ចំពូកទីប្រាំបី
អក្សរសាស្ដ្រសម័យកណ្ដាល​(ត)
ថ្ងៃសៅរ៍ ទី18.មេសា 2020.ម៉ោង 18:10

បណ្ឌិតជ័យ - នន្ទ

    បណ្ឌិត​ជ័យ​ - នន្ទ ជា​នា​ម៉ឺន​មួយ​រូប​ក្នុង​រជ្ជ​កាល​ព្រះ​បាទ​ធម្ម​រាជា​។ ថ្ងៃ​មួយ​លោល បាន​នាំ​គ្នី​គ្នា​ជា​ច្រើន​​ទៅ​ធ្វើ​បុណ្យ​អឹក​ធិក​នៅ​ឯ។អង្គ​រវត្ដ​ ទើប​លោក​រៀប​ចំ​ធ្វើ​សិលា​ចារឹក​ជា​ច្រើន​ផ្ទាំង​ ដែល​និយាយ​សុទ្ធ​តែ​ពី​ពាក្យ​ស្លុតី និង បួង​សួង​ប្រាថ្នា​ឲ្យ​សំរេច​ដូច​បំណង​ទៅ​ជាតិ​មុខ។ យើង​លើក​យក​ស្នា​ដៃ​របស់​លោក​បន្ដិច​មក​បញ្ជាក់​ជា​ភស្ដុតាង​ដូច​ខាង​ក្រោម​៖

ខ្ញុំ​សូម​នោះ​រៀង​មក​ ជា​ពន្លក​សព៌េជ្ញ​ថ្លៃ​ អង្គ​ខ្ញុំ​នោះ​អែង​នៃ​ ដោយ​​នាម​មៃហៅ​ ជ័យ-នន្ទ។ រី​នាង​ជាកន្សៃ​ ឈ្មោះ​ពីរនៃ​នាង​ ប៉ែន-សន រូប​ឆោម​ទន់​អែ​អន​ យល់សក្ដិសមចរិត​ស្រី។ លុះ​ព្រះ​បាទ​រាជា​ ឲ្យសក្ដាទី​ទៃ​ខ្មី​ ជ័យ-នន្ទ​ សេនាបតី​ ហើយ​ឲ្យឆី​ព្រៃ​ក្ដី​ហោង​។ ដល់​ទៅឆី​ត្បូង​ឃ្មុំ​ នាម៉ឺន​ធំ​អែក​អែងហោង​ លុះ​ជាយមរាជ​ផង នេះ​ឯង​ហោង​ សាងត្រីសូល៍។ ឯមីង​ប៉ែន-សនណា​ យសសក្ដា​ដោយ​សម​គួរ​ ឈ្មោះ​នោះ​យល់បរិបូណ៌ ជា​ជំទាវ​ទេព​សុពណ៌(1)

    សេចក្ដិ​ដក​ស្រង់​ខាង​លើ​នេះ​ បណ្ឌិត​ជ័យ - នន្ទ មានរាយ​ការណ៍​ប្រាប់​យើង​អំពី​ប្រវត្ដិ​ និង លំដាប់​សក្ដិ​របស់​លោក​ គឺ​ លោក​មាន​ភរិយា​ឈ្មោះ​នាង​ ប៉ែន​-សន​ ដែល​ប្រកប​ដោយ​រូបឆោម​ប្រឹម​ប្រីយ៍។ គ្រា​នោះ​លោក​មាន​ងរ​ជា​សេនា​បតី​ រួច​ហើយ​លោក​បានទៅ​ស្ដីទី​នៅ​ ខេត្ដ​ត្បូង​ឃ្មុំ​ ជាបំផុត​បានទទួល​ឋាន​ជាឧកញ៉ា​យម​រាជ។ ចំណែក​ភរិយា​លោក​ក៏បាន​ឡើង​យស​ជា​ជំទាវ​ដោយ​មាន​នាម​សន្មត​ថា​ ជំទាវ​សុពណ៌។

ព្រះបាទស្រីធម្មរាជា

    ព្រះ​បាទ​ស្រីធម្មរាជា ឬ ព្រះ​រាជសម្ភារ មាន​នាម​ដើម​ «ចៅ​ពញាតូ» ជា​បុត្រ​របស់​ព្រះ​បាទ​ជ័យ​ជេដ្ឋា​ទី​២។ កាល​នៅ​ព្រះជន​ ១៦វស្សា​ ព្រះ​អង្គ​ទ្រង់​សាង​ព្រះ​ផ្នួស​ជា​សាមណេរ។ ព្រះបាទ​ជ័យជេដ្ឋា ជាព្រះ​បិតា​ ទ្រង់សោយ​ទិវង្គត​ទៅ។ ព្រះ​អង្គបាន​សិក្សាគម្ពីរ​ព្រះ​ត្រៃបិដក និង ជារាជកវីបណ្ឌិត ខាង​កាព្យ​ឃ្លោង​យ៉ាង​ស្ទាត់​ជំនាញ។ កាលនៅ​ពី​កុមារ ​​ព្រះបិតា​បាន​ប្រុងប្រៀបផ្សំផ្គុំ​ នឹង ​ព្រះ​រាជកនិដ្ឋា​ព្រះអង្គ​រួម​ព្រះ​បិតា​មាតា​ទី​ទៃ​ព្រះនាមបុប្ផាវតិ។ ប៉ុន្ដែ​ដោយ​ព្រះអង្គ​សាង​ផ្នួស​យូរ​ពេក​ ព្រះ​ក្សត្រី​អង្គ​នេះ​ក៏​បានជា​អគ្គ​មហេសី​ព្រះ​ឧទ័យ​ទៅ។ លុះ​ដល់​ គ.ស. ១៩២៩ ព្រះ​អង្គ​បាន​លា​ចាក​សិក្ខា​បទ​មក​គ្រប់​គ្រង​រាជ​សម្បត្ដិ​ នៅ​ព្រះ​រាជ​វាំង​កោះ​ឃ្លោក(2)​។ ព្រះ​អង្គ​មិន​ទាន់​ផុត​ព្រះ​ទ័យ​ នឹង​ ព្រះ​នាង​បុប្ផា​វតី​ នៅ​ឡើយ​ទេ​ ទើប​គេ​ឃើញ​មាន​ស្នា​ព្រះ​ហស្ថ​ ដែល​ព្រះ​អង្គ​ទ្រង់​លិ​ខិត​ជា​ស័ព្ទ​អក្ខរា ផ្ញើ​ឆ្លង​ឆ្លើយ​ជា​មួយ​ព្រះ​ក្សត្រី​នៅ​គង់​ទ្រង់​រហូត​ដល់​សព្វ​ថ្ងៃ​នេះ(3)​​។ ព្រះ​អង្គ​ជា​យុវ​ក្សត្រ​មួយ​ ប្រកប​ដោយ​ព្រះ​ប្រាជ្ញា​វាង​វៃ​ តែង​សព្វ​ព្រះ​រាជ​ហរិទ័យ​ នឹង អក្សរ​សាស្ដ្រ​ពេក​ណាស់​ ព្រះ​អង្គ​បាន​សិក្សា​ វិជ្ជា​ភាសា​បាលី​ ចេះ​មុត​មាំ​ និង បានទុក​ស្នា​ព្រះ​ហស្ថ​ឲ្យ​យើង​ជា​ច្រើន​ សុទ្ធ​សឹង​ប្រកប​ដោយ​ពាក្យ​កាព្យ​ឃ្លោង​ផ្អែម​ល្ហែម និង ជួន​រណ្ដំ​គួរ​ចាប់​ចិត្ដ​។

    យើង​ស្រង់អត្ថ​បទ​ខាង​ក្រោម​នេះ​ ពី​ក្នុង​សាស្ត្រា​ «សរសើរ​ហេមន្ដ​មាស» មក​ធ្វើ​ជាគ្រឿង​ពិនិត្យ​សង្កេត​ពី​ស្នា​ព្រះ​ហាស្ថ​ព្រះអង្គ​ដូច​តទៅ៖

ដំណាល​ដំណើរ​នា សរសើរ​គ្រា​ហេមន្ដ​មាស​ ត្រសៀក​ឯ​អាកាស​ សែង​សាយណ្ហេទេរ​ទៅ។ ស្រណោះបក្សាករ ឯអម្ពរ​ឆ្វៀត​ឆ្វាត់​ទៅ សកុកសំកាំង​នៅ សង​សូរ​ស៊ាន​សព្ទ​យសយំ។ ខ្លះ​ហើរ​ប្រគៀង​គូ ទំទៀង​នៅ​ទ្រង់​ទ្រាយសម ខ្លះ​សសិតស្លាបទំ ខ្លះ​ហើរ​ហួស​ផ្លេក​ចៅ​រៅ​។ ខ្លះ​រេរក​ចំណី ដោយ​នទីគង្គា​ជ្រៅ​ ខ្លះ​ឆៀង​ឆាប​សំដៅ​ ចុះ​ចាប់ចឹក​សង្វា​ស៊ី​។ គន់​គួរ​ស្រណោះ​សល់​ ស្រណោះ​កលផ្សា​បក្សី សង​សូរ​សព្ទសំដី​ រឿយៗ​ រែងភាសា​សត្វ។​​

    កំណាព្យ​ខាង​លើនេះ​ ព្រះរាជ​សំភារ​ទ្រង់​និពន្ធ​សរសើរ​ទេស​ភាព​ និង ធម្ម​ជាតិ​ទាំង​ឡាយ​ក្នុង​ហេមន្ដ​រដូវ​ ឬ​ ក្នុង​ខែ​ដែល​ធ្លាក់​សន្សើម​។ ព្រះអង្គ​ទ្រង់​បាន​ចុច​យក​ពេល​ល្ងាច​ត្រ​ជាក់​ គ្រា​ដែល​ព្រះ​សុរិយា​ជ្រេ​ទេរ​ទៅ​ខាង​លិច​ គ្រា​នោះ​មាន​បក្សា​បក្សី​ជា​ច្រើន​ ស្រែក​ហោ​កញ្ជៀវ​ទ្រហឹង​អឺង​កង​ ឆ្លើយ​ឆ្លង​គ្នា​។ ខ្លះ​ហើរ​ឯកណ្ដាល​អាកាស​វេហាស៍​ ខ្លះ​ទំនៅ​លើ​មែក​ព្រឹក្សា សំកាំង​ស្លាប​ ឬ សសិត​ស្លាប និង ខ្លះ​ទៀត​ទំគៀង​គូ​ឈ្មោល​ញី​យ៉ាង​សប្បាយ​រីករាយ​។ មានបក្សា​ខ្លះ​ហើរ​ត្រសង​តាម​មាត់​ទឹក​ស្វែង​ចាប់មច្ឆា​ធ្វើ​ជា​ចំណី​ ហើយ​ស្រែក​ឆ្លង​ឆ្លើយ​ពី​ទី​មួយ​ទៅ​ទី​មួយ​ លឺ​ គ្រលួច​គួរ​ស្រណោះ​ក្រៃ​លែង​។ ស្នា​ព្រះ​ហស្ថ​នេះ​ ព្រះ​រាជ​សំភារ​បាន​បង្ហាញ​ នូវ សម្រស់​កាព្យ​ល្អ​បំព្រង​ និង ពាក្យ​សំដី​ទន់​ភ្លន់​គួរ​ចាប់​ចិត្ដ​មិន​ខុស​គ្នា​ពី​រឿង​ដទៃ​ទៀត​ ដែល​ជា​ស្នា​ព្រះហស្ថ​ របស់​ព្រះ​អង្គ​ដែរ​នោះ​ទេ​ សំដែង​ឲ្យ​យើង​ឃើញ​ថា ព្រះ​យុ​វក្សត្រ​អង្គ​នេះ​ អាច​រាប់​បាន​ជា​បណ្ឌិត​ឯក​ ខាង​អក្សរ​សាស្ត្រ​យើង​ក្នុង​សតវត្ស​ទី ១៧។

    ចំណែក​ខាង​ស្នា​ព្រះ​ហស្ថ​ខាង​ក្បួន​ច្បាប់​​​ប្រដៅ​វិញ​ ក៏​គួរ​ឲ្យ​សរសើរ​ណាស់​ដែរ​ ព្រោះ​ដ្បិត​​ពាក្យ​មួយ​ៗ​ សុទ្ធ​តែ​មាន​ន័យ​ទូលំ​ទូលាយ​ អាច​លើក​យក​ជា​គតិ​យ៉ាង​ល្អ​ៗ​ផង​។ មិន​តែ​ប៉ុណ្ណោះ​ មាន​ពាក្យ​ក្នុង​នោះ​ច្រើន​ បានក្លាយ​ទៅ​ជា​ពាក្យ​សុភា​សិត​របស់​យើង​ សព្វ​ថ្ងៃ​ប្រើ​រត់​មាត់​ទាំង​ក្មេង​ចាស់​ទៅ​ហើយ​។ លោក​មក​ នឹង បាន​ឃើញ​ពាក្យ​ទាំង​នោះ​ នៅ​ក្នុង​អត្ថ​បទ​យ៉ាង​ខ្លី​ខាង​ក្រោម​នេះ​ ដែល​យើង​​ស្រង់​ចេញ​ពី​សាស្ត្រា​ច្បាប់​ព្រះ​រាជ​សម្ភារ​ ដូច​ត​ទៅ​៖

ផ្អែម​ពីរ​ប្រការ ចំណេរ​ទៅ​ដាល កុំ​អាល​ឲ្យ​ឆី​ ផ្អែម​មួយ​ពាក្យ​ពោល​ រែង​រាល​រក​ក្ដី​ ផ្អែម​មួយ​ពាក្យ​ស្រី​ ស្រដី​មាយា​​។ ពាក្រ​ត្រូវ​រែង​រឹង​ ស្រា​រែង​ស្រវឹង​ ពុំ​ដែល​ពិសា​ ពាក្យពិត​រែង​ស្លែង​ ពុំ​ពីរោះ​ថា បណ្ដាំ​មេបា​ រែង​ថា​ពុំ​គាប់​។ ខ្លៅ​រែង​ស្អប់​ចេះ​ ខ្សត់​ឥត​ចំណេះ​ ស្អប់​អ្នក​មាន​ទ្រព្យ​ ស្រី​ស្រាល​ប្រច័ណ្ឌ រែង​ស្អប់ខ្ញុំ​គាប់​ ពាល​ពិត​ឥត​ច្បាប់​ រែង​ស្អប់​ប្រដៅ។ ចង់​បុណ្យ​បាន​បាប​ ចចើង​ចង់​លាភ​ រែង​បាត​ធន​ទៅ​ មានៈ​បាត់​មិត្ដ​ ឥត​អ្នក​ជា​ផៅ​ ក្រេវ​ក្រោធ​ឃោរ​ឃៅ​ រមែង​បាត់​អង្គ។ ស្វែង​គាប់​បាន​យស​ ចង់​ស្វែង​របស់​ ប្រើ​ចេះ​ផ្គត់ផ្គង់​ ចង់​ធំកុំ​អួត​ ដើម​មាន​ពូជ​ពង្ស​ ចង់​បាន​ខ្លួន​ត្រង់​ ប្រើ​ផ្គាប់​អ្នក​មុខ​។ ខ្លែង​ហើរ​ដ្បិត​ខ្យល់​ នាយ​ថ្កើង​ដ្បិត​ពល រក្សា​ឲ្យសុខ​​ ទ្រព្យ​គង់​ដ្បិត​ស្រី ចេះសំចៃ​ទុក ផ្ទះ​ធំស្រណុក​ ដ្បិត​ភរិយា​ជា។

    អត្ថ​បទ​ខាង​លើ​នេះ​ជា​ពាក្យ​ប្រៀន​ប្រដៅ​ត្រង់ៗ​ ចំពោះ​ជន​ទូទៅ​ ទាំង​ខាង​ផ្លូវ​ចរិយា​ ទាំង​ខាង​អាជី​វកម្ម​ ដែល​ត្រូ​ប្រកប​ការចិញ្ចឹម​ជីវិត។

ឧក​ញ៉ាកោសាធិបតី-កៅ

    ឧកញ៉ា​កោសាធិបតី​ កៅ​ ជា​កវី​ឯក​ក្នុង​រជ្ជកាល​ព្រះ​បាទ​អង្គ​ច័ន្ទ។ លោក​បាន​រៀន​សូត្រ​ចេះ​ចាំង​ខាង​ច្បាប់រាជការ​គ្រប់​សព្វ​ល្មម​ប្រើ​ការ​បាន​ទៀត​។ ហេតុ​នេះ​ហើយ​ ទើប​ព្រះ​នរបតី​ ទ្រង់​ប្រោស​ប្រទាន​ ធ្វើ​ជា​ចៅ​ហ្វាយ​ឃ្លាំង​មណី​រតន៍​ក្នុង​បរម​រាជ​វាំង​ និង បាន​ជា​ទី​ប្រឹក្សា​របស់​ព្រះ​អង្គ​ខាង​ច្បាប់​ទៀត​ផង​។ ស្នា​ដៃ​របស់​លោក​ មាន​តែ​មួយ​ប៉ុណ្ណោះ​ គឺ​ «រឿងសុភ​មិត្រ»។ ក្នុង​អារម្ភ​កថា​នៃ​រឿង​នេះ​ លោក​អ្នក​និពន្ធ​បាន​ប្រាប់​យើង​ថា លោក​បាន​ដក​ស្រង់​ចេញ​ពី​រឿង​ក្នុង​បញ្ញាស​ជាតក​ ត្រង់​ជាតក​ទី​ ៩ ដែល​មាន​ជា​ភាសា​បាលី​។ លោក​បាន​សរសេរ​បញ្ចូល​នូវ​ពាក្យ​ពេចន៍​ ល្អជា​ច្រើន​ ដើម្បី​បាន​ជា​សម្រស់​នៃ​រឿង​ ដែល​មាន​បន្ថែម​តុប​តែង​ជា​ពាក្យ​កាព្យ​ឃ្លោង​យ៉ាង​ល្គង​ល្គាយ​ ដែល​យើង​អាច​សង្ខេប​បាន​នូវ​ផ្ទៃ​រឿង​នោះ​ដូច​តទៅ​៖

    ព្រះ​រាជា​មួយ​អង្គ​ ព្រះនាម​សុភមិត្រ​ មាន​អគ្គមហេសី​ ព្រះនាម​នាង​ កេសនី​ ព្រម​ទាំង​បុត្រ​ពីរ​ព្រះអង្គ​ គ្រង​រាជ្យ​នៅ​នគរ​ពារាណ​សី​។ ថ្ងៃ​មួយ​ព្រះ​អនុជ​ព្រះ​អង្គ​ ព្រះ​នាម​អសុភមិត្រ​ បាន​ប៉ង​ប្រា​ថ្នា​ និង ធ្វើ​ឃាត​ព្រះ​អង្គ​ ដើម្បី​ដណ្ដើម​រាជ​សម្បត្ដិ​។ លុះ​ទ្រង់​ជ្រាប​រឿង​នេះ​ភ្នាម ព្រះ​បាទ​ក្រុង​សុភមិត្រ​ក៏​នាំ​មហេសី​ និង បុត្រ​ទាំង​គូ​ភៀស​ព្រះ​អង្គ​ចេញ​ពី​ព្រះ​និវេសន៍ ជៀស​វាង​កុំ​ឲ្យ​មាន​កើត​ចលាចល​ក្នុង​ប្រទេស​។ ទ្រង់​យាង​កាត់​ព្រៃ​ភ្នំ​ក្រំ​ថ្ម សោយ​តែ​ផ្លែ​ឈើ​ដែល​មាន​ដុះ​នៅ​តាម​ដង​ព្រៃ​។

    ថ្ងៃ​មួយ​បានទៅ​ដល់​មាត់​ស្ទឹង​ធំមួយ​ ព្រះ​អង្គ​ទ្រង់​ទុក​បុត្រ​ទាំង​ពីរ​នៅ​ត្រើយ​ខាង​អាយ​ ហើយ​​ព​មហេសី​ហែល​ឆ្លង​ទៅ​កាន់​ត្រើយ​នាយ​។ ជួនពេល​នោះ​មាន​ព្រាន​ប្រមង់​ប្ដី​ ប្រពន្ធ​ចែវ​ទូក​មក​ឃើញ​កូន​ក្មេង​ទាំង​ពីរ​នៅ​ត្រមែង​ត្រមាច​ដូច​នោះ​ ក៏​លើក​ដាក់​លើ​ទូក​នាំ​យក​ទៅ​។ អែ​ព្រះ​រាជា​កាល​ដែល​ហែល​បាន​ដល់​ត្រើយ​ម្ខាង​ហើយ​ ក៏​ដាក់មហេសី​នៅ​ក្រោម​ដើម​ឈើ​មួយ​ ផ្ដែ​ផ្ដាំ​ឲ្យ​នាង​នៅ​ចាំ​ ហើយ​ហែល​ត្រលប់​មក​យក​បុត្រា​ទាំង​គូវិញ​។ គ្រា​ដែល​ហែល​ឆ្លង​ផុត​មក​ មាន​សំពៅ​ជំនួញ​មួយ​បើក​ក្ដោង​មក​ដល់​ ឃើញ​នាង​មហេសី​នៅ​តែ​មួយ​អង្គ​អែង​ គេ​ក៏​នាំ​គ្នា​ចាប់​នាង​ដាក់​សំពៅ​យក​ទៅ​។ ចំណែក​ក្រុង​សុភមិត្រ​ ហែល​ឆ្លង​ទៅ​ដល់​ត្រើយ​ម្ខាង​ហើយ​ រកមើល​កូន​ពុំ​ឃើញ​ ក៏​ដង្ហោយ​ហៅ​ពេញ​ព្រៃ​ព្រឹក្សា​។

    លុះ​អសង្ឃឹម​ហើយ​ទើប​ហែល​ឆ្លង​មក​រក​ហេសី​វិញ​។ មក​ខាង​នេះ​ក៏​ទ្រង់​មិន​បាន​យល់​មហេសី​ទៀត​។ ព្រះ​អង្គ​វិតក្ក​ក្រៃ​លែង​ ក៏​យាង​មួយ​អង្គ​​ឯង​កាត់​ព្រៃ​ត្រោក​ព្រៃ​ត្រាញ់​ រហូត​ទៅ​ដល់​ទ្វារ​នគរ​មួយ​ឈ្មោះ​នគរ​រតក្ក​សីលា​។ នគរ​នោះ​ឥត​មាន​មហាក្សត្រ​ទេ​ ដូច្នេះ​សេវ​កាមាត្រ​ទាំង​ឡាយ​ ក៏​នាំ​គ្នា​រៀប​ក្បួន​គជេន្ទ្រ​ផ្សង​រក​អ្នក​មាន​បុណ្យ​មក​សោយ​រាជ្យ​ សម្បត្ដិ​។ ក្បួន​គជេន្ទ្រ​ បានទៅ​អញ្ជើញ​ក្រុង​សុភមិត្រ​ សុំ​ឲ្យ​ព្រះ​អង្គ​ឡើង​គ្រប់​គ្រង់​រាជ្យ​តក្កសីលា​។

    ថ្ងៃ​មួយ​នាយ​ព្រាន​ប្រមង់​បាន​នាំ​កុមារ​ពីរ​រូប​ទៅ​ថ្វាយ​ព្រះ​អង្គ​ ធ្វើ​ជា​ហា​តលិក​ តែ​ទ្រង់​ពុំ​ទាន់​ស្គាល់​ជា​រាជ​បុត្រ​នៅ​ឡើយ​ទេ​ ត្រា​តែ​ដល់​ពេល​មួយ​ នាយសំពៅ​នាំ​យក​បណ្ណា​ការ​មក​ថ្វាយ​ព្រះ​អង្គ​ ហើយ​ព្រះ​អង្គ​ទ្រង់​ឃាត់​ឲ្យនាយ​សំពៅ​នៅ​សំណេះ​សំណាល​លេង​សិន​ ដោយ​ទ្រង់​ចាត់​ឲ្យ​មហា​តលិក​ក្មេងៗ ទាំង​ពីរ​ទៅ​នៅ​ចាំ​សំពៅ​ជំនួស​។ គ្រា​នោះ​ចៅ​កំលោះ​ទាំង​ពីរ​បាន​សួរ​ដេញ​ដោល​គ្នា​រក​ដើម​ដាន​ ​ពី​រឿង​មាតាមិតា​ខ្លួន​។ ស្រាប់​តែ​នាង​កេសនី​ ដែល​នៅ​ពួន​ក្នុងបន្ទប់​ក្បែរ​នោះ​ លឺ​សូរ​ក៏​ចេញ​មក​ឱប​កូន​សោក​សោក​ នាំ​ឲ្យ​ពួក​សំពៅ​ផ្អើល​ឆោ​ឡោ ចាប់​អ្នក​កំលោះ​ទាំង​ពីរ​យក​ទៅ​ថ្វាយ​ក្សត្រ​ សុំ​ឲ្យ​ព្រះ​អង្គ​វិនិច្ឆ័យ​ទោស​ក្មេង​នេះ​ ព្រោះ​លប​ចាប់​នាង​ស្រី។ ព្រះ​រាជា​ទ្រង់​ធម៌​ ទ្រង់ត្រាស់​សួរ​ចៅមហា​តលិក​ទាំង​ពីរ​ ពី​ដើម​ចមមក​ ទើប​ទ្រង់់​ជ្រាប​ថា​ ជារាជ​បុត្រ និង ជា​មហេសី​របស់​ព្រះអង្គ។ ទ្រង់​ក៏​បានជួប​ជុំ​មហេសី​ និង បុត្រ​នៅ​គ្រង​រាជ្យ​ជា​សុខ​សាន្ដ​រហូត​ទៅ។

    នៅ​ក្នុងវគ្គ​នីមួយ​ៗ​ ឧកញ៉ា​កោសាធិបតី​-កៅ ប្រឹត​ប្រៀប​ពាក្យ​ពេចន៍​ឲ្យ​បាន​សម​រម្យ​ ហើយ​កុំ​ឲ្យ​មាន​ពាក្យ​ជួន​ឥត​​ប្រ​យោជន៍​ផង​។ ដូច​នេះ​ហើយ​ ទើប​ស្នា​ដៃ​នេះ​ បាន​សេចក្ដី​សរ​សើរ​ជា​ច្រើន​ ពី​សំណាក់​អ្នក​សិក្សា​ទាំង​​ឡាយ​ ហើយ​នៅ​ក្នុង​រឿង​នេះ​ លោក​បាន​រៀប​ធ្វើ​ក្បួន​កាព្យ​ខ្មែរ​បុរាណ​លាយ​ចំរុះ​ជា​មួយ​ផង​ សំរាប់​បង្ហាញ​អ្នក​ក្រោយៗ​ ឲ្យ​យល់​ថា​របៀប​ប្រើ​កាព្យ​ខ្មែរ​យើង​ដូច​ម្ដេច​ខ្លះ​។ ដើម្បី​ជា​សេចក្ដី​បញ្ជាក់​ យើង​ស្រង់​យក​សេចក្ដី​បន្ដិច​ក្នុង​រឿង​នោះ​ ត្រង់​ដែល​នាង​កេសនី​ទួញ​យំ​រលឹក​ស្វា​មី​ និង បុត្រ​ ក្នុង​គ្រា​ដែល​ឈ្មួញ​សំពៅ​ចាប់​នាង​យក​ទៅ​។ អត្ថ​បទ​នេះ​មាន​ដូច​ត​ទៅ​៖

កាលនោះ​នាង​ទេវី អគ្គ​មហេសី​រជ​ធីតា នាងភិត​ញ័រ​អង្គា​ យល់​អស់​ពាណិជ​ទាំងឡាយ​។ នាង​រែង​សោយ​សោកា​ ទួញ​ព្រះ​មហាក្សត្រ​ពណ្ណ​រាយ​ ផ្សាខ្លោច​ឈឺសព្វ​សាយ​ រែង​តាន​តឹង​ឱរា​រត្ឋ។ ទួញ​ថា​ឱព្រះ​បង​ ប្អូន​មក​រង​ទុក្ខ​ពេក​ក្តាត់​ ថា​ឱព្រះ​មហាក្សត្រ​ ស្ដេច​រែងទ្រង់​ព្រះ​មេត្ដា​។ មិន​ដឹង​ជា​ប្អូន​ស្រី​ កើត​ទុក្ខ​ថ្មី​ដល់​ម៉្លេះ​ណា​ មក​នៅ​នឹង​អស់​ពា​- ណិជ​​ភេត្រា​យក​ប្អូន​ទៅ។ ឱ​ម៉្លេះ​សម​ព្រះ​បង​ វិល​មក​ផ្គង​រក​ប្អូន​ពៅ​ ពុំ​ឃើញ​រត់​រក​ហៅ​ សព្វ​កណ្ដាល​ព្រៃ​ព្រឹក្សា​។ ឱអា​សូរ​បុត្រ​ពៅ​ ម៉្លេះ​យំ​បៅ​រក​មាតា​ សង្រេង​ឈឺ​ខ្លោច​ផ្សា​ ក្ស័យ​ជី​វ៉ា​សូន្យ​បោះ​បង់​។

    អត្ថ​បទ​ខាង​លើ​នេះ​ ឧកញ៉ា​កោ​សា​ធិបតី​-កៅ​ ធ្វើ​ជា​បទ​ព្រហ្មគីតិ ដើម្បី​ដំអូញ​សំដី​ដំណាង​សេចក្ដី​សោក​សង្រេង​របស់​នាង​កេសនី។