អារម្ភកថា
ថ្ងៃសៅរ៍ ទី18.មករា 2020.ម៉ោង 8:47

    ជាយូរ​មក​ហើយ​ដែល​ខ្ញុំ​ជាប់​ជំ​ពាក់​ចិត្ដ​ ក្នុង​បញ្ហា​អក្សរ​សាស្ដ្រ​ខ្មែរ។ គោល​បំណង​នេះ​ ក៏​ដាស់​តឿន​ចិត្ដ​ខ្ញុំ​ឲ្យ​ប្រឹង​ប្រែង ស្រាវ​ជ្រាវ​រាវ​រក​នូវ​លក្ខណ៍​ការណ៍​សំខាន់​ៗ​ របស់​អក្សរសាស្ដ្រ​ជាតិ​យើង​ ដើម្បី​ប្រមូល​ក្រង​គោល​គំនិត​ឲ្យបាន​គ្រប់​គ្រាន់​។ ក្នុង​ការ​ស្វែង​ស្រាវ​ជ្រាវ ខ្ញុំ​តែង​ជួប​ នឹង ឧបសគ្គ​ជា​ច្រើន​ សឹង​តែ​អស់​សង្ឃឹម​ថា​ពុំ​អាច​ធ្វើ​ទៅ​​ទៀត​កើត​ ប៉ុន្ដែ​ ចិត្ដ​មានៈ​នៅ​តែ​មាន​ជានិច្ច​ ពុំរវាត​ពី​ខ្លួន​ខ្ញុំ​ឡើយ​។ ដូច​លោក​អ្នក​អាន​ធ្លាប់​ជ្រាប​ស្រាប់​ហើយ លក្ខណ៍​គោល​ផ្សេងៗ​ នៃ​អក្សរ​សាស្ដ្រ​យើង​ សឹងតែ​ស្ថិត​នៅ​ក្នុង​អាថិកំបាំង​ សឹង​តែ​ទាំង​អស់​។ អក្សរ​ចារឹក សុទ្ធ​តែ​នៅ​នឹង​ថ្ម កប់​នៅ​កណ្ដាល​ព្រៃ​ ឬ ទីណា​ដ៏​ស្ងាត់​ ហើយ​សុទ្ធ​តែ​ជាភាសា​បាលី​ សំស្ក្រឹត​ថែម​ទៀត​។

    សាស្ដ្រា​ ឬ ក្រាំង​ផ្សេងៗ​ ស្ថិតនៅ​តាម​វត្ដ​អារាម​ ហើយ​រប៉ាត់រប៉ាយ​មិន​បាន​គត់មត់​ល្អ​ទេ។ រឿង​ព្រេង​ ឬ បទ​ចម្រៀ​ងសោត​ក៏​នៅ​តែ​តាម​មាត់​អ្នក​ស្រុក ជា​ពិសេស​​ អ្នក​នៅ​ឆ្ងាយ​ពី​ក្រុង​។ តែ​ជា​សំណាង​ល្អ​ដែរ​ ជា​យូរ​មក​ហើយ​ រាជ​ការ​យើង​ខាង​ក្រ​សួង​ធម្ម​ការ​ បាន​បង្កើត​ជា​ក្រុម​មួយ​ហៅ​ថា «ពុទ្ធ​សាស​ន​បណ្ឌិត្យ» ដែល​មាន​ភារ ប្រ​មូល​ឯក​សារ​គ្រប់​សព្វ​ ខាង​វប្ប​ធម៌​របស់​ខ្មែរ​ តាំង​ពី​បូរម​បូរាណ​មក​ គឺ​មាន​៖

    ក្រុម​ជំនុំ​ទំនៀម​ទំលាប់​ ក្រុម​ជំនុំ​ប្រែ​ព្រះ​ត្រៃ​បិដក​ ក្រុម​ស្រាវ​ជ្រាវ​ក្បួន​ខ្នាត​ផ្សេងៗ​ ក្រុម​រក្សា​សាស្ដ្រា ក្រាំង​ គម្ពីរ​ នឹង ​សៀវ​ភៅ​គ្រប់​បែប​យ៉ាង​ ដែល​យើង​ហៅ​ថា បណ្ណា​ល័យ។

    ដូច​នេះ​ក្រុម​ពុទ្ធសាសន​បណ្ឌិត្យ​ មិន​មែន​មាន​ភារ​តែ​ត្រឹម​ស្រាវ​ជ្រាវ ឬ​ ផ្សាយ​ពុទ្ធសាសនា​មួយ​មុខ​នោះ​ទេ​ គឺ​ពិត​ជា​វិជ្ជា​ស្ថាន​វប្ប​ធម៌​មួយ​យ៉ាង​ជាក់​ប្រាកដ​របស់​ខ្មែរ​។ អា​ស្រ័យ​លើ​ឯក​សារ​យ៉ាង​ចំ​ណាន​ៗ​ របស់​វិជ្ជា​ស្ថាន​នេះ​ឯង​ ដែល​ជួយ​បំភ្លឺ​ផ្លូវ​ ដឹក​នាំ​ដំណើរ​ស្រាវ​ជ្រាវ​របស់​ខ្ញុំ​ឲ្យ​ស្រួល​ច្រើន​។ ព្រោះ​ក្បួន​គម្ពីរ​ ក្បួន​ខ្នាត​ ឬ​ សៀវ​ភៅ​របស់​អ្នក​ប្រាជ្ញ​សរ​សេរ​ ពី​ការ​ស្រាវ​ជ្រាវ​បុរាណ​វត្ថុ​របស់​ខ្មែរ​ សុទ្ធ​តែ​មាន​តំកល់​នៅ​ក្នុង​ទីនោះ​។

    តែ​ទោះ​បី​ជា​ខ្ញុំ​បាន​ទទួល​ផល​ល្អ​ពី​បណ្ណា​ល័យ​នេះ​ហើយ​ក្ដី​ ខ្ញុំ​ត្រូវ​តែ​ចំណាយ​ពេល​ក្រៅ​ ពី​អាន​សៀវ​ភៅ​ ពី​ការ​កត់​ត្រា​តាម​សៀវ​ភៅ​ទាំង​​នោះ​ជា​ច្រើន​ទៀត​ ព្រោះ​ត្រូវការ​ស៊ើប​សួរ​ ប្រមែ​ប្រមូល​បញ្ជាក់​លើ​ការ​ណ៍ដែលជួប​ប្រទះ​ក្នុង​សៀវ​ភៅ​នោះ​ថែម​ទៀត​ផង​។ ​

    ឯ​រឿង​រ៉ាវ​សាស្ដ្រា​ ឬ ក្រាំង​ណា​ដែល​ពុំ​មាន​នៅ​ក្នុង​បណ្ណា​ល័យ​នេះ​ទេ​ ក៏​ត្រូវ​ស្វែង​រក​ឲ្យ​ឃើញ​ដែរ​ ដោយ​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​ឆ្ងាយ​ៗ មាន​វត្ដ​អារាម​ និង បុរាណ​ប្រាសាទ​ដែល​មាន​ជាប់​ទាក់​ទង​ នឹង រឿង​រ៉ាវ​នេះ​ជាដើម។

    ដោយ​សារ​ការ​ស្វះ​ស្វែង​ពិនិត្យ​អស់​រយ​កាល​ជាង​ ៧ឆ្នាំ​មក​ហើយ​ ទើប​ខ្ញុំ​ប្រមូល​ឯក​សារ​ និង​ គោល​គំនិត​ខាង​អក្សរ​សាស្ដ្រ​បាន​ច្រើន​បន្ដិច​ ល្មម​ឲ្យ​ពឹង​ផ្អែក​ខ្លួន​អែង​បាន​ខ្លះ​។ ប៉ុន្ដែ​ខ្ញុំ​ពុំ​ទាន់​រក​មធ្យោ​បាយ​ណា​ នឹង ផ្សាយ​ការ​សន្សំ​របស់​ខ្ញុំ​នេះ​បាន​នៅ​ឡើយ​។ លុះ​មក​ដល់​ គ.ស ១៩៥៧ ទើបក្រសួង​ឃោសនា​ការ​ បាន​អនុញ្ញាត​ឲ្យសមាគម​អ្នក​និពន្ធ​ខ្មែរ​ផ្សាយ​អំពី​អក្សរ​សាស្ដ្រ​តាម​វិទ្យុ​ជាតិ​ ដើម្បី​ណែ​នាំ​ឲ្យ​បណ្ដា​ជន​ខ្មែរ ស្គាល់​តំលៃ​មុខ​វិជ្ជា​នេះ​ផង​។ គណកម្មការ​នៃ​សមាគម​ ក៏បាន​ប្រគល់​ភារៈ ​ការ​ផ្សាយ​នេះ​ ដែល​ជា​បន្ទុក​មួយ​យ៉ាង​ធ្ងន់​មក​លើ​រូប​ខ្ញុំ។

    ខ្ញុំ​ទទួល​ភារ​ដោយ​ទើស​ទាល់​ ព្រោះ​នៅ​នៅ​ក្នុង​ចិត្ដ​បារម្ភ​ជា​ខ្លាំង​ថា​ ធ្វើ​ម្ដេច​ហ្ន៎! ឲ្យរឿង​រ៉ាវ​អក្សរ​សាស្ដ្រ​បាន​លេច​រូប​រាង​ ទៅ​បង្ហាញ​ជន​រួម​ជាតិ​ឲ្យបាន​ច្បាស់​លាស់ បើ​ខ្ញុំ​នៅ​ងងឹត​ងងល់​​នៅ​ឡើយ​។ ហើយ​បើ​ងាក​មើល​មក​អាត្មា​អែង​ ក៏​ឃើញ​ថា​មាន​ចំណេះ​ស្ដួច​ស្ដើង​ពេក​ ពុំ​សម​ល្មម​ហ៊ាន​ពារ​ទៅ​លើ​កិច្ច​ការ​នេះ​សោះ​ ព្រោះ​ក្រែង​ប៉ះ​ទៅ​លើ​ការ​ខុស​ឆ្គង​ខ្លះ​ទៅ​ មុខ​ជា​ត្រូវពាក្យ​និន្ទា​ពី​អ្នក​ផង​មិន​ខាន​។ តែ​ក្នុង​គ្រា​ជា​មួយ​គ្នា​នេះ​ មាន​គំនិត​ថ្មី​មួយ​មក​រំលឹក​ស្មារតី​ខ្ញុំ​ថា៖

    ការ​យល់​ដូច​ខាង​លើ​នេះ​ ជា​ហេតុ​នាំ​អោយ​រិច​រិល​ទៅ​វិញទេ​ ព្រោះថា កិច្ច​ការ​ដែល​ធ្វើ​ទៅ​ហើយ​ រមែង​តែ​មាន​ឆ្គាំ​ឆ្គង​ជា​មិនខាន​ គឺ​មាន​តែ​អ្នក​មិន​ធ្វើ​សោះ​នោះ​ទេ ដែល​មិន​ចេះ​ខុស​សោះ​។ ហើយ​ម្យ៉ាង​ទៀត​ ខ្ញុំ​យល់​ថា "ក្នុង​ទីងងឹត​ សូម្បី​ពន្លឺ​ប្រទីប​តូច​ក៏​ដោយ​ បើ​គ្មាន​ចង្គៀងបំភ្លឺ​​ទេ ក៏រាប់​បាន​ថា​ ជា​គ្រឿង​បំភ្លឺ​មួយ​ជា​ជាង​គ្មាន​ពន្លឺ​សោះ​ដែរ​"។ ប្រ​សិន​ណា​ជា​ថ្ងៃ​ក្រោយ​ទៅ​ មាន​សិល្ប​ករ​ចំណាន​ ជួយ​រចនា​កូន​ប្រទីប​ខ្ញុំ​ ពោល​គឺ​កិច្ច​ការ​នេះ​ ឲ្យ​កាន់​តែ​ភ្លឺ​រន្ទាល​ច្បាស់​ចាំង​ចែង​ឡើង​នោះ​ រឹង​រិត​តែ​សម​ប្រា​ថ្នា​ជាក់​ស្ដែង​ឡើង​ សំរាប់ជា​សាធារ​ណប្រយោជន៍​តទៅ​។​

    លុះ​យល់សព្វ​គ្រប់​ដូច​ពណ៌​នា​ខាង​លើ​ ខ្ញុំ​ក៏​ជាប់​ចិត្ដ​រៀប​ចំ​សរសេរ​ជា​អត្ថ​បទ​ខ្លី​ៗ​ ល្មម​យក​ទៅ​ថ្លែង​ផ្សាយ​តាម​វិទ្យុ​ជាតិ​ រៀង​រាល់​ថ្ងៃ​ព្រ​ហស្បតិ ចាប់​តាំង​ពី​ខែ​ កញ្ញា​ គ,ស ១៩៥៧ មក​។ កាល​បាន​ផ្សាយ​ជា​ច្រើន​លើក​ ចំនួន​ជិត​ពីរ​ឆ្នាំ​ទៅ​ហើយ​ មាន​មិត្ដ​ភក្ដិ​ខ្ញុំ​ជា​ច្រើន​យល់​ថា កិច្ច​ការ​របស់​ខ្ញុំ​នេះ​ មាន​ប្រយោជន៍​ដល់​អ្នក​សិក្សា​ណាស់​។ គេ​ពោល​ដាស់​តឿន​ឲ្យ​ខ្ញុំ​ចង​ក្រង​បោះ​ពុម្ព​ជា​សៀវ​ភៅ​ឡើង​ ព្រោះ​ការ​ស្ដាប់​តាម​ត្រ​ចៀក​ ម្ដង​បន្ដិចៗ​ មកនោះ​​ ជាការ​រាត់​រាយ​ពន់​ពេក​។

    កាល​ពី​ខែ​តុលា​ គ.ស ១៩៥៨ ប្រ​ទេស​នានា​នៃ​ជន​ជាតិ​អាស៊ី​ និង អាហ្វ្រិក បាន​ប្រ​មូល​គ្នា​ធ្វើ​សន្និ​សិទនៅ​ទី​ក្រុងកាស្កេន (សហភាពសូ​វៀត) ស្ដី​ពី​អក្សរ​សាស្ដ្រ​ និង វប្បធម៌។ ខ្ញុំ​ក៏​មាន​កិត្ដិយស​ បាន​ទទួល​សេចក្ដី​ទុក​ចិត្ដ​ពីអ្នក​និពន្ធ​នានា ដែល​តម្រូវ​ឲ្យ​ខ្លួន​ខ្ញុំ​ និង មិត្ដ​ស្និទ្ធ​ស្នាល​ខ្ញុំ លោក​ម៉ា​-ឡាយ​ខេម ធ្វើ​ជា​ដំណាង​ប្រ​ទេស​កម្ពុជា​ ឲ្យទៅ​កាន់​សន្និសីទ​នោះ។

    ឱកាស​នេះ​ លទ្ធ​ផល​ក្នុង​ការ​ស្រាវ​ជ្រាវ​របស់​ខ្ញុំ​ ក៏​បាន​ទៅលាត​ត្រ​ដាង​បង្ហាញ​រូប​រាង​អក្សរ​សាស្ដ្រ​ និង វប្បធម៌​ជាតិ​ ដល់​បណ្ដា​ដំណាង​ប្រទេស​នានា​។ ពេល​នោះ​ទៀត​ គេ​មាន​បង្កើត​​ការ​ពិពណ៌​សៀវ​ភៅ​របស់​ជន​ជាតិ​ទាំង​អស់​ ដែល​បាន​ទៅ​រួម​​ប្រ​ជុំ​។ ខ្មែរ​យើង​ក៏បាន​បញ្ចេញ​សៀវ​ភៅ​ ជាង​ ៥០ក្បាល​តាំង​ នឹង ​គេ​ដែរ​។ តែ​មាន​ភ្ញៀវ​ជា​ច្រើន​ចេះ​តែ​សួរ​រក​សៀវ​ភៅ​ដែល​ស្ដី​ពី​អក្សរ​សាស្ដ្រ​ខ្មែរ​ ហើយ​ដែល​កាល​នោះ​យើង​ពុំ​ទាន់​មាន​នៅ​ឡើយ។ លុះ​ត្រលប់​មក​វិញ​ ខ្ញុំ​រឹង​រឹត​តែ​ប្រាថ្នា​ធ្វើ​យ៉ាង​ណា​ឲ្យកើត​បាន​ជា​សៀវ​ភៅ​នេះ នឹង គេឡើង​។

    លុះ​មក​ដល់​ គ.ស. ១៩៥៩ នេះ​ ក្រសួង​សិក្សា​ធិការ​ បាន​ចាត់​ឲ្យ​ខ្ញុំទៅ​បង្រៀន​នៅ​អនុវិទ្យា​ល័យ​ព្រះ​នរោត្ដម​ ខ្ញុំក៏​បាន​ឱកាស​ធ្វើ​វិសិដ្ឋិការ​ចំពោះ​មុខវិជ្ចា​នេះ​ថែម​ទៀត​

    រហូត​មកដល់​សព្វ​ថ្ងៃ​នេះ​ កិច្ច​ការ​របស់​ខ្ញុំ​ក៏​បាន​លេច​រូប​ឆោម​ឡើង​សំរាប់​ជួយ​ផ្ដល់​សេចក្ដី​ត្រូវ​ការ​ ឲ្យ​អ្នក​សិក្សា​អក្សរ​សាស្ដ្រ​ខ្មែរ​ ដែល​សម័យ​បច្ចុប្បន្ន​កំពុង​តែ​ស្វះ​ស្វែង​តម្រូវ​តាម​កម្មវិធី​សិក្សា​ផង​ និង តម្រូវ​តាម​ឋាន​ប្រទេស​យើង​ដែល​ជា​រដ្ឋ​ឯក​រាជ្យ​គ្រប់​លក្ខណផង។ ខ្លួន​ខ្ញុំ​ក៏​មាន​ចិត្ដ​រីករាយ​ណាស់​ ដោយ​បាន​បំពេញ​ករ​ណី​យកិច្ច​តាម​បំណង​ដែល​មាន​ជាយូរ​មកហើយ​ ទុក​ដូច​ជា​ខ្ញុំ​បាន​សង​បំណុល​មួយ​ដែល​ធ្លាប់​ជំពាក់​ក្នុង​ចិត្ដ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែរ​។

    ហេតុនេះ​ខ្ញុំ​សូមអភ័យ​ទោស​ពី​សំណាក់​អស់​លោក​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ ក្រែង​លោ​មាន​ការ​ខុស​ឆ្គង​ត្រង់​ណា​សូមមេត្ដា​ជួយ​តម្រែ​តម្រង់​​ឲ្យ​ទាន​ ព្រោះ​ស្នា​ដៃ​នេះ​ជា​ការ​ល្បង​របស់​ខ្ញុំ​ក្នុង​កិច្ច​សិក្សា​ និង វែក​ញែក​អំពី​អក្សរ​សាស្ដ្រ​ខ្មែរ។

    ជា​បញ្ចប់​ ខ្ញុំ​សុំ​លំឱន​កាយ​គោរព​ដល់វិញ្ញាណខន្ធ​អស់​លោក​កវី អ្នក​និពន្ធ​ ពីព្រេង​នាយ​ ដែល​បានទុកស្នា​ដៃ​ឲ្យយើង​រហូត​សព្វ​ថ្ងៃ​នេះ។​​

ភ្នំពេញ មីនា ១៩៥៩
          លី ធាមតេង

ឧទ្ទិសកថា
សូមឧទ្ទិស
ស្នា​ដៃ​នេះ​ជូន​ដល់​វិញ្ញាណ​ក្ខន្ធ
កវី និង អ្នកនិពន្ធ

ដែល​បានឃ្លាតទៅកាន់បរលោក​នាយ


សូមឧទ្ទិស
ខ្ញុំ​សូម​ឧទ្ធិស​ស្នា​ដៃ​ដ៏​ខិត​ខំ និង ផ្ចិតផ្ចង់​បំផុត​របស់​ខ្ញុំ​នេះ​ ជូន​ចំពោះ​វិញ្ញាណ​ក្ខ័ន្វ នៃ បិតា ខ្ញុំ​ នាម លឺ - ម៉ុង ដែល​លោក​ខំបង្ហាត់​ចិត្ដ​ខ្ញុំ​ ឲ្យ​ចេះ​ស្រឡាញ់​អក្សរសាស្ត្រ​ខ្មែរ​ តាំងពី​អាយុ​ ៧ឆ្នាំ​។ គ្រា​នោះ​លោក​បានសរសេរ​សាស្ដ្រា​រឿង​មួយ​យ៉ាង​វែង​ ដោយ​គំនិត​ផ្ទាល់​របស់​លោក​ ឲ្យឈ្មោះ​ថា​រឿង​ «សុវណ្ណ​រុក្ខា» សំរាប់​បង្ហាត់​ខ្ញុំ​ឲ្យ​ចេះ​ជញ្ជក់​រស​ជាតិ​អក្សរ​សាស្ត្រ​ខ្មែរ​ តាំង​ពីនោះ​រហូតមក​​។ ល.ធ.ត

ដំរីជើងបួនគង់ភ្លាត់ អ្នកប្រាជ្ញចេះស្ទាត់គង់មានភ្លេច