ជំទាវកាកី២
ថ្ងៃអាទិត្យ ទី23.ធ្នូ 2012.ម៉ោង 10:23

     អំពើ​ល្អ​របស់​លោក​ជំទាវ​ចំពោះ​សុចិត្រ បាន​កើត​ជា​រឿង​ចចាម​អា​រាម​យ៉ាង​ខ្លាំង ហើយ​រហូត​ដំណឹង​នេះ​បាន លេច​លឺ​ដល់​ឯក​ឧត្ដម ផល្លា ដែល​ជា​ស្វាមី​។ យប់​នេះ​ឯក​ឧត្ដម​កំពុង​តែ​ដំលើង​សរសៃ​ក ដាក់​ភរិយា​ទាំង​កែវ​ភ្នែក​ក្រេវ​ក្រោធ។

************************************

- ក្មេង​ម្នាក់​នោះ​មាន​របួស​ជា​ស្នា​ដៃ​របស់​បង​តើ​មាន​ទេ​?
ឯក​ឧត្ដម​ឆ្លើយ​ដោយ​ព្រ​ងើយ​កន្ដើយ​
- ត្រូវ​ហើយ! នេះ​គ្រាន់​តែ​ជា​មេ​រៀន​លើក​ទី​មួយ​ប៉ុណ្ណោះ ថ្ងៃ​ក្រោយ​អាច​នឹង​អស់​ជីវិត​។
- លោក​នេះ​អា​ក្រក់​ខ្លាំង​ណាស់! យល់​តែ​ពី​ចិត្ដ​ខ្លួន​ឯង គ្មាន​ធម៌​មេត្ដា​បន្ដិច​ណា​សោះ!។

     ឯក​ឧត្ដម​មិន​ខ្ចី​ឆ្លើយ​តប​ទៀត ព្រោះ​ខ្លាច​ខូច​អា​រម្មណ៍ ហើយ​ក៏​ចាក​ចេញ​ទៅ ទុក​អោយ​ភរិយា​នៅ​ឈរ​ទួញ​យំ​ឯកា​។ កន្លះ​ខែ​ក្រោយ​មក របួស​សុចិត្រ ក៏​បាន​ជា​សះ​ស្បើយ​ឡើង​វិញ ក្រោម​ការ​ជួយ​យក​ចិត្ដ​ទុក​ដាក់​ខ្ពស់​ពី​លោក​ជំទាវ​ម៉ារី ចំពោះ​រូប​គេ។ ខណ​នេះ​លោក​ជំទាវ និង​កំលោះ​សុចិត្រ កំពុង​យំ​អោប​គ្នា​ដោយ​ក្ដី​រំភើប ឯក​ឧត្ដម​ផល្លា ​ក៏​ចូល​មក​ដល់ ហេតុ​ការណ៍​នេះ ហើយ​ស្រែក​សន្ធាប់​ឡើង​ទាំង​កំហឹង​ពេញ​ដើម​ទ្រូង។

- មេស្រី​កាកី ! មេ​ស្រី​ចិត្ដ​ចើក ! មេ​ស្រី​ពស់​វែក!
បញ្ចប់​សំដី​កំហឹង​នេះ​ភ្លាម​ឯក​ឧត្ដម​ដក​កាំ​ភ្លើង​ពី​ចង្កេះ​មក​បាញ់​សុចិត្រ តែ​ត្រូវ​លោក​ជំទាវ​ស្ទុះ​យ៉ាង​រហ័ស​មក​រង​គ្រាប់​ជំនួស​សុចិត្រ​រួម​នឹង​សំរែក​។
- សុចិត្រ គេ​ជា​កូន​បង្កើត​របស់​យើង​ទេ!...

  ឯក​ឧត្ដម​ភ្ញាក់​ចំពោះ​សំរែក​របស់​ភរិយា រួម​នឹង​គ្រប់​កាំ​ភ្លើង ដែល​កំពុង​បៀម​ជាប់​សាច់​ស្មា​ខាង​ស្ដាំ​របស់​លោក​ជំទាវ​ជា​ភរិយា​។ លោក​ជំទាវ ខំ​ទប់​ស្មារតី​អោយ​រឹង ហើយ​លាត់​អាវ​របស់​សុចិត្រ បង្ហាញ​ស្នាម​ខ្មៅ​មួយ​ដ៏​ធំ​នៅ​លើ​ស្មា​ខាង​ស្ដាំ​របស់​សុចិត្រ​អោយ​ស្វាមី​បាន​ឃើញ​។

- បង​មើល​ខ្នៅ​នេះ​! ហើយ​បង​មើល​មុខ​មាត់​រូប​រាង​របស់​គេ​ទៅ គឺ​មិន​ខុស​ពី​បង​នៅ​កំលោះ​ទេ! ម៉្យាង​ទៀត​ឈាម​របស់​សុចិត្រ និង​ឈាម​របស់​បង​ជា​ឈាម​ប្រ​ភេទ​តែ​មួយ​ទៀត​ផង​។
  វាចា​បាន​ប៉ុណ្ណេះ​លោក​ជំទាវ​ក៏​សន្លាប់​បាត់​ស្មារតី​ទៅ ឯក​ឧត្ដម​ក៏​បញ្ជា​អោយ​ពេទ្យ​ប្រញាប់​យក​ភរិ​យា​របស់​លោក​ទៅ​សង្រ្គាះ​ជា​បន្ទាន់​។ មួយ​រយៈ​ក្រោយ​មក​របួស​លោក​ជំទាវ​ម៉ារី​ក៏​បាន​ជា​សះ​ស្បើយ​ដូច​ដើម​វិញ​។ ឯក​ឧត្ដមដើរ​ចូល​មក​ជិត​ឈរ​ក្បែរ​ភរិយា ដែល​ខណៈ​នេះ​លោក​ជំទាវ កំពុង​តែ​ឈរ​បណ្ដែត​អា​រម្មណ៍​ទៅ​ឆ្ងាយ​សែន​ឆ្ងាយ​នៅ​ជាន់​ទី​បី​នៃ​ភូមិ​គ្រឹះ​។ ឯក​ឧត្ដម​មាន​ប្រសាសន៍៖
-ម៉ាក់​វា! អោយ​ខ្ញុំ​សូម​ទោស​ផង ព្រោះ​ខ្ញុំ​ពុំ​បាន​ដឹង​សោះ​ថា សុចិត្រ​គេ​ជា​កូន​របស់​យើង​។ ម៉េច​ក៏​ម៉ាក់​វា​ពុំ​ប្រាប់​ខ្ញុំ​តាំង​ពី​ដំបូង ចាំ​បាច់​លាក់​បាំង​រហូត​ធ្វើ​អោយ​កើត​មាន​រឿង​ដូច្នេះ តើ​ធ្វើ​ដូច្នេះ​មាន​ប្រ​យោជន៍​អ្វី​? គឺ​បាន​ត្រឹម​តែ​ទទួល​រង​នូវ​ក្ដី​អាម៉ាស់ និង​កា​រឈឺ​ចាប់ ​ប៉ុណ្ណោះ​។
លោក​ជំទាវ​ដក​ដង្ហើម​ធំ​បន្ដិច ទើប​មាន​ប្រ​សាសន៍​ទាំង​កែវ​ភ្នែក​បាញ់​ឆ្ពោះ​ទៅ​ឆ្ងាយ​សែន​ឆ្ងាយ​។
- អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ទៅ​នេះ គឺ​ជា​គ្រឿង​ដើម្បី​ធ្វើ​ការ​ដក​ពិសោធ និង​វាស់​ស្ទង់​ពី​ដួង​ចិត្ដ​របស់​លោក​បង​មើល​ថា តើ​លោក​បង​ចេះ​មាន​ចិត្ដ និង​បេះ​ដូង​ឈឺ​ចាប់​ដែរ​ទេ កាល​ដែល​លោក​បង​ឃើញ​ភរិយា ទៅ​ស្និទ្ធ​ស្នាល​ជា​មួយ​ប្រុស​កំលោះ ដែល​ធ្វើ​ជា​កូន​របស់​ខ្លួន​បាន​ ​នោះ​?​
មក​ដល់​ត្រឹម​នេះ​ ទឹក​ភ្នែក​លោក​ជំទាវ​ក៏​ចាប់​ស្រក់​មក​ឯង​ៗ ស្ងាត់​បន្ដិច ទើប​លោក​ជំទាវ​បន្ដ​មាន​ប្រ​សាសន៍​ទៀត​ថា៖
- ឆ្លង​កាត់​នូវ​ការ​ពិសោធនេះ បើ​លោក​បង​មាន​បេះ​ដូង​ឈឺ​ចាប់​អា​ម៉ាស់​យ៉ាង​ណា លោក​បង​ក៏​គួរ​ទទួល​គិត​ផង​ថា ខ្ញុំ​នេះ​ក៏​មាន​បេះ​ដូង​ឈឺ​ចាប់ ដូច​លោក​បង ឬ​ច្រើន​ជាង​ការ​ឈឺ​ចាប់​របស់​លោក​បង​ទៀត​ផង ទង្វើ​របស់​លោក​បង ទៅ​លើ​ស្រី​ក្មេង​ៗ អាយុ​ស្រករ​កូន​ស្រី​ខ្លួន​យ៉ាង​ណា​ខ្លះ នោះ​លោក​បង​គួរ​តែ​ជ្រាប​ខ្លួន​ឯង​ច្បាស់​ហើយ​។ ខ្ញុំ​មិន​ដែល​ប្រឆាំង​ទេ គឺ​ខ្ញុំ​បាន​រស់​ដោយ​គ្រាំ​គ្រា​ជា​ទី​បំផុត​។ លោក​បង​ក៏​មិន​ធ្លាប់​បាន​ទទួល​នូវ​ពាក្យ​ដំនៀល​អ្វី​ពី​រូប​ខ្ញុំ​ដែរ គឺ​មាន​តែ​ខ្ញុំ​វិញ​ទេ​ដែល​ជា​ស្រី​ចិត្ដ​កាកី​នោះ។
លោក​ជំទាវ យក​កូន​កន្សែង​ជូត​ទឹក​នេត្រា​កំសត់ រួច​ងាក​មុខ​មក​សំលឹង​មុខ​ស្វាមី ទើប​ពោល​បន្ដ៖
- ថ្ងៃ​រំដោះ​ពួក​យើង​រត់​កាត់​គ្រាប់​ផ្លោង គ្រាប់​កាំ​ភ្លើង​រំសេវ ព្រាត់​ប្រាស់​កូន​គួរ​អោយ​វេ​ទនា ឆ្លង​កាត់​នៃ​សេច​ក្ដី​លំបាក ក្នុង​រយ​ពេល​នេះ យើង​ធ្លាប់​បាន​សច្ចា​ស្បថ​ស្បែ​នឹង​គ្នា​ថា ស៊ូ​រួម​ស្លាប់​រស់​នឹង​គ្នា ស្មោះ​ត្រង់​នឹង​គ្នា​លុះ​អស់​ជីវិត មិន​នឹក​ស្មាន​ថា ខ្ញុំ​ត្រូវ​រស់​ដោយ​រកាំ​ចិត្ដ លេប​​ទឹក​ភ្នែក ខ្លួន​ឯង​ដោយ​សារ​ខ្វះ​សុភ​មង្គល​ផ្លូវ​ចិត្ដ​នៅ​ក្នុង​គ្រួសារ​ទៅ​វិញ​សោះ?។
ឯក​ឧត្ដម​ដក​ដង្ហើម​ធំ​សំដែង​ការ​ព្រួយ​ចិត្ដ​៖
- ខ្ញុំ​គ្មាន​ពាក្យ​អ្វី​សំរាប់​និយាយ​ក្រៅ​ពី​ការ​សូម​អភ័យ​ទោស ពី​ម៉ាក់​វា​នូវ​ទង្វើ​ខុស​ឆ្គង​កន្លង​មក​ ដែល​ខ្ញុំ​បាន​សាង​នោះ​ទេ! ដោយ​សារ​កំ​ហឹង​ខ្ញុំ​ប៊ិស​តែ​នឹង​ធ្វើ​អោយ​ម៉ាក់​វា​ស្លាប់​ទៅ​ហើយ​។
ខណ​នោះ​ កំលោះ​សុចិត្រ និង នីតា​ជា​ប្អូន​ស្រី​ក៏​ចូល​មក​ដល់ ទាំង​ទឹក​មុខ​ញញឹម​មក​កាន់​មាតា​បិតា​ទាំង​ពីរ​ប្រាណ​។ ឯក​ឧត្ដម​ទាញ​កាយ​កូន​ប្រុស​មក​អោប​បញ្ជាក់​នូវ​ចិត្ដ​រំភើប​។ នីតា​និយាយ​ឡើង៖
- កូន​ត្រេក​អរ​ណាស់ ! កាល​បើ​ឃើញ​លោក​ប៉ា អ្នក​ម៉ាក់​ស្រលាញ់​គ្នា ត្រូវ​គ្នា​វិញ កូន​ទៅ​រៀន​បាន​ស្ងប់​ចិត្ដ​ហើយ​ហើយ​ក៏​លែង​ឈឺ​នៅ​ថ្នាក់​រៀន​ទៀត​ដែរ​។
ឯក​ឧត្ដម​អង្អែល​ក្បាល​បុត្រី​ថ្មម​ៗ ហើយ​មាន​ប្រសាសន៍
- រឿង​នេះ​ពិត​ជា​ព្រហ្ម​លិខិត​មែន ព្រោះ​តែ​កូន​ឧស្សាហ៍​ឈឺ សន្លាប់​នៅ​មហា​វិទ្យា​ល័យ ទើប​ធ្វើ​អោយ​ម៉ាក់​របស់​កូន​ទៅ​មើល​កូន​ហើយ​ក៏​ត្រូវ​ជុះ​បាត់​កា​បូប ដែល​កា​បូប​នោះ​ត្រូវ​ធ្លាក់​លើ​ដៃ​របស់​សុចិត្រ​។
លោក​ជំទាវ​ញញឹម​ទាំង​ស្រដី​៖
- កូន​ៗ របស់​យើង​ធំ​ហើយ ! អូន​ចង់​អោយ​ការ​ជួប​ជុំ​នេះ​មាន​ន័យ​រហូត​ត​ទៅ ដើម្បី​រស់​នៅ​ទទួល​បាន​នូវ​សេច​ក្ដី​ថ្លៃ​ថ្នូរ​ពី​សង្គម ដែល​មនុស្ស​គ្រប់​គ្នា​តែង​តែ​ផ្ដល់​តំលៃ​។

  ឯក​ឧត្ដម​ទាញ​កាយ​ភរិយា​មក​អោប​ថ្នម​ៗ នៅ​ក្រោម​ក្រ​សែ​ភ្នែក​នៃ​បុត្រា​បុត្រី​ដែល​មាន​អត្ថន័យ​រំភើប និង​ពោរ​ពេញ​ទៅ​ដោយ​សេច​ក្ដី​សង្ឃឹម និង​ជឿ​ជាក់​មុត​មាំ​ថា សុភ​មង្គល​នៃ​ជីវិត​គ្រួសារ​នេះ នឹង​ស្ថិត​ស្ថេរ​ជា​និច្ច​ត​រៀង​ទៅ​។

ចប់បរិបូរណ៌