៩ -ការប្រដាល់នៅកោះត្រឡាច
ថ្ងៃសុក្រ ទី7.កុម្ភៈ 2014.ម៉ោង 22:31

   ក្រោយពីឈប់កាប់អុសបាន១០ថ្ងៃ ដល់ថ្ងៃទី៨ ខែធ្នូ ១៩៤២ ខ្ញុំបានកាត់ទៅសួរសុខទុក្ខលោកភោគនីនៅកន្លែង​ឡ​ឥដ្ឋ​ធ្យូង ដែល​មាន​មិត្ដ​ភក្ដិ​៣-៤​នាក់​ធ្វើ​ការ​នៅ​នោះ​។ កំពុង​តែ​និយាយ​គ្នា​លែង​ពី​នេះ​ពី​នោះ ស្រាប់តែតំរួតជាតិខ្មែរម្នាក់ឈ្មោះស៊ុម នៅទីនោះបានមកឈរ​និយាយ​លេង​ជា​មួយ​ដែរ​។ គាត់​ថា គាត់​ស្គាល់​ពូជ​អំបូរ​ខ្ញុំ​ច្បាស់​នៅសង្កាត់ច្បារអំពៅខេត្ដកណ្ដាល គាត់ថាចាំមានឱកាសស្រួល គាត់​នឹង​សុំ​អោយ​ខ្ញុំ​ធ្វើ​ការ​នៅ​ឡ​ធ្យូង ជា​មួយ​តា​ភោគ នី​វិញ​ដើម្បី​អោយ​បាន​ជួប​ជុំ​គ្នា​។ ខ្ញុំ​ក៏​ថ្លែង​អំណរ​គុណចំពោះគាត់វិញ។ ក្រោយនោះ លោកភោគ នី​បាន​ជំរាប​ទៅ​លោក​ស៊ុម​នោះ​ថា ប្អូន​ប៊ុណ្ណ​ចន្ទ ម៉ុល ចេះ​ដាល់​ពូ​កែ​ចំណាប់។ លោកស៊ុមក៏សួរបញ្ជាក់ខ្ញុំវិញថា ចេះមែនរឬ? ខ្ញុំ​ក៏​ជំ​រាប​គាត់​វិញ​ថា ចេះ​ខ្លះ​ដែរ​តែ​ពុំ​ដែល​បាន​ប្រ​កួត​ប្រ​ជែង​នឹង​គេ​ឡើយ គ្រាន់​តែ​ធ្លាប់​បាន​ហាត់​កី​ឡា​ប្រដាល់ច្រើនមុខជាងកីឡាឯទៀតៗ។ គាត់សួរបញ្ជាក់ខ្ញុំទៀត​ថា ឯង​ចេះ​កីឡា​ច្រើន​មុខ​ផង​? ខ្ញុំ​ឆ្លើយ​ប្រាប់​គាត់​ថា ខ្ញុំចេះច្រើនមុខសឹងតែគ្រប់កីឡាទាំងអស់ ដែលនៅស្រុកខ្មែរគេ​និយម​រាប់​អាន​។ គាត់​ថា​ឥឡូវ​នេះ នៅ​កោះ​ត្រឡាច​គេ​កំពុង​រក​ជាតិ​ខ្មែរ​យើង​ម្នាក់​ទៅ​ប្រ​ដាល់​ជា​មួយ​ជាតិ​យួនម្នាក់ឈ្មោះអាបេ ធ្វើការនៅក្រុមសាធារ ណៈការ​កោះ​ត្រ​ឡាច​។ វា​ជា​អ្នក​បើក​បរ​រូឡូ​កិន​ថ្ម តាម​ផ្លូវ​ថ្នល់​នៅមាត់សមុទ្រ។ អាបេវាដាល់ឈ្នះខ្មែរយើងរាប់ចំនួន ៧ឆ្នាំកន្លងមកហើយ ឥត​នរ​ណា​ហ៊ាន​ដាល់​នឹង​វា​ទៀត​ទេ​។ ឥឡូវ​នេះ​ជិត​ចូល​ឆ្នាំ​បារាំង​ទៀត​ហើយ លឺ​សូរ​គេ​សួរ​រក​គូ​ប្រ​ដាល់​ អោយទៅប្រកួតនឹងអាបេទៀត តើឯងហ៊ានលេង​នឹង​វា​ទេ​? វា​ជា​មនុស្ស​ខ្លាំង​ហើយ​ពូកែ​រហ័ស​រហួន​ណាស់ ពួកខ្មែរយើងនៅកោះត្រឡាចខ្លាចវាទាំងអស់។ គ្រានោះ​ខ្ញុំ​នៅ​ស្ងៀម​ឥត​ឆ្លើយ​ថា​អ្វី​ឡើយ ចេះ​តែ​គិត​ពិចារ​ណា​ក្នុង​ចិត្ដ​ថា អា​បេ​អី​គេ​នោះ​មាឌ​ប៉ុន​ណា​ទៅ​? លោក​ក៏​បញ្ជាក់​ខ្ញុំ​ទៀត​ថាៈ ហ៊ានប៉ះនឹង​វា​ទេ? ខ្ញុំ​ក៏​ឆ្លើយ​ថាៈ បាទ​មិន​ទាន់​ហ៊ាន​ថា​ទេ​ ចាំ​ខ្ញុំ​បាទ​រក​មើល​រូបរាង​វា​អោយ​ច្បាស់​សិន បើល្មមតស៊ូបាន ខ្ញុំបាទនឹងជូនដំណឹងលោក​ក្នុង​រវាង​ពីរ​​ថ្ងៃទៀត​!​។

   នៅពេលនោះខ្ញុំដូចជាអរបន្ដិចព្រួយបន្ដិច ដោយមកពីខ្លួនខ្ញុំមិនដែលចុះស្នាមម្ដងណាម្ដងណាសោះ​ផង មក​ពី​ល្បី​ថា អាបេ​នោះ​វា​ខ្លាំង​ណាស់ តែ​ដាល់​ត្រូវ​មួយ​ដៃ​មុខ​ជា​ក្អក​ធ្លាក់​ឈាម​ស្លាប់​មិន​ខាន ហើយបើទាត់ត្រូវមួយជើងវិញ ក៏តោងក្អកធ្លាក់ឈាមដូចគ្នា ឃើញ​ថា​គួរ​អោយ​ខ្លាច​វា​ដែរ ប៉ុន្ដែ​ត្រូវ​តែ​ប្រុង​ស្នៀត​ជា​និច្ច មិន​អោយ​វា​រំលោភរំលងលើបានទេ បើជាត្រូវស្លាប់វិញ ធ្វើ​ម៉េច​អាយុ​វា​ត្រូវ​អស់​ត្រឹម​នេះ​ឯង​។ ចិត្ដ​ខ្ញុំ​នៅ​អល់​ឯក​បែក​ជា​ពីរ​ជា​និច្ច មក​ពី​យួន​ និង​ខ្មែរ​ទាំង​អស់​វា​ខ្លាចអា បេដូចខ្លាទៅហើយ ឥតមាននរណាហ៊ានប្រកួត នឹង​វា​ឡើយ​។ ស្រាប់​តែ​ដល់​ពេល​នេះ ទើប​មាន​រូប​ខ្ញុំ​ម្នាក់​គត់​ដែល​ហ៊ាន​ចេញ​មុខ​សុំ​ប្រ​កួត​នឹង​វា។

   តពីនោះបានតែ៣-៤ថ្ងៃ ដំណឹងនេះបានលឺសុសសាយពេញកោះត្រឡាចអ្នកទោសជាតិយួនៗខ្លះផ្អើលថា មាន​ជាតិ​ខ្មែរ​ម្នាក់ ទើប​តែ​មក​ដល់​ថ្មី​ៗ ហ៊ាន​ប្រ​កួត​នឹង​បង​បេ​យើង​ផង អា​នោះ​មុខ​ជា​ងាប់​ឆាប់​ហើយ បង​បេ​ដាក់តែមួយដៃមួយជើង វាប្រកាច់ស្លាប់ទៅហើយ។ គឺ​ជា​ទំលាប់​នៃ​ចិត្ដ​គំនិត​របស់​ជន​ជាតិ​យួន​ដូច្នេះ​ឯង បើ​ហ៊ាន​ៗ​ណាស់ លោតែខ្លាចវិញ តែមុខយើងក៏មិនហ៊ានងាកមើល​ចំ​ផង​។ នេះ​ជា​រឿង​ពិត​ដែល​ខ្ញុំ​បាន​ទៅ​រស់​នៅ​ជា​មួយ​ពួក​វា​ បាន​ដឹង​ស្គាល់​គំនិត​វា​សព្វ​គ្រប់​អស់​។ ដូចពាក្យបុរាណថា រស់ជាមួយចោរហារយដូច្នោះ ដឹង​រឿង​វា​ទាំង​អស់​។

   ចំណែកអាបេវិញ វាត្រូវបានឈប់សំរាក ដើម្បីអោយហាត់បំរុងប្រកួតជាមួយខ្ញុំ ដូចជាខ្ញុំដែរ។ តាំង​ពី​នោះ​មក និយាយ​ពី​ពួក​បង​ប្អូន​ខ្មែរ​យើង​ជា​មនុស្ស​ទោស​ដូច​គ្នា បាន​នាំ​គ្នា​យក​ថ្នាំ​បៀម ថ្នាំ​ចង​កំភួន​ដៃ​មកអោយខ្ញុំ។ ឯលោកតាភោគ នី បានយករិសឈើម្យ៉ាងមក​អោយ​ខ្ញុំ​បៀម​ដែរ​។ ខ្ញុំ​ចេះ​តែ​ទទួល​ពី​មិត្ដ​ភក្ដិ​ដោយ​ចិត្ដ​រំភើប​រីករាយដើម្បីកុំអោយមិនត្ដខ្ញុំទាំងនោះខូចចិត្ដ។ ថ្ងៃ​ខែ​ចេះ​តែ​កន្លង​ទៅ ថ្ងៃ​ទី​ ១​មករា​១៩៤៣ បាន​មក​ដល់ ការ​ប្រ​កួត​គ្នា​ក៏​ចាប់​ប្រ​ព្រឹត្ដ​ឡើង​នៅ​ក្នុង​រោង​ល្ខោន​មួយ​ដែល​គេបានចាត់ចែងឡើងដោយឆាកល្ខោនធ្វើជាទីប្រកួត​។ ចំណែក​អ្នក​មើល​មាន​ជាតិ​បារាំង យួន ខ្មែរ​ជា​ស៊ី​វិល​ស្ទើរ​តែ​ទាំង​អស់ បានមកទស្សនាជាមួយមនុស្សទោសរាប់ពាន់​នាក់​កក​កុញ​ពាស​ពេញ​រោង​ល្ខោន​រហូត​ដល់​រហែក​ជញ្ជាំង​ស្លឹក​អស់​រលីង​ទៅ​ទៀត​។ យប់​នោះ​មាន​គូ​ប្រដាល់៥គូ គឺក្នុងមួយគូ មានយួនម្នាក់ ខ្មែរម្នាក់ គ្រប់​គូ​ទាំង​អស់​។ គូ​ទី​មួយ​ខ្មែរ​ចាញ់​យួន​។ គូ​ទី​២​ស្មើ​គ្នា គូ​ទី​បី​ខ្មែរ​ចាញ់​យួន គូ​ទី​បួនខ្មែរឈ្នះយួន។ ឯគូរទី៥ គឺអាបេ និងខ្ញុំនេះឯង។ មុនចូលទៅ​ប្រ​កួត​ខ្ញុំ​នឹក​បន់​ស្រន់​ដល់​គុណ​បុណ្យ ដែល​ខ្ញុំ​បាន​ធ្វើ​គ្រប់​បែប​យ៉ាង ព្រម​ទាំង​គុណ​មាតា​បិតា​សូម​អោយ​ជួយខ្ញុំ អោយបានឈ្នះគូប្រកួត ដើម្បីលើកតំកើង កេរ្ដិ៍​ឈ្មោះ​ជាតិ​ខ្មែរ​យើង​នៅ​កោះ​ត្រ​ឡាច​។ នៅ​ពេល​នោះ​ខ្ញុំ​នឹក​សង្ឃឹម​ច្រើន​ ដោយឃើញអាបេ វាឡើងមកលើរានប្រយុទ្ធ​វា​បញ្ចេញ​ស្នៀត​ប្រ​យុទ្ធ​របៀប​បុរាណ ដែល​យួន​ហៅ​ថា «យ៉​ស៊ី» ជា​ស្នៀត​ចិន​ប៉ា​ហ៊ី​។ ខ្ញុំ​នឹក​ក្នុង​ចិត្ដ​ថា​បើ​វា​ប្រើ​ស្នៀត​នេះ ជា​មួយ​ខ្ញុំ ខ្ញុំ​មុខ​ជា​ឈ្នះ​វា​ពិត​ប្រាកដ​។

   លុះដល់ម៉ោង អាជ្ញាកណ្ដាលក៏តាំងវាយរគាំងម៉ូងៗ ខ្ញូំនិងអាបេក៏បានក្រោកឡើងដើរចូររកគ្នា។ ពេល​នោះ​អាបេ​វា​ចេញ​ស្នៀត​បុរាណ វា​តាំង​ដាល់​ខ្ញុំ​មុន តែ​ខុស​ដោយ​ខ្ញុំ​គេច​ផុត វា​បែរ​មក​រក​ខ្ញុំ​ម្ដង​ទៀត វាដាល់ថែមមួយដៃទៀត ខ្ញុំគេចខុសទៀត។ ដល់លើទីបី វាលុក​ចូល​មក​បំរុង​ដាល់​ចំ​មុខ​ខ្ញុំ​ទៀត ខ្ញុំ​គេច​មុខ​ផុត​ទៅ​ទៀត ទើប​ខ្ញុំ​ប្រ​ញាប់​ដាល់​សង​មួយដៃស្ដាំចំមុខវាវិញ ដែលវាកាត់មិនទាន់ ហើយ​ខ្ញុំ​ដាក់​មួយ​ដៃ​ស្ដាំ​ភ្លាម​ៗ​ទៅ​ទៀត ត្រូវ​ចំ​ក្រោម​ចង្កា​វា ហើយ​ក្បាល​ជង្គង់​ខ្ញុំ​ក៏​បុក​បណ្ដោយ​ភ្លាម​ទៅ​ទៀត ត្រូវត្រង់ពោះបាយវា ហើយខ្ញុំប្រញាប់លោតថយ​ក្រោយ​វិញ​ភ្លាម ឯ​វា​ក៏​រលំ​ដួល​គ្រាំង​ក្រាប​ស្រ​ប៉ាប​នឹង​ក្ដារ​រាន​ប្រដាល់តែម្ដង។ ចំណែកអាជ្ញាកណ្ដាលក៏រាប់ ១-២ដល់៧ ថា​អោយ​ខំ​ក្រោក​ឡើង តែ​វា​បាន​លើក​ដៃ​ទាំង​ពីរ​សុំ​ញ៉ម​តែ​ម្ដង ដោយ​ហេតុ​ថា​វា​នៅ​ងោង​ស្រវាំង​មិន​ទាន់​ស្វាង​នៅ​ឡើយទើបវាសុំចាញ់ក្នុងទឹកដំបូងតែម្ដង។

   នៅពេលនោះក្រុមខ្មែរបារាំងយួន ស្រែកហ៊ោយ៉ាងខ្លាំងធ្វើអោយព្រឺក្បាល ណាមួយភ័យថែមទៀត។ រំ​ពេច​នោះ​មាន​មេ​តំរួត​គិញ​ម្នាក់​ជាតិ​បារាំង​ឈ្មោះ​ទូស​ទូ បាន​ឡើង​លើ​រាន​ប្រយុទ្ធ​ហើយ​អង្អែល​ស្មា​ខ្ញុំ ព្រមទាំងសួរឈ្មោះ និងលេខប្រចាំខ្លួន ខ្ញុំសព្វគ្រប់កត់ចុះក្នុង​កូន​សៀវ​ភៅ​មួយ រួច​ញញឹម​រក​ខ្ញុំ​ហើយ​ក៏​ចេញ​ទៅ​បាត់​ទៅ​។ ចំណែកមេតំរួតបារាំងខ្លះដែលបានមកទស្សនា បានអោយ​ប្រាក់​ខ្ញុំ ខ្លះ​៥​រៀល ខ្លះ​១០​រៀល រួម​ទាំង​អស់​បាន​ចំនួន​៥០​រៀល​។ ឯ​មនុស្ស​ទោស​ខ្មែរ​រាប់​រយ​នាក់​បាន​មក​អោប​រិត​ខ្ញុំ នឹង​រក​តែ​ផ្លូវ​ចេញមិនរួច។ មានខ្លះបានស្រែកថា នេះចំ​ជា​ខ្មែរ​ដៃ​ឆើត​មែន​ អាច​បំបាក់​អាបេ​បាន​។ ជយោ! ​ខ្មែរ​។

   និយាយពីលោកស៊ុម អរណាស់គាត់បានទៅសុំអនុញ្ញាតពីមេតំរួតបារាំងខាងគុកកាប់អុសអោយខ្ញុំ​បាន​ទៅ​ដេក​នៅ​ក្រៅ​គុក​មួយ​យប់​។ ខ្ញុំ​ក៏​បាន​មក​នៅ​កន្លែង​ឡ​អិដ្ឋ​ជា​មួយ​គាត់ យប់​នោះ​គាត់​បាន​អោយពួកបោយគាត់ កាប់មាន់បបរទទួលទាន ដោយ មានស្រាថ្នាំរបស់​គាត់​អែប​ជា​មួយ​ទៀត មាន​មនុស្ស​ទោស​ជា​ច្រើន​បាន​រួម​ទទួល​ទាន​បបរជាមួយគ្នា។ យប់នោះខ្ញុំបានសប្បា យជា​មួយ​គេ​ឯង​រហូត​ម៉ោង​៣​ទៀប​ភ្លឺ ទើប​បាន​សំរាក​ទទួល​ទាន​ដំណេក​។

   លុះព្រឹកឡើង ខ្ញុំបានលាលោកស៊ុមកាត់ទៅលេង នឹងកាប៉ូរ៉ាល់ខាត់ ឯចំការដំឡូង។ គ្រាន់តែ​ក្រ​លេក​ឃើញ​ខ្ញុំ​ទៅ​ដល់​ភ្លាម បង​ខាត់​ស្ទុះ​មក​អោប​ខ្ញុំ​ហើយ​ពោល​ថា បង​មិន​បាន​ដឹង​ថា​ប្អូន​ឯង​ចេះ​ដាល់​សោះ ទើបតែយប់នោះ បងទៅមើលនឹងគេដែរ ដំបូងពួកយួនវាទាយ​ថា ប្អូន​ឯង​ស៊ូ​នឹង​អាបេ​មិន​បាន​មួយ​ទឹក​ទេ មុខ​ជា​ក្អួត​ឈាម​ស្លាប់​ហើយ​។ ដល់សំរេចសំរួចទៅមានឯណា? ប្អូនឯងដាក់វាដួល​ទាល់​តែ​ក្រោក​មិន​រួច ស្រាប់​តែ​ពួក​អាយួន​ទាំង​អស់​បាត់​មាត់​ឈឹង​ដូច​គេ​ចុក​តែ​ម្ដង​។ ឥលូវ​នេះ​ប្អូន​ឯង​​ល្បីឈ្មោះហើយនៅលើកោះនេះ ពីព្រោះតាំងពី​៧​ឆ្នាំ​កន្លង​មក​ហើយ គ្មាន​ជាតិ​ខ្មែរ​ណា​ម្នាក់​បំបាក់​អា​បេ​បាន​ទេ វាឈរ​ឈ្មោះ​ជា​ជើង​ឯក​រហូត​មក​។

   នៅថ្ងៃនោះ បងខាត់ព្រមទាំងសហការីរបស់គាត់ខាងដាំដំឡូងបាននាំគ្នាចាប់មាន់ទាធ្វើម្ហូបយ៉ាងច្រើនជប់លៀង​ខ្ញុំ​ជា​កិត្តិ​យស ដល់​ជ័យ​ជំនះ​របស់​ជាតិ​ខ្មែរ​នៅ​កោះ​ត្រ​ឡាច​។ ខ្ញុំ​ក៏​មាន​ចិត្ដ​សប្បាយ​រីក​រាយ​ក្រៃលែងរកកល់ភ្លេចខ្លួនថាជាមនុស្សទោសទៅទៀត ដោយ​ហេតុ​អ្នក​ដែល​ទៅ​រួម​ប្រជុំ​ទទួល​ទាន​ជា​មួយ​គ្នា​នោះ សូម្បី​តែ​ជាតិ​យួន​ក៏​នាំ​គ្នា​និយាយតែពីជ័យជំនះរបស់ខ្ញុំដែរ ព្រមទាំងសរសើរពី​ស្នៀត​ប្រ​ដាល់​របស់​ខ្ញុំ​ថា វិសេស​វិសាល​ណាស់ ដែល​គេ​មិន​ធ្លាប់​បាន​ឃើញ​ដូច្នេះ​ដល់​ម្ដង​ណា​សោះ​។ ខ្ញុមកនៅលេងជាមួយមិត្ដទាំងនេះរហូតដល់ពេល​ល្ងាច ទើប​ត្រ​លប់ទៅ​ចូល​គុក​ខាង​កាប់​អុស​វិញ​។ នៅ​ឆ្នាំ​១៩៤២ដែល​ខ្ញុំបាន​ទៅដល់កោះត្រឡាច ខ្ញុំបានដំណឹងថា មនុស្សទោស​នៅ​ក្នុង​ឆ្នាំ​នោះ មាន​ជាង​៦០០០​នាក់ ចំណែក​ឯ​អ្នក​រដ្ឋ​ការ​ជាតិ​បារាំង យួន ខ្មែរជាទាហានវិញមានចំនួន៥០០នាក់យ៉ាងច្រើន។

   ព្រឹកឡើងទៀត មានតំរួតម្នាក់កាន់សំបុត្រពីក្រសួងសំងាត់ មកកោះហៅខ្ញុំអោយចូលខ្លួនទៅ។ ខ្ញុំក៏ដើរតាមតំរួត​នោះ​ទៅ​កាន់​ទី​ចាត់​ការ​នៃ​ក្រ​សួង​សំងាត់​នោះ កាល​ចូល​ទៅ​ដល់​លោក​ទូស​ទូ ជា​ចាង​ហ្វាង​មិន​នៅ​ទេ​។ លុះចាំបន្ដិចទើបឃើញលោកមកដល់ លោក​ញញឹម​មក​កាន់​ខ្ញុំ​សួរ​ថា ឯង​ចង់​មក​នៅ​ក្រសួង​សំងាត់​ទេ​? ខ្ញុំ​ឆ្លើយ​ជំរាប​លោកថា តាមតែលោកមេត្ដាអោយខ្ញុំបាទធ្វើ​អ្វី​ក៏​ខ្ញុំ​បាទ​ធ្វើ​ដែរ​! លោក​ងក់​ក្បាល​ញញឹម ហើយ​ឡើង​ទៅ​ឯ​មន្ទីរ​ចាត់​ការ​បាត់​ទៅ​។ លុះ​លោក​ត្រលប់​មក​វិញ ក៏អោយមនុស្សម្នាក់នាំខ្ញុំទៅកាន់កន្លែងធ្វើការនៅក្រសួង​សំងាត់​នោះ​ទៅ​។ ទី​នោះ​មិន​មែន​ជា​គុក​ទេ គឺ​ជា​កន្លែង​ដែល​មាន​ សង់​ផ្ទះ​តូច​ៗ ជា​ច្រើន​។ ខ្ញុំនឹកឃើញពាក្យដែលមិត្ដខ្ញុំគេនិយាយប្រាប់ពីដំបូងនោះ ជីវ​ភាព​ខ្ញុំ​ត្រូវ​ចូល​មក​ជា​ក្រុម​សំងាត់ ហើយ​គេ​អោយ​មនុស្ស​ទោស​នៅ​តាម​សេច​ក្ដី​ស្ម័គ្រ គឺ​នៅម្នាក់ឯងក៏បាន ពីរនាក់ក៏បានតាម​ការ​ស្រុះ​ស្រួល​គ្នាឯង​ចុះ​។ ដាំ​ល្ល តាម​ចិត្ដ​រៀង​ៗ​ខ្លួន​មាន​របស់​ទទួល​ទាន​គ្រប់​គ្រាន់ មិនសូវខ្វះខាតឡើយ។ ឯមុខងារធ្វើគឺរក្សា​មនុស្ស​ទោស​កុំ​អោយ​រត់​ពី​កោះ​ត្រឡាច​ទៅ​ស្រុក​វិញ​បាន​។ ប៉ុន្ដែ​បើ​មាន​មនុស្ស​ទោស​រត់​បាត់​ឬ​យ៉ាង​ណា ក្រុម​សំងាត់​ត្រូវ​ទទួលរុករកតាមដានអោយទាល់តែឃើញវិញ​។ បើ​ប្រ​សិន​ជា​រក​មិន​ឃើញ ត្រូវ​ចៅ​ហ្វាយ​នាយ​ជេ​ស្ដី​បន្ទោស​យ៉ាង​ខ្លាំង​ដៃ​។

   និយាយពីមនុស្សទោសនៅលើកោះនោះតាំងពីដើមមកទល់ពេលដែលខ្ញុំទៅដល់ មានលបធ្វើក្បួនដោយ​ឈើ​គឺ​ដើម​គរ ស្ពង់​រិស្សី​ជា​ដើម ហើយ​នាំ​គ្នា​រត់​នៅ​ម៉ោង​១៥​ល្ងាច នារ​ដូវ​ចូល​ឆ្នាំ​ចិន ដោយ​ហេតុ​នៅ​ពេល​នោះ​ត្រូវ​ខ្យល់បក់បោកនៅដីគោកឥណ្ឌូចិន ចំជ្រោយ​កា​ម៉ៅ​តែ​ម្ដង​។ បើ​រត់​ខុស​ខែ​មិន​ចំ​លើ​រដូវ​ចូល​ឆ្នាំ​ចិន​ទេ ក្បូននឹងរសាត់តាមខ្យល់ទៅឯស្រុកសៀម ឬទៅឯហ្វីលពីនទៅ​វិញ នាំ​អោយ​យូរ​ពេល​វេលា​ហើយ​អស់​ទឹក​អស់​អាហារ​នឹង​បណ្ដាល​អោយ​ស្លាប់​ទាំង​អស់​គ្នា​លើ​ក្បូន​ក៏​មាន​។ ជួនណាប្រទះលើកប៉ាល់សមុទ្រ វាស្រង់​យក​ទៅ​អោយ​បារាំង​វិញ​ក៏​មាន​។

   នៅអោកាសដែលខ្ញុំទៅដល់ មនុស្សទោសបែកប្រាជ្ញាធ្វើទូកដោយសំពត់ខោអាវដែលរដ្ឋការបើកអោយ​។ ខ្ញុំ​សូម​អធិ​ប្បាយ រឿង​នេះ​ជូន​បន្ដិច​។ កាល​ពី​ឆ្នាំ​១៩៣៥ មនុស្ស​ទោស​ដែល​រត់​តោង​ធ្វើ​ទូកដោយក្ដារលាបជ័រម្រ័ក្ស ដូចជាទូកយើងធម្មតា។ ដល់ឆ្នាំ១៩៤០ ពួក​អ្នក​ទោស​ន​យោ​បាយ​មាន​ចំណេះ​វិជ្ជា​ជ្រៅ​ជ្រះ​បាន​នាំ​គ្នា​ធ្វើ​ទូក​តាម​វិទ្យា​សាស្រ្ដ គឺគេយកសំពត់ខោអាវដែលរដ្ឋការបើក​អោយ ប្រ​មូល​ចូល​គ្នា​បាន​៤-​៥​នាក់ ហើយ​ទិញ​ខោ​អាវ​ក្រៅ​ថែម​ពីរ​សំរាប់​ទៀត​គ្រប់​គ្រាន់​ហើយ គេ​យក​ខោអាវនោះទៅកាត់រួចដេរប៉ះភ្ជាប់អោយស្អាត​ត្រឹម​ត្រូវ​ហើយ គេ​យក​ផ្ដៅ​ដំបង​៤-​៥​ដើម​កាត់​ប្រ​វែង​៣​ម៉ែត្រ​ហើយ​ចង​ផ្អោប​គ្នា ខាងចុង និងខាងដើម គេយកឈើទល់កណ្ដាល​អោយ​ប៉ោង​ឡើង​ដូច​ជា​រាង​ទូក​ធម្ម​តា ទើប​គេ​យក​សំពត់​ពាស​ពី​ខាង​ក្រៅ​រាង​ផ្ដៅ​ដំបងនោះដោយចងអោយជាប់មាំ ហើយគេយកជ័រម្រ័ក្សលាបខាងក្នុង និង​ខាង​ក្រៅ​អោយ​សព្វ​។ គេ​កាប់​រិស្សី​៧-​៨​ដើម​ប្រ​វែង​៦- ៧​ម៉ែត្រ​ដោយ​រើស​យក​តែ​រិស្សីដើមត្រង់ៗ យកទៅចងផ្អោបនឹងតួទូក​ទាំង​សង​ខាង​អោយ​ត្រឹម​ស្មើ​នឹង​ក្បាល​ទូក ហើយ​ទុក​អោយ​សល់​វែង​នៅខាងចុង គឺខាងកន្សៃទូក សំរាប់ទប់ទល់នឹង​រលក​កុំអោយបក់មកត្រូវខ្លាំងពេក ព្រម​ទាំង​កុំ​អោ យ​ឃ្លោង​ផង​។ គេ​យក​ដើម​រិស្សី​ពីរ​ណាត់​ទំហំ​ប៉ុន​ក​ដៃ ធ្វើ​ដង​ក្ដោង និងយកជួយធ្វើស្លាបក្ដោង។ ទូកនេះ​ចំណុះ​បាន​តែ​៤-​៥នាក់​យ៉ាង​ច្រើន​។ ឯ​ស្បៀង​អាហារ​គេ​ធ្វើ​នំ​អន្សម​សំរាប់​ទទួល​ទាន​បាន​ពីរ​ថ្ងៃប៉ុណ្ណោះ។ ជួនណាយកបាយទៅហាលបំរុងទុកដែរ​។ ឯ​ទឹក​សាប​គេ​ដាក់​ក្នុង​ប៉ោត​ប្រេង​កាត​ដោយ​ផ្សារ​មាត់​អោយ​ជិត​ខ្លាច​ក្រ​លក​កំពប់​អស់ គេ​ចោះ​តែ​រន្ធ​តូចមួយរួចស៊ក រិស្សីពកទៅ​ក្នុង​នោះ សំរាប់​បឺត​បន្ដិច​ម្នាក់​ៗ​នៅ​ពេល​ត្រូវ​ការ​ដោយ​ប្រុង​ប្រយ័ត្ន​បំផុត ខ្លាច​ក្រែង​ខ្យស់​បក់​មិន​ស្រួល មិន​ដល់​ត្រើយ​ក្នុង​រវាង​ពីរ​ថ្ងៃ នាំអោយមានគ្រោះថ្នាក់ដល់ជីវិត។ នៅ​ពេល​ដែល​បាន​ចេញ​ផុត​ពី​ច្រាំង​ចំនួន​១០​ម៉ោង​ហើយ បើ​ទុក​ជា​យក​កាណូត​យ៉ាង​លឿន​ទៅដេញតាមក៏មិនទាន់ដែរ ត្បិតទូក​នោះ​លឿន​ណាស់​តាម​រលក​ធំៗ​ប៉ុន​ភ្នំ​ដែល​បោក​បក់​ជូន​ត​ៗ​ទៅ​។ ឯ​រដូវ​ដែល​រត់​បាន​គឺ​ខែ​ទី​១ និង​ខែ​ទី​២ តែដល់ខែទី៣ គេមិនហ៊ានរត់ទេក្រែងរត់មិនរួចដោយ​ខ្យល់​បក់​វិល​វល់​ចុះ​ឡើង​មិន​ទៀង​ទាត់​។ ក្នុង​ការ​រត់​នេះ​គេ​ប្រ​យ័ត្ន​បំផុត​មិនអោយដឹងដល់គ្នាច្រើនខ្លាចបែកការណ៍។ កាល​ជំនាន់​ឆ្នាំ​១៩៣០ គេ​រត់​ដោយ​ក្បូន​ដែល​លប​លាក់​ធ្វើ​ដោយ​ឈើ ឬ​ដោយ​រិស្សី​ទុក​បំរុង​លើ​ភ្នំ លុះ​ដល់​ពេលរត់ទើបសែងមកទឹកតែម្ដង។ ប៉ុន្ដែ​ការ​ធ្វើ ក្បូន​ត្រូវ​ប្រើ​ពេល​យូរ​ថ្ងៃ​ទើប​ហើយ ជា​ហេតុ​នាំ​អោយ​បែក​ការណ៍​ដឹង​ដល់​ពួក​រើ​សៀក(Recherche)។

   នៅកោះត្រឡាចក្រុមសំងាត់មានការប្រុងប្រយ័ត្នខ្លាំងណាស់ គឺយាមទាំងយប់ទាំងថ្ងៃនៅដើមឆ្នាំចាប់ពីខែ​មករា​ទៅ​ដល់​ខែ​មិនា ត្បិត​ជា​រដូវ​ដែល​មាន​ខ្យល់​ល្អ​សំរាប់​អោយ​មនុស្ស​ទោស​អាច​រត់​បាន។ ក្រៅពីរដូវនេះអ្នកទោសមិនហ៊ានរត់ទេ។ បើគេដឹងថាមនុស្ស​ទោស​រត់​ហើយ​គេ​អោយ​ដំណឹង​ទៅ​ក្រុម​សំងាត់​ភ្លាម​ដើម្បី​អោយ​ស៊ើប​រុក​រក​ចាប់ បើរកចាប់មិនបានទេត្រូវទទួលទោស​យ៉ាង​ធ្ងន់​ដល់​ក្រុម​សំងាត់​ត្រង់​បរិ​វេណ​ដែល​ខ្លួន​ត្រូវ​យាម​ថែ​រក្សា​។ ឯ​ក្រុម​សំងាត់​ដែល​មាន​ទោស​នេះ​ត្រូវ​បញ្ជូនទៅដាក់គុកងងឹតចំនួន២០ថ្ងៃយ៉ាងតិច។ ផុតពីនេះ​ត្រូវ​បញ្ជូន​ទៅ​ក្នុង​គុក​ធម្មតា​ទៀត​ជា​ហេតុ​នាំ​អោយ​មនុស្ស​ទោស​ឯ​ទៀត​ស្អប់​ខឹងនឹងខ្លួនថែមទៀត ដោយដឹងថា ខ្លួនជាក្រុម​សំងាត់ ហើយ​បាន​ធ្វើ​ទុក្ខ​ធ្វើ​បាប​មិន​អោយ​សុខ គឺ​គេ​ប្រើ​អោយ​ថែ​រក្សា​បង្គន់ បង្ខំ​អោយ​អាស្រ័យ​លាមក​ដែល​ជា​ទារុណកម្មយ៉ាងព្រៃផ្សៃ។ ជួនណាគេវាយទល់តែសន្លប់ រឺ​ស្លាប់​ក៏​មាន​ គឺ​គេ​សំគាល់​ថា​ខ្លួន​ជា​សត្រូវ​របស់​គេ នាំ​អោយ​គេ​ពិបាក​រត់ ហើយនិងសំគាល់ថា ខ្លួនជាអ្នកយក​ការ​ពី​គេ​អោយ​រដ្ឋ​ការ​។ ម្ល៉ោះ​ហើយ​ពួក​គិញ​ទាំង​អស់​មាន​ការ​ប្រុង​ប្រ​យ័ត្ន​ខ្លួន​ជា​ទី​បំផុត​ខ្លាច​ក្រែង​មាន​គ្រោះ​ថ្នាក់ដល់ខ្លួន។ បើប្រសិនជាមានរឿងចូលទៅ ក្នុងគុកជា​មួយ​មនុស្ស​ទោស​ឯ​ទៀត​នោះ​កម្រ​នឹង​បាន​វិល​មក​វិញ​ណាស់​។

   ចំណែករបៀបរត់តាមបែបថ្មីនោះ មិនសូវដែលបែកការណ៍ដល់ពួកគិញទេ ត្បិតគេបានប្រុងប្រៀបឧបករណ៍​សំរាប់​ធ្វើ​ទូក​ជា​មុន​ស្រេច ទើប​គេ​ធ្វើ​ដូច​បាន​អធិប្បាយ​ខាង​លើ​។ លុះ​គេ​ធ្វើ​ក៏​ឆាប់​ហើយ ចំនួន​ប្រ​ហែល​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក៏នាំគ្នារត់តែម្ដង ហើយ​ពួក​គិញ​ក៏​ពិបាក​រក​ដោយ​គ្មាន​ដាន​ថា​រត់​ផង គឺ​គ្រាន់​តែ​ស្មាន​ថា ប្រហែលជារត់ហើយនៅវេលាដែលបាត់ខ្លួន។ តាមក្រុមសំងាត់និយាយ​ប្រាប់​ខ្ញុំ​ថា ទើប​តែ​ប្រ​ហែល​មួយ​ខែ​មុន​ខ្ញុំ​ទៅ​ដល់​ទេ ដែល​រដ្ឋ​ការ​គេ​អោយ​សង់​ផ្ទះ​តូច​ៗ រាយ​គ្នា​តាមមាត់​សមុទ្រចំងាយ២-៣គីឡូម៉ែត្រពីគ្នាជុំវិញកោះ ការ​ពារ​កុំ​អោយ​មនុស្ស​ទោស​រត់​រួច​ដូច​មុន​ៗ​ទៀត​បាន​។

(1) ពាក្យ​លោក​ធំ​នេះ​ជា​ពាក្យ​សំរាប់​អ្នក​ដំណាង​ធំ​ជាង​គេ ទោះ​បារាំង​ក្ដី ខ្មែរ​ក្ដី​។ ប៉ុន្ដែ​ក្នុង​ទី​នេះ​​ហៅ​​សំ​​ដៅ​​ទៅ​លោក Délégué ជាតិ​បារាំង​ធំ​ជាង​គេ​នៅ​កោះ​ត្រ​ឡាច​