយកោង អ្នកកុំប្រហែស ក្រែងមានប្រហោង លើកមើលទំនង ទំនាបទឹកហូរ។ ចំនួនទឹកស្ទឹង ទឹកព្រែកទឹកបឹង ទឹកវាលទឹកអូរ អ្នកលើលិចស្រូវ ត្រូវបើកបង្ហូរ អ្នកក្រោមកុំថ្ងូរ បន្ធូរហួសទៅ។ រាំងរឹងថ្ងៃយប់ កុំអោយបាក់ជ្រៅ ឆាប់លើកឆាប់ទប់ កត្ដឹកចេញខ្យល់ តំកល់ទឹកនៅ បើចង់បានស្រូវ ស្រេចនៅត្រឹមថែ។ កុំយកគ្រាប់ត្នោត ទៅដាំទៅដោត ពីលើភ្លឺស្រែ ចិត្ដគិតប្រមាណ ចង់បានផ្កាផ្លែ ដាំដុះដង្ហែ បង្ហិនខ្លួនឯង។ ដល់ត្នោតឡើងគល់ ឡើងកើតនាំខ្វល់ ធាងលូតឡើងវែង ភ្ជួររាស់ជាប់នឹម ក្របីជាប់ស្នែង ទទើសទទែង ភ្ជួរឆ្វេងមិនត្រូវ។ ដល់ត្នោតវាធំ មានស្លឹកវាទុំ វាជ្រុះក្នុងស្រូវ ស្រែឆ្ងាយពីផ្ទះ ឃ្លាតណាស់ពីផ្លូវ ទំរាំតែទៅ រលួយស្រូវអស់។ កូនអើយកុំឆោត បើចង់បានត្នោត ដាំដោយកៀនកោះ ដីទួលចំការ ឯណាចន្លោះ ដាំជារបស់ ជាយជួររបង។

    កំណាព្យ​ខាង​លើ​នេះ​ លោក​តា​ ង៉ុយ​ បាន​ប្រដៅ​កូន​ចៅ​នៅ​ក្នុង​ស្រុក​ស្រែ​ឲ្យ​ចេះ​រៀប​ចំ​ភ្លឺ​ស្រែ​របស់​ខ្លួន​ និង ​ចេះ​យល់​អធ្យា​ស្រ័យ​​គ្នា​ក្នុង​ការ​ធ្វើ​ស្រែ​ផង​។ ជា​ពិសេស​លោក​ផ្ដាំ​ថា​កុំ​ឲ្យ​ដាំ​ត្នោត​នៅ​តាម​វាល​ស្រែ​ ព្រោះ​នាំ​ឲ្យ​ធ្លាក់​ស្លឹក​ធាង​ទៅ​បំផ្លាញ​ដល់​ស្រូវ​ដែល​ដុះ​ក្នុង​ស្រែ។ ដំបូន្មាន​របស់​លោក​ដ៏​វែង​ឆ្ងាយ​នោះ​ យើង​សង្កេត​ទៅ​ពុំ​ឃើញ​មាន​ប្រដៅ​អ្វី​ផ្សេង​ពី​រឿង​របរ​រក​ស៊ី​របស់​អ្នក​ស្រុក​សាមញ្ញ​ឡើយ​ គឺ​លោក​ដោះ​ស្រាយ​រឿង​រាយ​រង​ ដែល​ជន​អ្នក​ស្រែ​អ្នក​ចំការ​ធ្លាប់​ជួប​ប្រទះ​រៀង​រាល់ថ្ងៃ។ ត្រង់​នេះហើយ​ដែល​យើង​សន្មត​ថា​ លោក កវី​ ង៉ុយ​ ជា​កវីសាមញ្ញ​មួយ​រូប​របស់​ខ្មែរ​យើង ដ្បិត​លោកប្រកប​អាជិវកម្ម​ជា​អ្នក​ស្រែ​ចំការ​ធម្មតា​។​