ចំពូកទីប្រាំបួន
អក្សរសាស្ដ្រ​សម័យអាណាព្យាបាល(ត)
ថ្ងៃអាទិត្យ ទី 17.ឧសភា 2020.ម៉ោង 7:19

លោក បាន - តេង

    លោកបាន​ តេង​ កើត​នៅ​សង្កាត់​លេខ ៤ ក្រុងភ្នំពេញ​ មាតា​ឈ្មោះ​ត្រយង់​ បិតា​ឈ្មោះ​បាន ជា​មន្ដ្រី​នៅក្នុង​ព្រះបរម​រាជវាំង​។ លោក​កើត​ពី​ឆ្នាំ​ ១៨៨២ ។ កាល​ពី​កុមារ​ មាត​ បិតា​បាន​យកទៅ​ឲ្យ​រៀន​សាលា​រាជការ​ លុះ​អាយុបាន​ ១៤​ឆ្នាំ​ ក៏​បាន​ចូលផ្នួស​ជា​សាមណេរ​ក្នុង​សំណាក់សម្ដេច​ព្រះមង្គល អៀម វត្ដបទុមវតី បាន​មួយវស្សា​ក៏​សឹក​មក​វិញ។ លោក​បានរៀន​របៀប​តែង​កំណាព្យខ្មែរ​ ពី​លោកព្រះ​គ្រូ​វិយរក្ខិតប៉ាត វត្ដ​សុគន្ធ​មាន​បុណ្យ (ឧត្ដុង្គ) ហើយ​លោកបាន​បន្ថែម​វិជ្ជា​នេះ​ក្នុង​សំណាក់​លោក​ឧកញ៉ា​សុត្ដន្ដប្រីជា​ ឥន្ទ​ ទៀត​។

    ហេតុនេះ​ហើយ​បាន​ជា​លោក​បាន​ តេង ចេះ​យ៉ាង​ស្ទាត់​បី​របៀប​តែង​កាព្យ។ ក្រោយ​ពី​នោះ​ លោក​បានចូលធ្វើការ​ នៅ​ក្នុងព្រះបរមរាជវាំង​ បន្ទាប់មកទៀត​ធ្វើ​ឃា​លេខា​ធិការ​នៅ​មន្ទីរ​ឃ្លាំង​ប្រាក់។ លុះ​ដល់​ គ.ស. ១៩២១ រាជការ​បបាន​ចាត់​លោក​ឲ្យ​ធ្វើ​ជា​គ្រូ​បង្រៀន​ នៅ​កោះ​កុង​អស់​រយៈ​ ៥ឆ្នាំ​ ហើយ​លោក​បាន​ត្រលប់​មក​បង្រៀន​ នៅ​សាលា​វត្ដ ស្វាយពពែ​ ក្រុង​ភ្នំពេញ​វិញ​។ លុះ​ក្រោយ​មក​ លោក​បាន​ចូល​មកធ្វើ​ការ​នៅ​ក្រសួង​សិក្សា​ធិការ​ ក្នុង​ក្រុម​តែង​សៀវ​ភៅ​សំរាប់​សិក្សា​។ ហេតុ​នេះ​អែង​ ទើប​យើង​ឃើញ​ស្នា​ដៃ​លោក​ជា​ច្រើន​នៅ​ក្នុង​មេសូត្រ​ និង មេរៀន​ផ្សេង៊​ៗ​ ដែល​សុទ្ធ​តែ​ធ្វើ​ជាពាក្យ​កាព្យ​យ៉ាង​ងាយ​ស្ដាប់​។ លោក​បានទទួល​អនិច្ចកម្ម​ពី គ.ស. ១៩៥០ ប៉ុន្ដែក្នុង​ពេល​ដែល​រៀប​ នឹង​ ដល់​ចុង​បំផុត​វ័យ​របស់​លោក​នេះ​ លោក​បាន​ តេង​ នៅ​ឆ្លៀត​ចូល​រួម​ក្នុង​គណ​កម្មការ​ តែង​សៀវ​ភៅ​មូលវិជ្ជា​សំរាប់​ថ្នាក់​មធ្យម​ដ្ឋាន​បាន​ពីរ​ក្បាលទៀត​។ ត្រង់នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​លោក​បាន តេង​ ជា​អ្នក​យក​ចិត្ដ​ទុក​ដាក់ណាស់​ចំពោះ​អក្សរ​សាស្ដ្រ​យើង​ ទោះ​បី​ជា​ជរា​ទៅ​ហើយ​ ក៏​លោក​នៅ​តែ​ប្រឹង​បំរើ​អក្សរ​សាស្ដ្រ​ត្រា​តែ​ដល់​ទី​អវសាន។

¨
   ក្រោយ​ដែល​លោក​អនិច្ច​កម្មទៅ​ គេរក​ឃើញ​ស្នា​ដៃ​លោក​ដេល​បោះ​ពុម្ព​ហើយ​ខ្លះ​ មិន​ទាន់​បោះ​ខ្លះ​ មាន​ជា​ច្រើន​ដូច​រាប​ខាង​ក្រោម​នេះ៖
១ - សប្បុរសធម៌
២ -ឱរាទនារី
៣ - លោកធម្មត្ថចរិយា
៤ - រឿង​ឆន្ទន្ដ
៥ - រឿង​នាង​ហ្សាន​ដាក់
៦ - រឿងទិព្វសង្វា (មិន​មែន​រឿង​ទិព្វ​សង្វា​ដែល​បោះពុម្ពទេ)
ខាង​ក្រោម​នេះ​យើង​ដកស្រង់​ស្នា​ដៃ​លោក​មក​ធ្វើ​ជាសក្ខី​ភាព​ដូចតទៅ​៖
មនុស្ស​យើង​នេះ​ឧត្ដម​ដោយ​កំណើត មិនមែន​កើត​មកភ្លាមក៏ខូច​ជា
លុះ​ច្របល់​ចូលជាបផាតពាលា ខូចនឹងជាតោងស្អិតចិត្ដអស់ស្អាត។
បុគ្គលាទិដ្ឋានមានក្នុងអត្ថ បោកកោកូនសត្វសេកជាអាទិ
កាលញាស់ឡើងដំបូង​គ្មានខ្វះខាត ចិត្ដក៏ស្អាតបរិសុទ្ធឥតឃោរឃៅ។
លុះខ្យល់បក់ឆក់បាត់សាត់ចាកទី ក៏ព្រាត់ពីសំបុកបែកគ្នាទៅ
សេកមួយនោះជ្រុះធ្លាក់លើលំនៅ ព្រះតាបសរើសទៅថែរក្សា។
សេកមួយទៀតវាតផាត់សាត់ទៅដល់ ទីមណ្ឌលសំណាក់ពួកចោរា
ចោរក៏រើសយកទៅដោយមេត្ដា ថ្មមរក្សាឥតល្ហែថែទាំ​ទុក។
សេក​ដែល​នៅ​សំណាក់​ព្រះ​តាបស ចិត្ដ​សប្បុរសរកផលខ្វល់​ចង់សុខ
សាងសន្សំសុចរិតបិទផ្លូវទុក្ខ ឆ្ពោះតាំងមុខតាមមគ្គលោកអ្នកប្រាជ្ញ។
សេកដែលនៅនឹងចោរចិត្ដអាក្រក់ រៀនតែឆក់និងលួចរិស្យាកាច
ចេះខិលខូចឲ្យដូចចោរកំណាច ក្លាឥតខ្លាចឥតគិតជីវិតក្ស័យ។
ចូរមើលចុះ​តែសត្វជាតិតិរច្ឆាន បើគប់ពោលមិនខានខូចនិស្ស័យ
បើគប់ប្រាជ្ញៗប្រៀនព្រះធម៌ថ្លៃ អធ្យាស្រ័យប្រែតាមស្នាមនោះហោង។

    កំណាព្យខាង​លើ​នេះ​ លោក​បាន​ តេង​លើក​បង្ហាញ​យើង​ពីការ​គប់​មិត្ដ​ តើអាច​​ឲ្យ​ផល​យើង​យ៉ាង​ណា​។ លោក​លើក​យក​រឿង​កូន​សេក​ទាំង​ពីរ​ធ្វើ​ជា​គ្រឿង​បញ្ជាក់​ឲ្យយើង​ងាយ​យល់​ផង​។

អ្នកស្រី​ សិទ្ធ

    នៅ​ចុង​សម័យ​នោះ​ យើង​បាន​ជួប​ប្រទះ​អ្នក​និពន្ធ​ស្ដ្រី​មួយ​រូប​ដែល​ទុក​កេរ្ដិ៍​ស្នា​ដៃ​ចំណាន​ណាស់​ដែរ​ គឺ​អ្នកស្រី​ សិទ្ធ។ អ្នកស្រិ សិទ្ធ យើង​អាច​ទទួល​ស្គាល់​ថា​មាន​តែ​ស្ដ្រី​នេះ​មួយ​ទេ​ដែល​បាន​បញ្ចេញ​ស្នា​ដៃ​ខាង​អក្សរសាស្ត្រ​ ជា​ដំបូង​គេ​បំផុត​ក្នុង​ចំណោម​ស្ដ្រី​ខ្មែរ​នៅសតវត្ស​យើង​នេះ​។ អ្នក​ស្រី​បាន​ចេះ​ស្ទាត់​ខាង​ភាសា​សៀម​ និង ​ភាសា​ខ្មែរ ​ហើយ​បាន​ចេះ​របៀប​តែង​កាព្យ​ខ្មែរ​ យ៉ាង​ហ្មត់ចត់​ ត្រឹមត្រូវ​ណាស់​ដែរ​។ ចំណែក​រៀប​ពាក្យ​រាយ​ធម្មតា​វិញ​ យើង​ឃើញ​ថា​អ្នក​ស្រី​ក៏​មាន​ថ្វី​ដៃ​ចំណាន​ដែរ​។ ហេតុ​នេះ​ហើយ​ ទើប​គេឃើញ​ស្នាដៃ​របស់​អ្នកស្រី​មាន​ជាពាក្យ​កាព្យខ្លះ​ ជាពាក្យ​រាយ​ខ្លះ​ ដែល​យើង​រាប់រៀប​ឈ្មោះ​ខាង​ក្រោម​នេះ​គឺ៖

១ - រឿង​ពិម្ពាពិលាប,
២ - រឿង​គូសាង​មិត្ដមិនទ្រុស្ដមិត្ដ,
៣ - រឿងចិត្ដសត្យា។

    យើង​សូមបង្ហាញ​អស់លោក​អ្នក​ នូវ​ ស្នា​ដៃ​របស់​អ្នក​ស្រី​ដែល​យើង​ដក​ស្រង់​កំណាព្យ​មួយ​វគ្គ​ ពីក្នុង​រឿង​ពិម្ពា​ពិលាប ៖

ថ្វីបើនាង​ខឹងប្រឹងស្រែកជេរ មិនទេមិនទើងខឹងសោះឡើយ
ប្ដីនាងត្រូសរស្លាប់ទៅហើយ នាងអើយគឺកម្មនាំសរទៅ។
ចិត្ដបងគ្មានប៉ងនិងប្រមាថ តែព្រួញ​វាផ្លាតខ្ទាតទៅត្រូវ
បង​បាញ់សត្វសោះ​ចុះ​ឥលូវ​ ស្រី​ពៅ​នៅថ្វី​ព្រៃ​ព្រឹក្សា។
យំសោក​រកប្ដី​អាល័យ​រស គឺមោះ​នឹងបាន​ប្រាណស្នេហា
នេះទៅ​ជាខ្មោច​ខូច​អសារ សោការ​ធ្វើ​អី​ស្រីតាមបង​។
បង​នេះ​ជា​ស្ដេច​សោយ​រាជ​រដ្ឋ នាម​ព្រះ​ព្រហ្មទត្ត​សោយ​រាជ្យផង
មាន​ទាំង​ប្រា​សាទ​ស្អាត​កន្លង​ ជាច្បងលើស​លប់​ភព​មនុស្សា​។
ពុំ​ទាន់​មាន​គូមកយូរ​ឆ្នាំ ជា​កម្មនាំ​បង​ឲ្យ​យាត្រា
កម្ម​បងប៉ង​បាញ់សត្វសកុណា កម្ម​ស្វាមី​ប្អូន​ប្រជួន​គ្រោះ​។
កាំ​សរប្រហារ​ជីវ៉ា​ក្ស័យ កម្ម​បង​អាល័យ​ស្រី​សមយស
កម្មប្អូន​ឲ្យ​ក្ដៅ​សៅ​ហ្មង​មោះ កម្មប្ដី​អស់​រស់ហើយ​មាស​ថ្លៃ​។

    សេចក្ដីដក​ស្រង់​ខាង​លើ​ អ្នក​ស្រី​សិទ្ធ​ និទាន​កាល​សត្វ​កិន្នរ​ញី​ - ឈ្មោល​ បណ្ដើរ​គ្នា​កណ្ដាល​ព្រៃ​ ព្រះបាទ​ព្រហ្មទត្ដ​បាន​លប​បាញ់​កិន្នរា​ ហើយ​ចូល​ទៅ​ប្រលោម​លួង​លោម​នាង​កិន្នរី​ដោយ​ពាក្យផ្អែម​ល្ហែម​ ដើម្បី​ឲ្យ​នាង​ទន់​ចិត្ដ​ស្នេហា​ ហើយ​ឲ្យ​នាង​លះ​ចិត្ដ​ស្រឡះ​ពី​ខ្មោច​ស្វាមី​ ដែល​ប្រជួន​គ្រោះ​ត្រូវ​សរ​ស្លាប់​ទៅ​ហើយ​។

    នៅ​ភាគ​ខាង​ចុង​សម័យ​នេះ​ យើង​ឃើញ​ការ​ចំរើន​លូត​លាស់​មួយ​យ៉ាង​ គួ​ឲ្យ​សរសើរ​ណាស់​ដែរ​ គឺ​ការបង្កើត​ឲ្យ​មាន​ពុម្ព​អក្សរ​ខ្មែរ​ សំរាប់​បោះ​ពុម្ព​ផ្សាយ​សៀវ​ភៅ​ឲ្យ​បាន​ច្រើន​ក្បាល​។ វចនា​នុក្រម​យើង​ក៏​កើត​ឡើង​ក្នុង​គ្រា​នោះ​ដែរ​។ ដែល​យើង​អាច​រាប់​បាន​ថា​ជាការ​លូត​លាស់​គោល​ចារឹក​ ឬ ច្បាប់​ទំលាប់​មួយ​ខាង​អក្សរ​សាស្ត្រ​ និង ​ភាសា​ជាតិ​យើង​។ សៀវ​ភៅជា​​ច្រើន​ ក៏បាន​បោះ​ពុម្ព​ចេញ​ផ្សាយ​បន្ដៗ​គ្នា​ ប៉ុន្ដែ​ជំនាន់​នោះ​ យើង​ឃើញ​ច្រើន​តែ​ជា​សៀវ​ភៅ​ធម៌​ថាថិ​ និង​ ច្បាប់​បុរាណ​ខ្លះៗ​ ប៉ុណ្ណោះ​ ឯ​រឿង​ប្រលោម​លោក​ និង សៀវ​ភៅ​និយាយ​ពីការស្រាវ​ជ្រាវ​ មិន​សូវ​ឃើញ​មាន​បោះ​ពុម្ព​ផ្សាយ​ទេ។ ឯសៀវ​ភៅ​ដែល​ចេញ​ផ្សាយ​ទាំង​នោះ​សោត​ សុទ្ធតែ​ត្រូវ​សុំ​អនុញ្ញាតពី​រាជការ​អាណាព្យា​បាលថែម​ទៀត​ផង​។ ហេតុនេះ​ហើយ​ ទើប​សៀវ​ភៅ​ណា​ដែល​ជា​គ្រឿង​ណែ​នាំ​ដាស់​តឿន​ចិត្ដ​គ្នា​យើង មិន​អាច​ នឹង ចេញ​ផ្សាយ​បាន​តាម​ចិត្ដ​ឡើយ​។

    បើ​យើង​ធ្វើការ​សង្កេត​ចំពោះ​ប្រលោម​លោក​ខ្មែរ​ សម័យ​នោះ​វិញ​ យើង​ នឹង ឃើញ​ថា ប្រលោម​លោក​ខ្លះ​ៗ​ នោះ​មាន​របៀប​សរសេរ​ប្លែក​ពី​សម័យ​មុនៗ​ សន្ធឹក​ណាស់​ គឺ​គេ​សរសេរ​ជា​ពាក្យ​រាយ​រាប់​ៗ​ ដូច​ជា​ពាក្យ​ដែល​អ្នក​ស្រុក​ធ្លាប់​និយាយ​គ្នា​រាល់​ថ្ងៃ នាំ​ឲ្យ​អ្នក​អាន​ងាយ​យល់​ងាយ​គិត​ជាជាង​ស្នា​ដៃ​ពី​មុន​មក​។ មួយ​ទៀត​ក្នុង​រឿង​ទាំង​នោះ​ ក៏​ឈប់​មាន​ប្រើ​មន្ដ​អាគម​ដូច​គ្រា​មុន​ៗ​ ទៀត​ហើយ​ អ្នក​និពន្ធ​សុទ្ធតែ​ត្រិះ​រិះ​ រចនា​ស្នា​ដៃ​ខ្លួន​ ឲ្យ​ស្រប​ទៅ​តាម​ការ​ចំរើន​លូត​លាស់​ នៃ សាកលលោក​សម័យ​ថ្មី​។ ហេតុ​ដែល​​នាំ​ឲ្យ​កើត​ដុះ​ដាល​រឿង​ប្រលោម​លោក​ទំនើប​ជា​បន្ត​ៗ​ គ្នា​ក្នុង​គ្រា​នោះ​ ព្រោះ​រាជការ​បាន​បង្កើត​ជា​ការ​ប្រឡង​ប្រជែង​ខាង​អក្សរ​សាស្ត្រ​ជា​ញឹក​ញាប់​​ ព្រម​ទាំង​ឲ្យ​រង្វាន់​​យ៉ាង​គាប់​គួរ​ ដល់​ម្ចាស់​ស្នា​ដៃ​ណា​ដែល​ជាប់​លេខ​ផង​។

    ហើយ​ស្នាដៃ​ដែល​ល្អៗ​ទោះ​ជាប់​លេខ​ក្ដី​ មិន​ជាប់​លេខ​ក្ដី​ ​ឲ្យតែ​គណកម្ម​ការ​មាន​សេចក្ដីសរសើរ​ ត្រូវ​គេ​យក​ទៅ​ចុះ​ផ្សាយ​នៅ​ក្នុង​សារ​ព៌តមាន​កម្ពុជា​ ដែល​ជា​ទិនា​នុប្បវត្ដិ​ មួយ​ចេញ​ផ្សាយ​ជា​យូរ​អង្វែង​ណាស់​មក​ហើយ​។ ដូច្នេះ​​​អែង​ ទើប​បណ្ដា​ជន​ទូ​ទៅ​នាំ​គ្នា​ក្រេប​ជញ្ជក់​ នូវ រស​ជាតិ​អក្សរ​សាស្ត្រ​ទាំង​នោះ​ បាន​ធូរ​ស្រួល​ជាជាង​លើកមុន​​​​​ៗ ព្រោះ​មាន​ប្រា​កដ​ជា​អក្សរ​ពុម្ព​យ៉ាងស្អាត​។ មាន​រឿង​មួយចំនួន​ទៀត​ ត្រូវ​បាន​ចេញ​ផ្សាយ​តាម​រយៈ​ការផ្សាយ​របស់​ក្រុម​ពុទ្ធសាសន​បណ្ឌិត្យ គឺ​ជួន​កាល​ក៏​បោះ​ដោយ​ឡែក​ជា​មួយ​សៀវ​ភៅ​ និង ខ្លះ​ទៀត​ផ្សាយ​ក្នុង​ទស្សនា​វដ្ដី​កម្ពុជសុរិយា​ ដែល​ជា​ទស្សនា​វដ្ដី​មួយ​មាន​អាយុ​ជាង​ ៣០មក​ហើយ​។

    ទស្សនាវដ្ដី​នេះ​ ជាអង្គ​ការ​យ៉ាង​ចំណាន​ជួយ​ស្ទួយ​ទ្រ​នូវ​ពុទ្ធ​សាសនា​ និង អក្សរ​សាស្ត្រ​ខ្មែរ​ ឲ្យ​កាន់​តែ​មាន​រស្មី​ច្រាល​រន្ទាល​ទៅ​គ្រប់​ទិស​ទី​ក្នុង​ព្រះ​រាជ​អាណា​​ចក្រ​។ យើង​សូ​ឆ្លៀត​ឱកាស​ពិសេស​ សរសើរ​ដល់​សន្ដាន​ចិត្ដ​ អស់​លោក​ដែល​ប្រឹង​ប្រែង​ផ្ដួច​ផ្ដើម​ឲ្យ​កើត​ជា​ទស្ស​នា​វដ្ដី​នេះ​ឡើង​។ ប្រ​សើរ​សំ​ខាន់​មួយ​ផ្នែក​ទៀត​ គឺ​អស់​លោក​អ្នក​និពន្ធ​ដែល​ប្រឹង​ប្រែង​សរសេរ​ជា​រឿង​រ៉ាវ​ និង ស្រាវ​ជ្រាវ​អារ្យ​ធម៌​ខ្មែរ​បូរាណ​មក​ផ្សាយ​ទុក​​ជា​គោល​ចារឹក​ក្នុង​ទី​នោះ​ សំរាប់​ឲ្យកូន​ខ្មែរ​ ស្នេហា​វប្បធម៌​ជាតិ​ រាវរក​ឃើញ​ដាន​កេរ្ដិ៍​ដំណែល​ដូន​តា​របស់​ខ្លួន​យ៉ាង​ជាក់​ច្បាស់​។

    ទោះ​ជា​មាន​អាយុ​ ៣០ឆ្នាំ​ មកហើយ​ក្ដី​ ទស្សនា​វដ្ដី​នេះ​ ឥត​ប្រាស​ចាក​ពី​គោល​ដើម ​ដែល ធ្លាប់​មាន​មក​នោះ​ឡើយ​ គឺ​នៅ​តែ​មាន​អត្ថ​បទ​​ជា​ខ្លឹម​សារ​ល្អ​រហូត​សព្វ​ថ្ងៃ​នេះ​។ ដូច្នេះ​ទស្សនាវដ្ដី​កម្ពុជ​សុរិយា​ គួរ​រាប់​ថា ជា​ឯកសារ​មួយ​យ៉ាង​វិសេសសំរាប់​អ្នក​ត្រូវ​ការ​រៀន​សូត្រ​ ឬ​ស្រាវ​ជ្រាវ​ពី​អារ្យ​ធម៌​ខ្មែរ​ ជា​ពិសេស​ខាង​ផ្លូវ​វប្បធម៌។​

    ក្រៅ​ពី​ការ​ផ្សាយ​តាម​រយៈ​រាជការ​ ឬ​ តា​វិធី​ជា​ផ្លូវ​ការ​ដូច​មាន​រៀប​រាប់​ខាង​លើ​នេះ​ យើង​បាន​ប្រទះ​ឃើញ​មាន​អ្នក​និពន្ធ​លាក់​មុខ​ជា​ច្រើន​ទៀត​ ដែល​បាន​រៀប​រៀង​ជា​កំណាព្យ​ខ្លី​ៗ​ សំរាប់​ដាស់​តឿន​គ្នី​គ្នា​ខាង​ផ្លូវ​ចិត្ដ​ ឲ្យ​ចេះ​នឹក​ឃើញ​ដល់​បញ្ហា​ជាតិ​ដែល​ស្ថិត​នៅ​ក្នុង​អាណា​ព្យា​បាល​របស់​បរទេស​។ ខ្លះទៀត​និយាយ​ពី​អនុស្សាវរីយ៍​ ក្នុង​គ្រា​ដែល​កើត​វិប្បរិត​ដោយ​សារជន​បរទេស​ចូល​មក​ត្រួត​ត្រា​ក្នុង​ប្រទេស​យើង​។ ដោយ​មាន​យោ​បល់​ផ្ទុយ​ពី​រាជ​ការ​អាណា​ព្យា​បាល​ ដូច​នេះ​ហើយ​ទើប​អ្នក​និពន្ធ​ទាំង​នោះ​ មិន​ហ៊ាន​បញ្ចញ​ឈ្មោះ​ឲ្យ​គេ​ស្គាល់​ឡើយ​ មាន​ត្រឹម​តែ​បទ​នមស្សការ​ និង កាល​បរិច្ឆេទដែល​​រៀប​រៀង​ប៉ុណ្ណោះ​។ ដើម្បី​ជា​សក្ដី​ភាព​ចំពោះ​សន្ដាន​ចិត្ដ​ខ្មែរ​ខាង​ផ្នែក​អក្សរ​សាស្ត្រ​ក្នុង​ពេល​នោះ​ យើង​សូមស្រង់​សេចក្ដី​បន្ដិច​ពី​ក្នុង​កំណាព្យ​ទាំង​នោះ​មក​បញ្ជាក់​ដូច​ត​ទៅ​៖

ខ្ញុំ​នឹង​ចាត់​ចែង​តែង​សេចក្ដី ពីភព​ផែនដី​កម្ពុជា
ប្រែ​ប្រួល​រំជួល​ក្នុងសាសនា អស្ចារ្យ​កោលាហ៍កើត​វឹក​វរ។
សព្វ​ថ្ងៃ​មេទ័ព​គេជាធំ គេ​មក​រៀប​ចំក្នុង​នគរ
មាន​ប៉ុស្ដិ៍គ្រប់ខេត្ដ​គេ​ត្រួត​ឈរ គេ​រៀប​នគរ​បំរុង​ចាំ​។
តម្រូវ​ត្រូវ​គេ​មានរិទ្ធក្លា ត្រួត​ត្រា​រាជការ​ចិត្ដមួន​មាំ​
លើលថ្នាល់​ខ្វាត់​ខ្វែង​វែង​វង់​ជុំ បុណ្យ​គេ​ជាធំក្នុងរដ្ឋា
ទាំង​មន្ត្រី​រាស្ដ្រ​ពេញ​នគរ​ សព្វ​ថ្ងៃ​ខ្លាច​គេ​ដូច​ជា​ខ្លា
តែគេចង់ឲ្យ​ទៅត្រង់​ណា មុខ​ជា​រលាយ​ត្រង់​នោះ​អែង​។
ហៃ​អ្នក​ទាំង​ឡាយ​ចូល​អ្នក​គិត ស្មារតី​គំនិត​ក្រែង​វង្វេង
កុំ​ធ្វើ​ផ្ដេសផ្ដាស​ទាំង​ចាស់​ក្មេង ប្រុង​ប្រែង​គំនិត​គិតរាល់គ្នា​។