រឿង​ជំទាវ​កាកី ជា​ប្រ​លោម​លោក​ខ្នាត​ខ្លី​មួយ តែង​និពន្វ​ឡើង​ដោយ​សាស្ដ្រា​ចារ្យ​អក្សរ​សាស្ដ្រ​ខ្មែរ​ឈ្មោះ យូ​​ សុភា​។ នៅ​ក្នុង​សាច់​រឿង​អ្នក និពន្ធ​បាន​ឆ្លុះ​បញ្ចាំង​ពី​យុជន​ម្នាក់​ឈ្មោះ​សុចិត្រ​។ សុចិត្រ​មាន​រូប​រាង​សង្ហា មុខ​ស្រស់ ប្រកប​ដោយ​គុណ​ធម៌​ខ្ពស់​ជា​និសិត្ស​នៃ​មហា​វិទ្យា​ល័យ​ជាន់​ខ្ពស់​។ សុចិត្រ​រើស​បាន​កា​បូប​លុយ​តូច​មួយ មាន​លុយ​ជា​ច្រើន​ដុល្លារ មាន​ចិញ្ចៀន​ពេជ្រ ខ្សែ​ក​មាស​យ៉ាង​មាន​តំលៃ​ទៀត​ផង នៅ​ក្នុង​កា​បូប​ក៏​មាន​អាស​យដ្ឋាន​នៅ​ក្នុង​នោះ​ដែរ​។

     លោកជំទាវ​កាកី បាន​ជួយ​ឧបត្ថម្ភ​ទំនុក​បំរុង អោយ​កំលោះ​សុចិត្រ​រៀន​យ៉ាង​ចេញ​មុខ រហូត​មាន​ពាក្យ​ចចាម​អារាម​លេច​លឺ​ពាស​ពេញ ធ្វើ​អោយ​ដឹង​លឺ​រហូត​ដល់​ទៅ​ឯក​ឧត្ដម​ជា​ស្វាមី ដែល​ធ្វើ​អោយ​ឯក​ឧត្ដម​មាន​ការ​ខឹង ក្រេវ​ក្រោធ​យ៉ាង​ខ្លាំង រហូត​នាំ​បក្ស​ពួក ទៅ​វាយ​ធ្វើ​បាប​កំលោះ សុចិត្រ អោយ​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​។ លោក​ជំទាវ​ម៉ារី បាន​ខ្នះ​ខ្នែង​ចេញ​ថ្លៃ​ព្យា​បាល​គ្រប់​បែប​យ៉ាង​។ ថ្ងៃ​ក្រោយ​មក មុខ​របួស​របស់​កំលោះ សុចិត្រ​ក៏​បាន​ជា ជា​ធម្ម​តាឡើង​វិញ​។

ថ្ងៃមួយ លោក​ជំទាវ​បាន​ទៅ​រក​សុចិត្រ​ឯ​ផ្ទះ​របស់​គេ​។ ពេល​លោក​ជំទាវ​កំពុង​យំ​អោប​គ្នា​នឹង​កំលោះ​សុចិត្រ​ដោយ​ក្ដី​សោក​សៅ​រំភើប​ញាប់​ញ័រ យ៉ាង​ខ្លាំង​ក្រៃ​លែង​។ ឯក​ឧត្ដម​ផល្លា​ជា​ស្វាមី​ចូល​មក​ដល់​ក្នុង​ហេតុ​ការណ៍​នេះ ទាញ​កាំ​ភ្លើង​ខ្លី​ពី​ចង្កេះ​ស្រែក​សន្ធាប់​ឡើង​ទាំង​កំហឹង​ពេញ​ដើម​ទ្រូង «មេ​ស្រី​កាកី ! មេ​ស្រី​ចិត្ដ​ចើក ! មេ​ស្រី​ពស់​វែក!» កាំ​ភ្លើង​លន់​សំលេង​ផាំង..។

     ទំទាវម៉ារីស្ទះយ៉ាងរហ័សទៅរងគ្រប់ជំនួសសុចិត្រ ហើយស្រែកយ៉ាងខ្លាំងថា៖ សុចិត្រ គេ​ជា​កូន​បង្កើត​របស់​យើង​ទេ!​។ ឯក​ឧត្ដម​ភ្ញាក់ នឹង​សំរែក​របស់​ភរិយា ហើយ​ភ័យ​ស្លុត​ចិត្ដ​ឥត​ឧបមា​។ គ្រប់​កាំ​ភ្លើង​បាន​រត់​ទៅ​ទម្លុះ​ស្មា​លោក​ជំទាវ ធ្វើ​អោយ​លោក​ជំទាវ ដួស​សន្លប់​បាត​ស្មារ​តី​តែ​ម្ខង​។

     ធ្វើ​ការ​សិក្សា​នៅ​ក្នុង​រឿង​ជំទាវ​កាកី យើង​ឃើញ​អ្នក​និពន្ធ​យូសុភា ខ្វល់​ខ្វាយ​អំពី​ឋានៈ វណ្ណៈ​របស់​សង្គម​មនុស្ស​ដែល​ស្ថិត​ក្នុង​ភាព​ក្រី​ក្រ​លំបាក​តោក​យ៉ាក រស់​នៅ​ក្នុង​អំពើ​សុច​រិយុត្ដិ​ធម៌ មិន​លោភ មិន​ចង់​បាន​អ្វី​ដែល​មែន​ជា​របស់​ខ្លួន​ ដូចមីង​ស៊ីចាន់​ម្ដាយ​របស់​សុចិត្រ​ជា​ដើម​។ ល្ខោន​ស្នេហា​ដែល​លោក​ជំទាវ​ម៉ារី បាន​សំដែង​ធ្វើ​ជា​ស្និទ្ធ​ស្នាល​ជា​មួយ​កំលោះ​សុចិត្រ​ដែល​មាន​អាយុ​អាច​ធ្វើ​ជា​កូន​បាន ធ្វើ​អោយ​ឯក​ឧត្ដម ស្វាមី​លោក​ជំទាវ ដែល​ចូល​ចិត្ដ​ដើរ​លេង រក​ស្រី​ក្មេងៗ​ក្រៅ​ផ្ទះ វង្វេង​ស្មារ​តី ឈឺ​ចិត្ដ​រហូត​ខ្វះ​សតិ​សម្ប​ជញ្ញៈ ហ៊ាន​ប្រ​ព្រឹត្ដ​នូវ​អំពើ​ឧក្រិដ្ឋ​កម្ម​ទៀត​ផង ហើយ​គឺ​ជា​បទ​សិក្សា​មួយ​ដល់​គូស្វាមី​ភរិយា​ទូ​ទៅ​អោយ​បាន​ដឹង​ថា ការ​ក្បត់​ចិត្ដ​គ្នា​បែប​នេះ​ វា​មាន​ការ​ឈឺ​ចាប់​ដល់​កំរិត​ណា​។ ត្រង់​វគ្គ​នេះ អ្នក​និពន្ធ​យូសុភា បាន​លើក​យក​មក​សរ​សេរ​ចំៗ​តែ​ម្តង នៅ​ពេល​ដែល​ដាក់​អោយ​តួ​អង្គ​លោក​ជំទាវ​ម៉ារី​និយាយ​ទៅ​កាន់​ស្វាមី​ថា៖

     លោក​បង​ចេះ​មាន​ចិត្ដ និង​បេះ​ដូង​ឈឺ​ចាប់​ដែរ​ទេ កាល​ដែល​លោក​បង​ឃើញ​ភរិយា ទៅ​ស្និទ្ធ​ស្នាល​ជា​មួយ​ប្រុស​កំលោះ​ដែល​ធ្វើ​ជា​កូន របស់​ខ្លួន​បាន​នោះ​?​។ ឆ្លង​កាត់​នូវ​ការ​ពិសោធ​នេះ បើ​លោក​បង​មាន​បេះ​ដូង​ឈឺ​ចាប់ អា​ម៉ាស់​យ៉ាង​ណា លោក​បង​ក៏​គួរ​ទទួល​គិត​ផង​ថា ខ្ញុំ​នេះ​ ក៏​មាន​បេះ​ដូង​ឈឺ​ចាប់​ដូច​លោក​បង ឬ​ច្រើន​ជាង​ការ​ឈឺ​ចាប់​របស់​លោក​បង​ទៀត​ផង​។ ទង្វើ​របស់​លោក​បង​ទៅ​លើ​ស្រី​ក្មេង​ៗ អាយុ​ស្រករ កូន​ស្រី​ខ្លួន​យ៉ាង​ណា​ខ្លះ​នោះ លោក​បង​គួរ​តែ​ជ្រាប​ខ្លួន​ឯង​ច្បាស់​ហើយ​។ ខ្ញុំ​មិន​ដែល​ប្រ​ឆាំង​ទេ គឺ​ខ្ញុំ​បាន​រស់​ដោយ​គ្រាំ​គ្រា​ជា​ទី​បំផុត​។​ លោក​បង​ក៏​មិន​ធ្លាប់​បាន​ទទួល​នូវ​ពាក្យ​ដំនៀល​អ្វី​ពី​រូប​ខ្ញុំ​ដែរ គឺ​មាន​តែ​ខ្ញុំ​វិញ​ទេ​ដែល​ជា​ស្រី​ចិត្ដ​កាកី​នោះ​!​។

     «រឿង​ជំទាវ​កាកី» គឺ​ជា​ប្រ​លោម​លោក​ខ្នាត​ខ្លី​មួយ មាន​អត្ថ​រស​យ៉ាង​ជ្រាល​ជ្រៅ​ក្នុង​សង្គម​ខ្មែរ​។ អ្នក​និពន្ធ យូ​សុភា បាន​ប្រើ​វិធី​សាស្រ្ដ​និពន្ធ​យ៉ាង​ប៉ិន​ប្រសប់ មាន​ទេព​កុសល​ខ្ពស់​អស្ចារ្យ គឺ​តែង​បង្កើត​ឈុត​ឆាក​នៃ​សាច់​រឿង ធ្វើ​អោយ​អ្នក​អាន​ទាំង​ឡាយ អាន​យ៉ាង​ជក់​ចិត្ដ គិត​ថា​កំ​ពុង​តែ​​អាន​ប្រ​លោម​លោក​ដ៏​ធំ វែង​អន្លាយ​មួយ​។ អ្នក​និពន្ធ រហស្ស​នាម​ថា «ជំទាវ​កាកី» ស្ដាប់​ភ្លាម​យើង​វាយ​តំលៃ​បាន​យ៉ាង​ពិត​ប្រាកដ​ថា វា​ជា​សាច់​រឿង ស្រី​ប្ដូរ​ផ្លាស់ ស្រី​មិន​ស្កប់​នឹង​តណ្ហា ស្រី​មិន​ស្កប់​នឹង​ប្រុស ស្រី​ចើក ស្រី​សាវា ស្រី​ពស់​វែក ស្រី​កាកី ទំនង​នេះ​ឯង ព្រោះ​ថា៖

     «រឿង​កាកី» ជា​រឿង​ស្ដី ពី​ស្រ្ដី​ចិត្ដ​ចើក​សាវា មាន​ប្ដី​មួយ​ហើយ​មួយ​ទៀត មិន​ចេះ​ស្កប់​ស្កល់ ត្រូវ​បាន​លើក​យក​មក​ធ្វើ​បទ​សិក្សា​ក្នុង​អក្សរ​សីល្ប៍​ខ្មែរ គ្រប់​ៗ​ជំនាន់ ហេតុ​នេះ «រឿង​កាកី» បាន​ជ្រួត​ជ្រាប ស្ទើរ​គ្រប់​មជ្ឈ​ដ្នាន​ក្នុង​សង្គម​អក្សរ​សីល្ប៍​ខ្មែរ រហូត​ដល់​អ្នក​ស្រុក​ អ្នក​ភូមិ កូន​ក្មេង​តូច​តាច​ទាំង​ឡាយ​ផង ថា​បើ​នរ​ណា​ម្នាក់​មាន​ចិត្ដ​សាវា ប្ដួរ​ផ្លាស់​មិន​ចេះ​ស្កប់ អ្នក​ស្រុក អ្នក​ភូមិ​តែង​ដំនៀល​ជេរ​ថា «មេ​កាកី ឬ ស្រី​កាកី» ហើយ​ថែម​ទាំង​មាន​ជេរ​ប្រុស​ៗ «អា​កាកី ឬ​ប្រុស​កាកី» ទៀត​ផង​ដែរ​។

     ខ្សែ​រឿង ឈុត​ឆាក ការ​សន្ទនា រវាង​តួ​អង្គ​និមួយ​ៗ អ្នក​និព្ធ​បាន​បង្កប់​នូវ​អាថ៌​កំបាំង​ដ៏​ជ្រាល​ជ្រៅ វា​គឺ​ជា​អាថ៌​កំបាំង ដែល​អ្នក​អាន​ស្រមៃ​ដៅ នឹក​គិត​ទៅ​លើ​អត្ថ​ន័យ​មួយ​ផ្សេង​ទៀត។ ស្នេហា​លោក​ជំទាវ​ម៉ារី ដែល​មាន​ចំពោះ​កំលោះ​សុចិត្រ​ដែល​អ្នក​អាន​គិត​ថា ជា​ស្នេហា​ភ្លើត​ភ្លើន​ របស់​នារី​ម្នាក់​ដែល​ត្រូវ​ប្ដី​នាង​មិន​រវី​រវល់ ត្រូវ​អ្នក​និពន្ធ​លាត​ត្រ​ដាង​ពញ្ញាក់​អា​រម្មណ៍​អ្នក​អាន​ឲ្យ​លន្លង់​លន្លោច ស្ទើរ​ទប់​ទឹក​ភ្នែក​ពុំ​បាន ធ្វើ​អោយ​អត្ថ​រស​នៃ​សាច់​រឿង​ទាំង​មូល ពីរោះ​ជាប់​ចិត្ដ នឹក​ស្ងើច​សរ​សើរ​ដល់​អ្នក​និពន្ធ​រក​ទី​បំផុត​គ្មាន​។