ចំំពូកទីប្រាំបី
អក្សរសាស្ដ្រសម័យកណ្ដាល​(ត)

ឧក​ញ៉ាវង្សសារពេជ្ញ-នង
ថ្ងៃសៅរ៍ ទី25.មេសា 2020.ម៉ោង 9:34

    លោក​មាន​ងារ​មួយ​ទៀត​ជា​ ឧកញ៉ា​ព្រះ​ឃ្លាំង - នង គឺ​ជា​អ្នក​ប្រាជ្ញ​មួយ​ខាង​ផ្នែក​អក្សរសាស្ត្រ​យ៉ាង​ចំណាន​បំផុត​ ក្នុង​សម័យ​ឧត្ដុង្គ​ ព្រោះ​លោក​បាន​រៀន​សូត្រ​ភាសា​ជាតិ​ ភាសា​សៀម និង ភាសា​បាលី​ចេះ​យ៉ាង​ស្ទាត់​ជំនាញ​។ កាល​រាជ្យ​ព្រះ​បាទ​អង្គ​ចន្ទ​ លោក​មាន​ងារ​ជា​ឧកញ៉ា​វង្ស​សារពេជ្ញ​ ដ្បិត​លោក​ជា​អ្នក​ចេះ​ព្រះ​ត្រៃ​បិដក​ និង អក្សរ​សាស្ត្រ​ពិត​ប្រាកដ​។ ព្រះ​មហា​ក្សត្រ​ទ្រង់​ប្រោស​ប្រាណ​ តាំង​ធ្វើ​ជា​គ្រូ​លើ​សំណាក់​ព្រះ​សង្ឃ​ និង គ្រហស្ថ​ទាំង​ឡាយ​នៅ​ក្នុង​ព្រះ​នគរ​។ លុះ​មក​ដល់​រជ្ជកាល​ព្រះ​បាទ​សម្ដេច​ព្រះ​ហិរក្ស​រាមា​ធិបតី​ ព្រះ​អង្គ​ឌួង​ លោក​កវី​នង​ បាន​ឡើង​ជា​ទី​ប្រឹក្សា​ និង ជា​រាជ​សហ​ការី​ផ្ទាល់​ព្រះ​រាជា​ ហើយ​​ព្រះ​អង្គ​ទ្រង់​ប្រោស​ព្រះ​រាជ​ទាន​ឋានន្ដរ​សក្ដិ​ជា​ចាង​ហ្វាង​ឃ្លាំង​ព្រះ​រាជ​ទ្រព្យ​ ទើប​មាន​ងារ​ជា​ឧក​ញ៉ា​ព្រះ​ឃ្លាំង​។ លោក​ទុក​ស្នា​ដៃ​ឲ្យ​យើង​ជា​ច្រើន​គឺ៖

    រឿង​ភោគ​កុល​កុមារ, លោកនយ​ជាតក ច្បាប់​សុភាសិត, រឿង​បុញ្ញសារ សិរិសារ, រឿង​វរនេត្រ​វរនុជ​, និង រឿង​ព្រះ​សមុទ្ធ​។ ឥលូវ​យើង​លើក​ស្នា​ដៃ​លោក​មួយ​មក​ពិភាក្ស​គឺ​រឿង​ភោគ​កុល​កុមារ។ រឿង​នេះ​មិន​សូវ​វែង​ទេ​ តែ​បបរិបូណ៌​ដោយ​រាប់​រៀប​។ យើង​អាច​និទាន​សរុប​ផ្ទៃ​រឿង​បាន​យ៉ាង​ខ្លី​ដូច​ត​ទៅ​៖

    ភោគកុលកុមារ ជាមាណព​កំសត់​ប្រកប​របរ​ធ្វើ​ចំការ​ដំណាំ​បន្លែ។ ឪពុក​ម្ដាយ​ស្លាប់​ចោលអស់​។ ព្រះ​ឥន្ទ​បាន​ទៅ​នាំ​បុត្រី​ព្រះរាជា​មួយ​ព្រះ​អង្គ​ ឯ​នគរ​មួយ​នៅ​កណ្ដាក​សមុទ្រ​ មក​ឲ្យ​ធ្វើ​ជា​ភរិយា​បុរស​កំសត់​នេះ​។ គរ​ស្វាមី​ភរិយានេះ​ស្រលាញ់​គ្នា​ណាស់​ តែ​នាង​ភរិយា​រូប​ឆោម​ល្អ​ក្រៃ​លែង​ នាំ​ឲ្យ​កើត​រន្ទឺ​លឺ​ដំណឹង​ទៅ​ដល់​ព្រះ​បាទ​ព្រហ្មទត្ដ​ជា​ក្សត្រ​នគរ​នេះ​ ទ្រង់​ក៏​ប្រើ​ឲ្យ​រាជ​អាមាត្យ​រក​មធ្យោ​បាយ​ យក​នាង​ស្រី​នេះ​ឲ្យ​បាន​។ រាជ​អាជ្ញ​ទទួល​បង្គាប់​ហើយ​ ក៏​ប្រើ​មធ្យោ​បាយ​គ្រប់​បែប​គ្រប់​យ៉ាង​បោក​ប្រាស់​ចៅ​កំសត់​នេះ​ តែ​វាសន​មាន​ ចៅ​កំសត់​ចេះ​តែ​មាន​ជោគ​ជ័យ​លើ​ទៅវិញ​។

    ថ្ងៃ​អាជ្ញ​បាន​ចាប់​បង្ខាំង​រូប​បុរស​នោះ​បាន​ នាង​ភរិយា​ដឹង​ដូច្នោះ​ ក៏​លួច​រត់​ចេញ​ពី​ខ្ទម​ ទៅ​ឯនគរ​របស់​នាង​វិញ​ ដើម្បី​ឲ្យ​ផុត​ពី​កណ្ដាប់​ដៃ​អាជ្ញា​។ លុះ​ភោគ​កុល​កុមារ​ត្រលប់​មក​វិញ​រក​ប្រពន្ធ​ពុំ​ឃើញ​ ក៏នាំ​ឆ្កែ​មួយ​ដើរ​ទៅ​តាម។ ដល់​សមុទ្រ​ក៏​នាំ​គ្នា​ហែល​ឆ្លង​។ ពេល​នោះ​ឆ្កែ​ក៏​ស្លាប់​ទៅ​ នៅ​តែ​ម្នាក់​ឯង​ ប្រឹង​ហែល​ឱប​ខ្មោច​ឆ្កែ​ ត្រា​តែ​មាន​ត្មាត​មួយ​មក​ជួយ​នាំ​ផ្លូវ​ លុះ​ទៅ​ដល់​សួន​ច្បារ​របស់​ព្រះ​ចៅ​ជាបិតា​ក្មេក។ ពេល​នោះ​មានពួក​ទាសី​ មក​ដង​ទឹក​ទៅ​ជម្រះ​ព្រះ​កាយ​​ឲ្យ​ព្រះ​នាង​។

    ភោគ​កុលកុក៏​លួច​ទំលាក់​ព្រះ​ទំរង់​​ទៅ​ក្នុង​ក្អម​ ដល់​នាង​នេះ​យក​ទៅ​ស្រោច​លើ​កាយ​ព្រះ​នាង​ ស្រាប់​តែ​ចិញ្ចៀន​នេះ​បាន​ចូលទៅ​ស៊ក​ជាប់​ក្នុង​ម្រាម​ព្រះហស្ថ​ព្រះនាង​។ គេ​បាន​ដង្ហែ​យក​ភោគ​កុល​កុមារ​ចូលទៅ​ក្នុង​នគរ​ រៀប​អភិសេក​ឡើង​គ្រង​រាជ្យ​។ រួច​ដល់ទីបំផុត​ ក៏​វិល​មក​យករាជ្យ​ពី​ព្រះ​បាទ​ព្រហ្ម​ទត្ដ​សោយ​ទៀត​។

    ក្នុង​ផ្ទៃ​រឿង​នេះ​ ឧក​ញ៉ា​ព្រះ​ឃ្លាំង​ - នង រៀប​ចំក្បួន​កាព្យ​ និង​ ពាក្យ​ពេចន៍​ មិន​ចាញ់​ឧក​ញ៉ា​ កោសា​ធិបតី​ - កៅ​ទេ ដែល​យើង​ នឹង ឃើញ​ក្នុង​អត្ថ​បទ​ដក​ស្រង់​ពី​ក្នុង​រឿង​នេះ​ដូច​តែទៅ​​ ៖

ឥន្ទ្រជៀង​ជាក់ ទ្រង់បើកទិព្វចទក្ខ យង់យល់ជៀងជាក់ ជ្រួតជ្រាបថែថា ភោគកុលត្រកាល ពិសាលសោកា ពុំមានភរិយា ជាគូសម្ពន្ធ។ ទើបស្ដេចគិតថា នាងទេពធីតា ដែល​អញ​និមន្ដ​ ចុះ​ទៅ​មនុស្ស​លោក យោន​យក​បដិសន្ធិ៍ នៅ​នា​តំបន់ សត្ត​កុដ​បុរី។​ អាស្រ័យ​នៅ​នា ក្នុង​ឧទរា ព្រះ​អគ្ក​មហេសី​ ស្ដេច​សត្ដ​កុដ​រាជ អំណាច​រិទ្ធី​ គ្រប់​គ្រង​បូរី ពល​ពាល​សេនា​។​ រីនគរ​នោះ ជា​ទី​ទួល​កោះ កណ្ដាល​ជល​សា​ ទំហំ​នគរ ​បវរ​រដ្ឋា​ បួន​យោជន៍​គណនា​ រាស្ដ្រផងសប្បាយ។ ទៀបនឹងបុរី ពារាណលី គណនា​ចម្ងាយ យោជន៍​សាម​សិប​ប្រាំ​ ពិត​​ពុំ​ឃ្លាត​ឆ្ងាយ ភេត្រ​ឈ្មួញ​ឆ្មាយ​ ចូល​ជួញ​ឥត​អាក់។ រីរាជធីតា សោឡសវស្សា កបនូវនរ​ល័ក្ខណ៍​ ដូច​ទេព​អប្សរ បវរ​សួគ៌​ស័ក្ដិ ព្រះ​ខាត់​ព្រះ​ភក្ដ្រ ដូច​ចន្ទបូណមី។

    អត្ថ​បទ​នេះ​ឧកញ៉ា​ព្រះ​ឃ្លាំង​ - នង​ ពណ៌នា​ពី​សេក្ដី​ឈ្វេង​​យល់របស់​ព្រះ​ឥន្ទ្ ក្នុង​ការ​អញ្ជើញ​នាង​ទេព​ធី​តា​ឲ្យ​ចុះ​ទៅ​ចាប់​កំណើត​នៅ​នគរ​សតត​កុដ​បូរី​ ដើម្បី​បាន​ជា​គូ​ នឹង​ ភៅគ​កុល​កុមារ​។ កវី​យើង​បានបញ្ជាក់​ថា បុរីនេះ​ស្ថិត​នៅ​ជា​កោះ​កណ្ដាល​សមុទ្រ​មាន​ទំហំ​បួន​យោជន៍​។ ទី​បំផុត​លោក​រៀប​រាប់​ពី​សម្រស់​លំ​អរ​របស់​នាង​ធីតា​ ដែល​អាយុ​បាន ១៦ឆ្នាំ​។ អត្ថ​បទ​នេះ​ អាច​បញ្ជាក់​បង្ហាញ​យើង​ពី​ការ​ចំរើន​លូត​លាស់​របស​អក្សរ​សាស្ត្រ​យើង​ ដោយ​សារ​ស្នា​ដៃ​របស់​កវី​ខ្មែរ​បុរាណ។

ព្រះ​បាទហរិរក្សរាមាធិបតី ព្រះអង្គឌួង

    ព្រះ​បាទ​អង្គ​ឌួង​ ទ្រង់ជា​ព្រះ​រាជ​ឱរសពៅ​ នៃ ព្រះ​បាទ​អង្គ​អេង ព្រះ​ចៅ​ក្រុង​កម្ពុជា​សម័យ​ព្រះរាជ​វាំង​ក្រុង​ឧត្ដុង្គ​មាន​ជ័យ។ កាល​ពី​កុមារ​ព្រះ​អង្គ​បាន​យាង​ទៅ​សិក្សា​វិជ្ជា​នៅឯប្រ​ទេស​សៀម​ ដែល​នាំ​ឲ្យ​ព្រះ​អង្គ​ទ្រង់​ភ្លឺ​ស្វាង​ក្នុង​ព្រះ​បញ្ញា​ញាណ​ខាង​ផ្លូវ​អក្សរ​សាស្ត្រ​។ ក្នុង​ឱកាស​សិក្សា​នេះ​ ព្រះ​យុវ​ក្សត្រ​បាន​ឆ្លៀត​រៀប​រៀង​ជា​សៀវ​ភៅ​ និង ​ចង​ក្រង​ច្បាប់​ទំលាប់​ផ្សេង​​​​​​​​​​​​ៗ​ ទុក​ជា​កេរ្ដិ៍​រហូត​យើង​សព្វ​ថ្ងៃ​។ ក្នុង​គ្រា​ដែល​ព្រះអង្គ​បាន​ឡើង​គ្រប់គ្រង​រាជសម្បត្ដិ​ហើយ​ ផែន​ដី​កម្ពុជា​ដូច​មាន​ខ្យល់​ព្យុះ​គ្រប់​ទិស​បក់​បោក​បង្កើត​ជា​​កោ​លា​ហល​ក្នុង​ព្រះ​នគរ​ ពោល​គឺ​បច្ចា​មិត្រ​ទាំង​សង​ខាង​ បាន​ជ្រៀត​ជ្រែក​ទឹក​ដី​ វាត​អំណាច​របស់​គេ​ក្នុង​ប្រទេស​យើង​។ ព្រះ​បាទហិរក្ស​រាមាធិបតី​ ទ្រង់​បាន​ប្រឹង​តស៊ូ​ពេញ​ព្រះ​កាយ​ពល​ ដើម្បី​បង្កើត​សន្ដិ​សុខ​សំរាប់​ប្រជា​នុរស្ដ្រ​ ដែល​ជាទី​សព្វ​ព្រះ​ទ័យ​របស់​ព្រះ​អង្គ​ឡើង​វិញ​។

    ទោះ​បី​ជា​ស្ថិត​នៅ​ក្នុង​យុគ​យ៉ាង​​វឹក​វ​រយ៉ាង​នេះ​ក៏​ដោយ​ ព្រះ​ករុណ​ព្រះ​អង្គ​ឌួង​ ទ្រង់​មិន​បោះ​បង់​ ផ្នែក​វប្បធម៌​ឡើយ​ ព្រះ​អង្គ​តែង​ប្រមូល​អ្នក​ប្រាជ្ញ​រាជ​បណ្ឌិត​ខាង​សាសនា​ និង ខាង​អក្សរ​សាស្ត្រ​មក​នៅ​ជួប​ជុំ​គ្នា​ក្នុង​ព្រះ​រាជ​វាំង​ ដើម្បី​ត្រិះ​រិះ​ចង​ក្រង​នូវ​ក្បួន​ច្បាប់​ផ្សេងៗ​ ផង និង បង្ហាត់​បង្រៀន​ដល់​កុល​បុត្រ​ណា​ដែលត្រូវ​ការ​ស្វែង​រក​វិជ្ជា​ទៀត​ផង​។ មាន​សេចក្ដី​ដំណាល​ថា​ ព្រះប្រីយ​ក្សត្រ​អង្គ​នេះ​បាន​ឆ្លៀត​ពី​កិច្ច​ការ​ផែន​ដី​ យក​ពេល​បង្ហាត់​បង្រៀន​ព្រះ​សង្ឃ​គ្រហស្ថ​ ដែល​ជា​សិក្ខា​កាម​កុល​បុត្រ​ទាំង​ឡាយ​ផ្ទាល់​ព្រះ​អង្គ​ ព្រម​ទាំង​ចាត់​ឲ្យ​រាជ​ការ​ផែន​ដី​ទូទៅ​អនុវត្ដ​ការ​ផ្សេង​ៗ​ ប្រកប​ដោយ​អក្សរ​សាស្ត្រ​ត្រឹម​ត្រូវ​ ពោល​គឺ​មិន​ឲ្យ​ជន​ណា​មួយ​សរសេរ​ពាក្យពេចន៍​ ឬ​ សំបុត្រ​ស្នាម​បែប​ខ្ជី​ខ្ជា​ឡើយ​។ សេចក្ដី​ដំណាល​មួយ​យ៉ា​ង​ទៀត​ថា ព្រះ​បណ្ឌិត​អង្គ​នេះ​ ប្រកប​ដោយ​ព្រះ​សរីរៈរាង​កាយ​មាំ​មួន​ល្អ​ណាស់​ ព្រះ​អង្គ​មិន​សូវ​មានព្រះ​រោគ​អ្វី​ឡើយ​ បាន​ជា​យើង​ឃើញ​ព្រះ​បរមឆាយា​លក្ខណ៍​របស់​ព្រះ​អង្គ​ដ៏​មាន​ព្រះ​ភក្ដ្រ​ធំទូលាយ​ ព្រះ​នេត្រ​ថ្លា​ស្រឡះ​ ព្រះនលាដ​ធំទូលាយ​ដ៏​មាន​ភមោ​កោង​​វែង​ភ្ជាប់​ នឹង ខ្ទង់​ព្រះ​ឃាន​យ៉ាង​មូល​ហើយ​ស្រុង​បន្ដិច​ ព្រះ​សុរង​ធំសម​ជា​អ្នក​មាន​វោ​ហារ​សំខាន់​ណាស់​។ ចូរ​យើង​ចាំ​ថា គែ​ជា​ព្រះ​មហាក្សត្រ​ខ្មែរ​គ្រា​បច្ចុប្បន្ន​នេះ​ ព្រោះ​រដ្ឋ​ធម្មនុញ្ញ​យើង​ពោល​ថា «រាជ​សម្បត្ដិ​ នៃ ប្រទេស​កម្ពុជា ជា​កេរ្ដិ៍​មត៌ក​ពី​ព្រះ​បាទ​សម្ដេច​ព្រះហរិរក្សរាមា​ធិបតី​ព្រះ​អង្គ​ឌួង»។

    ព្រះ​បាទ​សម្ដេច​ព្រះ​អង្គ​ឌួង​ ដែល​ជា​មហាកវី​ឯក​របស់​ជាតិ​យើង​ បាន​ទុក​ស្នា​ព្រះ​ហស្ថ​ នូវ រឿង​រ៉ាវ​ និង ក្បួន​ច្បាប់​ជា​ច្រើន​ដល់​សព្វ​ថ្ងៃ​ ដែល​វេលា​នេះយើង​ស្រាវ​ជ្រាវ​ឃើញ​មាន​ទៅ​ពាក្យ​កាព្យ​ខ្ឡះ​ ពាក្យ​រាយខ្លះ​ ​ដូចរាប់​ឈ្មោះ​តទៅ៖ ១ - រឿង​​កាកី​, ២ - រឿង​សុគន្ធ​ថោង, ៣ - ច្បាប់ស្រី​ព្រះ​អង្គ​ឌួង​, ៤ - បទ​ពោល​រឿង​ល្ខោន​ផ្សេងៗ​។ គ្រា​នេះ​យើង​សូម​លើក​យក​ស្នា​​ប្រហស្ថ​របស់​ព្រះ​អង្គ​គឺ​រឿង​កាកី​ មក​ធ្វើ​សេចក្ដី​សង្កេត​ជា​គ្រឿង​បញ្ជាក់​ ដែល​យើង​អាច​សរុប​រឿង​នេះ​បាន​ដូច​ត​ទៅ៖

    ព្រះ​បាទ​ព្រហ្មទត្ដ​មាន​អគ្គ​មហេសី​​ប្រកប​ដោយ​រូប​ឆោម​លោម​ពណ៌​ល្អ​ក្រៃ​លែង​ ព្រះ​នាម​នាង​កាកី។ ព្រះ​សព្វ​ព្រះទ័យ​ នឹង ក្រសាល​ល្បែង​ចតុ​រង្គណាស់​។ មាន​ក្រុង​គ្រុឌ​មួយ​តែង​ក្លែង​ខ្លួន​ធ្វើ​ជា​មាណព​មក​លេង​ល្បែង​ចតុ​រង្គ​ ជា​មួយ​ព្រះ​អង្គរាល់​ថ្ងៃ​ ទើប​ឃើញ​សម្រស់​រូប​ឆោម​ព្រះ​អគ្គ​មហេសី​ ក៏​កើត​ចិត្ដ​ប្រតិ​ព័ទ្ធ​ ព្រម​ទាំង​លួច​បញ្ចេញ​អាកប្ប​កិរិយា​ខ្លះ​ៗ​ ឲ្យ​នាង​ឃើញ​ផង​។ ដោយ​ចិត្ដ​រវើ​រវាយ​ នាង​នោះ​ក៏​បាន​តប​ នូវ ឥរិយា​បថ​ប្លែក​ៗ​ ទៅ​គ្រុឌ​វិញ​ដែរ​។ ពេល​ល្ងាច​មួយ​ គ្រុឌ​និមត្ដិ​ធ្វើ​ព្យុះ​ខ្យល់​យ៉ាង​​ខ្លាំង​បណ្ដាល​ឲ្យ​ក្នុង​រាជ​វាំង​ កើត​ចលាចល​ ទើប​គ្រុឌ​លប​ចូល​ទៅ​ក្នុង​បន្ទប់​របស់​នាង​កាកី​ ហើយ​លួង​លោម​ព យក​នាង​កាកី​ទៅ​កាន់​ស្ថាន​សិម្ពលី​ទៅ​។ ក្រោយ​នោះ​ព្រះ​បាទ​ព្រហ្មទត្ដ​ទ្រង់​វិតក្ក​ជា​ខ្លាំង​ ក៏​ឲ្យគេ​ស៊ើប​រក​តែ​ពុំ​ឃើញ​សោះ​។

    ឯ​គ្រុឌ​តែ​និមិត្ដ​ខ្លួន​មក​លេង​បាស្កា​ជាមួយ​ព្រះ​រាជា​ដូច​ធម្មតា​ ជួន​ជា​ដក់​ជាប់​ទាំង​ក្លិន​នាង​កាកី​មក​​ជាមួយ​ផង​ នាំ​ឲ្យ​ព្រះ​អង្គ​កើត​មន្ទិល​សង្ស័យ​ ក៏​ត្រាស់​ប្រើ​កន្ធ័ន​ជា​សេនា​ជំនិត​ ក្លែង​​ខ្លួន​ជា​សត្វ​ចូល​លប​តោង​គ្រុឌ​ទៅ​កាន់​ស្ថាន​សិម្ពលី​។ លុះ​ទៅ​ដល់​ហើយ​ គន្ធ័ន​បាន​ប្រែក្លាយ​ជារូប​ធម្មតា​ ចែចង់​នាង​កាកី​ត្រា​តែ​បាន​សំរេច​ដូច​ប្រា​ថ្នា​។ មួយ​ថ្ងៃ​មក​ទៀត​ គន្ធ័ន​លប​តោង​គ្រុឌ​ត្រឡប់​​មក​នគរ​វិញ​ នាំ​ព៌ត​មាន​ទៅ​ក្រាប​ទូល​ព្រះ​រាជា​។

    លុះ​ដល់​ពេល​គ្រុឌ​មក​លេង​បាស្កា​ទៀត​ គន្ធ័ន​ដេញពិណ​ច្រៀង​បន្ទាន់​សំលេង​ផ្ដោះ​ផ្ដង​ឲ្យ​គ្រុឌ​ ទាល់​តែ​គ្រុឌ​ដឹង​ថា​ នាង​កាកី​មាន​ចិត្ដ​មិន​ស្មោះ​ត្រង់​ នឹង​ ខ្លួន​ទេ​ ទើប​ម្នី​ម្នា​ត្រឡប់​ទៅ​ជេរ​ស្ដី​នាង​កាកី​ ហើយ​ចាប់កញ្ឆក់​នាង​ហោះ​យក​មក​ដាក់​ក្នុង​ព្រះ​រាជ​វាំង​ព្រះ​បាទ​ព្រហ្មទត្ដ​វិញ​។ នាង​កាកី​ចូលទៅ​សុំ​អង្វរ​ខមា​ទោស​ តែ​ព្រះ​បាទ​ព្រហ្មទត្ដ​ទ្រង់ពុំ​ព្រម​ ក៏​ត្រាស់​បង្គាប់​ធ្វើ​ពោង​ពាយ​បណ្តែត​នាង​នេះចោល​ទៅ។

    ដើម្បី​បញ្ជាក់​លើសេចក្ដី​សង្ខេប​នេះ​ទៀត​ យើង​សូម​ស្រង់​អត្ថ​បទ​បន្ដិច​ពី​ក្នុង​រឿង​នោះ​យក​ធ្វើ​ជាគំរូ​ គឺ​យើង​ដក​ស្រង់​ត្រង់​ចំរៀង​របស់​គន្ធ័ន​ច្រៀង​ឌឺ​ដង​ឲ្យ​គ្រុឌ​ ដូច​សេចក្ដី​ខាង​ក្រោម​នេះ​៖

ប្រាប់ភ្លាង​ធ្វើភ្លេង ចំអន់លេងលេង​ ជាពាក្យ​កាព្យា ពីរោះ​ពិណ​ពេក ស្រួល​ស្រែក​ឧក​ថា ឱស្រី​ស្រស់​កា -កី​កែវ​បង​អើយ​។ ពិដោរ​ក្លិន​ស្ងួន​ ហាក់​បាន​ឃើញ​ខ្លួន​ ជិត​ជាប់​បង្កើយ​ កាល​បង​ និង ពៅ​ នែប​នៅៗឡើយ​ ប្រលឹង​បង​អើយ​ ធ្លាប់ស្និទ្ធ​ស្នេហា។ ក្រោយ​គ្រុឌ​ទៅ​បាត់​ បាន​បង​ប្រតិព័ទ្ធ ស្នាប់​ស្នង​គ្រុឌា ថ្នាក់​ថ្នម​ផ្ដេក​ផ្ដិត​ ជួញ​ជិតឱរា​ កេស​កើយ​ខ្នើយ​ជា​ - មួយ​មិនដទៃ​។ ក្សេម​ក្សាន្ដ​សាទរ​ សេព​សុខ​សម​ពរ​ រួម​រសមូល​មៃ​ ត្រី​ត្រេក​មនោ​រម្យ​ បន្សំ​សុខ​សេ - យ្យាស​យូរ​គ្រប់​ថ្ងៃ​ ប្រាំ​ពីរ​នឹង​បង​។ ឱស្រី​បង​បាត់​ ស្រី​ស្ងួន​ស្ងប់​ស្ងាត់​ សម​នួន​នឹង​រង​ ទុក្ខ​ទល់ម្នាក់​ម្នេញ​ កន្លេញ​កន្លង​ កន្លេង​គិត​បង​ បង​បាត់លង់​លន់​។ កុំ​មាន​គ្រុឌា​ បង​ និង ស្ងួន​ភ្ងា ឲ្យអស់​ជីព​ជន្ម​ ឥលូវ​គ្រុឌ​គ្រង​ មូលផង​សម្ពន្ធ​ ប្អូន​អើយ​បងអន់​ បង​អួល​ឱរា។ ឱ​បង​ នឹង​ យក​ មេមាស​មិត្រ​មក​ ដិត​ដោយ​អាត្មា​ មោះ​ ឬ​ បង​ដើរ​ ដំណើរ​វេហាស៍​ ដោយ​សារគ្រុឌា​ នានាំ​បង​មក​។

ឧកញ៉ាសន្ធរវោហារ - ម៉ុក

    នៅ​ចុង​សម័យ​ឧត្ដុង្គ យើង​ប្រទះ​ឃើញ​អ្នក​និពន្ធមួយ​រូប​ទៀត​យ៉ាង​ឆើត​ណាស់​ដែរ​ ដែល​យើង​គួរ​តែ​លើក​យក​មក​និយាយ​ក្នុង​ទី​នេះ​ គឺ​ ឧកញ៉ា​សន្ធរ​វោ​ហារ​ - ម៉ុក​។

    សន្ធរ​ម៉ុក​ មាន​ស្រុក​កំណើត​នៅ​ស្រុក​សំរោង​ទង​ ខេត្ដ​កំពង់​ស្ពី​។ កាល​ពី​កុមារ​មាន​ទៅ​រៀន​សូត្រ​ក្នុង​សំណាក់​ លោក​គ្រូ​រាជ​ធម្ម​ អន គង់​វត្ដ​គុក​ក្នុង​ភូមិ​ឧត្ដុង្គ​។ កុមារ​នេះ​ឧស្សាហ៍​ណាស់​ខំ​រៀន​សូត្រ​ឥត​មាន​ធ្វេស​ ទើប​បាន​ជា​ទី​សព្វ​ព្រះ​ទ័យ​របស់​លោក​គ្រូ​។ កាល​ណា​ហាត់​សរសេរ​អក្សរ​ កុមារ​នេះ​សរសេរ​តែ​ដោយ​ធ្យូង​លើ​អំបែង​អិដ្ឋ​ ឬ ក្បឿង​ ព្រោះ​ខ្លួន​ជា​អ្នក​កំសត់​ទុគ៌ត​ពេក​ណាស់​។ លុះ​គ្រប់​អាយុ​ហើយ​លោក​គ្រូ​បំបួស​ជា​សាម​ណេរ​ រួច​ជា​ភិក្ខុ​នៅ​ក្នុង​វត្ដ​នោះ។

    កាល​ដែល​លា​ចាក​សិក្ខា​បទ​មក​ ព្រះ​រាជ​ធម្ម​ អន​ បាន​នាំ​ទៅ​ថ្វាយ​ព្រះ​ករុណា​ព្រះ​បានទ​សម្ដេច​ព្រះ​នរោ​ត្ដម ដើម្បី​ធ្វើ​ជា​ភ្នាក់​ងារ​ក្នុង​ក្រុម​ព្រះ​អាលក្ខណ៍​។ ប៉ុន្ដែ​ព្រះ​ព្រះ​អង្គ​ទ្រង់​ជ្រាប​ថា​ភ្នាក់​ងារ​ក្មេង​នេះ​ ជា​អ្នក​ចេះ​ដឹង​ក្បួន​ច្បាប់​ពិត​ប្រា​កដ​ ព្រះ​អង្គ​ក៏​តែង​តាំង​ឲ្យ​ធ្វើ​ជា​ចាង​ហ្វាង​ក្រុង​ព្រះ​អាលក្ខណ៍​ ហើយ​ជា​គ្រូ​លើ​នាម៉ឺន​ទាំង​ឡាយ​ ខាង​ការ​បង្ហាត់​បង្រៀន​ពី​ច្បាប់​រាជការ​ផែន​ដី​។ តែ​អកុសល​ លោក​ឧក​ញ៉ា​សន្ធរ​ - ម៉ុក​ពិការ​ដៃ​ ដោយ​រោគ​អុត​ធំទាញ​លោក​ឲ្យ​ក្រងែង​ទាំង​សង​ខាង​ ទើប​មាន​ពាក្យដំណាល​ថា «ម៉ែក​ក្រង៉ុក - ម៉ុក​ក្រង៉ែង»។

    ក្រៅ​ពី​កិច្ច​ការ​រាជ​ការ​ លោក​ឆ្លៀត​សរសេរ​រឿង​រ៉ាវ​ល្អៗ​ ណាស់​ដែរ​ ទើប​បាន​ជា​ទី​សព្វ​ព្រះ​ទ័យ ​របស់​ព្រះ​បាទ​សម្ដេច​ព្រះ​នរោ​ត្ដម​។ កាល​ព្រះ​អង្គ​ទ្រង់​យាង​ទៅ​ណា​មក​ណា​ តែង​ប្រោស​រាជ​ទាន​ឲ្យ​សន្ធរ​ - ម៉ុក​ទៅ​តាម​ដង្ហែ​ជា​និច្ច​ សំរាប់​ជួប​ នឹង ​ហេតុ​ការ​ផ្សេងៗ​ សន្ធរ​ - ម៉ុក​ នឹង លើក​កាព្យ​ថ្វាយ​ព្រះ​អង្គ​ជា​ទី​ព្រះ​សណ្ដាប់​មួយ​រំពេច​ ដ្បិត​បណ្ឌិត​នេះ​ពូកែ​ខាង​លើក​កំណាព្យ​ភ្លាម​ៗ​ណាស់ ហើយ​បាន​សម​រម្យ​ ដូច​ប្រយោគ​​របស់​លោក​មួយ​យ៉ាង​ខ្លី​ថា៖

វើយ​នែ​អាចិកឆាមួយ​កាក់ អាចិក​កន្ដ្រាក់​បាន​សាច់ខ្វៃ ទាញ​ខ្វាក​កាប់​ខ្វាប់​សាប់ញាប់​ដៃ​ វើយ​លៃ​ឲ្យ​ឆាប់​ប្រញាប់​ឆាន់​។

    ប៉ុន្ដែ​បើ​កាល​ណា​លោក​សរសេរ​រឿង​វែង​លោក​មិន​ប្រើ​ពាក្យ​កំប្លែង​ដូច្នេះ​ទេ លោក​ច្រើន​ប្រើ​ពាក្យ​ខ្ពស់​ខ្លះ​ ពាក្យ​សាមញ្ញ​ខ្លះ ដែល​យើង​ឃើញ​ស្នា​ដៃ​ពី​ប្លែក​ពី​គ្នា​គឺ​ រឿង​ ទេវន្ទ​ លោក​សរសេរ​សុទ្ធតែ​ពាក្យ​ពិបាក​ៗ​ គួរ​ឲ្យ​ចង់​សិក្សា​ ស្នា​ដៃ​លោក​មួយ​ទៀតគឺ​រឿង​​ទុំ​ - ទាវ ​​(1) លោក​បែរ​ជា​សរសេរ​សុទ្ធ​តែ​ពាក្យ​ងាយ​យល់​ងាយ​គិត​ទៅ​វិញ​ ដើម្បី​ឲ្យ​សម​ នឹង ការ​ជាក់ស្ដែង​ក្នុង​សម័យ​រឿង​នោះ​​។ នេះ​ជា​សេចក្ដី​ដក​ស្រង់​ពីក្នុង​សាស្ត្រា​រឿង​ទេវន្ធ៖

ទី​រាជ​សីមា ឥសូរ​សុខា​ ក្សត្រ​ថ្លៃ​វរវង្ស អធិកពិស្ដារ ធិការភិម - ង្គល​គាប់​ឧត្ដុង្គ ឧត្ដមឧត្ដលា។ នៅ​ខាង​ខេត្ដ​ខែម​ ខេត្ដ​ខ័ណ្ឌ​ព្រះ​ហេម - ពាន្ដខាង​ឧត្ដរា បន្ទាយ​ជុំ​វិល​ ប្រាំពីរ​ជាន់​មហា​ - ទីឃោ​ដោយ​​ទ្វារ​ សឹង​មាន​មណ្ឌល​។ គូគោក​ថ្នាក់ថ្នល់​ ឥត​ជល​មាន​ជល​ ពិចិត្រ​ក្រៅ​គ្រប់​ ធ្លា​ព័ទ្ធ​ធ្លា​ពែន​ ខ្វាត់ខ្វែង​ប្រ​សព្វ​ ប្រសើរ​សឹង​អ - ព្ភិ​រម្យ​គួរ​ខ្លាច​។ រូ​សត្ដបរិ៍ - ភណ្ឌ​សី​ទន្ឌរ ព័ទ្ធ​សុមេរុរាជ ប្រាសាទ​រចនា​ ប្រាំ​ប្រការ​ស្ងាច​ ចញ្ចែង​ចិញ្ចាច​ រូរត្ដៈចន្ទន៍។

    ត្រង់នេះ​សន្ធម៉ុក​និទាន​ប្រាប់​យើង​ពី​ទ្រង់​ទ្រាយ​ប្រា​សាទ​មួយ​ដែល​ស្ថិត​នៅ​ជិត​ព្រៃ​ហេម​ពាន្ដ​ មាន​ឈ្មោះ​រាជ​សីមា​កោសេយ្យ​។ បន្ដ​ទៅ​ទៀត​យើង​ស្រង់​ស្នា​ដៃ​របស់​លោក​មួយ​ទៀត​ដែល​ការ​ថ្លែង​មនោ​សញ្ចេត​នា​របស់​លោក​៖

ស្រលាញ់ស្រី​តូច​ ស្រី​ទៀត​មិន​ដូច​ មិន​ដល់​មាស​បង មាស​បាន​សាង​ផល​ កុសល​ឥតហ្មង ឥត​មានប្រឡង​ ប្រឡះ​កាំ​បាន។ ភ័ព្វ​នាង​បាន​ជួន​ បាន​ជួប​នឹង​នួន​ នឹង​នាងកល្យាណ​ កល្យាណ៍​កប​លក្ខណ៍ ចិត្ដ​ស្ម័គ្រស្មោះ​ស្មាន​ ស្មោះ​ស្មើ​នៅ​ឋាន​ នៅ​ឋិត​មូល​គ្នា​។ ប្រសិន​ចេះ​ហោះ​ ចេះ​ហើរ​ចេះ​ផ្លោះ​ ទៅ​ថ្នម​អង្គា អង្កៀក​ប៉ះ​ពាល់​ រៀង​រាល់​វេលា ពិលាប​ដោយនា​ ដោយ​នូវ​កន្លែង​​(2)

    សេចក្ដី​ដក​ស្រង់​ខាង​លើ​នេះ​ ឧកញ៉ា​សន្ធ​ម៉ុក​ បាន​យក​សេចក្ដី​ទុក្ខ​ទៅ​ផ្ដិត​ជាប់​ជាមួយ​ការ​ស្រមៃ​នឹក​។ លោក​ចេះ​ក្រង​ពាក្យ​កាព្យ​ រាយ​កង​ទុក្ខ​បណ្ដាក់​គ្នា​ ជា​មួយ​សេចក្ដី​បំណង​ និង សោភ័យ​ ភាព​ នៃ នារី​ដែល​គាត់​ពេញ​ចិត្ដ​ នាំ​ឲ្យ​អ្នក​ផង​អាច​ជួយ​ស្រលាញ់​ ជួយ​កើត​ទុក្ខ​ ជួយ​ប៉ុនប៉ង​ ជាមួយ​ នឹង គាត់ដែរ​។ ដូច្នេះ​ហើយ​ ទើប​ស្គាល់​ជាក់​ថា​ ឧក​ញ៉ា​សន្ទ​រ​វោ​ហា​​​​​​​​​​​​​​​រ - ម៉ុក ​ជាកវី​យ៉ាង​ជំនាញ​ក្នុង​សម័យ​ឧត្ដុង្គ​គ្រា​ចុង​បំផុត​។

1 ស្នា​ដៃ​ទុំទាវ​សន្ធរម៉ុក​នេះ​ យើង​រក​ពុំ​ទាន់​បាន​ច្បាប់​ដើម​មកបោះ​ពុម្ព​នៅ​ឡើយ​ គ្រាន់​តែ​ឃើញ​​សំណៅ​ខ្លះ​ៗ​រប៉ាត​រប៉ាយ​មិន​គ្រប់គ្រាន់ ។ 2 . អត្ថ​បទ​នេះ​ស្រង់ពី​កាសែត​ស្រុក​ខ្មែរ​ បោះ​ពុម្ព​នៅ​ព្រៃ​នគរ​ ខែ​កញ្ញា​ ១៩២៧